ក្រុមគ្រួសារ គឺមកពីព្រះ
យើងម្នាក់ៗមានចំណែកយ៉ាងសំខាន់ក្នុងក្រុមគ្រួសាររបស់ព្រះ ។
តើមានអ្វីដែលស្រស់ស្អាត និងជ្រាលជ្រៅជាងសេចក្ដីពិតដ៏សាមញ្ញ ហើយបរិសុទ្ធនៃដំណឹងល្អដែលបានបង្រៀននៅក្នុងចម្រៀងកុមារដែរឬទេ ? ហើយកុមារីអង្គការបឋមសិក្សាទាំងអស់នាយប់នេះ ចេះចម្រៀងដែលយើងនឹងនិយាយនេះ ។ ប្អូនៗបានរៀនបទនេះ នៅក្នុងកម្មវិធីបឋមសិក្សាឆ្នាំមុន ។
ក្នុងទំនុកបទ « ក្រុមគ្រួសារ គឺមកពីព្រះ »១—ត្រូវបានច្រៀងមុននេះបន្តិច ក្នុងការប្រជុំនេះ—យើងត្រូវបានរំឭកពីគោលលទ្ធិដ៏បរិសុទ្ធ ។ យើងពុំត្រឹមតែបានដឹងថា ក្រុមគ្រួសារគឺមកពីព្រះប៉ុណ្ណោះទេ យើងក៏ដឹងផងដែរថា យើងម្នាក់ៗគឺជាផ្នែកនៃក្រុមគ្រួសាររបស់ព្រះ ។
ឃ្លាទីមួយនៃបទនេះបង្រៀនថា ៖ « បិតាយើងមានក្រុមគ្រួសារមួយ ។ មានខ្ញុំ ! មានអ្នក អ្នកផ្សេងទៀតដែរ ៖ យើងជាកូនចៅទ្រង់ » ។ ចេញពីការប្រកាសពីគ្រួសារ យើងបានរៀនថា « នៅជីវិតមុនផែនដី បុត្រា និង បុត្រីខាងវិញ្ញាណទាំងឡាយ បានស្គាល់ ហើយបានថ្វាយបង្គំព្រះ ជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ » ។ នៅក្នុងជីវិតនោះ យើងបានរៀនអំពីអត្តសញ្ញាណជាស្រ្តីដ៏នៅអស់កល្បជានិច្ចរបស់យើង ។ យើងបានដឹងថា យើងម្នាក់ៗ « ជាបុត្រី … សំណប់របស់ព្រះបិតាមាតាសួគ៌ » ។២
ដំណើរជីវិតរមែងស្លាប់របស់យើងមកកាន់ផែនដី មិនបានផ្លាស់ប្ដូរការពិតទាំងនោះទេ ។ យើងម្នាក់ៗមានចំណែកយ៉ាងសំខាន់ក្នុងក្រុមគ្រួសាររបស់ព្រះ ។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីខុសៗគ្នា ។ ហើយនៅពេលយើងព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតទំនៀមទម្លាប់គ្រួសារដ៏រឹងមាំ នោះសមាជិកភាពនៅក្នុងក្រុមគ្រួសាររបស់ព្រះគឺមិនអាស្រ័យទៅលើទំនាក់ទំនងផ្សេងទៀត ឬស្ថានភាពណាមួយ—ដូចជាស្ថានភាពអាពាហ៍ពិពាហ៍ ស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពសង្គម ឬស្ថានភាពដែលយើងសរសេរនៅលើបណ្ដាញផ្សព្វផ្សាយសង្គមឡើយ ។
យើងជាសមាជិកគ្រួសារ ។ ពួកយើងគឺជាបុត្រីនៃព្រះវរបិតាសួគ៌ ទ្រង់ស្រឡាញ់យើង ហើយយើងក៏ស្រឡាញ់ព្រះអង្គដែរ ។៣
ឃ្លាទីពីរនៃបទនេះ បញ្ជាក់ន័យឃ្លាទីមួយ ។ « ទ្រង់បញ្ជូនយើងមកលើផែនដី ដោយកើត រស់នៅ និងរៀននៅក្នុងគ្រួសារ » ។
