ក្បួនខ្នាត និង​ការហៅ
២៦. ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ


« ២៦. ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២៦. ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
ប៊ីស្សព​សម្ភាស​បុរស​ម្នាក់

២៦.

ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ

២៦.០

សេចក្តីផ្ដើម

ការចូល​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ឯកសិទ្ធិ​ពិសិដ្ឋ​មួយ ។ ថ្នាក់ដឹកនាំ​វួដ និង​ស្ដេក​លើក​ទឹកចិត្ត​សមាជិក​គ្រប់រូប​ឲ្យ​មាន​ភាពស័ក្ដិសម​សម្រាប់ និង​ដើម្បី​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ទោះជា​ពួកគេ​មិន​រស់​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ​ក្ដី ។

ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ប្រាកដ​ថា សមាជិក​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​ភាពស័ក្ដិសម​ដើម្បី​ធ្វើ​ដូច្នោះ ( សូមមើល ទំនុកដំកើង ២៤:៣–៥ ) ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច ធ្វើ​ការសម្ភាស​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដល់​សមាជិក​ដែល​ឆ្លើយ​សំណួរ​សម្ភាស​បាន​សមរម្យ ហើយ​ស្មោះត្រង់ ( សូមមើល ២៦.៣ ) ។ ព្រះអម្ចាស់​សន្យា​ថា ប្រសិន​បើ​អ្នក​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​ភាពស្អាតស្អំ នោះ​វត្តមាន​របស់​ទ្រង់​នឹង​គង់​នៅ​ទីនោះ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៦ ) ។

សមាជិក​ត្រូវតែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន ។ កុមារ​ទាំងឡាយ​ដែល​មាន​អាយុ​ក្រោម ៨ ឆ្នាំ ដែល​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​ពួកគេ ឬ​មើល​ការផ្សារភ្ជាប់​នៃ​បងប្អូន​ប្រុស​ស្រី​របស់​ពួកគេ​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​ពួកគេ មិន​ចាំបាច់​មាន​ប័ណ្ណ​នោះ​ទេ ( សូមមើល ២៦.៤.៤ ) ។

ជំពូក​នេះ​ផ្ដល់​ការណែនាំ​សម្រាប់​ថ្នាក់ដឹកនាំ​ដែល​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ប៊ីស្សព​ពិគ្រោះ​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​គាត់ ប្រសិនបើ​គាត់​មាន​សំណួរ​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដែល​មិន​បាន​ឆ្លើយ​នៅ​ក្នុង​ជំពូក​នេះ ។ ប្រធាន​ស្តេក​អាច​នឹង​ទាក់ទង​ទៅ​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ​បាន ប្រសិនបើ​គាត់​មាន​សំណួរ ។

២៦.១

ប្រភេទ​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​មួយ អនុញ្ញាត​ឲ្យ​សមាជិក​អាច​ចូល​ទៅ​គ្រប់​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ត្រូវ​ប្រាកដ​ថា សមាជិក​ទទួល​បាន​ប័ណ្ណ​ត្រឹមត្រូវ​សម្រាប់​ស្ថានភាព​របស់​ពួកគេ ។ ប័ណ្ណ​មាន​បី​ប្រភេទ ៖

  1. ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ។ ប័ណ្ណ​ទាំងនេះ​គឺ​សម្រាប់​សមាជិក​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ដែល​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ឬ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស ។ វា​ត្រូវ​ចេញ​ឲ្យ​តាមរយៈ ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២៦.៤ ។

  2. ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពិធីបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ ។ ប័ណ្ណ​ទាំងនេះ​គឺ​សម្រាប់​សមាជិក​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ ឬ​ផ្សារភ្ជាប់​ជាមួយ​ស្វាមី ឬ​ភរិយា ។ វា​ត្រូវ​ចេញ​ឲ្យ​នៅក្នុង​សៀវភៅ​ប័ណ្ណទី ២ ។ ប័ណ្ណ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ ត្រូវបាន​ភ្ជាប់​នឹង​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ធម្មតា​សម្រាប់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ( ពិពណ៌នា​នៅ​ខាងក្រោម ) ។ ព្រះវិហារ​បរិសុទ្ធ​រក្សាទុក​ប័ណ្ណ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់ ពេល​ពិធី​បរិសុទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង ។ សមាជិក​រក្សាទុក​ប័ណ្ណ​ធម្មតា ហើយ​ប្រើ​វា​នៅពេល​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។

  3. ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ។ ប័ណ្ណ​ទាំងនេះ​គឺ​សម្រាប់​សមាជិក​ដែល​បាន​ធ្វើ​ពិធី​អំណោយទានពិសិដ្ឋ​រួច​ហើយ​កាល​ពី​មុន ។ វា​ត្រូវ​ចេញ​ឲ្យ​តាមរយៈ ធ.ថ.ស. ។ ប័ណ្ណទាំង​នេះ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​សមាជិក​ចូល​រួម​នៅ​គ្រប់​ពិធី​បរិសុទ្ធ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​សម្រាប់​មរណជន ។ វា​ក៏​ត្រូវបាន​ប្រើ ពេល​សមាជិក​ម្នាក់​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ ឬ​កូន​ដែល​នៅរស់ ឬ​ស្លាប់​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២៦.៣ ។

