2025
សម្រាប់​នៅពេល​អ្នក​ខកចិត្ត
ខែ​មីនា ឆ្នាំ​២០២៥


សម្រាប់​នៅ​ពេល​ប្អូន ខក​ចិត្ត

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ផ្តល់​ជា​ជំនួយ​នៅ​ពេល​ដែល​មាន​រឿង​កើត​ឡើង​មិន​ដូច​អ្វី​ដែល​យើង​ចង់​បាន ។

ដៃ​កាន់​ម្ជុល​បម្រុង​នឹង​ចាក់​បំបែក​ពពុះ

រចនារូបភាព​ដោយ ឡូស៊ីអាណា អេប្រោ

តើ​ប្អូនធ្លាប់​ខក​ចិត្ត​ដែរ​ទេ ? ខ្ញុំ​ធ្លាប់ ! តាមពិត ខ្ញុំ​ទើប​បាន​ខកចិត្ត​កាល​ពី​សប្តាហ៍​មុន​នេះ ។ ជាទឹកភ្នែក—នៃ​ការខកចិត្ត​យ៉ាងធ្ងន់ធ្ងរ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ យ៉ូសែប ស្ម៊ីធ ថា « ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​ការឈឺចាប់ ត្បិត​អ្នក​នឹង​មាន​ដ៏​ច្រើន » ។ លេប​ទឹកមាត់ ! ខ្ញុំ​មិន​ចង់​ឮ​ថា យើង​នឹង​មាន​ការឈឺចាប់​ច្រើន​នោះ​ទេ ។

ប៉ុន្តែ​ជា​អំណរគុណ បទគម្ពីរ​បន្ត​ទៀត​ថា ៖ « ប៉ុន្តែ​ចូរ​ទ្រាំទ្រ​ចុះ ត្បិត​មើល​ន៏ យើង​នៅ​ជាមួយ​នឹង​អ្នក គឺ​ដរាប​ដល់​អស់​មួយ​ជីវិត​របស់​អ្នក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៤:៨ បាន​គូសបញ្ជាក់​បន្ថែម ) ។ យល់ព្រម ! ដក​ដង្ហើម​ចេញ​វែង !

នៅពេល​ដែល​ខ្ញុំ​គិត​អំពី​វា ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​ខ្ញុំ នៅ រាល់ ការខកចិត្ត​ដែល​ខ្ញុំ​ឆ្លងកាត់ ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ៖

នៅ​ពេល​ដែល​ខ្ញុំ​មិន ជាប់​ក្នុង​ការប្រលង​ក្នុង​ការសម្តែង …

ពេល​ខ្ញុំ​មាន​អាយុ ១៥​ឆ្នាំ ខ្ញុំ​បាន​ចូលរួម​សម្តែង​នៅ​សាលា ។ ខ្ញុំ​បាន​ព្យាយាម​សម្តែង​ជា​តួឯក ប៉ុន្តែ​នៅ​ទី​បំផុត ខ្ញុំ​មិន​ត្រូវបាន​ទទួល​ឲ្យ​ចូល​រួម​សម្តែង​នោះ​ទេ ។

អ្វី​ដែល​អាក្រក់​បំផុត​នោះ​គឺ អ្នក​គ្រូ​បាន​ចាត់ចែង​ការសម្ដែង​តួ​តូចតាច​ទាំង​អស់​រួច​ហើយ ដូច្នេះ​មិនមាន​ផ្នែក​ណា​មួយ​សម្រាប់​ខ្ញុំ​ទាល់​តែ​សោះ ។ គាត់​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នកដឹកនាំ​សិស្ស ហើយ​ដោយសារ​តែ​គាត់​អាណិត​ខ្ញុំ គាត់​ក៏​បាន​បន្ថែម​ផ្នែក​ថ្មី​មួយ—ខ្ញុំ​បាន​ឡើង​លើ​ឆាក​ប្រហែល​ជា ៣០ វិនាទី ដើរតួ​ជា​ដូនជី​ដ៏​ស្ងាត់ស្ងៀម​ម្នាក់ ។

