សន្និសីទទូទៅ
គំនិត​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន


« គំនិត​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន​ចេញពី​សន្និសីទ​ទូទៅ » គំនិត​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន​ចេញពី​សន្និសីទ​ទូទៅ ( ឆ្នាំ២០២០ )

« គំនិត​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន​ចេញពី​សន្និសីទ​ទូទៅ » គំនិត​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន​ចេញពី​សន្និសីទ​ទូទៅ

គំនិត​សម្រាប់​ការរៀនសូត្រ និង​ការបង្រៀន​ចេញពី​សន្និសីទ​ទូទៅ

នៅក្នុង​សន្និសីទ​ដំបូង​នៃ​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ ព្រះអម្ចាស់​បានធ្វើ​ការសន្យា​ពិសេស​មួយ​ទៅដល់​អ្នក​ដែល « ទទួល » និង « ស្ដាប់​តាម » ពាក្យសម្ដី​នៃ​ពួកព្យាការី​របស់​ទ្រង់ ។ « ដ្បិត​ដោយ​សារ​ការធ្វើ​ការទាំងនេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាម​របស់​ទ្រង់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤–៦ ) ។

ចាប់​តាំងពី​សន្និសីទ​លើកដំបូង​នោះ​មក សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ទន្ទឹង​រង់ចាំ​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ទទួលបាន និង​ស្ដាប់​តាម​សារលិខិត​ដែល​បងប្អូន​ទទួល​មកពី​ព្យាការី​របស់​ព្រះអម្ចាស់ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​នៅក្នុង​សន្និសីទ​ទូទៅ​បាន​កាន់តែ​ពេញលេញ​ជាងមុន ។

ខាងក្រោម​នេះ​គឺជា​គំនិត​មួយចំនួន​សម្រាប់​បងប្អូន ដើម្បី​ពិចារណា នៅពេល​បងប្អូន​រៀន​ពី​សារលិខិត​សន្និសីទ​ទូទៅ​ដោយ​ផ្ទាល់ខ្លួន ជាមួយ​គ្រួសារ​របស់​បងប្អូន និង​នៅក្នុង​ថ្នាក់ ឬ​កិច្ចប្រជុំ​សាសនាចក្រ​ទាំងឡាយ ។

គំនិត​យោបល់​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន

  • ស្ដាប់​តាម​ព្រះវិញ្ញាណ ។ ការសិក្សា​សារលិខិត​សន្និសីទ​អញ្ជើញ​វិវរណៈ ។ ពេល​ដែល​បងប្អូន​សិក្សា សូម​យកចិត្ត​ទុកដាក់​ចំពោះ​គំនិត និង​អារម្មណ៍​មកពី​ព្រះវិញ្ញាណ ទោះបីជា​អារម្មណ៍​ទាំងនោះ​មិនមាន​អ្វី​ទាក់ទង​នឹង​សារលិខិត​នៃ​សន្និសីទ​ក៏​ដោយ ។ ចំណាប់អារម្មណ៍​ទាំងនោះ​អាច​ជា​រឿង​សំខាន់​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ដឹង ។

  • សួរ​សំណួរ​ទាំងឡាយ ហើយ​រកមើល​ចម្លើយ ។ ស្វែងយល់​ពី​អត្ថន័យ​ស៊ីជម្រៅ​នៅក្នុង​សារលិខិត​សន្និសីទ ដោយ​ការសួរ​សំណួរ​ដែល​ជួយ​បងប្អូន​ពិចារណា​ពី​អ្វី​ដែល​សារលិខិត​នោះ​បង្រៀន ។ បងប្អូន​អាច​សួរ​សំណួរ​ដូចជា « តើ​សារលិខិត​នេះ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយស៊ូវគ្រីស្ទ​ដោយ​របៀបណា » ?

  • កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន ។ មាន​របៀប​ជាច្រើន​ដើម្បី​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​មាន​កំណត់ហេតុ​នៃ​ការយល់ដឹង​របស់​បងប្អូន ឬ​ធ្វើ​ការកត់​ចំណាំ​នៅ​រឹម​ទំព័រ​នៃ​សារលិខិត​សន្និសីទ ។

  • អនុវត្ត​សារលិខិត​ទៅលើ​ខ្លួនឯង ។ សូម្បីតែ​សារលិខិត​សន្និសីទ​ដែល​មាន​ការបំផុស​គំនិត​បំផុត​ក៏​មាន​គុណតម្លៃ​មាន​កំណត់​ដែរ ប្រសិនបើ​យើង​មិន​អនុវត្ដ​វា​នៅក្នុង​ជីវិត​របស់​យើង និង​អនុញ្ញាត​ឲ្យ​វា​ដឹកនាំ​ការគិត និង​ការសម្រេចចិត្ដ​របស់​យើង​ទេនោះ ។ តើ​ព្រះ​វរបិតាសួគ៌​មាន​ព្រះទ័យ​ឲ្យ​ខ្ញុំ​រៀន​អ្វី​ខ្លះ​មកចេញពី​សារលិខិត​នេះ ?

  • រកមើល​ឯកសារ​យោង ។ ដើម្បី​បង្កើន​ការយល់​ដឹង​របស់​បងប្អូន​ចំពោះ​សារលិខិត​របស់​អ្នក​ឡើង​និយាយ សូម​រកមើល​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដែល​យោង​ទៅនឹង​សារលិខិត​នោះ និង​នៅក្នុង​កំណត់​ចំណាំ​នៅ​ចុងបញ្ចប់ ។

  • រកមើល … មាន​អ្វី​ជាច្រើន​ដែល​បងប្អូន​អាច​រកមើល នៅពេល​បងប្អូន​សិក្សា​សារលិខិត​សន្និសីទ​ទូទៅ ។ ពេល​បងប្អូន​សិក្សា សូម​ពិចារណា​រកមើល​ដូច​ខាង​ក្រោម ៖

    • ព្រះយេស៊ូវគ្រីស្ទ ។ ស្វែងរក​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ និង​ការពិពណ៌នា​អំពី​ព្រះជន្ម​របស់​ទ្រង់ ការបង្រៀន​របស់​ទ្រង់ ដង្វាយធួន​របស់​ទ្រង់ និង​ព្រះចេស្ដា​ដែល​ទ្រង់​អាច​ប្រទាន​ឲ្យ​ដល់​អស់អ្នក​ដែល​ដើរ​តាម​ទ្រង់ ។

    • ពាក្យ និង​ឃ្លា​ដែល​បំផុសគំនិត ។ គូស​សម្គាល់ ឬ​សរសេរ​នូវ​គំនិត​របស់​បងប្អូន​អំពី​ពាក្យ និង​ឃ្លា​ដែល​បំផុស​គំនិត​បងប្អូន សំខាន់​ចំពោះ​បងប្អូន ឬ​លើកទឹកចិត្ដ​បងប្អូន ។

    • គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ ។ សូម​សួរ​ខ្លួនឯង « តើ​គោលការណ៍ ឬ​គោលលទ្ធិ​អ្វីខ្លះ​ដែល​បាន​បង្រៀន​នៅក្នុង​សារលិខិត​នេះ » ? ពេលខ្លះ គោលការណ៍ និង គោលលទ្ធិ គឺ​បានថ្លែង​ចំៗ ហើយ​ពេលខ្លះ​គោលការណ៍ និង​គោលលទ្ធិ​ទាំងនោះ​បាន​បង្ហាញ​តាមរយៈ​ដំណើររឿង ឬ​ឧទាហរណ៍ ។