២៦.២

ការថែរក្សា​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

២៦.២.១

ថ្នាក់ដឹកនាំ​បព្វជិតភាព​ថែរក្សា​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ថ្នាក់​ដឹកនាំ​បព្វ​ជិត​ភាព​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន​សៀវភៅ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ គួរ​តែ​ថែរក្សា​សៀវភៅ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ។ គ្មាន​បុគ្គល​ណា​ទៀត​ដែល​អាច​មាន​សិទ្ធិ​ទទួល​សៀវភៅ​នេះ​បានទេ ។ នៅពេល​សាសនាចក្រ​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ថ្នាក់​ដឹកនាំ​ត្រូវ​បំផ្លាញ​សៀវភៅ​ដែល​ហួស​បច្ចុប្បន្នភាព​នោះ​ចោល ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​ក៏​ធ្វើឲ្យ​ប្រាកដ​ផងដែរ​ថា បុគ្គល​ដែល​គ្មាន​សិទ្ធិ​អំណាច​មិន​ត្រូវ​មាន​សិទ្ធិ​ចូល​ប្រើប្រាស់​ព័ត៌មាន​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅលើ ធ.ថ.ស. នោះ​ទេ ។

២៦.២.២

ការបំផ្លាញ​ចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​ហួស​កំណត់

សមាជិក​គណៈប្រធាន​ស្តេក និង​បេសកកម្ម​ស្នើ​យក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ចាស់​មក​វិញ នៅពេល​ពួកលោក​សម្ភាស​សមាជិក ដើម្បី​ទទួលបាន​ប័ណ្ណ​ថ្មី ។ ពួកគាត់​បំផ្លាញ​ប័ណ្ណ​ចាស់​នោះ​ចោល ។

២៦.២.៣

ប័ណ្ណ​ដែល​បាន​បាត់ ឬ​ត្រូវ​គេ​លួច

ប៊ីស្សព​សូម​ឲ្យ​សមាជិក​ជូន​ដំណឹង​ដល់​គាត់​ភ្លាមៗ ប្រសិន​បើ​មាន​ការបាត់​ប័ណ្ណ ឬ​មាន​គេ​លួច​ប័ណ្ណ​របស់​ពួកគេ ។ គាត់ ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់ ឬ​ស្មៀន​ប្រើ ធ.ថ.ស. ដើម្បី​លុបចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ។ ប្រសិន​បើ​ពុំមាន​ប្រព័ន្ធ​នេះ​ប្រើទេ ប៊ីស្សព​ទាក់ទង​ទៅ​ការិយាល័យ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​ធ្វើ​ការលុបចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នេះ ។

ភ្លាមៗ​ក្រោយពី​ការ​លុបចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​បាត់ ឬ​ត្រូវ​គេ​លួច​ហើយ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង ដឹកនាំ​ការសម្ភាស​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​សមាជិក​រូប​នេះ ដើម្បី​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ឲ្យ ។

២៦.២.៤

អ្នក​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​ពុំ​រស់នៅ​តាម​បទដ្ឋាន​នៃ​ភាព​ស័ក្តិសម

ប្រសិន​បើ​ប៊ីស្សព​កំណត់​ថា សមាជិក​ដែល​មាន​ប័ណ្ណ​មាន​សុពលភាព ពុំ​រស់នៅ​តាម​បទដ្ឋាន​នៃ​ភាព​ស័ក្តិសម​ទេ ( សូមមើល ២៦.៣ ) នោះ​គាត់​អាច​សូម​ដក​យក​ប័ណ្ណ​ពី​សមាជិក​នោះ​វិញ​បាន ។ គាត់​ប្រើ ធ.ថ.ស. ដើម្បី​លុបចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ប្រសិន​បើ​ពុំមាន​ប្រព័ន្ធ​នេះ​ប្រើទេ ប៊ីស្សព​ទាក់ទង​ទៅ​ការិយាល័យ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​ធ្វើ​ការលុបចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នេះ ។

២៦.៣

គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច​ដឹកនាំ​ការសម្ភាស ពីមុន​សមាជិក​អាច​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បិរសុទ្ធ ។ សេចក្ដី​ណែនាំ​ទាំងឡាយ​គឺ​មាន​នៅលើ ធ.ថ.ស. ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​តែ​សមាជិក ដែល​ឆ្លើយ​សំណួរ​ទទួល​ប័ណ្ណ​ចូលព្រះ​វិហារ​បរិសុទ្ធ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។

ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​អនុញ្ញាត​ឲ្យ​សមាជិក​បង្ហាញថា ពួកគេ​មាន​ទីបន្ទាល់ និង​កំពុង​ព្យាយាម​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ និង​ធ្វើតាម​ព្យាការី​របស់​ទ្រង់ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ក៏​បញ្ជាក់​តាមរយៈ​ការសម្ភាស​នេះ​ដែរ​ថា សមាជិក​នេះ​មាន​ភាព​ស័ក្តិសម ។

ការ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​មិន​គួរ​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់​នោះ​ទេ ។ ការសម្ភាស​នេះ​គួរតែ​មាន​ឯកជនភាព ។ ប៉ុន្ដែ​បុគ្គល​ដែល​ទទួល​កិច្ចសម្ភាស​នោះ អាច​អញ្ជើញ​ឲ្យ​មជ្ឈិមវ័យ​ម្នាក់​ទៀត​មាន​វត្តមាន​បាន ។ យុវវ័យ​អាច​អញ្ជើញ​ឪពុក ឬ​ម្តាយ ឬ​មជ្ឈិមវ័យ​ម្នាក់​ទៀត​ឲ្យ​មាន​វត្តមាន​នៅអំឡុង​ការសម្ភាស​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​មិន​គួរ​បន្ថែម​នូវ​លក្ខខណ្ឌ​ណា​មួយ​ទៀត​ចំពោះ​អ្វី​ទាំង​ឡាយ ដែល​បាន​ចែង​នៅ​ក្នុង​សៀវភៅ​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​នោះ​ឡើយ ។ ពួកគាត់​ក៏​មិនត្រូវ​ដក​លក្ខខណ្ឌ​ណា​មួយ​ចេញ​ដែរ ។ ទោះជា​យ៉ាងណាក្តី នៅពេល​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដល់​យុវវ័យ ថ្នាក់ដឹកនាំ​បត់បែន​សំណួរ​ទៅតាម​អាយុ និង​កាលៈទេសៈ​របស់​យុវវ័យ​នោះ ។