នៅក្នុងជីវិតមុនផែនដី យើងបានរៀនថា យើងនឹងត្រូវការពេលមួយនៃជីវិតរមែងស្លាប់ ។ យើង « បានទទួលផែនការរបស់ [ ព្រះវរបិតាសួគ៌ ] ដែលនាំឲ្យកូនចៅទាំងឡាយអាចទទួលរូបកាយ ហើយនិងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៏ទេវភាពរបស់[ យើង ] ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក » ។៤
អែលឌើរ រីឆាដ ជី ស្កត បានពន្យល់ថា « យើងត្រូវបានបង្រៀននៅក្នុងពិភពមុនផែនដីថា គោលបំណងរបស់យើងក្នុងការមកផែនដី គឺដើម្បីត្រូវបានដកពិសោធន៍ សាកល្បង និងរីកចម្រើន » ។៥ ការរីកចម្រើននោះកើតមានជាច្រើនសណ្ឋាន នៅពេលដែលបុគ្គលម្នាក់ៗជួបប្រទះវា ។ ខ្ញុំមិនដែលឆ្លងកាត់ការលែងលះ ភាពឈឺចាប់នៃការអសន្តិសុខដែលមកពីការបោះបង់ចោល ឬទំនួលខុសត្រូវជាស្រី្តមេម៉ាយឡើយ ។ ខ្ញុំពុំធ្លាប់មានកូនស្លាប់ ជំងឺអារ ឬប្រតិព័ទ្ធភេទដូចគ្នាទេ ។ ខ្ញុំពុំធ្លាប់ទ្រាំទ្រការប្រមាថ ជំងឺរ៉ាំរ៉ៃ ឬការញៀនផ្សេងៗឡើយ ។ ទាំងនេះមិនមែនជាឱកាសសាកល្បងរបស់ខ្ញុំទេ ។
ដូច្នេះ ក្នុងពេលនេះមានបងប្អូនមួយចំនួនកំពុងគិតថា « ស៊ិស្ទើរ ស្ទីហ្វិន មិនយល់ពីបញ្ហាទាំងនោះទេ ! » ហើយខ្ញុំសូមឆ្លើយថា អ្នកប្រហែលជាត្រឹមត្រូវហើយ ។ ខ្ញុំពុំយល់ច្បាស់នូវបញ្ហារបស់អ្នកឡើយ ។ ប៉ុន្តែ តាមរយៈ ការសាកល្បង និងទុក្ខលំបាកផ្ទាល់ខ្លួនខ្ញុំ—ជាអ្វីដែលបាននាំឲ្យ ខ្ញុំ លត់ជង្គង់ចុះ— នោះខ្ញុំបានស្គាល់អង្គដែលយល់ ជាអង្គដែល « ស្គាល់សេចក្តីឈឺចាប់ »៦ ជាអង្គដែលបានជួបទុក្ខលំបាក ហើយយល់ពីវាទាំងអស់ ។ ហើយបន្ថែមពីលើនោះ ខ្ញុំបានជួបការសាកល្បងក្នុងជីវិតរមែងស្លាប់ទាំងអស់ដែលខ្ញុំទើបតែបានប្រាប់ខាងលើនេះតាមរយៈកូនស្រី ម្ដាយ ជីដូន បងស្រី មីង និងមិត្តភក្ដិរបស់ខ្ញុំ ។
ឱកាសរបស់យើងជាបុត្រីដែលរក្សាសេចក្ដីសញ្ញានៃព្រះ គឺមិនមែនគ្រាន់តែរៀនពីបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាគឺជាការរួមគ្នាក្នុងការយល់ចិត្ត និងក្ដីមេត្តាករុណា នៅពេលដែលយើងគាំទ្រសមាជិកដទៃនៃក្រុមគ្រួសាររបស់ព្រះនៅក្នុងការពុះពាររបស់ពួកគេ ដូចដែលយើងបានចុះសេចក្ដីសញ្ញថាត្រូវធ្វើវា ។
