ការហៅ​ក្នុង​បេសកកម្ម
៤.សុខុមាលភាព​ខាង​រាងកាយ


រូបភាព
ព្រះយេស៊ូវ​កំពុង​ប្រទានពរ​ដល់​មនុស្ស​ម្នាក់

សុខុមាលភាព​ខាង​រាងកាយ

៤.០

សេចក្តី​ផ្ដើម

កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​តម្រូវ​ឲ្យ​មាន​ការតាំងចិត្ត​ខាង​រាងកាយ និង​ខាង​ផ្លូវ​ចិត្ត ។ បទដ្ឋាន​នៅក្នុង​វគ្គ​នេះ និង​នៅក្នុង ការសម្រប​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​គំនិត និង​រាងកាយ​របស់​អ្នក ដើម្បី​បម្រើ​ព្រះអម្ចាស់ និង​បុព្វហេតុ​របស់​ទ្រង់​បាន​ប្រសើរ​ឡើង ។ សូម​រំឭក​បទដ្ឋាន​ទាំងនេះ​ជា​ទៀងទាត់ ក្នុង​អំឡុង​បេសកកម្ម​របស់​អ្នក ។

៤.១

អាហាររូបត្ថម្ភ និង​ការរៀប​ចំអាហារ

ការផ្តល់​ជាតិ​ទឹក និង​អាហារ​រូបត្ថម្ភ​ឱ្យ​បាន​ត្រឹមត្រូវ​គឺ​សំខាន់​ដល់​សុខុមាលភាព​របស់​អ្នក ។

៤.១.១

គោលការណ៍​ណែនាំ​សម្រាប់​អាហារ​រូបត្ថម្ភ​ទូទៅ

សូម​ធ្វើ​តាម​គោលការណ៍​ណែនាំ​សម្រាប់​អាហារ​រូបត្ថម្ភ​ទូទៅ​ខាង​ក្រោម​នេះ ៖

  • ផឹក​ទឹក​ស្អាត​ពី ៦ ទៅ ១២ កែវ ( ១ លីត្រ​កន្លះ ទៅ ៣ លីត្រ ) ជា​រៀង​រាល់ថ្ងៃ ។ អ្នក​អាច​ត្រូវការ​ទឹក និង​អំបិល​បន្ថែម​ទៀត ប្រសិន​បើ​អ្នក​បែកញើស​ច្រើន​ពេញ​មួយ​ថ្ងៃ ឬ​អំឡុង​ពេល​ហាត់​ប្រាណ ។

  • ញ៉ាំ​អាហារ​មាន​តុល្យភាព ដែល​មាន​បន្លែ ផ្លែឈើ គ្រាប់​ធុញ្ញជាតិ ជាតិ​ខ្លាញ់​ដែល​ផ្ដល់​សុខភាព និង​ប្រូតេអ៊ីន ។

  • កំណត់​លើ​អាហារ​ដែល​ឥត​បាន​ការ ភេស្ជជៈ​មាន​ជាតិ​កាបូន អាហារ​កែច្នៃ និង​អាហារ​រហ័ស​តាម​ភោជនីយដ្ឋាន ។

៤.១.២

ការរៀបចំ​អាហារ​ដោយ​សុវត្ថិភាព

សូម​គោរពតាម​គោលការណ៍​ណែនាំ​ខាង​ក្រោម​ដើម្បី​ធានា​ថា អាហារ​របស់​អ្នក​ត្រូវបាន​រៀបចំ​ដោយ​សុវត្ថិភាព ៖

  • លាងសម្អាត​កន្លែង​រៀបចំ​អាហារ​របស់​អ្នក​ឲ្យ​បាន​ស្អាត ជាមួយ​នឹង​ទឹក​ស្អាត ទឹកក្ដៅ ទឹក​សាប៊ូ ពីមុន និង​បន្ទាប់​ពី​ការចម្អិន ។

  • សម្អាត​ប្រដាប់​ប្រដា​ចម្អិន និង​ចាន​ស្លាបព្រា ជាមួយ​នឹង​ទឹក​ស្អាត ទឹកក្ដៅ ទឹក​សាប៊ូ បន្ទាប់​ពី​ការប្រើ​ហើយ​ម្ដងៗ ។

