២០១៥
អំណោយ​ទាន​នៃ​ជីវិត និង សេចក្តី​ស្រឡាញ់
December 2015


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

អំណោយ​ទាន​នៃ​ជីវិត និង សេចក្តី​ស្រឡាញ់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

អំណោយ​របស់​ម្តាយ​ខ្ញុំ បាន​បង្ហាញ​យើង​ពី​អត្ថន័យ​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

រូបភាព
Photo of a small gift box cradled in a woman's hands.

រចនាលម្អ​រូបថត​ដោយ ចន លូក ; ថតរូប​ដោយ Maridav/iStock/Thinkstock

ឪពុក​មា​របស់​ខ្ញុំ ឈ្មោះ អេត មាន​សេចក្តី​ស្រឡាញ់​ច្រើន​ចំពោះ​មនុស្ស​ទូទៅ​ជានិច្ច ។ ជាអកុសល តម្រង​នោម​ទាំងគូ​របស់​គាត់​ខ្សោយ ។ អស់​បីបួន​ឆ្នាំ​មក​ហើយ​ដែល អេត​បាន​ពន្យារ​កុំ​ឲ្យ​ខ្សោយ​តម្រងនោម​តាមរយៈ​ការលាង​ឈាម ។ ការព្យាបាល​នោះ​មាន​ការឈឺចាប់ និង ច្រើនដង ។ ការព្យាបាល​ម្តងៗ ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង​ពី​ខ្លួន​រហូត​ដល់​ការព្យាបាល​បន្ទាប់​ទៀត ហើយ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ១៩៩៥ គាត់​ហាក់បី​ដូចជា​បាត់បង់​ភាពក្លាហាន​ដែលគាត់​ធ្លាប់​មាន​ពីមុន ។

ទីបំផុត វេជ្ជបណ្ឌិត​បាន​ប្រាប់​អេត​ថា បើសិន​គាត់​មិន​ដាក់​តម្រងនោម​ថ្មី​ភ្លាមៗ​ទេ នោះ​គាត់​នឹង​ពុំ​អាច​រស់នៅ​បាន​យូរ​តទៅ​មុខ​ទៀត​ឡើយ ។ ទោះបី​ការមាន​តម្រងនោម​តែ​មួយ មាន​ភាពចំបាច់​ដើម្បី​ឲ្យ​ជីវិត​ខ្លួន​រស់ នោះ​អេត​ពុំ​ចង់​សុំ​នរណា​ម្នាក់​ឲ្យ​បរិច្ចាគ​តម្រងនោម​មួយ​របស់​ពួកគេ​ឡើយ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់​ជាមួយ​នឹង​ការវះកាត់​នោះ ។ ប៉ុន្តែ​វា​គ្មាន​ជម្រើស​ឡើយ ។ មិត្តភក្ដិ​ជិតស្និទ្ធ និង សមាជិក​គ្រួសារ​បីបួន​នាក់​បាន​ធ្វើ​តេស្ត​ដើម្បី​ដឹងថា តើ​តម្រងនោម​របស់​ពួកគេ​ត្រូវគ្នា​នឹង​តម្រង​នោម​គាត់​ឬអត់ ។ មានតែ​តម្រង​នោម​របស់​មនុស្ស​ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវគ្នា​បំផុត​ត្រូវបាន​រក​ឃើញ ៖ គឺ​បងស្រី​របស់ អេត ឈ្មោះ ដូទី — ជាម្តាយ​របស់​ខ្ញុំ ។

នៅថ្ងៃ​ទី ៧ ខែ ធ្នូ មិត្តភក្ដិ​ជាច្រើន និង គ្រួសារ​របស់​អេត​បាន​រួមគ្នា​តមអាហារ និង អធិស្ឋាន​សម្រាប់​ឪពុក​មា​ខ្ញុំ និង ដូទី ។ សល្យពេទ្យ​ដែល​ធ្វើការ​វះកាត់​នោះ​គឺ​ជា​បងប្អូន​ភ្លោះ​នឹង​គ្នា ។ រិតតែ​គួរឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត​នោះ​គឺ​ថា មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​បរិច្ចាគ​តម្រងនោម​ឲ្យ​គ្នា ។ អេត និង ម្តាយ​របស់​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ដែល​បាន​ដឹង​ថា​ពេល​វះកាត់​ម្តងៗ វេជ្ជបណ្ឌិត​ទាំង​ពីរ​រូប​នេះ​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ខ្លួន និង​ឱន​ក្បាល​របស់​ពួកគេ​អធិស្ឋាន ហើយ​ទុក​លទ្ធផល​នៃ​ការវះកាត់​នោះ​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

នៅថ្ងៃ​វះកាត់ វេជ្ជបណ្ឌិត​ម្នាក់​បាន​វះយក​តម្រងនោម​មួយ​របស់​ម្តាយ​ខ្ញុំ ។ នៅពេល​គាត់​ដេរ​បិទ​ខ្នង​របស់​ម្តាយ​ខ្ញុំ នោះ​បងប្រុស​របស់​គាត់​បាន​វះកាត់​ភ្ជាប់​តម្រងនោម​ដែល​បាន​បរិច្ចាគ​នោះ​នៅក្នុង​ពោះ​របស់​អេត ។