នៅពេល​ខ្លះ សមាជិក​មាន​សំណួរ​នៅអំឡុង​ពេល​ធ្វើ​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​អាច​ពន្យល់​ពី​គោលការណ៍​ដំណឹងល្អ​គ្រឹះៗ ។ គាត់​ក៏​អាច​ជួយ​សមាជិក​ឲ្យ​យល់​ពី​សំណួរ​សម្ភាស ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ផងដែរ បើចាំបាច់ ។ ទោះ​ជា​យ៉ាណា​ក៏​ដោយ គាត់​មិន​គួរ​បង្ហាញ​ជំនឿ ចំណង់​ចំណូលចិត្ត ឬ​ការបកស្រាយ​ផ្ទាល់ខ្លួន​របស់​គាត់​ថា​ជា​គោលលទ្ធិ ឬ​គោលនយោបាយ​របស់​សាសនាចក្រ​នោះ​ឡើយ ។

នៅក្នុង​ស្តេក សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្តេក ឬ​ស្មៀន​ស្តេក​ធ្វើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​សកម្ម​នៅក្នុង ធ.ថ.ស. បន្ទាប់ពី​បាន​ចេញ​ប័ណ្ណ​ហើយ ។ នៅក្នុង​មណ្ឌល សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​បេសកកម្ម ឬ​ស្មៀន​បេសកកម្ម​ធ្វើ​ឲ្យ​ប័ណ្ណ​នេះ​ឲ្យ​សកម្ម ។ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស​ត្រូវបាន​ធ្វើ​ឲ្យ​សកម្ម នៅពេល​សមាជិក​នៃ​គណៈប៊ីស្សព ឬ​ប្រធាន​សាខា​បាន​បោះពុម្ព​ប័ណ្ណ​នេះ​ចេញ ។ គាត់ប្រើ ធ.ថ.ស. ដើម្បី​បោះពុម្ព​ប័ណ្ណ​នេះ ។

២៦.៣.១

ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​នៅក្នុង​វួដ និង​ក្នុង​សាខា

នៅក្នុង​វួដ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ដឹកនាំ​ការសម្ភាស​ទទួលប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ចេញ​ប័ណ្ណ​ទៅឲ្យ​សមាជិក​ដែល​មាន​ភាពស័ក្តិសម ។ នៅ​ក្នុង​សាខា មានតែ​ប្រធាន​សាខា​ប៉ុណ្ណោះ​ដែល​ដឹកនាំ​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ចេញ​ប័ណ្ណ​បាន ។

នៅក្នុង​វួដ ប៊ីស្សព​ធ្វើ​ការសម្ភាស​ដោយផ្ទាល់​ជាមួយ​សមាជិក​ដែល ៖

  • ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ ( សូមមើល ២៧.១ និង ២៧.២ ) ។

  • ផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា ( សូមមើល ២៧.៣ ) ។

នៅក្នុង​ករណី​បន្ទាន់ នៅពេល​ប៊ីស្សព​អវត្តមាន នោះលោក​អាច​ផ្តល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​លោក​ដឹកនាំ​ការសម្ភាស​នេះ ។

នៅក្នុង​វួដ​ដែល​មាន​យុវមជ្ឈិមវ័យ​នៅលីវ​ច្រើន ប៊ីស្សព​អាច​ផ្តល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ដែល​មាន​បទពិសោធន៍​ដឹកនាំ​ការសម្ភាស​ទាំងនេះ​បាន ។

មុន​ពេល​ចេញ​ប័ណ្ណ​ឲ្យ​តាម​ស្ថានភាព​ណា​មួយ​ដូច​បាន​រៀបរាប់​ខាងលើ ប៊ីស្សព​ពិនិត្យមើល​កំណត់ត្រា​របស់​សមាជិក​ដើម្បី​ផ្ទៀងផ្ទាត់​ថា វា​មិន​មាន​ការចារ​អំពី​ការដាក់​កំហិត​សមាជិកភាព​ឡើយ ។ សម្រាប់​សមាជិក​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ ឬ​ផ្សារភ្ជាប់​ជាមួយ​ស្វាមី ឬ​ភរិយា នោះ​ប៊ីស្សព​ក៏​ត្រូវ​ធានា​ឲ្យ​បាន​ដែរ​ថា ៖

  • ពិធីបុណជ្រមុជទឹក និង​ពិធី​បញ្ជាក់​របស់​បុគ្គល​នេះ​ត្រូវបាន​កត់ត្រា​នៅលើ​កំណត់ត្រា​សមាជិកភាព​ហើយ ។

  • បងប្អូនប្រុស​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក​ហើយ ។

នៅពេល​ខ្លះ កាលបរិច្ឆេទ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ឬ​ការតែងតាំង​បព្វជិតភាព​មិលគីស្សាដែក​របស់​សមាជិក​មិន​បាន​កត់ត្រា​ឡើយ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ពិធីបរិសុទ្ធ​ត្រូវតែ​ផ្ទៀងផ្ទាត់ និង​កត់ត្រា ផ្តល់​សច្ចាប័ន ឬ​ធ្វើ​ឡើងវិញ​ម្តងទៀត ( សូមមើល ៣៨.២.៦ ) ។

