២០០០–២០០៩
ឈរ​នៅ​កន្លែង​ដែល​អ្នកបាន​តែងតាំង
ខែ មេសា ឆ្នាំ 2003


ឈរ​នៅ​កន្លែង​ដែល​អ្នកបាន​តែងតាំង

សូម​ឲ្យ​យើង​ឈោង​ទៅជួយ ហើយ​សង្គ្រោះ​ដល់​អ្នកទាំងឡាយ​ដែល​បាន​ធ្លាក់​ចុះ​នៅ​តាម​ផ្លូវ ដើម្បី​កុំ​ឲ្យ​ព្រលឹង​ដ៏​មាន​តម្លៃ​ណាមួយ​នឹង​ត្រូវ​បាត់បង់​នោះ​ឡើយ ។

យើង​បាន​ជួបជុំ​គ្នា​ជា​ក្រុម​បព្វជិតភាព​ដ៏​ធំ​មួយ​នា​ល្ងាច​នេះ ទាំង​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ និង​កន្លែង​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក ។ អ្នក​ខ្លះ​កាន់​បព្វជិតភាព​អើរ៉ុន ខណៈ​ដែល​អ្នកដទៃទៀត​កាន់​បព្វជិតភាព​មិលគីស្សា​ដែក ។

ប្រធាន ស្ទីផាន អិល រីឆាត ដែល​បាន​បម្រើ​ជា​ទីប្រឹក្សា​ម្នាក់​របស់​ប្រធាន ដាវីឌអូ មិកឃេ បានប្រកាស​ថា « ជាធម្មតា បព្វជិតភាព​ត្រូវ​បាន​ឲ្យនិយមន័យ​ដ៏​សាមញ្ញ​ថា ‹ ព្រះចេស្ដា​នៃ​ព្រះ​ផ្ទេរ​មក​ដល់​មនុស្ស ›» ។ គាត់​បាន​បន្ដ​ថា ៖ « និយម​ន័យ​នេះ ខ្ញុំ​គិត​ថា​ត្រឹមត្រូវ ។ ប៉ុន្តែ​គោលបំណង​ជាក់ស្ដែង ដែល​ខ្ញុំ​ចង់​ឲ្យ​និយមន័យ​នៃ​បព្វជិតភាព​ក្នុង​ន័យ​បម្រើ ហើយ​ជាញឹកញាប់ ខ្ញុំ​ហៅ​វា​ថា ‹ផែនការ​នៃការ​បម្រើ​ដ៏​ល្អ​ឥតខ្ចោះ › ។… វា​គឺ​ជា​ឧបករណ៍​នៃ​ការ​បម្រើ… ហើយ​មនុស្ស​ដែល​ពុំ​បាន​ប្រើ​វា​ទេ នឹង​បាត់បង់​វា​ទៅវិញ ដ្បិត​យើង​ត្រូវ​បាន​ប្រាប់​យ៉ាង​ច្បាស់ដោយវិវរណៈ​ថា អ្នក​ដែល​ពុំ​យកចិត្តទុកដាក់​ចំពោះ​វា ‹ នោះ​មិន​ត្រូវ​បាន​រាប់​ថា​សម​នឹង​ឈរ​ឡើយ›» ។

នៅ​ក្នុង​ស្ដេក​ត្រួសត្រាយផ្លូវ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​សលត៍​លេក ហើយ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ទទួល​ទាំង​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក នោះ​យើង​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្គាល់​បទគម្ពីរ​ទាំងនេះ រួមមាន​ទាំង​កណ្ឌទី ២០, ៨៤ និង ១០៧ ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ។ នៅ​ក្នុង​កណ្ឌ​ទាំងនេះ យើង​រៀន​អំពី​បព្វជិតភាព និង​ការ​គ្រប់គ្រង​សាសនាចក្រ ។

យប់​នេះ ខ្ញុំ​ចង់​គូស​បញ្ជាក់​នូវ​ខគម្ពីរ​មួយ​ចេញមកពី​កណ្ឌទី ១០៧ ៖ « ហេតុដូច្នេះ​ហើយ នៅពេល​ឥឡូវ​នេះ ចូរ​ឲ្យ​មនុស្ស​គ្រប់រូប​រៀន​ពីភារកិច្ច​របស់ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវ​បាន​តាំង​ឡើង ដោយសេចក្ដី​ឧស្សាហ៍​គ្រប់ជំពូក » ។

ប្រធាន ហារ៉ូលប៊ី លី បាន​បង្រៀន​ជា​ញឹកញាប់​ថា « នៅ​ពេល​មនុស្ស​ម្នាក់​ក្លាយជា​អ្នក​កាន់​បព្វជិតភាព នោះ​គាត់​បាន​ក្លាយ​ជា​ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ។ គាត់​គួរ​គិត​អំពី​ការ​ហៅ​របស់​គាត់​ហាក់​ដូចជា​គាត់​ធ្វើ​ការ​របស់​ព្រះអម្ចាស់​ដែរ ។

យើង​ក៏​រៀន​ផងដែរ​មក​ពី​កណ្ឌ​ទាំងនេះ​អំពី​កាតព្វកិច្ច​នៃ​គណៈប្រធាន​កូរ៉ុម និង​កត្តា​ដែល​ថា​យើង​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្នកដទៃ​ក្រៅ​ពី​ខ្លួន​យើង ។

