ចំណេះចំណានខាងគោលលទ្ធិ ៖ ធីម៉ូថេ ទី២ ៣:១៥–១៧
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ »
ការសិក្សាព្រះគម្ពីរជាទៀងទាត់អាចផ្តល់ពរដល់ជីវិតរបស់អ្នកតាមរបៀបជាច្រើន រួមទាំងការជួយអ្នកក្នុងការស្វែងរកបញ្ហាប្រឈមជាច្រើននៃថ្ងៃចុងក្រោយនេះផងដែរ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ធីម៉ូថេទី២ ៣:១៥–១៧ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
ការសម្ដែង ។ ការសម្ដែងអាចជួយសិស្សឲ្យទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងការពន្យល់ពីសេចក្តីពិតនៃដំណឹងល្អ និងយល់កាន់តែច្បាស់អំពីរបៀបដែលពួកគេអាចធ្វើសកម្មភាពក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបញ្ហាប្រឈមណាមួយដែលរារាំងពួកគេពីការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយពួកគេឲ្យយកឈ្នះលើឧបសគ្គរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបរៀងឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « ធីម៉ូថេ ទី២ ៣ » ដែលជាមេរៀនទាក់ទងនឹងបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ធីម៉ូថេ ទី២ ៣:១៥–១៧ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាបានបង្រៀនបរិបទ នៃមេរៀនដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
សូមគូររូប ភាព ព្រះគម្ពីរ ដែលបើក ឲ្យបានពាសពេញ ក្រដាស ឬពេញលើក្រដាសភាគច្រើន ។ នៅផ្នែកខាង លើ នៃគំនូរ របស់អ្នក សូមសរសេរ ធីម៉ូថេ ទី២ ៣:១៥–១៧ ។ នៅក្នុងគំនូររបស់អ្នក សូមសរសេរឃ្លាបទគម្ពីរគន្លឹះបទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ។ យករបស់អ្វី មួយបាំងឃ្លាហើយសរសេរវាម្តងទៀតចេញពីការចងចាំ ។ សូមពិនិត្យមើលភាពត្រឹមត្រូវ ហើយធ្វើលំហាត់ម្តងទៀតឲ្យបានច្រើនដង រហូតដល់អ្នកបានបំពេញគំនូររបស់អ្នក ។
បន្ទាប់ពីសិស្សបានគូររូបរបស់ពួកគេហើយ សូមពិចារណាបែងចែកសិស្សជាគូ ហើយអញ្ជើញពួកគេឲ្យប្តូរវេនគ្នាសរសេរឃ្លាបទគម្ពីរគន្លឹះ ។
នៅក្នុងមេរៀនមុនដែលអ្នកបានរៀនថា នៅពេលយើងសិក្សាព្រះគម្ពីរ នោះយើងអាចទទួលបានប្រាជ្ញាដែលនឹងនាំយើងទៅកាន់សេចក្ដីសង្គ្រោះតាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមអាន ធីម៉ូថេ ទី២ ៣:១៥–១៧ ម្តងទៀត ដោយរកមើលភស្តុតាងនៃគោលការណ៍នេះ ក៏ដូចជាពរជ័យផ្សេងទៀតដែលយើងអាចទទួលបានពីការសិក្សាព្រះគម្ពីរ ។
សូមពិចារណាបែងចែកសិស្សជាក្រុមតូចៗ ដើម្បីឲ្យពួកគេអាចសម្ដែងពីសាច់រឿងខាងក្រោម ។ សូមព្យាយាមផ្លាស់ទីជុំវិញបន្ទប់ ដើម្បីស្តាប់ពីរបៀបដែល « ពួកអ្នកផ្សព្វផ្សាយសាសនា » បង្រៀន « សាសនាគន់ការី » ។ បន្ទាប់មកសូមពិចារណាសួរសិស្សពីអ្វីដែលពួកគេមានអារម្មណ៍ថាងាយស្រួល ឬពិបាកអំពីបទពិសោធន៍នេះ ។
