ការ ផ្សាយ ប្រចាំ ឆ្នាំ
អ្នកនាំសារ​នៃ​ដំណឹងល្អ


អ្នកនាំសារ​នៃ​ដំណឹងល្អ

ការចាក់​ផ្សាយ​ប្រចាំ​ឆ្នាំ ២០២៣ ​សម្រាប់​ថ្នាក់ ស.&វ

ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០២៣

បងប្រុស ឆាដ អេច វិប ៖ កាលពី​បុរាណ គេ​ចាត់ទុក​ថា ជា​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ដែលបាន​ជ្រើសរើស​ធ្វើជា​អ្នកនាំសារ​សម្រាប់ផ្តល់ដំណឹង​ល្អ ជាពិសេស​ធ្វើជា​អ្នកនាំសារ​នៃ​ដំណឹងល្អ​នៅ​ក្នុង​សមរភូមិ​សង្គ្រាម ។ នៅ​ឆ្នាំ ៤៩០ មុន គ.ស. យុវជន​ម្នាក់​ឈ្មោះ​ថា ផៃឌីភីឌ ត្រូវបាន​ជ្រើសរើសឲ្យ​នាំ​សារ​ជា​ប្រញាប់​ទៅ​កាន់​ប្រជាពល​រដ្ឋ​នៅ​ប្រទេស​ក្រិក ពី​ជ័យជម្នះ​ដែល​បាន​វាយ​ឈ្នះ​លើ​ពួកឈ្លានពាន​សាសន៍​ពើរស៊ី ។ រឿង​ព្រេង​បុរាណ​តំណាល​ថា ផៃឌីភីឌ បាន​រត់​តាំងពី​ជ្រលង​ភ្នំ​ម៉ារ៉ាតុង​រហូតដល់​ទីក្រុង​អាតែនដើម្បី​ប្រកាស​ពី​ដំណឹងល្អ​នេះ ។ ជាង ២៥០០ ឆ្នាំ​ក្រោយមក មនុស្ស​ដែល​មាន​លក្ខខណ្ឌ​សុខភាព​ល្អ​​ជាង​ខ្ញុំ បាន​បន្ដ​រំឭក​ពីការរត់​នោះ​ដោយ​ការរត់​ម៉ារ៉ាតុង​ ។

អេសាយ បាន​យោងទៅ​គំនិត​នៃ​ការធ្វើ​ជា​អ្នកនាំសារ​ពី​ដំណឹង​ល្អ​នេះ នៅពេល​លោក​បាន​ថ្លែង ៖

« ហើយ​ពួកគេ​នេះ​ហើយ​ដែល​បាន​ផ្សាយ​សេចក្ដី​សុខសាន្ត ជា​អ្នក​ដែល​បាន​នាំ​ដំណឹង​ល្អ​នៃ​ការល្អ ជា​អ្នក​ដែល​បាន​ផ្សាយ​សេចក្ដី​សង្គ្រោះ ហើយ​បាន​និយាយ​ទៅ​ក្រុង​ស៊ីយ៉ូន​ថា ៖ ព្រះ​របស់​អ្នក ទ្រង់​សោយរាជ្យ​ហើយ ! …

… ឱ​ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​ពួកគេ​ដែល​ដើរ​លើ​ភ្នំ !

ហើយ … ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​ពួក​អ្នក​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល [ នៅ​តែ​ផ្សាយ ] សេចក្ដី​សុខសាន្ត ! »

ខគម្ពីរ​ទាំងអស់​នេះ​បាន​ផ្លាស់ប្ដូរ​អ្វីៗ​ទាំងអស់​សម្រាប់​ខ្ញុំ កាល​ខ្ញុំ​នៅជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ដែល​នឹកដល់ផ្ទះ និង​បាក់​ទឹកចិត្ត​ម្នាក់ ។ សារលិខិត​នៃ​ខគម្ពីរ​ទាំងនេះ​បាន​បើក​ចិត្ត​គំនិត​ខ្ញុំ​ឲ្យ​ទទួល​ការពិត​ថា ព្រះ​បាន​ទុកចិត្ត​ឲ្យ​ខ្ញុំ​ធ្វើជា​អ្នកនាំសារ​នៃ​ដំណឹង​ដ៏ល្អ​បំផុត ដែល​ពិភពលោក​នេះ​មិន​ធ្លាប់​បាន​ឮ​ពីមុន​មក ។ ការអស់​សង្ឃឹម និង​ការស្រណោះ​​ខ្លួន​ត្រូវបាន​ជំនួស​ដោយ​សេចក្ដី​សង្ឃឹម និង​ការដឹងគុណ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​នាពេលព្រឹក​នោះ ពេល​ដែល​ខ្ញុំ​បាន​យល់​ជាលើក​ដំបូង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ខ្ញុំ​ត្រូវ​ធ្វើជា​អ្នកតំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏គ្មាន​គូប្រៀប​របស់​ទ្រង់ ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ និង​ជោគជ័យ​របស់​ទ្រង់​ឈ្នះ​លើ​អំពើបាប និង​សេចក្ដី​ស្លាប់ ។