ខ្ញុំ​ជឿ​ដោយ​មុតមាំ​ថា សាសនាចក្រ​បច្ចុប្បន្ន គឺ​កាន់តែ​រឹងមាំ​ជាង​ពី​មុន ។ កម្រិត​សកម្មភាព​របស់​យុវវ័យ​របស់​យើង ថ្លែង​ទីបន្ទាល់​ថា នេះ​គឺ​ជា​ជំនាន់​នៃ​សេចក្ដីជំនឿ និង​ការ​លះបង់​ចំពោះ​សេចក្ដីពិត ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ដែលធ្លាក់​ចុះ​នៅ​តាម​ផ្លូវ ដែល​ស្វែងរក​ចំណាប់ អារម្មណ៍​ផ្សេង​ទៀត ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះកាតព្វកិច្ច​សាសនាចក្រ​របស់​ពួកគេ ។ យើង​មិន​ត្រូវ​បាត់​បង់​ព្រលឹង​ដ៏​មាន​តម្លៃ​ដូច្នោះ​នោះទេ។

ចំនួន​អ្នក​ដែល​ត្រៀម​ទទួល​តំណែង​អែលឌើរ​កំពុង​កើន​ឡើង តែ​ពុំ​ឃើញ​ពួកគេ​នៅ​ក្នុង​ការ​ប្រជុំ​សាសនាចក្រ ទាំង​មិន​បាន​បំពេញ​ការចាត់តាំង​ក្នុងសាសនាចក្រ​របស់ពួកគេ​ផង ។ ស្ថានភាព​នេះ​អាច និង​ត្រូវតែ​ជួសជុល ។ កិច្ចការ​នោះ​គឺជា​របស់​យើង ។ ការ​ទទួលខុសត្រូវ​ចាំបាច់​ត្រូវ​ចាត់​តាំង ហើយ​ខិតខំ​ធ្វើការ​ដោយ​ពុំ​មាន​ពន្យាពេល ។

គណៈប្រធាន​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន នៅ​ក្រោម​ថ្នាក់ដឹកនាំ​របស់​គណៈប៊ីស្សព និង​អ្នក​ផ្ដល់​ដំបូន្មាន​កូរ៉ុម អាច​ទទួល​បាន​អំណាច​ដើម្បី​ឈោង​ទៅជួយ ហើយ​សង្គ្រោះ ។

ព្រះអម្ចាស់​បាន​មានបន្ទូល​ថា « ចូរចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ … ហើយ​សេចក្ដី​អំណរ​របស់​ទ្រង់​មហិមា​ណាស់​ណា៎ ចំពោះ​ព្រលឹង​ណា​ដែល​ប្រែ​ចិត្ត ! »

ពេល​ខ្លះ​ការងារ​ធ្លាក់មក​ជា​សន្ធឹកសន្ធាប់ ។ យើង​អាច​ទទួលបាន​ភាព​ក្លាហាន​ភ្លាម​តាមរយៈ​បទពិសោធន៍​របស់​គីឌាន​ពី​ជំនាន់​ដើម តាមរយៈ​កម្លាំង​ដែល​ប្រកប​ដោយ​គុណធម៌​របស់គាត់ គាត់​ចេញ​ទៅ​ធ្វើ​ចម្បាំង​នឹង​ពួក​ម៉ាឌាន និង​ពួក​អាម៉ាលេក ។ បងប្អូន​នឹង​ចាំ​អំពី​របៀប​ដែល​គីឌាន និង​ទ័ព​របស់គាត់​ប្រឈម​មុខ​នឹង​កម្លាំង​ទ័ព​ដែល​មាន​ឧបករណ៍ និង​ចំនួន​ដ៏​ច្រើន​លើសលប់ ។ ព្រះគម្ពីរ​សញ្ញា​ចាស់ នៅ​ក្នុង​គម្ពីរ​លោក​ចៅហ្វាយ បាន​កត់ត្រា​ថា សត្រូវ​រួម​កម្លាំង​ពួក​ម៉ាឌាន និង​ពួក​អាម៉ាលេក « គេ​នៅ​រាយ​ដេរដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ » ។ គីឌាន​បាន​ចេញ​ទៅ​រក​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ​សូម​កម្លាំង​ពីទ្រង់ ។

គីឌាន​បាន​ភ្ញាក់ផ្អើល ដែល​គាត់​ទទួល​បាន​ដំបូន្មានមកពី​ព្រះ​ថា កម្លាំង​របស់​គាត់​មាន​ចំនួន​យ៉ាង​ច្រើន​ដើម្បី​ព្រះអម្ចាស់​អាច​នាំ​ពួក​មារសត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួកគេ ខ្លាចក្រែង​ពួកគេ​និយាយ​ថា « យើង​បាន​ជួយ​សង្គ្រោះ​ខ្លួន​យើង​ទេ» ។ គីឌាន ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រកាស​ទៅកាន់​ប្រជាជន​របស់​គាត់​ថា ៖ « អ្នក​ណា​ដែល​មាន​សេចក្ដីភ័យ​ញ័រ ចូរ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត​ត្រឡប់​ទៅវិញ​ចុះ… ។  នោះ​មាន​មនុស្ស​ចំនួន​ពីរ​ម៉ឺន​ពីរពាន់​នាក់​បាន​ត្រឡប់​វិល​ទៅវិញ នៅសល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ » ។

