ក្បួនខ្នាត និង​ការហៅ
២១. ការធ្វើ​ការងារ​បម្រើ


« ២១. ការធ្វើ​ការងារ​បម្រើ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២១. ការធ្វើ​ការងារ​បម្រើ » ក្បួនខ្នាត​ទូទៅ ។

២១.

ការ​ធ្វើ​ការងារ​បម្រើ

២១.០

សេចក្តីផ្ដើម

ការធ្វើ​ការងារ​បម្រើ​មាន​ន័យ​ថា ការបម្រើ​មនុស្ស​ដទៃ​ដូចជា​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ទ្រង់​ស្រឡាញ់ បង្រៀន អធិស្ឋាន លួងលោម​ចិត្ត ហើយ​ប្រទានពរ​ដល់​មនុស្ស​ជុំវិញ​ទ្រង់ ( សូមមើល កិច្ចការ ១០:៣៨ ) ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ព្យាយាម​ផ្តល់ការងារ​បម្រើ​ចំពោះ​បុត្រាបុត្រី​របស់​ព្រះ ។

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​សមាជិក​សាសនាចក្រ​ទាំងអស់​របស់​ទ្រង់​ទទួល​ការមើលថែ​បែបនោះ ។ សម្រាប់​ហេតុផល​នេះ​ហើយ ដែល​អ្នក​កាន់​បព្វជិតភាព​ត្រូវបាន​ចាត់តាំង​ជា​បងប្អូន​ប្រុស ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​គ្រួសារ​សមាជិក​នីមួយៗ ។ បងប្អូន​ស្រី​ដែល​ផ្ដល់​​ការងារ​បម្រើ​ត្រូវបាន​ចាត់តាំង​ទៅ​បម្រើ​បងប្អូន​ស្រី​មជ្ឈិមវ័យ​ម្នាក់ៗ ។ ការចាត់តាំង​ទាំងនេះ​ជួយ​ធានា​ឲ្យបាន​ថា សមាជិក​សាសនាចក្រ​ត្រូវបាន​ចងចាំ និង​មើលថែ ( សូមមើល មរ៉ូណៃ ៦:៤ ) ។

ការធ្វើ​ការងារ​បម្រើ​គឺជា​របៀប​ដ៏សំខាន់​មួយ ដែល​យើង​រក្សា​បទបញ្ញត្តិ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។ វា​ក៏ជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី​សម្រេច​បាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​ផងដែរ ។

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ជួយ​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​ឲ្យ​រៀន​ពី​របៀប​ដើម្បី​ធ្វើការងារ​បម្រើ​ដល់​អ្នក​ដទៃ ។ ពួកគាត់​ក៏​ផ្តល់​ការបំផុស​គំនិត ការណែនាំ និង​ការគាំទ្រ​ផងដែរ ។ ពួកគាត់​អាច​ធ្វើការណ៍នេះ​បាន​នៅក្នុង​ការសម្ភាស​អំពី​ការធ្វើ​ការងារ​បម្រើ ( សូមមើល ២១.៣ ) នៅក្នុង​ការប្រជុំ​ថ្ងៃអាទិត្យ និង​នៅក្នុង​ការសន្ទនា​ផ្ទាល់ខ្លួន ។ ពួកគាត់​ស្វែងរក​ការបំផុស​គំនិត​ពីព្រះគម្ពីរ ជំពូក​នេះ និង​នៅលើ​គេហទំព័រ ministering.ChurchofJesusChrist.org ។

២១.១

ទំនួល​ខុសត្រូវ​របស់​បងប្អូនប្រុស និង​បងប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ

បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ដែល​ធ្វើ​ការងារ​បម្រើ​គឺជា​អ្នកតំណាង​របស់​ព្រះអម្ចាស់ ។ ពួកគាត់​ជួយ​សមាជិក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ការគាំទ្រ​ពី​ប៊ីស្សព ហើយនិង​ថ្នាក់ដឹកនាំ​សមាគម​សង្រ្គោះ ឬ​ ថ្នាក់ដឹកនាំ​កូរ៉ុម ។ ពួកគាត់ « មើល​ការ​ខុស​ត្រូវ » សមាជិក​សាសនាចក្រ និង « នៅ​ជា​មួយ និង​ចម្រើន​កម្លាំង​ពួក​គេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥៣ ) ។

បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ដែល​ធ្វើផ្តល់​ការងារ​បម្រើ​មាន​ទំនួល​ខុសត្រូវ​ដូចតទៅ ចំពោះ​បុគ្គល និង​ក្រុមគ្រួសារ​ដែល​ត្រូវបាន​ចាត់​ឲ្យ​ពួកគេបម្រើ ៖

  • ជួយ​ពួកគេ​ឲ្យ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ជួយ​ពួកគេ​ឲ្យរៀបចំខ្លួន​ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​ព្រះ នៅពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ ។ តាម​តម្រូវការ ជួយ​ដល់​ឪពុកម្តាយ​ឲ្យ​រៀបចំ​កូនចៅ​របស់ពួកគាត់​ដើម្បី​ទទួល​ពិធី​បរិសុទ្ធ និងរក្សា​សេចក្តី​សញ្ញា​ទាំងឡាយ ។

  • ស្វែងយល់​ពី​តម្រូវការ ហើយ​ផ្តល់​ឲ្យ​នូវ​សេចក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ការមើលថែ និង​ការបម្រើ ។ ផ្តល់​ជំនួយ និង​ការលួងលោម​នៅគ្រា​មាន​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ពិភាក្សា​អំពី​តម្រូវការ​ទាំងឡាយ​នៅអំឡុង​ការ​សម្ភាស​ការធ្វើ​ការងារ​បម្រើ និង​នៅពេល​ដទៃទៀត ។

  • ជួយ​ពួកគេ​ឲ្យ​មានភាព​ខ្លួនទីពឹង​ខ្លួន​ទាំង​ខាងវិញ្ញាណ និង​ ខាង​សាច់ឈាម ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការ​ទទួល​ខុសត្រូវ​របស់​បងប្អូន​ស្រី និង​បងប្អូនប្រុស​ដែល​ធ្វើ​ការងារ​បម្រើ សូមមើល យ៉ាកុប ១:២៧, ម៉ូសាយ ២៣:១៨ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៤៧, ៥៩ ។

បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ដែល​ធ្វើ​ការងារ​បម្រើ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​ប្រកប​ដោយ​ការអធិស្ឋាន ។ ពួកគាត់​ក៏​ប្រឹក្សា​ជាមួយ​អស់អ្នក​ដែល​ពួកគាត់​បម្រើ ដើម្បី​យល់​ពីរបៀប​ដែល​ល្អ​បំផុត​ដើម្បី​ជួយ​ពួកគេ​បំពេញ​តម្រូវការ​របស់​ពួកគេ ។

បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារបម្រើ​បត់បែន​កិច្ចប្រឹងប្រែង​របស់​ពួកគាត់​ទៅតាម​តម្រូវការ និង​កាលៈទេសៈ​របស់​អស់​អ្នក​ដែល​ពួកគាត់​បម្រើ ។ ការទៅសួរ​សុខទុក្ខ​ផ្ទាល់ខ្លួន​ត្រូវបាន​លើកទឹកចិត្ត ដោយ​ពិចារណា​ពី​កត្តា​សុវត្ថិភាព រយៈចម្ងាយ និង​ភាពសមរម្យ​ខាង​វប្បធម៌ ។ បងប្អូន​ស្រី និង​បងប្អូន​ប្រុស​ដែល​ធ្វើ​ការងារ​បម្រើ​ក៏​អាច​ជួយ​តាម​របៀប​ផ្សេងទៀត​ផងដែរ ។ ជំនួយ​ទាំងនេះ​រួមមាន ការហៅ​ទូរសព្ទ ការហៅ​ជា​វីដេអូ ការផ្ញើសារ អ៊ីម៉ែល សំបុត្រ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទាក់ទង​នៅ​ឯ​ព្រះវិហារ និង​ការធ្វើ​ការបម្រើ ។

