ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ ៖ « ឈ្នះ​សេចក្ដីអាក្រក់​ដោយសារ​សេចក្ដីល្អ »


« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះ​សេចក្ដីអាក្រក់​ដោយសារ​សេចក្ដីល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
សំណល់​បែកបាក់​នៃ​ទីក្រុង​រ៉ូម​ពីបុរាណ

ថ្ងៃទី ១៤–២០ ខែ សីហា

រ៉ូម ៧–១៦

« ឈ្នះ​សេចក្ដីអាក្រក់​ដោយសារ​សេចក្ដីល្អ »

មាន​គោលលទ្ធិ​ដំណឹងល្អ​តែមួយចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង រ៉ូម ៧–១៦ ដែល​អាច​ដាក់​បញ្ចូល​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ដូច្នេះសូមកុំ​កំណត់​ខ្លួន​បងប្អូន​ឲ្យធ្វើ​ត្រឹម​តែ​អ្វី​ដែល​មាន​នៅ​ទីនេះ​នោះ​ឡើយ ។ សូម​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​បំផុសគំនិត​ដែល​បងប្អូន​បាន​ទទួល នៅពេល​បងប្អូន​សិក្សា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​លោក​បើក​សំបុត្រ​របស់​លោក​ទៅ​កាន់​រ៉ូម ប៉ុល​បាន​ជម្រាបសួរ​ដល់​សមាជិក​សាសនាចក្រ​ដោយ​ការហៅពួកគេ​ថា « ពួក​ស្ងួនភ្ងា​នៃ​ព្រះ » ដែល​ត្រូវ​បាន « ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ » ។ លោក​បាន​កំណត់សម្គាល់​ថា « ដោយ [ បាន ] ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា » ( រ៉ូម ១:៧–៨ ) ។ ទោះ​ជា​ប៉ុល​បាន​ចំណាយ​ពេល​យ៉ាងច្រើន​ទៅលើ​សំបុត្រ​របស់​លោក​ដើម្បី​កែតម្រូវគំនិត​ខុស​ឆ្គង និង​ឥរិយាបទ​មិន​ត្រឹមត្រូវ​ក្ដី ក៏​ហាក់ដូចជា​លោក​ចង់អះអាង​ដល់​ពួក​អ្នក​ផ្លាស់ប្រែចិត្តជឿ​គ្រិស្តសាសនិក​ថ្មីៗ​ទាំង​នេះ​ថា ពួកគេ​គឺ​ពិត​ជា​ពួកបរិសុទ្ធ​ដែល​ជា​ទីសំណព្វ​របស់​ព្រះ​ផង​ដែរ ។ ការប្រឹក្សា​ដ៏​ទន់ភ្លន់​របស់​លោក​ផ្ដល់​ពរជ័យ​ដល់​ពួកយើង​ទាំងអស់​ណា​ដែល​ពិបាក​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​សម្រាប់​ពួកអ្នក​ដែល​កំពុង​ក្លាយ​ជា​ពួកបរិសុទ្ធ ដែល​អាច​នឹង​មាន​អារម្មណ៍​ថា​ផ្ដាច់​ពី​គេ ។ ដោយ​ក្ដីអាណិតអាសូរ​ដ៏រាបសា ប៉ុល​បាន​ទទួល​ស្គាល់​ថា ជួន​កាល​លោក​មាន​អារម្មណ៍​ដូចជា « វេទនាណាស់ » ( រ៉ូម ៧:២៤ ) ប៉ុន្តែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​អំណាច​ដល់​លោក​ដើម្បី​យក​ឈ្នះ​អំពើបាប ( សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, រ៉ូម ៧:២២–២៧ [ នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែ ស្ម៊ីធ ] ) ។ ជាមួយ​នឹង​អំណាច​នោះ ដែល​ជា​អំណាច​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច « ឈ្នះ​សេចក្តី​អាក្រក់ »—ទាំង​សេចក្ដី​អាក្រក់​ក្នុង​ពិភពលោក និង​សេចក្ដី​អាក្រក់​នៅក្នុង​ខ្លួន​យើង—« ដោយសារ​សេចក្តី​ល្អ​វិញ » ( រ៉ូម ១២:២១ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

រ៉ូម ៧–៨

ពួក​អ្នក​ដែល​ធ្វើ​តាម​ព្រះវិញ្ញាណ​អាច​ក្លាយ​ជា « អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ផង » ។

