ម៉ាថាយ ២០:១–១៦
ពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ
ពេត្រុសសួរថា ៖ « យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ? » ( ម៉ាថាយ ១៩:២៧ ) ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបដោយប្រទាននូវពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ ។ ពាក្យប្រៀបប្រដូចនេះបង្រៀនថា អស់អ្នកណាដែលជ្រើសរើសលះបង់ជីវិតរបស់ពួកគេដើម្បីទ្រង់ នឹងទទួលបានរង្វាន់ដែលបានសន្យា មិនថាពួកគេបានចាប់ផ្តើមដើរលើផ្លូវនៃសេចក្ដីសញ្ញានៅពេលណាឡើយ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ពោរពេញដោយសេចក្ដីសង្ឃឹមថា អ្នកនឹងទទួលបានពរជ័យដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈដង្វាយធួនរបស់ទ្រង់ ។
ការគិតស្រមៃពីវគ្គបទគម្ពីរពិបាកៗ ។ សិស្សអាចយល់ពីវគ្គបទគម្ពីរពិបាកៗមួយចំនួនបានកាន់តែច្បាស់ ប្រសិនបើពួកគេអាចសម្ដែងវាចេញ ឬគិតស្រមៃពីវាតាមវិធីផ្សេងទៀត ។ ការធ្វើដូច្នេះអាចជួយសិស្សឲ្យយល់ពីព្រឹត្តិការណ៍ មនុស្ស និងព័ត៌មានលម្អិតនៅក្នុងព្រះគម្ពីរបានកាន់តែពេញលេញ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យបង្កើតបញ្ជីមួយអំពីពរជ័យ ដែលពួកគេបានទទួលពីព្រះអម្ចាស់ ដោយសារពួកគេបានរៀនពីដំណឹងល្អកាលនៅក្មេង ។ ម្យ៉ាងវិញទៀត ពួកគេអាចបង្កើតបញ្ជីមួយអំពីឱកាសនានា ដែលមនុស្សអាចនឹងខកខាន ប្រសិនបើពួកគេបានរៀនដំណឹងល្អយឺតពេលនៅក្នុងជីវិត ។ សូមឲ្យសិស្សគិតអំពីអ្វីដែលពួកគេអាចរៀនបាន ចេញពីបញ្ជីដែលពួកគេបានធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជាជាងប្រើសាច់រឿងខាងក្រោមនេះ សូមពិចារណាប្រើប្រាស់សកម្មភាពនេះ ដោយសម្របវាតាមតម្រូវការ និងទំហំរបស់ថ្នាក់នីមួយៗ ៖
សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យក្រោកឈរ ហើយកាន់ព្រះគម្ពីររបស់ពួកគេ ឬសៀវភៅផ្សេងទៀតដោយដៃទាំងពីរ ហើយលាតដៃពួកគេទៅមុខរយៈពេល ២ នាទី ។ សូមសន្យានឹងពួកគេថា ពួកគេនឹងទទួលបានរង្វាន់ ( ដូចជាស្ករគ្រាប់តូចៗ ) ប្រសិនបើពួកគេអាចទប់ការលាតដៃនោះបានពេញ ២ នាទី ។ រៀងរាល់ ៣០ វិនាទីម្ដង សូមអញ្ជើញសិស្សផ្សេងទៀតឲ្យក្រោកឡើងលាតដៃដែរ ប៉ុន្តែកុំសន្យានឹងពួកគេថា អ្នកនឹងផ្ដល់រង្វាន់ជាក់លាក់ណាមួយឡើយ ។ នៅពេលសល់តែ ៣០ វិនាទីនៃ ២ នាទីនោះ សូមអញ្ជើញសិស្សដែលនៅសល់ទាំងប៉ុន្មានឲ្យឡើងឈរលាតដៃដូចគ្នាទាំងអស់ ។ នៅពេលចប់ ២ នាទី សូមប្រាប់សិស្សទាំងអស់ឲ្យដាក់ដៃចុះ ។ ដោយចាប់ផ្តើមពីអ្នកចុងក្រោយដែលចូលរួម សូមផ្តល់រង្វាន់ពេញលេញដែលបានសន្យាដល់អ្នកដែលចូលរួមទាំងអស់ ដូចគ្នានឹងរង្វាន់របស់អ្នកស្ម័គ្រចិត្តដំបូងដែរ ។