រាល់ថ្ងៃ​ពេល​បងប្អូន​ដើរចូល​ក្នុង​ថ្នាក់រៀន នោះ​បងប្អូន​គឺជា​អ្នកនាំសារ​នៃ​ដំណឹង​ល្អ​នៃ​ព្រះសិក្ខាបទ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អរគុណ​សម្រាប់​ការផ្សព្វផ្សាយ​ភាពសុខសាន្ដ​នៅក្នុង​ពិភពលោកដែល​មាន​ការបែងចែក និង​ការមិន​ចុះ​សម្រុង​គ្នា និង​អរគុណ​សម្រាប់ការនាំ​ពន្លឺ និង​សេចក្ដីពិត​មកក្នុង​ពិភពលោកដែល​គិតថាងងឹត​ និង​ពេញ​ដោយ​ការភាន់​ច្រឡំនេះ ។ នេះ​គឺជា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​ត្រូវបាន​រៀបចំ និង​ជ្រើសរើស​ឲ្យ​ធ្វើជា​អ្នកនាំសារ​នៃ​ភាពសុខសាន្ដ​ទៅកាន់​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ឱ ​ជា​កិត្តិយស​ណាស់​ដែលធ្វើជា​អ្នកតំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ខិតខំ​បង្រៀន​ដំណឹងល្អ​នោះ​តាម​របៀប​របស់​ទ្រង់ !

ឆ្នាំ​មុន​យើង​​មាន​ឱកាស​រៀន​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ កាល​លោក​បាន​ណែនាំ​សៀវភៅ​ក្បួនខ្នាត​ថ្មី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​ពេញចិត្ត​ដែល​ថា ក្បួនខ្នាត​ថ្មី​នេះ​ផ្ដោត​ទៅលើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​គ្រូបង្រៀន​ដ៏ឆ្នើម ។ អែលឌើរ អុជដូហ្វ បាន​មាន​ប្រសាសន៍​ « របៀប​ដ៏​ល្អបំផុត​ដើម្បី​ប្រែក្លាយ​ជា​គ្រូបង្រៀន​កាន់តែ​ល្អ​ប្រសើរ គឺ​ត្រូវ​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ » ។​

ដោយសារ​យើង​មាន​សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដូច្នេះ​យើង​នឹង​ឈប់​ប្រើ​សៀវភៅ Gospel Teaching and Learning Handbook ( ក្បួនខ្នាត​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ) ទៀត​ហើយ ។ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ពុំ​មាន​បំណង​​ធ្វើជា​ធនធាន​បំពាក់បំប៉ន​នោះ​ទេ គោលបំណង​គឺ​ផ្ដល់​និយមន័យ និង​ការពន្យល់​អំពី​ការរៀនសូត្រ និង​ការបង្រៀន​ដ៏មាន​ប្រសិទ្ធភាព​វិញ ។ ធនធាន​បំពាក់បំប៉ន​ត្រូវបាន ហើយ​នឹង​បន្ដ​ផលិត​ឡើង​ដើម្បី​ជួយ​បងប្អូន​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នានា ដែល​បាន​បង្រៀន​នៅក្នុង​សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ធនធាន​ទាំងនេះ​រួមមាន​ធាតុ​មួយ​ចំនួន​មកពី​ ក្បួនខ្នាត​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​សិស្ស​ជាច្រើន​រាប់ឆ្នាំ​មក​ហើយ ។

ខ្ញុំ​ដឹង​ថា បងប្អូន​ជាច្រើន​បាន​ចំណាយ​ពេល​ច្រើន​សិក្សា ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ រួចហើយ ហើយ​កំពុង​ឆ្ងល់​ពី​សំណួរ​វាយតម្លៃ​ផ្ទាល់ខ្លួន ។ សូម​អរគុណ​ចំពោះ​រាល់​កិច្ចការ​ដែល​បងប្អូន​កំពុង​ធ្វើ ដើម្បី​ធ្វើជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ ។