បន្ទាប់​ពីការ​សម្ភាស​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព ឬ​ដោយ​ប្រធាន​សាខា​ហើយ សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ស្តេក​សម្ភាស​សមាជិក​ដែល​រស់នៅក្នុង​ស្តេក ។ គាត់​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​របស់​សមាជិក​ដែល​មាន​ភាព​ស័ក្តិសម ។ សមាជិក​នៃ​គណៈប្រធាន​បេសកកម្ម​ដឹកនាំ​ការសម្ភាស​ជាលើក​ទីពីរ​សម្រាប់​សមាជិក​ដែល​រស់នៅ​ក្នុង​មណ្ឌល ។ គាត់​ក៏​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​របស់​សមាជិក​ដែល​មាន​ភាពស័ក្តិម​ផងដែរ ។ ប្រធាន​មណ្ឌល​ពុំ​ដឹកនាំ​ការសម្ភាស​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឡើយ លើកលែង​តែ​គណៈប្រធាន​ទីមួយ​អនុញ្ញាត​ឲ្យ ។

ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ធ្វើ​ការសម្ភាស​ដោយ​ផ្ទាល់​ជាមួយ​សមាជិក​ដែល ៖

  • ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួក​គេ​ផ្ទាល់ ។

  • ផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា ។

ប្រសិនបើ​ប្រធាន​ស្តេក​អវត្តមាន នោះលោក​អាច​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ឲ្យ​ដឹកនាំ​ការសម្ភាស​នេះ​បាន ។

ប្រធាន​បេសកកម្ម​អាច​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​របស់​គាត់​ដឹកនាំ​ការសម្ភាស​ទាំងនេះ​បាន​តាម​ការចាំបាច់ ។

នៅក្នុង​វួដ​ដែល​មាន​យុវមជ្ឈិមវ័យ​នៅលីវ​ច្រើន ប្រធាន​ស្តេក​អាច​ផ្តល់​សិទ្ធិ​ឲ្យ​ទីប្រឹក្សា​របស់គាត់​ដឹកនាំ​ការសម្ភាស​ទាំងនេះ​បាន ។

២៦.៣.២

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការកែសម្រួល
ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​ដែល​នៅ​តំបន់​ឆ្ងាយ

សមាជិក​មួយ​ចំនួន​រស់នៅ​តំបន់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​លើការ​ធ្វើ​ដំណើរ​យ៉ាង​ច្រើន ឬ​មាន​ភាព​ពិបាក​ខ្លាំង ដើម្បី​ឲ្យ​សមាជិក​ទៅ​ជួប​នឹង​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ឬ​គណៈប្រធាន​បេសកកម្ម ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ប្រធាន​ព្រះវិហារ​បរិសុទ្ធ​អាច​សម្ភាស​បុគ្គល​រូបនេះ ហើយ​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​នោះ ។ ពីមុន​ដឹកនាំ​ការសម្ភាស គាត់​ពិភាក្សា​ជា​មួយ​នឹង​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ជា​មុន​សិន ។ ប៊ីស្សព ទី​ប្រឹក្សា​ដែល​ទទួល​សិទ្ធិ​អនុញ្ញាត ឬ​ប្រធាន​សាខា​គួរ​តែ​បាន​សម្ភាស​សមាជិក​នោះ ហើយ​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​រួច​ហើយ ។

គោលនយោបាយ​នេះ​ក៏អនុវត្ត​ចំពោះ​សមាជិក​នៅក្នុង​យោធា​ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ផងដែរ ។ ដំបូង​ពួកគេ​គួរ​តែ​ជួប​សម្ភាស​ជាមួយ​ប៊ីស្សព​នៃ​វួដ​កំណើត​របស់​ពួកគេ ឬ​អង្គភាព​ដែល​គាំទ្រ​តំបន់​ភារកិច្ច​របស់​ពួកគេ​ជាមុន​សិន ។

រូបភាព
យុវវ័យ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

២៦.៤

ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដល់​សមាជិក​ដែល​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ

២៦.៤.១

សេចក្តី​ណែនាំ​ទូទៅ

នៅក្នុងវួដ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​សម្ភាស​សមាជិក​ដែល​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​សាខា មានតែ​ប្រធាន​សាខា​ប៉ុណ្ណោះ​ដែល​ដឹកនាំ​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ថ្នាក់ដឹកនាំ​ធ្វើ​តាម​គោលការណ៍​ណែនាំ​នៅក្នុង ២៦.៣ ។ គាត់​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ប្រសិនបើ​សមាជិក​រូបនេះ​មាន​ភាពស័ក្តិសម ។

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នឹង​ចេញ​ឲ្យ​សមាជិក​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ដូច​ខាងក្រោម ៖

  • សម្រាប់​សមាជិក​អាយុ ១១ ឆ្នាំ​ឡើងទៅ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​សម្រាប់​មរណជន ។ ( យុវនារី និង​យុវជន​ដែល​បាន​តែង​តាំង​នឹង​អាច​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ) ។

  • សម្រាប់​សមាជិក​អាយុ​ចាប់​ពី ៨ ឆ្នាំ​រហូត​ដល់ ២០ ឆ្នាំ ដើម្បី​ធ្វើ​ការផ្សារភ្ជាប់​ជា​មួយ​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ ។ កុមារ​អាយុ​ក្រោម ៨ ឆ្នាំ​ពុំ​ត្រូវការ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​របស់​ពួកគេ​ទេ ( សូមមើល ២៦.៤.៤ ) ។

  • សម្រាប់​សមាជិក​អាយុ​ចាប់​ពី ៨ ឆ្នាំ​រហូត​ដល់ ២០ ឆ្នាំ ដើម្បី​មើល​ការផ្សារភ្ជាប់​នៃ​បងប្អូនបង្កើត បងប្អូន​ចុង ឬ​បងប្អូន​ដែល​មាន​ឪពុក ឬ​ម្តាយ​ទីទៃ​ពី​គ្នា​ដែល​នៅ​រស់​ទៅ​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ ។

សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពី​មុន​មក ពុំ​ត្រូវបាន​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដូច​ដែល​បាន​ពន្យល់​នៅក្នុង​វគ្គ​នេះ​ទេ ។