បន្ទាប់​មក​ព្រះអម្ចាស់​មាន​បន្ទូល​ថា « បណ្ដា​មនុស្ស​នៅ​តែ​ច្រើន​ពេក​នៅឡើយ » ។ ទ្រង់​បាន​ណែនាំ​ឲ្យ​គេឌាន​នាំ​មនុស្ស​ទៅ​ឯ​ទឹក ដើម្បី​មើល​លក្ខណៈ​ដែល​ពួកគេ​គួរ​ផឹក​ទឹក ។ អស់​អ្នក​ដែល​លឹទ្ធទឹក​ត្រូវ​ដាក់​នៅ​មួយ​ក្រុម ហើយ​អ្នក​ដែល​ឱន​ខ្លួន​លុតជង្គង់​ចុះ​ផឹកទឹក ត្រូវ​ដាក់​នៅ​មួយ​ក្រុម​ផ្សេង​ទៀត ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​គេឌាន​ថា « យើង​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់ ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត នោះ​ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​គេ​វិញ​ទៅ » ។

គីឌាន​បាន​ត្រឡប់​ទៅ​ក្រុម​របស់​គាត់ ហើយ​និយាយ​ទៅ​ពួកគេ​ថា « ចូរ​ក្រោក​ឡើង ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រគល់​ពួក​កងទ័ព​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​ឯង​រាល់គ្នា​ហើយ » ។​១០ គាត់​ក៏​ចែក​ពួក ៣០០ នាក់​ចេញ​ជា ៣ ពួក ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​មាន​ចន្លុះ​នៅ​ខាង​ក្នុង​ផង ។ ហើយគាត់​បាន​និយាយ​ទៅកាន់​ពួកគេ​ថា ៖

« ចូរ​មើល​មកខ្ញុំ ហើយ​ធ្វើ​តាមខ្ញុំ ៖ គឺ​កាល​ណា​ទៅ​ដល់​ទី​បោះ​ទ័ព ដែល​នៅ​ខាង​ក្រៅ​បំផុត នោះ​ត្រូវ​ឲ្យអ្នករាល់គ្នា​ធ្វើ​ដូច​ជាខ្ញុំ

« គឺ​កាល​ណា​ខ្ញុំ​ផ្លុំ​ត្រែ​ឡើង ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​នឹងខ្ញុំ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា ផ្លុំ​ត្រែ​ឡើង​នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព​ដែរ ហើយ​បញ្ចេញ​វាចា​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះយេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ » ។ បន្ទាប់មក​គាត់​និយាយ​ដោយ​ឥទ្ធិពលថា « ធ្វើតាម​ខ្ញុំ » ។ ពាក្យ​ពិត​របស់​គាត់​គឺ​ថា « នោះ​ត្រូវ​ឲ្យ​ឯងធ្វើ​ដូចជាអញ » ។១១

ពេល​អ្នកដឹកនាំ​ផ្ដល់សញ្ញា ទ័ព​របស់​គីឌាន បាន​ផ្លុំ​ត្រែ ហើយ​បាន​បំបែក​ខ្អម រួច​បាន​ស្រែក​ឡើង​ថា « នេះ​ហើយជា​ដាវ​ផង​ព្រះយេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ » ។ បទគម្ពីរ​បាន​កត់ត្រា​លទ្ធផល​នៃ​ការ​ធ្វើ​ចម្បាំ​ង​ដោយមិនរុញរានេះ ៖ « គេ​ក៏​ឈរ​នឹង​នៅ​ត្រង់​កន្លែង​គេ​រៀង​ខ្លួន » ហើយ​បានទទួលជោគជ័យ ។ ១២

ការ​បង្រៀន​តាម​ផ្ទះ គឺ​មាន​ចំណែក​នៅ​ក្នុង​ផែនការ​ដើម្បី​សង្គ្រោះ​សព្វថ្ងៃនេះ ។ នៅពេល​វា​ត្រូវ​បានណែនាំ​ដោយ​ប្រធាន ដាវីឌអូ មិកឃេ ទៅកាន់​អ្នក​ដែល​មានសិទ្ធិអំណាច​ទាំងអស់ លោក​បាន​ប្រឹក្សា​ថា ៖ « ការបង្រៀន​តាម​ផ្ទះ គឺ​ជា​ឱកាស​ដ៏​ជា​រង្វាន់ និង​បន្ទាន់​បំផុត ដើម្បី​បីបាច់ និង​បំផុសគំនិត ដើម្បី​ប្រឹក្សា និង​ដឹកនាំ​កូនចៅ​របស់​ព្រះវរបិតា​របស់​យើង ។… [ វា ]​គឺជា​ការ​បម្រើ​ដ៏​ទេវភាព​មួយ ជាការ​ហៅ​ដ៏​ទេវភាព​មួយ ។ នៅ​ក្នុង​កាតព្វកិច្ច​របស់​យើង​ក្នុងនា​ម​ជា​គ្រូបង្រៀន​តាមផ្ទះ​ដើម្បី​នាំ​ព្រះវិញ្ញាណ​របស់ព្រះ​ចូល​ទៅ​គ្រប់​គេហដ្ឋាន និង​ដួងចិត្ត » ។ ១៣

នៅ​ក្នុងតំបន់ជាក់លាក់​ដែលខ្វះ​កម្លាំង​បព្វជិតភាព​មិលគីស្សាដែក នោះ​ប្រធាន​ស្ដេក និង​ប៊ីស្សព ធ្វើការ​សម្របសម្រួល​ជាមួយ​នឹង​ប្រធាន​បេសកកម្ម អាច​ប្រើប្រាស់​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង​ទៅ​សួរ​សុខទុក្ខ​ក្រុមគ្រួសារ​ដែល​មិន​សូវ​សកម្ម និង​អ្នក​ដែលជា​សមាជិក​តែ​ម្នាក់​ឯង​ក្នុង​គ្រួសារ ។ វា​ពុំ​គ្រាន់តែ​ជួយដុតភ្លើង​វិញ្ញាណ​ផ្សព្វផ្សាយសាសនា​ឡើងវិញ​នៅក្នុង​គេហដ្ឋាន​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ផ្ដល់​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ទទួលបាន​អ្នក​រៀន​ដ៏​ល្អ​ផងដែរ ។

ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​ស្ដេកជាច្រើន​នៅ​ទូទាំង​ពិភពលោក​អស់ជាច្រើន​ឆ្នាំ មាន​ស្ដេក​ជា​ច្រើន ដែល​ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ​បាន​ឆ្លើយតប​ចំពោះ​កាតព្វកិច្ចខ្លួន​ដោយ​មិន​គេចវេស ឈប់នៅ​គិត​បារម្ភ បាន​មូរដៃអាវ​ចេញ​ទៅ​ធ្វើការ ហើយ​នាំ​បុរស​ដ៏​មាន​តម្លៃ​មក​កាន់ក្រុម​បព្វជិតភាព​មិលគីស្សាដែក​ដោយមាន​ជំនួយ​ពី​ព្រះអម្ចាស់ ព្រមទាំង​ភរិយា និងកូនៗ​របស់​ពួកគេ​ផង ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​សម្រាប់​អំណោយទានពិសិដ្ឋ​និង​ការផ្សារភ្ជាប់​របស់ពួកគេ ។

ខ្ញុំ​នឹង​ប្រាប់​អំពី​គំរូ​មួយចំនួន​ដោយសង្ខេបៗ ៖

នៅ​ក្នុង​ការ​ទៅ​ចុះ​សួរសុខទុក្ខ​ស្ដេក​មីលគ្រីគ​នៅ​ទីក្រុង​សលត៍ លេក​ជាច្រើន​ឆ្នាំ​កន្លងទៅ ខ្ញុំ​បាន​ដឹង​ថា មាន​បងប្អូនប្រុស​ជាង ១០០ នាក់​គឺជា​អ្នក​ត្រៀម​ទទួល​បព្វជិតភាព​ថ្នាក់អែលឌើរ ត្រូវ​បាន​តែងតាំង​ជា​ថ្នាក់អែលឌើរ អំឡុង​ឆ្នាំ​នោះ ។ ខ្ញុំ​បាន​សួរ​ប្រធាន ជេម ក្លេហ្គ អំពី​អាថ៌កំបាំង​នៃ​ភាពជោគជ័យ​របស់គាត់ ។ ទោះជា​គាត់​ពុំចង់​ទទួល​យកការ​សរសើរក្ដី តែទីប្រឹក្សា​របស់​គាត់​ម្នាក់​បាន​បើក​បង្ហាញ​ថា ប្រធាន ក្លេហ្គ បាន​សិក្សា​អំពី​បញ្ហា ហើយ​បាន​ធ្វើ​ការ​ហៅ​ដោយផ្ទាល់ ហើយ​បាន​រៀបចំ​ការ​ណាត់ជួប​ដោយ​ផ្ទាល់​រវាង​គាត់ និង​អ្នក​ដែល​ត្រៀម​ខ្លួន​ទទួល​បព្វជិតភាព​អែលឌើរ​ម្នាក់ៗ ។ អំឡុង​ការ​ណាត់ជួប ប្រធាន ក្លេហ្គ នឹង​ប្រាប់​បញ្ជាក់​អំពី​ព្រះវិហារបរិសុទ្ធ​នៃ​ព្រះអម្ចាស់ ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំង​ឡាយ​នៃ​ការ​សង្គ្រោះ​នៅពេល​នោះ ហើយ​នឹង​បញ្ចប់​ដោយ​សំណួរ​មួយនេះថា ៖ « តើ​អ្នក​មិន​ចង់​នាំ​ភរិយា​ដ៏ល្អ​របស់​អ្នក និង​កូនៗ​ដ៏​មានតម្លៃ​របស់​អ្នកមក​ដំណាក់របស់​ព្រះអម្ចាស់ ដើម្បី​អ្នក​អាច​រស់នៅជាមួយគ្នា​ជា​ក្រុម​គ្រួសារ​រហូត​ដល់​អស់កល្បជានិច្ច​ទេ​ឬអី ? » បន្ទាប់មក ការចាប់​ផ្តើមដំណើរការ​ធ្វើ​ឲ្យ​សកម្មឡើងវិញ​ត្រូវ​បាន​ស្វែងយល់ ហើយ​គោលដៅ​ត្រូវ​បាន​សម្រេច ។

