គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩–៩២ ៖ « គោលការណ៍​ដោយ​សេចក្ដី​សន្យា »


« ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩–៩២ ៖ ‹ គោលការណ៍​ដោយ​សេចក្ដី​សន្យា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩–៩២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
បុរស និង​ស្ដ្រី​ធ្វើ​ម្ហូប

ថ្ងៃទី ១៦–២២ ខែ សីហា

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩–៩២

« គោលការណ៍​ដោយ​សេចក្ដីសន្យា »

សូម​សិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩–៩២ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​នានា ដែល​បងប្អូន​បាន​ទទួល ។ សូម​ឆាប់​ដឹង​ពី​របៀប « ព្រះវិញ្ញាណ​សម្ដែង​ប្រាប់​ពី​សេចក្ដី​ពិត » ដល់​បងប្អូន កាល​បងប្អូន​សិក្សា ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩១:៤ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅក្នុង​សាលា​នៃ​ពួកព្យាការី ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ពួកអែលឌើរ​នៃ​អ៊ីស្រាអែល​អំពី​កសាង​នគរ​របស់​ព្រះ​នៅលើ​ផែនដី ។ ពួកលោក​បាន​ពិភាក្សា​ពី​សេចក្ដីពិត​ខាង​វិញ្ញាណ បាន​អធិស្ឋាន​រួមគ្នា បាន​តម​អាហារ និង​រៀបចំ​ខ្លួន​ទៅ​ប្រកាស​ដំណឹងល្អ ។ ប៉ុន្ដែ​បរិយាកាស​មួយ​ហាក់​ចម្លែក​ចំពោះ​យើង​នា​សព្វថ្ងៃ​នេះ ហើយ​វា​ហាក់​មិន​ត្រឹមត្រូវ​ចំពោះ​អិមម៉ា ស្ម៊ីធ​ផងដែរ ។ អំឡុង​ការប្រជុំ ពួកបុរស​បាន​ជក់​បារី ហើយ​ចុក​ថ្នាំ ដែល​វា​ជា​រឿង​ធម្មតា​សម្រាប់​ពេល​នោះ ប៉ុន្ដែ​វា​ប្រឡាក់​កម្រាល​ឈើ​ទៅជា​ពណ៌​ខ្មៅ ហើយ​ខ្យល់​ធុំ​ក្លិន​មិន​ល្អ ។ អិមម៉ា​បាន​ចែកចាយ​កង្វល់​របស់​នាង​ជាមួយ​យ៉ូសែប ហើយ​យ៉ូសែប​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់ ។ លទ្ធផល​គឺជា​វិវរណៈ​មួយ ដែល​ទៅ​ហួស​ពី​ការជក់​បារី និង​ថ្នាំចុក ។ វា​បាន​ផ្ដល់​ឲ្យ​ពួកបរិសុទ្ធ រាប់​ជំនាន់​ដែល​នឹង​កើត​មក​នូវ « គោលការណ៍​ដោយ​សេចក្ដីសន្យា »​—​ជា​សេចក្ដី​សន្យា​ដល់​សុខភាព​ផ្លូវ​កាយ « ប្រាជ្ញា » និង « និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះវិជ្ជា » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៣, ១៩ ) ។

សូមមើល​ផងដែរ ពួកបរិសុទ្ធ ទំព័រ ១:១៦៦–៦៨ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺជា « គោលការណ៍​ដោយ​សេចក្ដី​សន្យា » ។

នៅពេល​ពួកអែលឌើរ​ក្នុង​សាលា​នៃ​ពួកព្យាការី​បាន​ឮ​យ៉ូសែប ស្ម៊ីធ អាន​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដំបូង ពួកគេ​បាន « បោះចោល​បំពង់ និង​ដុំ​ថ្នាំ​ចុក​របស់​គេ​ទៅក្នុង​ភ្លើង » ភ្លាម ( ពួកបរិសុទ្ធ ទំព័រ ១:១៦៨ ) ។ នៅ​ពេល​នោះ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បម្រាម ជាជាង​បទបញ្ញត្តិ ប៉ុន្ដែ​ពួកគេ​ចង់​បង្ហាញ​ឆន្ទៈ​គោរព​តាម ។ ប្រហែល​បងប្អូន​បាន « បោះ » សារធាតុ​ដែល​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​បាន​ព្រមាន​ហាម​ឃាត់​ចេញពី​ជីវិត​បងប្អូន​រួចហើយ ប៉ុន្ដែ​តើ​មាន​អ្វីផ្សេង​ទៀត​ដែល​បងប្អូន​អាច​រៀន​មកពី​វិវរណៈ​នេះ ? សូម​ពិចារណា​អំពី​យោបល់​ទាំងនេះ ៖