មែនហើយ ! ខ្ញុំ​បាន​យំ ។

… ព្រះអម្ចាស់​បាន​ពង្រឹង​ខ្ញុំ

បើមើល​ត្រឡប់ក្រោយ​វិញ ខ្ញុំ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ខ្ញុំ​ឆ្លង​កាត់​ពេល​វេលា​ដែល​ខកចិត្ត​នោះ ។ ទ្រង់​បាន​ពង្រឹង​ខ្ញុំ​ឲ្យ​រក្សា​អាកប្បកិរិយា​ល្អ និង​អភិវឌ្ឍ​ការបន្ទាបខ្លួន​បន្ថែម​ទៀត ។ នៅ​ទី​បំផុត ខ្ញុំ​រីករាយ​នឹង​ពេល​វេលា​សម្តែង​របស់​ខ្ញុំ​នៅ​ថ្នាក់​ទី​ប្រាំបួន ។

« ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះនិង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៣:១៧, បាន​គូសបញ្ជាក់​បន្ថែម ) ។

នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​កីឡា មិន​បាន​ប្រព្រឹត្ត​ទៅ​តាមដែល​ខ្ញុំ​សង្ឃឹម​ទុក …

នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​វិទ្យាល័យ​របស់​ខ្ញុំ ខ្ញុំ​ចង់​ចូល​ជា​សមាជិក​ក្រុម​វាយ​កូន​បាល់ (ឬ​កម្រិត​ខ្ពស់) ប្រចាំ​សាលា ។ ខ្ញុំ​ត្រូវ​យក​ឈ្នះ​ក្មេង​ស្រី​ដែល​ជាប់​ចំណាត់​ថ្នាក់​នៅ​ជាប់​ពី​លើ​ខ្ញុំ​ដើម្បី​ចូល​ក្រុម​បាន ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​លេង​ជាមួយ​នាង ខ្ញុំបានចាញ់ ។

ទោះ​បី​ជា​ខ្ញុំ​ខកចិត្ត​ក៏​ដោយ ខ្ញុំ​បាន​លេង​នៅ​ក្នុង​ក្រុម​កម្រិត​ទាប​ប្រចាំ​សាលា ។ នៅ​ក្នុង​ការ​ប្រកួតវិញ្ញាសាកម្រិត​ទាប​ប្រចាំ​សាលា​ចុង​ក្រោយ ខ្ញុំ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ ។ ប៉ុន្ដែ​តើ​អ្នក​ដឹង​ថា​មាន​រឿង​អី​ទេ ? ខ្ញុំ​បាន​ចាញ់​ការប្រកួត​ផ្តាច់ព្រ័ត្រ ។ ខ្ញុំ​បាន​យំ—ម្តង​ទៀត ។

ក្រោយមក​ខ្ញុំ​បាន​ខកចិត្ត​ម្តង​ទៀត ។ បន្ទាប់​ពី​ខ្ញុំ​ទទួល​បាន​ពានរង្វាន់​សម្រាប់​ការទទួល​បាន​ពិន្ទុ​ល្អ និង​ការលេង​កីឡា ពួកគេ​បាន​សម្រេច​ចិត្ត​យក​ពាន​រង្វាន់​នេះ​ទៅ​វិញ—​ព្រោះ​តាម​ពិត​ទៅ​ពាន​នោះ​សម្រាប់​តែ​អ្នក​កីឡា​កម្រិតខ្ពស់ប៉ុណ្ណោះ ។

… វា​គ្រាន់​តែ​ « មួយ​ភ្លែត​ប៉ុណ្ណោះ »

នៅពេល​នោះ កីឡា​វាយ​កូន​បាល់​គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ហើយ​ការខកចិត្ត​ទាំង​នោះ មាន​អារម្មណ៍​ថា​ធំធេង​ណាស់ ។ អ្វី​ដែល​ខ្ញុំ​មិន​បាន​ដឹង​នោះ​គឺ​ថា ព្រះអង្គ​សង្គ្រោះ​តែងតែ​គង់​នៅ​ជាមួយ​ខ្ញុំ ហើយជួយ​ខ្ញុំ ។ ការខកចិត្ត​ដ៏​ធំធេង​ទាំង​នោះ​មិនមាន​រយៈពេល​ជា​រៀង​រហូត​ទេ ទោះបី​ជា​វា​មាន​អារម្មណ៍​ថា​យូរ​ក៏​ដោយ ។

« ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ ។ ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៧–៨ បាន​គូសបញ្ជាក់​បន្ថែម ) ។

នៅ​ពេល​ដែល​ខ្ញុំ​ព្យាយាម​យក​ឈ្នះ​ការខកចិត្ត…

ពេលខ្លះ ខ្ញុំ​បាន​ព្យាយាម​ចៀសវាង​ការខកចិត្ត​ទាំងស្រុង ។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ១៣​ឆ្នាំ ហើយ​មិន​បាន​ចូល​រួម​ក្នុង​ក្រុមប្រឹក្សា​សិស្ស ខ្ញុំ​មិន​ដែល​ព្យាយាម​ម្តង​ទៀត​ទេ ទោះបី​ជា​ការចូលរួម​នោះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​នឹង​រីករាយ​ក៏​ដោយ ។ ខ្ញុំ​បាន​បោះបង់​ចោល ពីព្រោះ​ខ្ញុំ​ខ្លាច​ការខកចិត្ត​ម្តង​ទៀត ។

… ខ្ញុំ​ត្រូវ « កុំ​ខ្លាច​ឡើយ »

ខ្ញុំ​ត្រូវ​ចង់​ចាំ​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង ទោះ​បី​យើង​ខក​ចិត្ត​ក៏​ដោយ ។ ពេល​ខ្លះ​រឿង​មួយ​ចំនួន​វា​មិន​កើត​ឡើង​តាមបំណង​យើង​ទេ ប៉ុន្តែ​ទ្រង់​អាច​ជួយ​យើង​ប្រឈមមុខ​នឹង​អារម្មណ៍​មិន​ល្អ និង​សាកល្បង​រឿង​ថ្មី​ទៀត ។

« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យចូរ​កុំ​ខ្លាច​ឡើយ » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦–៣៧ បាន​គូសបញ្ជាក់​បន្ថែម ) ។

នៅ​ពេល​ការបម្រើ​បេសកកម្ម មិន​បាន​ទៅ​ដូច​ដែល​បាន​គ្រោង​ទុក …

បន្ទាប់​ពី​ចប់​វិទ្យាល័យ ខ្ញុំ​បាន​សម្រេចចិត្ត​បម្រើ​បេសកកម្ម ។ ប៉ុន្តែ​ខ្ញុំ​មាន​បញ្ហា​ផ្នែក​វេជ្ជសាស្រ្ត​ដែល​មិន​នឹក​ស្មាន​ដល់ ដែល​រារាំង​ខ្ញុំ​ពី​ការចេញ​ទៅ​បម្រើ នៅ​ពេល​ដែល​ខ្ញុំ​រំពឹង​ថា​នឹង​ទៅ ។

ខ្ញុំ​ត្រូវតែ​មាន​ការអត់ធ្មត់ ប៉ុន្តែ​ទី​បំផុត​ខ្ញុំ​ត្រូវ​បាន​ហៅ​ទៅ​បេសកកម្ម ហ្គូដាឡាយ៉ារ៉ា ម៉ិកស៊ីកូ ខាងកើត ។ នៅទីនោះ ខ្ញុំ​បាន​បង្រៀន​មនុស្ស​ដ៏​អស្ចារ្យ​ជាច្រើន ហើយ​ថែមទាំង​បាន​ជួយ​ពួកគេ​មួយ​ចំនួន​ទទួល​បុណ្យជ្រមុជ​ទឹក​ទៀត​ផង ។ ប៉ុន្តែ សូម្បី​តែ​ជាមួយ​សេចក្តីជំនឿ ការគោរព​ប្រតិបត្តិ និង​ការ​ប្រឹងប្រែង​ធ្វើការ​របស់​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ពួកគេ​ណា​ម្នាក់​បាន​បន្ត​សកម្ម​នៅ​ក្នុង​សាសនាចក្រ​ឡើយ ។