    • បញ្ជី ។ ពេលខ្លះ​អ្នក​ឡើង​និយាយ​នឹង​ផ្ដល់​នូវ​បញ្ជី​គំនិត ការស្នើសុំ ឬ​សេចក្ដី​ពិត ។ បងប្អូន​ក៏​ប្រហែល​ជា​ទទួលបាន​នូវ​ចំណាប់​អារម្មណ៍​ដើម្បី​បង្កើត​បញ្ជី​ផ្ទាល់ខ្លួន​របស់​បងប្អូន​អំពី​អ្វី​ដែល​បងប្អូន​កំពុង​រៀន​ផងដែរ ។

    • ការអញ្ជើញ និង​ពរជ័យ ។ ស្វែងរក​ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព និង​ពរជ័យ​ដែល​បាន​សន្យា ។ កំណត់​ពី​របៀប​ដែល​បងប្អូន​នឹង​ធ្វើតាម​ការអញ្ជើញ​ទាំងនោះ ។

  • បង្កើត​តំណភ្ជាប់ ។ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ បងប្អូន​អាច​បង្កើត​តំណភ្ជាប់​រវាង​សារលិខិត​សន្និសីទ ព្រះគម្ពីរ និង​មាតិកា​ផ្សេង​ទៀត ។

  • រៀបចំ​តាម​ប្រធានបទ ។ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ បងប្អូន​អាច​រៀបចំ​មាតិកា​តាម​ប្រធានបទ​ដោយ​ប្រើប្រាស់ « ស្លាក » និង « សៀវភៅ​កត់ចំណាំ » ។ ការណ៍​នេះ​អាច​មាន​ប្រយោជន៍​នៅពេល​ក្រោយ នៅពេល​បងប្អូន​រៀបចំ​ការឡើង​និយាយ ឬ​មេរៀន ។

  • ដាក់​កាលវិភាគ ។ នៅក្នុង បណ្ណាល័យ​ដំណឹងល្អ បងប្អូន​អាច​បង្កើត​ផែនការ​សិក្សា​មួយ ដែល​ជួយ​បងប្អូន​តាមដាន​ការរីក​ចម្រើន​របស់​បងប្អូន ក្នុងការ​សិក្សា​សារលិខិត​នៃ​សន្និសីទ​បន្ទាប់​នាពេល​ខាងមុខ ។ បងប្អូន​ក៏​អាច​កំណត់​ការរំឭក​ផងដែរ ដើម្បី​ជួយ​បងប្អូន​សម្រេច​គោលដៅ​ការសិក្សា​របស់​បងប្អូន ។

គំនិត​យោបល់​សម្រាប់​ការសិក្សា​ជា​គ្រួសារ

  • ដាក់​បង្ហាញ​សម្រង់​សម្ដី​មួយ ។ សូម​ជ្រើសរើស​សម្រង់​សម្ដី​មួយ​ដែល​បងប្អូន​យល់​ថា​មាន​អត្ថន័យ ហើយ​ដាក់បង្ហាញ​សម្រង់​នេះ​នៅ​កន្លែង​ដែល​សមាជិក​គ្រួសារ​នឹង​មើលឃើញ​វា ។ ⁠បងប្អូន​ក៏​អាច​ចែកចាយ​តាម​អេឡិចត្រូនិច​បាន​ផងដែរ ។ សមាជិក​គ្រួសារ​របស់​បងប្អូន​អាច​ឆ្លាស់​វេន​គ្នា​ដើម្បី​ជ្រើសរើស​អត្ថបទ​មួយ​ដើម្បី​បង្ហោះ​បាន ។ បងប្អូន​អាច​ជ្រើសរើស​ដើម្បី​ទន្ទេញ​សម្រង់​នោះ​ឲ្យ​ចាំ​ជា​លក្ខណៈ​គ្រួសារ ។

  • បង្កើត​អ្វី​មួយ ។ សមាជិក​គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការបង្កើត​អ្វី​មួយ ដូចជា​គំនូរ ឬ​វត្ថុ​ស៊ក​ចំណាំ​សៀវភៅ ដែល​មាន​ការបំផុស​គំនិត​មក​ពី​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​សារលខិត​សន្និសីទ ។ គ្រប់គ្នា​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​បង្កើត ។