សមាជិក​សាសនាចក្រ​បុរស​ដែល​មាន​អាយុ​គ្រប់គ្រាន់​ដើម្បី​កាន់​បព្វជិតភាព ត្រូវតែ​មាន​ការតែងតាំង​តំណែង​មួយ​ក្នុង​បព្វជិតភាព ពីមុន​គាត់​អាច​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព ឬ​ប្រធាន​សាខា​ធ្វើ​ការសម្ភាស​បុគ្គល​នោះ​ដាច់​ដោយ​ឡែក ។ ទោះជា​យ៉ាងណាក្តី សមាជិក​រូបនេះ​អាច​អញ្ជើញ​ឪពុក ឬ​ម្តាយ ឬ​មជ្ឈិមវ័យ​ម្នាក់​ទៀត​ឲ្យ​មាន​វត្តមាន​បាន ។

២៦.៤.២

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​ដែល​ទើប​ទទួល​បុណ្យ​ជ្រមុជទឹក​ថ្មី

ប៊ីស្សព​សម្ភាស​សមាជិក​ថ្មី ដែល​គ្រប់​អាយុ​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស​តែ​ប៉ុណ្ណោះ ។ គាត់​ធ្វើ​ការ​សម្ភាស​នេះ​ភ្លាមៗ បន្ទាប់ពី​ពិធី​បញ្ជាក់​របស់​សមាជិក ជា​ធម្មតា​ក្នុង​ពេល​មួយ​សប្ដាហ៍ ( សូមមើល ២៦.៤.១ ) ។ សម្រាប់​បងប្អូនប្រុស​វិញ ការសម្ភាស​នេះ​គួរតែ​ធ្វើ​ឡើង​ជាមួយ​នឹង​ការសម្ភាស​ទទួល​បព្វជិតភាព​អើរ៉ុន ។ សមាជិក​សាសនាចក្រ​បុរស​ត្រូវតែ​បាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព ពីមុន​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​មជ្ឈិមវ័យ​ដែល​មាន​ភាពស័ក្តិសម​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ បន្ទាប់ពី​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​មួយ​ឆ្នាំ​ពេញ ( សូមមើល ២៧.២.១.១ ) ។

២៦.៤.៣

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស​តែ​ប៉ុណ្ណោះ

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដែល​ត្រូវបាន​ចេញ​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តែ​គោលបំណង​នោះ​ប៉ុណ្ណោះ ។ ប័ណ្ណ​ទាំងនេះ​ត្រូវ​ប្រើ ធ.ថ.ស. ដើម្បី​បោះពុម្ព ។ ប័ណ្ណ​ទាំងនេះ​ត្រូវការ​តែ​ហត្ថលេខា​របស់​សមាជិក​សាមីខ្លួន និង​ហត្ថលេខា​របស់​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ឬ​ប្រធាន​សាខា​តែ​ប៉ុណ្ណោះ ។

សម្រាប់​ព័ត៌មាន​អំពី​កាលវិភាគ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​សម្រាប់​មរណជន សូម​មើល ២៨.២.១ ។

២៦.៤.៤

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ការផ្សារភ្ជាប់​កូនៗ​ដែល​នៅរស់​ទៅ​នឹង​ឪពុក​ម្តាយ

សមាជិក​ដែល​មិន​ទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ដែល​មាន​អាយុ​ចាប់​ពី ៨ ឆ្នាំ​រហូតដល់ ២០ ឆ្នាំ ត្រូវ​បាន​ចេញ​ឲ្យ​នូវ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ចូលរួម​ក្នុង​ការផ្សារភ្ជាប់ ដូច​ខាងក្រោម ៖

  • ផ្សារភ្ជាប់​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ

  • មើល​ការផ្សារភ្ជាប់​នៃ​បងប្អូន​បង្កើត បងប្អូនចុង ឬ​បងប្អូន​ដែល​មាន​ឪពុក ឬ​ម្តាយ​ទីទៃ​ពី​គ្នា ដែល​នៅ​រស់ ទៅ​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ

អ្នកដែល​ត្រូវទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ចូលរួម​នៅក្នុង​ការផ្សារភ្ជាប់ ត្រូវបាន​សម្ភាស​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ឬ​ប្រធាន​សាខា ។ ពួកគេ​ក៏​ទទួល​ការសម្ភាស​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ឬ​គណៈប្រធាន​បេសកកម្ម​ផងដែរ ។

សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ឬ​ប្រធាន​សាខា​បោះពុម្ព​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ​ដោយ​ប្រើ ធ.ថ.ស. ។ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ការផ្សារភ្ជាប់ អាច​ត្រូវ​បាន​ចេញ​ឲ្យ​សម្រាប់​កូន​ម្នាក់​ៗ ឬ​ជា​ក្រុម​សម្រាប់​កូនៗ​នៅ​ក្នុង​គ្រួសារ​តែ​មួយ ។ ប័ណ្ណ​ដដែល​នោះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​សរសេរ​ឈ្មោះ​កូនៗ ដែល​ត្រូវ​ផ្សារភ្ជាប់ និង​កូនៗ​ដែល​មក​មើល​ការផ្សារភ្ជាប់ ។

កុមារ​អាយុ​ក្រោម ៨ ឆ្នាំ​ពុំ​ត្រូវការ​ប័ណ្ណ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​របស់​ពួកគេ​ទេ ។ ពួកគេ​ក៏​ពុំត្រូវការ​ប័ណ្ណ ដើម្បី​មើល​ការផ្សារភ្ជាប់​នៃ​បងប្អូនបង្កើត បងប្អូនចុង ឬ​បងប្អូន​ដែល​មាន​ឪពុក ឬ​ម្តាយ​ទីទៃ​ពី​គ្នា ដែល​រស់នៅ ទៅ​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ​ដែរ ។

