ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ ៖ « ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា »


« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ ៖ ‹ ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
សមុទ្រ​ក្រហម

សមុទ្រ​ក្រហម

ថ្ងៃទី ៤–១០ ខែ មេសា

និក្ខមនំ ១៤–១៧

« ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា »

ព្រះបាន​បង្គាប់​ម៉ូសេ ឲ្យ​សរសេរ​អំពី​បទពិសោធន៍​របស់លោក « ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្តី​រំឭក ហើយ​និទាន​ប្រាប់ » ដល់​យ៉ូស្វេ ( និក្ខមនំ ១៧:១៤ ) ។ ស្រដៀងគ្នា​នេះ​ដែរ ការកត់ត្រា​បទពិសោធន៍​ខាងវិញ្ញាណ​របស់អ្នក​នឹង​ជួយ​អ្នក និង​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ឲ្យចងចាំ​សេចក្តីល្អ​របស់​ព្រះអម្ចាស់ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

សាសន៍​អ៊ីស្រាអែល​ត្រូវបាន​ជាប់​ ។ សមុទ្រ​ក្រហម​នៅ​ម្ខាង ហើយ​ទាហាន​របស់​ផារ៉ោន បាន​មក​ពី​ម្ខាង​ទៀត ។ តាមមើលទៅ ការរត់គេច​របស់ពួកគេ​ចេញពី ស្រុកអេស៊ីព្ទ ហាក់ដូចជា​មាន​រយៈពេលខ្លី ។ ប៉ុន្តែ​ព្រះ​មាន​សារ​សម្រាប់​សាសន៍​អ៊ីស្រាអែលថា ទ្រង់ចង់​ឲ្យ​ពួកគេចងចាំ​អស់គ្រប់​តំណ ៖ « កុំខ្លាចអី… ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា » ( និក្ខមនំ ១៤:១៣–១៤ ) ។

ចាប់តាំង​ពីពេលនោះ នៅពេល​ប្រជារាស្រ្ត​របស់ព្រះ​ត្រូវការ​សេចក្តីជំនឿ និង​សេចក្តីក្លាហាន ជាញឹកញាប់​ពួកគេ​ងាកទៅរក​ដំណើររឿង​នៃ​ការរំដោះ​ដ៏​​អព្ភូតហេតុ​របស់​សាសន៍អ៊ីស្រាអែល ។ នៅពេល​នីហ្វៃ​ចង់​បំផុសគំនិត​ដល់​បងៗរបស់​លោក លោក​បានមាន​ប្រសាសន៍ថា « ចូរ​យើង​មាន​កម្លាំង​ខ្លាំង ដូច​លោក​ម៉ូសេ ត្បិត​លោក​ពិត​ជា​បាន​និយាយ​ទៅ​ទឹក​នៅ​ក្នុង​សមុទ្រ​ក្រហម ហើយ​ទឹក​ក៏​បែក​ចេញ​ជា​ពីរ​ចំណែក ដើម្បី​ឲ្យ​ពួក​អយ្យកោ​យើង​ឆ្លងកាត់​ទៅ​លើ​ដីគោក » ( នីហ្វៃទី ១ ៤:២ ) ។ នៅពេល​ស្តេច លិមហៃ ចង់​ឲ្យ​ប្រជារាស្រ្ត​ដែល​ជាប់ជាឈ្លើយ​របស់​ទ្រង់ « ងើបមុខ [ របស់ពួកគេ ]​ឡើង ហើយ​អរ​រីករាយ​ចុះ » ទ្រង់បាន​រំឭក​ពួកគេ​ពី​ដំណើររឿង​ដូចគ្នា​នេះ ( ម៉ូសាយ ៧:១៩ ) ។ នៅពេល​អាលម៉ា​ចង់​ថ្លែង​ទីបន្ទាល់​ដល់​កូនប្រុស​របស់​លោក​ពី​ព្រះចេស្តា​របស់ព្រះ នោះលោក​ក៏​យោងទៅ​ដំណើររឿង​នេះ​ដែរ ( សូមមើល អាលម៉ា ៣៦:២៨ ) ។ ហើយ​នៅពេល​យើង​ត្រូវការ​ការរំដោះ—នៅពេល​យើង​ត្រូវការ​សេចក្តីជំនឿ​បន្តិចទៀត នៅពេល​យើង​ត្រូវការ​ដើម្បី « ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា »—នោះ​យើង​អាច​ចងចាំ​ពី​របៀប​ដែល « ព្រះយេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ » ( និក្ខមនំ ១៤:១៣, ៣០ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

