ចូរ​មក​តាម​ខ្ញុំ
ការ​បង្រៀន​ដល់​កុមារ​តូចៗ


« ការ​បង្រៀន​ដល់​កុមារ​តូចៗ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ការ​បង្រៀន​ដល់​កុមារ​តូចៗ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០១៩

ការ​បង្រៀន​ដល់​កុមារ​តូចៗ

ប្រសិន​បើ​អ្នក​មាន​កូន​តូចៗ​នៅក្នុង​គ្រួសារ​របស់​អ្នក នេះ​គឺ​ជា​សកម្មភាព​មួយចំនួន​ដែល​អាច​ជួយ​ពួកគេ​រៀន ៖

  • ស្ដាប់ ឬ​សម្ដែង​រឿង ។ កុមារ​តូចៗ​ចូល​ចិត្ត​រឿងនិទាន—ចេញ​មកពី​ព្រះគម្ពីរ ចេញ​មកពី​ជីវិត​របស់​អ្នក ចេញ​មកពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ឬ​មកពី​ទស្សនាវដ្តីសាសនាចក្រ ។ សូម​ស្វែងរក​មើល​នូវ​វិធី​នានា​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​នៅ ក្នុង​ការ​និយាយ​ប្រាប់​រឿងនិទាន​ទាំងឡាយ ។ ពួកគេ​អាច​កាន់​រូបភាព ឬ​វត្ថុ​អ្វី​មួយ គូរូបភាព អ្វី​ដែល​ពួកគេ​ស្ដាប់​ឮ សម្ដែង​រឿង ឬ​ជួយ​ប្រាប់​រឿង ។ សូម​ជួយ​កូនៗ​របស់​អ្នក​ស្គាល់​សេចក្ដីពិត​នៃដំណឹងល្អ នៅក្នុង​រឿង​ដែល​អ្នក​ចែកចាយ ។

  • អានបទគម្ពីរ ។ កុមារ​តូចៗ ពុំ​អាច​អាន​បាន​ច្រើន ទេ ប៉ុន្តែ​អ្នក​អាច​នៅ​តែ​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ ។ អ្នក​អាច​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​ខគម្ពីរ​មួយ ឃ្លាគន្លឹះ ឬ​ពាក្យគន្លឹះ ។ ពួកគេ​អាច​ទន្ទេញ​ចាំ​ឃ្លា​ខ្លីៗ​ចេញ​មក​ពី​បទគម្ពីរ ប្រសិន​បើ​ពួកគេ​ថា​វា​បាន​ពីរបី​ដង ។ នៅ​ពេល​ពួកគេ​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះ នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ ។

  • មើល​ទៅ​រូបភាព ឬ​មើល​វីដេអូ​មួយ ។ នៅពេល​អ្នក​បង្ហាញ​ដល់​កូនៗ​របស់​អ្នក​នូវ​រូបភាព​មួយ ឬ​វីដេអូ​មួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ ឬ​រឿង​បទគម្ពីរ ចូរ​សួរ​ពួកគេ​នូវ​សំណួរ​ទាំងឡាយ​ដែល​ជួយ​ពួកគេ​រៀន​មកពី​អ្វី​ដែល​ពួកគេ​កំពុង​មើល​នោះ ។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា « តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ ក្នុង​រូបភាព ឬ​វីដេអូ​នេះ ? តើ​រឿង​នោះ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​យ៉ាង​ណា ? កម្មវិធី Gospel Library app, Biblevideos.lds.org, medialibrary.lds.org, និង children.lds.org គឺ​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​រក​មើល​រូបភាព និង​វីដេអូ​នានា ។

