ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 121


កណ្ឌ​ទី ១២១

បទ​អធិស្ឋាន និង​បទ​ព្យាករណ៍​ទាំង​ឡាយ ដែល​បាន​សរសេរ​ដោយ យ៉ូសែប ស៊្មីធ ជា​ព្យាការី កាល​លោក​ជាប់​នៅ​ក្នុង​គុក នៅ​ក្រុង​លិបើទី រដ្ឋ​មិសសួរី នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៨៣៩ (History of the Church, ៣:២៨៩–៣០០)។ ព្យាការី និង​គូកន​ទាំង​ឡាយ​ត្រូវ​បាន​ជាប់​គុក​អស់​ជា​ច្រើន​ខែ។ សំណូមពរ និង​ការ​អំពាវនាវ​ទាំង​ឡាយ​របស់​ពួក​គេ ដែល​បាន​សុំ​ដល់​ក្រសួង​រដ្ឋការ និង​ក្រ​សួង​តុលាការ នោះ​ពុំ​ឃើញ​ផ្ដល់​ការ​រំដោះ​សោះ។

១–៦, ព្យាការី​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​ឲ្យ​ជួយ​រំដោះ​ទុក្ខ​ដល់​ពួក​បរិសុទ្ធ; ៧–១០, ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​នូវ​សេចក្ដី​សុខសាន្ត​ដល់​លោក; ១១–១៧, មាន​បណ្ដាសា​ហើយ​ដល់​អស់​អ្នក​ណា​ដែល​បន្លឺ​សំឡេង​ក្លែងក្លាយ​ប្រាប់​អំពី​ការ​រំលង​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​អម្ចាស់; ១៨–២៥, ពួក​គេ​នឹង​ពុំ​មាន​សិទ្ធិ​បាន​បព្វជិតភាព​ឡើយ ហើយ​នឹង​ជាប់​ទោស; ២៦–៣២, វិវរណៈ​ដ៏​រុងរឿង​ទាំង​ឡាយ​ត្រូវ​បាន​សន្យា​ដល់​អស់​អ្នក​ណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន; ៣៣–៤០, ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ហៅ ហើយ​មាន​តែ​បន្តិចបន្តួច​ទេ​ដែល ត្រូវ​បាន​រើស; ៤១–៤៦, បព្វជិតភាព​គប្បី​ប្រើប្រាស់​នៅ​ក្នុង​សេចក្ដី​សុចរិត​តែប៉ុណ្ណោះ។

ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា? ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្រប​បាំង​ទី​បំពួន​ទ្រង់​នៅ​ទីណា?

តើ​ព្រះ​ហស្ត​ទ្រង់​នឹង​ទប់​ទុក ហើយ​ព្រះ​នេត្រ​ទ្រង់ មែន​ហើយ ព្រះ​នេត្រ​ដ៏​សុទ្ធសាធ​របស់​ទ្រង់ ដែល​ទត​មើល​មក​ពី​ស្ថាន​សួគ៌​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នូវ​កំហុស​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​ទ្រង់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​នឹង​ព្រះ​កាណ៌​ទ្រង់ ដែល​ឮ​សម្រែក​របស់​ពួក​គេ ដល់​ណា​ទៅ?

មែន​ហើយ ឱ​ព្រះ​អម្ចាស់​អើយ តើ​ពួក​គេ​ត្រូវ​រង​ទុក្ខ​ចំពោះ​កំហុស និង​ការ​សង្កត់សង្កិន​ដ៏​ខុសច្បាប់​ទាំង​នេះ​ដល់​ណា​ទៅ​មុន​ព្រះ​ហឫទ័យ​របស់​ទ្រង់​នឹង​បាន​ទន់​ទៅ​រក​ពួក​គេ ហើយ​មុន​ព្រះ​អង្គ​មាន​ចិត្ត​ក្ដួល​ដោយ​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ?

