ក្បួនខ្នាត និង​ការហៅ
២៣. ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ


« ២៣. ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២៣. ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

២៣.

ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ

២៣.០

សេចក្ដីផ្ដើម

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ នៅក្នុង​ក្បួនខ្នាត​នេះ; ម៉ាថាយ ២៨:១៩–២០ ) ។ ការណ៍​នេះ​រួមមាន ៖

  • ការចូលរួម​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ការជួយ​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ឲ្យ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

២៣.១

ចែកចាយ​ដំណឹងល្អ

២៣.១.១

ស្រឡាញ់

យើង​ទាំងអស់គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ដែល​​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​យ៉ាង​ឥតខ្ចោះ ។ ទ្រង់​ប្រទាន​ឱកាស​ដល់​មនុស្ស​គ្រប់រូប​ឲ្យ​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦; នីហ្វៃ​ទី​២ ២៦:២៤–២៨; អាលម៉ា ២៦:៣៧; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣ ) ។

របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ គឺ​តាមរយៈ​ការស្រឡាញ់ និង​ការបម្រើ​បុត្រា​បុត្រី​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២២:៣៦–៣៩; ២៥:៤០ ) ។ យើង​ខិតខំ​ស្រឡាញ់ និង​បម្រើ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដែរ ។ សេចក្ដី​ស្រឡាញ់​នេះ​បំផុស​គំនិត​យើង​ឲ្យ​ឈោង​ទៅជួយ​មនុស្ស​មកពី​គ្រប់​ទាំង​សាសនា ពូជសាសន៍ និង​វប្បធម៌ ( សូមមើល កិច្ចការ ១០:៣៤; នីហ្វៃ​ទី​២ ២៦:៣៣ ) ។

២៣.១.២

ចែកចាយ

ដោយសារ​យើង​ស្រឡាញ់​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ នោះ​យើង​តែង​ចង់​ចែកចាយ​ពរជ័យ​ទាំងឡាយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ( សូមមើល យ៉ូហាន ១៣:៣៤–៣៥ ) និង​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ យើង​ព្យាយាម​ជួយ​មនុស្ស​ទូទៅ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ ដែល​យើង​មាន ( សូមមើល អាលម៉ា ៣៦:២៤ ) ។ ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​លើក​ពន្លឺ​របស់​ទ្រង់​ឡើង ( សូមមើល នីហ្វៃ​ទី​៣ ១៨:២៤–២៥ ) ។ យើង​និយាយ​ដោយ​បើក​ចំហ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២ ) ។ យើង​ចែកចាយ​សេចក្ដី​ស្រឡាញ់ ពេលវេលា បទពិសោធន៍ និង​កម្មវិធី​ក្នុង​សាសនាចក្រ​ទាំងឡាយ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ហើយ​ជួយ​ពួកគេ​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ យើង​ចែកចាយ​អ្វីៗ​ទាំងនេះ​តាម​ធម្មតា និង​ពី​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់ខ្លួន តាម​អនឡាញ និង​តាម​របៀប​ផ្សេងទៀត ។

២៣.១.៣

អញ្ជើញ

ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ និង​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​ដ៏អស់កល្ប​ជានិច្ច ( សូមមើល អាលម៉ា ៥:៣៣–៣៤ ) ។ ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់ យើង​ធ្វើតាម​គំរូ​របស់​ទ្រង់ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យបាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។

យើង​អធិស្ឋាន​សូម​ការបំផុស​គំនិត និង​ការណែនាំ​ពី​របៀប​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ ៖

  • មក ហើយ​មើលឃើញ​ពរជ័យ​ដែល​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១:៣៧–៣៩, ៤៥–៤៦ ) ។

  • មក ហើយ​ជួយ​យើង​ដើម្បី​បម្រើ​មនុស្ស​ដែល​ខ្វះខាត ។

  • មក ហើយ​ជា​កម្មសិទ្ធិ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ​នេះ ។

