ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
13soares


ពួក​ពល​បរិវារ​ទេវតា​សម័យ​ទំនើប

សាយ័ណ្ហសួស្តី បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ពរជ័យ​ដែល​មាន​ឱកាស​ថ្លែង​ទៅកាន់​បងប្អូន​នា​រាត្រី​នេះ កាលដែល​យើង​អបអរ​ព្រឹត្តិការណ៍​ដ៏​រុងរឿង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក—ការយាង​មក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ​មកកាន់​ពិភពលោក ។ ការប្រសូត ព្រះជន្ម និង​ដង្វាយធួន​របស់​ព្រះគ្រីស្ទ គឺជា​អំណោយ​របស់​ព្រះវរបិតាសួគ៌​ដល់​យើង​ទាំងអស់​គ្នា ។

កាលដែល​យើង​អបអរ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពេល​ដ៏រីករាយ​ប្រចាំឆ្នាំ​នេះ នោះ​ក្ដីស្រឡាញ់​ដែល​នៅតែ​បន្ត និង​គ្មាន​ទីបញ្ចប់​របស់​ព្រះ ហាក់ដូច​ជា​ជ្រាបចូល​ក្នុង​ព្រលឹង​របស់​យើង​កាន់តែ​បរិបូរ ជួយ​យើង​ឲ្យ​បង្វែរ​ដួងចិត្ត​យើង​ទៅកាន់​គ្រួសារ មិត្តភក្ដិ និង​អ្នក​ជិតខាង​យើង ហើយ​ជួយ​យើង​ឲ្យ​កាន់តែ​យល់​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ឯកោ ឬ​អ្នក​ដែល​ត្រូវការ​ការលួងលោម និង​សេចក្ដី​សុខសាន្ត ។

ក្នុង​ការនិយាយ​អំពី​ព្រឹត្តិការណ៍​ជុំវិញ​ការប្រសូត​របស់​ព្រះយេស៊ូវ ខ្ញុំតែងតែ​ស្ងើច​ថា ដំណឹងល្អ​របស់​លូកា​ចែកចាយ​នូវ​គំរូ​មួយ​ចំនួន​អំពី​ការលួងលោម និង​សេចក្ដី​សុខសាន្ត ដែល​បាន​ផ្ដល់​ឲ្យ​ដល់​ពួក​អ្នក​ដែល​ឃើញ​ថា​ពួកគេ​នៅក្នុង​កាលៈទេសៈ​​ទាំងនេះ ។ យើង​អាច​មើលឃើញ​គំរូ​បែបនោះ នៅពេល​ព្រះវរបិតាសួគ៌​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង បាន​បញ្ជូន​ពួកទេវតា​របស់​ទ្រង់​ឲ្យ​មក​ជួប​នឹង​ពួកអ្នក​គង្វាល​ដែល​នៅ​ដាច់​ស្រយ៉ាល​ពី​គេឯង នា​ពេល​យប់ ដើម្បី​ប្រកាស​ពី​ការប្រសូត​របស់​ព្រះរាជបុត្រា ហើយ​ពេលដែល​ពួក​អ្នក​គង្វាល​បាន​ទៅ​ជួប​ម៉ារា និង​យ៉ូសែប ដែល​កំពុង​ថែទាំ​ព្រះឱរស​ដែល​ទើប​ប្រសូត​នៅឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ស្រុក​កាលីឡេ​នោះ ។

ការធ្វើ​ដំណើរ​ដ៏​យូរ​របស់​យ៉ូសែប និង​ម៉ារា ពី​ភូមិ​ណាសារ៉ែត​ទៅ​បេថ្លេហិម ដើម្បី​ទៅ​ចុះឈ្មោះ​បង់ពន្ធ ពុំ​មែន​គ្រាន់តែ​ជា​ការចៃដន្យ​នោះទេ ដោយសារ​អស់​ជាច្រើន​សតវត្ស​មក​ហើយ ពួកព្យាការី​ពី​បុរាណ​បាន​ព្យាករ​ថា ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នឹង​ប្រសូត​នៅ​បេថ្លេហិម ជា​ក្រុង​របស់​ហ្លួង​ដាវីឌ ។ យើង​ឃើញ​ថា ព្រះវរបិតាសួគ៌​របស់​យើង​ពិត​ជា​បាន​ត្រាស់ដឹង​យ៉ាង​ច្បាស់ ហើយ​បាន​ចូលរួម​ក្នុង​គ្រប់​ភាពលម្អិត​ជុំវិញ​ការប្រសូត​នៃ​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ។ « កាល​កំពុង​តែ​នៅ​ទីនោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់ » ។