វា​អាច​មាន​ករណី​ថា បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​ពុំអាច​ជួប​តែ​ម្នាក់ឯង​បានទេ ។ នៅក្នុង​ករណី​បែបនេះ ពួកគាត់​ប្រឹក្សា​ជាមួយ​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ ឬ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។

២១.២

ការរៀបចំ​ការ​ធ្វើ​ការងារបម្រើ

ព្រះអង្គ​សង្គ្រោះ​ប្រទាន​ការចាត់តាំង​ដល់​ពួក​សិស្ស​របស់ទ្រង់ ( សូមមើល លូកា ១០:១–១៧; សូមមើល​ផងដែរ ៤.២.៦ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ តាមរយៈ​គំរូ​នេះ យើង​ទទួល​ការចាត់តាំង​ផ្តល់ការងារ​បម្រើ​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ជាក់លាក់​មួយចំនួន ។ វិធីសាស្រ្ត​ដែល​បាន​រៀបចំ​ឡើង​ដើម្បីធ្វើ​ការងារ​បម្រើ ជួយ​ផ្តល់​ឱកាស​ដល់​មនុស្ស​ម្នាក់ៗ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

២១.២.១

ការធ្វើ​ការចាត់តាំង

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ធ្វើការ​អធិស្ឋាន​ពី​ការចាត់តាំង​ការធ្វើ​ការងារ​បម្រើ​ដល់​បងប្អូន​ប្រុស និង​បងប្អូនស្រី​ដែល​ផ្តល់​ការងារ​បម្រើ ។ ពួកគាត់​គិត​ពិចារណា​ពី​ភាពរឹងមាំ និង​សេចក្តី​ត្រូវការ​របស់​សមាជិក ។ ពួកគាត់​ក៏​ពិចារណា​ពី​តម្រូវការ​របស់​កុមារ​នៅក្នុង​ក្រុមគ្រួសារ​នោះ​ដែរ ។ ជាធម្មតា ពួកគាត់​ចាត់តាំង​បងប្អូន​ប្រុស​ពីរ​នាក់ ឬ​បងប្អូនស្រី​ពីរ​នាក់​ជា​ដៃគូ​នឹង​គ្នា ។ ពួកគាត់​ស្វែងរក​ការអនុម័ត​ពី​ប៊ីស្សព​ចំពោះ​ដៃគូ និង​ការចាត់តាំង​ការធ្វើ​ការងារ​បម្រើ ។

នៅពេល​ធ្វើការ​សម្រេចចិត្ត​ទាំងនេះ ថ្នាក់ដឹកនាំ​ធ្វើការពិចារណា​ដូច​ខាងក្រោម​នេះ ៖

  • បងប្អូន​ប្រុស និង​បងប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ​ល្អៗ​គួរតែ​ត្រូវ​បាន​ចាត់​ទៅ​បម្រើ​ដល់​សមាជិក​ដែល​មាន​តម្រូវការ​ខ្លាំងបំផុត ។ កិច្ចការ​នេះ​អាច​រួមមាន សមាជិក​ថ្មី ឪពុក ឬ​ ម្តាយ​ទោល ស្រ្តីមេម៉ាយ បុរស​ពោះម៉ាយ និង​ សមាជិក​មិនសូវ​សកម្ម ។

  • យុវវ័យ​អាច​បម្រើ​ជា​ដៃគូ​នឹង​មជ្ឈិមវ័យ យោង​ទៅ​តាម​គោលការណ៍​ណែនាំ​នៅ​ក្នុង ២១.២.២ ។