នៅពេល​ការអញ្ជើញ​របស់​យើង​ផ្អែក​ទៅលើ​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​បុគ្គល​ម្នាក់ នោះ​គាត់ ឬ​នាង​ទំនង​ជា​ទទួល​យក​ការអញ្ជើញ​ទាំងនោះ​ជាង ។ ជារឿយៗ ការអញ្ជើញ​មាន​ន័យ​សាមញ្ញ​ថា ការរាប់​បញ្ចូល​គ្រួសារ មិត្តភក្ដិ និង​អ្នកជិតខាង​របស់​យើង​នៅក្នុង​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ ។ ឧទាហរណ៍ យើង​អាច​អញ្ជើញ​ពួកគេ​ឲ្យ ៖

  • ចូលរួម​សកម្មភាព​ជាមួយ​នឹង​យើង​នៅក្នុង​ផ្ទះ​របស់​យើង ។

  • ចូលរួម​នឹង​យើង​នៅក្នុង​ការថ្វាយបង្គំ និង​ការរៀនសូត្រ​ដំណឹងល្អ ។

  • ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិសេសៗ ដូចជា​ការប្រសិទ្ធពរ​ទារក ឬ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  • ចូលរួម​ក្នុង​សកម្មភាព ឬ​ការបម្រើ​ក្នុង​វួដ និង​សហគមន៍ រួមមាន​គម្រោង​ដែល​បាន​រៀបចំ​ឡើង​តាមរយៈ JustServe ( នៅកន្លែង​ណា​ដែល​មាន ) ។

  • ចូលរួម​នៅក្នុង​កម្មវិធី និង​សកម្មភាព​របស់​សាសនាចក្រ ។ សកម្មភាព​ទាំងនេះ​អាច​រួមមាន សកម្មភាព​អង្គការ​បឋម​សិក្សា សកម្មភាព​យុវវ័យ ពង្សប្រវត្តិ វគ្គ​សិក្សា​ភាពខ្លួន​ទីពឹង​ខ្លួន BYU–Pathway Worldwide និង​វគ្គសិក្សា​អក្ខរកម្ម និង​ភាសា​អង់គ្លេស ។

  • ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ហើយ​ស្ដាប់​សារលិខិត​របស់​ពួកគេ ។

សម្រាប់​គំនិត និង​ធនធាន​បន្ថែម​ទៀត សូមមើល​គេហទំព័រ share.ChurchofJesusChrist.org និង « ការចែកចាយ​ដំណឹងល្អ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

គោលការណ៍​នៃ​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​អនុវត្ត​ចំពោះ​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ​ផងដែរ ។

២៣.២

ពង្រឹង​សមាជិក​ថ្មី

ការចូលរួម​ក្នុង​សាសនាចក្រ​គឺជា​រឿង​ដ៏អស្ចារ្យ​ផង និង​ជា​ការសាកល្បង​ផង​សម្រាប់​មនុស្ស​ជាច្រើន ។ វា​នាំមក​នូវ​ពរជ័យ​ដ៏អស្ចារ្យ ប៉ុន្ដែ​វាក៏​តម្រូវ​ឲ្យមាន​ការកែ​តម្រូវ​តាម​ជំនឿ​ថ្មី ទម្លាប់​ថ្មី និង​ទំនាក់ទំនង​ថ្មី​ផងដែរ ( សូមមើល ថែស្សាឡូនិច ទី​១ ១:៦ ) ។

សមាជិក​ថ្មី​ម្នាក់ៗ​ត្រូវការ​មិត្តភាព ឱកាស​ដើម្បី​បម្រើ និង​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ។ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​របស់​យើង​ទៅដល់​សមាជិក​ថ្មី ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ យើង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា​ចូលចុះ​ក្នុង​សាសនាចក្រ​នេះ ។ យើង​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​កាន់តែ « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » យ៉ាង​ស៊ីជម្រៅ ( អាលម៉ា ២៣:៦ ) ។ យើង​ជួយ​ពួកគេ​ឲ្យ​បាន « ចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​ដ៏ល្អ​នៃ​ព្រះ ដើម្បី​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ … ដោយ​ពឹងផ្អែក​ទៅលើ​តែ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។

យើង​ក៏អាច​ជួយ​សមាជិក​ថ្មី​ឲ្យ ៖

  • រៀនសូត្រ និង​ដក​ពិសោធន៍​សេចក្ដី​អំណរ​នៃ​ការធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • រៀន​ស្គាល់​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។

