ត្រូវបានហៅដោយទ្រង់ឲ្យប្រកាសព្រះបន្ទូលរបស់ទ្រង់
បើអ្នករាបសារ គោរពប្រតិបត្តិ ហើយស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ នោះអ្នកនឹងរកឃើញនូវសុភមង្គលដ៏អស្ចារ្យនៅក្នុងបម្រើអ្នកជាអ្នកផ្សព្វផ្សាយសាសនាម្នាក់។
ពេលខ្ញុំបានគាំទ្រជាអ្នកមានសិទ្ធិអំណាចទូទៅពីខែមេសាមុន ខ្ញុំបានកំពុងបម្រើជាប្រធានបេសកកម្មក្នុងប្រទេសឥណ្ឌា ។ ខ្ញុំសម្គាល់ឃើញពីអ្វីដែលប្រធានបេសកកម្មមុនប្រាប់ថា ៖ « អ្នកផ្សាយសាសនានៃសាសនាចក្រនេះ គឺអស្ចារ្យណាស់ » ។ 1
អ្នកផ្សាយសាសនាដ៏ចំណានម្នាក់ ដែលស៊ីស្ទើរ ហ្វាំង និងខ្ញុំបម្រើជាមួយ គឺអែលឌើរ ផូក្រេល មកពីប្រទេសណេប៉ាល់ ។ បន្ទាប់ពីក្លាយជាសមាជិកបានពីរឆ្នាំគត់ គាត់ត្រូវហៅឲ្យបម្រើបេសកកម្មនៅ ឥណ្ឌាបាងហ្គាឡូ និយាយភាសាអង់គ្លេស ។ គាត់នឹងប្រាប់អ្នកថា គាត់ពុំទាន់ត្រៀមខ្លួនទេ ។ វាអាចយោគយល់បាន ។ គាត់ពុំដែលឃើញអ្នកផ្សាយសាសនាឡើយ រហូតដល់គាត់ក្លាយជាអ្នកផ្សាយសាសនា ដោយសារគ្មានពួកអ្នកផ្សព្វផ្សាយវ័យក្មេងបម្រើនៅប្រទេសណេប៉ាល់ឡើយ ។ គាត់ពុំអានអង់គ្លេសបានល្អទេ រួមមានការណែនាំពីការហៅគាត់ ។ ពេលគាត់បង្ហាញខ្លួននៅមណ្ឌលហ្វឹកហ្វឺនអ្នកផ្សាយសាសនា គាត់ថា គាត់បានយកតែ « ខោខៅប៊យប្រាំ អាវយឺតពីរបី និងចាហួយលាបសក់ជាច្រើន » ជំនួសឲ្យខោសាច់ក្រណាត់ អាវស និងក្រវ៉ាត់កវិញ ។ 2
ទោះជាគាត់ទទួលបានសម្លៀកបំពាក់សមរម្យក្ដី គាត់ថា គាត់មានអារម្មណ៍ថាពុំអស់ចិត្តរាល់ថ្ងៃអំឡុងពីរបីសប្ដាហ៍ដំបូង ។ គាត់ថា បេសកកម្មគាត់ « ពុំគ្រាន់តែមានការលំបាកភាសាអង់គ្លេសទេ តែការងារក៏មានឧបសគ្គដែរ ។ … លើសនោះទៅទៀត ខ្ញុំឃ្លាន នឿយហត់ ហើយនឹកផ្ទះ ។ … ទោះជាកាលៈទេសៈយ៉ាប់យឺនក្ដី ខ្ញុំបានប្ដេជ្ញាចិត្ត ។ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងគ្មានសមត្ថភាព ។ ពេលនោះខ្ញុំអធិស្ឋានសូមឲ្យព្រះជួយ ។ ពិតប្រាកដរាល់ពេលខ្ញុំអធិស្ឋាន ខ្ញុំមានអារម្មណ៍កក់ក្ដៅ » ។ 3
ទោះជាកិច្ចការផ្សាយសាសនាជារឿងថ្មី និងមានឧបសគ្គចំពោះអែលឌើរ ផូក្រេល ក្តី ក៏គាត់បានបម្រើដោយក្ដីជំនឿមហិមា និងស្មោះត្រង់ ដោយព្យាយាមយល់ និងធ្វើតាមអ្វីដែលគាត់រៀនពីគម្ពីរ ប្រកាសដំណឹងល្អរបស់យើង និងពីអ្នកដឹកនាំបេសកកម្ម ។ គាត់ក្លាយជាគ្រូបង្រៀនដំណឹងល្អដ៏មានអានុភាព — ជាភាសាអង់គ្លេស — និងជាអ្នកដឹកនាំដ៏ឧត្ដម ។ ក្រោយចប់បេសកកកម្ម គាត់ត្រឡប់មកឥណ្ឌាវិញបន្តការសិក្សា ។ តាំងពីខែមករាមក គាត់បម្រើជាប្រធានសាខានៅ ញ៉ូវដេលី ។ ព្រោះការរីកចម្រើនពិត ដែលមានក្នុងនាមជាអ្នកផ្សាយសាសនា គាត់បន្តរួមចំណែកក្នុងការរីកចម្រើនពិតនៃសាសនាចក្រក្នុងប្រទេស ឥណ្ឌា ។
