ក្បួនខ្នាត និង​ការហៅ
២០. សកម្មភាព​ទាំងឡាយ


« ២០. សកម្មភាព​ទាំងឡាយ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២០. សកម្មភាព​ទាំងឡាយ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
យុវនារី​ជាមួយ​នឹង​កាំភ្លើង​បាញ់​ទឹក

២០.

សកម្មភាព​ទាំងឡាយ

២០.១

គោលបំណង

សកម្មភាព​ទាំងឡាយ​ក្នុង​សាសនាចក្រ​នាំឲ្យ​សមាជិក​សាសនាចក្រ និង​មនុស្ស​ដទៃ​ទៀត​មក​ជួបជុំ​គ្នា​ជា « ជាតិ​តែ​១​នឹង​ពួកបរិសុទ្ធ » ( អេភេសូរ ២:១៩ ) ។ គោលបំណង​សម្រាប់​សកម្មភាព​ទាំងឡាយ​អាច​រួមមាន​ដូច​ខាងក្រោម ៖

  • ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ផ្ដល់​ការសប្បាយ​រីករាយ និង​បង្កើន​សាមគ្គីភាព ។

  • ផ្ដល់​ឱកាស​ឲ្យ​មាន​ការរីកចម្រើន​ផ្ទាល់ខ្លួន ។

  • ពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

  • ជួយ​សមាជិក​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ ) ។

ឧទាហរណ៍​មួយ​ចំនួន​នៃ​សកម្មភាព​ក្នុង​សាសនាចក្រ​អាច​រួមមាន ៖

  • ការបម្រើ​ដែល​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ និង​បង្កើត​ចំណង​មិត្តភាព​ក្នុង​សហគមន៍ ។

  • កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។

  • ឱកាស​អភិវឌ្ឍ​ភាពខ្លួន​ទីពឹង​ខ្លួន និង​ជំនាញ​ជា​អ្នកដឹកនាំ ។

  • ការអប់រំ និង​ការបំពាក់​បំប៉ន​ខាង​វិជ្ជាជីវៈ ។

  • សកម្មភាព​ខាងក្រៅ​ផ្ទះ ។

  • ឱកាស​អភិវឌ្ឍ​ទេពកោសល្យ និង​ការមាន​អំណរគុណ​ចំពោះ​សិល្បៈ​វប្បធម៌ ។

  • កីឡា និង​សុខភាព ។

  • ការប្រារព្ធ​ពិធី​ក្នុង​ឱកាស​ពិសេសៗ ដូចជា​ព្រឹត្តិការណ៍​បុណ្យ​ជាតិ ព្រឹត្តិការណ៍​ក្នុង​សាសនាចក្រ ឬ​ព្រឹត្តិការណ៍​ខាង​ប្រវត្តិសាស្រ្ត​ក្នុង​មូលដ្ឋាន ។

ដូច​ដែល​បាន​ប្រើ​នៅក្នុង​ក្បួនខ្នាត​នេះ វាក្យសព្ទ សកម្មភាព​ក្នុង​សាសនាចក្រ សំដៅ​ទៅលើ​សកម្មភាព​មួយ​ដែល​ឧបត្ថម្ភ​ដោយ​អង្គភាព កូរ៉ុម ឬ​អង្គការ​របស់​សាសនាចក្រ ។

២០.២

ការដាក់​ផែនការ​សកម្មភាព

មុនពេល​ដាក់​ផែនការ​ធ្វើ​សកម្មភាព​មួយ ថ្នាក់ដឹកនាំ​ពិចារណា​ពី​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​សមាជិក​ទាំងឡាយ ។ ថ្នាក់ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ នៅពេល​សម្រេច​ចិត្ត​ពី​ប្រភេទ​សកម្មភាព​ដែល​នឹង​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។

២០.២.១

ការទទួល​ខុសត្រូវ​សម្រាប់​ការដាក់​ផែនការ​សកម្មភាព

សម្រាប់​ព័ត៌មាន​អំពី​ការដាក់​ផែនការ​សកម្មភាព​ស្ដេក និង​ពហុស្ដេក សូមមើល ២០.៣ ។

សកម្មភាព​ទាំងឡាយ​ក្នុង​វួដ​អាច​ដាក់​ផែនការ​បាន​តាម​របៀប​ណាមួយ​ដូច​តទៅ​នេះ ដោយ​ផ្អែកលើ​តម្រូវការ​ក្នុង​មូលដ្ឋាន ៖

  • ក្រុមប្រឹក្សា​វួដ​អាច​មើលការ​ខុសត្រូវ​លើ​ការដាក់​ផែនការ​នេះ ។

  • ក្រុមប្រឹក្សា​វួដ​អាច​ចាត់តាំង​អង្គការ​ជាក់លាក់​ណាមួយ ឲ្យ​ជួយ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​មួយ ឬ​ច្រើន ។

  • នៅពេល​ដែល​ចាំបាច់ និង​មាន​សមាជិក​គ្រប់គ្រាន់ នោះ​គណៈប៊ីស្សព​អាច​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​សកម្មភាព​វួដ​មួយ​ឡើង ។ យុវវ័យ​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​គណៈកម្មការ​នេះ​បាន ។ គណៈកម្មការ​នេះ​ធ្វើការ​នៅក្រោម​ការណែនាំ​របស់​ក្រុមប្រឹក្សា​វួដ ។ ក្រុមប្រឹក្សា​វួដ​ចាត់តាំង​សមាជិក​ម្នាក់​ឲ្យ​ទាក់ទង​ជាមួយ​នឹង​សមាជិក​ក្នុង​គណៈកម្មការ​នេះ​ជា​ប្រចាំ ។

សម្រាប់​ព័ត៌មាន​អំពី​ការដាក់​ផែនការ​ធ្វើ​សកម្មភាព​យុវវ័យ​វួដ សូមមើល ១០.២.១.៣ និង ១១.២.១.៣ ។

២០.២.២

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ចូលរួម

អ្នក​ដែល​ដាក់​ផែនការ​ធ្វើ​សកម្មភាព​គួរតែ​ទៅ​ជួប​នឹង​មនុស្ស​ទាំងអស់ ជាពិសេស​សមាជិក​ថ្មី សមាជិក​មិន​សូវ​សកម្ម យុវវ័យ យុវមជ្ឈិមវ័យ​នៅលីវ មនុស្ស​ដែល​មាន​ពិការភាព និង​មនុស្ស​ដែល​មកពី​ជំនឿ​ផ្សេងទៀត ។ អ្នក​ដែល​ដាក់​ផែនការ​គួរតែ​ប្រយ័ត្ន​ប្រយែង​នឹង​សមត្ថភាព​មាន​កម្រិត​របស់​អ្នកចូលរួម​ផងដែរ ។ ពួកគេ​ក៏​គួរតែ​ប្រយ័ត្ន​ប្រយែង​នឹង​ភាពខុសគ្នា​ខាង​វប្បធម៌ និង​ភាសា​ផងដែរ ។

អ្នក​ដែល​ដាក់​ផែនការ​ត្រូវ​រកមើល​វិធី​នានា ដើម្បី​ឲ្យ​អ្នកចូលរួម​ទាំងអស់​ចូលរួម​ក្នុង​សកម្មភាព ។ ឧទាហរណ៍ ពួកគេ​អាច​អញ្ជើញ​សមាជិក និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​ប្រើ​ជំនាញ និង​ទេពកោសល្យ​របស់​ពួកគេ​នៅក្នុង​សកម្មភាព​នេះ ។

ខណៈ​ដែល​ការជួបជុំ​គ្នា​នៅក្នុង​សកម្មភាព​នានា​អាច​ជា​ពរជ័យ នោះ​សមាជិក​មិន​គួរ​មាន​អារម្មណ៍​ថា ត្រូវតែ​ចូលរួម​ក្នុង​គ្រប់​សកម្មភាព​នោះ​ទេ ។ សកម្មភាព​ទាំងឡាយ​មិន​គួរ​ដាក់​បន្ទុក​ហួសហេតុ​ទៅលើ​ថ្នាក់ដឹកនាំ និង​សមាជិក​នោះ​ទេ ។

២០.២.៣

បទដ្ឋាន

សកម្មភាព​ទាំងឡាយ​ក្នុង​សាសនាចក្រ​គួរតែ​ជា​រឿង​លើក​តម្កើង និង​គូស​បញ្ជាក់​លើ​អ្វី​ដែលជា « គុណធម៌ គួរ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរឲ្យ​សរសើរ » ( មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ ) ។ សកម្មភាព​ទាំងឡាយ​មិន​ត្រូវ​រួមបញ្ចូល​ចំណុច​ណាមួយ ដែល​ផ្ទុយ​នឹង​ការបង្រៀន​របស់​សាសនាចក្រ​នោះទេ ។ សកម្មភាព​ទាំងឡាយ​មិន​ត្រូវ​រួមបញ្ចូល​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ការកម្សាន្ដ​ផ្សេង​ទៀត​ដែល​មិន​សមរម្យ តែ​បែរ​ជា​ធ្វើ​ឲ្យ​មើល​ទៅ​អាច​ទទួល​យក​បាន​នោះទេ ។

សារធាតុ​នានា​ដែល​ផ្ទុយ​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​នៅក្នុង​សកម្មភាព​ទាំងឡាយ ឬ​បរិវេណ​របស់​សាសនាចក្រ​ឡើយ ។ បុគ្គល​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​ថ្នាំញៀន​ផ្សេង​ទៀត មិន​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ​របស់​សាសនាចក្រ​នោះទេ ។ ប្រសិនបើ​ស្ថានភាព​បែប​នោះ​កើតឡើង នោះ​ថ្នាក់ដឹកនាំ​ត្រូវ​ឆ្លើយតប​ដោយ​សេចក្ដី​មេត្តា​ករុណា ។

២០.២.៤

តុល្យភាព និង​ភាពចម្រុះ

ថ្នាក់ដឹកនាំ​ដាក់​ផែនការ​សកម្មភាព​ទាំងឡាយ​ប្រកប​ដោយ​តុល្យភាព រួមមាន​ការបម្រើ សិល្បៈ​វប្បធម៌ និង​សកម្មភាព​ខាង​រូបកាយ​ជាដើម ( សូមមើល ២០.១ ) ។ សមាជិក​គួរតែ​មាន​ឱកាស​ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ ពួកគេ​ក៏​គួរតែ​គាំទ្រ​ដល់​មនុស្ស​ដទៃ​ក្នុង​ផល​ប្រយោជន៍​របស់​ពួកគេ​ផងដែរ ។

វគ្គ​ខាងក្រោម​នេះ​ផ្តល់ជា​ឧទាហរណ៍​អំពី​សកម្មភាព​ល្អៗ ។

២០.២.៤.១

ការបម្រើ

សកម្មភាព​ការបម្រើ​ផ្ដល់ជា​ឱកាស​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ដទៃ មាន​អំណរ​ក្នុង​ការជួយ​ដល់​ពួកគេ និង​ធ្វើឲ្យ​សហគមន៍​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

សកម្មភាព​ទាំងនេះ​អាច​រួមមាន​ការទៅ​សួរ​សុខទុក្ខ​មនុស្ស​ដែល​ឈឺ ឬ​ឯកោ ការសម្អាត​អគារ និង​ទីធ្លា​សាសនាចក្រ ព្រមទាំង​ការចូលរួម​ក្នុង​គម្រោង​សហគមន៍ ។ នៅ​កន្លែង​ណា​ដែល​មាន នោះ JustServe.org ផ្ដល់​ជា​ឱកាស​បម្រើ​នៅក្នុង​សហគមន៍ ។

សកម្មភាព​ការបម្រើ​គួរតែ​ធ្វើតាម​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព ( សូមមើល ២០.៧.៦.១ ) ។

រូបភាព
ក្រុម​មួយ​កំពុង​ជីក​ដី

២០.២.៤.២

សិល្បៈ​វប្បធម៌

សកម្មភាព​សិល្បៈ​វប្បធម៌​ផ្ដល់ជា​ឱកាស​ឲ្យ​សមាជិក​អភិវឌ្ឍ និង​ចែកចាយ​ទេពកោសល្យ​របស់​ពួកគេ ។ សកម្មភាព​ទាំងនេះ​ក៏​នាំឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត ទំនុកចិត្ត និង​ការសហការគ្នា​ផងដែរ ។ សកម្មភាព​ទាំងនេះ​អាច​រួមមាន​ការបង្ហាញ​សិល្បៈ និង​សិប្បកម្ម ការបង្ហាញ​ទេពកោសល្យ ឬ​ការរាំរែក តន្ដ្រី និង​ការសម្ដែង​រឿង​ជាដើម ។ សកម្មភាព​ទាំងនេះ​ក៏​អាច​រួមមាន​ការប្រារព្ធ​អបអរ​ដល់​វប្បធម៌ ថ្ងៃ​បុណ្យ​ឈប់​សម្រាក ឬ​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ​ក្នុង​មូលដ្ឋាន ឬ​ប្រវត្តិ​ទូទៅ​ផងដែរ ។