  • សូម​រកមើល​ឃ្លា​ដែល​បងប្អូន​អាច​មិន​បាន​កត់​សម្គាល់​—​ឬ​មិន​បាន​គិត​ច្រើន​អំពី​វា—​ពីមុន​មក ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​វា ?

  • គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩ រួមមាន​សេចក្ដីសន្យា​ជាច្រើន ( សូមមើល ខទី ១៨–២១ ) ។ តើ​បងប្អូន​គិត​ថា សេចក្ដីសន្យា​ទាំងនេះ​មាន​ន័យ​ដូចម្ដេច ?

  • តើ​វិវរណៈ​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

  • តើ​បងប្អូន​បាន​ឃើញ​គំរូ​អ្វីខ្លះ​នៃ « អំពើ​អាក្រក់​ទាំងឡាយ និង​ផែនការ​ទាំងឡាយ​ដែល​មាន … នៅក្នុង​ដួងចិត្ត​មនុស្ស ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » ? ( ខទី ៤ ) ។

  • សូម​គិត​ពី​វិវរណៈ​ថា​ជា « គោលការណ៍​ដោយ​សេចក្ដីសន្យា » ( ខទី ៣ )​—​ជា​សេចក្ដីពិត​ដ៏​យូរ​អង្វែង ដែល​ដឹកនាំ​ការសម្រេច​ចិត្ត​—​មិន​មែន​គ្រាន់តែ​ជា​បញ្ជី​នៃ​ការធ្វើ​បាន និង មិន​ធ្វើ​បាន​នោះ​ទេ ។ តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ ដែល​អាច​ដឹកនាំ​ការសម្រេច​ចិត្ត​របស់​បងប្អូន ?

ព្យាការី​សម័យ​ទំនើប​ក៏​បាន​ព្រមាន​ពី​សារធាតុ​គ្រោះថ្នាក់​នានា និង​អាកប្បកិរិយា​ដែល​មាន​លើស​ពី​អ្វី​ដែល​បាន​លើក​ឡើង​នៅក្នុង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ទៅ​ទៀត ( សូមមើល « សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត » ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ២៥–២៧ ) ។ តើ​បងប្អូន​ត្រូវបាន​បំផុស​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ឡើង​លើ​គំនិត និង​រាងកាយ​របស់​បងប្អូន ?

សូមមើល​ផងដែរ ដានីយ៉ែល​ទី ១; កូរិនថូស​ទី ១ ៦:១៩–២០; Gospel Topics « Word of Wisdom » topics.ChurchofJesusChrist.org; « The Word of Wisdom » Revelations in Context ទំព័រ ១៨៣–៩១; addictionrecovery.ChurchofJesusChrist.org ។

រូបភាព
ក្មេងប្រុសៗ​រត់លេង​លើ​ឆ្នេរខ្សាច់

ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​បង្រៀន​យើង​ឲ្យ​ថែទាំ​ដល់​រាងកាយ​របស់​យើង ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១–១៧

