២០២២
សេចក្ដីសញ្ញា​តភ្ជាប់​យើង​នឹង​ព្រះ
ខែកុម្ភៈ ឆ្នាំ២០២២


« សេចក្ដីសញ្ញា​តភ្ជាប់​យើង​នឹង​ព្រះ » លីអាហូណា ខែ​កុម្ភៈ ឆ្នាំ​២០២២

សារលិខិត លីអាហូណា ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២២

សេចក្ដីសញ្ញា​តភ្ជាប់​យើង​នឹង​ព្រះ

ការ​ធ្វើ និង​ការរក្សា​សេចក្ដីសញ្ញា​នាំ​មក​នូវ​ពរជ័យ ។

សេចក្តី​សញ្ញា​មួយ​គឺជា​ការសន្យា​រវាង​ព្រះវរបិតា​សួគ៌ និង​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ដាក់​លក្ខខណ្ឌ​ចំពោះ​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ទ្រង់ ។ ពេល​យើង​ធ្វើ​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​ធ្វើ នោះ​យើង​ទទួល​បាន​ពរជ័យជា​ច្រើន ។ ហើយ​យើង​មិន​គ្រាន់​តែ​ទទួល​បាន​ពរជ័យ​នៅ​លើ​ផែនដី​ប៉ុណ្ណោះទេ—គឺ​ពេល​ដែល​យើង​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ នោះ​យើង​នឹង​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ព្រះ និង​ក្រុម​គ្រួសារ​របស់​យើង​នៅ​ស្ថានសួគ៌​នៅ​ថ្ងៃ​ណា​មួយ ។

រូបភាព
ពិធីបុណ្យជ្រមុជទឹក

សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ

យើង​ធ្វើ​សេចក្ដីសញ្ញា​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ជាក់លាក់ ។ យើង​ចាំបាច់​ត្រូវ​ទទួល​ពិធី​បរិសុទ្ធ​ទាំងនោះ ហើយ​គោរព​តាម​សេចក្ដីសញ្ញា​ទាំងនោះ ដើម្បី​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ព្រះ​វិញ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ។ ពិធីបរិសុទ្ធ​ទាំង​នោះ រួម​មាន ពិធីបុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់ ការ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​( សម្រាប់​បុរស ) និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​យើង​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អំឡុង​ពិធី​សាក្រាម៉ង់ សមាជិក​សាសនាចក្រ​រំឭក​ការសន្យា​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​ព្រះ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។

រូបភាព
ពិធីសាក្រាម៉ង់

សេចក្ដីសញ្ញា​ជួយ​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត

អំឡុង​ពិធីបុណ្យ​ជ្រមុជទឹក យើង​សន្យា​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរព​បទបញ្ញត្តិទាំងឡាយ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧ ) ។ ព្រះសន្យា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​នឹង​ពួក​យើង​ជានិច្ច ។

ពេល​បុរស​ទទួល​បព្វជិតភាព ពួកគេ​សន្យា​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​អំណាច​បព្វជិតភាព​របស់​ព្រះ ។ ព្រះ​សន្យា​នឹង​ប្រទាន​ពរ​ដល់​ពួកគេ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៣–៤០ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​រេស៊ីហ្វេ​ប្រេស៊ីល

រចនា​រូប​ភាព​​នៃព្រះវិហារ​បរិសុទ្ធ​រេស៊ីហ្វេ​ប្រេស៊ីល ដោយ​ជេមស៍ ផតធើរ

សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ពេល​សមាជិក​សាសនាចក្រ​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​សន្យា​ដើម្បី​រស់នៅ​ដោយ​សុចរិត ហើយ​លះបង់​ចំពោះ​ដំណឹងល្អ ។ ព្រះ​បាន​សន្យា​ប្រទាន​អំណាច​ដល់​ពួកគេ​( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣២; ១០៩:២២ ) ។

អំឡុង​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ស្វាមី និង​ភរិយា​មួយ​គូ​ត្រូវ​បាន​រៀបការ​សម្រាប់​ភាព​អស់កល្បជានិច្ច ហើយ​សន្យា​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​គ្នា និង​ចំពោះ​ព្រះ ។ ព្រះ​សន្យា​ថា ពួកគេ​អាច​ត្រឡប់​ទៅរក​ទ្រង់​វិញ ហើយ​រស់នៅ​ជា​ក្រុមគ្រួសារ​រៀងរហូត ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២០ ) ។

រូបភាព
អ្នក​ផ្សព្វ​ផ្សាយ​សាសនា

យើង​គឺជា​រាស្រ្ត​នៃ​សេចក្តី​សញ្ញា

មនុស្ស​ដែល​ចូលរួម​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក្លាយ​ជា​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។ ពួកគេ​ក៏​គ្រង​ពរជ័យ និង​ការ​ទទួល​ខុសត្រូវ​នៃ​សេចក្ដី​សញ្ញា​របស់​អ័ប្រាហាំ​ផង​ដែរ ( សូមមើល កាឡាទី ៣:២៧–២៩ ) ។ ការធ្វើ​ជា​ផ្នែក​នៃ​រាស្ត្រ​នៃ សេចក្ដីសញ្ញា​របស់​ព្រះ​មានន័យ​ថា យើង​ជួយ​គ្នា​ពេល​យើង​ខិតកាន់តែជិត​នឹង​ព្រះគ្រីស្ទ ។ វាក៏​មានន័យ​ផង​ដែរ​ថា យើង​ខិតខំ​ដើម្បី​ពង្រឹង​សាសនាចក្រ​របស់​ទ្រង់​នៅ​លើផែនដី​នេះ ។ នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​យើង​អាច​រកឃើញ​អំណាច និង​កម្លាំង​មក​ពីព្រះ ។