សំណួរ​បន្ថែម​ទៀត​ដែល​​ចោទសួរ​ញឹកញាប់

ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០១៨


ឯកសារ​ភ្ជាប់​មក​ជាមួយ​នឹង​លិខិត​របស់​គណៈប្រធាន​ទីមួយ​អំពី « ការងារបម្រើជាមួយ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ​ដែល​បាន​ពង្រឹង » ចុះ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ បាន​ដាក់​បញ្ចូល​នូវ​ សំណួរ​ព្រមទាំង​ចម្លើយ​ មួយ​ចំនួន​ដើម្បី​ជួយ​អនុវត្ត​នូវ​ការ​ផ្លាស់ប្ដូរ​ដែល​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៨ ។

ចម្លើយ​ចំពោះ​សំណួរបន្ថែម​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ទីនេះ ។​

កូរ៉ុម និង​សមាគម​សង្រ្គោះ

១. តើ​ការ​ផ្ដោត​យកចិត្ត​ទុកដាក់​របស់​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​ពង្រឹង​ដល់​តួនាទី​របស់​ប៊ីស្សព និង​ក្រុមប្រឹក្សា​វួដ​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ ប៊ីស្សព​គឺ​ជា​គឺ​ជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី និង « ផ្តល់​ការណែនាំ និង​ការប្រឹក្សា​ដល់​ពួកអ្នកដឹកនាំ​ដទៃ​ទៀត​នៅក្នុង​វួដ » ( ក្បួនខ្នាតភាគ ១ ២.១.១ ) ។ គាត់​ពិនិត្យ​មើល ហើយ​អនុមតិ​ទៅ​លើ​ការ​ចាត់តាំង​ការងារ​បម្រើ ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ក្រុមប្រឹក្សា​វួដ​បន្ដ​ស្ថិត​នៅ​ក្នុង​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ដើម្បី « ជួយ​ដល់​បុគ្គល​ម្នាក់​ឲ្យ​ស្ថាបនា​ទីបន្ទាល់ ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្រ្គោះ រក្សា​សេចក្តីសញ្ញា​ទាំងឡាយ ហើយ​ប្រែក្លាយ​ជាអ្នកដើរ​តាម​ដែល​បាន​តែងតាំង​របស់​ព្រះយេស៊ូវគ្រីស្ទ » ( ក្បួនខ្នាត​ភាគ ២៤.៤ ) ។ កូរ៉ុម និង​សមាគម​សង្រ្គោះ​ដែល​បាន​ពង្រឹង—មាន​ប្រធាន​របស់​ពួកគេ​ជា​តំណាង ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ—នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ក្រុមប្រឹក្សា​នោះ ។

២. តើ​សមាជិក​នៃ​គណៈប្រធាន​ព្រះវិហារបរិសុទ្ធ បេសកកម្ម និង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយសាសនា​ស្ថិត​នៅ​ក្នុង​កូរ៉ុម​មួយ​ណា ?

បងប្អូន​ប្រុស​ទាំងនេះ​គឺ​ជា​សមាជិក​នៃ​កូរ៉ុម​អែលឌើរ​វួដ​របស់​ពួកគេ ។

៣. នៅ​ក្នុង​ស្ដេក​មួយ តើ​ពួក​សង្ឃ​ជាន់​ខ្ពស់​ដែល​បម្រើ​នៅក្នុង​គណៈប្រធាន​សាខា​គឺ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​សង្ឃ​ជាន់​ខ្ពស់​ឬ​ទេ ?

អត់​ទេ ។ ពួក​សង្ឃ​ជាន់ខ្ពស់​ដែល​បម្រើ​នៅក្នុង​គណៈប្រធាន​សាខា​នៅក្នុង​ស្ដេក​មួយ​ពុំ​មែន​ជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​នោះ​ទេ ។ សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​គឺ​ជា​អស់​អ្នក​ដែល​មាន​ការ​ហៅ​បម្រើ​នៅក្នុង​គណៈប្រធាន​ស្ដេក នៅ​ក្នុង​គណៈប៊ីស្សព នៅ​ក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​ជា​លោក​អយ្យកោ​ដែល​កំពុង​បំពេញ​មុខងារ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ពួកគាត់​ជា​សង្ឃជាន់​ខ្ពស់ ។

៤. តើ​ពួក​អែលឌើរ​ដែល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព ( ឧទាហរណ៍ នៅ​ក្នុង​ស្ដេក​យុវមជ្ឈិមវ័យ​នៅ​លីវ ) ជា​សមាជិក​នៃ​កូរ៉ុម​សង្ឃជាន់ខ្ពស់​ឬ​ទេ ?

អត់​ទេ ។ ពួក​អែលឌើរ​ដែល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព​ពុំ​មែនជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​នោះ​ទេ ។

៥. តើ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​គួរ​សួរសុខទុក្ខ ឬ​សម្ភាស​សមាជិក​កូរ៉ុម​មួយ​ឆ្នាំ​ម្ដង ( សូមមើល ក្បួនខ្នាតភាគ ២ ៧.៣.២ )—បន្ថែម​ពី​លើ​ការ​ធ្វើ​ការ​សម្ភាស​អំពី​ការងារ​បម្រើ​ប្រចាំ​ត្រីមាស​ដែរ​ឬទេ ?

ប្រាកដ​ណាស់ ។ ជា​ចំណែក​នៃ​ការទទួលខុសត្រូវ​ទាំង​អស់​របស់​ពួកគាត់ គណៈប្រធាន​កូរ៉ុម​អែលឌើរ គួរ​តែ​សម្ភាស​សមាជិក​កូរ៉ុម​ទាក់ទង​នឹង​កាតព្វកិច្ច​បព្វជិតភាព​ទាំងអស់—រួមទាំង​សុខុមាលភាព​របស់​អ្នក​កាន់​បព្វជិតភាព ភរិយា​របស់​គាត់ និង​គ្រួសារ​របស់​គាត់—យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្ដង ។ ការ​សម្ភាស​ទាំងនេះ​អាច​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ ។ ការពិភាក្សា​នេះ​ពុំ​គួរ​ដាក់​បញ្ចូល​ជាមួយ​នឹង​ការ​សម្ភាស​អំពី​ការងារ​បម្រើ​ដែល​មាន​ដៃគូ​មក​សម្ភាស​ជាមួយ​គ្នា​ផងដែរ​នោះ​ទេ ។

៦. តើ​នរណា​អាច​ជួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​សម្រេច​បាន​ជោគជ័យ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ?

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​អាច​រៀបចំ​សមាជិក​ដើម្បី​ជួយ​សម្រេច​បាន​នូវ​កិច្ចការ​នេះ​តាម​សេចក្តីត្រូវការ ។ ឧទាហរណ៍ ពួកគាត់​អាច​ហៅ​សមាជិក​ឲ្យ​ដឹកនាំ និង​ជួយ​ជាមួយ​នឹង​កិច្ចការ​ដូចជា ការបម្រើ កិច្ចការ​ពង្សប្រវត្តិ និងព្រះវិហារ​បរិសុទ្ធ ការចែកចាយ​ដំណឹង​ល្អ និង​ខាង​សុខុមាលភាព ។

៧. តើ​វួដ​មួយ​អាច​មាន​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ​ច្រើន​ជាង​មួយ​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៩ នៅ​ពេល​វួដ​មួយ​មាន​ចំនួន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​សកម្ម​ច្រើន​ជាង​ធម្មតា នោះ​ថ្នាក់ដឹកនាំ​អាច​រៀបចំ​កូរ៉ុម​អែលឌើរ​ច្រើន​ជាង​មួយ ។ ក្នុង​ករណី​បែប​នេះ កូរ៉ុម​នីមួយៗ​គួរ​មាន​តុល្យភាព​សមហេតុ​ផល​មួយ​ទាក់ទង​នឹង​អាយុ បទពិសោធន៍ ​តំណែង និង​ភាព​រឹង​មាំ​នៃ​បព្វជិតភាព ។ គោលការណ៍​ស្រដៀង​គ្នា​នេះ​អនុវត្ត​ចំពោះ​សមាគមសង្គ្រោះ​ផងដែរ ។

ការងារ​បម្រើ

៨. តើ​ការងារបម្រើ​អនុវត្ត​ចំពោះសមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​យ៉ាង​ដូចម្ដេច ?

នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព​របស់​ពួកគាត់ ដែល​ជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​វួដ នោះ​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់ និង​គ្រួសារ​របស់​ពួកគេ​នឹង​មាន​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ចាត់​ឲ្យ​ទៅ​គ្រួសារ​ពួកគាត់​ដោយ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​របស់​ពួកគាត់ ។

ដោយសារ​តែ​គណៈប្រធាន​ស្ដេក និង​គណៈប៊ីស្សព​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​សមាជិក​ទាំងអស់​នៅ​ក្នុង​ស្ដេក និង​វួដ នោះ​បងប្អូន​ប្រុស​ទាំងនេះ ជាទូទៅ​ពុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ចំពោះ​បុគ្គល ឬ​ក្រុមគ្រួសារ​ជាក់លាក់​ណា​មួយ​នោះទេ ។ ទីប្រឹក្សា​ជាន់​ខ្ពស់ និង​លោក​អយ្យកោ​ដែល​កំពុង​បំពេញ​មុខងារ​អាច​ត្រូវ​បាន​ចាត់ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ក្នុង​តំបន់​ដែល​បាន​កំណត់​ដោយ​ប្រធាន​ស្ដេក ។ បើ​ពួកគាត់​ត្រូវ​បាន​ចាត់​តាំង នោះ​នឹង​ជា​ការ​ចាត់​តាំង​មក​ពី​ប្រធាន​កូរ៉ុម​អែលឌើរ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព​ក្នុង​វួដ​របស់​ពួកគាត់ ។

បន្ថែម​ពី​លើ​ការ​ទទួលខុសត្រូវ​សំខាន់ៗ​ដទៃ​ទៀត​ដូចជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី និង​ចៅក្រម​នៃ​អ៊ីស្រាអែល ប៊ីស្សព​មាន​ការ​ទទួលខុសត្រូវ​ជាក់​លាក់​មួយ ព្រមជា​មួយ​នឹង​ទីប្រឹក្សា​របស់​ពួកគាត់ ដើម្បី​មើល​ថែ​ដល់​យុវវ័យ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៥ ចែង​ថា « គណៈប៊ីស្សព​គឺជា​គណៈប្រធាន​នៃ​បព្វជិតភាព [ អើរ៉ុន ] នេះ ហើយ​កាន់​កូនសោ​ទាំងឡាយ ឬ​សិទ្ធិ​អំណាច​នៃ​របស់​ដដែល » ។ ក្បួនខ្នាតភាគ ១ ២.២ បាន​ចែង​ថា « សមាជិក​នៃ​គណៈប៊ីស្សព មើលថែ និង​ចិញ្ចឹម​បីបាច់​ដល់​យុវជន និង​យុវនារី​នៅក្នុង​វួដ » ។

ស្រដៀងគ្នា​នេះ​ផងដែរ ប្រធាន​ស្ដេក​គឺ​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី​ក្នុង​ស្ដេក​គឺ​ជា « អ្នកដឹកនាំ​ខាង​វិញ្ញាណ​ដ៏​សំខាន់​នៅក្នុង​ស្តេក » ( ក្បួនខ្នាតភាគ ១១.១.១ ) និង « ធ្វើ​ជា​អធិបតី​លើ​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ » ( ក្បួន​ខ្នាត​ភាគ ១១.១.២ ) ។

៩. តើ​ប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​អាច​ហៅ​ទីប្រឹក្សា​បន្ថែម​ដើម្បី​ជួយ​នៅ​ក្នុងការងារ​បម្រើ​បាន​ឬ​ទេ ?

អត់​ទេ ។ ប្រធាន​មួយ​រូប​មាន​ទីប្រឹក្សា​ពីរ​រូប ។ បើ​អ្នកដឹកនាំ​រកឃើញ​ថា ត្រូវការ​ជំនួយ​បន្ថែម នោះ​ពួកគេ​អាច​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ​អំពី​ការ​ហៅ​លេខា​ដែល​ផ្ដល់​ការងារបម្រើ​ម្នាក់ ឬ​ច្រើននាក់​បាន ។ លេខា​ដែល​ផ្ដល់​ការងារ​បម្រើ​ទាំងនេះ​អាច​ត្រូវ​បាន​ចាត់តាំង ឧទាហរណ៍​ឲ្យ​ដាក់​កាល​វិភាគ​ការសម្ភាស​អំពី​ការងារបម្រើ និង​ឲ្យ​ជួយ​រៀបចំ​របាយការណ៍​នៃ​ការ​សម្ភាស​ប្រចាំ​ត្រីមាស ។

១០. តើ​អ្វី​ទៅ​ជា​តួនាទី​នៃ​អ្នក​សម្របសម្រួល​ការងារបម្រើ និង​អ្នក​គ្រប់គ្រង ?

ការ​ហៅ​បម្រើ​ខាង​អ្នក​សម្របសម្រួល ការងារបម្រើ និង​អ្នក​គ្រប់គ្រង​ការងារ​បម្រើ​ឈប់​មាន​ទៀត​ហើយ ។ អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​មក​កាន់តំណែង​ទាំងនេះ​គួរ​តែ​ត្រូវ​បាន​ដោះ​លែង ។

១១. តើ​នរណា​ដឹកនាំ​ការសម្ភាស​អំពី​ការងារបម្រើ ?

សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​ម្នាក់ៗ​ដឹកនាំ​ការសម្ភាស​អំពី​ការងារបម្រើ ។ សូម្បី​តែ​នៅ​ក្នុង​វួដ​ធំ​មួយ ថ្នាក់ដឹកនាំ​នឹង​ឃើញ​ថា ការសម្ភាស​មាន​ការ​គ្រប់គ្រង​ល្អ នៅពេល​ការ​សម្ភាស​មួយ​ចំនួន​ត្រូវបាន​ធ្វើ​ឡើង​រាល់​សប្ដាហ៍​ដោយ​សមាជិក​នៃ​គណៈប្រធាន​នីមួយៗ ។ ការ​សសម្ភាស​អំពី​ការ​បម្រើ​ពុំ​ចាំបាច់​មាន​រយៈពេល​វែង​ទើប​មាន​ប្រសិទ្ធភាព​នោះ​ទេ ។

១២. តើ​នៅពេល​ណា​ក្នុង​អំឡុង​ត្រីមាស​ដែល​ថ្នាក់ដឹកនាំ​ធ្វើ​ការ​សម្ភាស​អំពី​ការងារ​បម្រើ ?

ការសម្ភាស​អំពី​ការ​បម្រើ​អាច និង​គួរ​តែ​ធ្វើ​ឡើង ក្នុង​រយៈពេល​ពី​ដើម​ត្រីមាស​ដល់​ចុង ត្រីមាស​នីមួយៗ—ដែល​ពុំ​ចាំបាច់​ចាំ​ដល់​សប្ដាហ៍​ចុង​ក្រោយ ឬ​ខែ​ចុង​ក្រោយ​ក្នុង​ត្រីមាស​នោះ​ទេ ។ នៅ​ពេល​ថ្នាក់ដឹកនាំ​ធ្វើ​ការ​សម្ភាស​ជា​ទៀងទាត់ នោះ​ពួកគាត់​នឹង​ឃើញ​ថា ពួកគាត់​អាច​សម្រេច​គោលបំណង​នៃ​ការងារបម្រើ​ទាំងខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