… ខ្ញុំ​ជឿជាក់​លើ​ព្រះ​ឆន្ទៈ​របស់​ព្រះ

ជា​ញឹក​ញាប់ យើង​មិន​អាច​គ្រប់គ្រង​រឿងរ៉ាវនៃ​ជីវិត​បាន​ទេ ។ ខ្ញុំ​មិន​អាច​ដោះស្រាយ​បញ្ហា​ផ្នែក​វេជ្ជសាស្រ្ត​របស់​ខ្ញុំ​បាន​ភ្លាមៗ​ទេ ។ ហើយ​ខ្ញុំ​មិន​អាច​បង្ខំ​អ្នក​ដទៃ​ឲ្យ​រស់​នៅ​តាម​ដំណឹង​ល្អ​បាន​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​អាច​ទុកចិត្ត​ទៅ​លើ​ពេលវេលា និង​របៀប​របស់​ព្រះអម្ចាស់ ។

« ហេតុ​ដូច្នេះ​ហើយ ចូរ​ញែក​ខ្លួន​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ចុះ ប្រយោជន៍​ឲ្យ​គំនិត​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​រក​ព្រះ ហើយ​ថ្ងៃ​ទាំង​ឡាយ​នឹង​មក​ដល់ ដែល​អ្នក​នឹង​បាន​ឃើញ​ព្រះ​អង្គ​… ហើយ​នឹង​កើត​ឡើង​តាម​ពេល​វេលា​របស់​ទ្រង់ និង​តាម​ផ្លូវ​របស់​ទ្រង់និង​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦៨ បាន​គូសបញ្ជាក់​បន្ថែម ) ។

នៅពេល​ដែល​ខ្ញុំ ខកចិត្ត​កាល​ពី​សប្តាហ៍មុន …

ឥឡូវនេះ ខ្ញុំ​ជា​មជ្ឈិមវ័យ​ហើយ ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ខកចិត្ត ។ តាមពិត ទើប​តែ​សប្តាហ៍​មុន​នេះ ខ្ញុំ​បាន​ទៅ​សន្និសីទ​សំណេរ​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់​អំពី​ការសរសេរ​របស់​ខ្ញុំ​មួយ​ចំនួន ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​មតិកែលម្អ​ដ៏​គួរ​ឲ្យ​ខកចិត្ត​មួយចំនួន​ពី​អ្នក​និពន្ធ​ផ្សេង​ទៀត ។

… ទ្រង់​គង់​ជាមួយ​ខ្ញុំ

ឥឡូវនេះ ខ្ញុំ​កំពុង​ព្យាយាម​ទុកចិត្ត​លើ​ព្រះអម្ចាស់​​បន្តិច​ទៀត ។ ការខកចិត្ត គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត ។ ការខកចិត្ត​នេះ​មិនមាន​ន័យ​ថា អ្នក​កំពុង​ធ្វើ​អ្វី​ខុស​នោះ​ទេ ។

ដូច្នេះ សូម​ត្រឡប់​ទៅ​ខគម្ពីរ​ពី​ដើម​វិញ ។ មែនហើយ យើង​អាច​មាន​ការឈឺចាប់ និង​ការខកចិត្ត​ដ៏ « ច្រើន » ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​ខ្ញុំ​ឆ្លងកាត់​ការឈឺចាប់​ទាំង​នោះ ។ ហើយ​ទ្រង់​​ក៏​នឹង​គង់នៅ​ជាមួយ​អ្នក​ដែរ ។

« ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​ការឈឺចាប់ ត្បិត​អ្នក​នឹង​មាន​ដ៏​ច្រើន ប៉ុន្តែ​ចូរ​ទ្រាំទ្រ​ចុះ ត្បិត​មើល​ន៏យើង​នៅ​ជាមួយ​នឹង​អ្នក គឺ​ដរាប​ដល់​អស់​មួយ​ជីវិត​របស់​អ្នក » ។ ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ២៤:៨ បាន​គូសបញ្ជាក់បន្ថែម ) ។