ទោះ​បីជា​បន្ទាប់​ពី​យើង​ចូល​ទៅ​ក្នុង « ជីវិត​បែប​ថ្មី » តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក​ក្ដី ( រ៉ូម ៦:៤ ) ប្រហែល​ជា​បងប្អូន​មាន​អារម្មណ៍​ជំទាស់​នៅ​ក្នុង​ចិត្តបន្តិចបន្តួច​ដូច​ប៉ុល​បាន​ពិពណ៌នា​នៅក្នុង រ៉ូម ៧ ថា​—« ច្បាំង » គ្នា​រវាង​មនុស្ស​ខាង​សាច់ឈាម និង​បំណងប្រាថ្នា​សុចរិត​របស់​យើង ( រ៉ូម ៧:២៣ ) ។ ប៉ុន្តែ​ប៉ុល​ក៏​បាន​និយាយ​អំពី​សេចក្ដីសង្ឃឹម​នៅក្នុង រ៉ូម ៨:២៣–២៥ ផងដែរ ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​សម្រាប់​សេចក្ដីសង្ឃឹម​នេះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង ជំពូក ៨ ? បងប្អូន​ក៏​អាច​ស្វែងរក​ពរជ័យ​ដែល​ទទួល​បាន​តាមរយៈ​ការ​មាន « ព្រះវិញ្ញាណនៃព្រះ​សណ្ឋិត​ក្នុង​អ្នករាល់គ្នា » ផងដែរ ( រ៉ូម ៨:៩ ) ។ តើ​បងប្អូន​អាច​ស្វែងរក​ភាព​ជា​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ពេញលេញ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ?

រ៉ូម ៨:១៦–៣៩

អំណោយ​នៃ​សិរីល្អ​ដ៏​អស់កល្ប​គឺ​ប្រសើរ​ហួស​ពី​ការសាកល្បង​របស់​ខ្ញុំ​នៅលើ​ផែនដី​នេះ​ឆ្ងាយ​ណាស់ ។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ ពួកបរិសុទ្ធ​នៅ​ទីក្រុង​រ៉ូម​បាន​រងទុក្ខ​នឹង​ការ​បៀតបៀន​ដ៏​ធ្ងន់ធ្ងរ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង រ៉ូម ៨:១៦–៣៩ ដែល​អាច​បាន​ជួយ​ដល់​ពួកបរិសុទ្ធ​ទាំងនេះ នៅពេល​មាន​ការ​បៀតបៀន​កើតឡើង ? តើ​ពាក្យ​សម្ដី​ទាំងនេះ​អនុវត្ត​ចំពោះ​បងប្អូន និង​ការសាកល្បង​ទាំងឡាយ​ដែល​បងប្អូន​ជួប​ប្រទះ​ក្នុង​ពេល​ថ្មីៗ​នេះ​យ៉ាង​ដូចម្ដេច ?

សូម​រក​មើល​ទំនាក់ទំនង​រវាង​ខគម្ពីរ​ទាំងនេះ និង​ការ​ប្រឹក្សា​នេះ​មក​ពី​ស៊ីស្ទើរ លីនដា អេស រីវស៍ ៖ « ​ខ្ញុំ​មិនដឹង​ថា ហេតុអ្វី​យើង​មាន​ការ​សាក​ល្បង​ច្រើន​ដូច្នេះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ផ្ទាល់ខ្លួន​ថា រង្វាន់​មាន​សន្ធឹក​ណាស់ ដែល​នៅ​អស់កល្ប និង​ជា​និរន្ដរ ដែលពេញ​ដោយអំណរ ហើយ​ហួស​ពី​ការ​យល់ដឹង​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​ទទួល​រង្វាន់​នោះ យើង​អាច​មាន​អារម្មណ៍​ចង់​ទូល​ទៅ​ព្រះបិតា​ជាទី​ស្រឡាញ់ ប្រកប​ដោយ​ព្រះគុណ និង​ក្ដី​សប្បុរស​របស់​យើង​ថា ‹ ត្រូវ​ធ្វើ តែ​ប៉ុណ្ណឹង​ឬ ? › ខ្ញុំ​ជឿ​ថា ប្រសិន​បើ​យើង​ចងចាំ ហើយ​ទទួលស្គាល់​ជម្រៅ​នៃ​ក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​មាន​ចំពោះ​យើង​ជា​ប្រចាំ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បី​ត្រឡប់​ទៅ​ក្នុង​ទីវត្តមាន​ទ្រង់​ម្ដង​ទៀត ដែល​មាន​ពេញ​ដោយ​ក្ដីស្រឡាញ់​ដ៏​អស់កល្ប​របស់​ទ្រង់ ។ តើ​អ្វី​ដែលសំខាន់ … អ្វី​ដែល​យើង​បាន​រងទុក្ខ​នៅ​ទី​នេះ​បើ​នៅ​ទី​បំផុត ការសាកល្បង​ទាំងនោះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​ចំពោះ​ជីវិត​អស់​កល្ប​ជានិច្ច និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​នគរ​នៃ​ព្រះ​ជាមួយ​ព្រះវរបិតា​យើង និង​ព្រះអង្គសង្គ្រោះ​នោះ ? » ( « Worthy of Our Promised Blessings » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១ ) ។ សូម​សម្រេច​ចិត្ត​ថា តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ដើម្បី « ចងចាំ ហើយ​ស្គាល់ » សេចក្ដីស្រឡាញ់​របស់​ព្រះ​ប្រចាំ​ថ្ងៃ​ដែល​មាន​ចំពោះ​បងប្អូន​ ។

