ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 68


កណ្ឌ​ទី ៦៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ តាម​សំណូមពរ​ពី អួរសុន ហៃឌ៍, លូកា អែស ចនសុន, ឡៃម៉ាន អ៊ី ចនសុន, និង វិលលាម អ៊ី ម៉័កខ្លេលិន (History of the Church, ១:២២៧–២២៩)។ ទោះ​ជា​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​ទុកជា​ចម្លើយ​ដល់​ការ​ទូល​អង្វរ​សូម​ឲ្យ​បាន​ស្គាល់​គំនិត​នៃ​ព្រះ​អម្ចាស់​អំពី​ពួក​អែលឌើរ​ដែល​បាន​ពោល​ដល់​នោះ​ក៏​ដោយ គង់តែ​ពាក្យ​ពេចន៍​ទាំង​នោះ ទាក់​ទង​ទៅ​នឹង​សាសនាចក្រ​ទាំង​មូល​ដែរ។

១–៥, ពាក្យ​ពេចន៍​នៃ​ពួក​អែលឌើរ គឺជា​បទគម្ពីរ ក្នុង​កាល​បាន​បណ្ដាល​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ; ៦–១២, ពួក​អែលឌើរ​ត្រូវ​ទៅ​ផ្សាយ ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទី​សំគាល់​ទាំង​ឡាយ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ​ពិត; ១៣–២៤, កូន​ច្បង​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​ឡាយ​របស់​អើរ៉ុន អាច​បម្រើ​ជា​ប៊ីស្សព​ដ៏​ជា​អធិបតី (នោះ​គឺជា​ប៊ីស្សព​ដែល​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​គណៈប្រធាន) នៅ​ក្រោម​ការ​ដឹកនាំ​ពី​គណៈប្រធាន​ទី​មួយ; ២៥–២៨, ពួក​ឪពុក​ម្ដាយ​ត្រូវ​បញ្ជា​ឲ្យ​បង្រៀន​ដំណឹង​ល្អ​ដល់​កូន​ចៅ​របស់​ខ្លួន; ២៩–៣៥, ពួក​បរិសុទ្ធ​ត្រូវ​ប្រព្រឹត្ត​តាម​ថ្ងៃ​ឈប់​សម្រាក ធ្វើ​ការងារ​ដោយ​មាន​ចិត្ត​ព្យាយាម ហើយ​អធិស្ឋាន។

អួរសុន ហៃឌ៍ ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​បាន​ហៅ​ដោយ​ការ​តែងតាំង​របស់​គាត់ ដើម្បី​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជា​និច្ច ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ពី​ប្រជាជន​មួយ​ទៅ​ប្រជាជន​មួយ និង​ពី​ដែនដី​មួយ​ទៅ​ដែនដី​មួយ នៅ​ក្នុង ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ពួក​ទុច្ចរិត នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​ពួក​គេ ដោយ​ពិភាក្សា​ជាមួយ​ពួក​គេ ហើយ​បរិយាយ​គ្រប់​បទគម្ពីរ​ដល់​ពួក​គេ។

ហើយ​មើល​ចុះ និង​មើល​ន៏ នេះ​គឺជា​គំរូ​មួយ​ដល់​អស់​អ្នក​ណា ដែល​បាន​តែងតាំង​ចំពោះ​បព្វជិតភាព​នេះ រីឯ​បេសកកម្ម​របស់​ពួក​គេ គឺ​ត្រូវ​បាន​ចាត់​ឲ្យ​ពួក​គេ​ចេញ​ទៅ —

ហើយ​នេះ​គឺជា​គំរូ​មួយ​ដល់​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​និយាយ ដូចដែល​បាន​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ហើយ​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​នឹង​និយាយ កាលណា​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​ទៅ​ជា​បទគម្ពីរ នឹង​ទៅ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​គំនិត​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​សំឡេង​នៃ​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ។

មើល​ចុះ ឱ​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ នេះ​ហើយ​ជា​សេចក្ដី​សន្យា​នៃ​ព្រះ​អម្ចាស់​ដល់​អ្នក។

ហេតុ​ដូច្នោះ​ហើយ ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ គង់នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក ហើយ​អ្នក​នឹង​ថ្លែង​ទី​បន្ទាល់​អំពី​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ថា​យើង​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ថា​យើង​គង់នៅ​តាំង​ពី​ដើម ហើយ​យើង​នៅ​ឥឡូវ​នេះ ហើយ​ថា​យើង​ត្រូវ​យាង​មក​ទៀត។