សូមស្រមៃថាអ្នកជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលកំពុងបង្រៀនយុវនារីឈ្មោះស៊ូរ៉ាវី ។ ស៊ូរ៉ាវី បានទទួលយកសារលិខិតនៃការស្ដារឡើងវិញ ប៉ុន្តែស្ទាក់ស្ទើរក្នុងការអានវគ្គបទគម្ពីរដែលអ្នក និងដៃគូរបស់អ្នកបានស្នើសុំ ។ ក្នុងអំឡុងពេលសួរសុខទុក្ខ អ្នកសួរ ស៊ូរ៉ាវី អំពីអ្វីដែលបានរារាំងនាងពីការអានព្រះគម្ពីរ ។ នាងឆ្លើយថា នាងមិនចូលចិត្តអានព្រះគម្ពីរទេ ហើយពីព្រោះវាគួរឲ្យធុញ ។
ដោយប្រើ ធីម៉ូថេ ទី២ ៣:១៥–១៧ សូមសរសេរចម្លើយពន្យល់អំពីពរជ័យ និងអត្ថប្រយោជន៍នៃការសិក្សាព្រះគម្ពីរតាមរបៀបមួយដែលអាចជំរុញចិត្តស៊ូរ៉ាវី ។ ប្រសិនបើអាចធ្វើបាន សូមពិចារណាបន្ថែមបទពិសោធន៍ផ្ទាល់ខ្លួន និងទីបន្ទាល់ជាផ្នែកនៃការឆ្លើយតបរបស់អ្នក ។
រៀនអនុវត្ត
-
ប្រសិនបើអ្នកត្រូវសង្ខេបគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណមួយប្រយោគម្ដងៗ តើអ្នកនឹងនិយាយអ្វី ?
បើចាំបាច់ សូមចំណាយពេលពីរបីនាទីពិនិត្យមើលកថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសតាមលំដាប់ដោយព្រាវៗ ហើយអានឲ្យឮៗនូវប្រយោគសង្ខេបមួយពីគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលគោលការណ៍មួយណាដែលទាក់ទងនឹងប្រយោគនេះ ។ សូមធ្វើសកម្មភាពនេះដដែលៗឲ្យបានបីបួនដង ។
ទោះបីជាយើងដឹង និងយល់ពីពរជ័យនៃការសិក្សាព្រះគម្ពីរក៏ដោយ ជួនកាល វាអាចពិបាកក្នុងការធ្វើវាឲ្យបានទៀងទាត់ និងមានប្រសិទ្ធភាព ។
-
តើមានបញ្ហាអ្វីខ្លះដែលអាចធ្វើឲ្យពិបាកក្នុងការសិក្សាព្រះគម្ពីរឲ្យបានទៀងទាត់ និងប្រកបដោយប្រសិទ្ធភាព ?
សូមគិតពីការសរសេរចម្លើយរបស់សិស្សដាក់លើក្ដារខៀន ។
ក្នុងអំឡុងសកម្មភាពខាងក្រោម សូមពិចារណាផ្តល់ការអធិស្ឋានដោយស្ងៀមស្ងាត់សម្រាប់សិស្សរបស់អ្នកថាពួកគេនឹងបើកដួងចិត្តចំពោះការបំផុសគំនិតនៃព្រះវិញ្ញាណ ដើម្បីអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណសម្រាប់ខ្លួនគេ ។
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរកឃើញឧបសគ្គមួយ ឬពីរ ដែលរារាំងអ្នកពីការសិក្សាព្រះគម្ពីរជាទៀងទាត់ និងប្រកបដោយប្រសិទ្ធភាព ។ ( ប្រសិនបើអ្នកមិនប្រឈមមុខនឹងឧបសគ្គណាមួយទេ ចូរគិតពីឧបសគ្គដែលមិត្តភក្តិ ឬសមាជិកគ្រួសារអាចប្រឈមមុខ ) ។
សូមសរសេរយ៉ាងហោចណាស់របៀបបីយ៉ាងដែលអ្នកអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយអ្នកឲ្យយកឈ្នះលើឧបសគ្គទាំងនេះ ។ សំណួរ និងគំនិតខាងក្រោមនេះអាចជួយបាន ។
សូមសរសេរសំណួរបីខាងក្រោមនៅលើក្ដារខៀន ។
អ្នកក៏អាចអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលការសិក្សាព្រះគម្ពីរញឹកញាប់ និងដោយស្មោះត្រង់អាចជះឥទ្ធិពលដល់ការរីកចម្រើនដ៏នៅអស់កល្បជានិច្ចរបស់ពួកគេផងដែរ ។ ពួកគេអាចពិចារណាបទពិសោធន៍វិជ្ជមានណាមួយដែលពួកគេមានរួចហើយ និងអ្វីដែលជាសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចដែលពួកគេបានរៀនពីបទពិសោធន៍ទាំងនោះ ។
-
តើអ្នកអាចពិនិត្យមើលឧបសគ្គចំពោះការសិក្សាព្រះគម្ពីររបស់អ្នកដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ?