កាលដែល​ខ្ញុំ​គិត​អំពីស្ថានភាព​សង្គម​របស់​​ពួកអ្នក​គង្វាល និង​គូស្វាមី​ភរិយា​វ័យ​ក្មេង​នោះ ខ្ញុំ​ឆ្ងល់​ថា​តើ​ការលេច​មក​របស់​ពួក​ពល​បរិវារ​ទេវតា​ដល់​ពួកអ្នក​គង្វាល​នៅ​ទីវាល និង​ការមក​ដល់​របស់​ពួក​អ្នក​គង្វាលជួប​នឹង​ម៉ារា និង​យ៉ូសែប បាន​នាំ​មក​ដល់​ជីវិត​ពួកគេ​ម្នាក់ៗ​នូវ​ការលួងលោម សេចក្ដី​សុខសាន្ត និង​អំណរ​ជា​យ៉ាង​ណា ។

សម្រាប់​ពួក​អ្នក​គង្វាល ពួកទេវតា​អាច​បាន​នាំ​មក​នូវ​ការលួងលោម​ដែល​ចាំបាច់​ថា ព្រះ​ទ្រង់​ត្រាស់ដឹង​ពីពួកគេ ហើយ​បាន​ឃើញ​ពី​តម្លៃ​នៅក្នុង​ខ្លួន​ពួកគេ​ថា ជា​សាក្សី​ដ៏​ជម្រើស​ទីមួយ​អំពីកូនចៀម​នៃ​ព្រះ​ដែល​នឹង​ប្រសូត ។ សម្រាប់​ម៉ារា និង​យ៉ូសែប ពួកអ្នក​គង្វាល​អាច​បាន​នាំ​មក​នូវ​ការលួងលោម​ដែល​ត្រូវការ​ដ៏​ខ្លាំង ថា​មាន​អ្នក​ផ្សេង​ទៀត​បាន​ដឹង​អំពី​អព្ភូតហេតុ​ដ៏​ទេវភាព​ដែល​ពួកគាត់​បាន​រួម​ចំណែក ។

ប្រាកដ​ណាស់ ក្នុង​ចំណោម​យើង​គឺ​ជា​ពួក​អ្នក​គង្វាល​សម័យ​ទំនើប—ជា​បុរស និង​ស្ត្រី​ដែល​ធ្វើការ​ដល់​យប់ជ្រៅ និង​ព្រឹក​ព្រលឹម​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ។ ពួកអ្នក​គង្វាល​សម័យ​ទំនើប​មួយ​ចំនួន​ទាំងនេះ អាច​រួម​មាន​អ្នកការពារ​សន្តិសុខ បុគ្គលិក​មន្ទីរពេទ្យ ឬ​សង្គ្រោះ​បន្ទាន់ បុគ្គលិក​ហាងលក់​ទំនិញ​ពេលយប់ និង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ និង​ក្រុម​អ្នកយក​ព័ត៌មាន ។ ជួនកាល​ពួកអ្នក​ដែល​ធ្វើការ​វេន​យប់​អាច​មាន​អារម្មណ៍​ថា​នៅ​ដាច់​ឆ្ងាយ​ពី​ការប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​ជាមួយ​នឹង​អ្នក​ដែល​ធ្វើការ​ម៉ោង​ធម្មតា ។ ជាងនោះ​ទៀត មាន​យ៉ូសែប និង​ម៉ារា​សម័យ​ទំនើប​ផងដែរ ដែល​បាន​ប្ដូរ​ទៅ​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត និង​អ្នក​ដែល​កំពុង​ព្យាយាម​សម្រប​ទៅនឹង​ជីវិត​ថ្មី កាលដែល​ពួកគេ​អបអរ​ថ្ងៃ​ដ៏​សំខាន់ៗ​ដូច​ជា​បុណ្យគ្រីស្ទម៉ាស់ ខួបកំណើត អាពាហ៍ពិពាហ៍ និង​មរណភាព ។