សូមសួរសិស្សថា តើពួកគេមានអារម្មណ៍យ៉ាងណាអំពីសកម្មភាពនេះ ។ ប្រសិនបើសិស្សដំបូងត្អូញត្អែរថាមិនយុត្តិធម៌ចំពោះខ្លួន សូមសួរពួកគេថាហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះ ។
សូមស្រមៃពីសាច់រឿងខាងក្រោមនេះ ៖
ថ្មីៗនេះ ម៉ារីសូល បានចូលរួមនឹងសាសនាចក្រ រួមជាមួយម្តាយ និងជីដូនជីតារបស់នាង ។ មិនយូរប៉ុន្មាន ជីតារបស់នាងក៏បានលាចាកលោកទៅ ។ ម៉ារីសូល ងឿងឆ្ងល់ថា តើជីតារបស់នាងនឹងទទួលបានពរជ័យដូចដែលនាងនឹងទទួលបានដែរឬទេ បើទោះបីជាគាត់បានទទួលយកដំណឹងល្អនៅពេលក្រោយខ្លាំងក្នុងជីវិតក៏ដោយនោះ ។
-
តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់ ម៉ារីសូល ?
ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវករបស់ទ្រង់នូវពាក្យប្រៀបប្រដូចមួយ ដែលបង្ហាញពីព្រះទ័យខ្វាយខ្វល់របស់ទ្រង់ចំពោះអស់អ្នកដែលជ្រើសរើសធ្វើតាមទ្រង់ ។ ពេញមួយមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកស្វែងរកសេចក្តីពិត ដែលនឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកយើង ។
ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ
សូមពិចារណាគូសតារាងមួយនៅលើក្តារខៀន ដែលមានចន្លោះទទេសម្រាប់ព័ត៌មានខាងក្រោមអំពីក្រុមជើងឈ្នួលនីមួយៗ ៖ ពេលវេលាចាប់ផ្តើម ប្រាក់ខែដែលបានសន្យា រយៈពេលធ្វើការ និងចំនួនប្រាក់ដែលបានបង់ ។ សូមអញ្ជើញសិស្សឲ្យបំពេញតារាងនេះ ។
នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចនេះ វាមានប្រយោជន៍ក្នុងការដឹងថា ថ្ងៃធ្វើការធម្មតានៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មីទំនងជាមានរយៈពេលប្រហែល ១២ ម៉ោង ដោយចាប់ផ្តើមពីព្រឹកព្រលឹម និងបញ្ចប់នៅពេលល្ងាច ។ ពាក្យថា កាក់ នៅក្នុងខគម្ពីរទាំងនេះសំដៅលើប្រាក់ឌឺណារីស ដែលជាកាក់របស់រ៉ូម៉ាំង ជាធម្មតាប្រើដើម្បីផ្តល់ប្រាក់ឈ្នួលដល់ជើងឈ្នួលសម្រាប់ការងារពេញមួយថ្ងៃ ។
សូមអាន ម៉ាថាយ ២០:១–៧ ដោយរកមើលពីរបៀបដែលម្ចាស់ចម្ការបានជួលជើងឈ្នួល ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
Laborers in the Vineyard
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
នៅក្នុងជំនាន់របស់ព្រះអង្គសង្រ្គោះ បុរសម្នាក់ និងគ្រួសាររបស់គាត់ជាមធ្យមមិនអាចធ្វើបានច្រើនជាងអ្វីដែលគេបានរកនៅថ្ងៃនោះទេ ។ ប្រសិនបើអ្នកមិនធ្វើការ ធ្វើចម្ការ នេសាទត្រី ឬ លក់ដូរទេ អ្នកប្រហែលគ្មានអ្វីបរិភោគនោះទេ ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )
សូមជួយសិស្សឲ្យវិភាគពាក្យប្រៀបប្រដូច ចេញពីទស្សនៈខុសៗគ្នានៃក្រុមជើងឈ្នួលនីមួយៗ ។
-
តើអ្នកគិតថាម្ចាស់ចម្ការទំពាំងបាយជូរ និងជើងឈ្នួលតំណាងឲ្យនរណា ?
-
តើអ្នកគិតថា វានឹងមានអារម្មណ៍យ៉ាងណាក្នុងការក្លាយជាជើងឈ្នួលដំបូងគេដែលបានជួលសម្រាប់ថ្ងៃនោះ ?
-
តើអ្នកគិតថា ជើងឈ្នួលដែលរង់ចាំការជួលមានអារម្មណ៍បែបណាអំឡុងពេលកំពុងរង់ចាំនោះ ?
សូមអាន ម៉ាថាយ ២០:៨–១៦ ដោយរកមើលរបៀបដែលមួយថ្ងៃៗបញ្ចប់សម្រាប់ជើងឈ្នួលទាំងអស់ ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ១:៣៤ ដល់ ៣:០០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
Laborers in the Vineyard
វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ការត្រូវបានជួលដោយម្ចាស់ចម្ការនៅក្នុងពាក្យប្រៀបប្រដូចនេះ អាចបង្ហាញពីការចូលទៅក្នុងសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រាក់បៀវត្សរ៍អាចតំណាងឲ្យពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមសួរសំណួរខាងក្រោមមួយចំនួន ឬទាំងអស់ ( ឬសំណួរផ្សេងទៀត ) ដើម្បីជួយសិស្សឲ្យស្គាល់គុណលក្ខណៈដ៏ទេវភាពដែលបានបង្ហាញដោយម្ចាស់ចម្ការ ។
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះម្ចាស់ចម្ការទំពាំងបាយជូរ ប្រសិនបើអ្នកជាអ្នកត្រូវបានជួលដំបូងគេ ? ចុងក្រោយគេ ?
-
តើម្ចាស់ចម្ការបានបង្ហាញសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះជើងឈ្នួលទាំងអស់តាមរបៀបណា ?
-
នៅពេលអ្នកយល់ថា ម្ចាស់ចម្ការអាចតំណាងឲ្យព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ តើអ្នកឃើញគុណលក្ខណៈដ៏ទេវភាពអ្វីខ្លះនៅក្នុងទ្រង់ ?
-
តើមេរៀនអ្វីខ្លះដែលយើងអាចរៀនមកពីពាក្យប្រៀបប្រដូចនេះ ?
សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បានចែកចាយសេចក្តីពិតសំខាន់ៗ ដែលយើងអាចរៀនអំពីព្រះអម្ចាស់នៅក្នុងពាក្យប្រៀបប្រដូចនេះ ។ អ្នកអាចចង់មើលវីដេអូ « The Laborers in the Vineyard » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១០:០២ ដល់ម៉ោង ១១:៤២ ឬអានអត្ថបទខាងក្រោមនេះ ។
ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ
ពាក្យប្រៀបធៀបនេះ—ដូចជាពាក្យប្រៀបធៀបផ្សេងទៀតទាំងអស់—គឺមិនមែនអំពីជើងឈ្នួល ឬប្រាក់ឈ្នួលទៀតទេ ពាក្យប្រៀបធៀបផ្សេងទៀតគឺអំពីចៀម និង ពពែ ។ នេះគឺជារឿងអំពីភាពល្អរបស់ព្រះ ការអត់ធ្មត់ និង ការអភ័យទោសរបស់ទ្រង់ និងដង្វាយធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ វាជារឿងអំពីសប្បុរសធម៌ និងចិត្តមេត្តាករុណា ។ វាជារឿងអំពីព្រះគុណ ។ វាសង្កត់ធ្ងន់លើគំនិតដែលខ្ញុំបានឮជាច្រើនឆ្នាំកន្លងទៅ ដែលប្រាកដជារឿងដែលព្រះរីករាយបំផុតក្នុងការជាព្រះ គឺជាការរំភើបក្នុងការមានចិត្តមេត្តាករុណា ជាពិសេសចំពោះអ្នកដែលមិនសង្ឃឹមដល់ ហើយជាញឹកញាប់មានអារម្មណ៍ថាពួកគេមិនស័ក្តិសមនឹងទទួលវា ។