ដើម្បី​កែលម្អ​ឯកសារ​បំពាក់បំប៉ន​របស់​យើង​បន្ថែម​ទៀត ខ្ញុំ​ក៏សូម​ប្រកាស​ពី​ការកែតម្រូវ​មួយ​ទៅលើ​សេចក្ដី​ថ្លែងការណ៍​អំពី​គោលបំណង​ជាផ្លូវការ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ផងដែរ ។ មុនពេល​ខ្ញុំ​ចែកចាយ​ជាមួយ​បងប្អូន​អំពី​ភាសា​ថ្មី​នៃ​សេចក្ដី​ថ្លែងការណ៍​អំពី​គោលបំណង​របស់​យើង ខ្ញុំ​សូម​ផ្ដល់​បរិបទ​មួយ​ចំនួន​សិន ។ ជាង​ពីរឆ្នាំ​កន្លង​មក​នេះ យើង​បាន​ផ្ដោតលើ​ការផ្ដល់​បទពិសោនធ៍​ដល់​អ្នករៀនសូត្រ ដែល​នាំ​ទៅរក​ការប្រែចិត្ត​ជឿ ភាពទាក់ទង និង​ការមាន​ចំណែក ហើយ​ធ្វើឲ្យ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ជាច្រើន​ទៀត​ទទួល​បាន​បទពិសោធន៍​ទាំងនោះ ។ វា​ចាំបាច់​ដែល​យើង​ទទួល​ស្គាល់​ថា គោលការណ៍​ទាំងនេះ​មិន​មាន​គុណតម្លៃ​ស្មើគ្នា​នោះ​ទេ ។ គោលបំណង​ដ៏ធំ​នោះ​គឺ​ដើម្បី​ផ្ដល់​បទពិសោធន៍ ដែល​អញ្ជើញ​សិស្ស​របស់​យើង​ឲ្យ​រៀន​ដំណឹងល្អ ហើយ​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។

ភាពទាក់ទង និង​ការមាន​ចំណែក​គឺ​សំខាន់ ប៉ុន្ដែ​វា​មិនមែន​ជា​លទ្ធផល​ដោយ​ផ្ទាល់​នោះ​ទេ ។ វា​គឺជា​មធ្យោបាយ​មួយ​ដើម្បី​សម្រេច​បាន​ជោគជ័យ ហើយ​នៅពេល​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព នោះ​វា​អាច​នាំ​ទៅរក​គោលដៅ​ដោយ​ផ្ទាល់​របស់​យើង​គឺ ការប្រែចិត្ត​ជឿ ។ ភាពទាក់ទង​ដែល​នាំទៅរក​ការប្រែចិត្ត​ជឿ​គឺ​លើសពី​ការគ្រាន់តែ​និយាយ​អំពី​រឿង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ជាមួយ​នឹង​សិស្ស​របស់​យើង ។ គ្មាន​អ្វី​ទាក់ទង​នឹង​ការរីក​ចម្រើន​ដ៏អស់កល្ប និង​សុភមង្គល​របស់​យើង ខ្លាំង​ជាង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់​នោះ​ទេ ។ ផែនការ​នៃ​សេចក្តី​សង្គ្រោះ​គឺជា​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។ វា​មាន​ភាពទាក់ទង និង​សារៈសំខាន់​ដ៏អស់កល្ប​ជានិច្ច​ដោយ​ផ្ទាល់​ទៅនឹង​បុត្រ​គ្រប់រូប​របស់​ព្រះ ។

ភាពទាក់ទង​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ​នឹង​ត្រូវបាន​ស្ថាបនា​ឡើង នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​សិស្ស​ឲ្យ​យល់ពី​ផែនការ​របស់​ព្រះ តួនាទី​ដ៏សំខាន់​របស់​ព្រះយេស៊ូវ​នៅក្នុង​ផែនការ​នោះ និង​សារៈសំខាន់​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ភាពទាក់ទង​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប ទាក់ទង​នឹង​កាលៈទេសៈ និង​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។ វា​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​របៀប​ដែល​ដំណឹងល្អ​ឆ្លើយតប​នឹង​សំណួរ​នៃ​ព្រលឹង​របស់​ពួកគេ ។ វា​កើតឡើង​នៅពេល​ពួកគេ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដក​ពិសោធ​ពីការបំពេញ​តាម​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះវរបិតា​សួគ៌ ។ នោះ​គឺជា​ភាពទាក់ទង​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ ។

វា​ក៏​ពិត​ផងដែរ​ថា ការមាន​ចំណែក​តែមួយ​មុខ​គឺ​មិនមែន​ជា​គោលដៅ​ចុងក្រោយ​នោះ​ទេ ។ តាមពិត​ទៅ ដោយសារ​ពាក្យ ការមាន​ចំណែក ត្រូវបាន​គេ​ប្រើ​តាម​របៀប​ជាច្រើន ពេលខ្លះ វា​អាច​ត្រូវបាន​គេ​យល់ខុស​លើ​អត្ថន័យ​ដែល​យើង​ចង់ផ្តោត​លើ​​តាមរយៈ​ការមាន​ចំណែក​នៅក្នុង​បរិបទ​ដំណឹងល្អ ។ ពួកយើង​ជាច្រើន​មាន​អារម្មណ៍​ថា​មាន​ចំណែក​តាម​មជ្ឈដ្ឋាន​ជាច្រើន​ផ្សេងគ្នា ។ នៅពេល​ខ្ញុំ​ធំ​ដឹងក្ដី​ឡើង រឿង​នោះ​បាន​កើតឡើង​ចំពោះ​ខ្ញុំ​នៅក្នុង​ក្រុម​អត្តពលកម្ម ។ សមាជិក​ក្រុម​របស់​ខ្ញុំ​គឺជា​មិត្ត​ជិតដិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​​មាន​អារម្មណ៍​ថា​មាន​ចំណែក​ក្នុង​គោលដៅ​ដើម្បី​ឲ្យ​ក្រុម​របស់​យើង​ទទួល​បាន​ជោគជ័យ ។ ការមាន​ចំណែក​ប្រភេទ​នោះ​គឺជា​វិធី​ដ៏ល្អ ហើយ​ថែមទាំង​សំខាន់​ទៀត​ផង ។ ប៉ុន្ដែ​មាន​អ្វី​ជាច្រើន​ជាងនេះ​ទៅទៀត​ទាក់ទង​នឹង​ការមាន​ចំណែក ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ ។