  • បង្កើត​ទម្លាប់​ក្នុង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ ។

  • ចែកចាយ​ដំណឹងល្អ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ ។

  • ស្វែងរក​ឈ្មោះ​របស់​បុព្វការីជន ហើយ​រៀបចំ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកគាត់ ។

  • រីកចម្រើន​តាមរយៈ​ការបំពេញ​តាម​ការចាត់តាំង​ក្នុង​សាសនាចក្រ និង​ការចូលរួម​ក្នុង​ឱកាស​ជាច្រើន​ផ្សេងទៀត ដែល​សាសនាចក្រ​ផ្ដល់ឲ្យ ។

២៣.៣

ពង្រឹង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ

សមាជិក​មួយ​ចំនួន​ជ្រើសរើស​ដើម្បី​ឈប់​ចូលរួម​នៅក្នុង​សាសនាចក្រ ។ ព្រះអង្គ​សង្រ្គោះ​បាន​មាន​បន្ទូល​ថា « ដ្បិត​ចំពោះ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ធ្វើ​ការងារ​បម្រើ ដ្បិត​អ្នករាល់គ្នា​ពុំ​ដឹងថា​ដល់​ពេលណា​ទេ ដែល​អ្នក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មករក​យើង​ដោយ​អស់ពី​ដួងចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​មធ្យោបាយ​ក្នុង​ការនាំ​មកនូវ​សេចក្តី​សង្រ្គោះ​ដល់​គេ » ( នីហ្វៃ​ទី​៣ ១៨:៣២ ) ។ ព្រះបន្ទូល​ទាំងនេះ​អនុវត្ត​ចំពោះ​មនុស្ស​ទាំងអស់ ដែល​ត្រូវការ​ការងារ​បម្រើ​ជាបន្ដ​បន្ទាប់​ដោយសារ​មូលហេតុ​ណាមួយ ។

សមាជិក​ដែល​មិន​ចូលរួម​ពេញលេញ ទំនងជា​នឹង​ត្រឡប់​មកវិញ ប្រសិនបើ​ពួកគេ​មាន​ទំនាក់ទំនង​ដ៏រឹងមាំ​ជាមួយនឹង​សមាជិក​សាសនាចក្រ ។ សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​របស់​យើង​អាច​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​បាន ។ ដូចជា​សមាជិក​ថ្មី​ដែរ ពួកគេ​ត្រូវការ​មិត្តភាព ឱកាស​ដើម្បី​បម្រើ និង​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ។ ការយល់ពី​ស្ថានភាព និង​ឧបសគ្គ​របស់​ពួកគេ​អាច​ជួយ​យើង​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ​ដោយ​មាន​ការប្រុង​ប្រយ័ត្ន និង​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។

២៣.៤

ថ្នាក់ដឹកនាំ​ស្តេក

២៣.៤.១

គណៈប្រធាន​ស្តេក

ប្រធាន​ស្តេក​កាន់​កូនសោ​ទាំងឡាយ​នៅក្នុង​ស្ដេក​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​ផ្ដល់​ការដឹកនាំ​ទូទៅ​ដល់​កិច្ចខិតខំ​ទាំងនេះ ។ គាត់​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា កិច្ចការ​នេះ​បាន​ពិភាក្សា​នៅក្នុង​ការប្រជុំ​ស្ដេក​ជាទៀងទាត់ ។

ជាធម្មតា ប្រធាន​ស្ដេក​ជួប​នឹង​ប្រធាន​បេសកកម្ម​រៀងរាល់​ខែ ដើម្បី​សម្រប​សម្រួល​កិច្ចខិតខំ​របស់​ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ ព្រមទាំង​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។ អ្នកដទៃ​ទៀត​ដែល​អាច​ចូលរួម រួមមាន ៖

  • ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ស្តេក និង​គណៈប្រធាន​បេសកកម្ម ។

  • ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង ។

  • ប្រធាន​សមាគម​សង្រ្គោះ​ស្តេក ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បានចាត់តាំង​ដោយ​ប្រធាន​បេសកកម្ម ។