ខ្ញុំមិនដឹងថានរណាខ្លះក្នុងចំណោមអ្នកដ៏ច្រើននាថ្ងៃនេះ អាចត្រូវការឮសារលិខិតនៃការអភ័យទោសដែលជាផ្នែកដ៏ធម្មតាមួយនៅក្នុងពាក្យប្រៀបធៀបនេះ ប៉ុន្ដែមិនថាអ្នកគិតថាអ្នកយឺតយ៉ាងណាទេ មិនថាឱកាសប៉ុន្មានដែលអ្នកគិតថាអ្នកបានរំលង មិនថាកំហុសច្រើនប៉ុណ្ណាដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើ ឬទេពកោសល្យដែលអ្នកគិតថាអ្នកមិនមាន ឬការឃ្លាតឆ្ងាយពីផ្ទះ និងគ្រួសារ និងព្រះដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើដំណើរមកឆ្ងាយយ៉ាងណានោះទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នក មិនបាន ធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ វាមិនអាចទៅរួចសម្រាប់អ្នកដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទដ៏និរន្ដរដែលអាចចែងចាំងដល់បានទេ ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣២–៣៣ )
-
សូមគិតអំពីអ្វីដែលអែលឌើរ ហូឡិន បានបង្រៀន ដែលអ្នកបានដឹងរួចហើយថាពិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកបានដឹងថា វាជាការពិតដោយរបៀបណា ?
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយសារអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
-
តើអ្វីដែលអ្នកបានរៀន អាចមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់អ្នកយ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់អំពីសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់ទ្រង់ដើម្បីប្រទានពរដល់អស់អ្នកដែលមករកទ្រង់ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬសូមឲ្យសិស្សចែកចាយដោយសមរម្យពីរបៀបដែលពួកគេមានអារម្មណ៍ថាទទួលបានសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើអ្វីជាគោលបំណងនៃការធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
រង្វាន់របស់លោកចៅហ្វាយនៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយនឹងមិនផ្អែកទៅលើរយៈពេល ដែលយើងបានធ្វើការនៅក្នុងចម្ការទំពាំងបាយជូរបានយូរប៉ុណ្ណានោះទេ ។ យើងពុំទទួលបានរង្វាន់សួគ៌ារបស់យើងដោយកំណត់ពេលធ្វើការនោះឡើយ ។ អ្វីដែលសំខាន់គឺថា ការធ្វើការរបស់យើងនៅក្នុងកន្លែងធ្វើការរបស់ព្រះអម្ចាស់បានបណ្ដាលឲ្យយើង ក្លាយទៅជា អ្វីមួយ ។ ចំពោះពួកយើងមួយចំនួន ការណ៍នេះតម្រូវឲ្យធ្វើច្រើនជាងមនុស្សដទៃទៀត ។ អ្វីដែលសំខាន់នៅទីបញ្ចប់គឺអ្វីដែលយើងបានប្រែក្លាយ ដោយសារកម្លាំងពលកម្មរបស់យើង ។
( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ )
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខ្ញុំថ្លែងទីបន្ទាល់អំពីការរំឭកជាថ្មីនៃអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ និងអព្ភូតហេតុនៃព្រះគុណរបស់ទ្រង់ ។ ទ្រង់បារម្ភអំពីសេចក្ដីជំនឿដែលអ្នកទទួលបាន មិនមែនអំពីចំនួនម៉ោងក្នុងមួយថ្ងៃ ដែលអ្នកទទួលសេចក្ដីជំនឿនោះទេ ។
ដូច្នេះបើអ្នកបានធ្វើសេចក្ដីសញ្ញាហើយ សូមរក្សាវាទុក ។ បើអ្នកមិនទាន់បានធ្វើទេ សូមធ្វើវា ។ បើអ្នកបានធ្វើវា ហើយមិនបានរក្សាវានោះទេ សូមប្រែចិត្ត និងធ្វើជាថ្មី ។ វា មិនដែល យឺតពេលនោះទេ ដរាបណាម្ចាស់ចម្ការមិនទាន់និយាយថា ដល់ពេលនោះ ។ … សូមកុំពន្យារពេល ។ វាជិតយឺតពេលហើយ ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )
សកម្មភាពរៀនសូត្របន្ថែម
សុន្ទរកថារបស់អែលឌើរ ហូឡិន « ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ »
អាស្រ័យលើតម្រូវការរបស់សិស្ស សុន្ទរកថារបស់អែលឌើរ ហូឡិន « ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) អាចត្រូវបានប្រើដើម្បីបង្រៀនអំពីរឿងដូចខាងក្រោម ៖
-
ការយកឈ្នះលើការច្រណែន និងការច្រណែនឈ្នានីស ( សូមមើល កថាខណ្ឌទី ២–៨ នៃសុន្ទរកថារបស់លោក ឬលេខកូដម៉ោង ០:២៣–៧:០៨ នៃវីដេអូ )
-
ការដាក់ការខកចិត្តពីអតីតកាលនៅពីក្រោយយើង ហើយឈានទៅមុខដោយសេចក្ដីជំនឿ ( សូមមើល កថាខណ្ឌទី ៩–១១ ឬលេខកូដម៉ោង ៧:០៨–៩:៥៧ )
លូកា ១៨:១–៨, ៣៥–៤៣ ។ ពាក្យប្រៀបប្រដូចអំពីចៅក្រមមិនយុត្តិធម៌ និងការប្រោសអ្នកសុំទានពិការភ្នែកឲ្យជា
ដំណើររឿងទាំងពីរនេះអាចត្រូវបានបង្រៀនរួមគ្នា ឬដាច់ដោយឡែកពីគ្នា ។ ដំណើររឿងទាំងពីរនេះបង្ហាញពីគោលការណ៍ថា ប្រសិនបើយើងស្មោះត្រង់ និងខ្ជាប់ខ្ជួនក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់យើងទៅកាន់ព្រះវរបិតាសួគ៌ ហើយនៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានសេចក្ដីមេត្តាករុណារបស់ទ្រង់ ។
នៅក្នុងពាក្យប្រៀបប្រដូវអំពីចៅក្រមមិនយុត្តិធម៌ ( សូមមើល លូកា ១៨:១–៨ ) មានចៅក្រមម្នាក់ដែលព្រងើយកន្ដើយចំពោះស្ត្រីមេម៉ាយម្នាក់ បានសម្រេចចិត្តជួយនាង ដោយសារគាត់ធុញទ្រាន់នឹងការអង្វររបស់នាង ។ ព្រះអង្គសង្គ្រោះបានបង្រៀនពាក្យប្រៀបប្រដូចនេះដើម្បីបញ្ជាក់ថា ព្រះនឹងស្តាប់ឮ ហើយឆ្លើយតបនឹង « ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ » ( លូកា ១៨:៧ ) ។
តើសេចក្ដីពិតដូចគ្នានេះត្រូវបានបង្ហាញយ៉ាងដូចម្ដេចនៅក្នុងជីវិតរបស់អ្នកសុំទានពិការភ្នែកម្នាក់ ដែលបានស្រែកសូមជំនួយពីព្រះអម្ចាស់ ? ( សូមមើល លូកា ១៨:៣៥–៤៣ ) ។
-
តើការរស់នៅតាមគោលការណ៍នេះអាចជួយអ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកតាមរបៀបណាខ្លះ ?
-
តើព្រះវរបិតាសួគ៌បានបង្ហាញពីព្រះហឫទ័យរបស់ទ្រង់ក្នុងការឆ្លើយតបអ្នកយ៉ាងដូចម្ដេច ទោះបីជានៅពេលដែលចម្លើយទាំងនោះមិនបានមកតាមពេលវេលា ឬវិធីដែលយើងសង្ឃឹមថាវានឹងមកក៏ដោយនោះ ?