២០.២.៤.៣

ការកម្សាន្ដ សុខភាព ភាពមាំមួន និង​កីឡា

ក្នុងនាម​ជា​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​ក្រុម​នៃ​សាសនាចក្រ នោះ​សមាជិក​ទាំងឡាយ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ដែល​រួម​ចំណែក​ដល់​សុខភាព និង​ភាពមាំមួន​របស់​ពួកគេ ។ សកម្មភាព​កម្សាន្ត​មួយ​ចំនួន​ក្នុង​សាសនាចក្រ​អាច​ដាក់​ផែនការ​ជាមុន​បាន ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​អាច​ចូលរួម​ជាមួយគ្នា​បាន ។

សម្រាប់​ព័ត៌មាន​អំពី​សកម្មភាព​កីឡា សូមមើល ២០.៥.៩ ។

២០.២.៥

ការដាក់​កាលវិភាគ​សកម្មភាព

សកម្មភាព​ក្នុង​សាសនាចក្រ​គួរតែ​ដាក់​ផែនការ​ឲ្យបាន​យូរ​ទុក​ជាមុន​តាម​ដែល​អាច​ធ្វើ​ទៅបាន ។ ថ្នាក់ដឹកនាំ​បន្ដ​ជូន​ដំណឹង​ដល់​ឪពុក​ម្ដាយ​អំពី​សកម្មភាព​សម្រាប់​កុមារ និង​យុវវ័យ ។

សកម្មភាព​ទាំងឡាយ​គួរតែ​ធ្វើឡើង​នៅ​ម៉ោង​ដែល​សមរម្យ ។ វា​គួរតែ​បញ្ចប់​នៅម៉ោង​សមរម្យ​ល្មម ដើម្បី​ឲ្យ​អ្នកចូលរួម​អាច​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​បាន​ដោយ​សុវត្ថិភាព ។

ប្រសិនបើ​សកម្មភាព​មួយ​នឹង​ធ្វើឡើង​នៅ​សាលាប្រជុំ ឬ​នៅ​អគារ​សាសនាចក្រ​មួយ​ទៀត នោះ​គួរតែ​បម្រុង​ទុក​អគារ​នោះ​ទុកជា​មុន ដើម្បី​ចៀសវាង​ការដាក់​កាលវិភាគ​ជាន់គ្នា ។

រាត្រី​ថ្ងៃចន្ទ​គឺ​ត្រូវបាន​រក្សា​ទុក​សម្រាប់​សកម្មភាព​ក្នុង​ក្រុមគ្រួសារ ( សូម​មើល ២០.៥.៣ ) ។

២០.២.៦

មូលនិធិ​សម្រាប់​ធ្វើ​សកម្មភាព

សកម្មភាព​ភាគច្រើន​បំផុត​គួរតែ​មាន​លក្ខណៈ​សាមញ្ញ ហើយ​ចំណាយ​បន្តិច​បន្តួច ឬគ្មាន​ចំណាយ​សោះ ។ រាល់​ការចំណាយ​ទាំងអស់​ត្រូវតែ​បាន​អនុម័ត​ជាមុន​ដោយ​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក ។

ជាធម្មតា សមាជិក​មិន​គួរ​ចំណាយ​ប្រាក់​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នានា​នោះទេ ។ សម្រាប់​គោលនយោបាយ និង​គោលការណ៍​ណែនាំ​ស្ដីពី​មូលនិធិ​សម្រាប់​សកម្មភាព​នានា សូមមើល ២០.៦ ។

២០.៣

សកម្មភាព​ស្តេក ពហុស្តេក និង​តំបន់

២០.៣.១

គោលការណ៍​ណែនាំ​ទូទៅ

សកម្មភាព​ក្នុង​សាសនាចក្រ​ភាគច្រើន​គឺ​ធ្វើឡើង​នៅ​កម្រិត​វួដ ។ ថ្នាក់ដឹកនាំ​ក៏ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​ស្ដេក និង​ពហុសេ្ដក​ជា​ប្រចាំ​ផងដែរ នៅពេល​ដែល​សកម្មភាព​បែប​នោះ​នឹង​ជួយ​សម្រេច​បាន​គោលបំណង​នៅក្នុង​វគ្គ ២០.១ ។

សកម្មភាព​ស្ដេក និង​ពហុសេ្ដក​ផ្ដល់​ផល​ប្រយោជន៍​ល្អៗ​ជាច្រើន​ដល់​យុវវ័យ សមាជិក​នៅលីវ និង​ស្ត្រី ជាពិសេស​នៅក្នុង​តំបន់​ដែល​មាន​សមាជិក​តិចតួច ។ សកម្មភាព​ស្តេក និង​ពហុស្តេក​ដែល​រៀបចំ​ផែនការ​បាន​យ៉ាង​ល្អ អាច​ផ្តល់​ដល់​សមាជិក​ទាំងឡាយ​នូវ​រង្វង់​មិត្តភាព​កាន់តែ​ទូលំ​ទូលាយ ។ ថ្នាក់ដឹកនាំ​កំណត់​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក​ដែល​ពួកគាត់​បម្រើ ហើយ​ពិចារណា​ថាតើ​សកម្មភាព​បែបនោះ​នឹង​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​ទាំងនោះ​បាន​ដែរ​ឬទេ ។ បន្ទាប់មក ថ្នាក់ដឹកនាំ​ទាំងនេះ​ចេញ​អនុសាសន៍​ពី​សកម្មភាព​នានា​ដល់​គណៈប្រធាន​ស្តេក ។

២០.៣.២

សកម្មភាព​ស្ដេក

គណៈប្រធាន​យុវជន គណៈប្រធាន​យុវនារី គណៈប្រធាន​សមាគម​សង្រ្គោះ និង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ប្រចាំ​ស្ដេក ចាប់ផ្ដើម​ដំណើរការ​រៀបចំ​សកម្មភាព​ស្ដេក​សម្រាប់​អង្គការ​របស់​ពួកគាត់ ។

គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅលីវ​ស្តេក​ចាប់ផ្ដើម​ដំណើរការ​រៀបចំ​សកម្មភាព​ស្តេក​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ។

ប្រសិនបើ​គណៈកម្មការ​មជ្ឈិមវ័យ​នៅលីវ​ស្ដេក​ត្រូវបាន​រៀបចំ​ឡើង នោះ​សមាជិក​គណៈកម្មការ​ចាប់ផ្ដើម​ដំណើរការ​រៀបចំ​សកម្មភាព​សម្រាប់​មជ្ឈិមវ័យ​នៅលីវ ។

ប្រសិនបើ​គណៈកម្មការ​សកម្មភាព​ស្ដេក​ត្រូវបាន​រៀបចំ​ឡើង នោះ​ពួកគាត់​អាច​ដាក់​ផែនការ​សកម្មភាព​ស្ដេក និង​បម្រើ​ជា​ធនធាន​មួយ​ដល់​អង្គការ​ស្ដេក​ទាំងឡាយ នៅក្នុង​ការដាក់​ផែនការ​ធ្វើ​សកម្មភាព​របស់​ពួកគាត់​បាន ដូច​ដែល​មាន​ចែង​នៅក្នុង ២០.៣.២.១ ។

សកម្មភាព​ស្ដេក​ទាំងអស់​ត្រូវតែ​ទទួល​បាន​ការអនុម័ត​ពី​គណៈប្រធាន​ស្តេក ។ ពួកគាត់​សម្រប​សម្រួល​គ្នា​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ស្ដេក ។

ថ្នាក់ដឹកនាំ​ស្ដេក​ជូន​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​វួដ​អំពី​សកម្មភាព​ស្ដេក​ជាមុន ។ ពួកគាត់​ក៏​ធ្វើឲ្យ​ប្រាកដ​ផងដែរ​ថា សកម្មភាព​ស្ដេក​បំពេញ​ឲ្យ​សកម្មភាព​វួដ ជាជាង​ប្រណាំង​ប្រជែង​នឹង​គ្នា ។

២០.៣.២.១

គណៈកម្មការ​សកម្មភាព​ស្តេក

គណៈប្រធាន​ស្ដេក​អាច​រៀបចំ​គណៈកម្មការ​សកម្មភាព​ស្តេក​មួយ​ឡើង​បាន ដើម្បី​ជួយ​ក្រុមប្រឹក្សា​ស្ដេក​ឲ្យ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ស្ដេក ។ គណៈកម្មការ​សកម្មភាព​ស្តេក​រួមមាន​ប្រធាន​ម្នាក់ ( ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ) និង​សមាជិក​គណៈកម្មការ ( សូមមើល ២០.៣.២.២ និង ២០.៣.២.៣ ) ។ គណៈប្រធាន​ស្តេក​ក៏អាច​អញ្ជើញ​សមាជិក​ដទៃ​ទៀត​ឲ្យ​ជួយ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​មួយ ឬ​ច្រើន​ផងដែរ ។

២០.៣.២.២

ប្រធាន​គណៈកម្មការ​សកម្មភាព​ស្តេក

ប្រសិនបើ​គណៈប្រធាន​ស្តេក​បាន​រៀបចំ​គណៈកម្មការ​សកម្មភាព​ស្តេក​មួយ​ឡើង នោះ​ពួកគាត់​ចាត់តាំង​ឲ្យ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ធ្វើជា​ប្រធាន​គណៈកម្មការ​នេះ ។ ការទទួល​ខុសត្រូវ​របស់​គាត់​អាច​រួមមាន ៖

  • រក្សា​ប្រតិទិន​អំពី​សកម្មភាព​ស្ដេក ។

  • គ្រប់គ្រង​សមាជិក​គណៈកម្មការ​នៅក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​ស្តេក ។

  • ផ្ដល់​អនុសាសន៍​អំពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​ថវិកា​សកម្មភាព​ស្ដេក​ទៅកាន់​គណៈប្រធាន​ស្ដេក មុន​ដើមឆ្នាំ​នីមួយៗ ។ គម្រោង​ថវិកា​នេះ​មិន​រួមបញ្ចូល​សកម្មភាព​នានា ដែល​ជា​សកម្មភាព​សម្រាប់​អង្គការ​ស្ដេក​នីមួយៗ​នោះ​ឡើយ ។

  • បម្រើ​ជា​ធនធាន​មួយ​ដល់​ថ្នាក់ដឹកនាំ​អង្គការ​ស្ដេក នៅពេល​ពួកគាត់​ដាក់​ផែនការ​សកម្មភាព​នានា ។

២០.៣.២.៣

សមាជិក​នៃ​គណៈកម្មការ​សកម្មភាព​ស្តេក

សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង​មួយ​រូប អាច​ហៅ​សមាជិក​ឲ្យបម្រើ​ក្នុង​គណៈកម្មការ​សកម្មភាព​ស្តេក​បាន ។ ពួកគេ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មការ ។ សមាជិក​គណៈកម្មការ​ជួយ​ដាក់​ផែនការ និង​រៀបចំ​សកម្មភាព​នៅក្នុង​ស្ដេក ។

២០.៣.៣

សកម្មភាព​ពហុស្តេក និង​សកម្មភាព​តំបន់

នៅក្នុង​តំបន់​ដែល​មាន​យុវវ័យ​តិចតួច ថ្នាក់ដឹកនាំ​គួរតែ​ធ្វើ​សកម្មភាព​យុវវ័យ​ពហុស្ដេក​ជាប្រចាំ ដើម្បីឲ្យ​យុវវ័យ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការជួបជុំ​គ្នា​ជា​ក្រុម​ធំៗ ។ សកម្មភាព​ប្រចាំ​តំបន់​សម្រាប់​យុវវ័យ​ក៏អាច​ធ្វើឡើង​ម្ដងម្កាល​ផងដែរ ។

សកម្មភាព​ពហុស្ដេក​ជារឿយៗ​គួរតែ​ធ្វើឡើង​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ នៅពេល​ដែល​ការជួបជុំ​គ្នា​មិន​តម្រូវ​ឲ្យ​ចំណាយ​ពេលវេលា ឬ​ប្រាក់កាស​ច្រើន​ហួសហេតុ ។ សកម្មភាព​ប្រចាំ​តំបន់​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​ក៏អាច​ធ្វើឡើង​ម្ដងម្កាល​ផងដែរ ។