២៣.៤.២

គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក

គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក​រួមមាន ៖

  • គណៈប្រធាន​ស្តេក ។

  • គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក ។

  • ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង​ឲ្យ​ធ្វើការ​ជាមួយ​កូរ៉ុម​អែលឌើរ ។

ថ្នាក់ដឹកនាំ​ទាំងនេះ​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ នៅក្នុង​កិច្ចការ​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី ក៏ដូចជា​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ​ផងដែរ ( សូមមើល ២៣.៥.២ ) ។ ការណែនាំ​អាច​ធ្វើឡើង​ជា​ក្រុម ឬ​បុគ្គល ។ អ្នកដឹកនាំ​បេសកកម្ម​វួដ​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការណែនាំ​នេះ​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការប្រជុំ​របស់​គណៈកម្មការ​នេះ សូមមើល ២៩.៣.៩ ។

២៣.៤.៣

ទីប្រឹក្សា​ជាន់ខ្ពស់

គណៈប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​អ្នកដឹកនាំ​បេសកកម្ម​វួដ​បាន ។ ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឬ​ច្រើន​នាក់​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ ។ ទោះជា​យ៉ាងណា​ក្តី ទីប្រឹក្សា​ជាន់ខ្ពស់​ទាំងអស់​មាន​ទំនួល​ខុសត្រូវ​ទាំងនេះ​សម្រាប់​វួដ និង​កូរ៉ុម​ដែល​ពួកគាត់​ត្រូវបាន​ចាត់តាំង ។

២៣.៤.៤

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក

នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​ស្តេក នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ នៅក្នុង​ការទទួល​ខុសត្រូវ​របស់​ពួកគាត់​ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។

២៣.៥

ថ្នាក់ដឹកនាំ​វួដ

២៣.៥.១

គណៈប៊ីស្សព

គណៈប៊ីស្សព​សម្រប​សម្រួល​ជាមួយ​នឹង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ កាល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​របស់​វួដ​ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី ក៏ដូចជា​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ប្រឹក្សា​ជាមួយគ្នា​ជាប្រចាំ ។

គណៈប៊ីស្សព​ត្រូវ​ប្រាកដ​ថា កិច្ចខិតខំ​ទាំងនេះ​បាន​ពិភាក្សា និង​សម្រប​សម្រួល​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។ គណៈប៊ីស្សព​ក៏​ធ្វើការ​ពិនិត្យមើល និង​អនុម័ត​លើ​ផែនការ​របស់​វួដ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ( សូមមើល ២៣.៥.៦ ) ។

គណៈប៊ីស្សព​ពិភាក្សា​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់​ថា​តើ​ត្រូវ​ហៅ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ឬ​អត់ ( សូមមើល ២៣.៥.៣ សម្រាប់​ព័ត៌មាន​បន្ថែម ) ។

ប៊ីស្សព​សម្ភាស​សមាជិក​ថ្មី​ដែល​គ្រប់​អាយុ ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ( សូមមើល ២៦.៣.១ និង ២៦.៤.២ ) ។ គាត់​ក៏ធ្វើ​ការសម្ភាស​បងប្អូន​ប្រុស​ដែល​គ្រប់​អាយុ ដើម្បី​ទទួល​បព្វជិតភាព​អើរ៉ុន​ផងដែរ ( សូមមើល ៣៨.២.៥.២ ) ។ ជាធម្មតា គាត់​ដឹកនាំ​ការសម្ភាស​ទាំងនេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ពិធីបញ្ជាក់​របស់​សមាជិក​នោះ ។