ឱ​ព្រះ​អម្ចាស់​អើយ ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ជា​ព្រះ​បង្កើត​ផ្ទៃ​មេឃ ផែនដី និង​សមុទ្រ​ទាំង​ឡាយ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ទី​នោះផង ហើយ​ជា​អ្នក​កាន់កាប់ និង​បង្ក្រាប​អារក្ស និង​អំណាច​ងងឹត​ងងល់​នៃ​សេយ៉ូល — សូម​សន្ធឹង​ព្រះ​ហស្ត​ទ្រង់​ផង សូម​ឲ្យ​ព្រះ​នេត្រ​ទ្រង់ បាន​ទត​មើល​ធ្លុះ សូម​ឲ្យ​ព្រះ​ពន្លា​ទ្រង់​បាន​លើក​ឡើង សូម​កុំ​ឲ្យ​ទី​បំពួន​ទ្រង់​បាន​គ្រប​បាំង​ឡើយ សូម​ឲ្យ​ព្រះ​កាណ៌​ទ្រង់​ផ្ទៀង​ស្ដាប់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​ទន់ ហើយ​សូម​ឲ្យ​ទ្រង់​មាន​ចិត្ត​ក្ដួល ដោយ​សេចក្ដី​មេត្តាករុណា​ដល់​ទូលបង្គំ​ទាំង​ឡាយ​ផង​ចុះ។

សូម​ឲ្យ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ឆួល​ឡើង​ទាស់​នឹង​ពួក​ខ្មាំងសត្រូវ​របស់​ពួក​ទូលបង្គំ ហើយ​នៅ​ក្នុង​សេចក្ដី​ឃោរឃៅ​នៃ​ព្រះ​ហឫទ័យ​របស់​ទ្រង់ សូម​ព្រះ​អង្គ​សងសឹក​ដោយ​ដាវ​របស់​ទ្រង់​ពី​ការ​អយុត្តិធម៌​ទាំង​ឡាយ​ឲ្យ​ពួក​ទូលបង្គំ​ផង​ចុះ។

សូម​នឹក​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​លំបាក ឱ​ព្រះ​របស់​ទូលបង្គំ​អើយ ហើយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នឹង​ត្រេកអរ​ចំពោះ​ព្រះ​នាម​របស់​ទ្រង់​ជា​រៀង​ដរាប​ត​ទៅ។

បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ អ្នក​នឹង​បាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ទាំង​អស់។

មិត្តភក្តិ​ទាំង​ឡាយ​របស់​អ្នក​កំពុង​ឈរ​គាំទ្រ​អ្នក ហើយ​ពួក​គេ​នឹង​ជម្រាប​សួរ​អ្នក​ដោយ​ចិត្ត​សាទរ និង​ដៃ​សោមនស្ស​ទៀត។

១០អ្នក​ពុំ​ទាន់​បាន​ដូច​យ៉ូប​ទេ មិត្តភក្តិ​ទាំង​ឡាយ​របស់​អ្នក ពុំ​បាន​ទាស់​នឹង​អ្នក ឬ​ចោទ​ប្រកាន់​ថា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង ដូច​ជា​ពួក​គេ​បាន​ធ្វើ​ដល់​យ៉ូប​នោះ​ទេ។

១១ហើយ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ថា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង នោះ​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​នឹង​ត្រូវ​បាន​បែក​ខ្ទេច​ខ្ទី ហើយ​សេចក្ដី​ប្រាថ្នា​របស់​ពួក​គេ​នឹង​ត្រូវ​បាន​រលាយ​បាត់​ទៅ ដូច​ជា​ទឹកសន្សើម​កករ​លាយ នៅ​ពេល​ព្រះ​អាទិត្យ​រះ​រស្មី​ចែងចាំង​មក

១២ហើយ​ព្រះ​ទ្រង់​ព្រម​ទាំង​ដាក់​ព្រះ​ហស្ត​ទ្រង់ និង​ត្រា ដើម្បី​ប្ដូរ​ពេល​វេលា និង​រដូវ​ទាំង​ឡាយ ហើយ​ដើម្បី​បំបាំង​គំនិត​របស់​ពួក​គេ ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​អាច​យល់​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ទ្រង់​ពិសោធ​ពួក​គេ​ផង​ដែរ ហើយ​ចាប់​ពួក​គេ​នៅ​ក្នុង​ឧបាយកល​របស់​ខ្លួន​គេ​ផ្ទាល់

