ពួកអ្នកផ្សព្វផ្សាយសាសនាគឺជាអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលានៅក្នុងជីវិតធម្មតារបស់ខ្លួនរហូតដល់ពីរឆ្នាំ ដើម្បីជួយអ្នកដទៃឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។ មុននឹងចាកចេញទៅបំពេញបេសកកម្ម ពួកគេគឺជាសិស្ស និយោជិត អត្តពលិក អ្នកចូលចិត្តសៀវភៅ តន្រ្តីករ មែនហើយ អ្នកយល់ដឹងពីពួកគេខ្លះហើយ ។ បន្ទាប់ពីការបម្រើរបស់ពួកគេ ពួកគេនឹងត្រឡប់ទៅផ្ទះវិញដើម្បីបញ្ចប់មហាវិទ្យាល័យ ធ្វើការ រកដៃគូ និងរៀបការ ហើយរស់នៅក្នុងជីវិតធម្មតា ។
ពួកគេមកពីជុំវិញពិភពលោក ។ វាមិនមែនជារឿងចម្លែកទេ ដែលពួកអ្នកផ្សព្វផ្សាយសាសនាបម្រើក្នុងប្រទេសមួយ ហើយនិយាយភាសាផ្សេងក្រៅពីភាសារបស់ពួកគេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះជាយុវមជ្ឈិមវ័យ ឬគូស្វាមីភរិយា ឬបម្រើតែឯងក្នុងវ័យដែលពួកគេចូលនិវត្តន៍ ។ មិនថាពួកគេមានអាយុប៉ុន្មានទេ ទឹកចិត្តរបស់ពួកគេគឺស្មោះសរ—ពួកគេចាកចេញពីផ្ទះ និងក្រុមគ្រួសាររបស់ពួកគេអស់រយៈពេលមួយរយៈ ដើម្បីធ្វើអ្វីដែលព្រះយេស៊ូវបានបង្រៀនពួកសាវករបស់ទ្រង់ ៖« ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ »( ម៉ាកុស ១៦:១៥ ) ។