គណៈប៊ីស្សព​សម្រប​សម្រួល​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដើម្បី​ធ្វើឲ្យ​ប្រាកថា​ថា សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​មាន​ឱកាស​ដើម្បី​បម្រើ ។ ឱកាស​បែប​នោះ​អាច​ជួយ​សមាជិក​ទាំងនេះ​ឲ្យ​រីក​ចម្រើន​ខាង​វិញ្ញាណ និង​ទទួល​អារម្មណ៍​ពី​ព្រះចេសា្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ការបម្រើ​ក៏អាច​ជួយ​សមាជិក​ឲ្យ​មាន​អារម្មណ៍​អំណរ និង​បង្កើត​ចំណង​មិត្តភាព​ដ៏ជិតដិត​ជាមួយ​សមាជិក​ផ្សេងទៀត​ក្នុង​វួដ​ផងដែរ ។ ឱកាស​ទាំងនេះ​គួរតែ​ផ្អែក​ទៅលើ​តម្រូវការ និង​សមត្ថភាព​របស់​សមាជិក​នោះ ។ នៅក្នុង​ករណី​ខ្លះ ការ​ផ្តល់​ការហៅ​បម្រើ​មួយ​គឺ​សមរម្យ ។ នៅក្នុង​ករណី​ផ្សេងទៀត ការចាត់តាំង​មិន​សូវ​ផ្លូវការ​មួយ​គឺ​ល្អ​បំផុត ។

២៣.៥.២

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ដឹកនាំ​កិច្ចខិតខំ​ជាប្រចាំ​របស់​វួដ ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី ក៏ដូចជា​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ ( សូមមើល ៨.២.៣ និង ៩.២.៣ ) ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​សម្រាប់​សមាជិក​នៃ​កូរ៉ុម​អែលឌើរ ។ គណៈប្រធាន​សមាគម​សង្រ្គោះ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​សម្រាប់​សមាជិក​នៃ​សមាគម​សង្រ្គោះ ។ នៅក្រោម​ការសម្រប​សម្រួល​ពី​ប៊ីស្សព ពួកគាត់​ធ្វើការ​រួមគ្នា​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​ជាមួយ​នឹង​ក្រុមប្រឹក្សា​វួដ ។

ថ្នាក់ដឹកនាំ​ទាំងនេះ​មាន​ទំនួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • ជួយ​បំផុស​គំនិត​សមាជិក​ឲ្យ​ស្រឡាញ់​បុត្រា​បុត្រី​របស់​ព្រះ ចែកចាយ​ដំណឹងល្អ និង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ទទួលយក​ពរជ័យ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ២៣.១ ) ។

  • ប្រឹក្សា​ជាមួយ​សមាជិក​កូរ៉ុម ឬ​សមាគម​សង្គ្រោះ​អំពី​របៀប​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ ពិភាក្សា​ពី​របៀប​ដើម្បី​ស្វែងរក​មនុស្ស​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន និង​របៀប​ដើម្បី​គាំទ្រ​ដល់​មនុស្ស​ដែល​ទទួល​ការបង្រៀន​នោះ ។ ប្រឹក្សា​រួមគ្នា​អំពី​សេចក្ដី​ត្រូវការ​របស់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ព្រមទាំង​របៀប​ដើម្បី​ផ្ដល់​ការគាំទ្រ ។

  • ចាត់តាំង​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ឲ្យ​បម្រើ​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ( សូមមើល ២១.២.១ ) ។ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ក៏អាច​ចាត់​ឲ្យទៅ​បម្រើ​មនុស្ស ដែល​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ផងដែរ ( ការណ៍​នេះ​ធ្វើឡើង​ដោយ​មាន​ការសម្រប​សម្រួល​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ) ។ ប្រសិនបើ​អាច​ធ្វើបាន ថ្នាក់ដឹកនាំ​ចាត់​តាំង​សមាជិក​ដែល​មាន ឬ​អាច​សាង​មិត្តភាព​ដ៏ជិតដិត​ជាមួយ​នឹង​បុគ្គល​ទាំងនេះ ។ ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ឲ្យ​ផ្តល់​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​ដូចជា​ព្រះគ្រីស្ទ ។

  • ផ្ដល់​ឱកាស​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ឲ្យ​បម្រើ​ជា​បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការងារ​បម្រើ សូមមើល ជំពូកទី ២១ ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត​ផែនការ​មួយ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ( សូមមើល ២៣.៥.៦ ) ។

  • ដឹកនាំ​កិច្ចការ​របស់​អ្នកដឹកនាំ​បេសកកម្ម​វួដ ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅ​ទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ( សូមមើល ២៣.៥.៣ ) ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ម្នាក់ៗ ចាត់​តាំង​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ ។ សមាជិក​នៃ​គណៈប្រធាន​ទាំងពីរ​រូប​នេះ​ធ្វើការ​ជាមួយគ្នា ។ ពួកគាត់​ចូលរួម​ការប្រជុំ​សម្រប​សម្រួល​រាល់​សប្ដាហ៍ ( សូមមើល ២៣.៥.៧ ) ។