សម្រាប់​ព័ត៌មាន​អំពី​សកម្មភាព​ពហុស្ដេក​សម្រាប់​សមាជិក​នៅលីវ សូមមើល ១៤.២.១.៣ ។

សកម្មភាព​ពហុស្ដេក​គួរតែ​មាន​លក្ខណៈ​សាមញ្ញ និង​ខុសៗ​គ្នា ។

ប្រសិនបើ​ប្រធាន​ស្តេក​មាន​អារម្មណ៍​ថា សកម្មភាព​ពហុស្តេក​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សមាជិក​នៃ​ស្តេក​របស់​ពួកគាត់ នោះ​ពួកគាត់​អាច​ស្នើសុំ​ឲ្យមាន​ការអនុម័ត​មកពី​គណៈប្រធាន​តំបន់​បាន ។ មុនពេល​ស្នើសុំ​ធ្វើ​សកម្មភាព​ពហុស្ដេក នោះ​ប្រធាន​ស្តេក​សម្រេច​ថា​តើ​វា​គឺជា​វិធី​ដ៏ល្អ​បំផុត​ដែរឬ​អត់ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​នានា​ដែល​ពួកគាត់​បាន​កំណត់​មក​នោះ ។ ប្រធាន​ស្តេក​ពិចារណា​អំពី​ការចំណាយ ពេលវេលា និង​ការធ្វើ​ដំណើរ​ដែល​សកម្មភាព​នេះ​តម្រូវ​ឲ្យមាន ។ ពួកគាត់​ក៏​ពិចារណា​អំពី​សុវត្ថិភាព​ផងដែរ ( សូមមើល ២០.៧.៦ ) ។

ការប្រជុំ​ដើម្បី​សម្រប​សម្រួល​ផែនការ​សកម្មភាព​ពហុស្ដេក អាច​ធ្វើ​ឡើង​មុនពេល ឬ​ក្រោយ​ពេល​ការប្រជុំ​ក្រុមប្រឹក្សា​តំបន់ និង​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល ( សូមមើល ៥.២.៣ និង ៥.២.៤ ) ។ តាម​ការចាំបាច់ នោះ​ថ្នាក់ដឹកនាំ​បន្ថែម​ទៀត—រួមមាន​ប្រធាន​សមាគម​សង្គ្រោះ ប្រធាន​ក្រុម​យុវជន និង​ប្រធាន​ក្រុម​យុវនារី—អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ការប្រជុំ​នេះ​បាន ។

គណៈប្រធាន​តំបន់​អាច​ចាត់តាំង​ប្រធាន​ស្ដេក ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ឲ្យ​ដឹកនាំ​គណៈកម្មការ ដែល​រៀបចំ​ផែនការ និង​អនុវត្ត​សកម្មភាព​ពហុស្តេក ឬ​សកម្មភាព​ប្រចាំ​តំបន់ ។ គណៈប្រធាន​ស្តេក​អាច​ហៅ​សមាជិក​ក្នុង​ស្ដេក​របស់​ពួកគាត់ ឲ្យ​បម្រើ​នៅក្នុង​គណៈកម្មការ​ទាំងនេះ​បាន ។

មូលនិធិ​សម្រាប់​សកម្មភាព​ពហុស្ដេក​ភាគច្រើន​គឺ​បាន​មកពី​មូលនិធិ​គម្រោង​ថវិកា​នៃ​ស្ដេក​ដែល​ចូលរួម​ទាំងឡាយ ។ មូលនិធិ​សម្រាប់​សកម្មភាព​ប្រចាំ​តំបន់​អាច​បាន​មកពី​តំបន់ ឬ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ នៅពេល​អនុម័ត​ឲ្យ ។

២០.៣.៤

ការអនុលោម​តាម​គោលនយោបាយ​ការធ្វើ​ដំណើរ​ក្នុង​សាសនាចក្រ

សកម្មភាព​ស្ដេក ពហុស្តេក និង​សកម្មភាព​តំបន់​គួរតែ​អនុលោម​តាម​គោលនយោបាយ​ស្ដីពី​ការធ្វើ​ដំណើរ​របស់​សាសនាចក្រ ( សូមមើល ២០.៧.៧ ) ។ ការធ្វើ​ដំណើរ​សម្រាប់​សន្និសីទ ដ.ក.យ. គួរតែ​អនុលោម​ទៅតាម​គោលនយោបាយ​ស្ដីពី​ការធ្វើ​ដំណើរ​របស់​សាសនាចក្រ លើកលែង​តែ​ពេល​អ្នកគ្រប់គ្រង ដ.ក.យ. ផ្ដល់​សេចក្ដី​ណែនាំ​ផ្សេងទៀត​ដល់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ។

រូបភាព
មនុស្ស​និយាយ​គ្នា

២០.៤

សន្និសីទ​យុវវ័យ

ដោយ​ចាប់ផ្តើម​នៅ​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ដល់​អាយុ ១៤ ឆ្នាំ នោះ​យុវជន និង​យុវនារី​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​គ្នា​នៅក្នុង​សន្និសីទ​យុវវ័យ ។ ជាធម្មតា សន្និសីទ​យុវវ័យ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង​នៅ​កម្រិត​វួដ ឬ​ស្តេក ។ សន្និសីទ​ទាំងនេះ​ក៏អាច​ធ្វើឡើង​នៅ​កម្រិត​ពហុស្ដេក ឬ​តំបន់​បាន​ផងដែរ ។ នៅ​ឆ្នាំ​ដែល​យុវវ័យ​ត្រូវបាន​ចាត់តាំង​ឲ្យ​ចូលរួម​សន្និសីទ ដ.ក.យ. នោះ​ស្ដេក និង​វួដ​មិន​គួរ​ធ្វើ​សន្និសីទ​យុវវ័យ​នោះទេ ។

គោលបំណង​នៃ​សន្និសីទ​យុវវ័យ​គឺ​ដើម្បី​ជួយ​យុវវ័យ​ឲ្យ ៖

  • ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ពង្រឹង​ទីបន្ទាល់ ។

  • អភិវឌ្ឍ​ទេពកោសល្យ ។

  • បង្កើត​មិត្តភក្តិ​ថ្មីៗ ។

  • មាន​ភាពរីករាយ​ជាមួយ​នឹង​យុវវ័យ​ដែល​មាន​ជំនឿ និង​បទដ្ឋាន​ដូចគ្នា ។

យុវវ័យ​ក៏អាច​រៀន​ជំនាញ​ភាពជា​អ្នកដឹកនាំ​ផងដែរ នៅពេល​ពួកគេ​ជួយ​ដាក់​ផែនការ​សន្និសីទ​យុវវ័យ ។

ក្រុមប្រឹក្សា​យុវវ័យ​វួដ​គឺជា​អ្នក​ដែល​ដាក់​ផែនការ និង​ធ្វើ​សន្និសីទ​យុវវ័យ​វួដ ដោយ​នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព ( សូមមើល ២៩.២.៦ ) ។ គណៈប៊ីស្សព​ទទួល​បាន​ការអនុម័ត​ពី​គណៈប្រធាន​ស្តេក ទាក់ទង​នឹង​ផែនការ​សម្រាប់​សន្និសីទ​យុវវ័យ​វួដ ។

គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យ​ស្តេក​គឺជា​អ្នកដាក់​ផែនការ និង​ធ្វើ​សន្និសីទ​យុវវ័យ​ស្ដេក ( សូមមើល ២៩.៣.១០ ) ។ អ្នក​គួរតែ​អញ្ជើញ​យុវវ័យ​ឲ្យ​ជួយ​ដល់​គណៈកម្មការ​នេះ​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

សន្និសីទ​យុវវ័យ​ទទួល​បាន​មូលនិធិ​មកពី​គម្រោង​ថវិកា​ស្ដេក ឬ​វួដ ។ អ្នក​មិន​គួរ​សុំ​សមាជិក​ឲ្យ​បង់ថ្លៃ​ចំណាយ​សម្រាប់​សន្និសីទ​យុវវ័យ​នោះ​ឡើយ ( សូមមើល ២០.៦ ) ។

នៅពេល​ថ្នាក់ដឹកនាំ និង​យុវវ័យ​ដាក់​ផែនការ​ធ្វើ​សន្និសីទ​យុវវ័យ នោះ​ពួកគាត់​គួរតែ​អនុវត្ត​តាម​គោលនយោបាយ​នៅក្នុង​ជំពូក​នេះ និង​គោលការណ៍​ណែនាំ​ដូច​តទៅ​នេះ ៖

  • ជ្រើសរើស​បាវចនា​ដំណឹងល្អ​មួយ ដូចជា​បទគម្ពីរ​មួយ ដែល​នឹង​បំផុស​គំនិត​ដល់​យុវវ័យ ហើយ​ជួយ​ពួកគេ​ឲ្យ​យល់ពី​ការរំពឹង​ទុក​ពី​សន្និសីទ​នេះ ។ អ្នក​អាច​ប្រើ​បាវចនា​យុវវ័យ​ប្រចាំ​ឆ្នាំ​របស់​សាសនាចក្រ​ធ្វើជា​បាវចនា​សន្និសីទ​នេះ​បាន ។ គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​គួរតែ​អនុម័ត​លើ​បាវចនា​នេះ។

  • ដាក់​ផែនការ​សកម្មភាព​ដែល​ស៊ីគ្នា​នឹង​បាវចនា​នេះ ។

  • ទទួល​បាន​ការអនុម័ត​ពី​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក​សម្រាប់​អ្នកឡើង​និយាយ និង​សកម្មភាព​ទាំងអស់ ។ អ្នកឡើង​និយាយ​ទាំងឡាយ​គួរតែ​ជា​សមាជិក​សាសនាចក្រ ដែល​បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ សូមមើល ៣៨.៨.១៧ សម្រាប់​គោលការណ៍​ណែនាំ​ផ្សេងទៀត​ទាក់ទង​នឹង​អ្នកឡើង​និយាយ ។

  • ប្រសិនបើ​ព្រឹត្តិការណ៍​មួយ​ត្រូវ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ នោះ​វា​គួរតែ​មាន​លក្ខណៈ​សមរម្យ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ។ ការប្រជុំ​ទីបន្ទាល់ ការពិភាក្សា​ជាមួយ​នឹង​គណៈប៊ីស្សព ឬ​ការប្រជុំ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ ។ ប៉ុន្ដែ​ការប្រជុំ​សាក្រាម៉ង់​មិន​ត្រូវ​ធ្វើឡើង​នោះទេ—ហើយ​មិន​ត្រូវ​ចែក​សាក្រាម៉ង់​នោះ​ឡើយ—នៅក្រៅ​សាលាប្រជុំ​នៃ​វួដ ឬ​ស្ដេក ។ បើ​មាន​ករណី​លើកលែង​ណាមួយ នោះ​វា​ត្រូវតែ​សម្រាប់​សកម្មភាព​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ ហើយ​វា​ត្រូវតែ​មាន​ការអនុម័ត​មកពី​គណៈប្រធាន​តំបន់ ។ ក្រុម​ទាំងឡាយ​មិន​គួរ​ធ្វើ​ដំណើរ​ទៅ ឬ​មក​សន្និសីទ​យុវវ័យ​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។

  • ធានា​ឲ្យមាន​ការគ្រប់គ្រង​ពី​មជ្ឈិមវ័យ​ឲ្យ​បាន​គ្រប់គ្រាន់​នៅគ្រប់​ពេលវេលា​ទាំងអស់ ( សូមមើល ២០.៧.១ ) ។

  • ធ្វើតាម​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​ទាំងអស់​នៅក្នុង ២០.៧.៦ ។

អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​សន្និសីទ​នេះ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន ។ អ្នកដឹកនាំ​ទាំងនេះ​រួមមាន​សមាជិក​នៃ​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក គណៈប្រធាន​ក្រុម​យុវនារី​វួដ ឬ​ស្តេក និង​គណៈប្រធាន​ក្រុម​យុវជន​វួដ ឬ​ស្តេក ។ អ្នកប្រឹក្សា​យោបល់​ក្រុម​យុវនារី និង​ក្រុម​យុវជន​ប្រចាំ​វួដ​ក៏អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ ។

២០.៥

គោលនយោបាយ និង​គោលការណ៍​ណែនាំ​សម្រាប់​ការជ្រើសរើស និង​ការដាក់​ផែនការ​សកម្មភាព

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា គោលនយោបាយ និង​គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​ត្រូវបាន​អនុវត្ត​តាម នៅពេល​ធ្វើការ​ជ្រើសរើស និង​ដាក់​ផែនការ​សកម្មភាព​នានា​ក្នុង​សាសនាចក្រ ។

២០.៥.១

សកម្មភាព​ពាណិជ្ជកម្ម ឬ​នយោបាយ

សកម្មភាព​ដែល​ធ្វើឡើង​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម ឬ​នយោបាយ​គឺ​មិន​ត្រូវបាន​អនុញ្ញាត​នោះ​ទេ ( សូមមើល ៣៥.៥.២ ) ។

២០.៥.២

ការរាំ និង​តន្ដ្រី

នៅក្នុង​ការរាំរែក​ទាំងអស់ សម្លៀក​បំពាក់ ការតុបតែង​ខ្លួន ពន្លឺ របៀប​រាំ ទំនុក​បទ និង​តន្ដ្រី​គួរតែ​រួម​ចំណែក​ឲ្យ​មាន​បរិយាកាស​មួយ ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់នៅ​បាន ( សូមមើល​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ) ។