ការដាក់​បញ្ចូល​យុវវ័យ​នៅ​ក្នុង​ការងារបម្រើ

១៣. តើ​យុវជន និង​យុវនារី​អាច​ត្រូវ​បាន​ចាត់​ឲ្យ​ផ្ដល់​ការងារបម្រើ​ជាមួយ​នឹង​ដៃគូ​ដែល​ជា​មជ្ឈិមវ័យ​បាន​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ តាម​សេចក្ដីណែនាំ​នៅក្នុង​ឯកសារ​ថ្មីៗ​អំពី « ការការពារ និង​ការ​ឆ្លើយតប​ចំពោះ​ការ​បំពាន » អនុញ្ញាត​ឲ្យ​មជ្ឈិមវ័យ​អាច​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​ដៃគូ​ផ្ដល់​ការងារ​បម្រើ​ជាមួយ​យុវវ័យ​បាន ។ « ការងារបម្រើ » ពុំ​ត្រូវបាន​ចាត់ទុក​ថា ជា « សកម្មភាព » មួយ ឬ « ថ្នាក់​រៀន » មួយ​ដូច​បាន​យោង​នៅក្នុង​សេចក្ដីណែនាំ​ទាំង​នោះ​ទេ ។

ថ្នាក់ដឹកនាំ​គួរ​តែ​ប្រើ​ការ​វិនិច្ឆ័យ​ដ៏​បំផុសគំនិត​នៅពេល​ធ្វើការ​ចាត់តាំង​យុវវ័យ​ឲ្យ​ធ្វើ​ជា​ដៃគូ​ផ្ដល់​ការងារ​បម្រើ​នោះ ។ ដៃគូ​ដែល​ជា​មជ្ឈិមវ័យ​គួរ​តែ​ចៀស​វាង​ពី​ស្ថានភាព​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ។ ពួកគេ​គួរ​តែ​អនុវត្ត​ការ​មើល​ថែ ដែល​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ជួប​គ្នា​ផ្ទាល់​ដោយនៅ​ដាច់​ពី​គេ​ឯង ដើម្បី​ឲ្យ​យុវវ័យ​មាន​បទពិសោធន៍​សុវត្ថិភាព និង​ជា​រង្វាន់​ជាមួយ​នឹង​ការងារ​បម្រើ ។ បន្ថែម​ពី​លើ​នោះ ដោយ​ភាព​វាងវៃ​ពុំ​គួរ​ចាត់​តាំង​យុវវ័យ​ឲ្យ​ទៅ​ផ្ទះ ឬ​គ្រួសារ​ដែល​មាន​ស្ថានភាព​លំបាក​នោះ​ឡើយ ។

១៤. តើ​ពួក​ម៉ៃម៉េត និង ឡូរ៉ល​ទាំង​អស់​គួរ​តែ​មាន​ការ​ចាត់​តាំង​ផ្ដល់​ការងារ​បម្រើ​ឬទេ ?

ម៉ៃម៉េត និង ឡូរ៉ល អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្ដល់​ការងារ​បម្រើ ។ ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​ប្រឹក្សា​ជាមួយ​នឹង​យុវនារី​ម្នាក់ៗ ហើយ​បើ​ស្ថានភាព​របស់​គាត់​អាច​ធ្វើ​បាន ហើយ​គាត់​មាន​ឆន្ទៈ​ដើម្បី​បម្រើ នោះ​គាត់​អាច​ទទួល​បាន​នូវ​ការ​ចាត់តាំង​ផ្ដល់​ការងារ​បម្រើ​មួយ ។ យុវនារី​បម្រើ​ជា​ដៃគូ​ទៅ​នឹង​បងប្អូន​ស្រ្តី​សមាគម​សង្គ្រោះ ។

១៥. តើ​នរណា​ទាក់ទង​ការចាត់តាំង​ការងារ​បម្រើ​ទៅ​ឲ្យ​យុវវ័យ ?

ពេល​មាន​ការ​អនុមតិ​មក​ពី​ប៊ីស្សព នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ផ្ដល់​ការចាត់តាំង​ការងារបម្រើ​ដល់​ពួក​ម៉ៃម៉េត និង​ឡូរ៉ល ។ ហើយ​នៅ​ពេល​មាន​ការ​អនុមតិ​មក​ពី​ប៊ីស្សព នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ផ្ដល់​ការចាត់តាំង​ការងារបម្រើ​ទៅដល់​ពួកគ្រូ​និងពួក​សង្ឃ ។