២៣.៥.៣

រូបភាព
រូបសញ្ញា​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
អ្នកដឹកនាំ​បេសកកម្ម​វួដ

គណៈប៊ីស្សព​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់​ថា​តើ​ត្រូវ​ហៅ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ឬ​អត់ ។ ប្រសិនបើ​ពួកគាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ផ្ដល់​ការហៅ​នេះ នោះ​គណៈប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​ដើម្បី​កំណត់​ថា​តើ​ត្រូវ​ហៅ​នរណា ។ បុគ្គល​រូបនេះ​គួរតែ​ជា​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅ​ទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ។

អ្នកដឹកនាំ​បេសកកម្ម​វួដ​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ក្នុង​ការទទួល​ខុសត្រូវ​លើ​ការផ្សព្វផ្សាយ​សាសនា​របស់​ពួកគាត់ ។ គាត់​ក៏​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម​ផងដែរ ៖

  • សម្រប​សម្រួល​កិច្ចការ​របស់​សមាជិក និង​ថ្នាក់ដឹកនាំ​វួដ អ្នកផ្សព្វផ្សាយ​សាសនា​វួដ ក៏ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ដែរ ។ ការណ៍​នេះ​អាច​រួមមាន​ការសម្រប​សម្រួល​កិច្ចខិតខំ​ក្នុង​ការបង្រៀន កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក និង​កិច្ចខិតខំ​ដើម្បី​ពង្រឹង​សមាជិក​ថ្មី ។ វា​ក៏អាច​រួមមាន​ការដាក់​ផែនការ ស្ដីពី​របៀប​ដើម្បី​ជួយ​សមាជិក​វួដ​ឲ្យ​ចែកចាយ​ដំណឹងល្អ​ផងដែរ ។

  • ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​រាល់​សប្ដាហ៍ ( សូមមើល ២៣.៥.៧ ) ។

  • ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ នៅពេល​មាន​ការអញ្ជើញ ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត និង​អនុវត្ត​តាម​ផែនការ​វួដ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ( សូមមើល ២៣.៥.៦ ) ។

  • នៅកន្លែង​ដែល​មាន​ការអនុញ្ញាត សូម​រៀបចំ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​បាន​បរិភោគ​អាហារ​ជាមួយនឹង​សមាជិក ។ ប្រសិនបើ​អាច​ធ្វើបាន សូម​ស្វែងរក​ឱកាស​ដើម្បី​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បរិភោគ​អាហារ​ជាមួយ​នឹង​ក្រុមគ្រួសារ​ដែល​មាន​អ្នកខ្លះ​ជា​សមាជិក ខ្លះ​មិនមែន​ជា​សមាជិក និង​ជា​សមាជិក​មិន​សូវ​សកម្ម ។ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​ជាមួយ​ក្រុមគ្រួសារ​ទាំងនេះ ។

  • ធ្វើការ​ជាមួយ​អ្នកដឹកនាំ និង​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ដើម្បី​ជួយ​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

២៣.៥.៤

អ្នកផ្សព្វផ្សាយ​សាសនា​វួដ

អ្នកផ្សព្វផ្សាយ​សាសនា​វួដ​ជួយ​សមាជិក​វួដ​ឲ្យ​ដក​ពិសោធន៍​អំណរ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ដូចបាន​រៀបរាប់​នៅក្នុង ២៣.១ ។ ពួកគេ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បេសកកម្ម​វួដ ឬ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដែល​បំពេញ​តួនាទី​នេះ ។ ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​អាច​ផ្ដល់​យោបល់​អំពី​សមាជិក​ដែល​អាច​បម្រើ​បាន ។