នៅក្នុង​ឆ្នាំ ១៩៥២ ក្រុមគ្រួសារ​ដ៏​ច្រើន​នៅ​ក្នុង​វួដរ៉ូសផាក ទីបី មាន​តែ​សមាជិក​ដែល​ឪពុក ឬ​ស្វាមី​កាន់​តែ​បព្វជិតភាព​អើរ៉ុនប៉ុណ្ណោះ មិនមាន​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ឡើយ ។ បងប្រុស អិល ប្រេន ហ្គូត ត្រូវ​បាន​ហៅឲ្យ​បម្រើ​ជា​ប៊ីស្សព ។ គាត់​បាន​អញ្ជើញ​បងប្រុស​មិនសូវ​សកម្ម​ម្នាក់នៅក្នុង​វួដ ឈ្មោះ អើណេស ស្គីននើរ ជួយ​ធ្វើ​ឲ្យ​បងប្អូនប្រុស​មជ្ឈិមវ័យ ២៩ នាក់​នៅ​ក្នុង​វួដ ដែល​កាន់តំណែង​គ្រូ​នៅក្នុង​បព្វជិតភាព​អើរ៉ុនឲ្យ​សកម្មឡើងវិញ ហើយ​ដើម្បី​ជួយ​បុរស​ទាំងនោះ និង​គ្រួសារ​ពួកគេ​ឲ្យ​ទៅ​ព្រះវិហារបរិសុទ្ធ ។ ក្នុង​នាមជា​សមាជិក​មិនសូវ​សកម្ម​ម្នាក់បងប្រុស អើណេស ស្គីននើរ បាន​ស្ទាក់ស្ទើរ​នៅ​ពេល​ដំបូង ប៉ុន្តែ​ទីបំផុត​បាន​ស​ឲ្យ​ឃើញ​ថា គាត់​នឹង​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ ។ គាត់​បាន​ចាប់​ផ្ដើម​ទៅសួរសុខទុក្ខ​គ្រូមជ្ឈិមវ័យ​មិនសូវសកម្ម​ទាំងឡាយ​ដោយផ្ទាល់ ដោយព្យាយាម​ជួយ​ពួកគេ​មើល​ឃើញ​ពី​តួនាទី​របស់ពួកគេ ក្នុងនាមជា​អ្នកដឹកនាំ​បព្វជិតភាព​នៅក្នុង​គេហដ្ឋាន និង​ក្នុងនាមជា​ស្វាមី និងជា​ឪពុក​ក្នុង​គ្រួសារ​ពួកគេ ។ មិនយូរប៉ុន្មាន គាត់​បាន​ឲ្យ​បងប្អូន​មិនសូវ​សកម្ម​មួយចំនួន​មក​ជួយ​គាត់​នៅ​ក្នុង​ការចាត់តាំង​របស់គាត់ ។ ពួកគេ​បាន​មក​សកម្មពេញលេញ​ម្ដងទៀត​ម្នាក់ម្ដងៗ ហើយ​បាន​នាំ​គ្រួសារ​របស់ពួកគេ​ទៅកាន់​ព្រះវិហារបរិសុទ្ធ ។

នៅ​ថ្ងៃមួយ ស្មៀន​វួដ បាន​ដើរចេញ​ពីកន្លែងតម្រង់ជួរ​​គិតលុយក្នុង​ហាងទំនិញ​មួយ ដើម្បី​ជំរាបសួរ​ដល់​ក្រុម​ចុង​ក្រោយ​គេ​ដែល​ទៅ​ព្រះវិហារបរិសុទ្ធ ។ ដោយ​គាត់​ជា​អ្នក​ចុង​ក្រោយគេ បុរស​នោះ​បាន​និយាយ​ថា ៖ « ខ្ញុំ​បាន​ឈរ​នៅ​ជិត​នោះ​មើល​ក្រុមទាំងអស់​ក្លាយជា​សមាជិក​សកម្ម​នៅ​ក្នុង​វួដ​របស់​យើង ហើយ​បានទៅ​ព្រះវិហារបរិសុទ្ធ ។ ខ្ញុំបាន​ត្រឹមតែ​នឹក​ស្រមៃ​ថា​តើ​វា​អស្ចារ្យ​យ៉ាងណា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ថា​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ​ជារៀងរហូត​ដោយ​របៀបណា ខ្ញុំ​នឹង​មិន​បាន​ធ្វើ​ជា​មនុស្ស​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​បងប្អូន​ប្រុស ២៩ នាក់​ដែលត្រូវ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារបរិសុទ្ធទេ » ។

នៅ​ក្នុង​ដំណើររឿង​នេះ មាន​ធាតុ​បួនយ៉ាង​ដែល​នាំ​ពួកគេ​ឲ្យ​ទទួល​ជោគជ័យ ៖

  1. ឱកាស​ធ្វើ​ឲ្យ​សកម្ម​ឡើងវិញ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្វិតស្វាញ​នៅក្នុង​វួដ ។

