ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២០
ស្វែងយល់ និងពន្យល់
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នកបាន ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រឹងការយល់ដឹងរបស់អ្នក ហើយរៀនពន្យល់ពីសេចក្តីពិតចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីផ្សេងៗ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ហើយជ្រើសរើសវគ្គបទគម្ពីរមួយដែលពួកគេចង់យល់កាន់តែច្បាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះបាន ។ សូមមើលតារាងកាលវិភាគល្បឿនដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀននៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
តើអ្នកដឹងអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាបង្ហាញរូបភាពដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិភាក្សាជាមួយដៃគូអំពីអ្វីដែលព្រឹត្តិការណ៍ដែលបានបង្ហាញនេះ បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមពិពណ៌នាអ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ ដោយប្រើតែផ្នែកនៃព្រះជន្មរបស់ទ្រង់ដែលតំណាងដោយរូបភាពខាងក្រោមនេះ ៖
បន្ទាប់មក សូមបង្ហាញរូបភាពបីដូចខាងក្រោម ( ឬរូបភាពផ្សេងគ្នានៃព្រះអង្គសង្គ្រោះ ) ហើយអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោមនេះ ។
ឥឡូវនេះសូមមើលរូបភាពទាំងនេះ ហើយឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើមានព្រឹត្តិការណ៍អ្វីខ្លះដែលបានពិពណ៌នានៅក្នុងរូបភាពទាំងបីនេះ ?
-
តើព្រឹត្តិការណ៍នីមួយៗទាំងនេះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ ?
ដើម្បីដឹងយ៉ាងពិតប្រាកដថាព្រះអង្គសង្គ្រោះគឺជានរណា ហើយមូលហេតុដែលទ្រង់មានសារៈសំខាន់ចំពោះអ្នក នោះវាមានប្រយោជន៍ដើម្បីសិក្សាពីដំណើររឿងជាច្រើនអំពីព្រះជន្មរបស់ទ្រង់ និងសំណេររបស់ព្យាការីច្រើនជាងម្នាក់ ។
ស្រដៀងគ្នានេះដែរ ការសិក្សា និងការប្រៀបធៀបសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាច្រើន អាចជួយអ្នកឲ្យយល់អំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះបានពេញលេញជាងការពឹងផ្អែកលើវគ្គបទគម្ពីរតែមួយ ។
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើសកម្មភាពខាងក្រោមនេះជាមួយនឹងដៃគូម្នាក់ ។ ពួកគេអាចមានដៃគូផ្សេងគ្នាសម្រាប់ការប្រៀបធៀបនីមួយៗ ។
សូមអាន ហើយពិចារណាអំពីអ្វីដែល ហេព្រើរ ១២:៩ , យ៉ាកុប ១:៥–៦ និង យ៉ាកុប ២:១៧–១៨ បង្រៀនយើងអំពីព្រះវរបិតាសួគ៌ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ។
-
តើការសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងបីនេះរួមគ្នា ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយ៉ាងដូចម្ដេច ?
សូមអាន ហើយពិចារណាអំពីអ្វីដែល ពេត្រុស ទី១ ៤:៦ និង វិវរណៈ ២០:១២ បង្រៀនយើងអំពីការជំនុំជម្រះចុងក្រោយនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
តើការសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងពីរនេះរួមគ្នា ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយដោយរបៀបណា ?
សូមពិចារណាអំពីសេចក្តីយោងបទគម្ពីរ ឬភ្ជាប់វគ្គបទគម្ពីរណាមួយដែលអ្នកប្រហែលជាចង់សិក្សាជាមួយគ្នាម្តងទៀតនាពេលអនាគត ។
ការភ្ជាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
ប្រសិនបើវាជាការប្រសើរជាងសម្រាប់សិស្សក្នុងការបំពេញសកម្មភាពខាងក្រោមជាថ្នាក់ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មីដែលពួកគេចង់ស្វែងយល់បន្ថែមអំពីវា ។ សូមសរសេរសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៅលើក្ដារខៀន ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យធ្វើការជាក្រុមតូចៗ ដើម្បីស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលទាក់ទងគ្នាឲ្យបានច្រើនតាមដែលអាចធ្វើបានក្នុងអំឡុងពេលវេលាដែលបានកំណត់ ។ ប្រសិនបើសិស្សមានអារម្មណ៍ថាច្រើនលើសលប់ក្នុងការស្វែងរកវគ្គបទគម្ពីរទាំង ៩៦ នោះ សូមពិចារណាបង្រួមការស្វែងរករបស់ពួកគេទៅត្រឹមវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនប៉ុណ្ណោះ ( ឬប្រើវិធីផ្សេងទៀតក្នុងការបង្រួមជម្រើសស្វែងរករបស់ពួកគេ ) ។ សិស្សអាចរាយបញ្ជីបទគម្ពីរដែលពួកគេរកឃើញនៅលើក្ដារខៀនពីក្រោមសេចក្ដីយោងនេះបាន ។
ជាចុងក្រោយ សូមអញ្ជើញសិស្សឲ្យពន្យល់ពីរបៀបដែលវគ្គបទគម្ពីរបន្ថែមដែលពួកគេបានរកឃើញ បង្កើនការយល់ដឹងរបស់ពួកគេអំពីវគ្គបទគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មីដែលបានជ្រើសរើស ។
ក. សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយ ដែលអ្នកចង់ស្វែងយល់បន្ថែម ហើយសរសេរសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ខ. សូមស្វែងរក និងអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងមូល ហើយកត់ត្រាអ្វីដែលអ្នកយល់អំពីគោលលទ្ធិដែលវាបង្រៀន ។
គ. សូមស្វែងរកបញ្ជីពេញលេញនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលមាននៅចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
ឃ. សូមស្វែងរក និងអានយ៉ាងហោចណាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួនពីរចេញពីវគ្គបទគម្ពីរផ្សេងទៀត ដែលទាក់ទងនឹងវគ្គបទគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មីដែលអ្នកបានជ្រើសរើស ។
ង. សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីរបៀបដែលវគ្គបទគម្ពីរបន្ថែមទាំងនេះ បង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មី ។
ប្រសិនបើសិស្សបានបញ្ចប់សកម្មភាពមុនៗជាលក្ខណៈបុគ្គល សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយសិស្សជុំវិញពួកគេនូវវគ្គបទគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មីដែលពួកគេបានជ្រើសរើស ហើយពន្យល់ពីអ្វីដែលពួកគេបានរៀនពីវគ្គបទគម្ពីរបន្ថែមនេះ ។
ប្រសិនបើពេលវេលាអនុញ្ញាត សូមពិចារណាធ្វើសកម្មភាពនេះសាឡើងវិញជាមួយនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទីពីរ ។ ឬសូមបំពេញសកម្មភាពស្រដៀងគ្នាដោយឲ្យសិស្សសរសេរសំណួរ ឬកង្វល់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាក់លាក់ ដែលអាចជួយឆ្លើយសំណួរ ឬកង្វល់របស់ពួកគេបាន ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាពីរបៀបដែលពួកគេអាចអនុវត្តសកម្មភាពនេះចំពោះការសិក្សាព្រះគម្ពីររបស់ពួកគេនៅផ្ទះ និងពីរបៀបដែលការធ្វើដូច្នេះអាចផ្តល់ពរជ័យដល់ពួកគេ នៅពេលពួកគេសិក្សាដំណឹងល្អ ។