និក្ខមនំ ១៤

ទ្រង់​មាន​ព្រះចេស្តា​ដើម្បី​រំដោះ​ខ្ញុំ ។

កាល​អ្នកអាន និក្ខមនំ ១៤:១—១០ សូម​ស្រមៃ​ថា​សាសន៍​អ៊ីស្រាអែល​អាច​មានអារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​បានឃើញ​ទាហាន​របស់​ផារ៉ោន​ខិតជិត​មកដល់ ។ ប្រហែល​អ្នក​មានអារម្មណ៍ថា អ្នក​ត្រូវការ​អព្ភូតហេតុ​មួយ ដើម្បី​រស់ពី​ឧបសគ្គ​ដែល​អ្នក​កំពុង​ជួបប្រទះ ។ តើ​អ្នក​រៀន​អ្វី​ចេញពី និក្ខមនំ ១៤:១៣–៣១ ដែល​អាច​ជួយ​ស្វែងរក​ការរំដោះ​របស់ព្រះ​នៅក្នុង​ជីវិត​របស់អ្នក ? តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះ​បាន​ប្រទាន​ការរំដោះ​ចេញពី​ការលំបាក ? សូម​សញ្ជឹងគិត​ពីរបៀប​ដែល​អ្នក​បានឃើញ​ព្រះចេស្តា​នៃ​ការរំដោះ​របស់ទ្រង់​នៅក្នុង​ជីវិត​របស់អ្នក ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣; អិល ថម ភែរី « The Power of Deliverance » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤–៩៧ ផែនទី​ព្រះគម្ពីរ​ប៊ីប ទី​២ « ការ​ធ្វើដំណើរ​របស់​ពួក​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីព្ទ និង​ការ​ចូល​ស្រុក​កាណាន » ។

និក្ខមនំ ១៥:២២–២៧

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​រឿងល្វីង​ក្លាយ​ជា​ផ្អែមល្ហែម​បាន ។

នៅពេល​អ្នក​អាន​នៅក្នុង និក្ខមនំ ១៥:២២–២៧ អំពី​ការធ្វើដំណើរ​របស់​សាសន៍​អ៊ីស្រាអែល​ឆ្ពោះទៅកាន់​ដែនដី​សន្យា សូមគិត​អំពី​អ្វីៗ​នៅក្នុង​ជីវិតអ្នក​ដែល​ហាក់ដូចជា « ល្វីង » ដូចជា​ទឹក​នៃ ម៉ារ៉ា ។ សូម​ពិចារណា​នូវ​សំណួរ​ដូចមានខាងក្រោម​នៅពេល​ដែល​អ្នក​សញ្ជឹងគិត​ខគម្ពីរ​ទាំងនេះ ៖ តើ​ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​រឿងល្វីង​នៅក្នុងជីវិត​អ្នក​ទៅជា​រឿងផ្អែម​យ៉ាងដូចម្តេច ? តើ​បទពិសោធន៍​ទាំងនេះ​មានតម្លៃ​អ្វី​នៅក្នុង​ជីវិតរបស់​អ្នក ? តើ ខទី ២៦ និង ២៧ ផ្តល់យោបល់​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរជ័យ​ដល់​យើង​នៅពេល​យើង​ស្តាប់តាម​សំឡេង​ទ្រង់ ?

និក្ខមនំ ១៥:២៣–២៧; ១៦:១–១៥; ១៧:១–៧

ខ្ញុំ​អាច​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ទោះបី​ជាក្នុង​ពេល​លំបាកក្តី ។

វា​គួរ​ឲ្យ​ចង់រិះគន់​សាសន៍​អ៊ីស្រាអែល ពីព្រោះ​ពួកគេ​បាន​រអ៊ូរទាំ ឬ​ត្អូញត្អែរ នៅពេល​កាលៈទេសៈ​របស់ពួកគេ​ជួបការលំបាក សូម្បីតែ​ក្រោយពី​អ្វីៗ​ដែល​ព្រះបាន​ធ្វើ​សម្រាប់​ពួកគេ​ហើយ​ក្តី ។ ប៉ុន្តែ​នៅពេល​អ្នក​អាន និក្ខមនំ ១៥:២៣–២៧; ១៦:១–១៥; ១៧:១–៧ សូម​សញ្ជឹងគិត​ថាតើ​អ្នក​ធ្លាប់ធ្វើ​រឿង​ដូចគ្នានេះ​ដែរ​ឬ​ទេ ។ តើ​អ្នក​បានរៀន​អ្វីខ្លះ​ចេញពី​បទពិសោធន៍​របស់​សាសន៍​អ៊ីស្រាអែល​ដែល​អាច​ជួយ​អ្នក​កាត់បន្ថយ​ការរអ៊ូរទាំ ហើយ​កាន់តែ​ទុកចិត្តទៅ​លើ​ព្រះ​ទាំងស្រុង ? ឧទាហរណ៍ តើ​មាន​ភាពខុសគ្នា​អ្វីខ្លះ​ដែល​អ្នក​សម្គាល់​ឃើញ​អំពី​របៀប​ដែល​សាសន៍​អ៊ីស្រាអែល​បានឆ្លើយតប​នឹង​ការលំបាក ហើយនឹង​របៀប​ដែល​ម៉ូសេ​បានឆ្លើយតប ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ ?