  • ទុក​សាច់ ស៊ុត និង​គ្រឿង​សមុទ្រ​ឆៅ ផ្សេង​ពី​អាហារ​ផ្សេង​ទៀត​ពេល​កំពុង​ចម្អិន ។

  • ចម្អិន​សាច់ សាច់ត្រី និង​សាច់​បក្សី​ឲ្យ​បាន​ឆ្អិន​ល្អ ។

  • ចៀសវាង​ការញ៉ាំ​សាច់​មិន​ឆ្អិន​ល្អ ឬ​ឆៅ ។

  • បក​សំបក​ផ្លែឈើ និង​បន្លែ​ស្រស់ៗ ឬ​លាង​វា​ឲ្យ​បាន​ស្អាត​ល្អ ។

  • រក្សា​ទុក​ម្ហូប​នៅ​សល់ និង​អាហារ​ដែល​ងាយ​ខូច​នៅក្នុង​ទូរទឹកកក ។ ដើម្បី​ចៀសវាង​ពី​ការឈឺ សូម​បោះចោល​អាហារ​ដែល​សល់​យូរ​ជាង​ពេល​ដែល​បាន​ប្រាប់​នៅលើ​កញ្ចប់ ។

  • ព្យាយាម​ចៀសវាង​ការញ៉ាំ​អាហារ​ដែល​លក់​តាម​ផ្លូវ ដោយសារ​អ្នក​មិន​ដឹង​ពី​គុណភាព​អាហារ និង​សុវត្ថិភាព​ក្នុង​ការរៀបចំ​ឡើយ ។

អនុវត្ត​គោលការណ៍​ណែនាំ​ទាំងនេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទោះបីជា​អ្នក​ដទៃ​ទៀត ( រួម​ទាំង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ) ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ថា វា​មិន​សំខាន់ ឬ​វា​ហួសហេតុ​ក្ដី ។

សូម​មើល​វីដេអូ​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត អំពី​អាហារ​រូបត្ថម្ភ​ដែល​ត្រឹមត្រូវ និង​សុវត្ថិភាព​អាហារ​នៅ​ក្នុង​វគ្គ​៤.១.២ ។

៤.១.៣

សុវត្ថិភាព​ទឹក និង​ផលិតផល​ទឹកដោះគោ

មានតែ​ទឹក​ស្អាត និង​ផលិតផល​ទឹកដោះគោ​ដែល​បាន​រំងាប់​មេរោគ​ប៉ុណ្ណោះ ដែល​មាន​សុវត្ថិភាព​ឲ្យ​អ្នក​ផឹក ឬ​ញ៉ាំ​បាន ។

សូម​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទាំងនេះ និង​គោលការណ៍​ណែនាំ​បន្ថែម​ទៀត ដែល​បាន​ផ្ដល់​ដោយ​បេសកកម្ម​របស់​អ្នក ៖

  • ប្រើ​ចម្រោះ​ទឹក ប្រសិន​បើ​អ្នក​កំពុង​បម្រើ​នៅក្នុង​តំបន់​ដែល​ពុំ​មាន​ទឹក​បរិសុទ្ធ​ទេ ។

  • ប្រើ​ទឹក​ស្អាត​ដើម្បី​ដុស​ធ្មេញ​របស់​អ្នក និង​ដើម្បី​លាង និង​រៀបចំ​អាហារ ។

  • ញ៉ាំ​តែ​ផលិតផល​ទឹកដោះគោ​ណា​ដែល​បាន​រំងាប់​មេរោគ​ប៉ុណ្ណោះ ។

សូម​ប្រុង​ប្រយ័ត្ន​ថា នៅក្នុង​កន្លែង​ខ្លះ ទឹកកក និង​ភេសជ្ជ​នៅ​ភោជនីយដ្ឋាន ឬ​នៅ​ផ្សារ អាច​ធ្វើ​មក​ពី​ទឹក​ដែល​មិន​បរិសុទ្ធ ។ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​ទទួលទាន​ទឹកកក ឬ​ភេសជ្ជ ប្រសិន​បើ​វា​មិន​មាន​សុវត្ថិភាព​ទេ ។