រ៉ូម ៨:២៩–៣០; ៩–១១ ។

តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​ប្រើ​ពាក្យ « តម្រូវ​ទុក​ជា​មុន » « រើស​តាំង » និង « បាន​ស្គាល់​ជា​មុន » ?

ប៉ុល​បាន​ប្រើ​ពាក្យ « តម្រូវ​ទុក​ជា​មុន » « រើស​តាំង » និង « បាន​ស្គាល់​ជា​មុន » ដើម្បី​បង្រៀន​ថា ពីមុន​ជីវិត​នេះ ព្រះ​បាន​ជ្រើសរើស​បុត្រា​បុត្រី​ទ្រង់​មួយ​ចំនួន​ដើម្បី​ធ្វើ​ជា​ផ្នែក​នៃ​អ៊ីស្រាអែល ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ នេះ​មាន​ន័យ​ថា ពួកគេ​នឹង​ទទួល​ពរជ័យ និង​ទំនួល​ខុសត្រូវ​ពិសេស ដើម្បី​ពួកគេ​អាច​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រើស​តាំង, ការ​រើស​តាំង » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ទោះ​ជា​យ៉ាង​ណា ប៉ុល​បាន​សង្កត់​ធ្ងន់​នៅក្នុង រ៉ូម ៩–១១ ថា បុត្រា​បុត្រី​ព្រះ ទាំងអស់ អាច​ក្លាយ​ជា​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ហើយ​យើង​ទាំងអស់​គ្នា​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាម​របៀប​ដូច​គ្នា—គឺ​តាម​រយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការគោរព​ប្រតិបត្តិ​ដល់​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

សូមមើល​ផងដែរ អេភេសូរ ១:៣–៤; ពេត្រុស ទី១ ១:២; អាលម៉ា ១៣:១–៥; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « តែង​តាំង​មុន​កំណើត​លោកិយ, ការ​តែងតាំង​មុន​កំណើត​លោកិយ » នៅគេហទំព័រ scriptures.ChurchofJesusChrist.org ។

រ៉ូម ១២–១៦

ប៉ុល​អញ្ជើញ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​ពួកបរិសុទ្ធ ហើយ​ជា​អ្នកដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំពូក​ប្រាំ​ចុង​ក្រោយ​ក្នុង​គម្ពីរ​រ៉ូម​មាន​នូវ​ការ​ណែនាំ​ជាក់លាក់​ជាច្រើន​ស្ដីអំពី​របៀប​រស់នៅ​របស់​ពួកបរិសុទ្ធ ។ របៀប​មួយ​ដើម្បី​សិក្សា​ការណែនាំ​ទាំង​នេះ គឺ​ត្រូវ​រកមើល​ប្រធានបទ​ទាំងឡាយ​ដែល​លើក​ឡើង​ដដែលៗ ។ តើ​បងប្អូន​នឹង​សង្ខេប​ពាក្យ​ទូន្មាន​របស់​ប៉ុល​ដោយ​របៀប​ណា ?

បងប្អូន​អាច​នឹង​មិន​មាន​លទ្ធភាព​អនុវត្ត​តាម​ដំបូន្មាន​ទាំងអស់​នេះ​ក្នុង​ពេល​តែមួយ ប៉ុន្តែ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​រក​ឃើញ​គោលការណ៍​មួយ ឬពីរ​ដែល​បងប្អូន​អាច​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​នេះ ។ សូម​ចែកចាយ​បំណង​ប្រាថ្នា​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​បងប្អូន​នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​ទូល​សូម​ជំនួយ​របស់​ទ្រង់ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

រ៉ូម ៨:៣១–៣៩ ។តើ​យើង​រកឃើញ​អ្វី​ខ្លះ​នៅក្នុង រ៉ូម ៨:៣១–៣៩ ដែល​បង្រៀន​យើង​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​អំពី​យើង ? តើ​នៅ​ពេល​ណា​ខ្លះ​ដែល​យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ?