នៅក្នុង​សន្និសីទ​ទូទៅ​ចុងក្រោយ​នេះ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា គោលលទ្ធិ​នៃ​ការមាន​ចំណែក​មាន​បី​ផ្នែក ៖ ការប្រមូល​ផ្ដុំ​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ការបម្រើ និង​ពលិកម្ម ព្រមទាំង​សារៈសំខាន់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការមាន​ចំណែក ។ គោលគំនិត​ទាំងនេះ​គឺជា​ផ្នែក​ដ៏សំខាន់​បំផុត​នៃ​អ្វី​ដែល​យើង​ចង់​មានន័យ នៅពេល​យើង​និយាយ​ពី​ការមាន​ចំណែក ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ ។ ច្បាស់ណាស់ ការមាន​ចំណែក​រួមមាន​ការស្រឡាញ់ និង​ការគោរព​គ្នា​ទៅវិញ​ទៅមក ។ វា​ក៏​រួមមាន​គោលការណ៍​ដែល​នាំ​យើង​ឲ្យ​ទៅរក​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​យើង​ឲ្យ​ចូលរួម​ក្នុង​បុព្វហេតុ​របស់​ទ្រង់ កាល​យើង​ជួយ​គ្នា​ឲ្យ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដើម្បី​ត្រឡប់​ទៅរក​ទ្រង់​វិញ​ផងដែរ ។

ពរជ័យ​នៃ​ការមាន​ចំណែក​ដ៏ពិត​ដែល​ផ្ដោតលើ​ដំណឹងល្អ ក៏​រួមមាន​នូវ​ទំនាក់ទំនង​ខាង​សេចក្ដី​សញ្ញា​ផងដែរ ។ ការមាន​ចំណែក​ ដូច​និយមន័យ​តាមរយៈ​ទស្សនវិស័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ជួយ​យើង​ឲ្យ​ដឹងពី​អត្តសញ្ញាណ​ដ៏ពិត​ប្រាកដរបស់​យើង និង​ទំនាក់ទំនង​ដ៏អស់កល្ប​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ សេចក្ដី​សញ្ញា​របស់​យើង​អាច​មាន​បាន ដោយសារតែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះយើង ហើយ​ភ្ជាប់​យើងជាមួយ​ទ្រង់ ជាមួយក្រុមគ្រួសារ​របស់​យើង ហើយ​ជាមួយ​សហគមន៍​អ្នកជឿ​ទាំងឡាយ ដែល​បាន​សន្យា​ថា​នឹង​ជួយ​រែក​បន្ទុក​របស់​គ្នា​ទៅវិញ​ទៅមក ។ ការមានចំណែក​ប្រភេទ​នេះ​នាំ​ទៅរក​ការប្រែចិត្ត​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ ។

ឥឡូវ​នេះ ខ្ញុំ​សូម​ត្រឡប់​ទៅ​ការផ្លាស់ប្ដូរ​លើ​សេចក្ដី​ថ្លែងការណ៍​អំពី​គោលបំណង​របស់​យើង ដែល​អភិបាល​អប់រំ​របស់​សាសនាចក្រ​បាន​អនុម័ត​រួចមកហើយ ។ នៅក្នុង​ការខិតខំ​ដើម្បី​ដាក់​ការប្រែចិត្ត​ជឿ​ជា​កម្មវត្ថុ​ដោយ​ផ្ទាល់​នៃ​បទពិសោធន៍​បង្រៀន និង​រៀនសូត្រ​របស់​យើង​ទាំងអស់ នោះ​សេចក្ដី​ថ្លែងការណ៍​អំពី​គោលបំណង​របស់​យើង​នឹង​អាន​​ដូច្នេះថា « គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​របស់​ពួកគេ និង​អ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ។ ការកែសម្រួល​នេះ​នឹង​ជួយ​យើង​ឲ្យ​រៀបចំ​ការបំពាក់បំប៉ន​របស់​យើង និង​ការខិតខំ​របស់​យើង ដើម្បី​បង្កើត​បទពិសោធន៍​រៀនសូត្រ ដោយ​សង្ឃឹម​ថា យើង​អាច​ជួយ​សិស្ស​ទាំងឡាយ​ឲ្យ​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ តួនាទី​របស់​គ្រូបង្រៀន​ដូច​ដែល​បាន​កំណត់​មក​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ នឹង​បន្ដ​ជួយ​យើង​ឲ្យ​យល់​បាន​កាន់តែ​ច្បាស់​អំពី​តួនាទី​របស់​គ្រូបង្រៀន ក្នុង​ការជួយ​សិស្ស​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​មាន​កាន់តែ​ស៊ីជម្រៅ ។ យើង​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​គេហទំព័រ រស់នៅ បង្រៀន និង​បម្រើ ដែល​ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​អំពី​គោលបំណង​របស់​យើង​ផងដែរ ដែល​បងប្អូន​អាច​រកបាន​នៅលើ​គេហទំព័រ ស&វ ។