សូមមើល​ផងដែរ នីហ្វៃទី ១ ២:១១–១២, « Sin of Murmuring » ( វីដេអូ ), ChurchofJesusChrist.org ។

រូបភាព
ស្រ្តី​កំពុង​ប្រមូលនំ​ម៉ាន៉ា

នំម៉ាន៉ា​ចេញពី​ព្រះបាន​ប្រទានអាហារ​ដល់​សាសន៍​អ៊ីស្រាអែល​ខាងរូបកាយ នោះ​យើង​ក៏​ត្រូវការ​ការចិញ្ចឹមបីបាច់​ខាងវិញ្ញាណ​ជាប្រចាំ​ផងដែរ ។ គំនូរ​លើ​ជញ្ជាំង ដោយ លីអូផូល ប្រូកណឺ

និក្ខមនំ ១៦

ខ្ញុំ​គួរស្វែងរក​ការចិញ្ចឹមបីបាច់​ខាងវិញ្ញាណ​ជាប្រចាំ ។

មាន​មេរៀន​ខាងវិញ្ញាណ​ជាច្រើន​ដែល​យើង​អាចរៀន​ចេញពី​អព្ភូតហេតុ​នៃ​នំម៉ាន៉ា ដែល​មាន​នៅក្នុង និក្ខមនំ ១៦ ។ សូម​កត់សម្គាល់​ពី​សេចក្តីណែនាំ​លម្អិត​ដែល​សាសន៍​អ៊ីស្រាអែល​បានទទួល​អំពី​របៀប​ប្រមូល ប្រើប្រាស់ និង​ថែរក្សា​នំម៉ាន៉ា ( សូមមើល និក្ខមនំ ១៦:១៦, ១៩, ២២–២៦ ) ។ តើ​អ្នក​រក​ឃើញ​អ្វីខ្លះ​នៅក្នុង​សេចក្តីណែនាំ​ទាំងនេះ​ដែល​អនុវត្ត​ចំពោះ​អ្នក កាលដែល​អ្នក​ស្វែងរក​ការចិញ្ចឹមបីបាច់​ខាងវិញ្ញាណ​ជាប្រចាំ ?

សូមមើល​ផងដែរ យ៉ូហាន ៦:៣១–៣៥, ៤៨–៥៨ និង​វីដេអូ « Daily Bread: Pattern » « Daily Bread: Experience » និង « Daily Bread: Change » ( ChurchofJesusChrist.org ) ។

និក្ខមនំ ១៧:១–៧

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ថ្មដា​ខាងព្រលឹងវិញ្ញាណ និង​ទឹករស់​របស់​ខ្ញុំ ។

សូម​គិតអំពី​ព្រះអង្គសង្រ្គោះ នៅពេល​អ្នកអាន និក្ខមនំ ១៧:១–៧ ។ តើ​ព្រះយេស៊ូវ គ្រីស្ទ ដូចជា​ថ្មដា​ចំពោះ​អ្នកយ៉ាងដូចម្តេច ? ( សូមមើល ទំនុកដំកើង ៦២:៦–៧; ហេលេមិន ៥:១២ ) ។ តើ​ទ្រង់​ដូចជា​ទឹក​យ៉ាងដូចម្តេច ? ( សូមមើល យ៉ូហាន ៤:១០–១៤; កូរិនថូសទី ១ ១០:១–៤; នីហ្វៃទី ១ ១១:២៥ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

និក្ខមនំ ១៤:១៣–២២ ។សមាជិក​គ្រួសារ​របស់អ្នក​អាច​រីករាយ​នឹង​ការព្យាយាម​ដើម្បី « ញែក » ទឹក​នៅក្នុង​ចាន ឬ​អាងមុជទឹក ដូចជា​ម៉ូសេ​បាន​ញែកសមុទ្រ​ក្រហម​ដែរ ។ សូម​ជួយ​ពួកគេ​យល់​ថា សមុទ្រ​ក្រហម​ពុំអាច​ញែកចេញ​ដោយ​គ្មាន​ព្រះចេស្តា​របស់ព្រះឡើយ ។ តើ​យើង​បានឃើញ​ព្រះចេស្តា​របស់ព្រះ​នៅក្នុង​ជីវិតរបស់យើង និង​ជីវិត​នៃ​បុព្វការីជន​របស់​យើង​យ៉ាងដូចម្តេច ?