  • ស្វាមី​ភរិយា​មួយ​គូ​ដែល​បាន​រៀបការ​ហើយ​អាច​ត្រូវ​បានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​បម្រើ​រួម​គ្នា​ដល់​បុគ្គល​ម្នាក់ ឬ​ គ្រួសារ​មួយ ។

  • គណៈប្រធាន​ស្តេក និង ​គណៈ​ប៊ីស្សព​មើលថែ​សមាជិក​ទាំងអស់​នៅក្នុង​ស្តេក ឬ ​វួដ​នេះ ។ ដោយសារ​តែ​កិច្ចការ​នេះ ជាទូទៅ ពួកគាត់​ពុំ​ត្រូវបាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​បងប្អូនប្រុស​ដែល​ផ្តល់​ការងារបម្រើ​នោះទេ ។ ប្រធាន​ស្តេក​កំណត់​ថាតើ​ទីប្រឹក្សា​ជាន់ខ្ពស់ និង​ពួក​លោក​អយ្យកោ​ដែល​កំពុង​បំពេញ​មុខងារ​គួរ​ចាត់តាំង​ឬ​អត់ ។

បន្ទាប់ពី​ប៊ីស្សព​បាន​ផ្តល់​ការអនុម័ត​ហើយ នោះ​សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ធ្វើ​ការងារ​បម្រើ​ដល់​បងប្អូន​ប្រុស​ដែល​ធ្វើ​ការងារ​បម្រើ រួមទាំង​យុវជន​ផងដែរ ។ សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ​ផ្តល់​ការចាត់តាំង​ដល់​បង​ប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ រួមទាំង​យុវនារី​ផងដែរ ។

ថ្នាក់ដឹកនាំ​ទាំងនេះ​ប្រឹក្សា​ជាមួយ​បងប្អូនប្រុស ឬ​បងប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ អំពី​ភាព​រឹងមាំ សេចក្តី​ត្រូវការ និង​ឧបសគ្គ​នៃ​អស់​អ្នក​ដែល​ពួកគាត់​នឹង​ផ្តល់ការងារ​បម្រើ ។ ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ដល់​បងប្អូនប្រុស ឬ​បងប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ ឲ្យ​ស្វែងយល់​ពី​តម្រូវការ​នៃ​អស់​អ្នក​ដែល​ពួកគាត់​ត្រូវបាន​ចាត់តាំង​ទៅ បន្ទាប់មក ស្វែងរក​ការបំផុស​គំនិត​អំពី​របៀប​ដ៏ល្អ​បំផុត​ដើម្បី​បម្រើ​ពួកគេ ។

បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​មិន​ត្រូវ​បានហៅ គាំទ្រ ឬ​ធ្វើ​ពិធី​ញែក​ចេញ​ទេ ។ ការបម្រើ​របស់​ពួកគេ​គឺជា​ផ្នែកមួយ​នៃ​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ពេល​ទទួលបុណ្យ​ជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១១ ) ។

២១.២.២

ការចាត់តាំង​ធ្វើ​ការងារ​បម្រើ​ដល់​យុវវ័យ

សូម្បីតែ​ពីមុន​ពួកគេ​ទទួលបាន​ការចាត់តាំង​ធ្វើការងារបម្រើ​ក្តី ក៏​យុវវ័យ​ធ្វើការងារបម្រើ​ដល់​អ្នកដទៃ តាមរយៈ​ការបម្រើ​ពួកគេ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ​ដែរ ។ ការបម្រើ​របស់​យុវវ័យ​ក្នុងនាម​ជាបងប្អូន​ស្រី ឬ​បងប្អូនប្រុស​ដែល​ធ្វើ​ការងារ​បម្រើ​អាចជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការសម្រេច​បាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