  2. ប៊ីស្សព​ក្នុង​វួដ​ចូលរួម​ចំណែក ។

  3. គ្រូបង្រៀន​ដែល​មានគុណភាព និង​បំផុសគំនិត​ត្រូវ​បាន​ផ្ដល់​ឲ្យ ។

  4. ផ្ដល់ការ​យកចិត្តទុកដាក់​ដល់​បុគ្គល​ម្នាក់ៗ ។

បងប្អូនប្រុស សូម​យើង​ចងចាំ​ពាក្យ​ទូន្មាន​របស់​ស្ដេច​បេនយ៉ាមីន ថា « កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្សទូទៅ នោះអ្នករាល់គ្នា គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។ ១៤

សូម​យើង​ឈោងទៅ​សង្គ្រោះ​ដល់​អស់​អ្នក​ទាំង​នោះដែល​ត្រូវការ​ជំនួយ​របស់​យើង ហើយ​លើក​ពួកគេ​ឲ្យ​ខ្ពស់​ឡើង​ដែល​នៅ​លើ​ផ្លូវកាន់តែ​ល្អប្រសើរ ។ សូម​យើងផ្ដោត​ការគិត​របស់​យើង​ទៅ​លើ​សេចក្តី​ត្រូវការ​ទាំងឡាយ​របស់​ពួក​អ្នក​កាន់​បព្វជិតភាព​និង ភរិយា និង​កូនៗ​របស់​ពួកគេ​ដែល​បាន​អសកម្ម ។ សូម​ឲ្យ​យើង​ស្ដាប់សារដែល​ពុំ​បាន​ថ្លែង​ចេញ​ជា​វាចា​ក្នុងដួងចិត្ត​របស់​ពួកគេ ៖

នាំ​ខ្ញុំ ដឹក​ខ្ញុំ ដើរ​នៅ​ក្បែរ​ខ្ញុំ

ជួយ​ខ្ញុំ​ឲ្យ​រក​ផ្លូវ ។

បង្រៀន​ខ្ញុំ​អ្វី​ដែល​ត្រូវ​ធ្វើ

ដើម្បី​រស់នៅ​នឹង​ទ្រង់ ។១៥

កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​សកម្ម​ឡើងវិញ គឺ​ពុំ​មែនជា​កិច្ចការ​របស់​មនុស្ស​ខ្ជិល ឬ​មនុស្ស​រវើរវាយ​នោះទេ ។ កុមារ​តូចៗ​ធំឡើង ឪពុក​ម្ដាយ​ចាស់ជរា ពេល​វេលា​ពុំ​រង់ចាំ​មនុស្ស​ទេ ។ កុំ​ពន្យាពេល​ការ​បំផុសគំនិត តែ​សូម​ធ្វើ​តាម ហើយ​ព្រះអម្ចាស់​នឹង​បើក​ផ្លូវ ។

ជាញឹកញាប់ គុណធម៌​សួគ៌ា នៃ​ការ​អត់ធ្មត់ គឺ​តម្រូវ​ឲ្យ​មាន ។ នៅ​ក្នុង​នាមជា​ប៊ីស្សព ខ្ញុំ​មានអារម្មណ៍​បំផុសគំនិត​នៅ​ថ្ងៃមួយ​ឲ្យ​ទូរសព្ទ​ទៅ​បុរសម្នាក់​ដែល​ភរិយា និង​កូនៗ​របស់​គាត់​សកម្មខ្លះៗ​នោះ ។ ទោះជា​យ៉ាង​ណា បុរស​នេះ​ពុំ​ដែល​ឆ្លើយ​តបទេ ។ វា​ជា​ថ្ងៃ​មួយ​ក្នុង​រដូវ​ក្តៅ ជា​ពេល​ដែល​លោក​បាន​ទៅ​គោះ​ទ្វារ​កញ្ចក់​របស់ ហារ៉ូល ជី ហ្គាលាឆើរ ។ ខ្ញុំ​អាច​មើលឃើញ​បងប្រុស ហ្គាលាឆើរ អង្គុយ​នៅលើ​កៅអី​កំពុង​អាន​កាសែត ។ គាត់​បាន​សួរ​ដោយ​ពុំ​ងាក​មើល​ថា « នរណាគេ​ហ្នឹង ? » ។

ខ្ញុំ​ឆ្លើយ​វិញ​ថា « ប៊ីស្សព​របស់​បង » ។ « ខ្ញុំ​ចង់​មក​ស្គាល់ និង អញ្ជើញ​អ្នក​ឲ្យ​ទៅ​ចូលរួម​ការប្រជុំ​របស់​យើង​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​អ្នក ។

គាត់​បាន​ឆ្លើយ​បដិសេធ​ថា « ‹ អត់ទេ ខ្ញុំ​រវល់​ណាស់ › ។ គាត់​ពុំងាក​មើល​សោះ ។ ខ្ញុំ​បាន​អរគុណ​គាត់​ដែល​បាន​ស្តាប់ ហើយ​បាន​ចាកចេញ​ទៅ ។

មិន​យូរ​ប៉ុន្មាន ​គ្រួសារ​របស់​ហ្គាលាឆើរ បាន​ផ្លាស់​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ។ ជាច្រើន​ឆ្នាំបាន​កន្លង​ផុត​ទៅ ។ បន្ទាប់មក ក្នុងនាមជា​សមាជិក​ម្នាក់នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​នៅក្នុង​ការិយាល័យ​របស់​ខ្ញុំ ​លេខា​របស់​ខ្ញុំ​ទូរសព្ទ​មក​ប្រាប់​ថា « មាន​បុរស​ម្នាក់ ឈ្មោះ ហ្គាលាឆើរ ដែល​ធ្លាប់​រស់នៅ​ក្នុង​វួដ​របស់​លោក​ចង់​និយាយ​ជាមួយ​លោក » ។ គាត់​នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ » ។

ខ្ញុំ​បាន​តប​ថា « សូម​សួរ​គាត់​មើល តើ​គាត់ឈ្មោះ ហារ៉ូល ជី ហ្គាលាឆើរ ដែល​គ្រួសារ​របស់​គាត់ ធ្លាប់​រស់នៅ វីសីង ផ្លេស នៅ West Temple និង Fifth South មែនទេ ? » ។

នាង​បាន​ប្រាប់​ថា « គឺគាត់​ហ្នឹង​ហើយលោក » ។

ខ្ញុំ​បាន​សុំ​ឲ្យ​នាង​នាំ​គាត់​មក​ការិយាល័យ​ខ្ញុំ ។ យើង​បាន​សន្ទនាគ្នា​យ៉ាងរីករាយ​អំពី​គ្រួសារ​របស់​គាត់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​មក​ដើម្បី​សុំទោស​ដែល​ពុំ​បាន​ងើប​ចេញ​ពី​កៅអី​របស់​ខ្ញុំ ទៅ​អញ្ជើញលោក​ឲ្យ​ចូល​មក​ក្នុងផ្ទះ​កាលពី​ថ្ងៃ​នា​រដូវ​ក្តៅ​មួយនោះ ដែល​កន្លង​ផុត​ជា​ច្រើន​ឆ្នាំមកហើយ » ។ ខ្ញុំ​បាន​សួរ​គាត់ បើ​បាន​សកម្ម​នៅ​ក្នុងសាសនាចក្រ ។ គាត់​បាន​តបទាំង​ញញឹមថា ៖ ‹ ឥឡូវ​នេះ ខ្ញុំជា​ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈប៊ីស្សព​វួដ​របស់​ខ្ញុំ ។ ការ​អញ្ជើញ​របស់លោក​ឲ្យខ្ញុំ​មក​កាន់​ព្រះវិហារវិញ និង​ការឆ្លើយតប​អវិជ្ជមាន​របស់​ខ្ញុំ បានធ្វើឲ្យខ្ញុំ​រសាប់រសល់ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​ត្រូវ​ធ្វើ​អ្វីមួយ​ចំពោះ​រឿង​នេះ » ។

ហារ៉ូល និង​ខ្ញុំ​បាន​ជួប​គ្នា​ជាច្រើន​លើក​ច្រើនគ្រា​ពីមុន​គាត់​ទទួល​មរណភាព ។ គ្រួសារ​ហ្គាលាឆើរ និង​កូនៗ​របស់​ពួកគេ បាន​បំពេញ​ការ​ហៅ​បម្រើនៅ​ក្នុង​សាសនាចក្រ​ជាច្រើន ។ ចៅទួត​ពៅគេ​ម្នាក់ ឥឡូវ​នេះ​កំពុង​បម្រើ​បេសកកម្ម​ពេញម៉ោង ។

ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនាជាច្រើន ដែល​អាច​ស្ដាប់​ឮ​នា​ល្ងាច​នេះ ខ្ញុំ​សូម​ចែកចាយ​ការ​សង្កេត​មើលឃើញរបស់ខ្ញុំ​ថា ជាញឹកញាប់​គ្រាប់ពូជ​នៃ​ទីបន្ទាល់ដុះឡើង​ពុំ​មែនចាក់ឬស ហើយ​ចេញ​ផ្កា​ភ្លាមៗ​នោះទេ ។ ជួនកាល ការ​ធ្វើ​ល្អ​ដោយ​ពុំ​រំពឹង​អ្វី​មក​វិញ នឹង​បាន​ទទួលផលល្អនោះមកវិញ​ ។ វា​ពិត​ជា​បាន​អំពើល្អ​មក​វិញ​នៅពេល​ក្រោយ ។