នេះ​គឺជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ដល់​អ្នក អួរសុន ហៃឌ៍ ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ដល់ លូកា ចនសុន ជា​អ្នក​បម្រើ​របស់​យើង​ផង និង​ដល់ ឡៃម៉ាន ចនសុន ជា​អ្នក​បម្រើ​របស់​យើង និង​ដល់ វិលលាម អ៊ី ម៉័កខ្លេលិន ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​អស់​ទាំង​ពួក​អែលឌើរ​ដែល​មាន​ចិត្ត​ស្មោះត្រង់​នៃ​សាសនាចក្រ​របស់​យើង —

ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកិយ​ទាំង​មូល ផ្សាយដំណឹង​ល្អ​ទូ​ទៅ​ដល់​គ្រប់​សត្វ​លោក​ទាំង​អស់ ដោយ​ធ្វើ​ការ​ដោយ​នូវ​សិទ្ធិ​អំណាច​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ។

ហើយ​អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​នឹង​ត្រូវ​បាន​សង្គ្រោះ ហើយ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​នឹង​ត្រូវ​ជាប់​ទោស។

១០ហើយ​អ្នក​ណា​ដែល​ជឿ នោះ​នឹង​បាន​ពរ ដោយ​មាន​ទី​សំគាល់​ទាំង​ឡាយ​ជាប់​តាម​ពី​ក្រោយ គឺ​ដូចដែល​បាន​សរសេរ​ទុក​នោះ​ហើយ។

១១ហើយ​ចំពោះ​អ្នក គឺ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​បាន​ស្គាល់​ទី​សំគាល់​ទាំង​ឡាយ​អំពី​សម័យ​កាល និង​ទី​សំគាល់​ទាំង​ឡាយ​អំពី​ការ​យាង​មក​នៃ​កូន​មនុស្ស

១២ហើយ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ព្រះ​វរបិតា​នឹង​ធ្វើ​ទី​បន្ទាល់​ដល់ នោះ​នឹង​មាន​អំណាច​ប្រទាន​ដល់​អ្នក ដើម្បី​ភ្ជាប់​ពួក​គេ​ទៅ​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ អាម៉ែន។

១៣ហើយ​ឥឡូវ​នេះ ស្ដី​អំពី​រឿង​ផ្សេងៗ​ថែម​ទៅ​នឹង​សេចក្ដី​សញ្ញា និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ រឿង​ទាំង​នោះ​គឺថា —

១៤មាន​ពី​ពេល​នេះ​ត​ទៅ នៅ​ក្នុង​ពេល​កំណត់​នៃ​ព្រះ​អម្ចាស់ ត្រូវ​មាន​ប៊ីស្សព​ផ្សេងៗ​ទៀត ដែល​ត្រូវ​ញែក​ចេញ​ចំពោះ​សាសនាចក្រ ដើម្បី​បម្រើ​ដូច​ជា​ប៊ីស្សព​ទី​មួយ​ដែរ

១៥ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ត្រូវ​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់​ដែល​សក្ដិសម ហើយ​ពួក​គេ​ត្រូវ​បាន​តែងតាំង​ដោយ​គណៈប្រធាន​ទី​មួយ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក លើក​លែងតែ​ពួក​គេ​ត្រូវ​ជា​ពូជ​ពង្ស​នៃ​លោក​អើរ៉ុន​ពិត។

១៦ហើយ​បើ​សិន​ជា​ពួក​គេ​ជា​ពូជ​ពង្ស​នៃ​លោក​អើរ៉ុន​ពិតមែន នោះ​ពួក​គេ​មាន​សិទ្ធិ​ពេញ​ច្បាប់​ចំពោះ​គណៈប៊ីស្សព បើ​សិន​ជា​ពួក​គេ​ត្រូវ​ជា​កូន​ច្បង​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក​អើរ៉ុន

១៧ត្បិត​កូន​ច្បង​កាន់​នូវ​សិទ្ធិ​នៃ​គណៈប្រធាន​លើ​បព្វជិតភាព​នេះ និង​កូន​សោ​ទាំង​ឡាយ ឬ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​នេះ​ដែរ។