នៅពេលដែលយើងធ្វើដូច្នេះ យើងក៏អាចយល់ និងទុកចិត្តថាព្រះអង្គសង្រ្គោះជ្រាបពីការលំបាកនៅក្នុងវិថីជីវិត ហើយអាចដឹកនាំយើងឆ្លងកាត់ទុក្ខសោកសៅ និងការខកចិត្តដែលអាចកើតមាន ។ ទ្រង់មានក្ដីសប្បុរស ហើយក្ដីស្រឡាញ់របស់ទ្រង់ « ស្ថិតស្ថេរនៅជានិច្ច »៧យើងអាចទទួលក្ដីស្រឡាញ់នោះ—នៅពេលដែលយើងធ្វើតាមទ្រង់ ។
ក្នុងនាមជាបុត្រីរបស់ព្រះ និងជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើង « ប្រព្រឹត្តស្របតាមការអាណិតអាសូរដែលព្រះបានបណ្ដុះនៅក្នុង [ ដួងចិត្ត ] របស់យើង » ។៨ ឥទ្ធិពលរបស់យើង ពុំកំណត់ចំពោះតែសមាជិកគ្រួសារយើងផ្ទាល់ឡើយ ។
ថ្មីៗនេះ ខ្ញុំមានឱកាសទៅសួរសុខទុក្ខបងស្រី យ៉ាសស៊ី នៅស្ដេកក្នុងតំបន់ឈីនលី រដ្ឋអារីស្សូណា នៅក្នុងផ្ទះខ្ទមរបស់គាត់ ។ នៅពេលដែលគាត់បានស្វាគមន៍ខ្ញុំចូលក្នុងផ្ទះគាត់ អ្វីដំបូងដែលខ្ញុំបានសម្គាល់ឃើញនោះគឺ ស៊ុមរូបថតគ្រួសារ និងអ្នកផ្សព្វផ្សាយសាសនានៅលើជញ្ជាំង និងនៅលើតុរបស់គាត់ ។ ដូច្នេះខ្ញុំបានសួរគាត់ថា « តើបងស្រី យ៉ាស៊ី តើបងមានចៅប៉ុន្មានអ្នកដែរ ? »
ដោយមានការភ្ញាក់ផ្អើលនឹងសំណួរខ្ញុំ គាត់បានញាក់ស្មា ។ ចម្លើយរបស់គាត់ធ្វើឲ្យខ្ញុំច្រឡំ ខ្ញុំបានមើលទៅកូនស្រីរបស់គាត់ គឺប្អូនស្រី យែលឡូហ៊ែរ ដែលបានឆ្លើយថា « គាត់មិនដឹងថាគាត់មានចៅប៉ុន្មាននាក់ទេ ។ យើងពុំរាប់ទេ ។ កុមារទាំងអស់ហៅគាត់ថាលោកយាយ--គាត់គឺជាលោកយាយចំពោះមនុស្សគ្រប់គ្នា » ។
បងស្រី យ៉ាសស៊ី មិនបានកំណត់សេចក្ដីស្រឡាញ់ និងឥទ្ធិពលរបស់គាត់ចំពោះតែក្រុមគ្រួសារសាច់បង្កើតរបស់គាត់ទេ ។ គាត់យល់ពីអ្វីដែលមានន័យថាត្រូវពង្រីកដែនឥទ្ធិពលរបស់គាត់ នៅពេលដែលគាត់ធ្វើល្អ ប្រទានពរ បីបាច់ និងការពារក្រុមគ្រួសាររបស់ព្រះ ។ គាត់យល់ថា « នៅពេលដែលស្រី្តម្នាក់ពង្រឹងសេចក្ដីជំនឿរបស់កូនម្នាក់ នោះគាត់ចូលរួមចំណែកពង្រឹងក្រុមគ្រួសារ— ក្នុងពេលនេះ និងនាពេលអនាគត » ។៩
ឃ្លាទីបីនៃបទនេះពន្យល់បន្ថែមទៀត នូវគោលបំណងនៃជីវិតរមែងស្លាប់របស់យើង ៖ « ព្រះប្រទានយើងគ្រួសារ ដើម្បីជួយយើងឲ្យក្លាយជាអ្វីដែលទ្រង់តំរិះ » ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា « ចូររួមគ្នាតែមួយ ហើយបើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ »១០ សេចក្ដីប្រកាសពីគ្រួសារបង្រៀនយើងថា