ថ្នាក់ដឹកនាំ​ប្រើ​ទម្រង់​បែបបទ កិច្ចសន្យា​សម្ដែង នៅពេល​ជួល​ក្រុម​អ្នកចម្រៀង ក្រុម​តន្ដ្រី ឬ ឌីចេ ។ កិច្ចសន្យា​នេះ​ជួយ​ធានា​ឲ្យ​បាន​ថា ការប្រព្រឹត្ត និង​តន្ដ្រី​គឺ​សមរម្យ​សម្រាប់​ការរាំរែក​នៅក្នុង​សាសនាចក្រ ។ ថ្នាក់ដឹកនាំ​ធ្វើការ​ព្រមព្រៀង​ដ៏​ជាក់ច្បាស់​ជា​លាយលក្ខណ៍ ដែល​តម្រូវ​ឲ្យ​អ្នក​ដែល​លេង​តន្ដ្រី​ត្រូវ​ធ្វើតាម​បទដ្ឋាន​សាសនាចក្រ​នៅក្នុង​សកម្មភាព​សាសនាចក្រ ។

២០.៥.៣

រាត្រី​ថ្ងៃ​ចន្ទ

សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​ជា​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ចន្ទ ឬ​នៅពេល​ផ្សេងទៀត ។ ពុំ​គួរ​មាន​សកម្មភាព​សាសនាចក្រ ការប្រជុំ កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក ត្រូវ​ធ្វើ​ឡើង​បន្ទាប់ពី​ម៉ោង ៦:០០ ល្ងាច ថ្ងៃ​ចន្ទ​នោះ​ទេ ។

ថ្នាក់ដឹកនាំ​ធានា​ឲ្យ​បាន​ថា អគារ​សាសនាចក្រ និង​អគារ​ផ្សេងទៀត​ត្រូវ​បិទ​នៅ​រាត្រី​ថ្ងៃ​ចន្ទ ។ ពិធី​ទទួល​ភ្ញៀវ និង​សកម្មភាព​ស្រដៀង​គ្នា​នេះ​មិន​គួរ​ធ្វើឡើង​នៅក្នុង​អគារ​សាសនាចក្រ​នៅ​រាត្រី​ថ្ងៃ​ចន្ទ​នោះ​ទេ ។

ជា​ករណី​លើកលែង វួដ​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ និង​វួដ​សម្រាប់​មជ្ឈិម​វ័យ​នៅ​លីវ​អាច​ធ្វើ​សកម្មភាព​នៅ​រាត្រី​ថ្ងៃ​ចន្ទ​បាន រួម​ទាំង​សកម្មភាព​នៅក្នុង​អគារ​សាសនាចក្រ​ផងដែរ ។ ករណី​លើកលែង​មួយ​ក៏អាច​មាន​ផងដែរ នៅពេល​ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ​គឺជា​ថ្ងៃ​ចន្ទ ( សូមមើល ២០.៥.៤ ) ។

២០.៥.៤

សកម្មភាព​ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ

ប្រសិនបើ​វួដ ឬ​ស្ដេក​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ ហើយ​ប្រសិនបើ​ល្ងាច​ថ្ងៃ​ឆ្លងឆ្នាំ​គឺ​ចំ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ចន្ទ នោះ​ថ្នាក់ដឹកនាំ​គួរតែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដូច​តទៅ​នេះ ។

ថ្ងៃ​សៅរ៍ ។ ប្រធាន​ស្តេក​អាច​ដាក់​កាលវិភាគ​នៅ​ថ្ងៃ​អាទិត្យ​ក្រោយៗ​សម្រាប់​ធ្វើជា​ថ្ងៃអាទិត្យ​តម​អាហារ​បាន ។ សកម្មភាព​នេះ​អាច​បន្ដ​ហួស​កណ្ដាល​អាធ្រាត្រ​បាន ។ ប៉ុន្ដែ​វា​គួរតែ​បញ្ចប់​ភ្លាមៗ​បន្ទាប់ពី​នោះ ដើម្បី​ឲ្យ​អ្នកចូលរួម​អាច​ចូលរួម​ការប្រជុំ​ថ្ងៃ​អាទិត្យ​បាន ។

ថ្ងៃ​អាទិត្យ ។ សកម្មភាព​ក្នុង​សាសនាចក្រ​អាច​រៀបចំ​ផែនការ​សម្រាប់​ថ្ងៃ​សៅរ៍ ទី ៣០ ខែ ធ្នូ បាន ។ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​នៅក្នុង​កថាខណ្ឌ​មុន​នេះ ។ ក្រុមគ្រួសារ​អាច​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រារព្ធ​ធ្វើ​បុណ្យ​ឆ្លងឆ្នាំ​នៅតាម​គេហដ្ឋាន​របស់​ពួកគេ ។ សកម្មភាព​ទាំងឡាយ​គួរតែ​សមរម្យ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ។

ថ្ងៃ​ចន្ទ ។ ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​ប្រើ​អគារ​សាសនាចក្រ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​បាន ។

២០.៥.៥

សកម្មភាព​ស្នាក់នៅ​ពេលយប់

សកម្មភាព​ទាំងអស់​នៅក្នុង​សាសនាចក្រ​ដែល​មាន​ការស្នាក់នៅ​ពេលយប់ ដែល​ទាក់ទង​នឹង​យុវវ័យ តម្រូវ​ឲ្យមាន​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ( សូមមើល ២០.៧.៤ ) ។

សកម្មភាព​នៅក្នុង​សាសនាចក្រ​ដែល​មាន​ការស្នាក់នៅ​ពេលយប់​សម្រាប់​ក្រុម​យុវជន និង​យុវនារី​លាយចូលគ្នា ត្រូវតែ​មាន​ការអនុម័ត​មកពី​ប៊ីស្សព និង​ប្រធាន​ស្តេក ។ ការណ៍​នេះ​ក៏អនុវត្ត​សម្រាប់​សកម្មភាព​សម្រាប់​សមាជិក​នៅលីវ​ជា​បុរស និង​ស្ដ្រី​ផងដែរ ។ សកម្មភាព​បែបនេះ​គួរតែ​កម្រ​មាន​ណាស់ ។ ឧទាហរណ៍​រួមមាន សន្និសីទ​យុវវ័យ សន្និសីទ ដ.ក.យ. ឬ​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​តម្រូវ​ឲ្យមាន​ការធ្វើ​ដំណើរ​រយៈ​ចម្ងាយ​ឆ្ងាយ ។

អ្នកចូលរួម​បុរស និង​ស្ដ្រី ព្រមទាំង​ថ្នាក់ដឹកនាំ​គួរតែ​មាន​កន្លែង​សម្រាន្ដ​ដាច់​ដោយ​ឡែក​ពីគ្នា ។ ទោះជា​យ៉ាងណា គូស្វាមី​ភរិយា​ដែល​បាន​រៀបការ​ហើយ​អាច​នៅក្នុង​បន្ទប់ ឬ​តង់​តែមួយ​ជាមួយគ្នា​បាន ។ យុវវ័យ​ម្នាក់ៗ​គួរតែ​មាន​គ្រែ ឬ​ភួយ​សម្រាប់​គេង​រៀងៗ​ខ្លួន ។

នៅក្នុង​ករណី​ភាគច្រើន យុវវ័យ​មិន​ស្នាក់នៅ​ក្នុង​តង់ ឬ​បន្ទប់​តែមួយ​ជាមួយ​នឹង​មជ្ឈិមវ័យ​នោះទេ លុះត្រាតែ​មជ្ឈិមវ័យ​នោះ​គឺជា​ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល​របស់​គាត់​ប៉ុណ្ណោះ ។ ករណី​លើកលែង​អាច​មាន ប្រសិនបើ​មាន​យ៉ាង​ហោច​ណាស់​មជ្ឈិមវ័យ​ពីររូប​នៅក្នុង​តង់ ឬ​បន្ទប់​នោះ ដែល​មាន​ភេទ​ដូចគ្នា​នឹង​យុវវ័យ​នោះ ។

ប្រសិនបើ​ថ្នាក់ដឹកនាំ​ដែល​ជា​មនុស្ស​ពេញ​វ័យ ឬ​យុវវ័យ គេង​យប់​ជាមួយ​គ្នា​នៅក្នុង​កន្លែង​ផ្សេងទៀត ដូចជា​នៅក្នុង​បន្ទប់​កាប៊ីន នោះ​ត្រូវតែ​មាន​មជ្ឈិមវ័យ​ពីរនាក់​យ៉ាង​តិច​នៅក្នុង​កន្លែង​នីមួយៗ​ទាំងនោះ ហើយ​ពួកគេ​ត្រូវតែ​មាន​ភេទ​ដូចគ្នា​នឹង​យុវវ័យ ។

រាល់​សកម្មភាព​នៅក្នុង​សាសនាចក្រ​ដែល​មាន​ការស្នាក់នៅ​ពេលយប់​ទាំងអស់ ត្រូវតែ​មាន​ថ្នាក់ដឹកនាំ​ដែល​ជាមជ្ឈិមវ័យ​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​នាក់ ។

ចំនួន​អ្នកកាន់​បព្វជិតភាព​ជា​មជ្ឈិមវ័យ​ត្រូវតែ​មាន​វត្តមាន​គ្រប់គ្រាន់​នៅគ្រប់​ពេល​ទាំងអស់ នៅក្នុង​សកម្មភាព​ស្នាក់នៅ​ពេលយប់​នោះ ដើម្បី​ផ្ដល់​ការគាំទ្រ និង​ការការពារ ។ សម្រាប់​សកម្មភាព​ក្រុម​យុវនារី អ្នកកាន់​បព្វជិតភាព​ត្រូវតែ​ស្នាក់នៅ​ក្នុង​កន្លែង​ដាច់​ដោយ​ឡែក​ពី​ក្រុម​យុវនារី ។

ថ្នាក់ដឹកនាំ​បំពេញ​តាម ទម្រង់​បែបបទ​គម្រោង​ព្រឹត្តិការណ៍ និង​សកម្មភាព សម្រាប់​សកម្មភាព​ស្នាក់នៅ​ពេលយប់​ទាំងអស់ ។

សកម្មភាព​ស្នាក់នៅ​ពេលយប់​នៅឯ​សាលាប្រជុំ​របស់​សាសនាចក្រ ឬ​នៅ​ទីធ្លា​សាលាប្រជុំ​គឺ​មិន​ត្រូវបាន​អនុម័ត​នោះទេ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « FAQs—What Should I Do? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

២០.៥.៦

ការពិពណ៌នា​អំពី​ព្រះ

ព្រះ​ជា​ព្រះវរបិតា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មិន​ត្រូវ​យក​មក​សម្តែង​នៅក្នុង​ការប្រជុំ ការសម្ដែង​រឿង ឬ​ការប្រគុំ​តន្ដ្រី​នោះទេ ។

ប្រសិនបើ​ត្រូវ​សម្ដែង​ជា​ព្រះអង្គ​សង្គ្រោះ នោះ​វា​ត្រូវតែ​ប្រព្រឹត្ត​ដោយ​គារវភាព និង​សេចក្ដី​ថ្លៃថ្នូរ ។ មានតែ​បុរស​ដែល​មាន​អត្តចរិត​ផ្ទាល់ខ្លួន​ល្អ​សមរម្យ​ប៉ុណ្ណោះ ទើប​អាច​ត្រូវបាន​ពិចារណា​ឲ្យ​ដើរតួ​សម្ដែង​ផ្នែក​នេះ​បាន ។ បុគ្គល​ដែល​សម្ដែង​ជា​ព្រះអង្គ​សង្គ្រោះ​នេះ​មិន​គួរ​ច្រៀង ឬ​រាំ​នោះ​ទេ ។ នៅពេល​និយាយ គាត់​គួរតែ​ប្រើ​តែ​សម្ដី​ដកស្រង់​ដោយ​ផ្ទាល់​ពី​បទគម្ពីរ​ដែល​បាន​មាន​បន្ទូល​ដោយ​ព្រះអង្គ​សង្គ្រោះ​តែប៉ុណ្ណោះ ។ នៅចុង​បញ្ចប់​នៃ​ការសម្ដែង គាត់​គួរតែ​ផ្លាស់ប្ដូរ​ទៅ​សម្លៀក​បំពាក់​ធម្មតា​វិញ​ភ្លាម ។

កុមារ​មិនគួរ​សម្ដែង​ជា​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការសម្ដែង​រឿង​នោះទេ លើកលែង​តែ​នៅក្នុង​ឈុត​ព្រះប្រសូតិកម្ម ។

