ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ឧបសម្ព័ន្ធ គ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់


« ឧបសម្ព័ន្ធ គ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ឧបសម្ព័ន្ធ គ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤

រូបភាព
កុមារ និង​គ្រូបង្រៀន​កំពុង​ច្រៀង

ឧបសម្ព័ន្ធ គ

សម្រាប់​អង្គការ​បឋម​សិក្សា—សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់

ចម្រៀង​កុមារ​គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ និង​សេចក្ដីពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​កុមារ​ច្រៀង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​គោលការណ៍​ទាំងនោះ ។ ទំនុក​ច្រៀង និង​តន្ត្រី​នឹង​ដក់​ជាប់​ក្នុង​គំនិត និង​ដួងចិត្ត​របស់​កុមារ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ នៅពេល​បងប្អូន​រៀបចំ​បង្រៀន​ដំណឹងល្អ​តាមរយៈ​តន្ត្រី ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្ដីពិត​ដែល​បងប្អូន​កំពុង​ច្រៀង ។ សូម​ជួយ​កុមារ​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​តន្ត្រី​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​កំពុង​ដក​ពិសោធន៍​នៅ​ឯ​គេហដ្ឋាន និង​ក្នុង​អង្គការ​បឋមសិក្សា ។

គោលការណ៍​ណែនាំ​សម្រាប់​ធ្វើ​បទបង្ហាញ​នៅក្នុង​ម៉ោងប្រជុំ​សាក្រាម៉ង់

ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ជាធម្មតា​បទបង្ហាញ​របស់​កុមារ​នៅក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់​ធ្វើ​ឡើង​អំឡុង​ពេល​នៃ​ត្រីមាស​ទីបួន​នៅក្នុង​ឆ្នាំ​នីមួយៗ ។ នៅក្នុងនាម​ជា​គណៈប្រធាន​អង្គការ​បឋម​សិក្សា និង​ជា​អ្នកដឹកនាំ​តន្ត្រី សូម​សហការគ្នា​ជាមួយនឹង​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព ដែល​មើលការ​ខុសត្រូវ​លើ​អង្គការ​បឋម​សិក្សា​ដើម្បី​រៀប​ផែនការ​ធ្វើ​បទបង្ហាញ​នេះ ។

បទបង្ហាញ​នេះ​គួរ​អនុញ្ញាត​ឲ្យកុមារ​បង្ហាញ​អ្វី​ដែល​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​រៀន​ចេញពី​ព្រះគម្ពីរ​មរមន​នៅឯ​ផ្ទះ និង​នៅក្នុង​អង្គការ​បឋមសិក្សា រួមទាំង​បទចម្រៀង​អង្គការ​បឋមសិក្សា ដែល​ពួកគេ​បាន​ច្រៀង​នៅក្នុង​ឆ្នាំ​នេះ​ផងដែរ ។ នៅពេល​បងប្អូន​រៀប​ផែនការ​ធ្វើ​បទបង្ហាញ​នេះ សូម​គិត​ពី​វិធី​ជាច្រើន​ដែល​វា​អាច​ជួយ​ក្រុមជំនុំ​ឲ្យ​ផ្តោត​ចិត្ត​ទៅលើ​ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់ ។

អង្គភាព​ដែល​មាន​កុមារ​តិច អាច​ពិចារណា​នូវ​វិធី​នានា ដែល​សមាជិក​ក្រុមគ្រួសារ​អាច​ចូលរួម​ជាមួយ​នឹង​កូនៗ​របស់​ពួកគាត់ ។ សមាជិក​ម្នាក់​នៅ​ក្នុង​គណៈប៊ីស្សព​អាច​បញ្ចប់​ការប្រជុំ​នេះ​ដោយ​ការថ្លែង​ទីបន្ទាល់​ខ្លីៗ ។

នៅពេល​បងប្អូន​រៀបចំ​បទ​បង្ហាញ សូម​ចងចាំ​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖

  • ការហាត់សម​មិនគួរ​យក​ពេល​មិន​ចាំបាច់​ពី​អង្គការ​បឋមសិក្សា ឬ​ក្រុមគ្រួសារ​ឡើយ ។

  • បទបង្ហាញ​ជា​រូបភាព សម្លៀក​បំពាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គឺ​មិន​សមរម្យ​ចំពោះ​ការប្រជុំ​សាក្រាម៉ង់​នោះទេ ។

សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១២.២.១.២ ។

សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង

៥ នាទី ( គណៈប្រធាន​អង្គការ​បឋម​សិក្សា ) ៖ ការអធិស្ឋាន​បើក បទគម្ពីរ ឬ​មាត្រា​នៃ​សេចក្ដី​ជំនឿ និង​ការឡើង​និយាយ​របស់​កុមារ​ម្នាក់

២០ នាទី ( អ្នកដឹកនាំ​តន្ត្រី ) ៖ ម៉ោង​ច្រៀង​ចម្រៀង

គណៈប្រធាន​អង្គការ​បឋម​សិក្សា និង​អ្នក​ដឹកនាំ​តន្ត្រី​ជ្រើស​រើស​ចម្រៀង​សម្រាប់​ខែ​នីមួយៗ​ដើម្បី​ពង្រឹង​គោលការណ៍​ដែល​កុមារ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់ំ និង​នៅ​ឯ​គេហដ្ឋាន​របស់​ពួកគេ ។ បញ្ជី​ចម្រៀង​មួយ​ដែល​ពង្រឹង​ដល់​គោលការណ៍​ទាំង​នេះ​មាន​ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្ដីណែនាំ​នេះ ។

នៅពេល​បងប្អូន​បង្រៀន​បទចម្រៀង​ទៅ​ដល់​កុមារ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​រួច​ហើយ​អំពី​ដំណើររឿង និង​គោលការណ៍​ខាង​គោលលទ្ធិ​ដែល​បទចម្រៀង​នោះ​បង្រៀន ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​សេចក្តីពិត​ដែល​បាន​រកឃើញ​នៅ​ក្នុង​បទ​ចម្រៀង​ទាំងនោះ ។

សៀវភៅ​ចម្រៀង​កុមារ គឺជា​ធនធាន​មូលដ្ឋាន​សម្រាប់​តន្រ្តី​នៅក្នុង​អង្គការ​បឋមសិក្សា ។ ទំនុក​តម្កើង​មកពី​សៀវភៅ​ទំនុក​តម្កើង និង​ចម្រៀង​មកពី​ទស្សនាវដ្តី ប្រិយមិត្ត ក៏​អាច​ប្រើ​ប្រាស់​បាន​ផងដែរ ។ ការប្រើ​ចម្រៀង​ផ្សេងទៀត​នៅក្នុង​អង្គការ​បឋមសិក្សា​ត្រូវតែ​មាន​ការអនុម័ត​មកពី​គណៈប៊ីស្សព ( សូមមើល ក្បួនខ្នាត​ទូទៅ ១២.៣.៤ ) ។

រូបភាព
កុមារ​កំពុង​ច្រៀង

តន្ត្រី​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង

ខែ មករា

ខែ កុម្ភៈ

ខែ មីនា

ខែ មេសា

ខែ ឧសភា

ខែ មិថុនា

ខែ កក្កដា

ខែ សីហា

ខែ កញ្ញា

ខែ តុលា

ខែ វិច្ឆិកា

ខែ ធ្នូ

ការប្រើប្រាស់​តន្រ្តី​ដើម្បី​បង្រៀន​គោលលិទ្ធិ

ម៉ោង​ចម្រៀង​មាន​គោលបំណង​ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។ គំនិត​ខាងក្រោម​នេះ​អាច​បំផុស​គំនិត​បងប្អូន នៅពេល​បងប្អូន​ដាក់​ផែនការ​ពី​របៀប​បង្រៀន​គោលការណ៍​ដំណឹងល្អ​ដែល​មាន​នៅក្នុង​ទំនុក​តម្កើង និង​ចម្រៀង​អង្គការ​បឋមសិក្សា ។