សមាជិក​ដែល​មាន​អាយុ ២១ ឆ្នាំ​ឡើង​ទៅ អាច​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ ឬ​មើល​ការផ្សារភ្ជាប់​តែ​ប៉ុណ្ណោះ ប្រសិនបើ​ពួកគេ ( ១ ) បាន​ទទួល​អំណោទាន​ពិសិដ្ឋ និង ( ២ ) មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​មួយ ។

សូមមើល ២៧.៤.៤ និង ៣៨.៤.២ សម្រាប់​គោលនយោបាយ​បន្ថែម​ស្តីពី​ការមើល​ការផ្សារភ្ជាប់ និង​ការផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ ។

រូបភាព
យុវវ័យ​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

២៦.៥

ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​កាលៈទេសៈ​ពិសេស

២៦.៥.១

សមាជិក​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់

សេចក្តីណែនាំ​សម្រាប់​ការចេញ​ប័ណ្ណ​ដល់​បុគ្គល​មួយ​រូប ដែល​នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​គេ​ផ្ទាល់ មាន​ចែង​នៅក្នុង​សៀវភៅ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទី ២ ។ សមាជិក​ដែល​មាន​ភាពស័ក្ដិសម ដែល​មាន​បំណង​ប្រាថ្នា​ចង់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់​អាច​ធ្វើ​ដូច្នោះ​បាន នៅពេល​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

  • ពួកគេ​មាន​អាយុ​យ៉ាងហោច​ណាស់ ១៨ ឆ្នាំ ។

  • ពួកគេ​រៀនចប់ ឬ​លែង​ចូល​រៀន​ថ្នាក់​វិទ្យាល័យ ថ្នាក់​អនុវិទ្យាល័យ ឬ​ថ្នាក់​ដែល​មាន​កម្រិត​ស្មើគ្នា​ទៀត ។

  • ក្រោយ​ពិធី​បញ្ជាក់​របស់​ពួកគេ​បាន​កន្លង​ទៅ​រយៈពេល​មួយ​ឆ្នាំ​ពេញ ។

  • ពួកគេ​មាន​បំណង​ប្រាថ្នា​ដើម្បី​ទទួល ហើយ​គោរព​តាម​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

ជា​ការបន្ថែម បុរស​ម្នាក់ត្រូវ​តែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ពីមុន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ ។ សម្រាប់​ព័ត៌មាន​ស្ដីពី​សមាជិក​ដែល​រៀបចំខ្លួន​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ សូមមើល ២៥.២.៨ ។ សម្រាប់​ព័ត៌មាន​ស្ដីពី​អ្នក​ដែល​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ សូម​មើល ២៧.២.១ ។

២៦.៥.២

សមាជិក​ដែល​ទទួល​បុណ្យ​ជ្រមុជទឹក​ថ្មីៗ

សមាជិក​មជ្ឈិមវ័យ​ដែល​មាន​ភាពស័ក្តិសម​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ បន្ទាប់ពី​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​មួយ​ឆ្នាំ​ពេញ ( សូមមើល ២៧.២.១.១ ) ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ធានា​ឲ្យ​បាន​ថា កាលបរិច្ឆេទ​ដែល​សមាជិក​នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ មាន​រយៈពេល​យ៉ាងហោច​ណាស់​មួយ​ឆ្នាំ​ពេញ បន្ទាប់ពី​កាលបរិច្ឆេទ​ពិធីបញ្ជាក់​របស់​គាត់ ឬ​នាង ពុំមែន​ជា​កាលបរិច្ឆេទ​ពិធីបុណ្យ​ជ្រមុជទឹក​ទេ ។ មាន​តែ​គណៈ​ប្រធាន​ទី​មួយ​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​សិទ្ធិ​ឲ្យ​មាន​ការលើក​លែង​បាន ។

សមាជិក​ថ្មី​ដែល​មាន​ភាពស័ក្តិសម​គួរតែ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស​តែ​ប៉ុណ្ណោះ ( សូមមើល ២៦.៤.២ ) ។

២៦.៥.៣

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ដែល​ត្រឡប់​មកពី​ការបម្រើ​ឆ្ងាយ​ពី​ផ្ទះ

ពីមុន​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​កំពុង​បម្រើ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បញ្ចប់​បេសកកម្ម​របស់​គាត់ ឬ​នាង ប្រធាន​បេសកកម្ម​ដឹកនាំ​ការ​សម្ភាស​មួយ ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិន​បើ​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ភាពស័ក្តិសម នោះ​គាត់​ចេញ​ប័ណ្ណ​ឲ្យ ។ ប្រធានបេសកកម្ម​ចុះ​កាលបរិច្ឆេទ និង​ធ្វើ​ឲ្យ​ប័ណ្ណ​នោះ​សកម្ម ដើម្បី​ឲ្យ​ផុត​កំណត់​ក្នុង​រយៈពេល​បីខែ ចាប់ពី​កាលបរិច្ឆេទ​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ត្រឡប់​មកដល់​ផ្ទះ​វិញ ។

ប៊ីស្សព​សម្ភាស​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បានបញ្ចប់​បេសកកម្ម ដើម្បី​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី នៅជិត​ចុង​បញ្ចប់​នៃ​រយៈពេល​បីខែ​ដែល​នឹង​ផុតកំណត់ ។ នៅក្នុង​ករណី​បន្ទាន់ នៅពេល​ប៊ីស្សព​អវត្តមាន នោះលោក​អាច​ផ្តល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​លោក​ដឹកនាំ​ការសម្ភាស​នេះ ។

នៅក្នុង​វួដ​ដែល​មាន​យុវមជ្ឈិមវ័យ​នៅលីវ​ច្រើន ប៊ីស្សព​អាច​ផ្តល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ដែល​មាន​បទពិសោធន៍​ដឹកនាំ​ការសម្ភាស​ទាំងនេះ​បាន ។