២០.៥.៧

ការអធិស្ឋាន និង​ការប្រជុំ​ធម្មនិដ្ឋាន​នៅក្នុង​សកម្មភាព​នានា

សកម្មភាព​ទាំងអស់​គួរតែ​មាន​ការអធិស្ឋាន​បើក ហើយ​នៅពេល​ណា​សមរម្យ ក៏មាន​ការអធិស្ឋាន​បិទ​ផងដែរ ។ អាច​រួមបញ្ចូល​នូវ​ទំនុក​តម្កើង ការចែកចាយ​គំនិត​ខាង​វិញ្ញាណ ឬ​ការនិយាយ​ដោយ​អ្នកដឹកនាំ ឬ​អ្នកចូលរួម​ម្នាក់​បាន ។

២០.៥.៨

ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ

ពុំ​ត្រូវមាន​ការបោះ​ជំរំ ព្រឹត្តិការណ៍​កីឡា ឬ​ព្រឹត្តិការណ៍​កម្សាន្ដ​ក្នុង​សាសនាចក្រ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។ ហើយ​ក៏ពុំ​គួរមាន​ក្រុម​យុវវ័យ និង​អ្នកផ្សេង​ទៀត​ធ្វើ​ដំណើរ​ទៅ ឬ​មកពី​ការបោះ​ជំរំ ឬ​សន្និសីទ​យុវវ័យ​នៅ​ថ្ងៃ​អាទិត្យ​ដែរ ។

ជា​ករណី​លើកលែង នៅពេល​ចំណាយ​ថ្លៃ​សុវត្ថិភាព ឬ​ការធ្វើ​ដំណើរ​គឺជា​រឿង​មាន​ការបារម្ភ​ខ្លាំង នោះ​សកម្មភាព​យុវវ័យ​មួយ​ចំនួន​អាច​ត្រូវ​ដាក់ឲ្យ​ធ្វើ​នៅ​ថ្ងៃអាទិត្យ ភ្លាមៗ​បន្ទាប់ពី​ការប្រជុំ​ថ្វាយ​បង្គំ​នៅ​ថ្ងៃអាទិត្យ ។ សកម្មភាព​ទាំងនេះ​គួរតែ​ធ្វើ​ដាច់​ដោយ​ឡែក​ពី​កាលវិភាគ​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ ។ សកម្មភាព​ទាំងនេះ​គួរតែ​ត្រូវគ្នា​នឹង​ស្មារតី​នៃ​ថ្ងៃ​ឈប់​សម្រាក ។ វា​តម្រូវ​ឲ្យមាន​ការអនុម័ត​មកពី​ប៊ីស្សព និង​ប្រធាន​ស្តេក ។

២០.៥.៩

កីឡា

សកម្មភាព​កីឡា​នៅក្នុង​សាសនាចក្រ​ផ្ដល់​ឱកាស​ឲ្យមាន​សកម្មភាព​ខាង​រូបកាយ និង​ការចង​មិត្តភាព ។ សកម្មភាព​ទាំងនេះ​សង្កត់​ធ្ងន់​លើ​ការចូលរួម មិត្តភាព​ក្នុង​កីឡា និង​ការអភិវឌ្ឍ​ជំនាញ ។ នៅពេល​សកម្មភាព​នេះ​ពាក់ព័ន្ធ​នឹង​ការប្រកួត​ប្រជែង​គ្នា នោះ​គួរតែ​មាន​ការខិតខំ​ទាំងអស់​ដើម្បី​ចៀសវាង​ពី​ការទាស់ទែង​គ្នា ។ សមាជិក​ក្រុម​ទាំងអស់​គួរតែ​មាន​ឱកាស​ជាប្រចាំ​ដើម្បី​លេង មិនថា​ពួកគេ​មាន​ជំនាញ​កម្រិត​ណា​នោះទេ ។

គណៈប្រធាន​ស្តេក​មើលការ​ខុសត្រូវ​លើ​សកម្មភាព​កីឡា​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​នៅក្នុង​ស្តេក​របស់​ពួកគាត់ ។ ពួកគាត់​ក៏​បង្កើត​ជា​គោលការណ៍​ណែនាំ​ដែល ( ១ ) បញ្ជាក់ពី​អាយុ​ដែល​អ្នកលេង​អាច​ចូលរួម​នៅក្នុង​កីឡា​សាសនាចក្រ​បាន និង ( ២ ) កំណត់​ពី​សិទ្ធិ​ចូលរួម​របស់​អ្នកលេង ។ ការសម្រេច​ចិត្ត​បែបនេះ​គួរតែ​ធ្វើ​ឡើង មុនពេល​ចាប់ផ្ដើម​រដូវកាល​លេង​កីឡា ។

ប្រសិនបើ​សកម្មភាព​កីឡា​ពហុស្តេក​ត្រូវបាន​ធ្វើ​ឡើង នោះ​គណៈប្រធាន​តំបន់ ឬ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ត្រូវ​មើលការ​ខុសត្រូវ​លើ​សកម្មភាព​ទាំងនេះ ។ សកម្មភាព​ទាំងនេះ​ត្រូវ​គ្រប់គ្រង​ដោយ​អ្នកជំនាញ​ខាង​កីឡា ដែល​ត្រូវបាន​ហៅ​ដោយ​ភ្នាក់ងារ​ប្រធាន​ស្តេក ដែល​បាន​រៀបចំ​ដោយ​គណៈប្រធាន​តំបន់ ។ ការប្រកួត​ប្រជែង​កីឡា​ប្រចាំ​តំបន់​មិន​ត្រូវបាន​អនុម័ត​នោះទេ ។

អ្នកចូលរួម​ក្នុង​សកម្មភាព​កីឡា​សាសនាចក្រ​មិន​ចាំបាច់​តែជា​សមាជិក​សាសនាចក្រ​នោះទេ ។ ទោះជា​យ៉ាងណា ពួកគេ​គួរតែ​រស់នៅ​ក្នុង​ព្រំដែន​អង្គភាព​នោះ ហើយ​យល់ព្រម​ធ្វើតាម​បទដ្ឋាន និង​គោលនយោបាយ​របស់​សាសនាចក្រ​អំឡុងពេល​សកម្មភាព​ទាំងនេះ ។

ប្រសិនបើ​មាន​ការប្រើ​ឯកសណ្ឋាន​ក្រុម នោះ​វា​គួរតែ​សាមញ្ញ មិន​សូវ​ថ្លៃ និង​សមរម្យ​សម្រាប់​សកម្មភាព​នោះ ។ ជាធម្មតា​អាវយឺត ឬ​អាវ​រងារ​ពណ៌​គឺ​គ្រប់គ្រាន់​ហើយ ។ ឯកសណ្ឋាន​គួរតែ​បង់​ចេញពី​គម្រោង​ថវិកា​ស្ដេក ឬ​វួដ ។

ការផ្ដល់​រង្វាន់ ឬ​ជើងពាន​ដល់​ក្រុម ឬ​បុគ្គល​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​នោះទេ ។

២០.៥.១០

ការទៅ​ព្រះវិហារ​បរិសុទ្ធ

ការទៅ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​រៀបចំ​ឡើង​នៅ​កម្រិត​វួដ ឬ​ស្ដេក​នៅក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចាត់តាំង ។

ការរៀបចំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រៅ​វួដ ឬ​ស្តេក មិន​ត្រូវបាន​លើក​ទឹកចិត្ត​នោះ​ទេ ។ ការទៅ​ដូច្នេះ​តម្រូវ​ឲ្យមាន​ការអនុម័ត​មកពី​គណៈប្រធាន​ស្តេក ។ ការទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាក​យប់​ក៏​តម្រូវ​ឲ្យមាន​ការអនុម័ត​មកពី​គណៈប្រធាន​ស្តេក​ផងដែរ ។

ការទៅ​ព្រះវិហារ​បរិសុទ្ធ​ត្រូវតែ​អនុលោម​ទៅតាម​គោលនយោបាយ​ធ្វើ​ដំណើរ​នៅក្នុង ២០.៧.៧ ។ ការទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាក​យប់​ក៏​ត្រូវតែ​អនុលោម​ទៅតាម​គោលនយោបាយ​នៅក្នុង ២០.៥.៥ ផងដែរ ។

រូបភាព
ស្ដ្រី​ម្នាក់​កំពុង​ដេរ

២០.៥.១១

សកម្មភាព​ដែល​គ្មាន​ការអនុម័ត

អង្គភាព​សាសនាចក្រ​អាច​មិនផ្ដល់​ការឧបត្ថម្ភ​ដល់​សកម្មភាព ដែល​មិន​ត្រូវ​នឹង​គោលការណ៍​ណែនាំ​នៅក្នុង​ជំពូក​នេះ​នោះ​ទេ ។ សកម្មភាព​ទាំងនោះ​រួមមាន ៖

  • សកម្មភាព​ដែល​មាន​ហានិភ័យ​គ្រោះថ្នាក់ ឬ​ជំងឺ​ខ្ពស់ ( សូមមើល ២០.៧.៦ ) ។

  • សកម្មភាព​ដែល​តម្រូវ​ឲ្យមាន​ការចំណាយ​ច្រើន ឬ​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ( សូមមើល ២០.៧.៧ ) ។

  • កម្មវិធី​ហាត់​ប្រាណ ដែល​មាន​តន្រ្តី កំណាព្យ សម្លៀក​បំពាក់ និង​ធាតុ​ដទៃ​ទៀត ដែល​មិន​ត្រូវ​នឹង​បទដ្ឋាន​សាសនាចក្រ ។

ប្រសិនបើ​ប៊ីស្សព​មាន​សំណួរ​ថា​តើ​សកម្មភាព​មួយ​សមរម្យ​ឬអត់​នោះ នោះ​គាត់​សួរ​ប្រធាន​ស្តេក ។ ប្រធាន​ស្តេក​អាច​លើក​យក​សំណួរ​នានា​ទៅកាន់​គណៈប្រធាន​តំបន់ ។

២០.៦

គោលនយោបាយ និង​គោលការណ៍​ណែនាំ​សម្រាប់​ការផ្ដល់​មូលនិធិ​ដល់​សកម្មភាព

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា គោលនយោបាយ និង​គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​ត្រូវបាន​អនុវត្ត​តាម នៅពេល​ផ្ដល់​មូលនិធិ​ដល់​សកម្មភាព​ទាំងអស់​ក្នុង​សាសនាចក្រ ។

២០.៦.១

សកម្មភាព​ដែល​ចំណាយ​ដោយ​មូលនិធិ​វួដ ឬ​ស្ដេក

មូលនិធិ​ថវិកា​វួដ ឬ​ស្ដេក​គួរតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង់ថ្លៃ​សម្រាប់​សកម្មភាព​ទាំងអស់—ដោយ​មាន​ករណី​លើកលែង​មួយ​ចំនួន​ដូច​មាន​ចែង​នៅក្នុង ២០.៦.២ ។

សមាជិក​មិន​គួរ​ផ្តល់​សម្ភារ គ្រឿង​ប្រើប្រាស់ ចំណាយ​ថ្លៃជួល ឬ​ថ្លៃ​ឲ្យ​ចូល ឬ​ថ្លៃ​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដោយ​ផ្ទាល់ខ្លួន​នោះ​ទេ ។ សមាជិក​អាច​ផ្ដល់ជា​អាហារ​បាន ប្រសិនបើ​ការធ្វើ​ដូច្នេះ​មិនមែន​ជា​បន្ទុក​នោះ ។

២០.៦.២

ការផ្ដល់​មូលនិធិ​ដល់​ការបោះ​ជំរំ​យុវវ័យ

ប្រសិនបើ​គម្រោង​ថវិកា​វួដ ឬ​ស្ដេក​មិន​មាន​មូលនិធិ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ដូច​មាន​ចែង​ខាងក្រោម​នេះ​ទេ នោះ​ថ្នាក់ដឹកនាំ​អាច​សុំឲ្យ​អ្នកចូលរួម​បង់​ថ្លៃ​មួយ​ចំណែក ឬ​ទាំងស្រុង​សម្រាប់​សកម្មភាព​នេះ ៖

  • ការបោះ​ជំរំ​ធំ​សម្រាប់​ក្រុម​បព្វជិតភាព​អើរ៉ុន​ប្រចាំ​ឆ្នាំ​មួយ ឬ​សកម្មភាព​ស្រដៀង​គ្នា ។

  • ការបោះ​ជំរំ​ធំ​សម្រាប់​ក្រុម​យុវនារី​ប្រចាំ​ឆ្នាំ​មួយ ឬ​សកម្មភាព​ស្រដៀង​គ្នា ។

  • ការបោះ​ជំរំ​ពេលថ្ងៃ​ប្រចាំ​ឆ្នាំ​មួយ ឬ​សកម្មភាព​ស្រដៀង​គ្នា​សម្រាប់​កុមារ​អង្គការ​បឋម​សិក្សា​អាយុ ៨ ដល់ ១១ ឆ្នាំ ។

ការចំណាយ ឬ​ការធ្វើ​ដំណើរ​សម្រាប់​ការបោះ​ជំរំ​ប្រចាំ​ឆ្នាំ​មួយ មិន​គួរលើស​កំណត់​នោះទេ ។ ការខ្វះខាត​មូលនិធិ​ផ្ទាល់ខ្លួន​ពុំ​គួរ​រារាំង​សមាជិក​ណា​ម្នាក់​មិន​ឲ្យ​ចូលរួម​នោះ​ឡើយ ។

ប្រសិនបើ​មូលនិធិ​មកពី​គម្រោង​ថវិកា​វួដ និង​ស្ដេក និង​មកពី​អ្នកចូលរួម​មិន​គ្រប់គ្រាន់​សម្រាប់​ការបោះ​ជំរំ​ទេ នោះ​ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​វួដ​ប្រចាំ​ឆ្នាំ​មួយ​បាន ។ ព្រឹត្តិការណ៍​នេះ​ត្រូវតែ​អនុលោម​ទៅតាម​គោលការណ៍​ណែនាំ​នៅក្នុង ២០.៦.៥ ។

សម្រាប់​ព័ត៌មាន​អំពី​ការផ្ដល់​មូលនិធិ​ដល់​ព្រឹត្តិការណ៍​ពហុស្ដេក ឬ​ព្រឹត្តិការណ៍​តំបន់​ធំៗ​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ សូមមើល ១៤.២.១.៣ ។

២០.៦.៣

ការផ្ដល់​មូលនិធិ​សម្រាប់​សន្និសីទ ដ.ក.យ.