ក្នុងនាមជាបុត្រីសំណព្វរបស់ព្រះមាតាបិតាសួគ៌ យើងមាននិស្ស័យអត្តសញ្ញាណដ៏អស់កល្ប និងគោលបំណងដ៏ទេវភាព ។ ព្រះមានព្រះទ័យចង់ឲ្យយើងរួមគ្នាតែមួយ ។ ព្រះត្រូវការឲ្យយើងរួមគ្នាតែមួយ—ជាបុត្រីដែលរក្សាសេចក្តីសញ្ញារួបរួមគ្នា ទោះបីជាមានភាពទីទៃពីគ្នាក្ដី១១ ជាអ្នកដែលមានប្រាថ្នាចង់រៀនអ្វីៗដែលចាំបាច់ ដើម្បីត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ ដើម្បីផ្សារភ្ជាប់នឹងទ្រង់ជាផ្នែកនៃក្រុមគ្រួសារទ្រង់ដ៏អស់កល្បជានិច្ច ។
« ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាពិសិដ្ឋនានា ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ អាចធ្វើឱ្យ [ យើង ] ត្រឡប់ទៅកាន់វត្តមាននៃព្រះវិញ ហើយដើម្បីឲ្យក្រុមគ្រួសារ អាចត្រូវបានរួបរួមគ្នាដ៏អស់កល្បជានិច្ច » ។១២ ពិធីបរិសុទ្ធទាំងឡាយដែលយើងទទួលបាន និងសេចក្ដីសញ្ញាដែលយើងធ្វើនៅជ្រមុជទឹក និងព្រះវិហារបរិសុទ្ធ តភ្ជាប់ក្រុមគ្រួសារនៃព្រះទាំងសងខាងវាំងនន—គឺវាតភ្ជាប់យើងទៅព្រះវរបិតាតាមរយៈបុត្រាទ្រង់ ជាអង្គដែលបានអធិស្ឋានថា « ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង » ។១៣
នៅពេលដែលយើងប្រើពេលក្នុងជីវិតរមែងស្លាប់ដើម្បីសិក្សា និងអនុវត្តការបង្រៀនរបស់ព្រះអង្គសង្គ្រោះ នោះយើងប្រែក្លាយកាន់តែដូចទ្រង់ ។ យើងបានយល់ថា ទ្រង់គឺជាផ្លូវ—ជាផ្លូវតែមួយគត់—ដែលយើងអាចយកឈ្នះបញ្ហាក្នុងជីវិតរមែងស្លាប់នេះ និងត្រូវបានប្រោសឲ្យជា ហើយត្រឡប់ទៅគេហដ្ឋានសួគ៌ាយើងវិញ ។
ឃ្លាចុងក្រោយនៃបទនេះត្រឡប់ទៅកន្លែងដែលវាចាប់ផ្ដើមវិញ ៖ « នេះគឺជាក្ដីស្រឡាញ់ទ្រង់ ដ្បិតគ្រួសារគឺមកពីព្រះ » ។ ផែនការរបស់ព្រះវរបិតាសម្រាប់កូនចៅទ្រង់ គឺជាផែនការនៃសេចក្ដីស្រឡាញ់ ។ វាជាផែនការដែលរួបរួមកូនចៅរបស់ទ្រង់—ដែលជាក្រុមគ្រួសារទ្រង់—ជាមួយទ្រង់ ។ អែលឌើរ រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះវរបិតាសួគ៌មានក្ដីប្រាថ្នាពីរសម្រាប់កូនចៅទ្រង់ … ៖ គឺជីវិតរមែងស្លាប់ និង ជីវិតដ៏នៅអស់កល្បជានិច្ច ‹ ដែលមានន័យថា ជីវិតនៅជាមួយទ្រង់នៅស្ថានសួគ៌ ›»១៤ ក្ដីប្រាថ្នាទាំងនេះ អាចក្លាយជាការពិតលុះត្រាតែយើងចែកចាយក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានដល់ក្រុមគ្រួសារទ្រង់ដែរ ដោយការឈោងទៅជួយអ្នកដទៃ និងការចែកចាយផែនការរបស់ទ្រង់ជាមួយអ្នកដទៃ ។