  • រំឭក​ដំណើររឿង​ឡើងវិញ ។ ស្វែងរក​ដំណើររឿង​នៅក្នុង​សារលិខិត​សន្និសីទ​ដែល​នឹង​ជួយ​គ្រួសារ​របស់​បងប្អូន​រៀន​ពី​គោលការណ៍​ដំណឹងល្អ ។ សមាជិក​គ្រួសារ​របស់​បងប្អូន​អាច​ឆ្លាស់​វេនគ្នា​ប្រាប់​ដំណើររឿង​ដែល​ពួកគេ​ចូលចិត្ត ឬ​បងប្អូន​អាច​សម្ដែង​ដំណើររឿង​ទាំងនេះ​បាន ។

  • អនុវត្ត​ការបង្រៀន ។ បន្ទាប់ពី​សិក្សា​សារលិខិត​សន្និសីទ​ជាមួយ​គ្នា សូម​ពិភាក្សា​អំពី​របៀប​ផ្សេងៗ​ដែល​ការបង្រៀន​ទាំងនោះ​ទាក់ទង​នឹង​បទពិសោធន៍​ដែល​គ្រួសារ​របស់​បងប្អូន​កំពុង​មាន ។ បន្ទាប់មក​សម្រេចចិត្ត​ជា​គ្រួសារ​នូវ​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ ដើម្បី​រស់នៅ​តាម​អ្វី​ដែល​បងប្អូន​បាន​រៀន ។

  • ចែកចាយ​ការបង្រៀន ។ វា​មាន​អត្ថប្រយោជន៍​ក្នុងការ​អាន​សារលិខិត​សន្និសីទ​ដោយ​ផ្ទាល់ខ្លួន ហើយ​បន្ទាប់មក​ចែកចាយ​ការយល់ដឹង និង​ផ្នែក​ដែល​បំផុស​គំនិត​រួមគ្នា ។ នេះ​អាចជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ។

  • សួរ​សំណួរ ។ ប្រសិនបើ​សមាជិក​ក្នុង​គ្រួសារ​របស់​បងប្អូន​មាន​សំណួរ​អំពី​ប្រធានបទ​ដំណឹងល្អ សូម​ចំណាយពេល​ស្វែងរក​ចម្លើយ​នៅក្នុង​សារលិខិត​សន្និសីទ​អំពី​ប្រធានបទ​នោះ ( សូមមើល​ផ្ទាំង « Topics » នៅក្នុង​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ ) ។

  • សិក្សា​សារលិខិត​របស់​ព្យាការី ។ ជា​គ្រួសារ សូម​ពិចារណា​សិក្សា​សារលិខិត​ជាច្រើន​ដោយ​ប្រធាន​នៃ​សាសនាចក្រ ( សូមមើល​ផ្ទាំង « Speakers » នៅក្នុង​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ ) ។

សម្រាប់​គំនិត​ជាក់លាក់​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​កូន​តូចៗ សូមមើល « Activities for Children » ( ChurchofJesusChrist.org ) ។

គំនិត​សម្រាប់​ការបង្រៀន​ថ្នាក់​ទាំងឡាយ​ក្នុង​សាសនាចក្រ

  • ការរៀបចំ​ការអញ្ជើញ ។ បងប្អូន​ទំនងជា​មាន​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​អំពី​សារលិខិត​សន្និសីទ ប្រសិនបើ​សមាជិក​បានសិក្សា​សារលិខិត​នោះ​ជាមុន ។ ស្វែងរក​វិធី​ដើម្បី​ជូនដំណឹង​ដល់​ពួកគេ​អំពី​អ្វី​ដែល​នឹងត្រូវ​ពិភាក្សា ។ បងប្អូន​ក៏​អាច​ផ្ដល់​ដល់​ពួកគេ​នូវ​សំណួរ​មួយ ឬ​ពីរ​ដើម្បី​ជញ្ជឹងគិត​ដើម្បី​ជួយ​ពួកគេ​រៀបចំ​ខ្លួន ។