៤.២

ការហាត់ប្រាណ

ការហាត់​ប្រាណ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​ជួយ​កាត់​បន្ថយ​ភាពតានតឹង ។ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ( សូមមើល ២.៤.២ ) ។ ទាក់ទង​ទៅ​ការិយាល័យ​បេសកកម្ម ប្រសិន​បើ​អ្នក​មាន​សំណួរ ។ ធ្វើ​តាម​គោលការណ៍​ណែនាំ​ជាក់លាក់​របស់​បេសកកម្ម ក៏​ដូច​ជា​គោលការណ៍​ណែនាំ​ទូទៅ​ខាងក្រោម​នេះ ៖

  • ធ្វើ​ការហាត់ប្រាណ​ខុសៗ​គ្នា​ក្នុង​អំឡុង​សប្ដាហ៍ រួមទាំង លំហាត់ប្រាណ​បេះដូង លំហាត់ប្រាណ​ធ្វើ​ឲ្យ​រឹងមាំ និង​ការហាត់ប្រាណ​ភាពបត់បែន ។ សម្រាប់​សុវត្ថិភាព​របស់​អ្នក សូម​ចៀសវាង​ការលើក​ទម្ងន់​ធ្ងន់ៗ ។

  • ប្រសិន​បើ​អ្នក​មាន​ឧបករណ៍​ចល័ត អ្នក​អាច​ប្រើ​កម្មវិធី​មួយ​ដែល​បាន​អនុញ្ញាត​ដោយ​ប្រធាន​បេសកកម្ម​របស់​អ្នក ដើម្បី​ដាក់​ផែនការ​ហាត់ប្រាណ​របស់​អ្នក ។

  • អ្នក​មិន​គួរ​ហាត់ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​សាធារណៈ និង​ពាណិជ្ជកម្ម​នោះ​ទេ ។

៤.៣

ការគ្រប់គ្រង​អារម្មណ៍​តានតឹង

កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាមទារ​តម្រូវការ​ច្រើន ហើយ​ការមាន​អារម្មណ៍​តានតឹង​ពី​មួយ​ពេល​ទៅ​មួយ​ពេល គឺ​ជា​រឿង​ធម្មតា ។ អ្នក​អាច​រៀបចំ​រាងកាយ និង​គំនិត​របស់​អ្នក ដើម្បី​ដោះស្រាយ​អារម្មណ៍​តានតឹង​ឲ្យ​បាន​ប្រសើរ តាមរយៈ​ការទទួល​បាន​ការគាំទ្រ​ពី​គ្រួសារ ( សូមមើល ៣.៩.១ ) និង​ដោយ​ការអនុវត្ត​ទម្លាប់​នៃ​ការញ៉ាំ​អាហារ​សុខភាព ( សូមមើល ៤.១.១ ) ការហាត់ប្រាណ​ជា​ទៀងទាត់ ( សូមមើល ៤.២ ) ការដេក​ទៀងទាត់ ការបន្ធូរ​អារម្មណ៍ និង​ជីវភាព​ខាង​ផ្លូវវិញ្ញាណ ( រួម​មាន​ការអធិស្ឋាន ការពិចារណា និង​ការសិក្សា ) ។

ក្នុង​អំឡុង​បេសកកម្ម​របស់​អ្នក សូម​ប្រើប្រាស់​ការសម្រប​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាដើម្បី​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​អារម្មណ៍​តានតឹង​របស់​អ្នក និង​ដើម្បី​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ផងដែរ ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក ឬ​ដៃគូ​របស់​អ្នក​មាន​ការលំបាក​ក្នុង​ការគ្រប់គ្រង​អារម្មណ៍​តានតឹង​តាម​របៀប​ដ៏​ល្អ ឬ​ប្រសិន​បើ​មាន​ការបន្ទាន់​មួយ សូម​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

