វិវរណៈ ៦–៧
« តើអ្នកណាអាចនឹងឈរនៅបាន » ?
ជាផ្នែកមួយនៃវិវរណៈរបស់លោក សាវកយ៉ូហានបានឃើញការនិមិត្តអំពីកូនចៀមរបស់ព្រះ បើកត្រាប្រាំមួយដំបូងនៃក្រាំងដែលបានបិទ ។ នៅពេលបើកត្រាទីប្រាំមួយ យ៉ូហានត្រូវបានបង្ហាញឲ្យឃើញពីទុក្ខវេទនាជាខ្លាំង បន្ទាប់មកលោកបានឃើញការនិមិត្តមួយអំពីអ្នកបម្រើរបស់ព្រះ ដែលបានប្រែជាស្អាតស្អំ តាមរយៈព្រះលោហិតដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដែលកំពុងថ្វាយបង្គំនៅចំពោះបល្ល័ង្ករបស់ព្រះ ( សូមមើល វិវរណៈ ៧:៩–១៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យដឹងពីសារៈសំខាន់នៃការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីក្លាយជាមនុស្សបរិសុទ្ធ ហើយបន្តស្មោះត្រង់ក្នុងអំឡុងពេលនៃទុក្ខវេទនានៅថ្ងៃចុងក្រោយ ។
ការទទួលស្គាល់ការរួមចំណែករបស់សិស្ស ។ សូមរកមើលវិធីដើម្បីទទួលស្គាល់ និងសរសើរការរួមចំណែករបស់សិស្សម្នាក់ៗ ។ សូមណែនាំសិស្សឲ្យបានទៀងទាត់ថា ការចូលរួមរបស់ពួកគេនៅក្នុងដំណើរការសិក្សាមានសារៈសំខាន់ និងគួរឲ្យកោតសរសើរ ។
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សអានសំណួរដែលមាននៅក្នុង វិវរណៈ ៦:១៧ ហើយមករៀនដោយត្រៀមខ្លួនជាស្រេចដើម្បីចែកចាយអ្វីដែលពួកគេគិតថាវាចាំបាច់ដើម្បីទប់ទល់នឹងទុក្ខលំបាកនៅក្នុងថ្ងៃចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបើកត្រាប្រាំមួយដំបូង
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានបញ្ហាអ្វីខ្លះក្នុងការរស់នៅក្នុងថ្ងៃចុងក្រោយនេះ ? ហេតុអ្វីទៅ ?
-
តើអ្វីដែលធ្វើឲ្យអ្នករំភើបចិត្តក្នុងការរស់នៅក្នុងថ្ងៃចុងក្រោយនេះ ? ហេតុអ្វីទៅ ?
សូមរំឭកថានៅក្នុង វិវរណៈ ៥ យ៉ូហានបានឃើញក្រាំងមួយដែលមានបិទត្រាទាំងប្រាំពីរដែលមានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលស័ក្តិសមនឹងបើកវា ។ ត្រានីមួយៗតំណាងឲ្យរយៈពេល ១,០០០ ឆ្នាំនៃប្រវត្តិសាស្រ្តបណ្តោះអាសន្នរបស់ផែនដី ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៧ ) ។ នៅដើម វិវរណៈ ៦:១២ យ៉ូហានបានឃើញការបើកត្រាទីប្រាំមួយ ។ ត្រាទីប្រាំមួយតំណាងឲ្យរាប់ពាន់ឆ្នាំដែលឈានទៅដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយទំនងជារួមបញ្ចូលពេលវេលាដែលយើងរស់នៅឥឡូវនេះផងដែរ ។
សម្រាប់ព័ត៌មាន និងការបកស្រាយអំពីនិមិត្តសញ្ញាដែលបានពិពណ៌នាដោយយ៉ូហានសម្រាប់ត្រាប្រាំមួយដំបូង ( សូមមើល វិវរណៈ ៦:១–១១ ) សូមមើល « វិវរណៈ៦ ។ The First Six Seals » នៅក្នុង New Testament Student Manual ( ឆ្នាំ ២០១៤ ) ទំព័រ ៥៤២–៤៣ ។
សូមអាន វិវរណៈ ៦:១២–១៦ ដោយរកមើលព្រឹត្តិការណ៍មួយចំនួនដែលយ៉ូហានបានឃើញអំឡុងពេលបើកត្រាទីប្រាំមួយ ។
-
តើអ្វីដែលលេចធ្លោសម្រាប់អ្នកនៅក្នុងខគម្ពីរទាំងនេះ ?
-
តើអ្នករៀនអ្វីខ្លះមកពី ខទី ១៥–១៦ អំពីស្ថានភាពខាងវិញ្ញាណនៃមនុស្សជាច្រើនដែលរស់នៅអំឡុងការបើកត្រាទីប្រាំមួយ ?