តើយុវជនម្នាក់ដែលពុំដែលឃើញអ្នកផ្សព្វផ្សាយសាសនាសោះ បានក្លាយជាអ្នកផ្សាយសាសនាដែលមានភាពរឹងមាំខាងវិញ្ញាណដូចម្ដេចទៅ ? តើអ្នកនឹងទទួលអានុភាពខាងវិញ្ញាណជាអ្នកផ្សាយសាសនាដើម្បីបើកទ្វារ ស្វែងរកមនុស្ស និងទឹកចិត្តប្រជាជនក្នុងបេសកកម្មដែលអ្នកបម្រើយ៉ាងដូចម្ដេច ? ជាធម្មតា ចម្លើយមានក្នុងគម្ពីរ និងប្រសាសន៍ព្យាការី និងពួកសាវកដែលកំពុងរស់នៅ ។
ពេលដំណឹងល្អត្រូវផ្សព្វផ្សាយនៅប្រទេស អង់គ្លេស ក្នុងខែ កក្កដា ឆ្នាំ 1837 ព្រះបើកសម្ដែងថា « នរណាក៏ដោយ ដែលអ្នករាល់គ្នានឹងចាត់ឲ្យទៅដោយនូវព្រះនាមរបស់យើង ដោយសម្លេងនៃពួកបងប្អូនរបស់អ្នកក្នុងសាសនា គឺពួកដប់ពីរនាក់ គឺបានរ៉ាប់រង និងបានអនុញ្ញាតដោយអ្នកពេញច្បាប់ នោះនឹងមានអំណាចដើម្បីបើកទ្វារនគររបស់យើងដល់សាសន៍ណាមួយក៏ដោយ ដែលអ្នករាល់គ្នានឹងចាត់ឲ្យពួកគេទៅ » ។ 4
ទីណាក៏ដោយដែលអ្នកត្រូវបានបញ្ជូនទៅ មិនថាបេសកកម្មណាទេ ត្រូវដឹងថា សមាជិកនៃពួកដប់ពីរនាក់ រ៉ាប់រងការចាត់តាំងនោះ ហើយអ្នកត្រូវបានហៅដោយព្យាការីព្រះ ។ អ្នកត្រូវបានហៅ « ដោយការព្យាករណ៍ និងដោយការដាក់ដៃលើ » ។ 5
ក្រោយមកព្រះប្រទានលក្ខខណ្ឌសម្រាប់ការសន្យាត្រូវបំពេញ ។ ទ្រង់មានបន្ទូលថា « ដរាបណាពួកគេ [ ដែលមានន័យពីការសន្យានឹងត្រូវបំពេញ បើ ] គេ [ មានន័យពីអ្នកផ្សាយសាសនាដែលត្រូវបញ្ជូន ] នឹង [ 1 ] បន្ទាបខ្លួននៅចំពោះយើង ហើយ [ 2 ] នៅជាប់ក្នុងព្រះបន្ទូលរបស់យើង ហើយ [ 3 ] ប្រុងស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណរបស់យើង » ។ 6
ការសន្យាព្រះអម្ចាស់ គឺច្បាស់ ។ ដើម្បីមានអានុភាពខាងវិញ្ញាណ ដែលចាំបាច់មានដើម្បីបើកទ្វារនគរព្រះក្នុងជាតិសាសន៍ដែលអ្នកត្រូវបញ្ជូនទៅ នោះអ្នកត្រូវបន្ទាបខ្លួន គោរពប្រតិបត្តិ និងស្ដាប់ ហើយធ្វើតាមព្រះវិញ្ញាណ ។
