ការ ផ្សាយ ប្រចាំ ឆ្នាំ
ការយល់ចិត្ត


ការយល់ចិត្ត

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ ២០២១

ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១

ខ្ញុំ​មាន​អំណរគុណ​ដែល បងប្រុស វីលឃីនសុន បាន​លើក​ឡើង​ពី​អស់ បងប្អូន​ដែល​បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ និង​បងប្អូន​ដែល​រង់ទុក្ខ​ក្នុង​របៀប​ផ្សេងៗ​ក្នុង​ពេល​នេះ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ដឹង​ថា ដួងចិត្ត​របស់​យើង​ខ្វាយខ្វល់​ចំពោះ​បងប្អូន ។

ខ្ញុំ​ក៏​សូម​ចាប់ផ្ដើម​ដោយ​គ្រាន់តែ​និយាយ​ថា អរគុណ​សម្រាប់​កិច្ចខិតខំ​របស់​បងប្អូន អំឡុង​ពេល​នៃ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​មួយ ។ ការខិតខំ​របស់​បងប្អូន​ដើម្បី​បង្រៀន​តាម​អនឡាញ​ដោយ​ប្រសិទ្ធិភាព​គឺ​អស្ចារ្យ​ណាស់ ។ ខ្ញុំ​ដឹង​ថា មាន​ថ្ងៃ​ខ្លះ​មាន​នូវ​ការបាក់ទឹកចិត្ត ការព្យាយាម​ដើម្បី​ជួយ​ដល់​សិស្ស​របស់​បងប្អូន​ឲ្យ​បន្ត​ចូលរួម ជាមួយ​នឹង​ការ​រំខាន​ជា​ច្រើន​នេះ ។ ដូច្នេះ សូម​អរគុណ​ចំពោះ​កិច្ចខិតខំ​ដ៏​ខ្ជាប់ខ្ជួន​របស់​បងប្អូន ។ យើង​ក៏​មាន​អំណរគុណ​ផងដែរ​ចំពោះ​ឆន្ទៈ​របស់​បងប្អូន​ក្នុង​ការសម្រប​ទៅ​នឹង​ការផ្លាស់ប្តូរ​ដ៏​សំខាន់ៗ​ផ្សេងៗ ដូចជា​កាលវិភាគ​កម្មវិធី​សិក្សាថ្មី និង​តម្រូវការ​ការអាន​ថ្មី ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព និង​ឆន្ទៈ​ដ៏​ធំធេង​របស់​បងប្អូន ក្នុង​ការប្រឈម​មុខ​នឹង​ការណ៍​នេះ​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង ។

ក្នុង​គ្រា​នៃ​ការផ្លាស់ប្ដូរ មាន​សមត្ថភាព​មួយ ប្រហែល​ជា​សូម្បី​តែ​ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ ដែល​ខ្ញុំ​គិត​ថា​សំខាន់​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​មាន ។ សមត្ថភាព​នោះ​បាន​មក​ពី​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ជា​សមត្ថភាព​ដើម្បី​មាន​ទំនុកចិត្ត​លើ​ភាពជោគជ័យ​នៃ​អតីតកាល ខណៈ​ទន្ទឹង​រង់ចាំ​ពន្លឺ​បន្ថែម​ទៀត​ដែល​ព្រះអម្ចាស់​មាន​សព្វព្រះទ័យ​ចង់​ប្រទាន​ឲ្យ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ពី​វា​បែប​នេះ ៖

« អតីតកាល​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន​ពី​វា ប៉ុន្ដែ​មិន​រស់នៅ​ក្នុង​វា​ទេ ។ … ហើយ​នៅពេល​យើង​បាន​រៀន​នូវអ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​បាន​នាំយក​ជាមួយ​យើង​នូវ​អ្វី​ដែល​ល្អបំផុត​ដែល​យើង​បានជួបប្រទះ នោះ​យើង​សម្លឹង​មើល​ទៅមុខ ហើយ​ចងចាំ​ថា សេចក្ដីជំនឿ​គឺ​តែងតែ​ចង្អុល​ទៅ​រក​អនាគតកាល ។ …

« សេចក្តីជំនឿ​គឺ​ស្ថាបនា​ឡើង​ពី​អតីតកាល ប៉ុន្តែ​ពុំមាន​បំណង​ចង់​នៅ​ទី​នោះ​ទេ ។ សេចក្តីជំនឿ​ទុកចិត្ត​ថា ព្រះ​មាន​រឿង​ដ៏​អស្ចារ្យ​ទុក​នៅក្នុង​ឃ្លាំង​សម្រាប់​យើង​ម្នាក់ៗ » ។

ខណៈពេល​ដែល​ប្រកាន់​ខ្ជាប់​នូវ​អ្វីៗ​ដែល​ល្អ​ទាំងអស់​ពី​អតីតកាល​នោះ​យើង​គួរ​តែ​ស្វែងរក​ដើម្បី​បង្កើត​ការខិតខំ​ទាំងនោះ​ដោយ​ការព្យាយាម​ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ​បន្ទាប់​ទៀត ។ យើង​គួរ​តែ​មាន​ឆន្ទះ​ដើម្បី​សួរ​ខ្លួនឯង​ថា​« តើ​នៅ​ខ្វះ​អ្វី​ទៀត » និង​ខិតខំ​ដើម្បី​បង្កើន​ចំណេះដឹង ឥរិយាបថ ចរិត និង​ការអនុវត្ត​របស់​យើង​បន្ថែម​ទៀត ។ នោះ​ក៏ជា​ការបង្ហាញ​នៃ​សេចក្ដីជំនឿ​ផងដែរ ។

បងប្អូន​ប្រហែល​ជា​ចាំ​ថា ជាង​ប្រាំ​ឆ្នាំ​កន្លង​មក​ហើយ អែលឌើរ គិម ប៊ី ក្លាក បាន​ប្រាប់​យើង ៖