ដើម្បី​បង្ហាញ​ពី ខទី ៣៨–៣៩ សមជិក​គ្រួសារ​អាច​រកមើល​ឧទាហរណ៍​ទាំងឡាយ​នូវ​អ្វី​ដែល​មិន​អាច​ញែកចេញ​ពី​គ្នា​បាន ដូចជា​យើង និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

រូបភាព
ឪពុក និង​កូនស្រី​កំពុង​រាំ

អែលឌើរ វីលហ្វត ដបុលយូ អាន់ឌើរសិន បាន​បង្រៀន​ថា « តន្ត្រី​នៃ​ដំណឹងល្អ​គឺ​ជា​អារម្មណ៍​ខាង​វិញ្ញាណ​ប្រកប​ដោយ​អំណរ » ។

រ៉ូម ៩:៣១–៣២ ។សារលិខិត​របស់​អែលឌើរ វីលហ្វត ដបុលយូ អាន់ឌើរសិន « The Music of the Gospel » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៤–៥៦; សូមមើល​ផងដែរ​នូវ​វីដេអូ​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​បង្ហាញ​ពី​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ក្រឹត្យវិន័យ ការងារ និង​សេចក្ដី​ជំនឿ ។ បន្ទាប់​ពី​ពិភាក្សា​ពី​ប្រសាសន៍​របស់​លោក​ហើយ គ្រួសារ​របស់​បងប្អូន​អាច​ព្យាយាម​រាំ​ជាមួយ​នឹង​ភ្លេង ឬ​រាំ​គោក ។ តើ​សេចក្ដី​ជំនឿ​អាច​ជួយ​យើង​ឲ្យ​ដកពិសោធន៍​នូវ​សេចក្ដី​អំណរ​នៃ​ដំណឹង​ល្អ​ដោយ​របៀប​ណា ?

រ៉ូម ១០:១៧ ។សូម​បិត​ស្លាក​នៅ​លើ​កែវ​ទឹក​បួន​ប្រាំ​ជាមួយ​នឹង​ប្រភព​នៃ​ព្រះបន្ទូល​របស់​ព្រះ ( ដូចជា ព្រះគម្ពីរ វិវរណៈ​ផ្ទាល់​ខ្លួន និង​សន្និសីទ​ទូទៅ ) ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះ​ធ្វើ​ឲ្យ​សេចក្ដីជំនឿ​របស់​យើង​កើនឡើង នៅ​ពេល​បងប្អូន​ចាក់​ទឹក​ចូល​ទៅ​ក្នុង​កែវ​នីមួយៗ ដែល​មាន​បិត​ឈ្មោះ​ថា « សេចក្តីជំនឿ » ។

រ៉ូម ១២ ។តើ​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង « បាន​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញ​បូជារស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឬទ័យ​ដល់​ព្រះ » មានន័យ​យ៉ាង​ណា ? ( ខទី ១ ) ។

រ៉ូម ១៤:១៣–២១ ។គ្រួសារ​របស់​បងប្អូន​អាច​នឹង​ទទួល​ប្រយោជន៍​មក​ពី​ការ​សិក្សា​ដំបូន្មាន​របស់​ប៉ុល​អំពី​ការវិនិច្ឆ័យ និង​ការ​ប្រកែក​វែកញែក​អំពី​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ។ ប្រហែល​ជា​បងប្អូន​អាច​ពិភាក្សា​ពី​របៀប​សមរម្យ​ដើម្បី​ឆ្លើយ​តប ពេល​ដែល​អ្នក​ផ្សេង​ទៀត រួម​ទាំង​សមាជិក​គ្រួសារ​ដែរ ធ្វើ​ការជ្រើសរើស​ខុស​ពី​ការជ្រើសរើស​របស់​បងប្អូន ។ តើ​យើង​អាច « ដេញ​តាម​អស់​ទាំង​សេចក្តី​ដែល​នាំ​ឲ្យ​មេត្រី​គ្នា » យ៉ាង​ដូច​ម្ដេច ? ( ខទី ១៩ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំ​ស្គាល់​ក្តី​ស្នេហ៍​ព្រះ​សង្រ្គោះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ចូរ​ឲ្យ​កូនៗ​បាន​បង្ហាញ​អំពី​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ ។ « នៅពេល​បងប្អូន​អញ្ជើញ​កុមារ​តូចៗ​ឲ្យ​បង្កើត​អ្វីមួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ​មួយ នោះ​បងប្អូន​ជួយ​ពួកគេ​ឲ្យ​យល់​គោលការណ៍​បាន​កាន់​តែ​ល្អ​ប្រសើរ ។ … សូម​អនុញ្ញាតឲ្យ​ពួកគេ​សង់ គូរ​រូប ផាត់ពណ៌ សរសេរ និង​បង្កើតវា » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។

រូបភាព
ព្រះគ្រីស្ទ​លាត​ព្រះហស្ត​ចេញទៅ​

សូម​គង់​នឹង​ខ្ញុំ ដោយ ឌែល ផាសិន