ធីម៉ូថេ ទី១ ៤:១២–១៦
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ »
វាមិនងាយស្រួលក្នុងការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងកន្លែងទុច្ចរិតដូចក្រុងអេភេសូរឡើយ ។ ប្រាកដណាស់ ដូចជាធីម៉ូថេ ដែលជាអ្នកបានជ្រើសរើសដឹកនាំជីវិតសុចរិត នោះបានក្រោឈរដើម្បីមិត្តភក្តិរបស់ពួកគេ ។ ប៉ុន្តែ ប៉ុលបានលើកទឹកចិត្តធីម៉ូថេឲ្យក្រោកឡើងដើម្បីយកឈ្នះលើការរិះគន់របស់អ្នកដទៃពីព្រោះតែលោកនៅក្មេង ឬសេចក្ដីជំនឿរបស់លោក ហើយ « ធ្វើជា … គំរូដល់ពួកអ្នកជឿ » ( ធីម៉ូថេ ទី ១ ៤:១២ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យខិតខំធ្វើជាគំរូនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទក្នុងយុវវ័យរបស់អ្នក ។
ការប្រើប្រាស់បញ្ជីឬតារាង ។ សូមជួយសិស្សឲ្យរៀនពីរបៀបសិក្សាព្រះគម្ពីរឲ្យកាន់តែមានប្រសិទ្ធភាព ដោយបង្ហាញពួកគេពីរបៀបបង្កើតបញ្ជី ឬតារាង ។ ចំណុចនេះអាចជួយពួកគេក្នុងការរៀបចំ និងយល់ពីសេចក្ដីលម្អិតនៅក្នុងព្រះគម្ពីរ ព្រមទាំងចំណាប់អារម្មណ៍ដែលពួកគេទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ ។ មេរៀននេះនឹងផ្តល់ឱកាសដល់សិស្សឲ្យអនុវត្តន៍ជំនាញនេះ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរខាងក្រោម ហើយរៀបចំចែកចាយគំនិតរបស់ពួកគេ ៖ ប្រសិនបើនរណាម្នាក់ត្រូវដើរតាមអ្នករយៈពេលមួយសប្តាហ៍ តើពួកគេនឹងឃើញភស្តុតាងអ្វីខ្លះដែលបង្ហាញថាអ្នកកំពុងព្យាយាមដើរតាមព្រះយេស៊ូវគ្រីស្ទ ?
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនខាងក្រោមជួយសិស្សឲ្យសិក្សាការបង្រៀនរបស់ប៉ុល អំពីការធ្វើជាគំរូនៃពួកអ្នកជឿ ។ ដើម្បីជួយសិស្សឲ្យសិក្សាបន្ថែមទៀតអំពីការបង្រៀនរបស់ប៉ុល សូមពិចារណាពីការបែងចែកថ្នាក់ជាបីក្រុម ។ ក្រុមមួយអាចសិក្សា ធីម៉ូថេ ទី១ ៤:១២–១៦ ដោយប្រើមេរៀននេះ ហើយក្រុមពីរផ្សេងទៀតអាចសិក្សា ធីម៉ូថេ ទី១ ៦:៧–១២ និង ធីម៉ូថេ ទី២ ១:១–៨ ដោយប្រើព័ត៌មាននៅក្នុងផ្នែក « សកម្មភាពសិក្សាបន្ថែម » ។ បន្ទាប់មកសិស្សអាចចែកចាយនូវអ្វីដែលពួកគេបានរៀន ។
តើវានឹងនិយាយអ្វីអំពីអ្នក ?
-
ប្រសិនបើមាននរណាម្នាក់មកសង្កេតមើលអ្នករយៈពេលមួយសប្តាហ៍ តើភស្តុតាងអ្វីខ្លះដែលបង្ហាញពួកគេមើលឃើញថាអ្នកកំពុងព្យាយាមដើរតាមព្រះយេស៊ូវគ្រីស្ទ ?