« មិន​ថា​យើង​រីករាយ​នឹង​ជីវភាព​ខាង​វិញ្ញាណ​កម្រិត​ណា​នៅក្នុង​ជីវិត​យើង​ឥឡូវ​នេះ មិន​ថា​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​កម្រិត​ណា​ក្នុង​ពេល​ឥឡូវ​នេះ មិន​ថា​យើង​មាន​កម្លាំង​នៃ​ការតាំងចិត្ត និង​ការឧទ្ទិស​កម្រិត​ណា មិន​ថា​យើង​មាន​ការគោរព​ប្រតិបត្តិ ឬ​សេចក្ដី​សង្ឃឹម ឬ​សេចក្ដី​សប្បុរស​កម្រិត​ណា មិន​ថា​យើង​ទទួល​បាន​ជំនាញ និង​សមត្ថភាព​ខាង​វិជ្ជាជីវៈ​កម្រិត​ណា​នោះ​ទេ វា​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​កិច្ចការ​ដែល​នៅ​ខាង​មុខ​នោះ​ទេ ។ …

« … ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​មាន​កិច្ចការ​ដ៏​ធំ​មួយ​សម្រាប់​យើង​ដើម្បី​ធ្វើ​ជាមួយ​នឹង​ជំនាន់​ដែល​កំពុង​ពេញវ័យ​នេះ ។ វា​ជា​កិច្ចការ​ដែល​ធំ​ជាង​អ្វី​ដែល​យើង​បាន​ធ្វើ​ពី​មុនៗ​មក » ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការឆ្លើយ​តប​របស់​បងប្អូន​ចំពោះ​ការអញ្ជើញ​របស់​លោក ។ ខ្ញុំ​បាន​ឃើញ​បងប្អូន​ជា​ច្រើន​ពង្រឹង​ខាង​ព្រលឹង​វិញ្ញាណ និង​ការតាំងចិត្ត​របស់​បងប្អូន ព្រមទាំង ជំនាញ និង​សមត្ថភាព​របស់​បងប្អូន ។ យើង​បាន​ឃើញ​មូលហេតុ​ជា​ច្រើន ដែល​ការណ៍​នេះ​សំខាន់​យ៉ាង​ខ្លាំង និង​មូលហេតុ​ដែល​វា​នឹង​បន្ត​ចាំបាច់ ដើម្បី​ពង្រឹង​គុណលក្ខណៈ​ទាំងនេះ​នៅក្នុង​ពេល​អនាគត ។

ខ្ញុំ​សូម​ចែក​ចាយ​គំរូ​មួយ​ជាមួយ​បងប្អូន​បានទេ ? ពេល​ថ្មីៗ​នេះ យើង​បាន​និយាយ​អំពី​សេចក្ដី​ត្រូវការ ដើម្បី​ផ្តោត​កាន់តែ​ខ្លាំង​លើ​ព្រះគ្រីស្ទ និង​ជា​អ្នក​រៀនសូត្រ​ដែល​កាន់តែ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត ។​ នេះ ពុំ មែន គ្រាន់​តែ​ជា​បច្ចេកទេស​ក្នុង​ការដក់ស្រង់​ពាក្យ ឬ​ការបង្រៀន​នោះ​ទេ ។ ការផ្តោត​កាន់តែ​ខ្លាំង​លើ​ព្រះគ្រីស្ទ និង​ជា​អ្នក​រៀនសូត្រ​ដែល​កាន់តែ​យក​ចិត្ត​ទុកដាក់​គឺ​ជា​របៀប​មួយ​នៃ​ការអនុវត្ត​នូវ​បទបញ្ញាតិ​ដ៏​សំខាន់​ពីរ ។ វា​គួរ​តែ​មាន​ឥទ្ធិពល​លើ​កិច្ចខិតខំ​របស់​យើង​ដើម្បី​អញ្ជើញ​យុវបជ្ឈិមវ័យ​ឲ្យ​ចូលរួម​កាន់​តែ​ច្រើន ។ វា​គួរ​តែ​មាន​ឥទ្ធិពល​លើ​កិច្ចខិតខំ​របស់​យើង​ដើម្បី​បង្កើន​នូវ​អំណាច​នៃ​ការបង្រៀន​របស់​យើង​បន្ថែម​ទៀត ។

នៅ​ពេល​ដែល​យើង​ខិតខំ​អនុវត្ត​បទបញ្ញាតិ​ដ៏​សំខាន់​ទីមួយ​ចំពោះ​ការបង្រៀន​របស់យើង នោះ​យើង​មិន​គ្រាន់​តែ​និយាយ​អំពី​ព្រះអង្គសង្រ្គោះ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នោះ​ទេ ។ យើង​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​និង​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​ទ្រង់ ។ យើង​ឃ្លាត​ឆ្ងាយ​ពី​គ្រាន់តែ​និយាយ​អំពី ទ្រង់​ទៅ​ការនិយាយ​អំពី​ទ្រង់​ជា​អង្គ​ប្រោសលោះ​ផ្ទាល់ខ្លួន​របស់​យើង​ដែល​យើង​បាន​ស្គាល់ ស្រឡាញ់​និង​ទុកចិត្ត។