សូមអាន វិវរណៈ ៦:១៧ ហើយពិចារណាគូសចំណាំសំណួរនៅក្នុងខនោះ ។
នេះប្រហែលជាពេលវេលាដ៏មានប្រសិទ្ធភាពមួយដើម្បីឲ្យសិស្សចែកចាយគំនិតរបស់ពួកគេពីសកម្មភាពរៀបចំរបស់សិស្ស ។
-
តើអ្នកនឹងសួរសំណួរនេះជាសម្ដីរបស់អ្នកផ្ទាល់ដោយរបៀបណា ?
-
តើអ្នកគិតថាអ្វីទៅជាចម្លើយចំពោះសំណួររបស់យ៉ូហាន ?
ទោះបីជាមានការបំផ្លិចបំផ្លាញ និងអំពើទុច្ចរិតដែលបានព្យាករណ៍ក្នុងអំឡុងថ្ងៃចុងក្រោយក៏ដោយ សូមពិចារណានូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានធ្វើ និងកំពុងធ្វើដើម្បីថែទាំពួកបរិសុទ្ធរបស់ទ្រង់ក្នុងការរៀបចំសម្រាប់ការយាងមកផែនដីវិញរបស់ទ្រង់ ។
-
តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ហើយឥឡូវនេះទ្រង់កំពុងធ្វើអ្វី ដើម្បីរៀបចំ និងការពារពួកបរិសុទ្ធរបស់ទ្រង់ ?
នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យឆ្លើយសំណួរនៅក្នុង វិវរណៈ ៦:១៧ ។ សូមពិចារណាពីរបៀបដែលការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យមានអារម្មណ៍សុខសាន្ដ និងសេចក្ដីអំណរ នៅពេលអ្នកព្យាយាមស៊ូទ្រាំនឹងឧបសគ្គខាងវិញ្ញាណ និងខាងរូបកាយនៅក្នុងថ្ងៃចុងក្រោយ ។
យ៉ូហានឃើញការរៀបចំសម្រាប់ការយាងមកជាលើកទីពីរ និងការនិមិត្តអំពីនគរសេឡេស្ទាល
នៅក្នុង វិវរណៈ ៧ យ៉ូហានបានឃើញទេវតាបួនអង្គដែលបានបញ្ជូនមកពីព្រះ ដែលមានអំណាចដើម្បីសង្គ្រោះ និងបំផ្លាញជីវិតនៅលើផែនដី ( សូមមើល វិវរណៈ ៧:១ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៨ ) ។ យ៉ូហានបានប្រមើលឃើញទេវតាទាំងនេះកំពុងរៀបចំបង្ហូរការបំផ្លិចបំផ្លាញមកលើផែនដី ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ លោកក៏បានឃើញការការពារត្រូវបានផ្តល់ដល់សមាជិកនៃកុលសម្ព័ន្ធអ៊ីស្រាអែលផងដែរ ( សូមមើល វិវរណៈ ៧:១–៨ ; ៩:៣–៤ ) ។ បន្ទាប់មក លោកបានមានការនិមិត្តមួយអំពីនគរសេឡេស្ទាល ។
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីព័ត៌មានបន្ថែមអំពីសង្ឃជាន់ខ្ពស់ចំនួន ១៤៤,០០០ នាក់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១១ ) ដែលបានពិពណ៌នាដោយយ៉ូហាន សូមពិចារណាប្រើធនធានមួយចំនួនដែលមាននៅក្នុង « វិវរណៈ ៧:២–៨ ។ តើកុលសម្ព័ន្ធអ៊ីស្រាអែល ១៤៤,០០០ នាក់ជានរណា ហើយតើអ្វីទៅដែលបានបោះត្រានៅលើថ្ងាសរបស់ពួកគេ ? » នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។
សូមអាន វិវរណៈ ៧:៩–១២ ដោយរកមើលពីរបៀបដែលយ៉ូហានបានពិពណ៌នាអំពីមនុស្សនៅក្នុងនគរសេឡេស្ទាល ។
-
តើយ៉ូហានបានឃើញមនុស្សប៉ុន្មាននាក់ ហើយហេតុអ្វីបានជាវាសំខាន់ ?
-
តើអ្វីដែលលេចធ្លោចំពោះអ្នកអំពីពាក្យសម្ដី និងសកម្មភាពរបស់មនុស្សទាំងនេះ ?
បន្ទាប់មក សូមអាន វិវរណៈ ៧:១៣–១៤ ហើយរកមើលពរជ័យនាពេលអនាគតដែលកំពុងរង់ចាំអស់អ្នកដែលស្មោះត្រង់ និងអ្វីដែលអាចឲ្យប្រជាជនចូលទៅក្នុងវត្តមានរបស់ព្រះបាន ។
-
តើខគម្ពីរទាំងនេះជួយឆ្លើយសំណួរដែលមាននៅក្នុង វិវរណៈ ៦:១៧ យ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាការបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀមមានន័យយ៉ាងដូចម្ដេច ?
គោលការណ៍មួយដែលអាចកំណត់បានមកពីខគម្ពីរទាំងនេះគឺថា ប្រសិនបើយើងស៊ូទ្រាំសេចក្តីទុក្ខលំបាកដោយស្មោះត្រង់ ហើយប្រែជាបរិសុទ្ធតាមរយៈព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងរីករាយនឹងសិរីល្អសេឡេស្ទាលជាមួយព្រះ ។
បន្ថែមពីលើការផ្តល់ឲ្យសិស្សនូវសេចក្ដីយោងបទគម្ពីរខាងក្រោម សូមពិចារណាសុំឲ្យពួកគេស្វែងរកបទគម្ពីរដែលបង្ហាញពីរបៀបដែលយើងអាចក្លាយជាបរិសុទ្ធតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ របៀបមួយដែលពួកគេអាចធ្វើបាន គឺតាមរយៈការស្វែងរកប្រធានបទដូចជា « អត់ទោស, អភ័យទោស » ឬ « ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។
ដើម្បីយល់បន្ថែមទៀតអំពីអត្ថន័យនៃការឲ្យអាវរបស់យើងក្លាយជាពណ៌សក្នុងឈាមរបស់កូនចៀម និងរបៀបដែលអ្នកអាចទទួលបានពរជ័យនេះ សូមសិក្សាសេចក្ដីយោងបទគម្ពីរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖
អេសាយ ១:១៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់ ?
-
តើមានរបៀបណាខ្លះដែលអ្នកអាចចាប់ផ្ដើមចូលទៅកាន់អំណាចនៃការសម្អាតរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលនេះ ?
សេចក្ដីសុខសាន្ត និងការសម្រាកជាមួយព្រះ
សូមអាន វិវរណៈ ៧:១៥–១៧ ដោយស្វែងរកពរជ័យបន្ថែមទៀត ដែលយ៉ូហានបានឃើញថាមនុស្សសុចរិតនឹងទទួលបទពិសោធន៍នៅក្នុងនគរសេឡេស្ទាល ។
-
តើពរជ័យទាំងនេះណាមួយដែលសំខាន់បំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?
-
តើការយល់ដឹងពីពរជ័យនាពេលអនាគតទាំងនេះអាចមានឥទ្ធិពលលើអាកប្បកិរិយារបស់អ្នកនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
វិចារណកថា និង ព័ត៌មានសាច់រឿង
សកម្មភាពរៀនសូត្របន្ថែម
វិវរណៈ ៦:១–១១ ។ ត្រាប្រាំដំបូង
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីអត្ថន័យនៃត្រាទាំងនេះ សូមពិចារណាឲ្យពួកគេសិក្សាសេចក្ដីយោងបទគម្ពីរមួយ ឬច្រើននៃសេចក្ដីយោងបទគម្ពីរខាងក្រោមនេះ ហើយគូរអ្វីដែលបទគម្ពីរទាំងនេះពណ៌នា ៖
ត្រាទីមួយ ( វិវរណៈ ៦:១–២ )
ត្រាទីពីរ ( វិវរណៈ ៦:៣–៤ )
ត្រាទីបី ( វិវរណៈ ៦:៥–៦ )
ត្រាទីបួន ( វិវរណៈ ៦:៧–៨ )
ត្រាទីប្រាំ ( វិវរណៈ ៦:៩–១១ )
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានគូរ ។ សម្រាប់ជំនួយក្នុងការបកស្រាយនិមិត្តសញ្ញានៅក្នុងខគម្ពីរទាំងនេះ សូមមើល « Revelation 6. The First Six Seals » នៅក្នុង New Testament Student Manual ( ឆ្នាំ ២០១៤ ) ទំព័រ ៥៤២–៤៣ ។
« ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ » ( នីហ្វៃទី១ ១៤:១៤ )
សូមពិចារណាចែកចាយនូវរបៀបមួយចំនួនដែលព្រះអង្គសង្គ្រោះប្រទានពរ និងការពារពួកបរិសុទ្ធរបស់ទ្រង់នៅថ្ងៃចុងក្រោយដោយការអញ្ជើញសិស្សឲ្យភ្ជាប់ ឬធ្វើសេចក្ដីយោងឆ្លង វិវរណៈ ៦:១២–១៧ ទៅនឹង នីហ្វៃទី១ ១៤:១២–១៧ ។ សូមចែកចាយជាមួយសិស្សនូវសេចក្តីថ្លែងការណ៍របស់ប្រធាន អាវរិង នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ហើយពិចារណាសួរសំណួរដូចតទៅនេះ ៖
-
តើអ្នកគិតថាការប្រដាប់អាវុធដោយព្រះចេស្ដារបស់ព្រះមានន័យយ៉ាងដូចម្តេច ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកំពុងជួយអ្នកឲ្យមានការការពារ និងភាពស័ក្ដិសមក្នុងអំឡុងពេលនៃភាពចលាចលនៅថ្ងៃចុងក្រោយដោយរបៀបណា ?