ប្រសិន​បើ​អ្នក​ត្រូវបាន​ចេញ​វេជ្ជបញ្ជា​ថ្នាំ​សម្រាប់​អារម្មណ៍​តានតឹង សូម​ធ្វើ​តាម​វេជ្ជបញ្ជា និង​ការណែនាំ​របស់​វេជ្ជបណ្ឌិត​របស់​អ្នក ។

សាវក​ប៉ុល​បាន​រំឭក​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ហើយ​បាន​បង្រៀន​ថា ព្រះអម្ចាស់​នឹង​ទ្រទ្រង់ គាំទ្រ និង​ជួយ​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ។ ព្រះអម្ចាស់​នឹង​មិន​ដែល​បោះបង់​អ្នក​ឡើយ ។ ប៉ុល​បាន​បង្រៀន ៖

ដ្បិត គឺ ជា ព្រះ ដែល មាន ព្រះបន្ទូល បង្គាប់ ឲ្យ មាន ពន្លឺ ភ្លឺ ចេញ ពី សេចក្តី ងងឹត ទ្រង់ បាន បំភ្លឺ មក ក្នុង ចិត្ត យើង ខ្ញុំ ឲ្យ យើង ខ្ញុំ មាន រស្មី ពន្លឺ នៃ ដំណើរ ស្គាល់ សិរីល្អ របស់ ព្រះ ដែល នៅ ព្រះភក្ត្រ នៃ ព្រះយេស៊ូវគ្រីស្ទ។… មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ ។… ហើយ ដែល មាន ចិត្ត ជឿ ដូច គ្នា ត្រូវ នឹង សេចក្តី ដែល ចែង ទុក មក ថា «ខ្ញុំ បាន ជឿ បាន ជា ខ្ញុំ និយាយ នោះ យើង ខ្ញុំ ក៏ ជឿ ដែរ បាន ជា យើង ខ្ញុំ និយាយ ។… ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ » ( កូរិនថូស ទី២ ៤:៦, ៨–៩, ១៣, ១៧ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​វគ្គ ៧.៦ « ស្ថានភាព​លំបាក » ។

៤.៤

ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ

សូម​យក​ចិត្ត​ទុកដាក់​ឲ្យ​ហ្មត់ចត់​ចំពោះ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក ។ សូម​ឲ្យ​អ្នក​សម្របសម្រួល​ខាង​វេជ្ជសាស្ត្រ​ប្រចាំ​បេសកកម្ម​ដឹង​អំពី​បញ្ហា​សុខភាព​ទាំងអស់ ( ដូច​ជា​ថ្នាំ​ដែល​អ្នក​ទទួល ប្រតិកម្ម​ដែល​អ្នក​មាន ឬ​សកម្មភាព​ដែល​អ្នក​គួរ​ចៀសវាង ) ដើម្បី​អ្នក​ទទួល​បាន​ការគាំទ្រ​ដែល​អ្នក​ត្រូវការ ។ សូម​ទាក់ទង​ទៅ​ការិយាល័យ​បេសកកម្ម ប្រសិន​បើ​អ្នក​មាន​សំណួរ​អំពី​បញ្ហា​សុខភាព ។

សម្រាប់​សុវត្ថិភាព​របស់​អ្នក ៖

  • កុំ​ចែកចាយ​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​ជាមួយ​នរណា​ម្នាក់ ឬ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​របស់​នរណា​ម្នាក់​ផ្សេង​ទៀត ។

  • កុំ​ឲ្យ​គ្រួសារ ឬ​មិត្តភក្ដិ​ផ្ញើ​ថ្នាំ​មក​អ្នក ដែល​ត្រូវបាន​ដាក់​កំហិត​នៅក្នុង​ប្រទេស ឬ​តំបន់​ដែល​អ្នក​បម្រើ​នោះ ។

