របៀប​ចែកចាយ​ទីបន្ទាល់​ឲ្យ​កាន់តែ​ល្អ
    Footnotes
    ministering

    គោលការណ៍​នៃ​ការងារ​បម្រើ ខែ មីនា ឆ្នាំ ២០១៩

    របៀប​ចែកចាយ​ទីបន្ទាល់​ឲ្យ​កាន់តែ​ល្អ

    ការងារ​បម្រើ​គឺជា​ការថ្លែង​ទីបន្ទាល់ ។ ភាព​ងាយ​បត់បែន​ក្នុង​ការងារ​បម្រើ អាច​បង្កើន​ឱកាស​ឲ្យ​យើង​ចែកចាយ​ទីបន្ទាល់​តាមរបៀប​ផ្លូវការ និង​មិន​ផ្លូវការ ។

    យើង​បាន​ចុះ​សេចក្ដីសញ្ញា​ថា​នឹង « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ ការចែកចាយ​ទីបន្ទាល់​របស់​យើង​គឺជា​ផ្នែក​មួយ​នៃ​ការឈរ​ជា​សាក្សី ហើយ​គឺជា​របៀប​ដ៏​មាន​អានុភាព​មួយ ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ប៉ះ​ដួងចិត្ត​របស់​នរណាម្នាក់ ហើយ​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ ។

    ប្រធាន អិមរ័សុល អិម បាឡឺដ ដែល​ជា​ប្រធាន​ស្តីទី​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពោល​ថា « ទីបន្ទាល់​—​ទីបន្ទាល់​​ពិត ដែល​កើត​ពី​ព្រះវិញ្ញាណ ហើយ​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​—​ផ្លាស់ប្ដូរ​ជីវិត​ទាំងឡាយ » ។

    ប៉ុន្ដែ​ការចែកចាយ​ទីបន្ទាល់​របស់​យើង​អាច​ភ័យ ឬ​មិន​ស្រណុក​ចិត្ត​សម្រាប់​ពួកយើង​មួយ​ចំនួន ។ ការណ៍​នោះ​អាច​កើត​ឡើង ដោយសារ​យើង​គិត​ថា ការចែកចាយ​ទីបន្ទាល់​របស់​យើង​គឺជា​អ្វីមួយ​ដែល​យើង​ធ្វើ​នៅក្នុង​ការប្រជុំ​តម​អាហារ និងថ្លែង​​ទីបន្ទាល់ ឬ​នៅពេល​ដែល​បង្រៀន​មេរៀន​មួយ ។ នៅក្នុង​មជ្ឈដ្ឋានជា​ផ្លូវការ​ទាំងនោះ ជាញឹកញាប់​យើង​ប្រើ​ពាក្យ និង​ឃ្លា​មួយ​ចំនួន​ដែល​មើល​ទៅ​ហាក់​ដូច​មិន​អាច​ប្រើ​បាន​នៅក្នុង​ការសន្ទនា​ធម្មតា ។

    ការចែកចាយ​ទីបន្ទាល់​របស់​យើង​អាច​ក្លាយជា​ពរជ័យ​មួយ​ដ៏​ទៀងទាត់​ជាង​នេះ​នៅក្នុង​ជីវិត​របស់​យើង និង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត នៅពេល​យើង​យល់​ពី​ភាពសាមញ្ញ​របស់​វា​ក្នុង​ការចែកចាយ​នូវ​អ្វី​ដែល​យើង​ជឿ​ក្នុង​មជ្ឈដ្ឋាន​ប្រចាំថ្ងៃ ។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​ចាប់ផ្ដើម ។

    រក្សា​វា​ឲ្យ​សាមញ្ញ

    ទីបន្ទាល់​មិន​ចាំបាច់​ចាប់ផ្ដើម​ដោយ​ឃ្លា​ថា « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា » ហើយ​វា​មិន​ចាំបាច់​បញ្ចប់​ដោយ « នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » នោះ​ទេ ។ ទីបន្ទាល់​គឺជា​ការបង្ហាញ​ពី​អ្វី​ដែល​យើង​ជឿ និង​ដឹង​ថា​វា​ពិត ។ ដូច្នេះសួរ​សុខទុក្ខ​អំពី​បញ្ហា​អ្វីមួយ​របស់​អ្នកជិតខាង​​នៅ​តាម​ផ្លូវ រួច​​ពោល​ថា « ខ្ញុំ​ដឹង​ថា ព្រះ​នឹង​ឆ្លើយតប​ការអធិស្ឋាន » នោះ​វាអាច​មាន​អានុភាព​ខ្លាំង​ដូច​ជា​ទីបន្ទាល់​នានា​ដែល​ថ្លែង​ចេញពី​លើវេទិកា​នៅ​ព្រះវិហារ​ផងដែរ ។ អំណាច​ពុំមែនកើត​ចេញ​មកពី​ភាសា​រោយរាយនោះ​ទេ ប៉ុន្ដែ​វា​កើតចេញ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បញ្ជាក់​ពី​សេចក្ដីពិត ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៧–៨ ) ។