  • ពិភាក្សា​ជា​ក្រុម ។ ការពិភាក្សា​ជាក្រុម​តូច​អាច​ឲ្យ​មនុស្ស​ជា​ច្រើន​ចូលរួម​ក្នុង​ការពិភាក្សា​នោះ ។ ពិចារណា​បែងចែក​សមាជិក​ទៅជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​ឲ្យ​អាន និង​ពិភាក្សា​ផ្នែក​ផ្សេងគ្នា​នៃ​សារលិខិត​សន្និសីទ ។ បន្ទាប់​មក បងប្អូន​អាច​សុំ​ឲ្យ​ក្រុម​នីមួយៗ​ចែកចាយ​សេចក្ដីពិត​មួយ​ដែល​ពួកគេ​បាន​រៀន ។ ឬ​បងប្អូនអាច​បង្កើត​ក្រុម​ថ្មី​ជាច្រើន​ដែល​មាន​សមាជិក​ដែល​បាន​សិក្សា​វគ្គ​ផ្សេង​គ្នា ហើយ​ចូរ​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វីដែល​ពួកគេ​បាន​រៀន ។

  • ឆ្លើយ​សំណួរ ។ ការផ្ដល់​នូវ​សំណួរ​បែប​ទាំងនេះ​អាច​បង្កើត​ឲ្យ​មាន​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​អំពី​សារលិខិត​សន្និសីទ ៖ តើ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​អ្វី​ខ្លះ​ដែល​យើង​រកឃើញ​នៅក្នុង​សារលិខិត​នេះ ? តើ​យើង​អាច​អនុវត្ត​សេចក្ដីពិត​ទាំង​នេះ​តាម​របៀប​ណា ? តើ​មាន​ការ​អញ្ជើញ និង​ពរជ័យ​ដែល​បាន​សន្យា​អ្វីខ្លះ​ដែល​បាន​ផ្ដល់​ឲ្យ ? តើ​សារលិខិត​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​កិច្ចការ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ?

  • ចែកចាយ​ការ​ដកស្រង់ ។ វា​អាច​ជា​ការបំផុស​គំនិត​មួយ​ដើម្បី​ស្ដាប់​គ្នា​ចែកចាយ​ទៅវិញ​ទៅមក អំពី​របៀប​ដែល​សារលិខិត​សន្និសីទ​ធ្វើ​ឲ្យ​យើង​រំជួលចិត្ដ និង​ស្អាងយើង​ឡើង ។ លើកទឹកចិត្ត​សមាជិក​ឲ្យ​ចែកចាយ​ផ្នែក​ដែល​មាន​អត្ថន័យ​ចេញពី​សារលិខិត​សន្និសីទ ហើយ​សុំ​ឲ្យ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​សម្រង់​សម្ដី​ទាំងនេះ ដើម្បី​ប្រទានពរ​ដល់​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។

  • ចែកចាយ​មេរៀន​ដោយ​ប្រើ​វត្ថុ ។ ប្រសិនបើ​បងប្អូន​កំពុង​ស្វែងរក​វិធី​ច្នៃប្រឌិត​ដើម្បី​ពិភាក្សា​អំពី​សារលិខិត​សន្និសីទ សូម​អញ្ជើញ​សមាជិក​មួយ​ចំនួន​ទុកជាមុន ឲ្យ​យក​វត្ថុ​មកពី​ផ្ទះ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​បង្រៀន​អ្វីមួយ​ចេញ​ពី​សារលិខិត​នោះ ។ សុំ​ឲ្យ​សមាជិក​ពន្យល់​ពី​របៀប​ដែល​វត្ថុ​ទាំងនេះ​ទាក់ទង​ទៅ​នឹង​ផ្នែក​ជាក់លាក់​នៃ​សារលិខិត ។

  • រៀបចំ​មេរៀន​មួយ​ដើម្បី​បង្រៀន​នៅ​ឯ​គេហដ្ឋាន ។ នេះ​ជា​វិធី​មួយ​ដើម្បី​លើកទឹកចិត្ត​ក្រុម​គ្រួសារ​ឲ្យ​រៀន​ពី​សារលិខិត​សន្និសីទ​នៅ​ផ្ទះ ៖ សុំ​ឲ្យ​សមាជិក​ធ្វើការ​ជាគូ​ដើម្បី​រៀបចំ​ផែនការ​មេរៀន​សម្រាប់​រាត្រី​ជួបជុំ​គ្រួសារ​ដោយ​ផ្អែកលើ​សារលិខិត​សន្និសីទ ។ តើ​យើង​អាច​ធ្វើ​ឲ្យ​សារលិខិត​នោះ​ទាក់ទង​នឹង​ក្រុម​គ្រួសារ​របស់​យើង​តាម​របៀបណា ?

  • ចែកចាយ​បទពិសោធន៍ ។ សេចក្តី​ថ្លែងការណ៍ និង​ដំណើររឿង​ចេញពី​សារលិខិត​សន្និសីទ​អាច​ជំរុញ​ឲ្យ​សមាជិក​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ដែល​ទាក់ទង ឬ​ឧទាហរណ៍​ចេញ​មកពី​បទគម្ពីរ ។ ឧទាហរណ៍​ទាំងនេះ​អាច​បង្ហាញ ឬ​ពង្រឹង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​សារលិខិត​សន្និសីទ ។

  • រៀន​អំពី​បទគម្ពីរ​មួយ ។ សារលិខិត​សន្និសីទ​ភាគច្រើន​មាន​នូវ​វគ្គបទគម្ពីរ​ដែល​ពាក់ព័ន្ធ—នៅក្នុង​សារលិខិត​ផ្ទាល់ ឬ​នៅក្នុង​កំណត់​ចំណាំ​នៅចុង​បញ្ចប់ ។ សមាជិក​អាច​អាន​វគ្គបទគម្ពីរ​ដែល​បានយោង​នៅក្នុង​សារលិខិត​សន្និសីទ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ការបង្រៀន​នៅក្នុង​សារលិខិត​ជួយ​ពួកគេ​យល់​វគ្គបទគម្ពីរ​បាន​កាន់តែ​ប្រសើរ ។

  • ស្វែង​រក​ចម្លើយ​មួយ ។ សមាជិក​នឹង​រកឃើញ​អត្ថន័យ​ស៊ីជម្រៅ​នៅក្នុង​សារលិខិត​សន្និសីទ ប្រសិនបើ​បងប្អូន​សួរ​សំណួរ​ដែល​ជំរុញ​ឲ្យ​មាន​ការជញ្ជឹងគិត ឬ​អនុវត្ត​គោលការណ៍​ដំណឹងល្អ​ដែលបាន​បង្រៀន​នៅក្នុង​នោះ ( សម្រាប់​ជំនួយ សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៣១–៣២ ) ។ បងប្អូន​អាច​ស្នើសុំ​សមាជិក​ឲ្យ​ជ្រើសរើស​សំណួរ​មួយ ហើយ​ប្រើ​សារលិខិត​ដើម្បី​សរសេរ​ចម្លើយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​ពី​ចម្លើយ​របស់​ពួកគេ​ជា​ក្រុម​តូចៗ ។

  • ប្រើ សំឡេង ឬ វីដេអូ ។ វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ជួយ​សមាជិក​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​នៅក្នុង​សារលិខិត គឺ​ការចាក់​សំឡេង ឬ​វីដេអូ​ខ្លី​មួយ​នៃ​សារលិខិត​នោះ ។