បន្ទាប់មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បញ្ចប់​បេសកកម្ម មក​ជួប​ជាមួយ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក​របស់​ពួកគេ ដើម្បី​ធ្វើ​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

នៅក្នុង​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ប៊ីស្សព និង​សមាជិក​នៃ​គណៈប្រធាន​ស្តេក​ក៏ពិនិត្យ​មើល​ការប្រឹក្សា​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង​ការសម្ភាស​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ផងដែរ ( សូមមើល ២៤.៨.២ ) ។ ពួកគាត់​ពិភាក្សា​អំពី​ដំណើរការ​រីកចម្រើន សុខុមាលភាព និង​ការហៅ​បម្រើ​បច្ចុប្បន្ន​នៅក្នុង​សាសនាចក្រ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បញ្ចប់​បេសកកម្ម​នេះ ។ ពួកគាត់​ក៏​លើកទឹកចិត្ត​ដល់​គាត់ ឬ​នាង​ឲ្យ​បន្ត​នៅលើ​ផ្លូវ​ជីវិត​ដ៏​វែងឆ្ងាយ​នៃ​ការរីកចម្រើន​ខាងវិញ្ញាណ និង​ការបម្រើ​ផងដែរ ។

ប្រសិនបើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បញ្ចប់​បេសកកម្ម ពុំ​មាន​ការហៅ​បម្រើ​មួយ​នៅក្នុង​សាសនាចក្រ​ទេ ប៊ីស្សព និង​ប្រធាន​ស្តេក​ត្រូវ​ផ្តល់​ការហៅ​បម្រើ​មួយ​ដល់​គាត់ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បញ្ចប់​បេសកកម្ម​អាច​ត្រូវបាន​ចេញ​អនុសាសន៍​ឲ្យ​បម្រើ​ជា​អ្នក​ធ្វើការ​ផ្នែក​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ឬ​អ្នក​ស្ម័គ្រចិត្ត ប្រសិនបើ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅជិត ( សូមមើល ២៥.៥ ) ។

២៦.៥.៤

សមាជិក​ដែល​មិន​បាន​រស់​នៅ​ក្នុង​វួដ​ដដែល​សម្រាប់​រយៈ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ

ប្រសិនបើ​សមាជិក​មិនបាន​រស់នៅ​ក្នុង​វួដ​ដដែល​យ៉ាងហោច​ណាស់​រយៈពេល​មួយ​ឆ្នាំ​ទេ នោះ​ប៊ីស្សព​ពិនិត្យមើល​កំណត់ត្រា​របស់​សមាជិក​ដើម្បី​ផ្ទៀងផ្ទាត់​ថា វា​មិន​មាន​ការចារ​អំពី​ការដាក់​កំហិត​សមាជិកភាព​ឡើយ ។

ប៊ីស្សព ឬ​ទីប្រឹក្សា​ម្នាក់​ដែល​បាន​ចាត់តាំង ទាក់ទង​ទៅ​ប៊ីស្សព​មុន ពីមុន​ដឹកនាំ​ការសម្ភាស​យក​ប័ណ្ណ​ចូលព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​ទីប្រឹក្សា​ទាក់ទង​ទៅ​ប៊ីស្សព​មុន ហើយ​ដឹងថា មាន​ព័ត៌មាន​សម្ងាត់ នោះ​គាត់​បញ្ចប់​ការសន្ទនា​នេះ ។ គាត់​ជម្រាប​ដល់​ប៊ីស្សព​របស់​គាត់​ឲ្យ​ទាក់ទង​ទៅ​ប៊ីស្សព​មុន ពីមុន​ធ្វើ​ការសម្ភាស ។

២៦.៥.៥

បន្ទាប់​ពី​ការលែងលះ ការបែកបាក់​គ្នា ឬ​មោឃភាព​អាពាហ៍ពិពាហ៍

ប៊ីស្សព និង​ប្រធាន​ស្តេក​អាច​មាន​ចំណាប់​អារម្មណ៍​ដើម្បី​សម្ភាស​សមាជិក​ដែល​បាន​លែងលះ ឬ​បែកគ្នា​ស្របច្បាប់ ឬ​បាន​ធ្វើ​មោឃភាព​អាពាហ៍ពិពាហ៍ ចាប់តាំង​ពី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​លើក​ចុងក្រោយ​បំផុត ។ នៅអំឡុង​ការសម្ភាស​នេះ ពួកគាត់​ពង្រឹង​សមាជិក​ខាង​វិញ្ញាណ ។ ពួកគាត់​ក៏​បញ្ជាក់​ភាព​ស័ក្តិសម​បច្ចុប្បន្ន ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​សមាជិក​ផងដែរ ។

២៦.៥.៦

សមាជិក​ដែល​ជា​សាច់​ញាតិ​ជិត​ដិត​នឹង​ក្រុម​អ្នកជំទាស់​សាសនាចក្រ​ជា​សាធារណៈ ឬ​ជា​សមាជិក​ក្រុម​អ្នកក្បត់​សាសនា