អ្នកផ្សព្វផ្សាយ​សាសនា​វួដ​បង្រៀន​តាមរយៈ​ពាក្យ​សម្ដី និង​តាមរយៈ​គំរូ​អំពី​របៀប​ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃ ចែកចាយ​សេចក្ដី​ជំនឿ​របស់​ពួកគេ និង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ទទួលបាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ពួកគេ​ក៏ជួយ​សមាជិក​វួដ​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ។

អ្នកផ្សព្វផ្សាយ​សាសនា​វួដ​ចូលរួម​ការប្រជុំ​សម្រប​សម្រួល​រាល់​សប្ដាហ៍ ( សូមមើល ២៣.៥.៧ ) ។

២៣.៥.៥

ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ

ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ គួរតែ​ត្រូវបាន​ពិភាក្សា​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​ជាទៀងទាត់ ។ ប៊ីស្សព​អាច​សូមឲ្យ​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ប្រធាន​សមាគម​សង្គ្រោះ​ដឹកនាំ​ការពិភាក្សា​ទាំងនេះ ដែល​គួរតែ​ផ្ដោត​ទៅលើ​បុគ្គល​ម្នាក់ៗ ។ ប៊ីស្សព​អាច​អញ្ជើញ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​បាន ។

ក្រុមប្រឹក្សា​អាច​ពិភាក្សា​អំពី​ផែនការ​របស់​វួដ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ពួកគាត់​ក៏​ពិភាក្សា​ពី​ការចាត់តាំង​នានា ដែល​ចាំបាច់​ដើម្បី​សម្រប​សម្រួល​ទូទាំង​អង្គការ​ផងដែរ ។ ទម្រង់​បែបបទ​ដូច​ខាងក្រោម​នេះ​អាច​ជួយ​ដល់​ការពិភាក្សា​ទាំងនេះ​បាន ៖

  • កំណត់ហេតុ​ការរីក​ចម្រើន​របស់​អ្នកផ្សព្វផ្សាយ​សាសនា ។ អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ប្រើប្រាស់​ទម្រង់​បែបបទ​នេះ ដើម្បី​រាយការណ៍​អំពី​ការរីក​ចម្រើន​របស់​បងប្អូន ដែល​ពួកគេ​កំពុង​បង្រៀន ។ ទម្រង់​បែបបទ​នេះ​ជួយ​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​ឲ្យ​សម្រប​សម្រួល​កិច្ចការ​របស់​ពួកគេ ។ នៅ​តំបន់​ណា​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ប្រើ​កម្មវិធី Area Book Planner នោះ​ទម្រង់​បែបបទ​នេះ​អាច​ឲ្យ​ថ្នាក់ដឹកនាំ​វួដ​ចូលមើល​នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) និង​កម្មវិធី​ឧបករណ៍​សមាជិក​បាន ។ នៅ​តំបន់​ផ្សេងទៀត អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ប្រើប្រាស់​ច្បាប់​ចម្លង​ក្រដាស ។

  • ដំណើរការ​រីកចម្រើន​របស់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ថ្នាក់ដឹកនាំ​វួដ​ប្រើប្រាស់​ទម្រង់​បែបបទ​នេះ ដើម្បី​ដាក់​ផែនការ​ស្ដីពី​របៀប​ដើម្បី​ជួយ​សមាជិក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។ វា​មាន​នៅក្នុង ធ.ថ.ស. ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមប្រឹក្សា​វួដ សូមមើល ២៩.២.៥ ។

នៅក្នុង​ការពិភាក្សា​អំពី​តម្រូវការ​របស់​យុវវ័យ​នៅក្នុង​វួដ នោះ​ក្រុមប្រឹក្សា​យុវវ័យ​វួដ​ផ្ដល់​ការយកចិត្ត​ទុកដាក់​ជាពិសេស​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ព្រមទាំង​ដល់​យុវវ័យ​ដែល​បាន​បង្រៀន​ដោយ​អ្នកផ្សព្វផ្សាយ​សាសនា​ផងដែរ ។ ក្រុមប្រឹក្សា​ក៏អាច​ពិភាក្សា​អំពី​របៀប ដែល​យុវវ័យ​អាច​ចូលរួម​ក្នុង​ផែនការ​របស់​វួដ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមប្រឹក្សា​យុវវ័យ​វួដ សូមមើល ២៩.២.៦ ។