យើង​អាច​ផ្លាស់ប្ដូរ​អ្វី​ក៏បាន ឬ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក៏បាន​ដើម្បី​បង្រៀន​ដំណឹងល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព ប៉ុន្ដែ​អ្វី​ដែល​នឹង​មិន​ផ្លាស់ប្ដូរ​នោះ​គឺ​ថា យើង​នឹង​ផ្ដោតលើ​ព្រះគ្រីស្ទ យើង​ផ្ដោតលើ​អ្នករៀនសូត្រ និង​ផ្អែកលើ​ព្រះគម្ពីរ​រហូត ។ ហើយ​យើង​នឹង​ព្យាយាម​ដាក់​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​បង្រៀន និង​រៀនសូត្រ​របស់​យើង ជាមួយ​នឹង​ការបំផុស​គំនិត និង​សាក្សី​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ។ អ្វី​ទាំងអស់​ដែល​យើង​ធ្វើ គួរតែ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់​ឲ្យបាន​កាន់តែ​ជ្រៅជ្រះ ដោយសារ​ទ្រង់​គឺជា​ចម្លើយ​ចំពោះ​ឧបសគ្គ និង​សំណួរ​ទាំងឡាយ​របស់​ពួកគេ ។ ទ្រង់​គឺជា​ព្រះ​នៃ​ការរំដោះ និង​ការប្រោសលោះ​របស់​ពួកគេ ។

ឥឡូវ​នេះ ខ្ញុំ​ចង់​ធ្វើ​ការប្រកាស​មួយ​ផ្សេងទៀត ដែល​អភិបាល​អប់រំ​របស់​សាសនាចក្រ​បាន​អនុម័ត​រួចហើយ ។ ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​ចាប់ផ្ដើម​ការប្រកាស​នោះ​ដោយ​ប្រាប់​ពី​បរិបទ​មួយ​ចំនួន​សិន ហើយ​លើក​នេះ​ដោយ​ប្រើ​គោលការណ៍​មួយ​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​អ្នកព្រោះ​ពូជ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា គ្រាប់ពូជ​មួយ​ចំនួន​បង្កើត​ផល​បាន​មួយ​ជា​មួយរយ មួយ​ទៀត​បាន​ហុកសិប ហើយ​មួយ​ទៀត​បាន​សាមសិប ។ អ្វី​ដែល​សំខាន់​ចំពោះ​ខ្ញុំ​នៅក្នុង​ការអាន​នេះ​គឺ​ថា គ្រាប់ពូជ​មួយ​គ្រាប់ៗ​ដុះឡើង​ចេញពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ហៅថា​​ដី​ល្អ ។ នេះ​មិនមែន​ជា​គ្រាប់ពូជ​ដែល​ធ្លាក់ចុះ​តាម​ផ្លូវ ក្នុង​កន្លែង​ថ្ម ឬ​គ្រាប់ពូជ​ដែល​ធ្លាក់ទៅ​កណ្ដាល​បន្លា​នោះ​ទេ គឺ​វា​ដុះ​នៅលើ​ដី​ល្អ ។

វា​បាន​ញ៉ាំង​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា​តើ​វិធីសាស្ដ្រ​បច្ចុប្បន្ន​របស់​យើង​ដែល​តម្រូវ​ឲ្យមាន​គុណសម្បត្តិ​វគ្គសិក្សា​នេះ ស្រដៀង​នឹង​ការទទួល​ស្គាល់​តែ​សិស្ស​ណា​ដែល​បង្កើត​ផល​បាន​មួយរយ ហើយ​ខកខាន​មិន​ទទួល​ស្គាល់ និង​មាន​អំណរគុណ​ចំពោះ​ការខិតខំ និង​ការរួម​ចំណែក​របស់​សិស្ស​ដែល​បង្កើត​ផល​បាន​ហុកសិប និង​សាមសិប​ឬ ។ សិស្ស​គ្រប់រូប​មាន​ការគាំទ្រ​ពី​គ្រួសារ ការយល់ដឹង​អំពី​ដំណឹងល្អ និង​ការតាំងចិត្ត​ផ្ទាល់ខ្លួន​ក្នុង​កម្រិត​ខុសៗ​គ្នា ។ ប្រាកដ​ណាស់ យើង​គួរតែ​មាន​ការរំពឹង​ទុក​ខ្ពស់ ប៉ុន្ដែ​យើង​ក៏​គួរតែ​ប្រយ័ត្ន​ប្រយែង​កុំ​បំបាក់​ទឹកចិត្ត​សិស្ស ដែល​កំពុង​ខិតខំ​អស់ពី​សមត្ថភាព​របស់​ពួកគេ កាល​នៅក្នុង​ស្ថានភាព​របស់​ពួកគេ​នោះ​ដែរ ។

ខគម្ពីរ​ទាំងនេះ​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា​តើ​វា​អាច​ទៅរួច​ទេ ដើម្បី​បន្ដ​មាន​បទដ្ឋាន​ខ្ពស់ ហើយ​ស្វែងរក​របៀប​ដើម្បី​កំណត់​វិធីសាស្ដ្រ​របស់​យើង​ឲ្យមាន​លក្ខណៈ​ផ្ទាល់ខ្លួន ។ តើ​យើង​អាច​រកឃើញ​របៀប​ដើម្បី​លើក​ទឹកចិត្ត និង​ទទួល​ស្គាល់​ការរីក​ចម្រើន និង​ការលូតលាស់​នៅ​គ្រប់​កម្រិត​ទាំងអស់​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​ជួយ​សិស្ស​ទាំងអស់​របស់​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ​ដែរ​ឬទេ ? តើ​យើង​អាច​គាំទ្រ​ពួកគេ​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​សិក្សា​ព្រះគម្ពីរ និង​រៀនសូត្រ​ដំណឹងល្អ ដោយ​មាន​គោលដៅ​ដែល​បាន​ជំរុញ​ចេញពី​ក្នុង​ចិត្ត​បាន​ដែរ​ឬទេ ដើម្បី​ឲ្យ​សិស្ស​ទាំងនោះ​បង្កើត​បានជា​ទម្លាប់ និង​គន្លង​មួយ ដែល​នឹង​បន្ដ​នៅ​ជាមួយ​ពួកគេ​រហូតក្រោយពី​ពេល​ដែល​ពួកគេ​បញ្ចប់​ការរៀនសូត្រ​ជាមួយ​យើង​ទៅទៀត​ ?

ដោយ​មាន​មូលហេតុ​នេះ​ហើយ ខ្ញុំ​សូម​ប្រកាស​ដូច​តទៅ​នេះ​សម្រាប់​ថ្នាក់​សិក្ខាសាសា ៖ ការវាយតម្លៃ​ការរៀនសូត្រ​នឹង​ប្ដូរ​ពី​ការវាយតម្លៃ​ជា​លក្ខណៈ​បុគ្គល ទៅជា​ការរំឭក​ជាក្រុម​ឡើងវិញ ដែល​នឹង​ធានា​ថា សិស្ស​បាន​រៀនសូត្រ​ខ្លឹមសារ​ដែល​បាន​បង្ហាញ ។ អស់​អ្នក​ដែល​បាន​ចេះចាំ​ខ្លឹមសារ​ស្ទាត់​អាច​ជួយ​ដល់​អ្នកដទៃ ដើម្បី​ឲ្យ​សិស្ស​ទាំងអស់​មាន​ឱកាស​ពង្រីក​ការយល់ដឹង​របស់​ពួកគេ ។ ផ្នែក​មួយ​នៃ​ការវាយតម្លៃ​នេះ ដែល​ទាក់ទង​នឹង​ជំនឿ និង​ការអនុវត្ត នឹង​នៅតែ​ជា​កិច្ចការ​បុគ្គល​ដដែល ដែល​មាន​បំណង​បង្កើត​ជា​ឱកាស​ឲ្យមាន​ការពិចារណា​អំពី​ខ្លួនឯង ។ កិច្ចតម្រូវ​ឲ្យ​អាន​ក៏​ផ្លាស់ប្ដូរ​ផងដែរ ហើយ​លែង​តម្រូវ​ឲ្យ​អាន ៧៥ ភាគរយ​នៃ​ឆមាស​នីមួយៗ​ទៀត​ហើយ ។

ចាប់ពីពេលនេះទៅដើម្បី​ទទួល​បាន​គុណសម្បត្តិ​វគ្គសិក្សា​ដើម្បី​បញ្ចប់​ការសិក្សា នោះ​សិស្ស​ថ្នាក់​សិក្ខាសាលា​នឹង​ត្រូវ​អាន​វគ្គ​បទគម្ពីរ​ជម្រើស​មកពី​ព្រះគម្ពីរ​នៅក្នុង​ឆមាស​នីមួយៗ ។ ឧទាហរណ៍ អំឡុង​ឆមាស​ទីមួយ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា—ប្រវត្តិ​សាសនាចក្រ សិស្ស​នឹង​អាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ។ បន្ទាប់​មក ពួកគេ​នឹង​ត្រូវបាន​សុំ​ឲ្យដាក់​គោលដៅ​អាន​ផ្ទាល់ខ្លួន​បន្ថែម​មួយ ដែល​បាន​ជំរុញ​ចេញពី​ចិត្ត​គេ ដោយ​មាន​ការរំពឹង​ទុក​ខ្ពស់​ដើម្បី​មាន​ការរីក​ចម្រើន​ទៅមុខ ។ គោលដៅ​ផ្ទាល់ខ្លួន​ទាំងនេះ​គួរតែ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​សិស្ស ហើយ​ទទួល​ស្គាល់​ការខិតខំ និង​ការរីក​ចម្រើន​របស់​ពួកគេ​ជា​លក្ខណៈ​បុគ្គល ។

គ្រូបង្រៀន​ក៏​នឹង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​តាមដាន​ការរីក​ចម្រើន​លើ​គោលដៅ​ផ្ទាល់ខ្លួន​របស់​គេ​ផងដែរ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​គោលដៅ​ដល់​ចប់ ។ ពួកគាត់​នឹង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដែល​ចាត់តាំង​សម្រាប់ ចូរ​មក​តាម​ខ្ញុំ នៅ​អាទិត្យ​ថ្នាក់​សិក្ខាសាលា មិន​ថា​ជា​លក្ខណៈ​បុគ្គល ឬ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នោះ​ទេ ។ ពួកគាត់​ក៏​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សិក្សា​ព្រះគម្ពីរ​មរមន​ដោយ​ផ្ទាល់ខ្លួន និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ ។ នៅពេល​ខាងមុខ​នេះ យើង​នឹង​ផ្ញើ​ព័ត៌មាន​បន្ថែម​ទៀត​ទៅកាន់​បងប្អូន ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ទាំងនេះ រួមមាន​ព័ត៌មាន​លម្អិត និង​តារាង​ពេលវេលា​នៃ​ការអនុវត្ត និង​អត្ថន័យ​នៃ​ការណ៍​នេះ​សម្រាប់​ឆមាស​មុន​ផងដែរ នៅពេល​មិន​បាន​បំពេញ​តាម​តម្រូវការ​ទាំងឡាយ ។

ឥឡូវ​នេះ ខ្ញុំ​សូម​ចែកចាយ​ជាមួយ​នឹង​បងប្អូន​នូវ​អ្វីមួយ​ដែល​ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍ នៅពេល​យើង​បាន​ពិភាក្សា​អំពី​ការផ្លាស់ប្ដូរ​នេះ ។ លោក​បាន​ថ្លែង​ថា « ដើម្បី​ធ្វើ​ការណ៍​នេះ​ឲ្យបាន​ល្អ វា​នឹង​តម្រូវ​ឲ្យមាន​ការយកចិត្ត​ទុកដាក់​ផ្ទាល់ខ្លួន និង​ជា​លក្ខណៈ​បុគ្គល​កាន់តែ​ខ្លាំង​ថែមទៀត​មកពី​គ្រូបង្រៀន ។ វា​នឹង​បន្ថែម​បន្ទុក ប៉ុន្ដែ​វា​គឺជា​បន្ទុក​មួយ​ដែល​គ្រូបង្រៀន​គួរតែ​រីករាយ​នឹង​ទទួល ដោយសារ​ការងារ​បម្រើ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​គឺ​សំខាន់​ដូចជា​ការណែនាំ​នៅក្នុង​ថ្នាក់រៀន​របស់​ពួកគាត់​ដែរ ។ ប្រសិនបើ​អ្នកណា​អាច​ធ្វើ​រឿង​នេះ​បាន គ្រូបង្រៀន​របស់​អ្នក​ក៏​អាច​ធ្វើបាន​ដែរ ។ ពួកគាត់​អស្ចារ្យ​ណាស់ » ។

ខ្ញុំ​យល់ស្រប​តាម​ប្រធាន អាវរិង បងប្អូន​គឺ​អស្ចារ្យ​ណាស់ ។ ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា ការផ្លាស់ប្ដូរ​ពី​បទដ្ឋាន​តឹងរឹង​មកជា​គោលដៅ​លក្ខណៈ​បុគ្គល នឹង​តម្រូវ​ឲ្យ​ចំណាយ​ពេលវេលា និង​មាន​ការយកចិត្ត​ទុកដាក់​បន្ថែម​ទៀត​មកពី​បងប្អូន ។ ប៉ុន្ដែ​តើ​យើង​អាច​ធ្វើ​អ្វី​បាន ដែល​អាច​ផ្ដល់​ពរជ័យ​ដល់​សិស្ស​របស់​យើង ខ្លាំងជាង​ការជួយ​ពួកគេ​ឲ្យ​បង្កើត​បាន​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ផ្ទាល់ខ្លួន​មួយ ដែល​ត្រូវបាន​ជំរុញ​ដោយ​បុព្វហេតុ​ដ៏សុចរិត​នោះ ?