១៣មក​ពី​ដួង​ចិត្ត​ពួក​គេ​ពុករលួយ ព្រម​ទាំង​អ្វីៗ​ទាំង​ឡាយ​ដែល​ពួក​គេ​យល់​ព្រម​ធ្វើ​ដល់​អ្នក​ដទៃ ហើយ​ចូល​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ផ្សេង​រង​ទុក្ខ នោះ​សូម​ឲ្យ​កើត​ដល់​ខ្លួន​គេ​ដោយ​ពេញ​ទំហឹង​ចុះ

១៤ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ខក​ចិត្ត​ដែរ ហើយ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម

១៥ហើយ​មិន​យូរប៉ុន្មាន​ឆ្នាំ​ពី​នេះ​ទៅ សូម​ឲ្យ​ពួក​គេ និង​ពូជ​ពង្ស​របស់​ពួក​គេ​ត្រូវ​បាន​កម្ចាត់​ចេញ​ពី​ក្រោម​មេឃ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ប្រយោជន៍​កុំ​ឲ្យ​មាន​ពួក​គេ​ណា​មួយ​នៅ​សល់ ដើម្បី​ឈរ​នៅ​ក្បែរ​កំផែង​ឡើយ។

១៦មាន​បណ្ដាសា​ហើយ​ដល់​អស់​អ្នក​ណា​ដែល​នឹង​លើក​កែង​ជើង​ទាស់​នឹង​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ស្រែក​ប្រាប់​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប ក្នុង​កាល​ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​នៅ​ចំពោះ​យើង​ផង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ប៉ុន្តែ​បាន​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​សម​នឹង​ភ្នែក​យើង និង​អ្វី​ដែល​យើង​បាន​បញ្ជា​ដល់​ពួក​គេ។

១៧ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ស្រែក​ប្រាប់​ពី​អំពើ​រំលង​នោះ​បាន​ធ្វើ​ឡើង មក​ពី​ពួក​គេ​សុទ្ធ​តែ​ជា​ពួក​អ្នក​បម្រើ​នៃ​អំពើ​បាប ហើយ​ជា​កូន​ចៅ​នៃ​ការ​មិន​គោរព​ប្រតិបត្តិ​តាម​ខ្លួន​ឯង​នោះ​ហើយ។

១៨ហើយ​អស់​អ្នក​ណា​ដែល​ស្បថ​ក្លែងក្លាយ​ទាស់​នឹង​ពួក​អ្នក​បម្រើ​របស់​យើង ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​នាំ​ពួក​អ្នក​បម្រើ​របស់​យើង​ចូល​ក្នុង​សេវក​ភាព និង​សេចក្ដី​ស្លាប់ —

១៩វេទនា​ដល់​ពួក​នោះ ពី​ព្រោះ​ពួក​គេ​បាន​ជំទាស់​កូន​តូច​របស់​យើង នោះ​ពួក​គេ​នឹង​ត្រូវ​បាន​កាត់​ចេញ​ពី​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណាក់​របស់​យើង។

២០កញ្ជើ​របស់​ពួក​គេ​នឹង​មិន​បាន​ពេញ​ឡើយ ផ្ទះ​សំបែង​របស់​ពួក​គេ និង​ជង្រុក​របស់​ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​រីឯ​ខ្លួន​គេ​នោះ​នឹង​ត្រូវ​គេ​មើល​ងាយ ដោយ​ពួក​អ្នក​ដែល​បញ្ជោរ​ខ្លួន។

២១ពួក​គេ​នឹង​ពុំ​មាន​សិទ្ធិ​បាន​បព្វជិតភាព​ឡើយ ព្រម​ទាំង​ពូជ​ពង្ស​របស់​ពួក​គេ​បន្តបន្ទាប់​មក​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ដែរ។

២២គ្រាន់បើ​ដល់​ពួក​គេ​ហើយ បើ​សិន​ជា​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​ចងក​ពួក​គេ ហើយ​ពួក​គេ​លង់​ទៅ​ក្នុង​ជម្រៅ​នៃ​សមុទ្រ។

២៣វេទនា​ដល់​អស់​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​រាស្ត្រ​យើង ហើយ​បណ្ដេញ និង​ធ្វើ​ឃាត និង​ថ្លែង​ទី​បន្ទាល់​ទាស់​នឹង​ពួក​គេ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ពូជ​ពស់វែក​នឹង​មិន​ដែល​រួច​ផុត​ពី​សេចក្ដី​ជាប់​ទោស​នៃ​ស្ថាន​នរក​ឡើយ។

២៤មើល​ចុះ ភ្នែក​យើង​ទត​មើល​ឃើញ ហើយ​ស្គាល់​អស់​ទាំង​កិច្ចការ​របស់​ពួក​គេ ហើយ​យើង​ទុក​សេចក្ដី​ជំនុំ​ជំរះ​ឲ្យ​មក​ជា​ឆាប់​តាម​រដូវ​កាល​វា គឺ​សម្រាប់​ពួក​គេ​ទាំង​អស់

២៥ត្បិត​មាន​ពេល​វេលា​កំណត់ទុក​សម្រាប់​មនុស្ស​គ្រប់​រូប ស្រប​តាម​កិច្ចការ​របស់​ខ្លួន។

២៦ព្រះ​ទ្រង់​នឹង​ប្រទាន​តម្រិះ​ដល់​អ្នក​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ មែន​ហើយ ដោយ​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ពុំ​អាច​ប្រាប់​បាន ដែល​ពុំ​ទាន់​បាន​បើក​សម្ដែង​ប្រាប់ ចាប់​តាំង​ពី​កំណើត​លោកិយ រហូត​មក​ដល់​ពេល​ឥឡូវ​នេះ

២៧ដែល​ពួក​ដូនតា​របស់​យើង​បាន​ទន្ទឹង​ចាំ​ដោយ​អន្ទះសា សូម​ឲ្យ​បាន​បើក​សម្ដែង​ប្រាប់ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ដែល​ចិត្ត​គំនិត​របស់​ពួក​គេ​បាន​តម្រង់​ទៅ​រក ដោយ​ពួក​ទេវតា​ដូច​ជា​បាន​រក្សាទុក សម្រាប់​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​របស់​ពួក​គេ

២៨ជា​ពេល​វេលា​ដែល​នឹង​មក​ដល់ ដោយ​គ្មាន​អ្វី​ណា​មួយ​ដែល​ត្រូវ​រក្សាទុក​នោះ​ឡើយ ទោះ​ជា​មាន​ព្រះ​តែ​មួយ​អង្គ ឬ​ច្រើន​អង្គ​ក្ដី គង់តែ​ពួក​គេ​នឹង​បាន​សម្ដែង​ដែរ។

២៩គ្រប់​ទាំង​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង ក្សត្រ​បុរី និង​អំណាច​ទាំង​ឡាយ នឹង​ត្រូវ​បាន​បើក​សម្ដែង ហើយ​ប្រទាន​មក​លើ​អស់​អ្នក​ណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន ដើម្បី​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។

៣០ហើយ​បន្ថែម​ទៀត បើ​សិន​ជា​មាន​កម្រិត​ដល់​ផ្ទៃ​មេឃ ឬ​ដល់​សមុទ្រ​ទាំង​ឡាយ ឬ​ដល់​ដីគោក ឬ​ដល់​ព្រះ​អាទិត្យ ព្រះ​ចន្ទ ឬ​តារា​ទាំង​ឡាយ —

៣១គ្រប់​ពេល​វេលា​នៃ​ការ​វិល​នៃ​របស់​ទាំង​នោះ គ្រប់​កំណត់​ថ្ងៃ ខែ និង​ឆ្នាំ​ទាំង​ឡាយ និង​គ្រប់​ទាំង​ថ្ងៃ​នៃ​ថ្ងៃ ខែ និង​ឆ្នាំ​នៃ​របស់​ទាំង​នោះ និង​គ្រប់​ទាំង​សិរី​ល្អ ច្បាប់ និង​ពេល​កំណត់​នៃ​របស់​ទាំង​នោះ នោះ​នឹង​ត្រូវ​បាន​បើក​សម្ដែង នៅ​ក្នុង​ថ្ងៃ​នៃ​ការ​កាន់កាប់​ត្រួតត្រា នៃ​ពេល​ពេញ​កំណត់ —

៣២ស្រប​តាម​អ្វី​ដែល​បាន​តែងតាំង​ឡើង នៅ​ចំ​កណ្ដាល​ក្រុម​ប្រឹក្សា នៃ​ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច លើ​ព្រះ​នានា​ទាំង​អស់ មុន​កំណើត​លោកិយ​នេះ​ម្ល៉េះ ដែល​ត្រូវ​បាន​រក្សាទុក​ចំពោះ​ការ​បង្ហើយ និង​ការ​បញ្ចប់​លោកិយ​ក្នុង​កាល​មនុស្ស​គ្រប់​រូប​នឹង​បាន​ចូល​ទៅ​ក្នុង​វត្ត​មាន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ និង​ទៅ​ក្នុង​សេចក្ដី​សម្រាក​ដ៏​អមត​របស់​ទ្រង់។

៣៣តើ​ទឹក​ហូរ​នឹង​នៅ​កខ្វក់​យូរ​ប៉ុណ្ណា​ទៅ? តើ​អំណាច​អ្វី​ដែល​នឹង​បញ្ឈប់​សួគ៌ា​បាន? ដូច​ជា​មនុស្ស​ណា​ម្នាក់​លាត​ដៃ​ខ្សោយ​ទៅ​បញ្ឈប់​ទន្លេ​មិសសួរី នៅ​ក្នុង​ដំណើរ​វា​ដែល​បាន​សម្រេច​ទុក ឬ​បង្វែរ​ទឹក​ហូរ​បញ្ច្រាស​យ៉ាង​ណា នោះ​ក៏​ដូច​ជា​បង្អាក់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ពី​ការ​ចាក់​តម្រិះ​ពី​ស្ថាន​សួគ៌ មក​លើ​ក្បាល​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​យ៉ាង​នោះ​ដែរ។

៣៤មើល​ចុះ មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល​ត្រូវ​បាន​រើស។ ហើយ​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ មិន​ត្រូវ​បាន​រើស?

៣៥ពី​ព្រោះ​ចិត្ត​របស់​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ជា​ខ្លាំង​ទៅ​លើ​អ្វីៗ​ទាំង​ឡាយ​នៃ​លោក​នេះ ហើយ​ប្រាថ្នា​ចង់​បាន​កិត្តិយស​នៃ​មនុស្ស​លោក ដែល​ពួក​គេ​ពុំ​បាន​រៀន​នូវ​មេរៀន​នេះ​មួយ —

៣៦ថា​សិទ្ធិ​ទាំង​ឡាយ​នៃ​បព្វជិតភាព គឺ​ជាប់​ជាមួយ​នឹង​អំណាច​ទាំង​ឡាយ​នៃ​ស្ថាន​សួគ៌ ដែល​មិន​អាច​បំបែក​បាន​ឡើយ ហើយ​ថា​អំណាច​នៃ​ស្ថាន​សួគ៌​ពុំ​អាច​ត្រួតត្រា ឬ​កាន់កាប់​បាន​ឡើយ លើក​លែងតែ​ដោយ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ។

៣៧ឯ​សិទ្ធិ​ទាំង​ឡាយ​អាច​បាន​ប្រទាន​មក​លើ​យើង នោះ​ពិត​មែន​ហើយ ប៉ុន្តែ​នៅ​ពេល​យើង​ខំ​ស្វែងរក​ផ្លូវ ដើម្បី​លាក់អំពើ​បាប​ទាំង​ឡាយ​របស់​យើង ឬ​ដើម្បី​បំពេញ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​យើង សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ឥត​ប្រយោជន៍​របស់​យើង ឬ​ដើម្បី​អនុវត្ត​ការ​ត្រួតត្រា ឬ​ការ​គ្រប់​គ្រង ឬ​ការ​បង្ខិតបង្ខំ​ទៅ​លើ​ព្រលឹង​នៃ​កូន​ចៅ​មនុស្ស​ដោយ​នូវ​សេចក្ដី​ដ៏​ឥត​សុចរិត​ណា​មួយ មើល​ចុះ ស្ថាន​សួគ៌​ដក​ខ្លួន​ចេញ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ថប់​បារម្ភ ហើយ​កាលណា​ព្រះ​វិញ្ញាណ​ថយ​ចេញ បព្វជិតភាព ឬ​សិទ្ធិ​អំណាច​នៃ​មនុស្ស​នោះ​ត្រូវ​បាន​បញ្ចប់។