    ស្រប​នឹង​លំនាំ​នៃ​ការសន្ទនា​ទូទៅ

    ប្រសិនបើ​យើង​មាន​ឆន្ទៈ​ចែកចាយ នោះ​វា​មាន​ឱកាស​ជាច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដើម្បី​បញ្ចូល​ទីបន្ទាល់​ទៅក្នុង​ការសន្ទនា​ប្រចាំថ្ងៃ ។ ឧទាហរណ៍ ៖

    • នរណាម្នាក់​សួរ​អ្នក​អំពីថ្ងៃចុង​សប្ដាហ៍​របស់​អ្នក ។ អ្នក​ឆ្លើយ​ថា « វា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​គ្រាន់តែ​ទៅ​ព្រះវិហារប៉ុណ្ណោះ » ។

    • នរណាម្នាក់​បង្ហាញ​ពីអារម្មណ៍​អាណិតអាសូរ ក្រោយពី​ដឹង​អំពី​ឧបសគ្គ​នៅក្នុង​ជីវិត​របស់​អ្នក ៖ « ខ្ញុំ​សោកស្ដាយ​ណាស់ » ។ អ្នក​ឆ្លើយ ៖ « សូម​អរគុណ​ចំពោះ​ការខ្វល់​ខ្វាយ​របស់​អ្នក ។ ខ្ញុំ​ដឹង​ថា ព្រះ​នឹង​ទត​មើល​មក​ខ្ញុំ ។ ទ្រង់​បាន​គង់​នៅ​ជាមួយ​ខ្ញុំ​ពីមុន​មក » ។

    • នរណាម្នាក់​ថ្លែង ៖ « ខ្ញុំ​សង្ឃឹម​ថា អាកាសធាតុ​មិន​ល្អ​នេះ​នឹង​ផ្លាស់ប្ដូរ​ក្នុង​ពេល​ឆាប់ៗ » ឬ « ឡាន​ក្រុង​ប្រាកដ​ជា​យឺត​ហើយ » ឬ « មើល​ទៅ​ចរាចរណ៍​នេះ​ទៅ » ។ អ្នក​អាច​តប​ទៅវិញ​ថា « ខ្ញុំដឹង​ប្រាកដ​ថា ព្រះ​នឹង​ជួយ​ឲ្យ​អ្វីៗ​ដំណើរការ​ល្អ​ប្រសើរ​ឡើង » ។

    ចែកចាយ​បទពិសោធន៍​របស់​អ្នក

    ជាញឹកញាប់​យើង​និយាយ​គ្នា​អំពី​ឧបសគ្គ​របស់​យើង ។ នៅពេល​នរណាម្នាក់​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ អ្នក​អាច​ចែកចាយ​ពី​គ្រា​មួយ ដែល​ព្រះ​បាន​ជួយ​អ្នក​នៅក្នុង​ការសាកល្បង​របស់​អ្នក ហើយ​ថ្លែង​ទីបន្ទាល់​ថា អ្នក​ដឹង​ថា ទ្រង់​អាច​ជួយ​ពួកគេ​បាន​ផងដែរ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ពង្រឹង​យើង​នៅក្នុង​ការសាកល្បង​របស់​យើង​ដើម្បី​ឲ្យ « អ្នករាល់គ្នា​អាច​ឈរ​ជា​សាក្សី​ដល់​យើង​ពី​អំណិះ​តទៅ ហើយ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​ដឹង​ជា​ពិតប្រាកដ​ថា ព្រះអម្ចាស់​ដ៏​ជា​ព្រះ​មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » ( ម៉ូសាយ ២៤:១៤ ) ។ យើង​អាច​ឈរ​ជា​សាក្សី​ដល់​ទ្រង់ នៅពេល​យើង​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ទ្រង់​បាន​ជួយ​យើង​នៅក្នុង​ការសាកល្បង​របស់​យើង ។