គណៈប្រធាន​ទីមួយ​កាន់ « កូនសោ​ទាំងឡាយ​នៃ​នគរ » ។

នៅក្នុង​កណ្ឌ​ទី ៩០ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​អំពី « ការងារ​បម្រើ និង​គណៈ​ប្រធាន​ទី​១ » ( ខទី ១២ ) របស់​យ៉ូសែប ស្ម៊ីធ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស​—​សមាជិក​នៃ​អ្វី​ដែល​យើង​ហៅ​នា​ពេលនេះ​ថា​ជា គណៈប្រធាន​ទីមួយ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​គណៈប្រធាន​ទីមួយ​មកពី ខទី ១–១៧ ? សូម​ពិនិត្យ​សារលិខិត​នាពេល​ថ្មីៗ​នេះ​មកពី​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ​ឡើង​វិញ ។ តើ​ពាក្យពេចន៍​របស់​ពួកលោក « បើក​បង្ហាញ​សេចក្ដី​អាថ៌​កំបាំង​ទាំងឡាយ​នៃ​នគរ » ដល់​បងប្អូន​យ៉ាង​ដូចម្ដេច ? ( ខទី ១៤ ) ។ តើ​ពួកលោក « តាំង​ឲ្យ​មាន​របៀបរៀបរយ​នៅ​អស់​ទាំង​ការងារ​នៃ​សាសនាចក្រ និង​នគរ​នេះ » ដោយ​របៀប​ណា ? ( ខទី ១៦ ) ។

សូមមើល​ផងដែរ ហិនរី ប៊ី អាវរិង « អំណាច​នៃ​សេចក្ដី​ជំនឿ​ដើម្បី​គាំទ្រ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៨–៦០ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:២៤

« គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់ [ ខ្ញុំ ] » ។

សូម​សញ្ជឹងគិត​ពី​បទពិសោធន៍​នានា ដែល​បងប្អូន​បាន​មាន​ដែល​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩០:២៤ ។ សូម​ពិចារណា​ធ្វើការ​កត់ត្រា​បទពិសោធន៍​របស់​បងប្អូន ហើយ​ចែកចាយ​វា​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​—​ប្រហែល​ជា​នរណាម្នាក់​ដែល​ត្រូវការ​ការអះអាង​ជាថ្មី ឬ​ការលើក​ទឹកចិត្ត ។ ប្រសិនបើ​មាន​ពរជ័យ​ណា​ដែល​បងប្អូន​នៅតែ​រង់ចាំ សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​បន្ដ​ស្មោះត្រង់ កាល​បងប្អូន​រង់ចាំ​ឃើញ​របៀប​ដែល « គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក » ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:២៨–៣១

តើ​នរណា​ជា​វីអែណា ចាកស៍ ?

វីអែណា ចាកស៍​បាន​កើត​នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆនាំ ១៧៨៧ ក្នុង​រដ្ឋ​ម៉ាសាឈូសេត ។ ជា​ស្ដ្រី​ដ៏​មាន​សេចក្ដី​ជំនឿ​ម្នាក់ ដែល​មាន​ទ្រព្យ​ហិរញ្ញវត្ថុ​ច្រើន​គួរសម នាងវីអែណា​បាន​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​ដំបូង​ក្នុង​ឆ្នាំ ១៨៣១ ។ ក្រោយពី​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​ថា សារលិខិត​របស់​ពួកគេ​គឺ​ពិត នោះ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​ព្យាការី​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ជា​កន្លែង​ដែល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

នាងវីអែណាំ​បាន​គោរព​តាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់​ដល់​នាង​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:២៨–៣១ ។ ការថ្វាយ​របស់​នាង​ដល់​ព្រះអម្ចាស់​រួម​មាន​ការបរិច្ចាគ ដែល​នាង​បាន​ធ្វើ​ពីមុន​នៅ​ទីក្រុង​ខឺតឡង់ បាន​មក​ដល់​ក្នុង​ពេល​ដ៏​សំខាន់​សម្រាប់​សាសនាចក្រ នៅពេល​ថ្នាក់ដឹកនាំ​ព្យាយាម​ទិញ​ដី ដែល​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​នឹង​ត្រូវ​កសាង ។ នាងវីអែណា​បាន « មាន​ចិត្ត​ស្មោះត្រង់ ហើយ​មិន​ខ្ជិលច្រអូស » ពេញ​មួយ​ជីវិត​របស់​នាង ហើយ​នៅ​ទីបញ្ចប់​អាច « បាន​រស់នៅ​ដោយ​សេចក្ដី​សុខសាន្ត » ( ខទី ៣១ ) នៅក្នុង​ជ្រលង​ភ្នំ​សលត៍ លេក ជា​កន្លែង​ដែល​នាង​បាន​ស្លាប់​នៅ​អាយុ ៩៦ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៩ ។សមាជិក​គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការគូរ ឬ​រកមើល​រូបភាព​អាហារ និង​សារធាតុ​ផ្សេងទៀត​ដែល​បាន​លើកឡើង​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩ ។ រួច​ហើយ​បងប្អូន​អាច​លេង​ល្បែង​មួយ​—​សមាជិក​គ្រួសារ​អាច​ប្ដូរ​វេន​គ្នា​ជ្រើសរើស​រូបភាព​ដោយ​ចៃដន្យ ដាក់​របស់​ដែល​យើង​មិន​គួរ​ប្រើ​នៅក្នុង​ធុង​សម្រាម ហើយ​របស់​ដែល​យើង​គួរ​ប្រើ​នៅលើ​ចាន​មួយ ។ តើ​សេចក្ដី​សន្យា​នៅក្នុង ខទី ១៨–២១ ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ?

ការអាន « សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត » នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ( ទំព័រ ២៥–២៧ ) អាច​បំផុស​ឲ្យ​មាន​ការពិភាក្សា​អំពី​របៀប​ផ្សេងទៀត​ដើម្បី​ថែទាំ​ដល់​សុខភាព​របស់​យើង និង​អំពី​ពរជ័យ​នានា​ដែល​ព្រះ​សន្យា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:៥ ។សូម​និយាយ​អំពី​របៀប​ដែល​បងប្អូន « ទទួល​ព្រះបន្ទូល [ វិវរណៈ ឬ​ព្យាការី ] នៃ​ព្រះ » ។ តើ​យើង​អាច​បង្ហាញ​ថា ពួកលោក​មិនមែន​ជា « ការ​ឥត​ការ » ចំពោះ​យើង​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១ ។បងប្អូន​អាច​ពិភាក្សា​ពី​របៀប​ដែល​ការប្រឹក្សា​របស់​ព្រះអម្ចាស់​អំពី​អ័ប៉ូគ្រីផា ( សូមមើល ខទី ១–២ ) អនុវត្ត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រួសារ​របស់​បងប្អូន​អាច​ជួប​ប្រទះ​នា​សព្វថ្ងៃ​នេះ ( សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អ័ប៉ូគ្រីផា » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org » ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ផងដែរ នៅពេល​ការត្រូវបាន « បំភ្លឺ​ដោយ​ព្រះវិញ្ញាណ » ( ខទី ៥ ) បាន​ជួយ​បងប្អូន​ឲ្យ​បែងចែក​រវាង​សេចក្ដីពិត និង​កំហុស ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩២:២ ។តើ​ការធ្វើ​ជា « សមាជិក​សកម្ម​ម្នាក់ » ក្នុង​សាសនាចក្រ​មាន​ន័យ​ដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងទៀត ។ សូម​រកមើល​របៀប​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​គ្រួសារ​បងប្អូន​ចូលរួម​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។ ឧទាហរណ៍ សមាជិក​គ្រួសារ​អាច​ច្រៀង​ទំនុក​តម្កើង ឬ​ចម្រៀង​កុមារ​ដែល​ទាក់ទង​ទៅនឹង​ខគម្ពីរ​មួយ គូរ​រូបភាព​អំពី​អ្វី​ដែល​ពួកគេ​បាន​អាន ឬ​សង្ខេប​ខគម្ពីរ​មួយ​ជា​សម្ដី​របស់​ពួកគេ​ផ្ទាល់ ។

រូបភាព
ផ្លែឈើ និង​បន្លែ

« ពួកបរិសុទ្ធ​ទាំងអស់​ដែល … ប្រព្រឹត្ត​តាម​ពាក្យសម្ដី​ទាំងនេះ ដោយ​ដើរ​ក្នុង​ការគោរព​ដល់​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​នឹង​បាន​ទទួល​សេចក្ដីសុខ​ស្រួល​ដល់​ផ្ចិត​ពួកគេ ហើយ​ជា​ខួរ​ដល់​ឆ្អឹង​ពួកគេ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:១៨ ) ។