២៣.៥.៦

ផែនការ​វួដ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ

វួដ​នីមួយៗ​គួរតែ​មាន​ផែនការ​សាមញ្ញ​មួយ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ វា​អាច​ជួយ​ដឹកនាំ​ការប្រជុំ ការបម្រើ និង​សកម្មភាព​នានា​បាន ។ វា​អាច​រួមមាន​ផែនការ និង​គំនិត​នានា​ដើម្បី ៖

  • ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​អារម្មណ៍​ទទួល​ស្វាគមន៍​មកក្នុង​ការប្រជុំ និង​សកម្មភាព​វួដ ។

  • ជួយ​សមាជិក​ឲ្យ​ដក​ពិសោធន៍​សេចក្ដី​អំណរ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

  • គាំទ្រ​មនុស្ស​ដែល​រៀន​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។

  • ជួយ​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត​ផែនការ​នេះ ។ អ្នកដឹកនាំ​បេសកកម្ម​វួដ​ក៏​ជួយ​ផងដែរ ។ ប៊ីស្សព​ពិនិត្យមើល និង​អនុម័ត​លើ​ផែនការ​នេះ ។

សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ជា​អ្នកនាំមុខ​នៅក្នុង​ការអនុវត្ត​ផែនការ​នេះ ។ ពួកគាត់​រាយការណ៍​អំពី​ការរីកចម្រើន​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ ពួកគាត់​ក៏​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​នេះ​តាម​តម្រូវការ​ផងដែរ ។

២៣.៥.៧

ការប្រជុំ​សម្រប​សម្រួល

រៀងរាល់​សប្ដាហ៍ ការប្រជុំ​ខ្លី​មិន​ផ្លូវការ​មួយ​អាច​ធ្វើឡើង ដើម្បី​សម្រប​សម្រួល​កិច្ចខិតខំ​ក្នុង​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ប្រសិនបើ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ត្រូវបាន​ហៅ នោះ​គាត់​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ បើមិន​ដូច្នោះ​ទេ សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​តួនាទី​នៃ​ការដឹកនាំ​នេះ​បាន ។

អ្នកផ្សេងទៀត​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម រួមមាន ៖

  • សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដែល​បាន​ចាត់តាំង ។

  • អ្នកផ្សព្វផ្សាយ​សាសនា​វួដ ។

  • ជំនួយការ​មួយ​រូប​នៅក្នុង​កូរ៉ុម​សង្ឃ ( ឬ​ប្រធាន​កូរ៉ុម​គ្រូ ឬ​ប្រធាន​កូរ៉ុម​ឌីកុន ប្រសិនបើ​ពុំមាន​កូរ៉ុម​សង្ឃ​នៅក្នុង​វួដ​ទេ​នោះ ) ។

  • សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ថ្នាក់​ក្រុម​យុវនារី​ដែល​មាន​វ័យ​ច្រើន​ជាងគេ ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

ពួកគេ​អាច​ពិភាក្សា​អំពី ៖

  • ការអនុវត្ត​ផែនការ​របស់​វួដ​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ពួកគេ​សម្រប​សម្រួល​ផែនការ​នេះ​ជាមួយ​នឹង​ផែនការ និង​គោលដៅ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

  • ការចាត់តាំង​ដែល​បាន​ផ្ដល់​នៅក្នុង​ការប្រជុំ​មុនៗ ។

  • របៀប​ដើម្បី​គាំទ្រ​អ្នក​ដែល​រៀន​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។

  • ផែនការ​សម្រាប់​កម្មវិធី​បុណ្យ​ជ្រមុជទឹក​បន្ទាប់​ទៀត និង​ការអញ្ជើញ​សមាជិក​ឲ្យ​ចូលរួម ។

ការប្រជុំ​ទាំងនេះ​អាច​ធ្វើឡើង​ដោយ​ផ្ទាល់ ឬ​ពី​ចម្ងាយ ។ ការសម្រប​សម្រួល​ក៏អាច​កើតឡើង​តាម​របៀប​ផ្សេងទៀត​ផងដែរ រួមមាន​ការទូរសព្ទ ការផ្ញើសារ និង​អ៊ីម៉ែល ។