-
តើពួកគេអាចនឹងឃើញអ្វីខ្លះក្នុងជីវិតរបស់អ្នកដែលធ្វើឲ្យពួកគេអាចកែលម្អខ្លះៗ នៅពេលអ្នកស្វែងរកការដើរតាមព្រះគ្រីស្ទ ?
សូមពិចារណាអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
សូមពិចារណាមើលវីដេអូ ៖ « The Lost Purse » ( ២:៤០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដែលបង្ហាញពីគំរូខ្លះៗនៃភាពជាសិស្សដូចព្រះគ្រីស្ទ ។
The Lost Purse
-
ហេតុអ្វីបានជាវាសំខាន់ ដើម្បីពិចារណាអំពីគំរូអ្វីដែលយើងកំពុងតែធ្វើសម្រាប់អ្នកដទៃ ?
សូមគិតអំពីអារម្មណ៍ដែលអ្នកទុកចិត្តចំពោះការធ្វើជាគំរូដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសម្រាប់មនុស្សនៅជុំវិញអ្នក ហើយហេតុអ្វី ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្គាល់ពីរបៀបដែលអ្នកកំពុងធ្វើជាគំរូដែលជួយអ្នកដទៃ ហើយដឹកនាំពួកគេទៅកាន់ព្រះអង្គសង្គ្រោះ ។ ប្រសិនបើអ្នកមិនទុកចិត្តក្នុងការធ្វើជាគំរូដល់អ្នកដទៃទេ សូមស្វែងរកសេចក្ដីពិតដែលអាចជួយអ្នក និងជំរុញទឹកចិត្តអ្នក ។
ការលើកទឹកចិត្តរបស់ប៉ុលដល់ធីម៉ូថេ
ព្រះគម្ពីរសញ្ញាថ្មីរួមបញ្ចូលសំបុត្រពីរដែលប៉ុលបានសរសេរទៅមិត្តម្នាក់ដែលគួរឲ្យទុកចិត្តបំផុតរបស់គាត់គឺធីម៉ូថេ ( សូមមើល កូរិនថូសទី ១ ៤:១៧ ) ។ នៅពេលអ្នកអានព័ត៌មានខាងក្រោមអំពីធីម៉ូថេ សូមគិតអំពីមូលហេតុដែលគំរូរបស់គាត់នឹងធ្វើឲ្យអ្នកដទៃផ្លាស់ប្តូរ ។ តើអ្នកទាក់ទងទៅនឹងគាត់របៀបណា ?
-
ម្ដាយ និងជីដូនរបស់ធីម៉ូថេជាគំរូដ៏សុចរិត ប៉ុន្តែឪពុករបស់លោកជាសាសន៍ក្រិកដែលទំនងមិនមែនជាអ្នកជឿ ( សូមមើល កិច្ចការ ១៦:១ , ធីម៉ូថេ ទី២ ១:៥ , ៣:១៤–១៥ ) ។
-
ធីម៉ូថេកំពុងបម្រើជាអ្នកដឹកនាំសាសនាចក្រនៅក្រុងអេភេសូរ ( សូមមើល ធីម៉ូថេ ទី១ ១:៣ ) ជាទីក្រុងធំមួយដែលការថ្វាយបង្គំរូបព្រះ និងអំពើអសីលធម៌បានរីកសុះសាយ ( សូមមើល កិច្ចការ ១៩:៣៥ ) ។
-
ប៉ុលបានឲ្យតម្រុយថា មានសមាជិកមួយចំនួនបានសង្ស័យពីសមត្ថភាពដឹកនាំរបស់ធីម៉ូថេ ដោយសារគាត់នៅក្មេង ( សូមមើល ធីម៉ូថេ ទី១ ៤:១២ ) ។
សូមអាន ធីម៉ូថេ ទី១ ៤:១២–១៦ ដោយស្វែងរកអ្វីដែលប៉ុលបានទូន្មានឲ្យធីម៉ូថេធ្វើ ។
-
តើការទូន្មានអ្វីដែលអ្នករកឃើញថា មានអត្ថន័យចំពោះអ្នក ?