ប្រសិន​បើ​អ្នក​មាន​ការបន្ទាន់​ខាង​សុខភាព សូម​ធ្វើ​សកម្មភាព​ដោយ​មាន​សុភវិនិច្ឆ័យ​សម្រាប់​សុវត្ថិភាព ឬ​ការថែទាំ​បន្ទាន់​របស់​អ្នក ។ ទូរសព្ទ​ទៅ​សេវាកម្ម​បន្ទាន់​ក្នុង​មូលដ្ឋាន ( ដូច​ជា ៩១១ នៅក្នុង​សហរដ្ឋ​អាមេរិក ) លើក​លែង​តែ​អ្នក​ត្រូវបាន​ផ្ដល់​ការណែនាំ​ផ្សេង​ទៀត​នៅក្នុង​បេសកកម្ម​របស់​អ្នក ។ ទាក់ទង​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ប្រសិន​បើ​អ្នក​ត្រូវការ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​មិន​បន្ទាន់ សូម​ទូរសព្ទ​ទៅ​អ្នក​សម្រប​សម្រួល​ខាង​វេជ្ជសាស្ត្រ​ប្រចាំ​បេសកកម្ម​ភ្លាម ។ ការទៅ​ជួប​ពេទ្យ​ដែល​មិនមែន​ជា​ករណី​បន្ទាន់ គួរតែ​ត្រូវបាន​អនុម័ត​ជា​មុន​ដោយ​អ្នក​សម្រប​សម្រួល​ខាង​វេជ្ជសាស្ត្រ​ប្រចាំ​បេសកកម្ម ។ អ្នក​សម្របសម្រួល​ខាង​វេជ្ជសាស្ត្រ​ប្រចាំ​បេសកកម្ម អាច​ណែនាំ​អ្នក​ទៅ​កាន់​អ្នក​ផ្ដល់​ការថែទាំ​ខាង​វេជ្ជសាស្ត្រ​នៅក្នុង​តំបន់​របស់​អ្នក ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល​វគ្គ ៧.៧ « បញ្ហា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត » ។

៤.៥

ស្ថានភាព​គ្រោះថ្នាក់ និង​ការគំរាមកំហែង

គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ជា​ច្រើន អាច​ចៀសវាង​បាន​ដោយ​ការប្រើ​សុភវិនិច្ឆ័យ និង​ដោយ​ការគោរពតាម​បទដ្ឋាន​បេសកកម្ម រួម​មាន​ការនៅ​កន្លែង​ណា​ដែល​អាច​មើល​ឃើញ និង​អាច​ស្ដាប់​ឮ​ដៃគូ​របស់​អ្នក ។ ទោះជា​យ៉ាង​ណា មនុស្ស​នៅតែ​អាច​ធ្វើបាប​អ្នក សូម្បី​តែ​អ្នក​ព្យាយាម​មាន​សុវត្ថិភាព​ក្ដី ។ ប្រសិន​បើ​មាន​បញ្ហា​មួយ សូម​រាយការណ៍​វា​ទៅ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ណា​ម្នាក់​របស់​អ្នក​ភ្លាម ។

ចាកចេញ​ភ្លាម ប្រសិន​បើ​អ្នក ឬ​ដៃគូ​របស់​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត​អំពី​ទីកន្លែង មនុស្ស ឬ​ស្ថានភាព​មួយ ( រួម​ទាំង​ស្ថានភាព​នៃ​ការបង្រៀន​មួយ​ផងដែរ ) ។ ស្ដាប់​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ។ អ្នក​អាច​ចាកចេញ​ពី​ដៃគូ​របស់​អ្នក​បាន ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​គាត់​អាច​ជា​គ្រោះថ្នាក់​មួយ​ចំពោះ​អ្នក ។ ប្រសិន​បើ​អ្នក​ចាកចេញ​ពី​ដៃគូ​របស់​អ្នក សូម​ទូរសព្ទ​ទៅ​ថ្នាក់​ដឹកនាំ​បេសកកម្ម​ណា​ម្នាក់​របស់​អ្នក​ភ្លាម ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​វគ្គ ៧.៨ « ស្ថានភាព​គ្រោះថ្នាក់ » ។