    ត្រៀម​ខ្លួន​ជា​ស្រេច

    សម្រាប់​ពួកយើង​មួយ​ចំនួន ការចែកចាយ​ទីបន្ទាល់​ភ្លាមៗ​អាច​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ ។ មាន​របៀប​ជាច្រើន​ដែល​យើង​អាច​រៀប​គម្រោង​ទុក​ជាមុន​បាន ហើយ « ប្រុងប្រៀប​ជានិច្ច​ដើម្បី​នឹង​តបឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ [ យើង ] ពី​ហេតុ​នៃ​សេចក្តីសង្ឃឹម​របស់ [ យើង ] រាល់​គ្នា » ( ពេត្រុសទី១ ៣:១៥ ) ។

    ទីមួយ ការត្រៀម​ខ្លួន​ជាស្រេច​អាច​មាន​ន័យ​ថា ការមើល​ទៅ​របៀប​ដែល​យើង​រស់នៅ ។ តើ​យើង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង ហើយ​ពង្រឹង​ដល់​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​រាល់ថ្ងៃ តាមរយៈ​ការរស់នៅ​ដោយ​សុចរិត​ដែរ​ឬ​ទេ ? តើ​យើង​ផ្ដល់​ឱកាស​ឲ្យ​ព្រះវិញ្ញាណ​ថ្លែង​មក​កាន់​យើង ហើយ​ប្រទាន​ឱវាទ​ដែល​យើង​ត្រូវការ តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ដែរ​ឬ​ទេ ? ដូច​ដែល​ព្រះអម្ចាស់​បាន​ទូន្មាន​ដល់ ហៃរ៉ុម ស្ម៊ីធ ថា « ចូរ​កុំ​ខំ​ប្រកាស​ព្រះបន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ចូរ​ខំ​ព្យាយាម ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង​ជាមុន​សិន​ចុះ ហើយ​ខណៈ​នោះ​អណ្តាត​របស់​អ្នក​នឹង​បាន​ធូរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:២១ ) ។

    ទី​ពីរ ការត្រៀម​ខ្លួន​ជា​ស្រេច​អាច​មាន​ន័យ​ថា ការប្រមើល​មើល​ទុក​ជាមុន ហើយ​ពិចារណា​ពី​ឱកាស​ដែល​អ្នក​អាច​មាន​នៅ​ថ្ងៃ​នោះ ឬ​សប្ដាហ៍​នោះ​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ។ អ្នក​អាច​រៀបចំ​ខ្លួន​សម្រាប់​ឱកាស​ទាំងនោះ តាមរយៈ​ការគិត​អំពី​របៀប​ដែល​វា​អាច​ផ្ដល់​ឱកាស​មួយ​ឲ្យ​អ្នក​ចែកចាយ​អំពីអ្វី​ដែល​អ្នក​ជឿ ។

    ការបន្ដ​នៅលើ​ផ្លូវ​របស់​ព្រះអង្គ​សង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់

    ប្រធាន បាឡឺដ​បាន​បង្រៀន​ថា « ទោះបីជា​យើង​អាច​មាន​ទីបន្ទាល់​អំពី​រឿង​ជាច្រើន​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ក្ដី ក៏​មាន​សេចក្ដីពិត​មូលដ្ឋាន​នានា​ដែល​យើង​ត្រូវ​បង្រៀន​ដល់​គ្នា និង​ចែកចាយ​គ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ » ។ លោក​បាន​រៀបរាប់​ជា​ឧទាហរណ៍​ដូចជា ៖ « ព្រះ​គឺជា​ព្រះវរបិតា​របស់​យើង ហើយ​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ផែនការ​នៃ​សេចក្តីសង្រ្គោះ​គឺ​ជា​ចំណុច​សំខាន់នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ យ៉ូសែប ស្ម៊ីធ បាន​ស្ដារ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ហើយ​ព្រះគម្ពីរ​មរមន​គឺជា​ភស្ដុតាង​ថា ទីបន្ទាល់​របស់​យើង​គឺជា​ការពិត » ។ នៅពេល​យើង​បង្ហាញ​ពី​សេចក្ដីពិត​ដែល​ចេញ​ពី​ចិត្ត​ស្មោះ​ទាំងនោះ នោះ​យើង​យាង​ព្រះវិញ្ញាណ​ឲ្យ​ថ្លែង​ជា​សាក្សី​ថា អ្វី​ដែល​យើង​បាន​ពោល​នេះ​គឺជា​ការពិត ។ ប្រធាន បាឡឺដ បាន​សង្កត់​ធ្ងន់​ថា « ព្រះវិញ្ញាណ​មិន​អាច​ទប់​មិន​យាង​មក​បាន​ឡើយ នៅពេល​ទីបន្ទាល់​ដ៏​បរិសុទ្ធ​អំពី​ព្រះគ្រីស្ទ​ត្រូវបាន​ថ្លែង​នោះ» ។

    គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

    ពេល​ដែល​អស់​កម្លាំង​ពី​ការធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុង​សាម៉ារី នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ឈប់​សម្រាក​នៅ​មាត់​អណ្ដូង​មួយ ហើយ​បាន​ជួប​នឹង​ស្រ្ដី​ម្នាក់​នៅ​ទីនោះ ។ ទ្រង់​បាន​ចាប់ផ្ដើម​ការសន្ទនា​មួយ​អំពី​ការដង​ទឹក​ចេញពី​អណ្ដូង ។ ការប្រើ​កិច្ចការ​ប្រចាំថ្ងៃ​ដែល​ស្ដ្រី​នោះ​ធ្វើ​ដូច្នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​ព្រះយេស៊ូវ​ថ្លែង​ទីបន្ទាល់​អំពី​ទឹក​រស់ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​កើតមាន​ដល់​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ ( សូមមើល យ៉ូហាន ៤:១៣–១៥, ២៥–២៦ ) ។

    ទីបន្ទាល់​ដ៏​សាមញ្ញ​មួយ​អាច​ផ្លាស់ប្ដូរ​ជីវិត

    ប្រធាន រ័សុល អិម ណិលសុន បាន​តំណាល​អំពី​គិលានុបដ្ឋាយិកា​ម្នាក់​ដែល​បាន​សួរ​អតីត​វេជ្ជបណ្ឌិត ណិលសុន នូវ​សំណួរ​មួយ​ក្រោយពី​ការវះកាត់​ដ៏​ពិបាក​មួយ ។ « ហេតុ​អី្វ​បាន​ជា​លោក​មិន​ដូច​ជា​គ្រូពេទ្យ​វះកាត់​ផ្សេង​ទៀត ? » គាត់​ស្គាល់​គ្រូពេទ្យ​វះកាត់​មួយ​ចំនួន ​ឆាប់​ខឹង ហើយ​ក្អេងក្អាង នៅពេល​ពួកគេ​ធ្វើការ​វះកាត់​មួយ​ដែល​មាន​សម្ពាធ​ខ្លាំង​បែប​នេះ ។

    វេជ្ជបណ្ឌិត ណិលសុន អាច​ឆ្លើយ​តប​តាម​របៀប​ជាច្រើន ។ ប៉ុន្ដែ​លោក​បាន​ឆ្លើយតប​ដោយ​សាមញ្ញ​ថា « ដោយសារ​ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​​ពិត » ។

    ចម្លើយ​របស់​លោក​បាន​បំផុស​គំនិត​ដល់​គិលានុបដ្ឋាយិកា​នោះ ព្រមទាំង​ស្វាមី​របស់​នាង​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន ។ ក្រោយមក​ប្រធាន ណិលសុន បាន​ជ្រមុជ​ទឹក​ឲ្យ​គិលានុបដ្ឋាយិកា​នោះ ។ រាប់​ទសវត្សរ៍​ក្រោយមក ខណៈ​ធ្វើជា​អធិបតី​នៅ​សន្និសីទ​ស្ដេក​មួយ​នៅ​ទីក្រុង​ថេនណេស៊ី សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​សាវក​ដែល​ទើប​បាន​ហៅតាំង​ថ្មីៗ​ម្នាក់ ប្រធាន ណិលសុន​បាន​អររីករាយ​នឹង​ការជួបជុំ​គ្នា​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ជាមួយ​នឹង​គិលានុបដ្ឋាយិកា​ដដែលនោះ ។ នាង​បាន​តំណាល​ថា ការសន្ទនា​របស់​នាង ដែល​បាន​កើតឡើង​ដោយសារ​ទីបន្ទាល់​ដ៏​សាមញ្ញ​របស់​លោក និង​ឥទ្ធិពល​នៃ​ព្រះគម្ពីរ​មរមន នោះ​វា​បាន​ជួយ​ដឹកនាំ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​ដល់​មនុស្ស​ចំនួន ៨០ នាក់​ទៀត ។3

    ការអញ្ជើញ​ឲ្យ​អនុវត្ត

    សូម​កុំ​ខ្លាច​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​ឡើយ ។ វា​អាច​ផ្ដល់​ពរជ័យ​ដល់​អស់​អ្នក​ដែល​អ្នក​ទៅ​បម្រើ ។ តើ​អ្នក​នឹង​ប្រើ​គំនិត​ទាំងនេះ ឬ​គំនិត​របស់​អ្នក​ផ្ទាល់​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​នៅ​ថ្ងៃនេះ​យ៉ាង​ដូចម្ដេច ?