ប៊ីស្សព និង​ទី​ប្រឹក្សា​របស់​ពួកគេ​គួរតែ​ប្រយ័ត្ន​ប្រយែង នៅពេល​ចេញ​ប័ណ្ណ​ដល់​សមាជិក​ដែល​ជា​សាច់​ញាតិ​ជិតដិត​នឹង​ក្រុម​អ្នក​ជំទាស់​សាសនាចក្រ​ជា​សាធារណៈ ឬ​ជា​សមាជិក​ក្រុម​អ្នក​ក្បត់​សាសនា ។ សមាជិក​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​ទាំងនេះ​មិនគួរ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មិន​អាច​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ពីព្រោះ​តែ​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​ពួកគេ​ឡើយ ។ ពួកគេ​គួរតែ​ទទួលបាន​ការលើក​ទឹកចិត្ត​ដើម្បី​រក្សា​ទំនាក់ទំនង​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​ជាមួយ​សាច់ញាតិ​ជិតដិត​ទាំងនោះ ។ ពួកគេ​អាច​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ប្រសិនបើ​ពួកគេ​ឆ្លើយ​សំណួរ​ទទួល​ប័ណ្ណ​ចូលព្រះ​វិហារ​បរិសុទ្ធ​បាន​ត្រឹមត្រូវ និង​ដោយ​ស្មោះត្រង់ ។

២៦.៥.៧

សមាជិក​ដែល​កំណត់​ថា​ជា​បុគ្គល​ប្តូរភេទ

សមាជិក​ដែល​ត្រូវបាន​កំណត់​ថាជា​បុគ្គល​ប្តូរភេទ ប៉ុន្តែ​ពុំ​បាន​ធ្វើ​ការវះកាត់​ដោយ​គ្រូពេទ្យ ឬ​មាន​ការផ្លាស់ប្តូរ​ខាង​សង្គម​ទៅ​ផ្ទុយពី​ភេទ​ជីវសាស្ត្រ​នៅពេល​កើត​មក​ទេ ( « ការកំណត់​ភេទ​ជា​ថ្មី » ) អាច​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។

ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ត្រូវបាន​ទទួល​ស្របតាម​ភេទ​ជីវសាស្ត្រ​នៅ​ពេល​កើត​មក​របស់​បុគ្គល​រូប​នោះ ។ ដោយសារ​ហេតុផល​នេះ សមាជិក​ដូចតទៅ​នេះ​មិន​អាច​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន​ទេ រួម​ទាំង​ប័ណ្ណ​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស​ផងដែរ ៖

  • សមាជិក​ដែល​បាន​ទទួល​ការធ្វើ​អន្តរាគមន៍​ជ្រើសរើស​ផ្នែក​វេជ្ជសាស្រ្ត ឬ​វះ​កាត់​ដើម្បី​ប៉ុនប៉ង​ផ្លាស់ប្តូរ​ភេទ

  • សមាជិក​ដែល​ផ្លាស់ប្តូរ​ខាង​សង្គម​ទៅ​ផ្ទុយពី​ភេទ​ជីវសាស្ត្រ​នៅពេល​កើត​មក

ប្រធាន​ស្តេក​គួរតែ​ប្រឹក្សា​ជាមួយ​គណៈប្រធាន​តំបន់ ដើម្បី​ដោះស្រាយ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ​ដោយ​យកចិត្ត​ទុកដាក់ និង​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ( សូមមើល ៣៨.៦.២៣ និង ៣៨.៧.៧ ) ។

២៦.៥.៨

សមាជិក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ

សមាជិក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​អាច​នឹង​មិន​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ រហូត​ដល់​គាត់ ឬ​នាង​បាន​ប្រែចិត្ត​សិន ( សូមមើល ៣២.៦ ) ។ រយៈពេល​រវាង​ចន្លោះ​ពេល​នៃ​ការធ្វើ​អំពើ​បាប និង​ការចេញ​ប័ណ្ណ គឺអាស្រ័យ​ទៅ​លើ​ការសម្រេចចិត្ត​របស់​ប៊ីស្សព និង​ប្រធាន​ស្តេក ។ វា​គួរ​តែជា​ពេលវេលា​គ្រប់​គ្រាន់​ដើម្បី​កំណត់​ថា បុគ្គល​នោះ​បាន​ប្រែចិត្ត​ដោយ​ពិត​ប្រាកដ ។

២៦.៥.៩

សមាជិក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​សាសនាចក្រ​វិញ បន្ទាប់ពី​ការដកហូត ឬ​ការលាលែង​សមាជិកភាព

២៦.៥.៩.១

សមាជិក​ដែល​មិន​ទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​កាលពី​មុន

បន្ទាប់ពី​សមាជិក​ដែល​មិន​ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​សាសនាចក្រ​វិញ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ប៊ីស្សព​អាច​សម្ភាស​គាត់ ឬ​នាង​បាន ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស ( សូមមើល ២៦.៤.២ ) ។ ជាធម្មតា ការសម្ភាស​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ពិធីបញ្ជាក់​របស់​សមាជិក​នេះ ។ សមាជិក​សាសនាចក្រ​បុរស​ត្រូវតែ​បាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព ពីមុន​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​ទាំងនេះ​មិន​អាច​ត្រូវ​បាន​ចេញ​ឲ្យ​នូវ​ប័ណ្ណ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់បាន​ទេ រហូត​ដល់​រយៈពេល​មួយ​ឆ្នាំ​ពេញ បន្ទាប់​ពី​កាលបរិច្ឆេទ​នៃការត្រឡប់​ឲ្យ​ចូល​មក​ក្នុង​សាសសនាចក្រ​វិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​របស់​ពួកគេ​បាន​កន្លង​ផុត​ទៅ​សិន ។

២៦.៥.៩.២

សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​កាលពី​មុន​រួច​ហើយ

សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពីមុន មិន​អាច​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ណា​មួយ​បាន​ឡើយ រហូត​ដល់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួក​គេ​ត្រូវ​បាន​ស្តារ​ឡើង​វិញ តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​ការស្តារ​ឡើង​វិញ​នៃ​ពរជ័យ​ទាំងឡាយ​សិន ( សូម​មើល ៣២.១៧.២ ) ។ នៅ​ពេល​ដែល​ពរជ័យ​របស់​ពួកគេ​ត្រូវបាន​ស្តារឡើងវិញ​ហើយ នោះ​ពួកគេ​អាច​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច ។