ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី៣ ១១:១–១១ « យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ »


« នីហ្វៃ​ទី៣ ១១:១–១១ ៖ ‹ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១១:១–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី៣ ១១:១–១១

« យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ »

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​យាងចុះ​មកពី​ស្ថានសួគ៌​នៅឯ​ព្រះវិហារ​បរិសុទ្ធ​បរិបូរណ៍

ខណៈពេល​ដែល​ពួកសាសន៍​នីហ្វៃ​ប្រមូលផ្តុំ​នៅ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ​និយាយ​អំពី​សញ្ញា​នៃ​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គសង្គ្រោះ « យាង​ចុះមក​ឈរ​នៅ​កណ្ដាល​ពួកគេ » ( នីហ្វៃ​ទី៣ ១១:៨ ) ។ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​បេសកកម្ម​របស់​ទ្រង់ និង​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បានធ្វើ​សម្រាប់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​បង្កើន​សេចក្តីស្រឡាញ់ និង​ការដឹងគុណ​របស់​អ្នក​កាន់តែ​ខ្លាំង​ថែមទៀត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​ទ្រង់​គឺជា​នរណា និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

សូម​ផ្តល់​តម្លៃ​ចំពោះ​សិស្ស​ទាំងអស់ ។ នៅពេល​ដែល​សិស្ស​ដែល​មាន​ប្រវត្តិ​ខុសៗគ្នា​ ទទួល​បាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ទទួល​ស្គាល់ ពួកគេ​នឹង​មាន​ចិត្ត​ចង់​ចែកចាយ​នូវ​ទស្សនៈ​យល់ឃើញ និង​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន​កាន់តែខ្លាំង ។ សូម​ព្យាយាម​ធ្វើ​ឲ្យបាន​ល្អ​បំផុត​ដើម្បី​ឲ្យ​សិស្ស​គ្រប់គ្នា​ទទួល​បាន​អារម្មណ៍​ថា ពួកគេ​មាន​នូវ​ភាព​មាន​ចំណែក ។ ស្វែងរក​វិធី​ដើម្បីបង្ហាញ​សេចក្ដីស្រឡាញ់​ដ៏ស្មោះសរ​ដូច​ជា​ព្រះគ្រីស្ទ​ស្រឡាញ់​ដល់​សិស្ស​ទាំងអស់គ្នា ជាពិសេស​ចំពោះ​អ្នក​ដែល​ប្រហែលជា​កំពុង​ជួប​ការលំបាក ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​ជួយ​ឲ្យ​ពួកគេ​យល់ដឹង​បន្ថែមទៀត​អំពីអ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​សម្រាប់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀន​នេះផ្តោត​ទៅលើ​ព្រឹត្តិការណ៍ និង​ការបង្រៀន​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃ​ទី៣ ១១:១–១១ ។ មេរៀន​បន្ថែម​មួយ​ទៀត​នឹង​ផ្តោត​ទៅលើ​បទពិសោធន៍​របស់​ប្រជាជន​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ ដូចដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃ​ទី៣ ១១:១២–១៧ ។ ប្រសិនបើ​អ្នក​គ្មានពេល​បង្រៀន​មេរៀន​ទាំងពីរ​ដាច់​ដោយ​ឡែក​ពីគ្នា​ទេ សូម​ពិចារណា​ដោយ​យោង​ទៅលើ « មេរៀន នីហ្វៃ​ទី៣ ១១: ១២–១៧ » សម្រាប់​ទទួល​បាន​គំនិត​ដែល​អ្នក​អាច​បញ្ចូល​ទៅ​ក្នុង​មេរៀន​នេះ ។