១៨គ្មាន​មនុស្ស​ណា​ម្នាក់​មាន​សិទ្ធិ​ពេញ​ច្បាប់​ចំពោះ​តំណែង​នេះ ដើម្បី​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នេះ​ឡើយ លើក​លែងតែ​អ្នក​នោះ​ជា​ពូជ​ពង្ស និង​ជា​កូន​ច្បង​នៃ​លោក​អើរ៉ុន​ពិត​ប៉ុណ្ណោះ។

១៩ប៉ុន្តែ ដូច​ជា​សង្ឃ​ជាន់​ខ្ពស់​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ការ ក្នុង​តំណែង​តូច​ជាង នោះ​គាត់​អាច​ធ្វើ​ការ​ក្នុង​តំណែង​ជា​ប៊ីស្សព​បាន​ដែរ កាលណា​មិន​អាច​រក​បាន​ពូជ​ពង្ស​នៃ​លោក​អើរ៉ុន​ពិត ឲ្យ​តែ​អ្នក​នោះ​ត្រូវ​បាន​ហៅ ហើយ​ញែក​ចេញ និង​តែងតាំង​ដល់​អំណាច​នេះ​នៅ​ក្រោម​ដៃ​នៃ​គណៈប្រធាន​ទី​មួយ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក។

២០ហើយ​ឯ​ពូជ​ពង្ស​នៃ​លោក​អើរ៉ុន​ពិត​ក៏​ត្រូវ​បាន​ញែក​ចេញ​ដោយ​គណៈប្រធាន​នេះ​ដែរ ហើយ​ឲ្យ​ឃើញ​ថា​សក្ដិសម និង​លាប និង​តែងតាំង នៅ​ក្រោម​ដៃ​នៃ​គណៈប្រធាន​នេះ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​ពុំ​បាន​អនុញ្ញាត​ដោយ​ពេញ​ច្បាប់ ដើម្បី​ធ្វើ​ការ​ក្នុង​បព្វជិតភាព​របស់​ពួក​គេ​ឡើយ។

២១ប៉ុន្តែ​ដោយ​គុណធម៌​នៃ​បញ្ញត្តិ​ស្ដី​អំពី​សិទ្ធិ​នៃ​បព្វជិតភាព​របស់​ពួក​គេ ចុះ​ពី​ឪពុក​មក​ដល់​កូន​ប្រុស នោះ​ពួក​គេ​អាច​ទាមទារ​ការ​លាប​របស់​ពួក​គេ​បាន បើ​សិន​ជា​ពេល​ណា​មួយ​ពួក​គេ​អាច​បញ្ជាក់​ពី​ពូជ​ពង្ស​របស់​ពួក​គេ​បាន​មែន ឬ​តាម​ការ​បញ្ជាក់​ដោយ​វិវរណៈ​ពី​ព្រះ​អម្ចាស់​នៅ​ក្រោម​ដៃ​នៃ​គណៈប្រធាន​តាម​ឈ្មោះ​ខាង​លើ​នេះ។

២២ហើយ​ជា​ថ្មី​ទៀត គ្មាន​ប៊ីស្សព ឬ​សង្ឃ​ជាន់​ខ្ពស់​ណា​ដែល​បាន​ញែក​ចេញ​សម្រាប់​ការងារ​បម្រើ​នេះ ត្រូវ​កាត់ក្ដី ឬ​ដាក់​ទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​ណា​មួយ​ឡើយ លើក​លែងតែ​នៅ​ចំពោះ​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នេះ​ប៉ុណ្ណោះ

២៣ហើយ​ដរាបណា​រក​ឃើញ​ថា​អ្នក​នោះ​មាន​ទោស​នៅ​ចំពោះ​គណៈប្រធាន​នេះ​មែន ដោយ​សារ​ទី​បន្ទាល់​ដែល​គ្មាន​ការ​សង្ស័យ អ្នក​នោះ​ត្រូវ​ដាក់​ទោស

២៤ហើយ​បើ​សិន​ជា​គាត់​ប្រែ​ចិត្ត អ្នក​នោះ​នឹង​ត្រូវ​បាន​អត់​ទោស​តាម​សេចក្ដី​សញ្ញា និង​បញ្ញត្តិ​ទាំង​ឡាយ​នៃ​សាសនាចក្រ។