ការវះកាត់​បាន​ទទួល​ជោគជ័យ ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​សិន​ថា តើ​រាងកាយ​របស់​អេត​នឹង​ទទួល​យក​តម្រងនោម​ថ្មី​នោះ​ឬ​អត់ ។ អង់ទីគ័រ​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​ខ្លួន​របស់​គាត់​ត្រូវបាន​បង្ក្រាប ដើម្បី​ឲ្យ​ឆាប់​ជាសះស្បើយ ដូច្នេះ​អេត​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ក្នុង​បន្ទប់​ថែទាំអ្នកជំងឺ ដើម្បី​ការពារ​គាត់​ពី​មេរោគ ( វីរុស ) ។ ទោះបីជា​បន្ទាប់​ពី​គាត់​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្តី ក៏គាត់​ត្រូវតែ​បន្ត​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​មនុស្ស​គ្រប់គ្នា លើកលែង​តែ​សាច់ញាតិ​ផ្ទាល់​របស់​គាត់​ប៉ុណ្ណោះ ។ ទោះជា​យ៉ាង​ណា​ក្តី នៅ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ អេត​បាន​ទទួល​ការអនុញ្ញាត​ពិសេស​ឲ្យ​ចូលរួម​ពិធី​បុណ្យ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ប្រចាំ​ឆ្នាំ​របស់​ជីតា និង​ជីដូន​ខ្ញុំ ។

អេត​បាន​ដើរចូល​តាម​ទ្វារ ដោយ​មាន​ពាក់​របាំង​មុខ​តម្រង់​ឆ្ពោះ​ទៅ​រក ដូទី ហើយ​បាន​ឱប​គាត់​យ៉ាង​ណែន ។ នៅពេល​ពួកគេ​បាន​ឱប​គ្នា គ្រប់គ្នា​នៅក្នុង​ផ្ទះ​បាន​យំ ។ គ្រប់គ្នា​បាន​យល់​ពី​សេចក្តី​ស្រឡាញ់​ដែល​ចេញ​មក​ពី​ពួកគាត់ ។ បងស្រី ម្នាក់​បាន​រងការឈឺចាប់​ដើម្បី​ផ្តល់​អំណោយ​នៃ​ជីវិត​ដល់​ប្អូនប្រុស​របស់​ខ្លួន ។ វា​គឺ​ជា​អំណោយ​នៃ​សេចក្តីស្រឡាញ់ អំណោយ​នៃ​ការបូជា អំណោយ​ដែល​គាត់​មិន​អាច​ផ្តល់​ឲ្យ​ខ្លួន​ឯង​បាន ។

នៅពេល​ខ្ញុំ​មើល​ពួកគាត់ ទាំង​ទឹកភ្នែក​ខ្ញុំ​ហូរ​ស្រក់ចុះ​មក​នោះ ខ្ញុំ​បាន​ដឹង​អ្វី​មួយ ៖ ការណ៍​នេះ​គឺ​ដូច​ទៅ​នឹង​ពេល​ដែល​យើង​នឹង​ជួប​ព្រះភក្ត្រព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ។ ទ្រង់ បាន​ធ្វើ​អ្វីៗ​ជា​ច្រើន​សម្រាប់​យើង ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ។ មានតែ​ទ្រង់​ដែល​ជា​អង្គ​ដ៏​ទេវភាព​ប៉ុណ្ណោះ ដែល​អាច​ស៊ូទ្រាំ​នឹង​ការបូជា​យ៉ាង​អស្ចារ្យ ដែល​ក្រឹត្យវិន័យ​នៃ​ភាពយុត្តិធម៌​នឹងត្រូវ​បាន​បំពេញ ។ ហើយ​មានតែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​អង្គ​ដ៏​ល្អ​ឥតខ្ចោះ ដែល​សក្តិសម​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​មនុស្ស​លោក​ទាំងអស់ ដូច្នេះ​ក្រឹត្យវិន័យ​នៃ​សេចក្តី​មេត្តា​ករុណា​អាច​ពង្រីក​ដល់​មនុស្ស​ទាំងអស់​ដែល​ទទួល​ទ្រង់ ថា​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។

នៅពេល​ខ្ញុំ​គិត​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​គំនិត​ទាំង​នេះ ខ្ញុំ​បាន​តាំងចិត្ត​ខ្លួន​ឯង​ជា​ថ្មី​ដើម្បី​ធ្វើ​អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​បង្ហាញ​អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ការបូជា​របស់​ទ្រង់ ។ ខ្ញុំ​នឹង​ព្យាយាម​រស់នៅ​ក្នុង​នាម​ជា​កូនសិស្ស​ម្នាក់ ដូច្នេះ​នៅថ្ងៃ​ណា​មួយ​ខ្ញុំ​អាច​មាន​ភាពសក្តិសម​ដើម្បី​ចូល​ទៅក្នុង​វត្តមាន​របស់​ទ្រង់ ឱបទ្រង់ ហើយ​អរព្រះគុណ​ទ្រង់​ដោយ​ផ្ទាល់​ចំពោះ​ការស្រឡាញ់​ដល់​រូប​ខ្ញុំ​គ្រប់គ្រាន់​នឹង​ធ្វើ​ការបូជា​បែប​នោះ ។