  • ច្រៀង ។ ទំនុកតម្កើង និង​ចម្រៀង​ចេញ​មកពី សៀវភៅ​ចម្រៀង​កុមារ បង្រៀន​អំពី​គោលលទ្ធិ​ដ៏​មាន​អានុភាព ។ សូមប្រើ មាតិកា​ប្រធាន​បទ នៅ​ខាង​ក្រោយ សៀវភៅ​ចម្រៀង​កុមារ ដើម្បី​រក​មើល​ចម្រៀង​ដែល​ទាក់​ទង​នឹង​គោលការណ៍​ដំណឹងល្អ​ដែល​អ្នក​កំពុង​បង្រៀន ។ សូម​ជួយ​កូនៗ​របស់​អ្នក​ភ្ជាប់​សារលិខិត​នៃ​ចម្រៀង​នោះ​ទៅ​នឹង​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​សួរ​សំណួរ​អំពី​ពាក្យ ឬ​ឃ្លា​នៅក្នុង​ទំនុកបទ ។ បន្ថែម​ពី​លើ​ការ​ច្រៀង កូនៗ​របស់​អ្នក​អាច​ធ្វើ​សកម្មភាព​ដែល​ត្រូវ​នឹង​ចម្រៀង ឬ​ស្ដាប់​ចម្រៀង​ដែល​មាន​សាច់ភ្លេង​ផ្ទៃ​ខាង​ក្រោយ​នៅពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដទៃ​ទៀត ។

  • ឆ្នៃប្រឌិត ។ កុមារ​តូចៗ​អាច​សង់ គូ ឬ​ផាត់ពណ៌​អ្វី​មួយ​ដែល​ទាក់ទង​នឹង​រឿង ឬ​គោលការណ៍​ដែល​ពួកគេ​កំពុង​រៀន ។

  • ចូលរួម​ក្នុង​មេរៀន​ដែល​មាន​វត្ថុ​បង្ហាញ មេរៀន​ដែល​មាន​វត្ថុ​បង្ហាញ​ដ៏​សាមញ្ញ​មួយ អាច​ជួយ​កូនៗ​របស់​អ្នក​យល់​គោលការណ៍​ដំណឹងល្អ​មួយ ដែល​ពិបាក​យល់ ។ នៅ​ពេល​ប្រើ​មេរៀន​ដែល​មាន​កម្មវត្ថុ​បង្ហាញ សូម​រក​វិធី​ដើម្បី​ឲ្យ​កូន​តូចៗ​របស់​អ្នក​ចូលរួម ។ ពួកគេ​នឹង​រៀន​បន្ថែម​ចេញ​មកពី​បទពិសោធន៍​ប្រាស្រ័យទាក់ទង​ជាជាង​គ្រាន់​តែ​មើល​ចេញ​មក ពី​ការ​បង្ហាញ ។

  • ការ​សម្ដែង ។ នៅពេល​កុមារ​តូចៗ​សម្តែង​អំពី​ស្ថានភាព​មួយ ដែល​ពួកគេ​ទំនង​ជា​នឹង​ជួប​ក្នុង​ជីវិត​ពិត នោះពួកគេ​នឹង​អាច​យល់​បាន​ល្អ​ប្រសើរ​អំពី​របៀប​ដែល​គោលការណ៍នៃ​ដំណឹងល្អ​អនុវត្ត​នៅ ក្នុង​ជីវិត​របស់​ពួកគេ ។

  • សកម្មភាព​ដដែលៗ ។ កុមារ​តូចៗ​អាច​នឹង​ត្រូវការ​ស្ដាប់​អំពី​គំនិត​នានា​ឲ្យ​បាន​ច្រើន​ដង​ដើម្បី​យល់​វា ។ ចូរ​កុំ​ខ្លាច​នឹង​និយាយ​រឿង ឬ​ធ្វើ​សកម្មភាព​ឡើង​វិញ​ឲ្យ​បាន​ញឹកញាប់​ឡើយ ។ ឧទាហរណ៍ អ្នក​ចែកចាយ​រឿង​បទគម្ពីរ​មួយ​ច្រើន​ដង​តាម​របៀប​ផ្សេងៗ​គ្នា ដូចជា—​អាន​ចេញ​មកពី​បទគម្ពីរ ការ​សង្ខេប​តាម​សម្ដី​របស់​អ្នក​ផ្ទាល់ ការ​បង្ហាញ​វីដេអូ ការ​ទុក​ឲ្យ​កូន​របស់អ្នក​ជួយ​និទានរឿង អញ្ជើញ​ពួកគេ​សម្ដែង​រឿង ជា​ដើម ។

    រូបភាព
    ឪពុក​ម្ដាយ​បង្រៀន​កុមារ​តូចៗ