៣៨មើល​ចុះ មុន​អ្នក​នោះ​ដឹង​ខ្លួន នោះ​គេ​នៅ​តែ​ម្នាក់​ឯង ដើម្បី​ធាក់​ជល់​នឹង​ជន្លួញ ដើម្បី​បៀតបៀន​ពួក​បរិសុទ្ធ និង​ដើម្បី​ប្រឆាំង​នឹង​ព្រះ។

៣៩យើង​បាន​រៀន​ដោយ​ការ​ពិសោធន៍​ដ៏​សៅហ្មង ថា​ជា​ធម្មជាតិ និង​និស្ស័យ​នៃ​មនុស្ស​ស្ទើរ​គ្រប់​រូប រំពេច​ណា​ពួក​គេ​មាន​សិទ្ធិ​អំណាច​បន្តិចបន្តួច តាម​ដែល​ពួក​គេ​ស្មាន នោះ​ពួក​គេ​នឹង​ចាប់​ផ្ដើម​អនុវត្ត​អំណាច​គ្រប់​គ្រង​ដោយ​ឥត​សុចរិត​ភ្លាម។

៤០ម្ល៉ោះ​ហើយ បាន​ជា​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល​ត្រូវ​បាន​រើស។

៤១គ្មាន​អំណាច ឬ​ឥទ្ធិពល​ណា​អាច ឬ​គប្បី​កាន់កាប់​ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើក​លែងតែ​ដោយ​ការ​លួងលោម ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ

៤២ដោយ​ចិត្ត​ល្អ និង​ដោយ​ការ​ចេះ​ដឹង​ពេញ​ទី ដែល​នឹង​ពង្រីក​ព្រលឹង​ឲ្យ​ធំ​ទូលំទូលាយ ដោយ​ឥត​លាក់​ពុត និង​ដោយ​ឥត​មាន​ឧបាយកល​ឡើយ —

៤៣ដោយ​ស្ដី​បន្ទោស​សម​ពេល​សម​ហេតុ ដោយ​ការ​តឹង​រឹង កាលណា​បាន​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់​មក​ដោយ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង​ចំពោះ​អ្នក​នោះ​ដែល​អ្នក​បាន​ស្ដី​បន្ទោស ក្រែង​អ្នក​នោះ​រាប់​អ្នក​ថា​ជា​ខ្មាំងសត្រូវ​របស់​គេ

៤៤ប្រយោជន៍​ឲ្យ​គេ​អាច​ដឹង​ថា​សេចក្ដី​ស្មោះស្ម័គ្រ​របស់​អ្នក គឺ​ខ្លាំង​ជាង​ចំណង​នៃ​សេចក្ដី​ស្លាប់។

៤៥ក៏​សូម​ឲ្យ​ចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​អស់ និង​ដល់​ពួក​អ្នក​ជឿ​ផង ហើយ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥត​ឈប់​ឈរ​ឡើយ ខណៈ​នោះ អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្ត​មាន​នៃ​ព្រះ ហើយ​គោល​លទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក ដូច​ជា​ទឹកសន្សើម​ចុះ​ពីលើ​មេឃ។

៤៦ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក​ជា​និច្ច ហើយ​ដំបង​ពេជ្រ​របស់​អ្នក ជា​ដំបង​ពេជ្រ​នៃ​សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​ដែល​មិន​ចេះ​ប្រែប្រួល ហើយ​អំណាច​គ្រប់​គ្រង​របស់​អ្នក នឹង​ទៅ​ជា​អំណាច​គ្រប់​គ្រង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​ដោយ​ឥត​ការ​បង្ខិតបង្ខំ នោះ​វា​នឹង​ហូរ​មក​លើ​អ្នក​ជា​រៀង​ដរាប​ត​ទៅ៕