កាលដែល​បុណ្យ​គ្រីស្ទម៉ាស់​ជិត​ចូល​មកដល់ ខ្ញុំ​ឆ្ងល់​ថា​បើ​យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ពួក​ពលបរិវារ​ទេវតា ដោយការទៅ​សួរសុខទុក្ខ​ពួកអ្នក​គង្វាល​សម័យ​ទំនើប ដើម្បី​ផ្ដល់​ដំណឹងល្អ​អំពី​ព្រះយេស៊ូវគ្រីស្ទ ភាពសុខសាន្ត និង​ការលួងលោម ។ ហើយ​ខ្ញុំ​ឆ្ងល់​ថា​បើ​យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ពួកអ្នក​គង្វាល ដោយ​ការឆ្លើយ​តប​ទៅនឹង​ការហៅ​ឲ្យ​ទៅ​សួរសុខទុក្ខ និង​ធ្វើ​ការងារ​បម្រើ​ដល់​យ៉ូសែប និង​ម៉ារា​សម័យ​ទំនើប​នៅក្នុង​ភូមិ និង​សហគមន៍​របស់​យើង ដើម្បី​ផ្ដល់​ការបញ្ជាក់​ថា ព្រះ​ស្រឡាញ់​ពួកគេ និង​កំពុង​ទតមើល និង​ថែរក្សា​ពួកគេ ។

គ្រួសារ​ខ្ញុំ និង​ខ្ញុំ​មាន​បទពិសោធន៍​ផ្សេងៗ​ជាច្រើន​នូវ​អារម្មណ៍​លួងលោម​ចិត្ត និង​ភាព​សុខសាន្ដ​ដែល​ពួកទេវតា​សម័យ​ទំនើប​អាច​នាំ​ឲ្យមាន ។ យប់នេះ ខ្ញុំ​ចង់ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​មួយ​នៃ​ស្ថានភាព​ទាំងនោះ ។ នៅ​ក្នុង​ឆ្នាំ ២០០៣ យើង​បាន​ផ្លាស់​ពីប្រទេស​កំណើត​របស់យើង​មក​កាន់រដ្ឋ​យូថាហ៍ ។ នៅ​រដូវ​រងា​នោះ យើង​បាន​ទទួលរង​នូវ​ព្យុះ​ព្រិល​ដ៏ធំបំផុត​ដែល​រដ្ឋ​យូថាហ៍​ពុំធ្លាប់មាន​ជាច្រើន​ឆ្នាំ ។ យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូចនោះ​ទេ​នៅក្នុង​ជីវិត​យើង ដោយសារ​យើង​បាន​ធំ​ដឹងក្ដី​នៅមាត់​សមុទ្រ​ដែល​មាន​ដើម​ត្នោត និង​ខ្សាច់ ។ ផ្ទះ​របស់​យើង​នៅ​កាច់ជ្រុង​នៅលើ​ទួល​មួយ​នៅក្នុង​ក្រុង​បោនធីហ្វូល​ដែល​មាន​ផ្លូវដើរ​យ៉ាង​វែង ។ ពេល​ព្រិល​ចាប់ផ្ដើម​ធ្លាក់ ភរិយា​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្លុំ​ព្រិល​​ចេញ​ពី​ផ្លូវ​ឡាន និង​ផ្លូវ​ដើរដោយ​ក្លៀវក្លា ដោយសារ​ខ្ញុំ​បាន​រអិល​ដួល​លើ​ទឹកកក ហើយ​បាន​បាក់​ក​ដៃ​ខ្ញុំ​ពីរបី​ថ្ងៃ​មុន​នោះ កាល​ខ្ញុំ​ដើរ​តាម​ផ្លូវ​ដើរ​ទៅ​សួរសុខទុក្ខ​អ្នក​ជិតខាង​ម្នាក់​របស់​យើង ។ គ្រោះថ្នាក់​នោះ​បង្ក​ឲ្យខ្ញុំ​ត្រូវ​វះកាត់ និង​មាន​រុំបង់​ដ៏​ធំ​មួយ​នៅ​ដៃ​ខ្ញុំ​អស់​ពេលពីរ​បី​ខែ ។ ពេល​នាង​បាន​ចាប់ផ្ដើម​ផ្លុំ​ព្រិល​តំបន់​​នោះជា​លើក​ទីមួយ​នៅក្នុងជីវិត​នាង ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ពុំ​បាន​ដឹង​សោះ​ថា នាង​ត្រូវ​ប្ដូរ​ទិសដៅ​នៃ​បំពង់​ផ្លុំ ​បន្ទាប់​ពី​សម្អាត​ផ្លូវដើរ​មួយ​ចំហៀង​ហើយ ។ ដូច្នេះ ពេល​នាង​ទៅ​សម្អាត​ម្ខាង​ទៀត ពេលនោះ​ហើយ​ដែល​បំពង់ផ្លុំ​បាន​បាញ់​ព្រិល​ទៅ​កន្លែង​ដែល​នាង​បាន​សម្អាត​រួចហើយ ។ នាង​ផ្លុំ​ទៅវិញ​ទៅមក តែ​គ្មាន​បាន​ផល​សោះឡើយ ។ វា​រញ៉េរញៃ​ណាស់​ ! ដោយសារ​តែ​នាង​នៅក្នុង​អាកាសធាតុ​ត្រជាក់​យូរពេក នាង​បាន​ឈឺ​ត្រចៀក​ទាំងសងខាង ហើយ​ស្ទើរតែ​ថ្លង់​អស់​ពីរ​ខែ ។ នៅពេល​ជាមួយ​គ្នា​នោះដែរ កូនប្រុស​អាយុ ១៦ ឆ្នាំ​របស់​ខ្ញុំ​បាន​រងរបួស​ខ្នង​របស់​គាត់​ពេល​ជិះ​ស្គី​លើ​ទឹកកក ហើយ​ត្រូវ​ដេក​លើ​គ្រែ​ដើម្បី​ឲ្យ​របួស​គាត់​បាន​ជា ។ ដូច្នេះ​យើង​បាន​ស្ថិត​ក្នុង​ស្ថានភាព​ ម្នាក់​ដេក​លើគ្រែ ម្នាក់​ថ្លង់ ម្នាក់​ជាប់​បង់រុំ ហើយ​ទាំងអស់​គ្នា​រងារ​ណាស់ ។ ខ្ញុំ​ប្រាកដ​ណាស់​ថា អ្នក​ជិតខាង​យើង​មើលមក​គួរឲ្យ​ចាប់អារម្មណ៍​ណាស់​ ។ នៅ​ព្រឹក​ព្រលឹម​ដ៏​ត្រជាក់​មួយ នៅ​ប្រហែល​ម៉ោង ៥ ព្រឹក ខ្ញុំ​បាន​ភ្ញាក់​ឡើង​ដោយសារ​សំឡេង​ម៉ាស៊ីន​ផ្លុំ​ព្រិល​ខាងក្រៅ​បង្អួច​ខ្ញុំ ។​ ខ្ញុំមើល​ចេញ​តាមបង្អួចឃើញ​អ្នកជិតខាង​ខ្ញុំ បងប្រុស ប្លេន វិល្លាម ។ គាត់​មាន​អាយុ​ជិត​ចិតសិប​ឆ្នាំ​ហើយ គាត់​បាន​ចេញ​ពី​ផ្ទះ​ដ៏​កក់ក្ដៅ​ដ៏​មាន​ផាសុកភាព​របស់​គាត់ ហើយ​បាន​ចេញ​មក​ដោយ​ស្ងាត់ស្ងៀម ហើយ​បាន​សម្អាត​ផ្លូវ​ឡាន និង​ផ្លូវ​ដើរ​យើង ដោយ​ដឹង​ថា យើង​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​ខ្លួនឯង ។ ​គាត់​បាន​មក​ក្នុង​របៀប​ដ៏​ស្ងាត់ស្ងៀម និង​សាមញ្ញ​របស់​គាត់ នោះ​មិត្ត​ម្នាក់​ទៀត បងប្រុស ដានីយ៉ែល អាលមីដា បាន​មក​ផ្ទះ​យើង​ដើម្បី​បើកឡាន​ជូន​ខ្ញុំ​ទៅ​ទីក្រុង​សលត៍លេក​​ទៅ​ធ្វើការ ដោយសារ​ខ្ញុំ​ពុំ​អាច​បើកបរ​នឹង​បង់រុំ​ដ៏​ទទឹងទទែង​របស់​ខ្ញុំ​បាន​ទេ ។ ពួកគាត់​មាន​ចិត្តល្អ ហើយ​បាន​ជួយខ្ញុំ​ដោយ​ស្ងាត់ស្ងៀម​ជារៀងរាល់​ព្រឹក រហូត​ដល់​គ្រួសារ​ខ្ញុំ​បាន​ជា ហើយ​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​យើង​បាន ។ អំឡុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ត្រជាក់​នៅ​ឆ្នាំ ២០០៣ បងប្រុស​ដែល​មាន​ចិត្ត​ដូច​ទេវតា​ទាំងនេះ​ត្រូវបាន​បញ្ជូន​មក​ឲ្យ​យើង គឺ​ដូចជា​ទេវតា​ដែល​ផ្ដល់​ការងារ​បម្រើ​ដែល​ត្រូវបាន​បញ្ជូន​មកកាន់​ពួក​អ្នក​គង្វាល​ដ៏​រាបទាប​ពី​បុរាណ​ដែរ ។ បងប្រុស​ទាំងពីរ​នាក់​នេះ​បាន​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បានគិត​ពី​សេចក្ដី​ត្រូវការ​របស់​យើង ពីមុន​ពួកគាត់​គិត​ពី​ខ្លួនឯង ។

