នៅពេលព្រះយេស៊ូវបានរងទុក្ខជំនួសយើងទាំងអស់គ្នានៅសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង នោះទ្រង់បានទទួលការយល់ដឹងដ៏ឥតខ្ចោះអំពីរាល់ការសាកល្បងទាំងអស់ដែលយើងប្រឈមមុខ ។ ទ្រង់ជ្រាបដឹងអំពីអារម្មណ៍របស់អ្នក និងអ្វីដែលអ្នកកំពុងឆ្លងកាត់ ហើយព្រះគុណរបស់ទ្រង់នឹងផ្តល់នូវកម្លាំងដែលអ្នកត្រូវការដើម្បីយកឈ្នះលើវា ។
ព្រះគម្ពីរមរមនបង្រៀន ៖
« ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១១–១២ ) ។
ដោយសារព្រះស្រឡាញ់អ្នក ហើយចង់ឲ្យអ្នកក្លាយជាមនុស្សល្អបំផុត នោះទ្រង់បានបញ្ជូនព្រះរាជបុត្រាដ៏ល្អឥតខ្ចោះរបស់ទ្រង់ឲ្យមកផែនដី ដើម្បីប្រោសលោះអ្នក ។ ផ្នែកសំខាន់មួយនៃបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទគឺដើម្បីធ្វើជាអង្គគាំទ្ររបស់យើង ។ ទ្រង់បានយកឈ្នះលើទុក្ខវេទនា និងទុក្ខលំបាក ដើម្បីទ្រង់ជ្រាបដឹងពីរបៀបដើម្បីជួយយើង ។ ទ្រង់ស្គាល់អ្នកយ៉ាងឥតខ្ចោះ ហើយជ្រាបដឹងពីរបៀបជួយអ្នក ប្រសិនបើអ្នកត្រឡប់មករកព្រះដោយការអធិស្ឋាន ហើយទូលសូមការណែនាំ ។
នៅពេលអ្នកត្រឡប់មករកព្រះ និងព្រះយេស៊ូវគ្រីស្ទវិញ នោះសេចក្តីជំនឿរបស់អ្នកនឹងរឹងមាំឡើង ហើយវានឹងធ្វើជាយុថ្កានៅក្នុងព្យុះនៃជីវិតនេះ ។ ដំណឹងល្អរបស់ព្រះគ្រីស្ទអាចបង្រៀនអ្នកអំពីមាគ៌ាទៅកាន់អំណរដ៏យូរអង្វែង ហើយសេចក្តីពិតដែលបានបង្រៀននៅក្នុងសាសនាចក្ររបស់ទ្រង់អាចនាំមកនូវសេចក្ដីសុខសាន្ត និងសេចក្តីសង្ឃឹមបាន ។
មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកអាចជាប្រភពនៃការគាំទ្រ និងសុភមង្គលដ៏អស្ចារ្យ រួមទាំងមិត្តភាពដែលបានបង្កើតនៅឯព្រះវិហារផងដែរ ។ ក្រុមជំនុំរបស់យើងគឺជាសហគមន៍មួយដែលខ្វល់ខ្វាយពីគ្នា ជាកន្លែងដែលពួកយើងធ្វើការងារបម្រើដល់គ្នាទៅវិញទៅមកតាមរបៀបរស់នៅជាក់ស្តែង និងខាងវិញ្ញាណអស់ពីសមត្ថភាពរបស់ពួកគេ ។
បន្ថែមពីលើរបៀបដែលសមាជិកសាសនាចក្រម្នាក់ៗបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្រ នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្កើតប្រព័ន្ធគាំទ្រដែលមានរចនាសម្ព័ន្ធកាន់តែច្រើន សម្រាប់ដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងជីវិត ។ ក្រុមជំនុំក្នុងមូលដ្ឋានរបស់អ្នក អាចផ្តល់ព័ត៌មានបន្ថែមទៀតអំពីឱកាសដែលមាននៅក្នុងតំបន់របស់អ្នក ។