២៥ហើយ​ជា​ថ្មី​ទៀត ដរាបណា​ឪពុក​ម្ដាយ​មាន​កូន​ចៅ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ឬ​នៅ​ក្នុង​ស្តេក​ណា​មួយ​ដែល​បាន​រៀបចំ​ឡើង​ក្ដី ដែល​ពុំ​បាន​បង្រៀន​កូន​ចៅ​ឲ្យ​យល់​នូវ​គោល​លទ្ធិ​អំពី​ការ​ប្រែ​ចិត្ត សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង​អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​និង​អំពី​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ កាល​មាន​អាយុ​៨​ឆ្នាំ​ទេ នោះ​អំពើ​បាប​នឹង​ធ្លាក់​មក​លើ​ក្បាល​របស់​ឪពុក​ម្ដាយ​វិញ។

២៦ហើយ​នេះ​ត្រូវ​ទៅ​ជា​ក្រឹត្យ​វិន័យ​ដល់​បណ្ដាជន​នៃ​ក្រុង​ស៊ីយ៉ូន ឬ​នៅ​ក្នុង​ស្តេក​ណា​មួយ​ដែល​បាន​រៀបចំ​ឡើង។

២៧ហើយ​កូន​ចៅ​របស់​ពួក​គេ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ខ្លួន កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ និង​ទទួល​ការ​ដាក់​ដៃ​លើ។

២៨ហើយ​ពួក​គេ​ក៏​ត្រូវ​បង្រៀន​កូន​ចៅ​របស់​ខ្លួន​ឲ្យ​អធិស្ឋាន និង​ឲ្យ​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះ​អម្ចាស់។

២៩ហើយ​បណ្ដាជន​នៃ​ក្រុង​ស៊ីយ៉ូន​ក៏​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ទុកជា​បរិសុទ្ធ។

៣០ហើយ​បណ្ដាជន​នៃ​ក្រុង​ស៊ីយ៉ូន​ក៏​ត្រូវ​ចងចាំ​ពី​ការងារ​ទាំង​ឡាយ​របស់​ពួក​គេ​ដែរ ដរាបណា​ដែល​ពួក​គេ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការ​ដោយ​នូវ​អស់​ទាំង​សេចក្ដី​ស្មោះត្រង់ ត្បិត​មនុស្ស​ខ្ជិលច្រអូស​នឹង​ត្រូវ​បាន​ចងចាំ​ទុក​នៅ​ចំពោះ​ព្រះ​អម្ចាស់។

៣១ឥឡូវ​នេះ យើង​ជា​ព្រះ​អម្ចាស់ មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​បណ្ដាជន​នៃ​ក្រុង​ស៊ីយ៉ូន​ឡើយ ត្បិត​ពួក​គេ​មាន​មនុស្ស​ខ្ជិលច្រអូស​នៅ​ក្នុង​ចំណោម​ពួក​គេ; ហើយ​កូន​ចៅ​របស់​ពួក​គេ​ក៏​កំពុង​ធំ​ឡើង​ក្នុង​អំពើ​ទុច្ចរិត​ដែរ ពួក​គេ​ក៏​មិន​ព្យាយាម​ស្វែងរក​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ដែរ ប៉ុន្តែ​ភ្នែក​ទាំង​ឡាយ​របស់​ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​ភាព​លោភលន់​វិញ។

៣២ការណ៍​ទាំង​នេះ​មិន​គួរ​គប្បី​ឲ្យ​មាន​ឡើយ ហើយ​ត្រូវ​កម្ចាត់​ពី​ចំណោម​ពួក​គេ​ចេញ ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រាប់​ដែនដី​ស៊ីយ៉ូន​ចុះ។

៣៣ហើយ​យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​ពួក​គេ — ថា​អ្នក​ណា​ដែល​មិន​គោរព​តាម​បទ​អធិស្ឋាន​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់​នៅ​ក្នុង​រដូវ​នោះ​ទេ ចូរ​ឲ្យ​អ្នក​នោះ​បាន​នៅ​ក្នុង​ការ​ចងចាំ​នៅ​ចំពោះ​ចៅក្រម​នៃ​ប្រជារាស្ត្រ​របស់​យើង​ចុះ។

៣៤ពាក្យ​ទាំង​នេះ​ពិត​ហើយ​ស្មោះត្រង់ ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​រំលង​ពាក្យ​ទាំង​នេះ ឬ​ក៏​ដក​អ្វី​ចេញ​ពី​ពាក្យ​ទាំង​នេះ​ឡើយ។

៣៥មើល​ចុះ យើង​ជា​អាលផា និង​អូមេកា ហើយ​យើង​យាង​មក​ជា​ឆាប់។ អាម៉ែន៕