នៅ​ពេល​ដែល​យើង​ខិតខំ​អនុវត្ត​បទបញ្ញាតិ​សំខាន់​ទីពីរ​នៅ​ក្នុង​ការបង្រៀន​នោះ​យើង​មិន​គ្រាន់​តែ​ផ្តោត​លើ​សម្ភារៈ​មេរៀន​ឬ​ប្រើ​វិធី​បង្រៀន​ជាក់លាក់​សម្រាប់​ការចូលរួម​របស់​សិស្ស​ប៉ុណ្ណោះ​ទេ ។ គឺ​យើង​ផ្តោត​លើ​បុគ្គលៗ​និង​សេចក្តីត្រូវការ​របស់​ពួកគេ​ហើយ​យើង​ចង់​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​អស់កល្បជានិច្ច ។ យើង​ឃ្លាតឆ្ងាយ​ពី​ការមើលឃើញ​សិស្ស​ក្នុង​ថ្នាក់​មួយ​ទៅ​ជា​ការមើលឃើញ​អ្នករៀន​ម្នាក់ៗ​ជា​បុត្រ​ជា​ទីស្រឡាញ់​របស់​ព្រះ​ដែល​មាន​សក្តានុពល​ដ៏​ទេវភាព ។

ទាំងនោះ​មិន​មែន​ជា​គំនិត​ថ្មីៗ​ទេ ។ យើង​តែងតែ​ចង់​ធ្វើ​បែប​នេះ ។ ដូច្នេះ សំណួរ​របស់​ខ្ញុំ​គឺ តើ​យើង​អាច​ស្ថាបនា​លើ​ភាពជោគជ័យ​នៃ​អតីតកាល ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ប្រសិទ្ធិភាព​នៅក្នុង​ពេល​អនាគត​បាន​ដោយ​របៀប​ណា ?

ទោះបី​ខ្ញុំ​បាន​និយាយ​លើ​ប្រធានបទ​ទាំងនេះ​ពី​មុន​ក្តី ក៏​ក្នុង​ក្តីសង្ឃឹម​ដើម្បី​បន្ត​បង្កើត​អ្វី​ដែល​ល្អ​ដែល​កំពុង​ធ្វើ ខ្ញុំ​ចង់​ចែកចាយ​នូវ​គំនិត​បន្ថែម​មួយ​បន្ថែម​ទៀត​អំពី​ផ្នែក​នីមួយៗ​នៃ​សេចក្តីថ្លែងការណ៍​ពាក់កណ្តាល​នៃ​សេចក្តីថ្លែងការណ៍​ទាំងពីរ​ដោយ​ចាប់​ផ្តើម​ពី​ការផ្តោត​កាន់តែ​ខ្លាំង​លើ​ព្រះគ្រីស្ទ ។ ខ្ញុំ​បាន​ព្យាយាម​យល់​ឲ្យ​កាន់តែ​ច្បាស់​ថា​វា​មាន​អត្ថន័យ​យ៉ាង​ណា និង​វា​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​នៅក្នុង​គេហដ្ឋាន និង​ថ្នាក់​រៀន​របស់​យើង ។ ប្រាកដ​ណាស់ យើង​គួរតែ​បន្ត​កិច្ចខិតខំ​របស់​យើង​ក្នុង​ការជួយ​សិស្ស​ផ្តោត​លើ​ព្រះងារ គុណលក្ខណៈ និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​ខ្ញុំ​ផ្ដល់​យោបល់​នូវ​របៀប​មួយ បន្ថែមទៀត​បាន​ទេ ? ជាមួយ​នឹង​បងប្អូន ខ្ញុំ​ត្រូវ​បាន​រំឭក​ដោយ​ព្យាការី​របស់​ព្រះអម្ចាស់ ប្រធាន រ័សុល អិម ណិលសុន ថា « ការរាប់​ពរជ័យ​របស់​យើង​គឺ​ប្រសើរ​ជាង​ការ​រាប់​បញ្ហា​របស់​យើង​ឆ្ងាយ​ណាស់ » ។ ខ្ញុំ​បាន​រៀន​ពី​លោក​អំពី​ពរជ័យ​ដែល​មាន​ដល់​ពួក​អ៊ីស្រាអែល​ក្នុង​សេចក្ដីសញ្ញា និង​ថា នៅពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​មាន​ជ័យ​ជម្នះ នោះ​យើង​ទទួល​បាន​ការព្យាបាល រកឃើញ​ចម្លើយ ទទួល​បាន​ភាពក្លាហាន​ដើម្បី​ប្រឈម​នឹង​ការល្បួង និង​កម្លាំង​ដើម្បី​ប្រយុទ្ធ​ក្នុង​ចម្បាំង​របស់​យើង ។ ហើយ​ដូច​ដែល​ប្រធាន​ណិលសុន បាន​ថ្លែង​ដែរ​ថា យើង « នឹង​ភ្លក់​សម្រាប់​[ ខ្លួន​យើង ]​ថា​ព្រះ​របស់​យើង​គឺ ជា​‹ ព្រះ​នៃ​អព្ភូតហេតុ ›[ មរមន ៩:១១ ] »​ដូច្នេះ របៀប​មួយ​ទៀត​ដើម្បី​ផ្តោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ គឺ​ជួយ​ដល់​សិស្ស​របស់​យើង​ឲ្យ​ស្គាល់​ពី​របៀប​ដែល​ទ្រង់​ឈោង​មក​ជួយ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​គ្រប់​រូប ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ថ្នាក់​អនឡាញ​មួយ ។ នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់​នោះ សិស្ស​បាន​អាន អេធើរ ២:២៥ហើយ​មើល​ចុះ យើង​រៀបចំ​អ្នក​រាល់​គ្នាតទល់​នឹង​ការណ៍​ទាំង​នេះ ត្បិត​អ្នក​រាល់​គ្នា​មិន​អាច​ឆ្លងកាត់​ទី​ជម្រៅ​ដ៏​ធំ​នេះ​បាន​ទេ លើក​លែងតែ​យើង​រៀបចំ​ឲ្យ​អ្នកតទល់​នឹង​រលក​នៃ​សមុទ្រ » ។ សមាជិក​ថ្នាក់​បាន​ពិភាក្សា​ខ​នេះ និង​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​សាសន៍​យ៉ារេឌ សម្រាប់​ការធ្វើ​ដំណើរ​របស់​ពួកគេ ។ សិស្ស​ម្នាក់​បាន​ចែកចាយ​ថា នាង​កំពុង​ស្ថិត​នៅក្នុង​ការសាកល្បង​មួយ ដែល​នាង​បាន​ពិពណ៌នា​ថា​ជា​រឿង​ដ៏​អន្តរាយ​បំផុត​ដែល​នាង​មិន​ដែល​បាន​ជួប ។