បងប្អូនប្រុស​ស្រី​ជាទីស្រឡាញ់ ជីវិត​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដីស្រឡាញ់ និង​ចិត្ត​ល្អ​ចំពោះមនុស្ស ។ ទ្រង់​តែងតែ​បំភ្លេច​ព្រះអង្គឯងដើម្បី​អ្នកដទៃ ។ ទង្វើ​ដែល​ពុំ​គិត​ពីខ្លួន​ឯង​របស់ទ្រង់​បាន​បង្ហាញ​នៅ​ក្នុងកិច្ចការទាំងអស់​ដែល​ទ្រង់​បាន​ធ្វើជា​រៀងរាល់ថ្ងៃ​ក្នុង​ជីវិត​ទ្រង់ ហើយ​ពុំ​កំណត់​ចំពោះ​រដូវកាល ឬ​ថ្ងៃឈប់សម្រាក​ជាក់លាក់​ណាមួយទេ ។ នៅពេល​យើង​បង្វែរ​ដួងចិត្ត​គិត​ក្រៅពី​ខ្លួន​ឯង​ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ខ្ញុំ​សន្យា​ថា​យើងអាច​មាន​បទពិសោធន៍​ល្អប្រសើរ​ជាង​ចំពោះអត្ថន័យ​នៃ​បុណ្យគ្រីស្ទម៉ាស់ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ខ្ញុំ​អាច​អះអាង​នឹង​បងប្អូនថា យើង​នឹង​រកឃើញ​នូវ​ឱកាស​រាប់មិនអស់​ដើម្បីផ្ដល់​ខ្លួន​យើង​ដោយស្ងាត់ស្ងៀម និង​ចិត្តល្អ​ចំពោះ​អ្នកដទៃ​ដែល​ត្រូវការ​យើង ។ វា​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ប្រសើរ ហើយ​រកឃើញ​ភាពសុខសាន្ត​សម្រាប់​ខ្លួន​យើង​នៅលើ​ផែនដី និង​មាន​សុច្ឆន្ទៈ​ចំពោះ​មនុស្សក្នុងរង្វាស់​​ដ៏​ធំ ដែល​នឹង​កំណត់​ពី​ក្ដីស្រឡាញ់ ភាពសុខសាន្ត និង​កម្លាំង​ជាថ្មី ដែល​យើង​អាច​ទទួល និង​ចែកចាយ​ជាមួយ​អ្នក​ដទៃ​ទៀត ។ កាល​យើង​ធ្វើតាម​ស្នាមបាទា​របស់​ព្រះអង្គ​សង្គ្រោះ នោះ​សូម​ឲ្យ​យើង​ស្ដាប់​មើល​សំឡេង​​បាទា ហើយ​ឈោង​ទៅ​ចាប់​ព្រះហស្ដ​ដ៏​ខ្ជាប់ខ្ជួន​របស់​ជាងឈើ ។ ខ្ញុំ​សូម​អះអាង​ដល់​បងប្អូន​ថា បុណ្យ​គ្រីស្ទម៉ាស់​មិន​គ្រាន់តែ​ជា​ថ្ងៃមួយ ឬ​រដូវ​មួយ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​នឹង​ជា​លក្ខខណ្ឌ​នៃ​ដួងចិត្ត និង​គំនិត ហើយ​អំណរ និង​សេចក្ដី​ស្រឡាញ់​ដែលថា​បុណ្យ​គ្រីស្ទម៉ាស់​នឹង​តែងតែ​នៅ​ជិត​បង្កើយ​ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ ជាទារកតូច​ដែលបាន​ចាប់​កំណើត​នៅបេថ្លេហិម គឺតាម​ពិត​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​នៃពិភពលោក ។

រីករាយ​បុណ្យគ្រីស្ទម៉ាស់​ដល់​បងប្អូនទាំងអស់គ្នា ។ ខ្ញុំ​ថ្លែង​ការណ៍​ទាំង​នេះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។