កាលពីម្ភៃឆ្នាំកន្លងទៅ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានឈោងទៅជួយដល់ទូទាំងពិភពលោក ពេលចេញសេចក្ដីប្រកាសស្ដីអំពីគ្រួសារ ។ ចាប់តាំងពីពេលនោះមក ការវាយប្រហារលើក្រុមគ្រួសារបានកើតឡើង ។
បើយើងចង់មានជោគជ័យនៅក្នុងទំនួលខុសត្រូវដ៏ទេវភាពរបស់យើងក្នុងនាមជាបុត្រីរបស់ព្រះ យើងត្រូវតែយល់ពីសារៈសំខាន់ដ៏អស់កល្បនៃទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង ដើម្បីបង្រៀនសេចក្ដីពិតអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់ក្រុមគ្រួសាររបស់ទ្រង់ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានពន្យល់ថា ៖
« មានតម្រូវការដ៏ធំមួយ ដើម្បីប្រមូលផ្ដុំស្រ្តីនៅក្នុងសាសនាចក្រឲ្យឈរជាមួយបងប្អូនប្រុសនៅក្នុងការបញ្ចប់អំពើអាក្រក់ ដែលនៅជុំវិញយើង និងនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអង្គសង្គ្រោះរបស់យើង ។ …
« … ដូច្នេះ យើងទទូចអង្វរដល់អ្នកឲ្យបម្រើដោយឥទ្ធិពលដ៏អស្ចារ្យរបស់អ្នកសម្រាប់ការណ៍ល្អ នៅក្នុងការពង្រឹងក្រុមគ្រួសារ សាសនាចក្រ និងសហគមន៍របស់យើង » ។១៥
បងប្អូនស្ត្រីអើយ យើងមានគ្រួសារ ។ ពួកគេស្រឡាញ់យើង ។ ពួកគេត្រូវការយើង ។ យើងមានគោលបំណង កិច្ចការ ទីកន្លែង និងតួនាទីដ៏ទេវភាពនៅក្នុងសាសនាចក្រ និងនគរនៃព្រះ និងក្នុងក្រុមគ្រួសារដ៏អស់កល្បរបស់ទ្រង់ ។ តើអ្នកដឹងក្នុងជម្រៅចិត្តអ្នកឬទេថា ព្រះវរបិតាសួគ៌របស់អ្នកស្រឡាញ់អ្នក ហើយមានព្រះទ័យចង់ឲ្យអ្នក និងអ្នកទាំងឡាយដែលអ្នកស្រឡាញ់នៅជាមួយទ្រង់ ? គឺដូចជា « ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺល្អឥតខ្ចោះ …, សេចក្ដីសង្ឃឹមរបស់ទ្រង់ទាំងពីរអង្គ គឺចង់ឲ្យយើងបាន « ល្អឥតខ្ចោះ » ដែរ ។១៦ផែនការរបស់ទ្រង់ទាំងពីរអង្គសម្រាប់យើង គឺល្អឥតខ្ចោះ ហើយការសន្យារបស់ទ្រង់គឺពិត ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយអំណរគុណអំពីសេចក្ដីពិតទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។