បន្ទាប់​មក​មាន​សំណួរ​មួយ​ត្រូវបាន​សួរ ដែល​ខ្ញុំ​ជឿ​ថា​ត្រូវបាន​​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​របៀបចំ​ប្អូន​សម្រាប់​ការសាកល្បង​នេះ—សូម្បី​តែ​ពី​មុន​ពេល​វា​បាន​កើត​ឡើង ? តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ប្អូន​ពី​មុន​មក ហើយ​មេរៀន​អ្វី​ខ្លះ ដែល​ទ្រង់​បាន​បង្រៀន​ប្អូន​រួចហើយ ដែល​ប្អូន​អាច​ភ្ជាប់​វា​បាន​ឥឡូវ​នេះ ? វា​ជា​សំណួរ​មួយ​ដ៏​អស្ចារ្យ​ណាស់ ដែល​បណ្ដាល​ឲ្យ​យើង​គិត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ឈោង​មក​ជួយ​យើង​ដោយ​សេចក្ដី​ស្រឡាញ់ សូម្បី​តែ​ពេល​ដែល​មានន័យ​ថា ការគិត​ពី​តម្រូវការ​របស់​យើង​ជាមុន​ក្ដី ។ បុគ្គល​ដែល​បាន​ឆ្លងកាត់​ការសាកល្បង បាន​និយាយ​អំពី​របៀប​ជា​ច្រើន​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​នាង ។ នាង​បាន​ដឹង​ថា នាង​បាន​មាន​បទពិសោធន៍​នានា ដែល​នាង​អាច​ទាញ​យក​មក​ប្រើ ព្រម​ជាមួយ​នឹង​ការយល់ដឹង​ដ៏​ជ្រាលជ្រៅ និង​ទីបន្ទាល់​អំពី​គោលការណ៍​ទាំងឡាយ​ដែល​នាង​ត្រូវការ ដើម្បី​តប​ទៅ​នឹង​ការសាកល្បង​នេះ​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ធំធេង ។ សមាជិក​ថ្នាក់​មួយ​ចំនួន​ផ្សេង​ទៀត បាន​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួល​បាន​ការគាំទ្រ​ពី​ព្រះអម្ចាស់​នៅក្នុង​ការសាកល្បង​របស់​ពួកគេ និង​ពី​របៀប​ដែល​ពួកគេ​បាន​ដឹង​ថា ទ្រង់​ស្រឡាញ់​ពួកគេ ហើយ​មាន​ព្រះទ័យ​ចង់​ប្រទាន​ពរ​ដល់​ពួកគេ ។

នៅពេល​ដែល​បងប្អូន​​និង​សិស្ស​របស់​បងប្អូន​ឃើញ​ពី​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ការប្រទាន​ពរ​ដល់​មនុស្ស​ដែល​យើង​ស្គាល់​នៅក្នុង​ព្រះគម្ពីរ នោះ​បងប្អូន​នឹង​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​ផងដែរ​នូវ​តួនាទី​ដែល​ទ្រង់​កំពុង​បំពេញ​នៅក្នុង​ជីវិត​ពួកគេ​នៅ​សព្វថ្ងៃ​នេះ ។ ដូច​ដែល​ព្រះគម្ពីរ​មរមន​ជម្រុញ យើង​អាច​ជួយ​ពួកគេ « នឹក​ឃើញ​ថា តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា​ដល់​កូន​ចៅ​មនុស្ស » ។

ឥឡូវ​នេះ​គំនិត​មួយ​អំពី​សេចក្ដី​ថ្លែងការណ៍​ពាក់កណ្ដាល​ទៀត ៖ សេចក្ដី​ត្រូវការ​ក្នុង​ការ​ផ្ដោត​លើ​សិស្ស​របស់​យើង ។ យើង​រស់នៅ​ក្នុង​ពេល​មួយ​ដែល​យុវវ័យ និង​យុវមជ្ឈិមវ័យ​ជា​ច្រើន​មាន​ការពិបាក​ជាមួយ​នឹង​សំណួរ​ដែល​មិន​ទាន់​ដោះស្រាយ និង​អារម្មណ៍​ច្របូក​ច្របល់​ដោយ​សំឡេង​ជា​ច្រើន​នៅក្នុង​ពិភពលោក​នេះ ។ ដើម្បី​កាត់​សំឡេង​រំខាន​នោះ ពួកគេ​ត្រូវ​យល់​ពី​គោលលទ្ធិ​ពិត ។ ដូច​ដែល​ធ្លាប់​មាន​មក​ហើយ ពួកគេ​ត្រូវការ​យើង​ឲ្យ​មាន​ភាពក្លាហាន​ខាង​សីលធម៌​ដើម្បី​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដ៏​អស់កល្ប ។ ដូច្នេះ តើ​យើង​អាច​កាន់​ខ្ជាប់​ចំពោះ​ការណ៍​នោះ​យ៉ាង​ណា—ហើយស្ថាបនា​លើ​វា—ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួកគេ​យ៉ាង​ណា​ទៅ​មុខ​ទៀត​នោះ ? តើ​យើង​អាច​ផ្តោត​កាន់តែ​ប្រសើរ​យ៉ាង​ដូច​ម្ដេច មិន​ត្រឹម​តែ​ទៅលើ​ការបង្រៀន​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅលើ​ការជួយ​សិស្ស​របស់​យើង​ឲ្យ​រៀន​សេចក្ដី​ពិត​ផងដែរ ?