យុវវ័យ​អាច​ត្រូវបាន​សូម​ឲ្យ​រួម​ចំណែក​បង់​ថ្លៃ​ដើម្បី​ចូលរួម​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ. ) ។ ប្រសិនបើ​ការចំណាយ​រារាំង​មិនឲ្យ​យុវវ័យ​ម្នាក់​ចូលរួម​បាន នោះ​ប៊ីស្សព​អាច​ប្រើ​មូលនិធិ​គម្រោង​ថវិកា​វួដ ដើម្បី​ចេញ​ថ្លៃ​ទាំងស្រុង ឬ​ចេញ​មួយ​ចំណែក​នៃ​ការបង់ថ្លៃ​នេះ​បាន ។ សូមមើល​គេហទំព័រ FSY.ChurchofJesusChrist.org ។

២០.៦.៤

ការផ្ដល់​មូលនិធិ​សម្រាប់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ

ប្រសិនបើ​អាច​ធ្វើ​ទៅបាន ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ដែល​វួដ​ត្រូវការ​សម្រាប់​ការបោះ​ជំរំ​យុវវ័យ​ប្រចាំ​ឆ្នាំ​ត្រូវ​ទិញ​ដោយ​មូលនិធិ​គម្រោង​ថវិកា​វួដ ។ ប្រសិនបើ​មូលនិធិ​ទាំងនេះ​មិន​គ្រប់គ្រាន់​ទេ នោះ​ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​វួដ​ប្រចាំ​ឆ្នាំ​មួយ​បាន ។ សកម្មភាព​នេះ​ត្រូវតែ​អនុលោម​ទៅតាម​គោលការណ៍​ណែនាំ​នៅក្នុង ២០.៦.៥ ។

ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ដែល​ទិញ​ដោយ​មូលនិធិ​គម្រោង​ថវិកា​វួដ ឬ​ប្រាក់​ដែល​បាន​មកពី​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា គឺ​សម្រាប់​តែ​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។ វា​មិនមែន​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​នោះទេ ។

២០.៦.៥

ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា

ជាធម្មតា ការចំណាយ​សម្រាប់​សកម្មភាព​ស្ដេក និង​វួដ​ត្រូវបាន​បង់ថ្លៃ​ដោយ​មូលនិធិ​គម្រោង​ថវិកា ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​អនុម័ត​ឲ្យ​មាន​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​មួយ​ជារៀង​រាល់​ឆ្នាំ សម្រាប់​គោលបំណង​ដូច​តទៅ​នេះ​តែ​ប៉ុណ្ណោះ ៖

  • ដើម្បី​ជួយ​បង់ថ្លៃ​សកម្មភាព​ដែល​មាន​នៅក្នុង ២០.៦.២ ។

  • ដើម្បី​ជួយ​ទិញ​ឧបករណ៍​ដែល​អង្គភាព​ត្រូវការ​សម្រាប់​ការបោះ​ជំរំ​ប្រចាំ​ឆ្នាំ​ដូច​មាន​ចែង​នៅក្នុង ២០.៦.៤ ។

ប្រសិនបើ​មាន​ការរៃ​អង្គាស​ថវិកា នោះ​វា​គួរតែ​ផ្ដល់​ជា​តម្លៃ ឬ​ការបម្រើ​ដ៏មាន​អត្ថន័យ​មួយ ។

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា មូលនិធិ​ដែល​បាន​រៃ​អង្គាស​នោះ​ត្រូវបាន​បែងចែក​ដោយ​សមធម៌ ។ ថវិកា​សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​គឺ​ផ្អែក​លើ​ចំនួន​យុវជន​នៅ​ក្នុង​វួដ ។ ថវិកា​សម្រាប់​ក្រុម​យុវនារី​គឺ​ផ្អែក​លើ​ចំនួន​យុវនារី​នៅ​ក្នុង​វួដ ។

ការរួម​ចំណែក​ដល់​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​គឺជា​ការស្ម័គ្រចិត្ត ។ ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា សមាជិក​មិនមាន​អារម្មណ៍​ថា​ត្រូវតែ​ចូលរួម​នោះទេ ។

អង្គភាព​ដែល​ឧបត្ថម្ភ​ដល់​ការរៃ​អង្គាស​មូលនិធិ​មិន​គួរ​ផ្សព្វផ្សាយ ឬ​រៃអង្គាស​ហួសពី​ព្រំដែន​របស់​ពួកគាត់​ឡើយ ។ ហើយ​មិន​គួរ​ឲ្យ​ពួកគេ​លក់​ផលិតផល ឬ​សេវាកម្ម​តាម​ផ្ទះ​នោះដែរ ។

ឧទាហរណ៍​នៃ​សកម្មភាព​រៃ​អង្គាស​ថវិកា ដែល​មិនមាន​ការអនុម័ត​រួមមាន ៖

  • សកម្មភាព​ដែល​នឹង​ត្រូវ​បង់ពន្ធ ។

  • សកម្មភាព​ដែល​បាន​ធ្វើ​ដោយ​អ្នក​ធ្វើការ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ ទាំង​ដោយ​បុគ្គលិក ឬ​ដោយ​កិច្ចសន្យា ។

  • ការកម្សាន្ដ​ដែល​ស្ដេក ឬ​វួដ​ត្រូវ​បង់ថ្លៃ​លើ​អ្នកសម្ដែង​សម្រាប់​សេវាកម្ម​របស់​ពួកគេ ។

  • ការលក់​ផលិតផល ឬ​សេវាកម្ម​មកពី​អាជីវកម្ម​ពាណិជ្ជកម្ម ។

  • ល្បែង​ផ្សង​សំណាង ដូចជា ចាប់​ឆ្នោត ចាក់​ឆ្នោត និង​ឡូតូ ។

  • សកម្មភាព​ដែល​មិនមាន​សុវត្ថិភាព ។

ករណី​លើកលែង​ចំពោះ​សេចក្ដី​ណែនាំ​ទាំងនេះ ត្រូវតែ​មាន​ការអនុម័ត​មកពី​គណៈប្រធាន​តំបន់ ។

២០.៧

គោលនយោបាយ និង​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​សម្រាប់​សកម្មភាព

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា គោលនយោបាយ និង​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​ខាងក្រោម​នេះ​ត្រូវបាន​អនុវត្ត​តាម​នៅ​គ្រប់​សកម្មភាព​ទាំងអស់​ក្នុង​សាសនាចក្រ ។

២០.៧.១

ការគ្រប់គ្រង​ពី​មជ្ឈិមវ័យ

យ៉ាង​ហោច​ណាស់​ត្រូវតែ​មាន​មជ្ឈិមវ័យ​ពីរនាក់​ចូលរួម​នៅ​គ្រប់​សកម្មភាព​ក្នុង​សាសនាចក្រ​ទាំងអស់ ដែល​មាន​កុមារ និង​យុវវ័យ​ចូលរួម ។ មជ្ឈិមវ័យ​បន្ថែម​ទៀត​អាច​ចាំបាច់ អាស្រ័យ​ទៅលើ​ទំហំ​នៃ​ក្រុម ជំនាញ​ដែល​តម្រូវ​ឲ្យមាន​សម្រាប់​សកម្មភាព​នោះ ឬ​កត្តា​ផ្សេងៗ​ទៀត ។ ឪពុក​ម្តាយ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ជួយ ។

មនុស្ស​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ និង​យុវវ័យ​ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ការការពារ​កុមារ និង​យុវវ័យ ។ សូមមើល​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។

២០.៧.២

តម្រូវការ​ទាក់ទង​នឹង​អាយុ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​យុវវ័យ

ដោយ​មាន​ការអនុម័ត​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ យុវវ័យ​អាច​ចូលរួម​ការបោះជំរំ​ដែល​មាន​ការសម្រាក​នៅពេល​យប់ នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។ ពួកគេ​អាច​ចូលរួម​ក្នុង​ការរាំ សន្និសីទ​យុវវ័យ និង​សន្និសីទ ដ.ក.យ. នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១៤ ឆ្នាំ ។

២០.៧.៣

ធានា​រ៉ាប់រង

២០.៧.៣.១

ធានា​រ៉ាប់រង​យានយន្ដ​ផ្ទាល់ខ្លួន

សូមមើល ២០.៧.៧ ។

២០.៧.៣.២

ធានា​រ៉ាប់រង​សុខភាព​ផ្ទាល់ខ្លួន និង​ឧបទ្ទវហេតុ

នៅក្នុង​តំបន់​ជាច្រើន​ក្នុង​ពិភពលោក​នេះ ការមាន​ធានា​រ៉ាប់រង​សុខភាព​ផ្ទាល់ខ្លួន និង​ឧបទ្ទវហេតុ គឺ​មាន​តាមរយៈ​និយោជក ឬ​កម្មវិធី​របស់​រដ្ឋាភិបាល ។ សមាជិក​ដែល​មាន​ការធានា​រ៉ាប់រង​នេះ​គួរតែ​ទទួល​បាន​ប្រយោជន៍​ដែល​មាន​ទាំងអស់ ប្រសិនបើ​ពួកគេ​បាន​ជួប​នឹង​គ្រោះថ្នាក់​មួយ​អំឡុងពេល​ធ្វើ​សកម្មភាព​ក្នុង​សាសនាចក្រ មុនពេល​ស្វែងរក​ជំនួយ​មកពី​ការធានា​រ៉ាប់រង​សកម្មភាព​សាសនាចក្រ ( សូមមើល ២០.៧.៣.៤ ) ។

២០.៧.៣.៣

ធានា​រ៉ាប់រង​នៃ​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន

សាសនាចក្រ​ទូន្មាន​ឲ្យ​សមាជិក និង​ថ្នាក់ដឹកនាំ​ទាំងឡាយ​ដែល​មើលការ​ខុសត្រូវ​លើ​សកម្មភាព​សាសនាចក្រ​ចេះ​ការពារ​ខ្លួនគេ តាមរយៈ​ការមាន​ធានា​រ៉ាប់រង​នៃ​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​ក្នុង​ចំនួន​សមរម្យ​មួយ បើ​អាច​ធ្វើ​ទៅបាន ។ ធានា​រ៉ាប់រង​បែបនោះ​អាច​មាន​តាមរយៈ​ធានា​រ៉ាប់រង​ជា​ម្ចាស់ផ្ទះ ឬ​គោលនយោបាយ​ផ្សេងទៀត ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « FAQs—What Should I Do? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