-
តើអ្នកនឹងសង្ខេបការអញ្ជើញរបស់ប៉ុលពី ខទី ១២ និងសេចក្ដីសន្យានៅក្នុង ខទី ១៦ ទៅជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតតែមួយដោយរបៀបណា ?
សូមអនុញ្ញាតឲ្យសិស្សប្រើពាក្យសំដីផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែជួយពួកគេឲ្យស្គាល់សេចក្ដីពិតខាងក្រោម ។
ប៉ុលបានបង្រៀននៅក្នុង ធីម៉ូថេ ទី១ ៤:១២, ១៦ ថា ប្រសិនបើយើងជាគំរូដល់ពួកអ្នកជឿនៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចជួយនាំសេចក្ដីសង្គ្រោះដល់ខ្លួនយើង និងមនុស្សដទៃទៀត ។
ការស្វែងយល់ពីបញ្ជីនៅក្នុងបទគម្ពីរអាចជួយយើងឲ្យឃើញរបៀបជាច្រើនដើម្បីអនុវត្តតាមសេចក្តីពិតនៃដំណឹងល្អនៅក្នុងជីវិតរបស់យើង ។ នៅក្នុង ខទី ១២ ប៉ុលបានរាយបញ្ជីអំពីផ្នែកដែលយើងអាចប្រែក្លាយកាន់តែដូចព្រះគ្រីស្ទ ដើម្បីធ្វើជាគំរូល្អដល់អ្នកដែលនៅជុំវិញយើង ។
សូមអាន ខទី ១២ ម្តងទៀត ហើយគូសចំណាំពាក្យដែលពិពណ៌នាអំពីផ្នែកនីមួយៗដែលប៉ុលបានអញ្ជើញយើងឲ្យផ្តោតទៅលើ ។ សូមពិចារណាថតចម្លងបញ្ជីនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមពិចារណាសរសេរបញ្ជីនៃផ្នែកដែលសិស្សស្គាល់នៅលើក្ដារខៀន ។ សូមទុកកន្លែងទំនេរនៅលើក្ដារខៀន ដើម្បីសរសេរគំនិតមួយចំនួននៅក្រោមផ្នែកនីមួយៗនៅពេលក្រោយក្នុងមេរៀន ។
-
តើអ្នកនឹងពន្យល់ថាតើពាក្យនីមួយៗមានន័យដូចម្តេច ? ( ប្រសិនបើចាំបាច់ សូមប្រើឧបករណ៍សិក្សាព្រះគម្ពីរ ឬវចនានុក្រម ដើម្បីជួយអ្នកក្នុងការឲ្យនិយមន័យលើពាក្យពេចន៍ទាំងនោះ ) ។
វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ ការសន្ទនា ក្នុងខនេះសំដៅលើការប្រព្រឹត្ត ឬអាកប្បកិរិយារបស់យើង ។
-
តើអ្នកមានស្គាល់នរណាម្នាក់ ដែលធ្វើជាគំរូល្អសម្រាប់ការណ៍នេះដែរឬទេ ? តើគំរូរបស់ពួកគេបានជួយអ្នក និងមនុស្សដទៃយ៉ាងដូចម្តេច ?
នៅពេលសិស្សពិចារណាសំណួរនេះ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីសមាជិកក្នុងថ្នាក់របស់ពួកគេ ។ សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយ ។ សិស្សក៏អាចសរសេរកំណត់ចំណាំឲ្យទៅសមាជិកផ្សេងទៀតនៃថ្នាក់ អំពីរបៀបដែលពួកគេធ្វើជាគំរូល្អដល់សមាជិកផ្សេងទៀត ។ ការកត់សម្គាល់ និងការសរសើរអំពីគំរូល្អរបស់អ្នកដទៃ អាចបង្កើតសាមគ្គីភាពក្នុងថ្នាក់រៀនមួយ ។
-
តើព្រះយេស៊ូវគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះក្នុងផ្នែកទាំងនេះយ៉ាងដូចម្ដេច ? តើគំរូរបស់ទ្រង់បានប្រទានពរដល់អ្នក និងអ្នកដទៃទៀតយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាអ្នកគិតថាព្រះអម្ចាស់ចង់ឲ្យអ្នកធ្វើជាគំរូដល់អ្នកដទៃនៅក្នុងផ្នែកទាំងនេះ ?
តើអ្នកអាចធ្វើជាគំរូដោយរបៀបណា ?
សូមរាយបញ្ជីអំពីរបៀបជាច្រើនដែលអ្នកអាចធ្វើជាគំរូនៅក្នុងផ្នែកដែលអ្នកបានជ្រើសរើស ។ ឧទាហរណ៍ ដើម្បីធ្វើជាគំរូ « ដោយពាក្យសម្ដី » អ្នកអាចរាយបញ្ជីអំពីគំនិតមួយចំនួនដូចខាងក្រោម ៖
-
បង្ហាញការដឹងគុណឲ្យបានញឹកញាប់
-
សូមផ្តល់ការសរសើរដោយស្មោះដល់មនុស្ស
-
សូមនិយាយការពិត
-
ជៀសវាងការប្រើពាក្យប្រមាថ
-
បង្ហាញសេចក្ដីស្រឡាញ់របស់អ្នកឲ្យបានញឹកញាប់
-
និយាយទៅកាន់មនុស្សដោយការគោរព
-
ជៀសវាងការនិយាយដើម
-
អធិស្ឋានដោយស្មោះជាងពេលកន្លងទៅ
ប្រសិនបើគំនិតរបស់ពួកគេមិនមែនជារឿងផ្ទាល់ខ្លួនពេក សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតទាំងនោះដោយសរសេរវានៅក្រោមចំណងជើងនៅលើក្ដារខៀន ។
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរដល់អ្នក និងអ្នកដទៃ ប្រសិនបើអ្នកព្យាយាមធ្វើជាគំរូតាមរបៀបទាំងនេះ ។
-
តើអ្នកបានរៀន ឬមានអារម្មណ៍ដូចម្តេចក្នុងថ្ងៃនេះ ដែលនឹងជួយអ្នកឲ្យធ្វើជាគំរូដ៏ប្រសើរបំផុតនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីក្លាយជាគំរូដល់អ្នកដទៃ ?
-
តើអ្នកសង្ឃឹមថាគំរូរបស់អ្នកនឹងបង្រៀនអ្នកដទៃយ៉ាងដូចម្តេចអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ? ហេតុអ្វី ?
សូមថ្លែងទីបន្ទាល់អំពីអំណាចដែលគំរូល្អអាចកើតមានចំពោះអស់អ្នកដែលមើលឃើញវា ។ សូមពិចារណាចែកចាយដំណើររឿងផ្ទាល់ខ្លួននៃការទទួលបានពរជ័យដោយសារគំរូដូចព្រះគ្រីស្ទរបស់នរណាម្នាក់ ហើយអញ្ជើញសិស្សឲ្យអនុវត្តការផ្លាស់ប្តូរ ( នានា )ដែលពួកគេបានរកឃើញនៅក្នុងមេរៀននេះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំអាចក្លាយជាគំរូកាន់តែប្រសើរដោយរបៀបណា ?
សូមពិចារណាមើលវីដេអូខាងក្រោមមួយ ឬច្រើនដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដែលបង្ហាញពីរបៀបជាច្រើនដែលយុវវ័យធ្វើជាគំរូដល់មនុស្សដែលនៅជុំវិញពួកគេ ។ នៅពេលអ្នកមើល ចូរគិតអំពីរបៀបដែលអ្នកអាចធ្វើជាគំរូដល់អ្នកដទៃ ។
« Sharing Your Light » ( ២:៥៦ )
Sharing Your Light
« Charity: An Example of the Believers » ( ៤:៥០ )
Charity: An Example of the Believers
« Something Different About Us: Example » ( ២:៥១ )
Something Different About Us: Example
តើគំរូរបស់ខ្ញុំតាំងពីវ័យជំទង់ពិតជាសំខាន់ឬ ?
ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅ បានបង្រៀនអំពីសារៈសំខាន់នៃគំរូរបស់អ្នក ៖
ដើម្បីឲ្យគេអាចឃើញ
មិត្តជាទីស្រឡាញ់របស់ខ្ញុំ ហេតុអ្វីការបញ្ចាំងពន្លឺរបស់យើងសំខាន់ខ្លាំងម្ល៉េះ ? ព្រះអម្ចាស់មានបន្ទូលប្រាប់យើងថា « មានមនុស្សជាច្រើននៅលើផែនដីនៅឡើយ … ដែលលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៣:១២ ] ។ យើងអាចជួយបាន ។ យើងអាចបញ្ចាំងពន្លឺយើងដោយមានគោលបំណង ដើម្បីឲ្យមនុស្សដទៃអាចឃើញបាន ។ យើងអាចធ្វើការអញ្ជើញមួយ ។ យើងអាចធ្វើដំណើរជាមួយអ្នកដែលកំពុងបោះជំហានទៅរកព្រះអង្គសង្គ្រោះបាន មិនថាយឺត និងស្ទាក់ស្ទើរយ៉ាងណាទេ ។ …
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងពង្រីកការខិតខំដ៏តូចតាចទាំងអស់ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំផុសគំនិតយើងឲ្យដឹងពីអ្វីត្រូវនិយាយ និងធ្វើ ។ ការប៉ុនប៉ងបែបនោះអាចតម្រូវឲ្យយើងបោះជំហានចេញពីកន្លែងសុខស្រួលរបស់យើង ប៉ុន្ដែយើងអាចមានការធានាថា ព្រះអម្ចាស់នឹងជួយឲ្យពន្លឺយើងបានចាំងទៅ ។
( បូនី អេច ខ័រឌុន « That They May See » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨០ )
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានបង្រៀនអំពីការធ្វើជាគំរូ ៖
សូមធ្វើជាគំរូ … ។ ឱកាសរបស់យើងនៅចំពោះមុខយើងនៅទីនេះ និងឥឡូវនេះ ។ ប៉ុន្តែពួកវាអាចវិនាសបាន ។ ទំនងជាពួកគេនឹងត្រូវបានរកឃើញនៅក្នុងគេហដ្ឋានរបស់យើងផ្ទាល់ និងនៅក្នុងសកម្មភាពប្រចាំថ្ងៃនៃជីវិតរបស់យើង ។ ព្រះអម្ចាស់ និងលោកគ្រូរបស់យើងបានគូសចំណាំផ្លូវ ៖ « [He] went about doing good » ។ ( កិច្ចការ ១០:៣៨ ) ។ ទ្រង់ពិតជាគំរូមួយដែលត្រូវធ្វើតាម—ទាំងជាគំរូដល់អ្នកជឿផងដែរ ។
ចុះយើងវិញ ?
( ថូម៉ាស អេស ម៉នសុន « An Example of the Believers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៩៨ )
ធីម៉ូថេ ទី១ ៤:១៦ ។ តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកនិយាយថា « សង្គ្រោះខ្លួនអ្នក » ?