៤.៦

ការស្នាក់​នៅ

សូម​បង្ហាញ​ការគោរព​ដល់​លំនៅដ្ឋាន​របស់​អ្នក ម្ចាស់​ផ្ទះ និង​អ្នក​ជិតខាង​របស់​អ្នក ។ ប្រសិន​បើ​អ្នក​បណ្ដាល​ឲ្យ​មាន​ការខូចខាត អ្នក​ត្រូវ​ទទួល​ខុសត្រូវ​លើ​ចំណាយ​សម្រាប់​ការជួសជុល ដោយ​ប្រើប្រាស់​មូលនិធិ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សូម​និយាយ​ជាមួយ​អ្នក​សម្រប​សម្រួល​លំនៅដ្ឋាន​ប្រចាំ​បេសកកម្ម​របស់​អ្នក ប្រសិន​បើ​អ្នក​មាន​កង្វល់​ណាមួយ​អំពី​លំនៅដ្ឋាន​របស់​អ្នក ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល​វគ្គ ៧.៩ « សុវត្ថិភាព​លំនៅដ្ឋាន » ។

៤.៧

មធ្យោបាយ​ធ្វើ​ដំណើរ

សូម​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ក្នុង​ស្រុក ច្បាប់ និង​ទំនៀមទម្លាប់ នៅពេល​អ្នក​ធ្វើ​ដំណើរ​ជានិច្ច ។ ប្រើ​សុភវិនិច្ឆ័យ ដឹង​ពី​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ស្គាល់​តំបន់​អ្នក និង​ធ្វើតាម​បទដ្ឋាន​សុវត្ថិភាព​ទូទៅ​នៅក្នុង​សៀវភៅ​ក្បួនខ្នាត​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល​វគ្គ ៧.១០ « សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ » ។

៤.៨

ប្រាក់

មូលនិធិ​ដែល​ត្រូវបាន​បរិច្ចាគ​ដោយ​អ្នក គ្រួសារ​អ្នក និង​សមាជិក​សាសនាចក្រ ដើម្បី​គាំទ្រ​អ្នក​ក្នុង​បេសកកម្ម​របស់​អ្នក គឺជា​មូលនិធិ​ដ៏​ពិសិដ្ឋ ហើយ​គួរ​តែ​ត្រូវបាន​ប្រើប្រាស់​ដោយ​ការទទួល​ខុសត្រូវ និង​ដោយ​ស្មោះត្រង់ ។

៤.៨.១

មូលនិធិ​បេសកកម្ម

សូម​ប្រើ​មូលនិធិ​បេសកកម្ម​ដើម្បី​បង់​ការចំណាយ​ក្នុង​ការរស់នៅ ។ អ្នក​គួរ​តែ​ប្រើ​មូលនិធិ​បេសសកម្ម​ទាំងអស់​របស់​អ្នក​ជា​រៀងរាល់​ខែ ដោយ​មាន​ការលើកលែង​បន្តិច​បន្តួច ។ កុំ​សន្សំ​លុយ​ពី​មូលនិធិ​ទាំងនេះ ឬ​ឲ្យ​វា​ទៅ​នរណា​ម្នាក់​ទៀត​ឡើយ រួម​ទាំង​មនុស្ស​នៅ​ផ្ទះ​ផងដែរ ។ កុំ​ឲ្យ​លុយ​គេ​ខ្ចី ឬ​ខ្ចី​លុយ​ពី​គេ ។

ថវិកា​របស់​អ្នក​សម្រាប់​មូលនិធិ​បេសកកម្ម​អាច​រួមមាន​ដូច​ខាង​ក្រោម​នេះ ៖

  • ដង្វាយ​តម​អាហារ​បង់​ទៅ​វួដ ឬ​សាខា ដែល​អ្នក​កំពុង​បម្រើ ។

  • អាហារ​ដើម្បី​រៀបចំ​ម្ហូប​ដែល​មាន​អាហារ​រូបត្ថម្ភ ( សូមមើល ៤.១.១ ) ។

  • ការធ្វើ​ដំណើរ រួមមាន​សាំង ឬ​ការធ្វើ​ដំណើរ​សាធារណៈ ។

  • គ្រឿង​ថែ​រក្សា​សក់ និង​អនាម័យ​ផ្ទាល់​ខ្លួន ។

  • សម្ភារ​សម្អាត និង​បោក​សំលៀកបំពាក់ ។

  • ការចំណាយ​លើ​ការផ្ញើ​សំបុត្រ និង​អ៊ីនធឺណិត សម្រាប់​ការទាក់ទង​ទៅ​ផ្ទះ​ជា​ប្រចាំ​សប្ដាហ៍ ( សូមមើល ៣.៨ ) ។

  • អាហារ​តាម​ភោជនីយដ្ឋាន និង​អាហារ​រហ័ស​ដែល​មាន​កំណត់ ។

អ្នក​មិន​ចាំបាច់​ត្រូវ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​លើ​មូលនិធិ​បេសកកម្ម​ទេ ។

សូមមើល ៤.៨.២ សម្រាប់​បញ្ជី​នៃ​អ្វី​ដែល​គួរ​ត្រូវ​បាន​បង់​ដោយ​មូលនិធិ​ផ្ទាល់​ខ្លួន ។

៤.៨.២

មូលនិធិ​ផ្ទាល់​ខ្លួន

មូលនិធិ​ផ្ទាល់​ខ្លួន​គឺ​ជា​ប្រាក់​ដែល​ត្រូវបាន​ផ្ញើ​ទៅ​អ្នក​ផ្ទាល់​ពី​ផ្ទះ ។ សូម​ប្រើ​មូលនិធិ​ផ្ទាល់​ខ្លួន​សម្រាប់ ៖

  • សំលៀកបំពាក់ និង​ការផ្លាស់ប្ដូរ​ស្បែកជើង ។

  • ការទិញ ថែទាំ និង​ជួសជុល​កង់ ។

  • ការចំណាយ​លើ​វេជ្ជសាស្ត្រ ដែល​មិន​ត្រូវបាន​បង់​ដោយ​បេសកកម្ម ដូចជា​ការបង់​ថ្លៃ​លើ​អ្វី​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មិន​បង់ ការទៅ​ជួប​ពេទ្យ​ភ្នែក និង​ទន្ដពេទ្យ ព្រម​ទាំង​ការថែទាំ​ស្ថានភាព​ជំងឺ​ដែល​មាន​ស្រាប់ ។

  • ការផាក​ពិន័យ​ចរាចរណ៍ និង​ការចត​ខុស ។

  • ការជួសជុល​លំនៅដ្ឋាន ប្រសិន​បើ​អ្នក​ធ្វើ​ឲ្យ​ខូចខាត ។

  • ឧបករណ៍​សំឡេង និង​វីដេអូ ។

  • វត្ថុ​អនុស្សាវរីយ៍ និង​អំណោយ ។

ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​លើ​មូលនិធិ​ផ្ទាល់​ខ្លួន​ដែល​បាន​ទទួល ហើយប្រាក់​ចំណូល​ណា​ក៏​ដោយ​ពី​ជំនួញ ឬ​ការបណ្ដាក់ទុន​នៅ​ផ្ទះ គួរ​តែ​ត្រូវបង់​ជាមួយ​នឹង​មូលនិធិ​ផ្ទាល់​ខ្លួន តាមរយៈ​វួដ​នៅ​ផ្ទះ​របស់​អ្នក ឬ​តាម​ការបង់​ដង្វាយ​តាម​អ៊ីនធឺណិត ។

៤.៨.៣

ភាពខ្លួន​ទីពឹង​ខ្លួន និង​ផែនការ​ចំណាយ

ចូរ​ក្លាយ​ជា​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន អំឡុង​បេសកកម្ម​របស់​អ្នក ដោយ​ការបង្កើត និង​ធ្វើតាម​ផែនការ​ចំណាយ ។ ជំនាញ​នេះ​នឹង​ជួយ ហើយ​ផ្ដល់​ពរជ័យ​ដល់​អ្នក​អស់​មួយ​ជីវិត​របស់​អ្នក ។ កុំ​សុំ​មូលនិធិ​បន្ថែម​ពី​ដៃគូ ឬ​គ្រួសារ លើកលែង​តែ​វា​ជា​ការបន្ទាន់ ។

ការបង្កើត និង​ការធ្វើតាម​ផែនការ​ចំណាយ រួម​មាន​ទាំង​ការធ្វើ​បញ្ជី​មួយ​អំពី​អ្វីៗ​ដែល​អ្នក​ត្រូវ​ទិញ​សម្រាប់​ខែ​នោះ ហើយ​បន្ទាប់​មក​ជ្រើសរើស​អ្វី​ដែល​សំខាន់​បំផុត ហើយ​ចំណាយ​លើ​វា​មុន ។ តែងតែ​ជ្រើសរើស​អ្វី​ដែល​អ្នក​ត្រូវការ ពីមុន​ជ្រើសរើស​អ្វី​ដែល​អ្នក​ចង់​បាន​ ។

ប្រសិន​បើ​អ្នក​ត្រូវការ​លុយ​បន្ថែម ឬ​មាន​សំណួរ​អំពី​ការចំណាយ សូម​និយាយ​ជាមួយ​លេខា​ហិរញ្ញវត្ថុ ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ។

៤.៩

ការស្លៀកពាក់ និង​ការសម្អិត​សម្អាង

ការស្លៀកពាក់ និង​ការសម្អិត​សម្អាង​របស់​អ្នក គួរ​តែ​ជា​ការបង្ហាញ​ពី​ការបន្ទាប​ខ្លួន ការគោរព និង​សេចក្ដី​ជំនឿ ។ របៀប​ដែល​អ្នក​បង្ហាញ​ខ្លួន​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​មនុស្ស​គិត​អំពី​អ្នក និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ហើយ​អាច​ជួយ​ការពារ​អ្នក​ពី​គ្រោះថ្នាក់ ។

៤.៩.១

បទដ្ឋាន​ទូទៅ​សម្រាប់​ការស្លៀកពាក់

របស់​ជាក់លាក់ និង​ម៉ូត​សំលៀកបំពាក់​នឹង​ត្រូវបាន​ផ្ដល់​យោបល់​ឲ្យ​សម​នឹង​វប្បធម៌ ព្រម​ទាំង​អាកាសធាតុ​នៃ​បេសកកម្ម​របស់​អ្នក ។ នៅ​ថ្ងៃ​រៀបចំ អ្នក​គួរតែ​ពាក់​សំលៀកបំពាក់​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទី​សាធារណៈ ។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​ចាំបាច់​សម្រាប់​សកម្មភាព​ជាក់លាក់​មួយ អ្នក​អាច​ពាក់​សំលៀកបំពាក់​ធម្មតា​បាន ។ សូម​ពិនិត្យមើល​បទដ្ឋាន​នានា​ដែល​មាន​នៅ​លើmissionaryclothing.ChurchofJesusChrist.org ។

សូម​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​តាម​ដែល​ត្រូវការ ដើម្បី​ការពារ​សុខភាព​របស់​អ្នក និង​នៅក្នុង​តំបន់​ដែល​ត្រូវការ សូម​គ្រប​ដណ្ដប់​ស្បែក​របស់​អ្នក​អោយ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ( សូម​មើល ៧.៧.៤ ) ។

៤.៩.២

បទដ្ឋាន​ទូទៅ​សម្រាប់​ការសម្អិត​សម្អាង

សូម​ធ្វើតាម​បទដ្ឋាន​សម្អិត​សម្អាង​ដែល​មាន​ផាសុខភាព ៖

  • ងូតទឹក​ជា​រៀងរាល់​ថ្ងៃ បើ​អាច​ធ្វើ​បាន ។

  • ដុស​ធ្មេញ​ជា​ទៀងទាត់ ។

  • ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក​ជា​រៀង​រាល់​ថ្ងៃ ។

  • កក់​សក់​ឲ្យ​បាន​ញឹកញាប់ ។

  • លាងដៃ​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់ រួម​ទាំង​ពីមុន​ការរៀបចំ​អាហារ និង​បន្ទាប់​ពី​ការប្រើ​បង្គន់ ។

  • លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ។

  • ជ្រើសរើស​ម៉ូត​សក់​ដែល​មាន​របៀប និង​សមរម្យ ដែល​ងាយ​ក្នុង​ការថែទាំ ។