របៀប​មួយ​ដើម្បី​ធ្វើ​ដូច្នោះ គឺ​តាមរយៈ​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​គឺ​ការយល់ចិត្ត ។ ការយល់ចិត្ត​គឺ​ជា​សមត្ថភាព ដើម្បី​យល់ និង​ទទួល​ចំណែក អារម្មណ៍របស់​មនុស្ស​ម្នាក់​ទៀត ។ ការយល់​ចិត្ត​ដ៏​ពិតប្រាកដ​នាំ​មនុស្ស​ឲ្យ​រួបរួម​គ្នា វា​បញ្ឆេះ​ឲ្យ​មាន​ទំនាក់ទំនង និង​ជួយ​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ឯកោ ។ វា​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការបង្កើត​អារម្មណ៍​ថា​នៅ​ក្នុង​ចំណោម ។ គុណលក្ខណៈ​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំពោះ​ការឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធិភាព​ចំពោះ​សិស្ស​ដែល​មាន​សំណួរ និង​ចំពោះ​ការដឹកនាំ​ការពិភាក្សា​ក្រុម​ដ៏​មាន​ប្រសិទ្ធិភាព ជា​ពេល​ដែល​សិស្ស​ជា​ច្រើន​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​សំណួរ​ដែល​មិន​បាន​ថ្លែង​ចេញ​មក ។

ការស្រាវជ្រាវ​បង្ហាញ​ថា ពួក​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ជាមួយ​នឹង​សេចក្ដី​ជំនឿ គឺ​ជា​ទូទៅ​មិន​ឈាន​ជើង​ចេញ​ដោយសារ​តែ​គោលលទ្ធិ​នោះ​ទេ ។ ពួកគេ​ឈាន​ជើង​ចេញ​ដោយសារ​ពួកគេ​កំពុង​សួរ​សំណួរ​របស់​ពួកគេ នៅក្នុង​បរិបទ​នៃ​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​បណ្ដាល​ឲ្យ​ពួកគេ​មើល​ឃើញ​បញ្ហា​ទាំងនេះ​តាម​រយៈ​កែវភ្នែក​ជាក់លាក់​មួយ​គូ—ជា​ញឹកញាប់​តាមរយៈ​កែវភ្នែក​នៃ​ការមិន​ចូល​ក្នុង​ចំណោម ឬ​ខូចចិត្ត ឬ​មិន​បាន​ដូច​ការរំពឹង​ទុក ។ ប្រសិន​បើ​យើង​ឆ្លើយ​សំណួរ​របស់​ពួកគេ​ដោយ​គ្មាន​ការយល់​ចិត្ត គ្មាន​ការយល់ដឹង​ពី​បរិបទ​ទេ នោះ​យើង​ប្រហែល​ជា​មិន​អាច​ផ្ដល់​ជំនួយ​ដែល​ពួកគេ​ត្រូវការ​នោះ​ទេ ។ ធ្ងន់ធ្ងរ​ជាង​នោះ​ទៅ​ទៀត ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុកដាក់ កាត់សេចក្ដី ឬ​ត្រៀម​ទប់ទល់ នោះ​យើង​នឹង​បាត់បង់​ការទុកចិត្ត​របស់​ពួកគេ និង​ឱកាស​ដើម្បី​មាន​ឥទ្ធិពល​វិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ហើយ ។

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការ « កាន់​តាម​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់ » ។១០ ការប្រាស្រ័យ​ទាក់ទង​របស់​ទ្រង់​ពោរពេញ​ដោយ​ការយល់ចិត្ត តែងតែ​តម្រូវ​ទៅតាម​សេចក្ដី​ត្រូវការ និង​ការយល់ដឹង​របស់​បុគ្គល​ម្នាក់ៗ ។ ជា​លទ្ធផល ពួក​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​មិន​ត្រូវ​ខ្នាត ឬ​មិន​ត្រូវ​តាម​ពុម្ព​នៃ​សិស្ស​ដ៏​ល្អ នៅតែ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ត្រូវបាន​ស្រូប​ទាញ​ទៅកាន់​ទ្រង់ ។ ពួកគេ​បាន​ដឹង​ថា ពួកគេ​ត្រូវការ​ទ្រង់ ។

គំរូ​ដ៏​ប្រពៃ​មួយ​ទៀត​បាន​មក​ពី​ការសិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា នៅ​ឆ្នាំ​នេះ ។ កណ្ឌ​ទី ៨៨ កត់ត្រា​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​សាលា​របស់​ពួកព្យាការី ។ គ្រូ​ត្រូវ​មកដល់​ពីមុន​សិស្ស ហើយ​រៀបចំ​ខ្លួន​គាត់ និង​បន្ទប់​រៀន ។ គាត់​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្វាគមន៍​សិស្ស​ជាមួយ​នឹង​ពាក្យ​ទាំង​នេះ​ផងដែរ ៖

« ខ្ញុំ​សូម​ជម្រាប​សួរ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដោយ​នូវ​ទី​សម្គាល់ ឬ​ការ​ចងចាំ​អំពី​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច គឺ​ខ្ញុំ​ទទួល​រាប់​អាន​អ្នក​នៅ​ក្នុង​សេចក្ដី​សញ្ញា ដោយ​ការ​សម្រេច​ចិត្ត​ដែល​ជាប់ ឥត​កម្រើក ហើយ​ឥត​ប្រែប្រួល ដើម្បី​ជា​មិត្ត និង​ជា​បង​ប្អូន​អ្នក តាម​រយៈ​ព្រះ​គុណ​នៃ​ព្រះ នៅ​ក្នុង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ » ។១១

ខណៈ​ដែល​វា​នឹង​មិន​សមរម្យ​ដើម្បី​ចាប់ផ្ដើម​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន​រាល់​ពេល​តាម​របៀប​នោះ ក៏​ការស្វាគមន៍​នេះ​ណែនាំ​ច្រើន និង​ពេញ​ដោយ​អត្ថន័យ ។ កាលដែល​ស៊ីស្ទើរ វឺជីនៀ ភឺច បានសួរ​ថា « តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពី​បរិយាកាស​រៀនសូត្រ​មួយ​ដែល​ស្ថាបនា​ឡើង​នៅលើ​ការបញ្ជាក់​នៃ​សេចក្ដី​ស្រឡាញ់ និង​ការតាំងចិត្ត​បែបនោះ​មកពី និង​ចំពោះ​សិស្ស​រួម​ថ្នាក់​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែល​ពួកគេ​ត្រូវ​ទុក​ចោល—និង​កម្លាំង​ដែល​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ការពារ និងគាំពារ​ខ្លួន​របស់​ពួកគេ ហើយ​មាន​សម្រាប់​ពួកគេ​ដើម្បី​រៀន និង​រីកចម្រើន និង​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពី​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​បន្ទប់​មួយ ដែល​អ្នក​ចូលរួម​ម្នាក់ៗ​បាន​សច្ចា​ថា​នឹង​ធ្វើ​ជា​មិត្ត និង​ជា​បងប្អូន​ប្រុស​តាមរយៈ​ព្រះគុណ​នៃ​ព្រះ​នៅក្នុង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែរ​ឬ​ទេ ? »១២

គ្រាន់តែ​គិត​អំពី​របៀប​ដែល​នឹង​ផ្លាស់ប្ដូរ​ថ្នាក់​របស់​យើង និង​របៀប​ដែល​វា​នឹង​ផ្ដល់​ពរជ័យ​ដល់​សិស្ស​ម្នាក់ៗ ។ ឧទាហរណ៍ សូម​ស្រមៃ​ថា យុវជន​ម្នាក់​ឈ្មោះ អាឡិច សួរ​ថា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ប្រសិន​បើ​ខ្ញុំ​មិន​យល់​ស្រប​នឹង​គ្រប់​គោលនយោបាយ​របស់​សាសនាចក្រ​នោះ ? » តើ​បងប្អូន​អាច​ឆ្លើយ​តប​តាម​របៀប ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការយល់ចិត្ត​របស់​បងប្អូន​នោះ ? ពិតណាស់ គាត់​នឹង​ត្រូវ​យល់​ពី​តួនាទី​របស់​ព្យាការី និង​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ។ ទោះ​ជា​យ៉ាង​ណា ការណ៍​នេះ​អាច​មិន​មែន​ជា​ការឆ្លើយ​តប ភ្លាមៗ ដែល​មាន​តម្លៃ​បំផុត​នោះ​ទេ ហើយ​វា​អាច​មិន គ្រប់គ្រាន់ សម្រាប់​មនុស្ស​ម្នាក់​ដែល​ពិតជា​កំពុង​ពុះពារ​នោះ ។ មុន​នឹង​យើង​ឆ្លើយតប​ទៅកាន់​សំណួរ​មួយ ឬ​ដឹកនាំ​ការពិភាក្សា​មួយ យើង​អាច​ធ្វើ​បាន​ល្អ បើ​យើង​ព្យាយាម​យល់​ពី​មនុស្ស​ដែល​កំពុង​សួរ ឬ​ក្រុម​ដែល​កំពុង​ពិភាក្សា​នោះ​ជា​មុន​សិន ។ ដូច្នេះ ប្រសិន​បើ​បងប្អូន​មាន​ឱកាស​ដើម្បី​និយាយ​ជាមួយ​អាឡិច​ដោយ​ផ្ទាល់ តើ​អ្វី​ខ្លះ​ទៀត​ទៅ​ដែល​បងប្អូន​ត្រូវ​ដឹង ហើយ​អ្វី​ខ្លះ​ទៀត​ទៅ​ដែល​គាត់​ត្រូវការ​ពី​បងប្អូន ?

ដើម្បី​ចាប់ផ្តើម​យើង​អាច​ស្តាប់​ហើយ​យើង​អាច​អធិស្ឋាន​ដើម្បី​បាន​សមត្ថភាព​ក្នុង​ការដាក់​ខ្លួន​យើង​ទៅ​ក្នុង​ស្ថានភាព​របស់​គាត់ ហើយ​ព្យាយាម​ស្រមៃ​មើល​ពី​អារម្មណ៍​របស់​គាត់ ។ អាឡិច​ប្រហែល​ជា​មិន​មែន​កំពុង​សួរ​សំណួរ​ធម្មតា​នេះ​ទុក​ជា​ការហាត់​ផ្លូវ​ចិត្ត ឬ​គ្រាន់តែ​ដើម្បី​យល់​ពី​គោលលទ្ធិ​នោះ​ទេ ។ អាឡិច​ធ្លាប់​មាន​ប្រវត្តិ​មួយ ។ គាត់​ធ្លាប់​មាន​បទពិសោធន៍ និង​ចំណង​ទាក់ទង ដែល​ខ្លះ​ជា​វិជ្ជមាន និង​ខ្លះ​ទៀត​អវិជ្ជមាន ។ តាមពិត​ទៅ ក្នុង​ករណី​នេះ អាឡិច​មាន​អារម្មណ៍​ថា​មិន​ត្រូវបាន​រាប់​បញ្ចូល​ពេល​គាត់​ទៅ​ព្រះវិហារ និង​ថ្នាក់​វិទ្យាស្ថាន ។ អំឡុង​ពេល​ពិភាក្សា​ដំណឹងល្អ គាត់​មាន​អារម្មណ៍​ខុស​ពី​មនុស្ស​ជា​ច្រើន​ទៀត​ដែល​និយាយ​ចេញ​មក ។ គាត់​ឆ្ងល់​ថា​បើ​មាន​នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​កំពុង​មាន​អារម្មណ៍​ដូច​គាត់​ដែរ​ឬ​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​គ្មាន​នរណា​ម្នាក់​លើក​ឡើង​ពី​សំណួរ​ជាក់លាក់​របស់​គាត់​នោះ​ទេ ។ បទពិសោធន៍​ទាំងនេះ​បាន​បណ្ដាល​ឲ្យ​គាត់​មាន​អារម្មណ៍​ឯកោ​នៅ​ព្រះវិហារ ។ ពេល​គាត់​បាន​ព្យាយាម​ចែកចាយ​ទស្សនៈ​របស់​គាត់ គាត់​មាន​អារម្មណ៍​ថា​ពុំ​មាន​អ្នក​ស្ដាប់ ឬ​យល់​នោះ​ទេ ។ មាន​គ្រា​មួយ គ្រូ​ម្នាក់បាន​និយាយ​ពី​ពុកចង្កា​របស់​គាត់ ។ ក្រោយ​មក សិស្ស​រួម​ថ្នាក់​ម្នាក់​បាន​និយាយ​ពី​បញ្ហា​មួយ​ដែល​អាឡិច​បាន​គិត​ថា​សំខាន់ ។ គាត់​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ត្រូវ​គេ​វិនិច្ឆ័យ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ខឹង​ទៀត​ផង ។

ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​រឿង​មួយ​ទៀត​ដែល​បងប្អូន​ចាំបាច់​ត្រវ​ស្គាល់​និង​ចងចាំ​អំពី​អាឡិច ។ គាត់​នៅតែ​នៅ​ទី​នេះ ។ គាត់​បាន​មក​ថ្នាក់​រៀន ។ គាត់​មក​ដោយសារ​គាត់ស្រឡាញ់​ដំណឹងល្អ និង​សាសនាចក្រ ។ គាត់​កំពុង​ព្យាយាម​តោង​ជាប់​នឹង​សេចក្ដី​ជំនឿ​របស់​គាត់ ហើយ​គាត់​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ គាត់​ក៏​កំពុង​ព្យាយាម​ដោះស្រាយ​ផងដែរ ក្នុង​ចំណោម​អ្វីៗ​ទាំងអស់​ដែល​គាត់​បាន​ឮ និង ឬ​បាន​ជួប​នៅក្នុង​សាសនាចក្រ ដែល​ផ្នែក​ខ្លះ​ជា​គោលលទ្ធិ​ពិត ហើយ​ផ្នែក​ខ្លះ​ទៀត​គឺ​ជា​ទម្លាប់​វប្បធម៌ ឬ​ជា​អ្វី​ដែល​មិន​ត្រឹមត្រូវ ដែល​សមាជិក​ដែល​មាន​បំណងល្អ​បាន​ប្រាប់ ឬ​ធ្វើ​តៗ​គ្នា ។ គាត់​បាន​ជាប់​នៅកណ្ដាល​ការលំបាក​ខាង ផ្លូវ​អារម្មណ៍ ហើយ​គាត់​កំពុង​ព្យាយាម​ដឹង​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ តើ​បងប្អូន​នឹង​ដឹង​អំពី​រឿង​ទាំងអស់​នេះ​ពី​អាឡិច​យ៉ាង​ដូច​ម្ដេច បើ​បងប្អូន​ពុំបាន​ស្ដាប់ និង​ស្វែងរក​ការយល់​ចិត្ត​នោះ ? ឥឡូវ​នេះ ដោយ​បងប្អូន​ស្គាល់​អាឡិច​កាន់តែ​ច្បាស់​ជាង​មុន​បន្តិច បងប្អូន​ដឹង​ថា គាត់​មិន​មែន​កំពុង​សួរ​សំណួរ​អំពី​គោលនយោបាយ​សាសនាចក្រ​នោះ​ទេ ។ សំណួរ​របស់​គាត់​មិន​មែន​គ្រាន់តែ « តើ​សាសនាចក្រ​ពិត​ឬ​អត់ ? » នោះ​ទេ ។ គាត់​ចង់​ដឹង​គឺ « តើ​សាសនាចក្រ​ល្អ​ឬ​អត់ ? » « តើ​មាន​កន្លែង​មួយ​សម្រាប់​ខ្ញុំ​ឬ​ទេ ? » និង « តើ​ខ្ញុំ​ចូល​ចំណោម​យ៉ាង​ណា បើ​ខ្ញុំ​ហាក់​ដូច​ជា​មនុស្ស​តែ​ម្នាក់​ដែល​តែង​មាន​ការសង្ស័យ និង​សំណួរ​នោះ ? »

បងប្អូន​អាច​ជួយ​អាឡិច​គិត​អំពី​សំណួរ​របស់​គាត់ ហើយ​ជួយ​គាត់​មើល​ឃើញ​សំណួរ​ទាំង​នោះ​ក្នុង​ទស្សនវិស័យ​អស់កល្ប​ជានិច្ច​វិញ ។ ពេល​ខ្លះ ការសួរ​សំណួរ​ត្រឹមត្រូវ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការទទួល​បាន​ចម្លើយ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ប៉ុន្តែ​ការមាន​សេចក្ដី​ស្រឡាញ់ និង​ការយល់​ចិត្ត​គ្រប់​គ្រាន់ ដើម្បី​យល់​ពី​គាត់ និង​ដើម្បី​ស្គាល់​បរិបទ​នៃ​សំណួរ​របស់​គាត់ នឹង​ជួយ​បងប្អូន​ឲ្យ​ផ្ដល់​នូវ​ការគាំទ្រ និង​ការណែនាំ​ដែល​គាត់​ត្រូវការ ។ វា​មិន​ងាយ​ស្រួល​ទេ ហើយ​ថែម​ទាំង​អាច​គួរ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ផង ។ ប៉ុន្តែ ខ្ញុំ​មិន​សុំ​ឲ្យ​បងប្អូន​ដឹកនាំ​គ្រប់​ការពិភាក្សា ឬ​ឆ្លើយ​តប​គ្រប់​សំណួរ​ឲ្យ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ស្ដាប់ យល់ចិត្ត និង​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ដែល​មាន​ចំពោះ​ពួក​គេ ។ តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែល​អាឡិច និង​មិត្ត​រួម​ថ្នាក់​របស់​គាត់​ទទួល​អារម្មណ៍ និង​ថាមពល​ដែល​ពីមុន​មក​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ការពារ និង​គាំពារ​ខ្លួន​ពួកគេ ដែល​ឥឡូវ​នេះ​មាន​សម្រាប់​ពួកគេ​ដើម្បី​រៀន និង​រីកចម្រើន និង​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពី​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​បន្ទប់​រៀន​មួយ ដែល​ពោរពេញ​ទៅ​ដោយ​មិត្តភាព និង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែរ​ឬ​ទេ ?

តើ​បងប្អូន​ចាំ​ពី​ការប្រឹក្សា​របស់​អែលឌើរ ឌេល ជី រេនឡាន់ ពី​សន្និសីទ​ទូទៅ​ចុងក្រោយ​ដែរ​ឬ​ទេ ? លោក​បាន​ប្រាប់​ពី​អ្នក​ជំងឺ​ម្នាក់ ដែល​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ជា​ច្រើន​ដង​ដើម្បី​ព្យាបាល​ជំងឺ​មក​ពី​ការបរិភោគ​គ្រឿង​ស្រវឹង ។ គ្រូពេទ្យ​ក្នុង​ការបណ្តុះ​បណ្តាល​ម្នាក់​បាន​អត្ថាធិប្បាយ​ថា គាត់​មាន​អារម្មណ៍​ថា​មិន​យុត្តិធម៌​ទេ​ដែល​គាត់​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​មើល​ថែ​អ្នក​ជំងឺ​នេះ ដោយសារ​តែ​ការលំបាក​នោះ គឺ​លោក​ជា​អ្នក​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង ។

អែលឌើរ រេនឡាន់ បាន​ឮ​គ្រូពេទ្យ​ម្នាក់​ទៀត​តប​ថា « អ្នក​ក្លាយ​ជា​គ្រូពេទ្យ​ម្នាក់​ដើម្បី​មើល​ថែ​មនុស្ស និង​ព្យាបាល​ពួកគេ​ឲ្យ​បាន​ជា ។ អ្នក​មិន​បាន​ក្លាយ​ជា​គ្រូពេទ្យ​ដើម្បី​វិនិច្ឆ័យ​ពួកគេ​ទេ ។ បើ​អ្នក​មិន​យល់​ពី​ភាព​ខុសគ្នា​នេះ​ទេ អ្នក​គ្មាន​សិទ្ធិ​ដើម្បី​មក​ហ្វឹកហាត់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ » ។១៣

បងប្អូន ហើយ​និង​ខ្ញុំ​មិន​បាន​ធ្វើ​គ្រូបង្រៀន​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​វិនិច្ឆ័យ​ដល់​សិស្ស​របស់​យើង​នោះ​ទេ ។ យើង​ក្លាយ​ជា​គ្រូបង្រៀន ដោយសារ​យើង​ចង់​ចង្អុល​បង្ហាញ​ពួកគេ​ទៅកាន់​អង្គ​ព្យាបាល​ដ៏​កំពូល ។ មាន​តែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​វិនិច្ឆ័យ ហើយ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​ព្យាបាល​បាន ។ មាន​តែ​ដោយ​ការផ្តោត​ទៅលើ​ទ្រង់​រាល់​ថ្ងៃ​ប៉ុណ្ណោះ—លើ​គំរូ​ទ្រង់ ការបង្រៀន​របស់​ទ្រង់ និង​ការសន្យា​របស់​ទ្រង់—ដែល​យើង​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ការព្យាបាល និង​ការដឹកនាំ​ដែល​ពួកគេ​ត្រូវការ ។ មិន​ថា​មាន​ការផ្លាស់ប្ដូរ​អ្វី​នៅក្នុង​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការបង្រៀន និង​ការភ្ជាប់​ទំនាក់ទំនង​នឹង​សិស្ស​របស់​យើង​នោះ​ទេ មាន​រឿង​មួយ​នឹង​មិន​ដែល​ផ្លាស់ប្ដូរ​ឡើយ ។ របៀប​ដ៏​សំខាន់​បំផុត​មួយ ដែល​យើង​អាច​ជួយ​បង្កើន​សេចក្ដី​ជំនឿ នៅ ក្នុង​ជំនាន់​ដែល​កំពុង​ពេញវ័យ​គឺ ត្រូវ​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​កណ្ដាល​នៃ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង​ឲ្យ​កាន់តែ​ពេញលេញ តាមរយៈ​ការជួយ​សិស្ស​យើង​ឲ្យ​មក​ស្គាល់​ទ្រង់ រៀន​ពី​ទ្រង់ ហើយ​ខិតខំ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។ ពេល​ភ្លើង​នៃ​ទីបន្ទាល់​រួបរួម​ជាមួយ​នឹង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​បងប្អូន​ចំពោះ​សិស្ស នោះ​បងប្អូន​នឹង​ស្ថិត​នៅក្នុង​ជំហរ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ និង​ពឹង​ផ្អែក​លើ​ការបង្រៀន​របស់​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ហើយ​ដើម្បី​មាន​ភាពសក្ដិសម​នឹង​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

ឥឡូវ​នេះ ខ្ញុំ​សូម​ទៅ​ចូលរួម​នឹង​បងប្រុស ប៊ីកាឡូ និង​បងប្រុស ស៊្មីធ ។