ខ្ញុំ​បាន​ឆ្លើយ​ទូរសព្ទ​នៅ​ល្ងាច​មួយ ស្ដាប់​ឮ​សំឡេង​សួរ​ខ្ញុំ​ថា « តើ​អ្នក​ជាសាច់ញាតិ​នឹង​អែលឌើរ ម៉នសុន ដែល​បាន​បម្រើ​បេសកកម្ម​នៅ​នូវ អង់គ្លេស​ជាច្រើន​ឆ្នាំ​មុន​ឬទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា​អត់ទេ ។ អ្នក​ទូរសព្ទ​មក​នោះ​បាន​ណែនាំ​ខ្លួន​ថា ​ជា​បងប្រុស លីអនណាដូ ហ្គេមបាឌីឡា ហើយ​បន្ទាប់មក​ប្រាស់​ថា អែលឌើរ ម៉នសុន និង​អែលឌើរ បុននើរ បាន​ទៅ​ផ្ទះគាត់​យូរ​មក​ហើយ ហើយ​បាន​ថ្លែង​ទីបន្ទាល់​ទៅកាន់​គាត់ និង​ភរិយា​របស់​គាត់ ។ ពួកគេ​បាន​ស្ដាប់ ប៉ុន្តែ​ពុំ​បាន​ធ្វើ​អ្វី​ដើម្បី​អនុវត្ត​ការ​បង្រៀន​របស់​ពួកគេ​ទេនោះទេ ។ ក្រោយមក​ទៀត ពួកគេ​បានផ្លាស់​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ជា​កន្លែង​ដែល​ពួកគេ​រស់នៅអស់រយៈពេល ១៣ ឆ្នាំ ហើយ​ពួកគេ​បាន​រកឃើញ​សេចក្ដីពិត​ម្ដងទៀត ហើយ​បានផ្លាស់ប្រែចិត្តជឿ រួច​ទទួលបុណ្យជ្រមុជទឹក ។ បងប្រុស ហ្គេមបាឌីឡា បាន​សួរ​ថា តើ​មាន​វិធីណា​អាច​ទាក់ទង​ទៅ​ពួក​អែលឌើរ ដែល​បាន​ទៅ​ជួប​ពួកគេ​ដំបូង​នោះឬទេ ដើម្បី​គាត់ អាច​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​របស់គាត់ ចំពោះ​ទីបន្ទាល់​របស់ពួកគេ ដែលបាន​ដិតជាប់​នៅ​នឹង​គាត់ និង​ភរិយា​របស់គាត់​នោះទេ ។

ខ្ញុំ​បាន​មើល​ក្នុង​កំណត់ត្រា ។ ខ្ញុំ​បាន​រកឃើញ​ពួក​អែលឌើរ ។ តើ​អ្នក​អាច​ស្រមៃ​មើលពី​ការ​ភ្ជាក់​ផ្អើល​របស់ពួកគេឬទេ ដែល​ឥឡូវ​ពួកគេ​បាន​រៀបការ ហើយ​មានគ្រួសារ ខ្ញុំ​បាន​ទូរសព្ទ​ទៅពួកគេ ហើយ​បាន​ប្រាប់​ពួកគេ​អំពី​ដំណឹងល្អ— ដែល​ទីបំផុត​កិច្ចខិតខំ​ពី​ដំបូង​របស់ពួកគេ​បាន​ចេញជាផ្លែផ្កាហើយ ។ ពួកគេ​ចាំ​អំពី​គ្រួសារ ហ្គេមបាឌីឡា ភ្លាម ។ ខ្ញុំ​បាន​រៀបចំ​ការ​ទូរសព្ទ​ទាក់ទង​គ្នា ដើម្បី​ពួកគេ​អាច​អបអរសាទរ​គ្នា​ដោយផ្ទាល់ ហើយ​ស្វាគមន៍​ពួកគេ​មក​ក្នុង​សាសនាចក្រ ។ ពួកគេ​បាន​ជួបគ្នា ។ ពួកគេ​បាន​យំ ហើយ​ទឹកភ្នែក​នោះ​ជា​ទឹកភ្នែក​នៃ​សេចក្តី​អំណរ ។

អេឌវីន ម៉ាកហាំ បាន​សរសេរ​រៀបរាប់​ពាក្យ​ទាំងនេះ​ថា ៖

វាជា​ជោគវាសនា​ដែល​ធ្វើ​ឲ្យ​យើងក្លាយ​ជាបងប្អូន​នឹងគ្នា

គ្មាននរណា​ម្នាក់​ដើរ​ក្នុង​ជីវិត​នេះ​តែម្នាក់​ឯងឡើយ ៖

អ្វីៗ​ដែល​យើង​បានធ្វើ​សម្រាប់​មនុស្ស​ដទៃ

នឹងកើត​មានក្នុង​ជីវិត​យើងវិញ ។១៦

នៅយប់នេះ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ទាំងអស់គ្នា​ដែល​កាន់​បព្វជិតភាព បាន​ដឹង​អំពី​ការទទួលខុសត្រូវ​របស់​យើង ថា​យើង​គឺជា​គេឌាន​ពី​ជំនាន់​ដើម អាច​ឈរ​នឹង​នៅ​ត្រង់​កន្លែង​រៀង​ខ្លួន ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​តាម​អ្នកដឹកនាំ​របស់​យើង— ជា​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ— និង​ព្យាការី​របស់​ទ្រង់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យ​យើង​ឈោង​ទៅជួយ ហើយ​សង្គ្រោះ​ដល់​អ្នកទាំងឡាយ​ដែល​បាន​ធ្លាក់​ចុះ​នៅ​តាម​ផ្លូវ ដើម្បី​កុំ​ឲ្យ​ព្រលឹង​ដ៏​មាន​តម្លៃ​ណាមួយ​នឹង​ត្រូវ​បាត់បង់​នោះ​ឡើយ ។

នៅក្នុងព្រះនាម​នៃព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

បោះពុម្ព