ជា​ចុងក្រោយ កិច្ចតម្រូវ​រឿង​វត្តមាន​នឹង​បន្ដ​នៅ​ដដែល ។ សូម​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ថា បទពិសោធន៍​ដែល​ពួកគេ​មាន​នៅក្នុង​ថ្នាក់រៀន​បង្កើន​ដល់​ការយល់ដឹង​របស់​ពួកគេ​អំពី​ដំណឹងល្អ និង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគេ​ចង់​ចូលរួម មិន​មែន​គ្រាន់តែ​ដើម្បី​ទទួល​បាន​គុណសម្បត្តិនោះ​ទេ ។ សិស្ស​ដែល​យល់ពី​ការណ៍​នេះ នឹង​ចង់​មករៀន​ពេញ ១០០ ភាគរយ​តែម្ដង ។

នៅក្នុង​ថ្នាក់​វិទ្យាស្ថាន យើង​នឹង​បន្ដ​ជាមួយ​បទដ្ឋាន​ទទួល​បាន​គុណសម្បត្តិដដែល ប៉ុន្ដែ​យើង​នឹង​សង្កត់​ធ្ងន់​លើ​បុព្វហេតុ​ជំរុញ​ពីក្នុង​ចិត្ត​ដើម្បី​មករៀន និង​ចូលរួម​ក្នុង​ដំណើរការ​រៀនសូត្រ ។ ហេតុផល​ដូច​ជា​ការ​ធ្វើ​ឲ្យ​សេចក្តីជំនឿ​កាន់​តែ​ស៊ីជម្រៅ ការ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះអង្គសង្គ្រោះ និង​ការរៀន​ពី​គោលលទ្ធិ​របស់​ទ្រង់​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​នេះ សូម​ជួយ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ដែល​នាំ​ពួកគេ​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ទ្រង់ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទ្រង់ ។

សិស្ស​របស់​យើង​ជាច្រើន​ទើបតែ​ចាប់ផ្ដើម​ដំណើរ​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​ទទួល​បាន​ការអញ្ជើញ​លើក​ទីមួយ​ក្នុង​ការអនុញ្ញាត​ឲ្យ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ​ដុះឡើង​ក្នុង​ជីវិត​របស់​ពួកគេ ។ ជំនួស​ឲ្យ​ការខ្វាយខ្វល់​ថា ពួកគេ​មិន​ទាន់​បាន​ដក​ពិសោធ​អ្វី​ទាំងអស់​នៅឡើយ ដូច​អ្នករៀនសូត្រ​បាន​ជ្រៅជ្រះ​ម្នាក់​បាន​ដក​ពិសោធ នោះ​យើង​គួរតែ​មាន​អំណរគុណ​ចំពោះ​បំណង​ប្រាថ្នា​ដើម្បី​ជឿ​របស់​ពួកគេ ។ នៅ​ពេល​ពួកគេ​ឃើញ​ថា ផ្លែ​នេះ​ល្អ នោះ​យើង​គួរតែ​អរ​រីករាយ​ជាមួយ​នឹង​ពួកគេ ហើយ​អបអរសាទរ​នឹង​អំណោយទាន​នោះ​មកពី​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅឯ​ស្ថានសួគ៌ ។ បន្ទាប់មក យើង​អាច​រង់ចាំ​ដោយ​ចិត្ត​អំណត់​រួមគ្នា ចាំ​ដល់​ថ្ងៃ​ដែល​គ្រាប់ពូជ​នោះ​ដុះ​ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បន្ដ​យកចិត្ត​ទុកដាក់​ក្នុង​ការសិក្សា ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ពិចារណា​ពី​អ្វី​បន្ថែម​ទៀត​ដែល​ព្រះអម្ចាស់​នឹង​បង្រៀន​បងប្អូន​អំពី​ការប្រែចិត្ត​ជឿ ភាពទាក់ទង និង​ការមាន​ចំណែក ។ សូម​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ផងដែរ អំពី​គោលការណ៍​នៅ​ពីក្រោយ​ការផ្លាស់ប្ដូរ​ទាំងឡាយ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​អំពី​គោលបំណង និង​កិច្ចតម្រូវ​វគ្គសិក្សា​របស់​យើង ។ សូម​គិតគូរ​ពិចារណា​ដាក់​បញ្ចូល​ការផ្លាស់ប្ដូរ​ទាំងនេះ​តាម​របៀប​ដែល​បំផុស​គំនិត និង​ផ្ដល់​ពរជ័យ​ដល់​សិស្ស​របស់​បងប្អូន​ទាំងអស់ ។

ជា​ចុងបញ្ចប់ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បន្ដ​ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​កិច្ចខិតខំ​របស់​បងប្អូន​ទាំងអស់ ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​បងប្អូន​អាច​រៀន​មកពី​ទ្រង់ រៀន​ធ្វើតាម​គំរូ​របស់​ទ្រង់​ដែល​ជា​គ្រូបង្រៀន​ដ៏ឆ្នើម ហើយ​រៀន​ពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​ព្រះគុណ​របស់​ទ្រង់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ កាល​បងប្អូន​ខិតខំ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទាំងអស់​ដែល​បងប្អូន​ស្រឡាញ់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​ផ្លូវ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