និក្ខមនំ ១៥:១–២១ ។បន្ទាប់ពី​ការឆ្លង​សមុទ្រ​ក្រហម​ដោយ​អព្ភូតហេតុ​រួចមក សាសន៍​អ៊ីស្រាអែល បានច្រៀង សរសើរ​តម្កើង​ដែល​ត្រូវបាន​ស្គាល់ថា​ជាចម្រៀង​នៃ​ម៉ូសេ ដែល​មាន​នៅក្នុង និក្ខមនំ ១៥:១–២១ ។ សូម​ស្វែងរក​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ជាក្រុមគ្រួសារ​នូវ​ឃ្លា​ទាំងឡាយ​ដែល​ថ្លែង​ពី​អ្វី​ដែល​ព្រះ​បានធ្វើ​សម្រាប់​សាសន៍​អ៊ីស្រាអែល និង​ឃ្លា​ដ៏មាន​អត្ថន័យ​ផ្សេងទៀត ។ បន្ទាប់មក​អ្នក​អាចច្រៀង​ទំនុកតម្កើង​ដែល​រំឭក​ក្រុមគ្រួសារ​របស់​អ្នក​ពី​អ្វីដែល​ព្រះបាន​ធ្វើ​សម្រាប់​អ្នក ។

និក្ខមនំ ១៦:១–៥; ១៧:១–៧ ។ការអាន និក្ខមនំ ១៦:១–៥ និង ១៧:១–៧ អាច​ដឹកនាំ​ទៅរក​ការពិភាក្សា​អំពី​ព្រះអង្គសង្រ្គោះ​ជា​នំបុ័ង​នៃ​ជីវិត ជា​ទឹក​រស់ និង​ជា​ថ្មដា​របស់​យើង ។ តើ​ដំណើររឿង​ទាំងនេះ​រំឭក​យើង​អំពី​អ្វី​ដែល​ព្រះយេស៊ូវ គ្រីស្ទ បានធ្វើ​សម្រាប់​យើង​យ៉ាងដូចម្តេច ? ដោយសារ​ជា​ផ្នែកមួយ​នៃ​ការពិភាក្សា​របស់អ្នក អ្នក​អាច​អាន យ៉ូហាន ៤:១០–១៤; ៦:២៩–៣៥, ៤៨–៥១; ហេលេមិន ៥:១២; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩ ។

និក្ខមនំ ១៧:៨–១៦ ។អ្នក​អាច​សម្តែង​ដំណើររឿង​របស់​អើរ៉ុន និង ហ៊ើរ ដែល​លើកដៃ​របស់​ម៉ូសេ​ឡើង ហើយ​សូមពិភាក្សាអំ​ពី​របៀប​ដែល​រឿងនេះ​អាច​ជា​និមិត្តរូប​ពី​របៀប​ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ព្រះបាន​ហៅ​ឲ្យ​ដឹកនាំ​យើង ។ អ្នក​ក៏អាច​ធ្វើ​ឲ្យ​ឃើញ​ពី​ភាពផ្ទុយ​គ្នា​នៃ​គំរូ​របស់​អើរ៉ុន និង ហ៊ើរ និង​ការរអូរទាំ​របស់​សាសន៍​អ៊ីស្រាអែល​ប្រឆាំង​នឹង​ម៉ូសេ ( ដែល​បាន​ពិពណ៌នា​នៅទូទាំង ជំពូកទី ១៥–១៧ ) ។ តើ​វិធី​ណាខ្លះ​ដែល​យើង​អាច​ជួយ ហើយគាំទ្រ​ដល់​ថ្នាក់ដឹកនាំ​របស់​យើង ? តើ​យើង និង​ថ្នាក់ដឹកនាំ​របស់​យើង​បាន​ទទួលពរជ័យ​អ្វីខ្លះ​នៅពេល​យើង​ធ្វើបែបនេះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែលបានស្នើ ៖ « ព្រះ​នៃ​អ៊ីស្រាអែល » ទំនុកតម្កើង ល.រ. ៦ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​គំនិត​យោបល់​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​អ្នក ។ នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន និង​គ្រួសារ​របស់អ្នក សូម​កុំ​ដាក់កំហិត​ខ្លួន​របស់អ្នក​ទៅនឹង​ខគម្ពីរ​ដែល​បានលើកឡើង​នៅក្នុង​គម្រោង​សិក្សា​ទាំងនេះ ។ ព្រះអម្ចាស់​ប្រហែល​ជាមាន​សារសម្រាប់​អ្នក​នៅក្នុង​ជំពូកទាំងនេះ​ដែល​ពុំបាន​បញ្ជាក់​នៅទីនេះ ។ សូម​ស្វែងរក​ការបំផុសគំនិត​ប្រកប​ដោយការអធិស្ឋាន ។

រូបភាព
ម៉ូសេ​កំពុង​ញែកសមុទ្រ​ក្រហម

រូបភាព​ម៉ូសេ​កំពុង​ញែកសមុទ្រ​ក្រមហម ដោយ រ៉ូប៊ើតធី បារេត