២០.៧.៣.៤

កម្មវិធី​ជំនួយ​សកម្មភាព​វេជ្ជសាស្ត្រ​ក្នុង​សាសនាចក្រ

នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា កម្មវិធី​ជំនួយ​វេជ្ជសាស្ដ្រ​ក្នុង​សកម្មភាព​សាសនាចក្រ ( ជ.វ.ស.ស. ) ផ្ដល់​ជា​ជំនួយ​ខាង​វេជ្ជសាស្ដ្រ និង​ទន្ដសាស្ដ្រ​បន្ទាប់​បន្សំ​សម្រាប់​គ្រោះថ្នាក់ ដែល​កើត​មាន​ឡើង​អំឡុង​ពេល​ចូលរួម​ក្នុង​សកម្មភាព​សាសនាចក្រ ។ វា​ក៏ផ្ដល់​ជំនួយ​ដល់​ពិធីបុណ្យ​សព​ផងដែរ ប្រសិនបើ​ចាំបាច់ ។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ផ្គត់ផ្គង់ ប៉ុន្ដែ​មិនមែន​ជំនួសឲ្យ​ការធានា​រ៉ាប់រង​សុខភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់​នោះទេ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « FAQs—What Should I Do? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប្រសិនបើ​មាន​ឧបទ្ទវហេតុ​មួយ​កើតឡើង​អំឡុង​ពេល​ព្រឹត្តិការណ៍​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​សម្រេច​ថា​តើ​អាច​ត្រូវ​ចាំបាច់​ប្រើ ជ.វ.ស.ស. ដែរ​ឬអត់ ។ អ្នកដឹកនាំ​គ្រប់រូប​អាច​រាយការណ៍​អំពី​ឧបទ្ទវហេតុ​មួយ​បាន​នៅក្នុង​ប្រព័ន្ធ​រាយការណ៍​ឧបទ្ទវហេតុ​សាកល​តាម​គេហទំព័រ incidents.ChurchofJesusChrist.org ។ ប្រសិនបើ​អ្នកដឹកនាំ​នោះ​បង្ហាញ​ថា ការព្យាបាល​គឺ​ហួសពី​ការរំពឹង​ទុក​ពី​ជំនួយ​បឋម នោះ​ត្រូវ​ជូន​ដំណឹង​ទៅកាន់​ប៊ីស្សព ហើយ​គាត់​នឹង​ទទួល​បាន​ព័ត៌មាន​ចុះឈ្មោះ ។ ប៊ីស្សព​ពិចារណា​ពី​សមត្ថភាព​បង់ថ្លៃ​ចំណាយ​វេជ្ជសាស្ដ្រ​របស់​បុគ្គល​នោះ​តាម​មធ្យោបាយ​ផ្សេងទៀត ដូចជា​ការមាន​ធានា​រ៉ាប់រង​ផ្ទាល់ខ្លួន ឬ​ធនធាន​ផ្សេងទៀត ។ គាត់​អាច​អនុញ្ញាត​ឲ្យ​ប្រើ​មូលនិធិ ជ.វ.ស.ស. បាន​ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា វា​គឺជា​រឿង​សមរម្យ​នោះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ក្បួនខ្នាត​ជំនួយ​វេជ្ជសាស្ដ្រ​ក្នុង​សកម្មភាព​សាសនាចក្រ ។ ដើម្បី​ទទួល​បាន​ក្បួនខ្នាត​នេះ សូម​ទាក់ទង​ទៅ ៖

Deseret Mutual Benefit Administrators

P.O. Box 45530

Salt Lake City, UT 84145-0530

ទូរសព្ទ ៖ ១-៨០១-៥៧៨-៥៦៥០ ឬ ១-៨០០-៧៧៧-១៦៤៧

អ៊ីម៉ែល ៖ churchactivity@dmba.com

គេហទំព័រ ៖ dmba.com/churchactivity

២០.៧.៣.៥

វិញ្ញាបនបត្រ​ធានា​រ៉ាប់រង

ជាញឹកញាប់ សាសនាចក្រ​ត្រូវបាន​សូម​ឲ្យ​ផ្ដល់​ភស្ដុតាង​អំពី​ធានា​រ៉ាប់រង​សម្រាប់​សកម្មភាព​នានា ។ សំណើ​ទាំងនេះ​កើតមាន​ដោយសារតែ​កិច្ច​ព្រមព្រៀង​ជួល កិច្ចសន្យា ឬ​ការអនុញ្ញាត​ដែល​ទាក់ទង​នឹង​សកម្មភាព​នានា ។

នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ថ្នាក់ដឹកនាំ​អាច​ទទួល​បាន​វិញ្ញាបនបត្រ​មួយ​ដែល​បង្ហាញ​ពី​ភស្ដុតាង​ធានា​រ៉ាប់រង​នៅលើ​គេហទំព័រ InsuranceCertificates.ChurchofJesusChrist.org ។ នៅ​ក្រៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ថ្នាក់ដឹកនាំ​គួរតែ​ទាក់ទង​ទៅកាន់​ការិយាល័យ​ប្រចាំ​តំបន់ ។ សំណើ​ទាំងនេះ​គួរតែ​រួមមាន ៖

  • ឈ្មោះ និង​អាសយដ្ឋាន​នៃ​អង្គការ​ដែល​តម្រូវ​ឲ្យមាន​ភស្ដុតាង​ធានា​រ៉ាប់រង ។

  • ការពិពណ៌នា និង​ទីតាំង​នៃ​អគារ ប្រសិនបើ​ជួល​អគារ​មួយ ។

  • តម្រូវ​ឲ្យ​មាន​កម្រិត​នៃ​ការទទួល​ខុសត្រូវ ។

  • ព័ត៌មាន​ដែល​ទាក់ទង​ផ្សេងទៀត​អំពី​សកម្មភាព​នេះ ។

ថ្នាក់ដឹកនាំ​គួរតែ​ដាក់​ផែនការ​ឲ្យបាន​យូរ​ទុក​ជាមុន ដើម្បី​អនុញ្ញាត​ឲ្យមាន​ពេលវេលា​រៀបចំ​វិញ្ញាបនបត្រ​នេះ ។

២០.៧.៤

ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ

កុមារ និង​យុវវ័យ​មិន​អាច​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ​បាន​នោះទេ ។ សម្រាប់​សកម្មភាព​សាសនាចក្រ​ដែល​រួមមាន​ការស្នាក់នៅ​យប់​ឡើង ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​មាន​ហានិភ័យ​ខ្ពស់ជាង​សព្វ​មួយ​ដង នោះ​ចាំបាច់​ត្រូវតែ​មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ ។ សកម្មភាព​មួយ​ចំនួន​អាច​តម្រូវ​ឲ្យមាន​ការដាក់​ផែនការ​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ ។ សុវត្ថិភាព​គួរតែ​ជា​ចំណុច​ពិចារណា​ដ៏សំខាន់​ជាងគេ​ជានិច្ច ។ សូមមើល ២០.៧.៦.១ ។

ឪពុក​ម្ដាយ និង​អាណាព្យាបាល​ផ្ដល់​ការយល់ព្រម​នេះ​តាមរយៈ​ការចុះ​ហត្ថលេខា​លើ ទម្រង់​បែបបទ​ស្ដីពី​ការអនុញ្ញាត និង​ការចេញ​វេជ្ជសាស្ដ្រ ។ បុគ្គល​ដែល​ដឹកនាំ​សកម្មភាព​នេះ គួរតែ​មាន​ទម្រង់​បែបបទ​ចុះ​ហត្ថលេខា​មួយ​សម្រាប់​អ្នកចូលរួម​ម្នាក់ៗ ។

២០.៧.៥

ការរាយការណ៍​ពី​ការរំលោភ​បំពាន

ការរំលោភ​បំពាន​គ្រប់​ទម្រង់​ទាំងអស់​ដែល​កើតឡើង​នៅក្នុង​សកម្មភាព​សាសនាចក្រ គួរតែ​ត្រូវបាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។ អ្នក​គួរតែ​ទាក់ទង​ទៅកាន់​ប៊ីស្សព​ភ្លាមៗ ។ សេចក្តី​ណែនាំ​សម្រាប់​សមាជិក​ទាំងឡាយ​មាន​នៅក្នុង ៣៨.៦.២.៧ ។ សេចក្តី​ណែនាំ​សម្រាប់​ប៊ីស្សព​មាន​នៅក្នុង ៣៨.៦.២.១ ។

សម្រាប់​និយមន័យ​នៃ​ការរំលោភ​បំពាន សូមមើល ៣៨.៦.២.៣ និង ៣៨.៦.២.៤ ។

២០.៧.៦

បម្រាម​ស្ដីពី​សុវត្ថិភាព ការឆ្លើយតប​នឹង​ឧបទ្ទវហេតុ និង​ការរាយការណ៍​អំពី​ឧបទ្ទវហេតុ

២០.៧.៦.១

បម្រាម​ស្ដីពី​សុវត្ថិភាព

ថ្នាក់ដឹកនាំ និង​អ្នកចូលរួម​ទាំងឡាយ​ចូលរួម​ក្នុង​សកម្មភាព​នានា​ដោយ​ប្រយ័ត្ន​ប្រយែង ដើម្បី​ធានា​ឲ្យបាន​ថា​មាន​ការប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់ ឬ​ជំងឺ​តិចតួច​បំផុត ។ សកម្មភាព​ទាំងឡាយ​ក៏​គួរតែ​ពាក់ព័ន្ធ​នឹង​ការប្រថុយ​ប្រថាន​នឹង​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​តិចតួច​បំផុត​ផងដែរ ។ អំឡុងពេល​ធ្វើ​សកម្មភាព ថ្នាក់ដឹកនាំ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ។ តាមរយៈ​ការរៀបចំ​ផែនការ​ដោយ​មាន​ប្រសិទ្ធភាព និង​ការធ្វើ​តាម​បម្រាម​ស្ដីពី​សុវត្ថិភាព នោះ​ថ្នាក់ដឹកនាំ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ឧបទ្ទវហេតុ​ឲ្យ​នៅ​កម្រិត​ទាប​បំផុត ។

សកម្មភាព​ទាំងឡាយ​គួរតែ​មាន​នូវ​ការបំពាក់​បំប៉ន និង​ការគ្រប់គ្រង​ឲ្យបាន​ត្រឹមត្រូវ ។ សកម្មភាព​ទាំងឡាយ​ក៏​គួរតែ​ធ្វើឲ្យ​សម​តាម​អាយុ កាយសម្បទា និង​ភាពចាស់​ទុំ​របស់​អ្នកចូលរួម​ផងដែរ ។

ថ្នាក់ដឹកនាំ​ណែនាំ​អ្នកចូលរួម​ទាំងអស់​អំពី​ការអនុវត្ត​ប្រកប​ដោយ​សុវត្ថិភាព​ទាក់ទង​ទៅនឹង​សកម្មភាព​នោះ ។ នៅពេល​សកម្មភាព​តម្រូវ​ឲ្យមាន​ជំនាញ ឬ​បទពិសោធន៍​ខាង​រូបកាយ​ជាក់លាក់ នោះ​វា​អាច​នឹង​ចាំបាច់​ដើម្បី​ទទួល​បាន​ការបំពាក់​បំប៉ន​ពី​អ្នកជំនាញ ឬ​ប្រើ​ការណែនាំ​ប្រកប​ដោយ​វិជ្ជាជីវៈ ។

ថ្នាក់ដឹកនាំ​គួរតែ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ករណី​បន្ទាន់ ។ ពួកគាត់​ក៏​គួរតែ​ដឹង​ជាមុន​ផងដែរ​អំពី​របៀប​ទាក់ទង​ទៅកាន់​អាជ្ញាធរ​ច្បាប់​ក្នុង​មូលដ្ឋាន និង​សេវា​សង្គ្រោះ​បន្ទាន់​ផ្សេងៗ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « FAQs—What Should I Do? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
ពួក​បុរសៗ​កំពុង​លេង​បាល់ទាត់

២០.៧.៦.២

ការឆ្លើយតប​នឹង​ឧបទ្ទវហេតុ

ប្រសិនបើ​ឧបទ្ទវហេតុ​មួយ ឬ​គ្រោះថ្នាក់​មួយ​កើតមាន​នៅក្នុង​បរិវេណ​សាសនាចក្រ ឬ​អំឡុងពេល​មាន​សកម្មភាព​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដូច​តទៅ​នេះ ប្រសិនបើ​អនុវត្ត​បាន ៖

  • ផ្ដល់​ជំនួយ​បឋម ។ ប្រសិនបើ​បុគ្គល​ម្នាក់​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​បន្ថែម សូម​ទាក់ទង​ទៅកាន់​សេវាកម្ម​វេជ្ជសាស្ដ្រ ។ សូម​ទាក់ទង​ទៅកាន់​ឪពុក ឬ​ម្ដាយ អាណាព្យាបាល ឬ​ទៅកាន់​សាច់ញាតិ​ជិតដិត​ដទៃ​ទៀត ព្រមទាំង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ផងដែរ ។

  • ប្រសិនបើ​នរណាម្នាក់​បាត់​ខ្លួន ឬ​ស្លាប់ នោះ​សូម​ជូន​ដំណឹង​ទៅកាន់​អាជ្ញាធរ​ផ្លូវ​ច្បាប់​ក្នុង​មូលដ្ឋាន​ភ្លាមៗ ។ សូម​ធ្វើការ​សហការ​ជាមួយ​ពួកគាត់​យ៉ាង​ពេញលេញ ។

  • ផ្តល់​ការគាំទ្រ​ផ្នែក​សតិអារម្មណ៍ ។

  • មិន​លើកទឹកចិត្ត ឬ​មិន​បំបាក់​ទឹកចិត្ត​ទាក់ទង​នឹង​វិធានការណ៍​ផ្លូវ​ច្បាប់ ។ មិន​ធ្វើការ​តាំងចិត្ត​ជំនួស​ឲ្យ​សាសនាចក្រ ។