យុវនារី​អាច​បម្រើ​ជា​ដៃគូ​ផ្តល់​ការងារបម្រើ​របស់​បងបងប្អូន​ស្រ្តី​សមាគម​សង្រ្គោះ​បាន នៅពេល​យុវនារី​ស្ម័គ្រចិត្ត និង​អាច​ធ្វើ​បាន ។ នាង​អាច​ចាប់ផ្តើម​ការបម្រើ​នៅក្នុង​ឆ្នាំ​ដែល​នាង​ឈាន​ចូលដល់​វ័យ ១៤ ឆ្នាំ ។ គណៈប្រធាន​សមាគម​សង្រ្គោះ​ប្រឹក្សា​ជាមួយ​យុវនារី ឪពុកម្តាយ​របស់​នាង និង​គណៈប្រធាន​យុវនារី នៅពេល​ពួកគាត់​ពិចារណា​ពី​ការចាត់តាំង​ធ្វើ​ការងារ​បម្រើ ។

ជាញឹកញាប់ វាគឺជា​ពរជ័យ​មួយ​ដែល​បងប្អូនស្រ្តី​មាន​យុវនារី​ផ្តល់​ការងារ​បម្រើ​ជាមួយ​គាត់ ។ វា​ក៏​អាច​ជា​ពរជ័យ​ចំពោះ​យុវនារី​ផងដែរ ។

យុវជន​បម្រើ​ជា​ដៃគូ​ធ្វើការងារ​បម្រើ​ជាមួយ​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក នៅពេល​គាត់​ត្រូវបាន​តែងតាំង​ក្នុង​តំណែង​គ្រូ ឬ​សង្ឃ ។ ប៊ីស្សព​កំណត់​ថាតើ​យុវជន​មាន​ភាពស័ក្តិសម និង​ត្រៀមខ្លួន​ដើម្បី​តែងតាំង​ឬ​អត់ ។ ( សូមមើល ១០.១.៣.២ ) ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ប្រឹក្សា​ជាមួយ​យុវជន ឪពុក​ម្តាយ​របស់គាត់ និង​គណៈប៊ីស្សព នៅពេល​ដែល​ពួកគាត់​ពិចារណា​ពី​ការចាត់តាំង​ធ្វើ​ការងារ​បម្រើ ។

នៅក្នុង​ករណី​ខ្លះ យុវវ័យ​អាច​ត្រូវបាន​ចាត់តាំង​ជា​សមាជិក​ទីបី​នៃ​ដៃគូ​ការធ្វើ​ការងារ​បម្រើ​មួយ ។ ថ្នាក់ដឹកនាំ​អាច​ចាត់តាំង​យុវវ័យ​ឲ្យ​ជួយ​ផ្តល់ការងារ​បម្រើ​ដល់​មនុស្ស​មួយ​ចំនួន ឬ​បុគ្គល និង​ក្រុមគ្រួសារ​ទាំងអស់​ដែល​ត្រូវបាន​ចាត់តាំង​នៅក្រោម​ភាព​ជាដៃគូ​នេះ ។

យុវវ័យ​ពុំមាន​បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​ត្រូវបាន​ចាត់​ឲ្យ​មក​បម្រើ​ពួកគេ​ទេ ។ ពួកគេ​ទទួល​ការមើលថែ​ពី​បងប្អូនប្រុស​ដែល​ធ្វើ​ការងារ​បម្រើ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។ គណៈប្រធាន​ថ្នាក់ ឬ​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ក៏​ផ្តល់​ការងារ​បម្រើ​ដល់​ពួកគេ​ដែរ ។ ប្រសិនបើ​ឪពុកម្តាយ​របស់​ពួកគេ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​បើកចំហ​ទទួល​ការធ្វើ​ការងារ​បម្រើ នោះ​គណៈប្រធាន​កូរ៉ុមអែលឌើរ​អាច​ចាត់តាំង​បងប្អូនប្រុស​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដល់​ក្រុមគ្រួសារ​នេះ​បាន ។ ស្រដៀងគ្នា​នេះដែរ គណៈប្រធាន​សមាគម​សង្រ្គោះ​អាច​ចាត់តាំង​បងប្អូនស្រី​ដែល​ផ្តល់​ការងារបម្រើ​ដល់​ម្តាយ​រូប​នេះ​ផងដែរ ។

គោលការណ៍​ណែនាំ​របស់​សាសនាចក្រ​ថា មជ្ឈិមវ័យដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ពីរ​រូប​ត្រូវ​មាន​វត្តមាន​ជាមួយ​នឹង​យុវវ័យ ពុំ​អនុវត្ត​ចំពោះ​ដៃ​គូ​ដែល​ធ្វើ​ការងារ​បម្រើ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្នាក់ដឹកនាំទាំងឡាយ​គួរ​ប្រើ​ប្រាជ្ញា ហើយ​ស្វែង​រក​ការ​បំផុស​គំនិត នៅពេល​ចាត់​តាំង​យុវវ័យ​ជា​ដៃគូ​នឹង​មជ្ឈិមវ័យ ។ ពួកគាត់​ក៏​ស្វែងរក​ការណែនាំ​មកពី​ប៊ីស្សព​ផងដែរ ។ នៅពេល​យុវវ័យ​ត្រូវ​បាន​ចាត់​ឲ្យ​មាន​ដៃ​គូ​ម្នាក់ដែល​ពុំ​មែន​ជា​ឪពុក ឬ​ម្ដាយ​របស់​គាត់ ឬ​នាង នោះ​ថ្នាក់​ដឹកនាំ​គួរ​បញ្ជាក់​ថា ឪពុកម្ដាយ​ពុំ​ជំទាស់​នឹង​ការចាត់​តាំង​នេះ​ទេ ។

ដៃគូ​ដែល​ជា​មជ្ឈិមវ័យ​គួរ​តែ​ចៀស​វាង​ពី​ស្ថានភាព​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការភាន់​ច្រឡំ ។ ពួកគេ​ផ្ដល់​ការមើលថែ​ក្នុង​ស្ថានភាព​ម្នាក់​ទល់​ម្នាក់ ។ ពួកគាត់​ជួយ​យុវវ័យ​ឲ្យ​មាន​បទពិសោធន៍​ការធ្វើ​ការងារ​បម្រើ​ប្រកប​ដោយ​សុវត្ថិភាព និង​ជា​រង្វាន់​មួយ ។

២១.២.៣

អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង

ប្រសិនបើ​ប្រធាន​បេសកកម្ម​អនុម័ត នោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​អាច​ជួយ​ធ្វើការងារ​បម្រើ​នេះ​បាន ។ ថ្នាក់ដឹកនាំ​វួដ​អាច​ស្វែងរក​ការអនុម័ត​ពី​ប្រធានបេសកកម្ម​តាមរយៈ​ប្រធាន​ស្តេក ។ ជាធម្មតា ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ត្រូវបាន​ចាត់តាំង​ឲ្យ​ផ្តល់ការងារ​បម្រើ​ដល់​សមាជិកថ្មី អ្នក​ដែល​ជា​សមាជិក​តែម្នាក់​ឯង​ក្នុង​គ្រួសារ និង​សមាជិក​មិន​សូវ​សកម្ម ។

២១.៣

ការសម្ភាស​អំពី​ការធ្វើ​ការងារ​បម្រើ

ព្រះអង្គសង្គ្រោះ​ធ្វើ​ការសម្ភាស​ដ៏សាមញ្ញ ប៉ុន្តែ​ប្រកប​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​មួយ​ជាមួយនឹង​ពេត្រុស អំពី​ការឲ្យ​ចំណី​ដល់​កូនចៀម​របស់​ទ្រង់ ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ។ ការសម្ភាស​អំពី​ការធ្វើ​ការងារ​បម្រើ​អាច​ជា​ឱកាស​ស្រដៀង​នេះ​ដែរ ។ ការសម្ភាស​នេះ​ក៏​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើជា​គំរូ​នៃ​ការងារបម្រើ​ផងដែរ ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ទី​ប្រឹក្សា​របស់​គាត់​ធ្វើការ​សម្ភាស​បងប្អូនប្រុស​ដែល​ធ្វើ​ការងារ​បម្រើ ។ ប្រធាន​សមាគមសង្រ្គោះ និង​ទីប្រឹក្សា​របស់​គាត់​ធ្វើការសម្ភាស​បងប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ ។ ស្វាមី​ភរិយា​មួយ​គូ​ដែល​រៀបការ​ហើយ ដែល​បាន​ចាត់តាំង​ឲ្យ​ផ្ដល់ការងារបម្រើ​ជាមួយ​គ្នា អាច​ជួប​នឹង​ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ ឬ​ថ្នាក់​ដឹកនាំ​សមាគមសង្គ្រោះ ឬ​ទាំង​ពីរ ។

ការសម្ភាស​ទាំងនេះ​ធ្វើឡើង​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​ត្រីមាស ។ ការសម្ភាស​នេះ​អាច​ធ្វើឡើង​នៅពេល​ណា​ក៏បាន​ក្នុង​ត្រីមាស​នោះ ។ ប្រសិនបើ​អាច​ធ្វើ​បាន ការ​សម្ភាស​នេះ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ជាមួយ​នឹង​សមាជិក​ទាំង​ពីរ​នាក់​នៃ​ដៃគូ​នេះ ។ យុវវ័យ​ដែល​មាន​ការចាត់តាំង​ធ្វើ​ការងារ​បម្រើ​គួរតែ​មកចូលរួម បើ​អាច ។

ការសម្ភាស​អំពី​ការធ្វើ​ការងារ​បម្រើ​ពុំ​ចាំបាច់​មាន​រយៈពេល​វែង ទើប​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ គោលបំណង​នៃ​ការសម្ភាស​នេះ​គឺ​ដើម្បី ៖

  • ប្រឹក្សា​ពី​ភាព​រឹង​មាំ សេចក្ដីត្រូវការ និង​ឧបសគ្គ​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ដែល​បាន​ចាត់តាំង ។

  • ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​ជួយ​ដល់​យុវនារី​ម្នាក់ៗ​ឲ្យ​ទទួល​ពិធីបរិសុទ្ធ បើ​ចាំបាច់ ។

  • កំណត់​ថាតើ​កូរ៉ុម​អែលឌើរ សមាគម​សង្គ្រោះ ក្រុម​ប្រឹក្សា​វួដ និង​អ្នក​ផ្សេង​ទៀត​អាច​ជួយ​បាន​ដោយ​របៀប​ណា ។

  • បង្រៀន ហើយ​លើក​ទឹក​ចិត្ត​ដល់​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ ។

នៅចន្លោះ​ការសម្ភាស បងប្អូនប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​តាម​ដែល​ចាំបាច់ ។ ពួកគាត់​អាច​ចែកចាយ​អំពី​ព័ត៌មាន​សម្ងាត់​ដោយផ្ទាល់​ជាមួយ​ប៊ីស្សព ។

ថ្នាក់ដឹកនាំ​ប្រើ ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ដើម្បី​រាយការណ៍​ពី​ការសម្ភាស​រងារ​បម្រើ ។

២១.៤

ការសម្រប​សម្រួល​កិច្ចខិតខំ​ក្នុង​ការធ្វើ​ការងារ​បម្រើ

សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​ចែកចាយ​កិច្ចការ​ធ្វើ​ការងារ​បម្រើ​ជាមួយគ្នា ។ ពួកគាត់​ធ្វើការងារ​នេះ​ដោយ​មាន​សាមគ្គីភាព​ជាមួយគ្នា ។