ឥរិយាបថទាំងបីនេះ ទាក់ទងគ្នា ។ បើអ្នកបន្ទាបខ្លួន អ្នកនឹងចង់គោរពប្រតិបត្តិ ។ បើអ្នកគោរពប្រតិបត្តិ អ្នកនឹងមានព្រះវិញ្ញាណ ។ ព្រះវិញ្ញាណសំខាន់ណាស់ ត្បិតប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បង្រៀនថា « គ្មានព្រះវិញ្ញាណ អ្នកនឹងពុំជោគជ័យឡើយ ដោយមិនគិត ពីទេពកោសល្យ និងសម្បទាអ្នកទេ » ។ 7
ក្នុងនាមជាប្រធានបេសកកម្ម យូរៗម្ដងខ្ញុំសម្ភាសន៍អ្នកផ្សាយសាសនា ដែលមានបញ្ហាព្រោះគេពុំទាន់ស្អាតស្អំពេញលេញ ។ គេរស់ក្រោមកម្រិតអានុភាពព្រះវិញ្ញាណ ។ មិនថាគេធ្វើការ ឬធ្វើបានល្អប៉ុណ្ណាទេ គេពុំអាចមានអារម្មណ៍សន្តិភាព និងអំណរជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធទេ លុះត្រា គេបន្ទាបខ្លួន ប្រែចិត្តពេញលេញ និងទទួលក្ដីមេត្តា និងករុណានៃព្រះសង្គ្រោះ ។
ព្រះណែនាំអ្នកបម្រើទ្រង់ឲ្យបន្ទាបខ្លួន ព្រោះដំណើរនៃការប្រោសឲ្យជាខាងវិញ្ញាណផ្ដើមជាមួយចិត្តសង្រេង ។ សូមគិតពីរឿងល្អដែលកើតពីរបស់ដែលត្រូវគេបំឡែង ៖ ដី ត្រូវគេភ្ជួរឲ្យហ្មត់ ដើម្បីដាំស្រូវ ។ ស្រូវត្រូវគេកិនកម្ទេច ធ្វើជានំប៉័ង ។ នំប៉័ងត្រូវគេបេះកាច់ ជាតំណាងឲ្យសាក្រាម៉ង់ ។ ពេលបុគ្គលម្នាក់ប្រែចិត្តទទួលទានសាក្រាម៉ង់ដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប នោះគេត្រូវបានប្រោស ។ 8 ពេលយើងប្រែចិត្ត ហើយត្រូវប្រោស តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងមានរឿងច្រើនត្រូវថ្វាយដល់ព្រះសង្គ្រោះពេលយើងបម្រើទ្រង់ ។ « មែនហើយ ចូរមករកទ្រង់ ហើយចូរថ្វាយព្រលឹងអ្នកទាំងមូលជាដង្វាយដល់ទ្រង់ » ។ 9
បើអ្នកមានបន្ទុក ព្រោះបាប ហើយត្រូវប្រែចិត្ត សូមធ្វើវាភា្លមទៅ ។ ពេលព្រះសង្គ្រោះប្រោសអ្នកដែលរងទុក្ខ ទ្រង់តែងឲ្យគេក្រោកឡើងទៅ ។ គម្ពីរចែងថា គេក្រោកឡើងតែម្ដង ឬភា្លមមួយរំពេច ។ 10 ដើម្បីបានប្រោសការរងទុក្ខខាងវិញ្ញាណ នោះសូមទទួលការអញ្ជើញឲ្យក្រោកឡើង ។ ដោយកុំបង្អង់ សូមនិយាយជាមួយប៊ីស្សព ប្រធានសាខា ឬបេសកកម្ម និងផ្ដើមដំណើរការប្រែចិត្តឥឡូវនេះទៅ ។
ព្រះចេស្ដាប្រោសលោះនៃដង្វាយធួន នឹងនាំក្ដីសុខសាន្តដល់ព្រលឹង អាចឲ្យអ្នកមានអារម្មណ៍ព្រះវិញ្ញាណ ។ ពលិកម្មព្រះសង្គ្រោះពុំអាចវាស់វែងបានឡើយ តែបាបយើងអាចរាប់បាន អាចសារភាព អាចលះចោល ហើយបានអត់ទោសឲ្យ ទោះជាមានបាបច្រើន និងធ្ងន់ធ្ងរយ៉ាងណាក្ដី ។ « ហើយសេចក្ដីអំណររបស់ទ្រង់មហិមាណាស់ណា៎ ចំពោះព្រលឹងណាដែលប្រែចិត្ត ! » 11
ការសន្យានេះក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាមានអានុភាព ៖ « សូមឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ ខណៈនោះអ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ » ។ 12 ពេលអ្នករស់ដោយជីវិតមានគុណធម៌ អ្នកនឹងមានភាពជឿជាក់ពេញដោយសន្តិភាពក្នុងជំហរអ្នកចំពោះព្រះ ហើយអ្នកនឹងមានចេស្ដានៃព្រះវិញ្ញាណនៅជាមួយ ។ 13
សមាជិកសាសនាចក្រខ្លះ ឬអ្នកដែលទើបត្រឡប់មកសកម្មវិញអាចនិយាយថា « ឥឡូវខ្ញុំសក្តិសមហើយ និងមានបំណងបម្រើ តែខ្ញុំពុំដឹងថា ខ្ញុំចេះទាំងអស់នោះទេ » ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនកាលពីខែមេសាថា ៖ « តម្រិះនៃក្ដីពិត និងចម្លើយចំពោះសំណួរជ្រៅៗកើតឡើងពេលយើងគោរពប្រតិបត្តិបទបញ្ញត្តិព្រះ » ។ 14 វាគួរឲ្យទុកចិត្តណាស់ ដែលដឹងថា តាមការគោរពប្រតិបត្តិ យើងបង្កើនតម្រិះ ។
មនុស្សផ្សេងទៀតអាចគិតថា ទេពកោសល្យ សម្បទា ឬបទពិសោធន៍គេមានកម្រិត ដើម្បីប្រើប្រាស់ ។ បើអ្នកមានកង្វល់ដូចនោះ សូមចាំពីបទពិសោធន៍អែលឌើរ ផូក្រេល ។ សូមត្រៀមខ្លួនតាមតែអាចធ្វើបាន ហើយដឹងថា ព្រះបិតាសួគ៌នឹងពង្រីកភាពរាបសា និងកិច្ចខិតខំគោរពប្រតិបត្តិរបស់យើង ។ អែលឌើរ រីឆាដ ជី ស្កត បានលើកទឹកចិត្តថា ៖ « ពេលយើងគោរពប្រតិបត្តិបទបញ្ញត្តិព្រះ និងបម្រើកូនចៅទ្រង់ ដោយពុំអាត្មានិយម នោះមានផលជាទូទៅជាចេស្ដានៃព្រះ — គឺព្រះចេស្ដាដើម្បីធ្វើច្រើនជាងយើងអាចធ្វើដោយខ្លួនឯង ។ ប្រាជ្ញា ទេពកោសល្យ សម្បទារបស់យើង ត្រូវបានពង្រីក ព្រោះតែយើងទទួលបានកម្លាំង និងចេស្ដាពីព្រះ » ។ 15
ពេលអ្នកជឿជាក់លើព្រះ និងសេចក្ដីល្អនៃទ្រង់ ព្រះដ៏មានចេស្ដានឹងប្រទានពរកូនចៅទ្រង់ តាមរយៈអ្នក ។ 16 អែលឌើរ ហូលីងស៍ មកពីរដ្ឋ ណាវ៉ាដា បានដឹងពីការណ៍នេះ នៅពេលចាប់ផ្ដើមបេសកកម្មគាត់ ។ មួយថ្ងៃបន្ទាប់ពីគាត់មកដល់ឥណ្ឌា គាត់ធ្វើដំណើរជាមួយស៊ីស្ទើរ ហ្វាំង និងខ្ញុំទៅ រ៉ាចាមុនឌ្រី ជាតំបន់ដំបូង ។ រសៀលនោះ អែលឌើរ ហូលីងស៍ និង អែលឌើរ ហ្គាណាប៉ារាំ ទៅសួរសុខទុក្ខសមាជិកម្នាក់ និងម្ដាយនាង ។ ម្ដាយចង់រៀនពីសាសនាចក្រ ព្រោះគាត់បានឃើញថា ដំណឹងល្អប្រទានពរដល់កូនស្រីគាត់យ៉ាងណាហើយនោះ ។ ស៊ីស្ទើរ ហ្វាំង ចូលរួមបង្កើតមិត្តភាពនឹងគេ ។ ដោយសារមេរៀននឹងត្រូវបង្រៀនជាភាសាអង់គ្លេស ហើយម្ដាយរូបនោះ និយាយតែភាសា តេលូហ្គូ បងប្រុសម្នាក់ក្នុងវួដបាននៅទីនោះជួយបកប្រែអ្វីដែលបង្រៀន ។
ការចាត់តាំងរបស់អែលឌើរ ហូលីងស៍ ក្នុងការណាត់ជួបដំបូងគេនោះ គឺត្រូវបង្រៀនពីការនិមិត្តដំបូង ដោយប្រើប្រសាសន៍នៃព្យាការី យ៉ូសែប ។ ត្រង់ចំណុចនោះ គាត់បែរទៅស៊ីស្ទើរ ហ្វាំង ហើយសួរថា « តើខ្ញុំគួរនិយាយមួយៗឬទេ » ដើម្បីដឹងថា វាត្រូវបានបកប្រែ ។
គាត់តបថា « ចូរនិយាយមួយៗ ដើម្បីឲ្យព្រះវិញ្ញាណអាចធ្វើបន្ទាល់នៃអ្វីដែលអ្នកនិយាយ » ។
ពេលអ្នកផ្សាយសាសនាថ្មីនេះបង្រៀនដោយស្មោះសពីការនិមិត្តដំបូង ដោយប្រើប្រសាសន៍នៃព្យាការី នោះទឹកមុខបងស្រីជាទីស្រឡាញ់នោះបានប្ដូរ ។ គាត់ស្រក់ទឹកភ្នែក ។ ពេលអែលឌើរ ហូលីងស៍ បានបញ្ចប់សារលិខិតដ៏អស្ចារ្យ ហើយពាក្យពេចន៍គាត់មិនទាន់ទាំងបានបកប្រែផង ម្ដាយរូបនោះសួរទាំងទឹកភ្នែកក្នុងភាសាគាត់ថា « តើខ្ញុំអាចជ្រមុជទឹកបានទេ ? ហើយនឹងបង្រៀនកូនប្រុសខ្ញុំបានទេ ? »
ឱមិត្តអ្នកបម្រើយើងអើយ ទ្វារ និងដួងចិត្តបើកចំហររាល់ថ្ងៃចំពោះសារលិខិតដំណឹងល្អ — ជាសារលិខិតដែលនាំក្ដីសង្ឃឹម និងអំណរដល់កូនចៅនៃព្រះពេញពិភពលោក ។ បើអ្នកបន្ទាបខ្លួន គោរពប្រតិបត្តិ និងស្ដាប់សំឡេងនៃព្រះវិញ្ញាណ នោះអ្នកនឹងរកឃើញសុភមង្គលមហិមា ក្នុងការបម្រើជាអ្នកផ្សាយសាសនា ។ 17 ឱ ជាពេលអស្ចារ្យណាស់ហ្ន៎ ធ្វើជាអ្នកផ្សាយសាសនា — ជាពេលដែលព្រះកំពុងពន្លឿនកិច្ចការទ្រង់ !
ខ្ញុំសូមថ្លែងសាក្សីពីព្រះសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ និងពី « បញ្ញត្តិដ៏ទេវភាព » 18 ឲ្យ « ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » ។ 19 នេះជាសាសនាចក្រទ្រង់ ។ ទ្រង់ដឹកនាំតាមរយៈព្យាការី និងសាវកដែលកំពុងរស់នៅ ។ វេលាក្រោយនេះ គណៈប្រធានទីមួយនឹងបង្រៀនយើង ។ សូមឲ្យយើង « សង្កេតដោយឆាប់រហ័ស » 20 ដូចជាមរមន ដូច្នេះពេលមានការហៅ យើងមានភាពសក្តិសម និងអាចប្រកាសដោយចេស្ដានៃព្រះវិញ្ញាណ ៖ « មើលចុះ ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ។ ខ្ញុំត្រូវបានហៅដោយទ្រង់ឲ្យប្រកាសព្រះបន្ទូលរបស់ទ្រង់ក្នុងចំណោមប្រជាជនទ្រង់ ដើម្បីឲ្យពួកគេអាចបានជីវិតដ៏អស់កល្បជានិច្ច » ។ 21 ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។