មើល​ឆ្ពោះ​ទៅ​មុខ

សូម​ពិចារណា​ចែកចាយ​បទ​ពិសោធន៍​មកពី​កុមារភាព ឬ​វ័យជំទង់​របស់​អ្នក នៅពេល​ដែល​អ្នក​បាន​ទន្ទឹង​រង់ចាំ​ឲ្យ​មាន​អ្វីមួយ​កើតឡើង​យ៉ាងខ្លាំង ។ ឧទាហរណ៍​អាច​មាន​ដូចជា​ព្រឹត្តិការណ៍​ទាក់ទង​ទៅនឹង​វប្បធម៌ ឬ​កីឡា​ដ៏សំខាន់ ឬ​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាពរំភើប​រីករាយ​នៅក្នុង​ការទទួល​បាន ។ ជួយ​សិស្ស​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​អ្នក​នៅក្នុង​ពេល​ដែល​នាំមក​ទៅដល់​ពេលនេះ ហើយ​វាមាន​លក្ខណៈ​យ៉ាងណា​ដើម្បី​ទទួល​បាន​បទពិសោធន៍​ចុងក្រោយ​នេះ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ដោយ​សង្ខេប​ជាមួយ​សិស្ស​ផ្សេង​ទៀត នៅក្នុង​ថ្នាក់រៀន​អំពី​ពេលវេលា​ដែល​ពួកគេ​បាន​រំពឹងទុក​ចំពោះ​អ្វីមួយ ។

នៅក្នុង​ព្រះគម្ពីរ​មរមន យើង​រៀន​មកថា ព្រឹត្តិការណ៍​មួយ​ដែល​ពួកសាសន៍​នីហ្វៃ​ទន្ទឹង​រង់ចាំ​អស់​ជាច្រើន​ជំនាន់​មកហើយ គឺជា​ការយាងមក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ​មកកាន់​ផែនដី ។ ចាប់តាំងពី​ពេលដែល​លីហៃ និងសារ៉ាយ​បាន​នាំ​កូន​របស់​ពួកលោក​ទៅ​កាន់​ទីរហោស្ថាន​នៅក្រៅ​ក្រុង​យេរូសាឡិម ពួកលោក​បាន​ដឹងថា នៅក្នុង​រយៈពេល ៦០០ ឆ្នាំទៀត ព្រះ​នឹង​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដែលជា « ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក » ( នីហ្វៃ​ទី១ ១០:៤ ) ។

បន្ទាប់ពី​ចែកចាយ​ប្រយោគ​បន្ទាប់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ប្ដូរ​វេនគ្នា​អាន​បទគម្ពីរ​ដែល​បាន​រាយ​ក្នុង​វង់ក្រចក​ឲ្យឮៗ ។

ពួកគេ​ក៏​បាន​យល់ដែរ​ផងដែរ​ថា នៅ​ថ្ងៃ​ណាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ដែនដីសន្យា ( សូមមើល នីហ្វៃ​ទី១ ១២:៦; នីហ្វៃ​ទី២ ២៦:១; អាលម៉ា ៤៥:៩–១០ ) ។ នៅក្នុង នីហ្វៃ​ទី៣ ១១ យើង​អាច​អាន​អំពី​ទិដ្ឋភាព​នៃការ​រង់ចាំ​ជាយូរមក​ហើយ​នេះ​បាន ។

មិនមែន​ប្រជាជន​គ្រប់គ្នា​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​ទាំងអស់​មាន​ការយល់ដឹង​បាន​ត្រឹមត្រូវ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ។ ដូចគ្នា​នេះដែរ បច្ចុប្បន្ន​នេះ​ប្រជាជន​មាន​ការយល់ដឹង​ខុស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អ្នកខ្លះ​ថែមទាំង​បដិសេធ​អំពី​វត្តមាន​របស់​ទ្រង់​ថែមទៀត​ផង ។ អ្នកខ្លះ​ជឿថា​ព្រះយេស៊ូវ​គឺជា​អ្នកដឹកនាំ​ដ៏អស្ចារ្យ ប៉ុន្តែ​មិន​ព្រម​ទទួលស្គាល់​ទ្រង់​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ ។

  • តើ​ហេតុអ្វី​បានជា​អ្នក​គិតថា​វា​មាន​សារៈសំខាន់​សម្រាប់​ពួក​យើង​នៅក្នុង​ការ​យល់ដឹង​ឲ្យបាន​ត្រឹមត្រូវ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា​នោះ ?

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ជានរណា ហើយ​តើ​ទ្រង់​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួកយើង ?

នៅពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ ទាំង​ព្រះអង្គ និង​ព្រះវរបិតាសួគ៌​បាន​ធ្វើ​សេចក្តីប្រកាស​សំខាន់ៗ​អំពី​ទ្រង់​ថា​ជា​នរណា ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​យកចិត្តទុក​ដាក់លើ​អ្វី​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចង់ឲ្យ​អ្នក​ដឹង​ថា ព្រះអង្គ​សង្រ្គោះ​ជា​នរណា ហើយ​មាន​អ្វីខ្លះ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

នៅក្នុង​មេរៀន​ពីមុន អ្នក​ប្រហែលជា​បាន​ចាប់ផ្តើម​បង្កើត​បញ្ជី​អំពី​អ្វីៗ​ដែល​អ្នក​កំពុង​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការសិក្សា​របស់អ្នក​នៅក្នុង​នីហ្វៃ​ទី​បី ។ ប្រសិនបើ​អ្នក​មិនទាន់​បាន​ចាប់ផ្តើម​បង្កើត​បញ្ជី​មួយ​ទេ សូម​ចាប់ផ្តើម​បង្កើត​បញ្ជី​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ហើយ​ដាក់​បញ្ចូល​វា​ទៅក្នុង​មេរៀន​ទាំងមូល ។

សេចក្តីលម្អិត​បន្ថែម​អំពី​បញ្ជី​ដែល​បាន​លើកឡើង​នៅក្នុង​កថាខណ្ឌ​មុន ដែលមាន​នៅក្នុង​មេរៀន​នេះ « នីហ្វៃ​ទី៣ ៨–១០ » ។

ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ

សូម​អាន នីហ្វៃ​ទី៣ ១១:១–១១ ដោយ​ស្វែងរក​សេចក្តី​លម្អិត​អំពី​ការយាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅដល់​ប្រជាជន​មួយក្រុម​ដែលបាន​ប្រមូលផ្តុំគ្នា​នៅព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​បរិបូរណ៍ ។ អ្នក​ក៏អាច​មើល​នៅ « Jesus Christ Appears in the Ancient Americas » ចាប់ពី នាទី​ទី ១១:១៩–១៣:២៩ ។ វីដេអូ​នេះ​អាច​រក​មើល​បាននៅ​គេហទំព័រ ChurchofJesusChrist.org ។ 

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​ចាប់អារម្មណ៍​ចេញ​មកពី​ការសិក្សា​របស់​អ្នក​អំពី​ខគម្ពីរ​ទាំងនេះ ?

  • ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅទីនោះ តើ​មាន​ពាក្យអ្វីខ្លះ​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​អ្នក​កំពុងគិត ឬ​កំពុង​មាន​អារម្មណ៍ ? ហេតុអ្វី ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ពិពណ៌នា​អំពី​ការយាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វីដែល​ទ្រង់​បាន​ប្រាប់​ដល់​ប្រជាជន​តាម​របៀប​នេះ ៖

ការបង្ហាញ​ព្រះកាយ​នោះ និង​ការប្រកាស​នោះ​បាន​បង្កើត​ជា​ចំណុច​ប្រសព្វ​ដ៏សំខាន់ ជាគ្រា​ដ៏អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រទាំងមូល នៃ​ព្រះគម្ពីរ មរមន ។ …

មនុស្ស​គ្រប់​គ្នា បាន​និយាយ​អំពី​ទ្រង់ ច្រៀង​អំពី​ទ្រង់ សុបិន្ត​អំពី​ទ្រង់ និង​អធិស្ឋាន​សម្រាប់​ការបង្ហាញ​ព្រះកាយ​របស់​ទ្រង់—ប៉ុន្តែ​ពេលនេះ ទ្រង់​ពិត​ជានៅ​ទីនេះ​ពិតមែន ។ ថ្ងៃនេះ ពិតជា​វិសេស​ណាស់ ! ព្រះ​ដែល​ធ្វើ​ឲ្យ​រាល់​យប់​ដ៏​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ​នា​ពេលព្រឹក បាន​យាងមក​ដល់ហើយ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–២៥១ )

ព្រះបន្ទូល​ដំបូង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកសាសន៍​នីហ្វៃ ដើម្បី​ជួយ​ដល់ពួក​យើង​ឲ្យយល់​ថា ទ្រង់​ជានរណា និង​អ្វីខ្លះ​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ។

សូម​អាន នីហ្វៃ​ទី៣ ១១:១០–១១ ម្តងទៀត សូម​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ពាក្យ និង​ឃ្លា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ទ្រង់​ផ្ទាល់ និង​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ។ សូម​ប្រាកដ​ថា បន្ថែម​សេចក្តីពិត​ទាំងនេះ​ចូលទៅ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​របស់អ្នក ។

នីហ្វៃទី៣ ១១:១០–១១ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​បាន​រៀន​សេចក្តីពិត​អ្វីខ្លះអំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​សេចក្តីពិត​ទាំងនេះ​មួយណា​នៅក្នុង​ចំណោម​សេចក្ដីពិត​ទាំងនេះ​ដែល​អ្នក​អាច​រកឃើញ​ជាពិសេស ? ហេតុអ្វី ?

ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​គឺ ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ដោយ​ទទួល​យក​អំពើបាប​នៃ​ពិភពលោក​មកដាក់​លើ​ព្រះអង្គ​ផ្ទាល់ ។

យើង​អាច​យល់ដឹង​បាន​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​នេះ តាមរយៈ​ការពិនិត្យមើល​ឲ្យបាន​កាន់តែ​ដិតដល់​ទៅ​លើ​ឃ្លា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​ទ្រង់​បានធ្វើ ។ ចម្លង​ឃ្លា​ខាងក្រោម​មកពី នីហ្វៃ​ទី៣ ១១:១១ ដាក់​ចូល​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ដោយ​ទុក​ចន្លោះ​ដែល​នៅជាប់ ឬ​ខាងក្រោម​សម្រាប់​សរសេរ ។

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍ និង​បញ្ជី​នៃ​សេចក្ដីយោង​បទគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ អ្នក​ដាក់​សិស្ស​ទៅ​ជាក្រុម​តូចៗ ហើយ​ចាត់​ពួកគេ​ឲ្យ​សិក្សា​ទៅ​លើ​ឯកសារ​យោង​បទគម្ពីរ​មួយចំនួន​នៅក្នុង​បញ្ជី​នោះ ។ ពួកគេ​អាច​កត់ត្រា​ចូលទៅ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា​ជួយ​ឲ្យ​ពួកគេ​កាន់តែ​យល់ដឹង​ស៊ីជម្រៅ​បន្ថែមទៀត​អំពី​ឃ្លាមួយ ឬ​ច្រើន​ដែល​ចេញពី នីហ្វៃ​ទី៣ ១១:១១ ។

  • ហើយ​យើង​បាន​ផឹក​នូវ​ពែងល្វីង​ដែល​ព្រះវរបិតា​បាន​ប្រគល់​ដល់យើង ។

  • [ យើង ] ហើយ​បាន​តម្កើង​ព្រះវរបិតា​ដោយ​បាន​ទទួល​មក​ដាក់លើ​ខ្លួន​នូវ​បាប​ទាំងឡាយ​នៃ​មនុស្សលោក ។

  • យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក ។

សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​ចេញពី​សកម្មភាព​សិក្សា​នេះ​សម្រាប់​ឃ្លា​នីមួយៗ ។

បន្ទាប់ពី​ការពិភាក្សា​នេះ សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មួយ ឬ​ច្រើន​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​ចង់​ប្រាប់​អ្វីខ្លះ​ទៅ​ដល់​មនុស្ស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្អែកទៅ​លើ​អ្វី​ដែល​អ្នកមាន​អារម្មណ៍​នៅ​ថ្ងៃនេះ ?

  • តើ​អ្នក​ចង់​ធ្វើ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​យល់ ឬ​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មូលហេតុ​អ្វី​បាន​ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ពេញមួយ​ជីវិត​របស់​អ្នក​មាន​តម្លៃ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបីនាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនេះ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅថ្ងៃនេះ ។