គណៈប្រធាន​សមាគមសង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ជួប​ជាមួយគ្នា​យ៉ាង​ហោចណាស់​ម្តង​ក្នុង​មួយ​ត្រីមាស ។ ពួកគាត់​ពិនិត្យមើល​អ្វី​ដែល​ពួកគាត់​បានរៀន​នៅក្នុង​ការសម្ភាស​អំពី​ការ​ធ្វើ​ការងារ​បម្រើ ( សូមមើល ២១.៣ ) ។ ពួកគាត់​ក៏​សម្រប​សម្រួល​ដល់​ការចាត់តាំង​ធ្វើ​ការងារ​បម្រើ​ផងដែរ ។ ប្រធាន​ទាំងពីរ​រូប​ចែកចាយ​ការ​ទទួល​ខុសត្រូវ​ក្នុង​ការរៀបចំ និង​ការដឹកនាំ​ការប្រជុំ ។

នៅក្នុង​អង្គភាព​ដែល​មាន​សមាជិក​សកម្ម​តែ​ពីរបីនាក់ នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ អាច​សម្រេចចិត្ត​ថា​ពុំ​ចាត់តាំង​ទាំង​បងប្អូន​ស្រី និង​បងប្អូនប្រុស​ដែល​ផ្តល់​ការងាបម្រើ​ទៅ​សមាជិក​មួយ​ចំនួន ។ ថ្នាក់ដឹកនាំ​ធ្វើការ​សម្រេចចិត្ត​នេះ​ជាមួយគ្នា និង​ស្វែងរក​ការអនុម័ត​ពី​ប៊ីស្សព ។ ប្រសិនបើ​បងប្អូនស្រី​ម្នាក់​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​ជា​បងប្អូនស្រី​ដែល​ធ្វើ​ការងារ​បម្រើ ប៉ុន្តែ​ពុំមាន​បងប្អូនប្រុស​ដែល​ធ្វើ​ការងារ​បម្រើ នោះ​ថ្នាក់ដឹកនាំ​ធានា​ឲ្យបាន​ថា គាត់​មាន​នរណាម្នាក់​ដែល​គាត់​អាច​សូម​ការប្រសិទ្ធពរ​បព្វជិតភាព​បាន ។

ប្រធាន​សមាគម​សង្រ្គោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ជួប​ជាមួយ​នឹង​ប៊ីស្សព​រួមគ្នា​រាល់​ត្រីមាស ។ ពួកគាត់​ពិភាក្សា​ពី​សេចក្តី​ត្រូវការ​របស់​សមាជិក​វួដ ។ ពួកគាត់​និយាយ​អំពី​ការផ្លាស់ប្តូរ​ដែល​ត្រូវធ្វើ​នៅក្នុង​ការចាត់តាំង​ធ្វើ​ការងារ​បម្រើ ។

នៅពេល​ចាំបាច់ ប្រធាន​សមាគម​សង្រ្គោះ និង​ប្រធាន​កូរ៉ុម​អែលឌើរ​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​វួដ​នូវ​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដោយ​បងប្អូនស្រី និង​បងប្អូនប្រុស​ដែល​ការធ្វើ​ការងារ​បម្រើ ។ នៅពេល​ពួកគាត់​ធ្វើ​ដូច្នេះ ពួកគាត់​គោរព​ដល់​សំណើ​ភាពសម្ងាត់​របស់​សមាជិក ។ ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព នោះ​ក្រុមប្រឹក្សា​វួដ​ដាក់​ផែនការ​ដើម្បី​បម្រើ និង​ផ្តល់​ពរជ័យ​ដល់​សមាជិក​វួដ ។ ក្រុមប្រឹក្សា​យុវវ័យ​វួដ​ក៏​ពិភាក្សា​ពី​ការធ្វើ​ការងារ​បម្រើ​ផងដែរ ( សូមមើល ២៩.២.៩ ) ។