-
តើសេចក្ដីពិតនៅក្នុង ធីម៉ូថេ ទី២ ៣:១៥–១៧ អាចជួយអ្នកឲ្យមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយយ៉ាងណា ពេលអ្នកកំពុងពុះពារសិក្សាព្រះគម្ពីរ ?
-
តើអ្នកអាចស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាពដោយរបៀបណា ?
ខាងក្រោមនេះគឺជាគំនិតមួយចំនួន ៖
-
សូមស្វែងរកវគ្គបទគម្ពីរអំពីការសិក្សាព្រះគម្ពីរនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយរកមើលពរជ័យ និងសេចក្ដីសន្យាដែលអាចជួយដោះស្រាយឧបសគ្គរបស់អ្នក ។ បទគម្ពីរដូចជា យ៉ូស្វេ ១:៨ ; នីហ្វៃទី២ ៣២:៣ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧ អាចមានប្រយោជន៍ ។
-
សូមសួរនរណាម្នាក់ដែលអ្នកទុកចិត្តថាហេតុអ្វីបានជាពួកគេសិក្សាព្រះគម្ពីររបស់ពួកគេជារៀងរាល់ថ្ងៃ និងរបៀបដែលពួកគេផ្តល់មតិយោបល់ដល់អ្នកដែលអាចយកឈ្នះលើឧបសគ្គរបស់អ្នក ។
-
សូមរកមើលសេចក្តីថ្លែងការណ៍របស់អ្នកមានសិទ្ធិអំណាចទូទៅ ឬអត្ថបទនៅក្នុងទស្សនាវដ្តីសាសនាចក្រ ដែលអាចជួយបាន ។ ឧទាហរណ៍ សេចក្ដីថ្លែងការណ៍ខាងក្រោមអាចជួយនរណាម្នាក់ដែលស្មុគស្មាញក្នុងការរកពេលវេលាសម្រាប់ការសិក្សាព្រះគម្ពីរ ។
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការទទួលទានព្រះបន្ទូលព្រះរៀងរាល់ថ្ងៃគឺសំខាន់ជាងការដេក សាលារៀន ការងារកម្មវិធីទូរទស្សន៍ វីដេអូហ្គេម ឬបណ្ដាញសង្គមទៅទៀត ។ បងប្អូនត្រូវស្គាល់ពីអាទិភាពខ្លួនឯងដើម្បីមានពេលសិក្សាព្រះបន្ទូលរបស់ព្រះ ។ ប្រសិនបើដូច្នេះមែន សូមធ្វើបែបនោះចុះ !
( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣ )
សូមចំណាយពេលពីរបីនាទីដើម្បីចាប់ផ្តើមគំនិតមួយក្នុងចំណោមគំនិតផ្សេងៗរបស់អ្នក ។
-
តើអ្នកអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ដើម្បីជម្នះឧបសគ្គក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ? សូមសរសេរគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយចំណុចសំខាន់នៃបទពិសោធន៍របស់ពួកគេក្នុងអំឡុងមេរៀននេះ ។ សូមរំឭកពួកគេថា ពួកយើងភាគច្រើនប្រឈមមុខនឹងឧបសគ្គចំពោះការសិក្សាព្រះគម្ពីរប្រចាំថ្ងៃដ៏មានប្រសិទ្ធភាព ហើយការចែកចាយគំនិត ការយល់ដឹង និងបទពិសោធន៍របស់ពួកគេអាចនឹងជួយអ្នកដទៃក្នុងថ្នាក់ ។ សូមចែកចាយគំនិតផ្ទាល់ខ្លួន និងទីបន្ទាល់ផងដែរ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
ក្នុងអំឡុងមេរៀននាពេលខាងមុខ សូមចំណាយពេលពីរបីនាទីពិនិត្យមើលឡើងវិញនូវសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ដោយប្រើសកម្មភាពទន្ទេញដូចគ្នាតាំងពីដើមក្នុងមេរៀននេះ ។
សកម្មភាពរៀនសូត្របន្ថែម
ប្រភពដែលបានតែងតាំងដ៏ទេវភាព
នៅពេលសិស្សកំពុងគិតអំពីរបៀបស្វែងរកជំនួយតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរកក្នុងអ៊ីនធើរណិត ដើម្បីមើលថាតើមានសៀវភៅ « ជួយខ្លួនឯង » ចំនួនប៉ុន្មានក្បាលដែលអាចរកបាននាពេលបច្ចុប្បន្ន ។ ពួកគេទំនងជានឹងឃើញជម្រើសរាប់ម៉ឺន ។ សូមគិតដល់ការសួរសំណួរដូចខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាអ្នកគិតថា មានសៀវភៅសម្រាប់ជួយខ្លួនឯងច្រើនម្ល៉េះនៅលើពិភពលោកនេះ ?
-
តើព្រះគម្ពីរអាចជាប្រភពដ៏មានឥទ្ធិពលនៃជំនួយ និងការណែនាំសម្រាប់ជីវិតរបស់យើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន ធីម៉ូថេ ទី២ ៣:១៥–១៧ ជាមួយនឹង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ហើយសួរសិស្សអំពីអ្វីដែលពួកគេគិតថា ព្រះអម្ចាស់ចង់មានន័យដោយទ្រង់មានបន្ទូលថា« សៀវភៅដ៏ល្អៗបំផុត » ។ សូមពិចារណារំឭកសិស្សថា មានធនធានដ៏មានតម្លៃជាច្រើននៅក្នុងពិភពលោក ដើម្បីជួយយើងឲ្យអភិវឌ្ឍប្រាជ្ញា និងយកឈ្នះលើបញ្ហាប្រឈមនានា ។ សូមអញ្ជើញសិស្សឲ្យរំឭកកថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ និងដើម្បីសម្គាល់ពាក្យ ឬឃ្លាដែលបង្ហាញបទគម្ពីរទាំងប៉ុន្មានដែលជាប្រភពនៃប្រាជ្ញា និងចំណេះដឹងដ៏សំខាន់សម្រាប់ជីវិតរបស់ពួកគេ ។
ឧទាហរណ៍នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមពិចារណាសួរសិស្សនូវអ្វីដែលពួកគេអាចធ្វើដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ប្រសិនបើពួកគេស្មុគស្មាញ ដើម្បីយល់ព្រះគម្ពីរនោះ ។ បន្ទាប់ពីសិស្សចែកចាយគំនិតរបស់ពួកគេរួចហើយ សូមពិចារណាបន្ថែមឧទាហរណ៍មួយចំនួន ឬទាំងអស់ខាងក្រោម ។
-
សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹងមុនពេលសិក្សា ។
-
សូមអានចំណងជើងជំពូកដើម្បីទទួលបានទិដ្ឋភាពទូទៅ ។
-
សូមអនុវត្តការស្វែងយល់បទគម្ពីរនៅក្នុងព្រះវិហារ និងក្នុងថ្នាក់សិក្ខាសាលា ដោយការសួរសំណួរគ្រូ ។
-
ម្តងម្កាល សូមអានជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ដូចជាឪពុកម្តាយ ដែលអាចជួយពន្យល់បទគម្ពីរដល់អ្នក ។
-
សូមប្រើសៀវភៅណែនាំដែលមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ដូចជា សៀវភៅសិក្សាសម្រាប់សិស្សថ្នាក់សិក្ខាសាលាជាដើម ។