ខណៈដែលប៉ុលបានប្រើពាក្យ « អ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្តាប់អ្នកផង » ( ធីម៉ូថេទី ១ ៤:១៦ ) លោកក៏បានថ្លែងទីបន្ទាល់ថា យើងអាចត្រូវបានសង្គ្រោះតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ( សូមមើល ធីម៉ូថេ ទី១ ១:១៥–១៦ ; ២:៥–៦ ) ។ យើងអាចអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការខិតខំរបស់យើង ហើយអនុញ្ញាតឲ្យទ្រង់សង្គ្រោះយើង ។
សកម្មភាពរៀនសូត្របន្ថែម
ធីម៉ូថេ ទី១ ៦:៧–១២ ។ ទុកចិត្តលើទ្រព្យសម្បត្តិ ឬលើព្រះ
សូមបង្ហាញចំនួនទឹកប្រាក់បន្តិចបន្តួច ហើយអញ្ជើញសិស្សឲ្យចែកចាយរបៀបមួយចំនួនដែលលុយនេះអាចត្រូវបានប្រើសម្រាប់ការណ៍ល្អ ។
សូមអញ្ជើញសិស្សឲ្យអាន ធីម៉ូថេ ទី១ ៦:៧–១២ ហើយពន្យល់ពីមូលហេតុដែលពួកគេគិតថា ប៉ុលនឹងផ្តល់ការព្រមាន និងការអញ្ជើញនេះ ដោយសារលោកបានដឹងច្បាស់ថាប្រាក់នេះត្រូវប្រើសម្រាប់ការណ៍ល្អ ។ សូមសួរថាតើសេចក្ដីពិតនៅក្នុងខគម្ពីរទាំងនេះអាចអនុវត្តយ៉ាងដូចម្តេចចំពោះទាំងអ្នកមាន និងអ្នកក្រ ។
សូមផ្តល់ពេលវេលាដល់សិស្សដើម្បីស្រាវជ្រាវព្រះគម្ពីរ ដោយស្វែងរកដំបូន្មានដែលព្រះអម្ចាស់បានប្រទានមកពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ។ ( វគ្គបទគម្ពីរខ្លះអាចរួមមាន ធីម៉ូថេ ទី១ ៦:១៧–១៩ ; ម៉ាថាយ ៦:១៩–២១, ២៤ ; យ៉ាកុប ២:១៧–១៩ ; គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៧ ; ៥៦:១៦–១៧ ) ។
សូមអញ្ជើញសិស្សឲ្យសង្ខេប និងចែកចាយនូវអ្វីដែលពួកគេបានរៀនពីបទគម្ពីរទាំងនេះ ។
ធីម៉ូថេ ទី២ ១:១–៨ ។ ការយកឈ្នះលើសេចក្តីភ័យខ្លាច
សូមសរសេរពាក្យ សេចក្ដីភ័យខ្លាច នៅលើក្ដារខៀន រួចសុំឲ្យសិស្សពិចារណាថា តើសេចក្ដីភ័យខ្លាចអាចមានឥទ្ធិពលមកលើយើងយ៉ាងដូចម្ដេច ។ សូមអញ្ជើញសិស្សឲ្យអាន ធីម៉ូថេ ទី២ ១:១–៨ ដោយរកមើលគោលការណ៍មួយដែលអាចជួយពួកគេឲ្យយកឈ្នះលើការភ័យខ្លាច ។ សូមពិភាក្សាអំពីគោលការណ៍ដែល នៅពេលយើងខិតខំស្វែងរកព្រះវិញ្ញាណឲ្យគង់នៅជាមួយយើង នោះយើងអាចយកឈ្នះលើការភ័យខ្លាច ហើយពុំខ្មាស់អៀនអំពីទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទឡើយ ។ សំណួរដូចខាងក្រោមអាចជួយសិស្សឲ្យយល់ពីគោលការណ៍នេះ ៖
-
តើអំណាច សេចក្ដីស្រឡាញ់ និងសេចក្ដីល្អដែលយើងបានទទួលពីព្រះតាមរយៈព្រះវិញ្ញាណអាចជួយយើងឲ្យយកឈ្នះសេចក្ដី ភ័យខ្លាចយ៉ាងដូចម្ដេច ?
-
តើយើងអាចបង្ហាញថា យើងពុំខ្មាសអៀនចំពោះទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
-
តើព្រះវិញ្ញាណធ្លាប់ជួយអ្នកឲ្យយកឈ្នះលើសេចក្ដីភ័យខ្លាច ឬធ្លាប់លើកទឹកចិត្តអ្នកឲ្យឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទនៅពេលណាដែរ ?