រូប​អាសគ្រាម
តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​កូន​របស់​ខ្ញុំ​អំពី​សុខភាព​ផ្លូវភេទ​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​កូន​របស់​ខ្ញុំ​អំពី​សុខភាព​ផ្លូវភេទ​ដោយ​របៀប​ណា ? » ជំនួយ​សម្រាប់​ឪពុកម្តាយ ( ឆ្នាំ ២០២១ )

« តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​កូន​របស់​ខ្ញុំ​អំពី​សុខភាព​ផ្លូវភេទ​ដោយ​របៀប​ណា ? » ជំនួយ​សម្រាប់​ឪពុកម្តាយ

រូបភាព
ក្រុមគ្រួសារ​កំពុងដើរ​នៅ​ខាងក្រៅ

តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​កូន​របស់​ខ្ញុំ​អំពី​សុខភាព​ផ្លូវភេទ​ដោយ​របៀប​ណា ?

ឪពុកម្តាយ​ជាច្រើន​មាន​អារម្មណ៍​ស្ទាក់ស្ទើរ ឬ​ខ្មាសអៀន​ក្នុងការ​និយាយ​ជាមួយ​កូន របស់​ខ្លួន​អំពី​បព្ហាផ្លូវភេទ ឬ​ពួកគាត់​ខ្លាច​ថា ការនិយាយ​ជាមួយកូន​របស់​ពួកគាត់​អំពី​ផ្លូវភេទ​នឹង​ដាស់​អារម្មណ៍​ផ្លូវភេទ​របស់​កូន​ពួកគាត់ ។ ការពិតនោះ​គឺ ប្រសិនបើ​អ្នក​មិន​និយាយ​អំពី​ផ្លូវភេទ​ទៅកាន់​កូន​របស់​អ្នកទេ នោះ​ពួកគេ​នឹង​រៀនវា​ចេញពី​ប្រភព​ផ្សេងទៀត ។ តាមរយៈ​ការសន្ទនា​ជាប្រចាំ​ជាមួយ​កូន​របស់​អ្នក​អំពី​ប្រធានបទ​សំខាន់ៗ ដូចជា សុខភាព​ខាងផ្លូវភេទ នោះ​អ្នក​ជួយ​ពួកគេ​ឲ្យ​យល់​ថា អ្នក​គឺជា​មនុស្ស​ដែល​អាច​ទុកចិត្ត​បាន ។

តាម​និស្ស័យ​ពីធម្មជាតិ កុមារ​ភាគច្រើន​មាន​ការចង់ដឹង​ចង់ឃើញ ហើយ​ពួកគេ​ចង់​យល់​ពី​អារម្មណ៍​ធម្មជាតិ ដែល​ព្រះប្រទាន​ឲ្យ​ពួកគេ​ដកពិសោធន៍ ។ អ្នក​អាចរៀបចំ​ខ្លួន​របស់អ្នក​ដើម្បី​និយាយ​ជាមួយ​កូន​របស់អ្នក​អំពី​បញ្ហាផ្លូវភេទ ដោយ​គិតដល់​អារម្មណ៍​របស់​អ្នក​កាល​មាន​អាយុ​ប្រហែល​ពួកគេ ។ តើ​អារម្មណ៍​អ្វីខ្លះ​ដែល​អ្នក​បាន​ឆ្លងកាត់ ? តើ​គំនិត សំណួរ ឬ​កង្វល់​អ្វី​ខ្លះ​ដែល​អ្នកមាន ? តើ​អ្នក​បានទៅ​រក​ព័ត៌មាន​ពីណា ? តើ​អ្នក​ប្រាថ្នា​ថា​អ្នក​បាន​ឮ ឬ​បាន​ទទួល​ការបង្រៀន​អ្វីខ្លះ ?

វា​មិនថ្វីទេ ប្រសិនបើ​អ្នក​មិន​ច្បាស់​អំពី​របៀប​ដោះស្រាយ​ការសន្ទនា​ទាំងនេះ​ឲ្យ​បាន​ល្អ​បំផុត​នោះ ។ អ្នក​អាច​ប្រើ​ស្ថានភាព​ដែល​អ្នក​​ខ្វះការគាំពារ​នោះ​មក​ប្រើ​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​កូនៗ​របស់​អ្នក ។ កុមារ​អាច​មើលឃើញ​ពី​សេចក្តីស្រឡាញ់​របស់​អ្នក កាល​ដែល​អ្នក​ទំនាក់ទំនង​ជាមួយ​ពួកគេ​ដោយ​ស្មោះត្រង់ និង​ស្មោះសរ ទោះបីជា​អ្នក​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត​យ៉ាងណា​ក៏​ដោយ ។

ដើម្បី​ជំរុញ​ទំនាក់ទំនង​បើក​ចំហ អ្នកអាច ៖

  • ចាប់ផ្តើម​នៅពេល​ដែល​កូន​របស់​អ្នក​នៅ​ក្មេង​នៅឡើយ តាមរយៈ​ការប្រាប់​ពី​ឈ្មោះ​អវៈយវៈ​ត្រឹមត្រូវ​នៅលើ​រូបកាយ​របស់​ពួកគេ ។ ការធ្វើបែប​នេះ​បង្រៀន​កុមារ​អំពី​រូបកាយ​របស់​ពួកគេ ហើយ​បង្រៀន​ពួកគេ​ពី​ភាសា​ដែល​ត្រឹមត្រូវ និង​សមរម្យ ។

  • សូម​ឲ្យ​កូន​របស់​អ្នក​ដឹងថា​ពួកគេ​អាច​សួរ​អ្នក​បាន​នូវ​សំណួរ​គ្រប់យ៉ាង ហើយ​បន្ទាប់មក​សូម​ព្យាយាម​កុំមាន​ប្រតិកម្ម​ជ្រុល ឬ​ខ្មាសអៀន​ចំពោះ​សំណួរ ឬ​ការសារភាព​របស់​ពួកគេ​ឡើយ ។ សូម​អរគុណ​កាលដែល​ពួកគេ​និយាយ​ជាមួយ​អ្នក សូម​បង្ហាញ​សេចក្តីស្រឡាញ់ និង​ការគាំទ្រ​ដល់​ពួកគេ ហើយ​ខិតខំ​អស់​ពី​លទ្ធភាព​របស់​អ្នក​ដើម្បី​រក្សា​ទំនាក់ទំនង ។

  • សូម​ជៀសវាង​ការប្រើប្រាស់​ពាក្យ​ប្រៀបប្រដូច​អំពី​ផ្លូវភេទ ។ កុមារ​ត្រូវការ​ព័ត៌មាន​ដែល​ប្រាប់​ដោយ​ច្បាស់ និង​ស្មោះត្រង់ ។ ឧទាហរណ៍ យុវវ័យ​ខ្លះ​ទទួល​ការបង្រៀន​ថា​ការធ្វើខុស​ច្បាប់​ព្រហ្មចារីភាព​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​ស្ករ​កៅស៊ូ ឬ​អាហារ​ដែល​ហុច​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នៅក្នុង​បន្ទប់ ដូច្នេះហើយ ស្ករ​កៅស៊ូ ឬ​អាហារ​នោះ​គេ​លែង​ត្រូវការ​ទៀត​ហើយ ។ ថ្វីបើ​មាន​ចេតនា​ល្អ​ក៏​ដោយ ក៏​ការប្រៀបធៀប​បែបនេះ​ច្រើនតែ​នាំឲ្យ​កាន់តែ​មាន​ភាពភ័យខ្លាច​អំពី​ផ្លូវភេទ ឬ​មាន​អារម្មណ៍​ទាបថោក ឬ​ថា​ខ្លួន​អស់តម្លៃ ។

  • សូម​បង្រៀន​មេរៀន​អំពី​ប្រធានបទ​ដែល​ទាក់ទង​នឹង​ផ្លូវភេទ​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កូន​របស់​អ្នក​បង្រៀន​កាល​ដែល​ពួកគេ​មានអារម្មណ៍​ថា​អាច​ធ្វើបាន ។ ប្រធានបទ​អាចរួម​បញ្ចូល​ភាពពេញវ័យ រូបភាព​រាងកាយ និង​ទិដ្ឋភាព​វិជ្ជមាន​នៃ​ផ្លូវភេទ ។

  • សូម​ពិភាក្សា​ពី​របៀប​ដែល​ការ​មាន​អារម្មណ៍​ខាង​ផ្លូវភេទ និង​ការរំញោច​ខាង​ផ្លូវភេទ គឺជា​រឿងធម្មតា ។ កុមារ​ពុំចាំបាច់​ត្រូវ​ធ្វើតាម​អារម្មណ៍ និង​ស្មារតី​នោះ​ទេ ប៉ុន្តែ​អាច​ខ្វាយខ្វល់ពី​វាបាន ។ វា​មាន​ន័យ​ថា​យើង​ដឹង​ថា​នោះ​គឺជា​អារម្មណ៍​ខាង​ផ្លូវភេទ ប៉ុន្តែ​យើង​មិន​វិនិច្ឆ័យ​អវិជ្ជមាន​លើ​អារម្មណ៍​នោះ​ទេ ។ ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា ការហាត់រៀន​យកចិត្ត​ទុកដាក់ អាច​ជួយ​កុមារ​ធ្វើ​ការជ្រើសរើស​បានល្អ​ប្រសើរ ដែល​ត្រូវ​នឹង​គុណតម្លៃ និង​គោលដៅ​របស់​ពួកគេ ។

  • សូម​ព្យាយាម​កុំ​មាន​ប្រតិកម្ម​ដោយ​ការស្អប់ខ្ពើម ឬ​កំហឹង នៅពេល​ដែល​កុមារ​ធ្វើ​ការប៉ះពាល់​ខ្លួនឯង ឬ​យុវវ័យ​សារភាព​ថា​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ត្រេកត្រអាល​នោះ ។ របៀប​ដែល​ឪពុកម្តាយ​ឆ្លើយតប​ទៅនឹង​ឥរិយាបទ​ទាំងនេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​កុមារ និង​យុវវ័យ​មាន​អារម្មណ៍​អំពី​ខ្លួន​របស់​ពួកគេ និង​ផ្លូវភេទ​របស់​ពួកគេ ។

  • សូម​បង្រៀន​កូនរបស់​អ្នក​ពី​បទដ្ឋាន​នៅពីក្រោយ​ហេតុផល​ដែល​ទាក់ទង​នឹង​ចំណងមិត្តភាព និង​ផ្លូវភេទ ។ កាល​ដែល​អ្នក​បង្រៀន​បទដ្ឋាន​ទាំងនេះ និង​មូលហេតុ​ដែល​ពួកគេ​មាន​តម្លៃ សូម​ចងចាំ​ថា វា​មាន​សារៈសំខាន់​ដើម្បី​ធ្វើ​ដូច្នោះ​ដោយ​គ្មាន​ការអៀនខ្មាស ឬ​ភ័យខ្លាច​ឡើយ ។

កំណត់​ចំណាំ

  1. ចំណុច​ដែល​ដកស្រង់ និង​សម្រង់​ចេញពី Laura M. Padilla-Walker and Meg O. Jankovich « How, When, and Why: Talking to Your Children about Sexuality » Liahona ខែ សីហា ឆ្នាំ ២០២០ ។