  • ប្រមូល និង​រក្សាទុក​ឈ្មោះ​សាក្សី​ទាំងឡាយ ព័ត៌មាន​ទំនាក់ទំនង​របស់​ពួកគេ ដើម​ហេតុ​ដែល​បាន​កើតឡើង និង​រូបថត ។

  • រាយការណ៍​ពី​ឧបទ្ទវហេតុ​នេះ ( សូមមើល ២០.៧.៦.៣ ) ។

២០.៧.៦.៣

ការរាយការណ៍​អំពី​ឧបទ្ទវហេតុ

ស្ថានភាព​ដូច​តទៅ​នេះ​គួរតែ​ត្រូវបាន​រាយការណ៍​តាម​អ៊ីនធឺណិត តាមរយៈ​គេហទំព័រ incidents.ChurchofJesusChrist.org ។ ប៊ីស្សព ប្រធាន​ស្តេក ឬ​សមាជិក​ដែល​គាត់​ចាត់តាំង​ដែល​ដឹងពី​ឧបទ្ទវហេតុ​នេះ​ធ្វើការ​រាយការណ៍​ជាបន្ទាន់ ។

  • ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ដែល​កើតឡើង​នៅលើ​ទ្រព្យសម្បត្តិ​សាសនាចក្រ ឬ​អំឡុង​ពេល​ធ្វើ​សកម្មភាព​ក្នុង​សាសនាចក្រ ។

  • បុគ្គល​ដែល​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ​បាន​បាត់​ខ្លួន ។

  • ទ្រព្យសម្បត្តិ​ឯកជន សាធារណៈ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ​រង​ការខូចខាត​អំឡុងពេល​សកម្មភាព​សាសនាចក្រ ។

  • មាន​គេ​គំរាម ឬ​រំពឹង​ទុកថា​នឹង​មាន​វិធានការណ៍​ផ្លូវ​ច្បាប់ ។

ប្រសិនបើ​ព្រឹត្តិការណ៍​មួយ​នាំឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​ជីវិត ឬ​ការបាត់​ខ្លួន​មនុស្ស នោះ​ប្រធាន​ស្ដេក ប៊ីស្សព ឬ​សមាជិក​ដែល​គាត់​ចាត់តាំង ត្រូវ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​នេះ​មួយ​ភ្លាមៗ ៖

  • នៅក្នុង​សហរដ្ឋ ឬ​ប្រទេស​កាណាដា ដំបូង​សូម​ជូន​ដំណឹង​ទៅ​ការិយាល័យ​ផ្នែក​គ្រប់គ្រង​ហានិភ័យ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ( ១–៨០១–២៤០–៤០៤៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៤០៤៩; បន្ទាប់ពី​ម៉ោង​ធ្វើការ ឬ​ចុង​សប្តាហ៍ សូម​ទូរសព្ទ​ទៅ​លេខ ១–៨០១–២៤០–១០០០ ឬ ១–៨០០–៤៥៣–៣៨៦០ រួចហើយ​អ្នកប្រតិបត្តិការ​នឹង​ទាក់ទង​ទៅ​មនុស្ស​ម្នាក់​ភ្លាម ) ។ បន្ទាប់​មក សូម​ទាក់ទង​ទៅ​គណៈប្រធាន​តំបន់ ។

  • នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ជូន​ដំណឹង​ទៅកាន់​ការិយាល័យ​ប្រចាំ​តំបន់ ។

ប្រធាន​ស្ដេក ឬ​ប៊ីស្សព​ក៏​រាយការណ៍​អំពី​គ្រោះថ្នាក់ និង​ការខូចខាត ដែល​ជាប់​ទាក់ទង​នឹង​អគារ​សាសនាចក្រ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ​ទៅកាន់​អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « FAQs—What Should I Do? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

២០.៧.៦.៤

ធានា​រ៉ាប់រ៉ង និង​សំណួរ​ទាំងឡាយ

ប្រសិនបើ​មាន​គ្រោះថ្នាក់​កើតឡើង​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ​ក្នុង​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​សម្រេច​ថា​តើ​អាច​ត្រូវ​អនុវត្ត​ជំនួយ​វេជ្ជសាស្ដ្រ​ក្នុង​សកម្មភាព​សាសនាចក្រ​ដែរ​ឬអត់ ( សូមមើល ២០.៧.៣.៤ ) ។

នៅក្នុង​ករណី​មួយ​ចំនួន ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​មាន​សំណួរ​អំពី​បញ្ហា​សុវត្ថិភាព ឬ​ការទាមទារ​ពី​សាសនាចក្រ ។ ប្រធាន​ស្តេក ( ឬ​ប៊ីស្សព​នៅក្រោម​ការដឹកនាំ​របស់​គាត់ ) បញ្ជូន​សំណួរ​បែបនោះ​ទៅកាន់​ការិយាល័យ​ផ្នែក​គ្រប់គ្រង​ហានិភ័យ ឬ​ទៅកាន់​ការិយាល័យ​ប្រចាំ​តំបន់ ។

២០.៧.៧

ការធ្វើ​ដំណើរ

ការធ្វើ​ដំណើរ​សម្រាប់​សកម្មភាព​សាសនាចក្រ​គួរតែ​ត្រូវបាន​អនុម័ត​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ។ ការធ្វើ​ដំណើរ​នេះ​មិន​គួរ​ដាក់​បន្ទុក​ហួសហេតុ​ទៅលើ​សមាជិក​នោះ​ទេ ។ ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​សម្រាប់​សកម្មភាព​នានា​គឺ​មិន​ត្រូវបាន​លើក​ទឹកចិត្ត​នោះទេ ។

នៅក្នុង​ស្ថានភាព​លើកលែង​មួយ​ចំនួន ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​មាន​អារម្មណ៍​ថា ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​សម្រាប់​សកម្មភាព​មួយ​គឺ​មិន​អីទេ ។ គាត់​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ផលប្រយោជន៍​ខាង​វិញ្ញាណ​ដែល​អាច​មាន​ពី​សកម្មភាព​នេះ ការចំណាយ និង​ឥទ្ធិពល​ទៅលើ​ក្រុមគ្រួសារ ។ ប្រសិនបើ​គាត់​អនុម័ត​លើ​ការធ្វើ​ដំណើរ​បែប​នោះ សមាជិក​មិន​គួរ​ចេញ​ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង​នោះទេ ។

ការអនុវត្ត​ស្ដីពី​ការធ្វើ​ដំណើរ និង​ការអនុវត្ត​តាម​គោលការណ៍​ណែនាំ​នៅក្នុង​វគ្គ​នេះ គួរតែ​ត្រូវគ្នា​នឹង​អង្គភាព​ផ្សេងទៀត​ក្នុង​តំបន់​ដូចគ្នា ឬ​ក្រុមប្រឹក្សា​សម្រប​សម្រួល​ដូចគ្នា ។ ប្រធាន​ស្តេក​អាច​ពិភាក្សា និង​យល់ព្រម​លើ​ការអនុវត្ត​ស្ដីពី​ការធ្វើ​ដំណើរ​នេះ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល ។

ថ្នាក់ដឹកនាំ​បំពេញ​តាម ទម្រង់​បែបបទ​គម្រោង​ព្រឹត្តិការណ៍ និង​សកម្មភាព សម្រាប់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ទាំងឡាយ ។

នៅពេល​សកម្មភាព​សាសនាចក្រ​សម្រាប់​យុវវ័យ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​ការស្នាក់នៅ​ពេលយប់ នោះ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ត្រូវតែ​ផ្ដល់​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ដើម្បី​ឲ្យ​កូនៗ​របស់​ពួកគាត់​ចូលរួម ( សូមមើល ២០.៧.៤ ) ។ ត្រូវតែ​មាន​ការគ្រប់គ្រង​ពី​មជ្ឈិមវ័យ​ដែល​មាន​ការទទួល​ខុសត្រូវ ( សូមមើល ២០.៧.១ ) ។

នៅពេល​ណា​អាច​ធ្វើបាន ក្រុម​ក្នុង​សាសនាចក្រ​គួរតែ​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​សម្រាប់​ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ។ វា​គួរតែ​មាន​អាជ្ញាប័ណ្ណ និង​បាន​ការពារ​ដោយ​ធានា​រ៉ាប់រង​ដែល​មាន​ការទទួល​ខុសត្រូវ ។

នៅពេល​ក្រុម​ក្នុង​សាសនាចក្រ​ធ្វើ​ដំណើរ​ក្នុង​យានយន្ដ​ដឹក​អ្នកដំណើរ​ឯកជន នោះ​យានយន្ដ​នីមួយៗ​ត្រូវមាន​លក្ខខណ្ឌ​ប្រតិបត្តិការ​សុវត្ថិភាព​ល្អ ។ បុគ្គល​ម្នាក់ៗ​គួរតែ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព ។ អ្នកបើកបរ​គ្រប់រូប​គួរតែ​ជា​មជ្ឈិមវ័យ​ម្នាក់​ដែល​មាន​ប័ណ្ណ​បើកបរ និង​មាន​ការទទួល​ខុសត្រូវ ។ យានយន្ដ និង​អ្នកបើកបរ​ទាំងអស់​គួរតែ​មាន​ការធានា​រ៉ាប់រង​លើ​ការទទួល​ខុសត្រូវ​យានយន្ដ​ក្នុង​ចំនួន​សមរម្យ ។ ផែនការ​គួរតែ​មាន​ដើម្បី​ធានា​ឲ្យបាន​ថា អ្នកបើកបរ​នៅ​មាន​ស្មារតី​ល្អ និង​ប្រុង​ប្រយ័ត្ន ។ នៅពេល​ណា​ដែល​អាច​ធ្វើបាន មជ្ឈិមវ័យ​ម្នាក់​មិនគួរ​នៅក្នុង​យានយន្ដ​តែ​ឯង​ជាមួយ​នឹង​យុវវ័យ​ឡើយ លុះត្រាតែ​យុវវ័យ​នោះ​គឺជា​កូន​របស់​គាត់ ។

អង្គការ​សាសនាចក្រ​មិនអាច​ធ្វើជា​ម្ចាស់ ឬ​ទិញ​យានយន្ដ ឬ​ឡានក្រុង​សម្រាប់​ការធ្វើ​ដំណើរ​ជា​ក្រុម​ឡើយ ។

បុរស​ម្នាក់ និង​ស្រ្តីម្នាក់​មិន​គួរ​ធ្វើ​ដំណើរ​តែ​ពីរ​នាក់​សម្រាប់​សកម្មភាព​សាសនាចក្រ ការប្រជុំ ឬ​ការចាត់តាំង​នោះ​ទេ លើក​លែងតែ​ពួកគេ​បាន​រៀបការ​នឹង​គ្នា ឬ​នៅលីវ​ទាំងពីរ​នាក់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « FAQs—What Should I Do? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

២០.៨

គោលនយោបាយ​គ្រប់គ្រង​សកម្មភាព

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា គោលនយោបាយ និង​គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​ត្រូវបាន​អនុវត្ត​តាម នៅពេល​ធ្វើ​សកម្មភាព​ទាំងអស់​ក្នុង​សាសនាចក្រ ។

២០.៨.១

សម្ភារ​ដែល​មាន​ការរក្សា​សិទ្ធិ

សូមមើល ៣៨.៨.១០ ។

២០.៨.២

ការជួល​អគារ​ក្រៅ​សាសនាចក្រ​សម្រាប់​សកម្មភាព

នៅពេល​អគារ​សាសនាចក្រ​មិនមាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ស្ដេក ឬ​ពហុស្ដេក​ទេ នោះ​អ្នក​អាច​ជួល​អគារ​បាន ដោយ​មាន​ការអនុម័ត​មកពី​ប្រធាន​ស្ដេក ។ ការស្នើសុំ​បែបនេះ​ត្រូវ​ចាត់ចែង​ដោយ​អ្នកគ្រប់គ្រង​អគារ​សាសនាចក្រ ។

អង្គភាព​ក្នុង​មូលដ្ឋាន​អាច​ត្រូវបាន​សូម​ឲ្យ​បង្ហាញ​ភស្ដុតាង​អំពី​ការទទួល​ខុសត្រូវ​ផ្នែក​ធានារ៉ាប់រង នៅពេល​ជួល ឬ​ប្រើប្រាស់​អគារ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ ។ សម្រាប់​ព័ត៌មាន​អំពី​របៀប​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ធានារ៉ាប់រង សូមមើល ២០.៧.៣.៥ ។

២០.៨.៣

សកម្មភាព​ដែល​មាន​ជាប់ពន្ធ

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា សកម្មភាព​ទាំងឡាយ​មិន​គួរ​ធ្វើឲ្យ​ខូច​ដល់​ស្ថានភាព​ការអនុគ្រោះ​ពន្ធ​របស់​សាសនាចក្រ​ឡើយ ។ សម្រាប់​គោលការណ៍​ណែនាំ សូម​មើល ៣៤.៨.១ ។