អាន​ខគម្ពីរ​ដែល​ទាក់ទងគ្នា ។ ចម្រៀង​ជាច្រើន​នៅក្នុង សៀវភៅ​ចម្រៀង​កុមារ និង​សៀវភៅ​ទំនុក​តម្កើង មាន​សរសេរ​ពី​សេចក្តីយោង​ដែល​មាន​ទាក់ទង​ទៅនឹង​បទគម្ពីរ ។ សូម​ជួយ​កុមារ​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ​ចំនួន​នេះ ហើយ​ជជែក​គ្នា​ពី​របៀប​ដែល​បទគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​បទចម្រៀង​នេះ ។ បងប្អូន​ក៏​អាច​សរសេរ​សេចក្តីយោង​បទគម្ពីរ​ពីរបី​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ផ្គូផ្គង​សេចក្តីយោង​នីមួយៗ​ទៅនឹង​បទ​ចម្រៀង ឬ​វគ្គ​ណា​មួយ​នៅក្នុង​បទ​ចម្រៀង​បាន​ផងដែរ ។

បំពេញ​ចន្លោះ ។ សូម​សរសេរ​វគ្គ​មួយ​នៃ​បទចម្រៀង​នៅលើ​ក្តារខៀន​ដោយ​លុប​ពាក្យ​គន្លឹះ​មួយ​ចំនួន​ចេញ ។ បន្ទាប់មក សូម​ឲ្យ​កុមារ​ច្រៀង​ចម្រៀង​នេះ ដោយ​ផ្ទៀង​ស្តាប់​រក​ពាក្យ​ដើម្បី​បំពេញ​នៅក្នុង​ចន្លោះ​ទាំងនោះ ។ នៅពេល​ពួកគេ​បំពេញ​នៅក្នុង​ចន្លោះ​នីមួយៗ សូម​ពិភាក្សា​ពី​គោលការណ៍​ដំណឹងល្អ​ដែល​បងប្អូន​រៀន​មកពី​ពាក្យ​ដែល​បាត់​ទាំងនោះ ។

រូបភាព
អ្នក​ដឹកនាំ​ម៉ោង​ច្រៀងចម្រៀង

ថ្លែង​ទីបន្ទាល់ ។ សូម​ថ្លែង​ទីបន្ទាល់​ខ្លីៗ​ដល់​កុមារ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​មាន​នៅក្នុង​ចម្រៀង​អង្គការ​បឋមសិក្សា ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ការច្រៀង​ចម្រៀង​គឺជា​វិធី​មួយ​ដែល​ពួកគេ​អាច​ថ្លែងទីបន្ទាល់ និង​ទទួល​នូវ​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។

ឈរ​ជា​សាក្សី ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ផ្លាស់ប្តូរ​វេន​គ្នា​ក្រោកឈរ ហើយ​ចែកចាយ​អ្វី​ដែលពួកគេ​រៀន​ចេញ​មកពី​ចម្រៀង​ដែល​ពួកគេ​កំពុង​ច្រៀង ឬ​អារម្មណ៍​របស់​ពួកគេ​អំពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង​បទចម្រៀង​នេះ ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​ច្រៀង​ចម្រៀង​នេះ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រើប្រាស់​រូបភាព ។ សូម​ឲ្យ​កុមារ​ជួយ​បងប្អូន​ស្វែងរក ឬ​បង្កើត​រូបភាព​ដែល​ត្រូវ​ទៅនឹង​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​នៅក្នុង​បទ​ចម្រៀង​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​របៀប​ដែល​រូបភាព​ទាំងនេះ​ទាក់ទង​ទៅនឹង​បទ​ចម្រៀង​នេះ ហើយ​ថាតើ​បទ​ចម្រៀង​នេះ​បង្រៀន​អ្វី​ខ្លះ ។ ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​កំពុង​បង្រៀន​បទ « ដំបង​ដែក » ( ទំនុក​តម្កើង ល.រ. ១៧២ ) នោះ​បងប្អូន​អាច​ដាក់​រូបភាព​ពេញ​បន្ទប់​រៀន ឬ​នៅក្រោម​កៅអី​ដែល​ពិពណ៌នា​អំពី​ពាក្យ​សំខាន់ៗ​ចេញ​មកពី​បទ​ចម្រៀង​នោះ​( ដូចជា ដំបង​ដែក បន្ទូល​ព្រះ នាំ ការល្បួង និង ស្ថានសួគ៌ ) ។ សូម​ឲ្យ​កុមារ​ប្រមូល​រូបភាព​ទាំងនេះ ហើយ​កាន់​រូបភាព​តាម​លំដាប់​លំដោយ នៅ​ពេល​បងប្អូន​ច្រៀង​ចម្រៀង​នេះ​ជាមួយ​គ្នា ។

ចែកចាយ​មេរៀន​ដោយ​ប្រើ​វត្ថុ ។ បងប្អូន​អាច​ប្រើ​វត្ថុ​ដើម្បី​បំផុសគំនិត​ឲ្យ​មាន​ការពិភាក្សា​អំពី​បទ​ចម្រៀង​នេះ​បាន ។ ឧទាហរណ៍ បទចម្រៀង « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០–៥១ ) និយាយ​អំពី​គ្រាប់ពូជ​តូច​មួយ ។ បងប្អូន​អាច​បង្ហាញ​ដល់​កុមារ​នូវ​គ្រាប់​ពូជ​មួយ ហើយ​និយាយ​អំពី​របៀប​ដែល​យើង​បង្ហាញ​សេចក្តី​ជំនឿ នៅពេល​យើង​ដាំ​គ្រាប់​ពូជ​មួយ ។ ការធ្វើ​បែប​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​វិធីសាស្រ្ត​ជា​ច្រើន ដែល​យើង​បង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​បទចម្រៀង​នេះ ។

អញ្ជើញ​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ។ សូម​ជួយ​កុមារ​ឲ្យ​ភ្ជាប់​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​បទចម្រៀង​នេះ ទៅនឹង​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន​ជាមួយ​គោលការណ៍​ទាំងនេះ ។ ឧទាហរណ៍ មុន​ពេល​ច្រៀង​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) នោះ​បងប្អូន​អាច​សូម​ឲ្យ​កុមារ​លើក​ដៃ​របស់​ពួកគេ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ពួកគេ​ច្រៀង សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។

សួរ​សំណួរ ។ មាន​សំណួរ​ជាច្រើន​ដែល​បងប្អូន​អាច​សួរ​បាន នៅពេល​បងប្អូន​ច្រៀង​ចម្រៀង ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​កុមារ​ថា តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​ពី​វគ្គ​នីមួយៗ​នៅក្នុង​បទចម្រៀង​នេះ ។ បងប្អូន​ក៏​អាច​សុំ​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ​ដែល​ចម្រៀង​នោះ​ឆ្លើយ​ប្រាប់​ផងដែរ ។ ការណ៍​នេះ​អាច​ដឹក​នាំ​ទៅ​រក​ការពិភាក្សា​មួយ​អំពី​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​ចម្រៀង​នោះ ។

ប្រើ​កាយវិការ​ដៃ​សាមញ្ញៗ ។ សូម​អញ្ជើញ​ឲ្យ​កុមារ​គិត​ពី​កាយវិការ​ដៃ​ងាយៗ​ដើម្បី​ជួយ​ពួកគេឲ្យ​ចងចាំ​ពាក្យ និង​សារលិខិត​នៃ​បទចម្រៀង​មួយ ។ ឧទាហរណ៍ នៅពេល​បងប្អូន​ច្រៀង​វគ្គ​ទី​ពីរ​នៃ​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) នោះ​បងប្អូន​អាច​អញ្ជើញ​កុមារ​ឲ្យ​ចង្អុល​ទៅ​ភ្នែក​របស់​ពួកគេ ធ្វើ​ដូច​ជា​មេអំបៅ ហើយ​ក្បង់​ដៃ​របស់​ពួកគេ​ដាក់​ពី​ក្រោយ​ត្រចៀក​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ដាក់​ដៃ​នៅលើ​ដើមទ្រូង​របស់​ពួកគេ កាល​ពួកគេ​ច្រៀង « ខ្ញុំ​ដឹង​ថា​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ » ។