ក្បួនខ្នាត និង​ការហៅ
២. ការគាំទ្រ​ដល់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង


« ២. ការគាំទ្រ​ដល់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២. ការគាំទ្រ​ដល់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
រូបថត​គ្រួសារ

២.

ការគាំទ្រ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង

២.០

សេចក្តីផ្ដើម

ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​គាំទ្រ​ដល់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ( សូមមើល ១.២ ) ។ គោលបំណង​ដ៏​ធំ​បំផុត​នៃ​កិច្ចការ​នេះ​គឺ​ដើម្បី​ជួយ​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សេចក្ដី​អំណរ​ដ៏​ពេញលេញ ។

កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើងភាគ​ច្រើន​សម្រេច​ទៅ​បាន​តាមរយៈ​គ្រួសារ ។ ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់​រូប កិច្ចការ​នេះ​គឺ​ផ្តោតលើ​គេហដ្ឋាន ។ ជំពូកនេះ​នឹង​ជួយ​អ្នកឲ្យ​ទទួលបាន​ទស្សនវិស័យ​អំពី ៖

  • តួនាទី​របស់​គ្រួសារ​នៅ​ក្នុង​ផែនការ​របស់​ព្រះ ។

  • កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​គេហដ្ឋាន ។

  • ទំនាក់​ទំនង​រវាង​គេហដ្ឋាន និង​សាសនាចក្រ ។

២.១

តួនាទី​របស់​គ្រួសារ​នៅ​ក្នុង​ផែនការ​របស់​ព្រះ

គ្រួសារ​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ហើយ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ទ្រង់ ។ យើង​ម្នាក់ៗ « ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ [ ដោយ ] មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ យើង​គឺ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ទ្រង់ទាំងទ្វេ ។ យើង​បាន​រស់​នៅ​ជាមួយ​នឹង​ទ្រង់ទាំងទ្វេ ពីមុន​យើង​បាន​មក​ចាប់​កំណើត​នៅ​លើ​ផែនដី ។

ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ទ្រង់ ព្រះវរបិតា​សួគ៌​បាន​បង្កើត​ក្រុម​គ្រួសារ​នៅ​លើ​ផែនដី ។ ទ្រង់​មាន​ព្រះរាជ​បំណង​ឲ្យ​ក្រុម​គ្រួសារ​នាំ​សុភមង្គលមក​ដល់​យើង ។ ក្រុម​គ្រួសារ​ផ្ដល់​ឱកាសឲ្យ​រៀនសូត្រ រីកចម្រើន បម្រើ ប្រែ​ចិត្ត ហើយ​អភ័យ​ទោស ។ ក្រុម​គ្រួសារ​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

នៅ​ក្នុង​ជីវិត​នេះ មនុស្ស​ជាច្រើន​មាន​ឱកាស​ដែល​មាន​កម្រិត ដើម្បី​មាន​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ គ្មាន​គ្រួសារ​ណា​មួយ​ចៀស​ផុត​ពី​ឧបសគ្គ ការ​ឈឺចាប់ និង​ភាព​សោក​សៅ​ឡើយ ។ បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ហើយ​ខិតខំ​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត​ដែល​ទ្រង់​បាន​បើក​សម្ដែង​អំពី​គ្រួសារ ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា ទ្រង់​នឹង​សម្រាល​បន្ទុក​នៃ​អ្នក​ដែល​មក​រក​ទ្រង់ ( សូម​មើល ម៉ាថាយ ១១:២៨–៣០ ) ។

ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​ធ្វើ​ឲ្យ​ប្រាកដ​ថា បុត្រា​បុត្រី​របស់​ទ្រង់​គ្រប់​រូប​នឹង​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ​រ​បស់​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដ៏​ធំ​បំផុត​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៧–១០ ) ។ មនុស្ស​ទាំងអស់​ដែល​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​អាច​ដក​ពិសោធន៍​នូវ​សេចក្ដី​អំណរ និង « សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២៣; សូម​មើល​ផង​ដែរ ម៉ូសាយ ២:៤១ ) ។

ការសន្យា​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ​រួមមាន អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច កូនចៅ និង​ពរជ័យ​ទាំងអស់​ផ្សេងទៀត​នៃ​គ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច​មួយ ។ ការសន្យា​នេះ​អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​មិនទាន់​បាន​រៀបការ​នៅពេល​បច្ចុប្បន្ន​នេះ ឬ​មិន​មាន​គ្រួសារ​នៅក្នុង​សាសនាចក្រ ( សូមមើល ៣៨.១.៤ ) ។ ទោះបីជា​យើង​មិន​ដឹង​ពី​ពេលវេលា និង​របៀប​ជាក់លាក់​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ភាពតម្កើង​ឡើង​នេះ​ក្ដី ក៏​ពរជ័យ​ទាំងនេះ​ប្រាកដ​ជា​មាន​ដល់​អស់​អ្នក​ដែល​ខិតខំ​ខ្នះខ្នែង​រស់នៅ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។

២.១.១

ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

ក្រុមគ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច​ត្រូវបាន​បង្កើត​ឡើង នៅពេល​សមាជិក​សាសនាចក្រ​ចុះ​សេចក្ដីសញ្ញា ពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពរជ័យ​នៃ​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នឹង​កើតឡើង នៅពេល​សមាជិក​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ ហើយ​ប្រែ​ចិត្ត​ពេល​ពួកគេ​ធ្វើ​ខុស ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​ជួយ​សមាជិក​ឲ្យរៀបចំ​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ ហើយ​គោរព​តាម​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

បុគ្គល​ម្នាក់ៗ​អាច​នឹង​បំពេញ​តួនាទី​ជាច្រើន​នៅ​ក្នុង​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ ។ តួនាទី​គ្រួសារ​ទាំងអស់​មាន​ភាព​ពិសិដ្ឋ ហើយ​មាន​សារៈសំខាន់ ។ តួនាទី​ទាំង​នេះ​អាច​រួម​មាន ម្ដាយ និង​ឪពុក កូនស្រី និង​កូន​ប្រុស បង​ប្អូន​ស្រី និង​បង​ប្អូន​ប្រុស មីង និង​ពូ ជីដូន និង​ជីតា ។ ការ​បំពេញ​តួនាទី​ទាំង​នេះ​ដោយ​សេចក្ដី​ស្រឡាញ់​ជួយ​បុត្រា​បុត្រី​របស់​ព្រះឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

កត្តា​មួយ​បន្ថែម​ទៀត​នៃ​ការ​ស្ថាបនា​ក្រុម​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ ការ​ធ្វើ​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​សមាជិក​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បុព្វការី​ជន​របស់​ខ្លួន​ដែល​បាន​ទទួល​មរណភាព​ទៅ ។

ដោយ​មាន​ការ​យល់ដឹង​មួយ​អំពី​ផែនការ​របស់​ព្រះ សមាជិក​ស្វែងរក​ពរជ័យ​ដើម្បី​មាន​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ ។ ការណ៍​នេះ​រួម​មាន​ការ​រៀបចំ​ខ្លួន​ដើម្បី​ក្លាយ​ជា​ស្វាមី ឬ​ភរិយា និង​ឪពុក ឬ​ម្ដាយ​ដែល​មាន​ភាព​ស័ក្តិសម និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។

២.១.២

ស្វាមី និង​ភរិយា

អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥ ) ។ ស្វាមី និង​ភរិយា​ត្រូវ​មាន​គោលបំណង​ដើម្បី​រីកចម្រើន​ជាមួយ​គ្នា​ឆ្ពោះ​ទៅកាន់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ( សូមមើល កូរិនថូស ទី១ ១១:១១ ) ។

តម្រូវការ​មួយ​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​សម្រាប់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ គឺ​ការចូល​ទៅក្នុង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) ។ ស្វាមី​ភរិយា​មួយ​គូ​ចុះ​សេចក្ដី​សញ្ញា​នេះ នៅពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​សម្រាប់​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សេចក្ដី​សញ្ញា​នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ ។ នៅពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​នោះ​ដោយ​ស្មោះត្រង់ វា​អនុញ្ញាត​ឲ្យ​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​បន្ត​ទៅ​ជា​រៀង​រហូត ។ នៅ​ទី​បំផុត ពួកគេ​អាច​ក្លាយ​ដូចជា​ព្រះ​បាន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩–២០ ) ។

ព្រះ​បាន​បង្គាប់​ដល់​ស្វាមី និង​ភរិយា​ទាំងឡាយ​ឲ្យ​នៅ​ជាប់​នឹង​គ្នា ( សូមមើល លោកុប្បត្តិ ២:២៤; គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:២២ ) ។ នៅក្នុង​បរិបទ​នេះ ពាក្យ​ថា នៅជាប់ មាន​ន័យ​ថា ត្រូវ​នៅ​ស្មោះត្រង់ និង​ស្មោះស្ម័គ្រ​ទាំងស្រុង​ចំពោះ​នរណា​ម្នាក់ ។ ស្វាមី​ភរិយា​មួយ​គូ​ដែល​បាន​រៀបការ​ហើយ នៅ​ជាប់​នឹង​គ្នា​តាមរយៈ​ការស្រឡាញ់ និង​ការបម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។

ការ​នៅ​ជាប់នឹង​គ្នា​ក៏​រួម​បញ្ចូល​ទាំង​ភក្ដីភាព​ទាំង​ស្រុង​រវាង​ស្វាមី និង​ភរិយា​ផង​ដែរ ។ ភាព​ស្និទ្ធ​ស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា​មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​ពិសិដ្ឋ ។ វា​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ សម្រាប់​ការបង្កើត​កូនចៅ និង​សម្រាប់​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​រវាង​ស្វាមី និង​ភរិយា ។ ភាពទន់ភ្លន់ និង​ការគោរព—មិនមែន​ភាព​អាត្មានិយម​ទេ—គួរតែ​ដឹកនាំ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់ពួកគេ ។

ព្រះ​បាន​ដាក់បញ្ញត្តិ​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​គឺត្រូវបាន​រក្សាទុក​សម្រាប់​ពេល​រៀប​អាពាហ៍​ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ ។ ការរក្សា​ភាពស្អាតស្អំ​ខាងផ្លូវភេទ​មុន​ពេលរៀបការ និង​ការនៅ​ស្មោះត្រង់​ក្នុង​អាពាហ៍​ពិពាហ៍ ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​សុភមង្គល​ពិតប្រាកដ ហើយ​ចៀសវាង​ពី​ការមានគ្រោះថ្នាក់​ដល់​ព្រលឹង សតិអារម្មណ៍ និង​រូបកាយ ។ ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​អស់ពីលទ្ធភាព​របស់ខ្លួន​ដើម្បី​ពង្រឹង​ការបង្រៀន​នេះ ។ ( សូម​មើល ៣៨.៦.៥ ) ។

គូស្វាមី​ភរិយា​ខិតខំ​មានភាព​សាមគ្គី​គ្នានៅក្នង​ការស្ថាបនា​ក្រុមគ្រួសារ​របស់​ខ្លួន ( សូមមើល លោកុប្បត្តិ ២:២៤ ) ។ ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដែល​មានសាមគ្គីភាព វា​ទាមទារ​ឲ្យ​មានភាព​ជាដៃគូ​ពេញលេញ ដោយ​ការចែក​ទំនួលខុសត្រូវ​គ្នា ។ ស្វាមី និង​ភរិយា​មាន​ភាពស្មើគ្នា​នៅ​ក្នុង​ព្រះនេត្រ​របស់ព្រះ ។ ដៃគូ​ម្ខាង​មិនគួរ​ត្រួតត្រា​លើ​ដៃគូ​ម្ខាងទៀត​នោះទេ ។ ការសម្រេចចិត្ត​របស់ពួកគេ​គួរតែ​បានធ្វើឡើង​ដោយមាន​សាមគ្គីភាព និងសេច​ក្តីស្រឡាញ់ ដោយមាន​ការចូលរួម​ចំណែក​ទាំងសងខាង ។

លោក​អ័ដាម និង​នាងអេវ៉ា​បានធ្វើ​ជាគំរូ​ក្នុងនាម​ជាស្វាមី និង​ភរិយា ។ ពួកគាត់​បាន​ធ្វើ​ការអធិស្ឋាន និង​ថ្វាយបង្គំ​ជាមួយគ្នា ( សូមមើល ម៉ូសេ ៥:១, ៤ ) ។ ពួកគាត់​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​របស់​ពួកគាត់ ហើយ​ទួញសោក​ជាមួយគ្នា​នៅពេល​ជួបនឹង​ឧបសគ្គ ( សូមមើល ម៉ូសេ ៥:១២, ២៧ ) ។ ពួកគាត់​រួបរួម​ជាមួយគ្នា និង​ជាមួយ​ព្រះ ។

២.១.៣

ឪពុក​ម្តាយ និង​កូនៗ

ពីមុន​បុត្រា​បុត្រី​របស់ព្រះ​អាច​ទទួល​បាន « អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ពួកគេ​ត្រូវតែ​ទទួល​រូបកាយ​រមែង​ស្លាប់​ជាមុនសិន ( ម៉ូសេ ១:៣៩ ) ។ បទបញ្ញត្តិ​ទីមួយ​របស់ព្រះ​ដល់​លោកអ័ដាម និង​នាងអេវ៉ា​ក្នុងនាម​ជាស្វាមី និង​ភរិយា​គឺត្រូវ​បង្កើត​កូនចៅ ( សូមមើល លោកុប្បត្តិ ១:២៨ ) ។ ពួកព្យាការី​សម័យ​ចុងក្រោយ​បានបង្រៀនថា « ព្រះបញ្ញាត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់ទ្រង់​ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើផែនដី នោះ​នៅតែ​ឲ្យ​ប្រតិបត្តិ​នៅឡើយ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៦–១៧ ) ។

វាគឺជា​អភ័យ​ឯកសិទ្ធិ និង​ការទទួលខុសត្រូវ​ដ៏ពិសិដ្ឋ​មួយ​សម្រាប់​ស្វាមី និង​ភរិយា​ដើម្បី​ថែទាំ​កូនៗ​ដែល​ពួកគេ​អាចបង្កើត ឬ​សុំ​មក​ចិញ្ចឹម ។ ឪពុក​ម្ដាយ​ចិញ្ចឹម​មានពរជ័យ និង​ទំនួល​ខុសត្រូវ​ដូចគ្នា​នឹង​ឪពុកម្តាយ​បង្កើត​ដែរ ។

ស្វាមី និង​ភរិយា​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ រួមគ្នា​ផ្តល់​នូវមជ្ឈដ្ឋាន​ក្នុង​ការចិញ្ចឹមបីបាច់​កូនៗ​បាន​យ៉ាងប្រសើរបំផុត ។ កាលៈទេសៈ​របស់​បុគ្គល​ម្នាក់ៗ​អាច​រារាំង​ឪពុកម្តាយ​មិន​ឲ្យ​ចិញ្ចឹម​បីបាច់​កូនៗ​រួមគ្នា ។ ទោះជា​យ៉ាងណាក្តី ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់ពួកគេ នៅពេល​ពួកគេ​ស្វែងរក​ជំនួយ​របស់ទ្រង់ ហើយ​ព្យាយាម​រក្សា​សេចក្តីសញ្ញា​របស់ពួកគេ​ជាមួយទ្រង់ ។

ឪពុក​ម្តាយ​មាន​ទំនួល​ខុសត្រូវ​ដ៏សំខាន់​ដើម្បី​ជួយ​កូនៗ​របស់​ពួកគេ ឲ្យរៀបចំខ្លួន​ទទួល​ពរជ័យ​នៃជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ពួកគេ​បង្រៀន​កូនៗ​របស់ពួកគេ​ឲ្យស្រឡាញ់ និង​បម្រើ​ព្រះ និង​អ្នកដទៃ ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។ ពួកគេបង្រៀន​កូនចៅ​ឲ្យ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ហើយ​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ ( សូមមើល អាលម៉ា ៣៧:៣៦–៣៧, ៤៤–៤៦ ) ។ ពួកគេ​ជួយ​កូនៗ​របស់​ពួកគេ​ឲ្យ​យល់​ពី​គោលលទ្ធិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ការទទួល​បុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៥ ) ។ ពួកគេ​ក៏​ជួយ​កូនៗ​របស់​ពួកគេ​ឲ្យ​ចុះ​សេចក្តី​សញ្ញា នៅពេល​ពួកគេ​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើងឡើង​ផងដែរ ។

« ឪពុក​ត្រូវបាន​ចាត់​ឲ្យធ្វើ​ជាអ្នក​ដឹកនាំ​នៅក្នុង​គ្រួសារ​របស់ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុងជីវិត ព្រម​ទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួនផង » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ នៅពេល​គ្មាន​ស្វាមី ឬ​ឪពុក​នៅក្នុង​ផ្ទះ នោះ​ម្តាយ​ធ្វើ​ជា​អធិបតី​នៅក្នុង​ក្រុមគ្រួសារ ។

ការធ្វើជា​អធិបតី​នៅក្នុង​គ្រួសារ​គឺជា​ទំនួល​ខុសត្រូវ ដើម្បី​ជួយ​ដឹកនាំ​សមាជិក​គ្រួសារ​ឲ្យ​ត្រឡប់​ទៅរស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅបាន តាមរយៈ​ការបម្រើ និង​ការបង្រៀន​ដោយ​ភាពទន់ភ្លន់ សុភាព​រាបសា និង​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដោយ​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ការធ្វើ​ជា​អធិបតី​នៅក្នុង​គ្រួសារ​រួមមាន​ការដឹកនាំ​សមាជិក​គ្រួសារ​ឲ្យ​មាន​ការអធិស្ឋាន​ជាប្រចាំ ការសិក្សា​ដំណឹងល្អ និង​ទិដ្ឋភាព​ផ្សេងទៀត​នៃ​ការថ្វាយ​បង្គំ ។ ឪពុកម្តាយ​ធ្វើការ​រួមគ្នា​ដើម្បី​បំពេញ​ការទទួលខុសត្រូវ​ទាំងនេះ ។

« ម្តាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូនចៅ​របស់​ខ្លួន » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ ការថែរក្សា​បីបាច់​មានន័យថា​ត្រូវ​ចិញ្ចឹម បង្រៀន និង​គាំទ្រ ដោយ​ធ្វើតាម​គំរូ​នៃ​ព្រះអង្គសង្រ្គោះ ( សូមមើល នីហ្វៃទី​៣ ១០:៤ ) ។ ដោយមាន​សាមគ្គីភាព​ជាមួយ​ស្វាមី​របស់ខ្លួន នោះ​ម្តាយមួយរូប​ជួយ​ក្រុមគ្រួសារ​របស់ខ្លួន​ឲ្យ​រៀន​ពីសេចក្តីពិត​នៃ​ដំណឹងល្អ ហើយ​អភិវឌ្ឍ​សេចក្តី​ជំនឿ​​លើ​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ជាមួយគ្នា ពួកគេ​បង្កើត​បរិយាកាស​នៃ​សេចក្តីស្រឡាញ់​ក្នុង​ក្រុមគ្រួសារ ។

« នៅក្នុង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ទាំងនេះ ឪពុក និង​ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅមក​ជា​ដៃគូ​ស្មើគ្នា » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក  » ) ។ ពួកគេ​ប្រឹក្សា​ប្រកបដោយ​ការអធិស្ឋាន​ជាមួយគ្នា និង​ជាមួយ​ព្រះអម្ចាស់ ។ ពួកគេ​ធ្វើ​ការសម្រេចចិត្ត​ជាមួយគ្នា​ដោយមាន​សាមគ្គីភាព និង​សេចក្តី​ស្រឡាញ់ ដោយមាន​ការចូលរួម​ចំណែក​ទាំងសងខាង ។

រូបភាព
ឪពុក​កំពុង​បង្រៀនគ្រួសារ

២.២

កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​គេហដ្ឋាន

គណៈប្រធាន​ទីមួយ​មាន​ប្រសាសន៍ថា « គេហដ្ឋាន​គឺជា​គ្រឹះ​នៃ​ជីវិត​ដ៏​សុចរិត​មួយ » ( លិខិត​របស់​គណៈប្រធាន​ទីមួយ ចុះថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ) ។ នៅក្នុង​គេហដ្ឋាន​របស់ពួកគេ បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ កិច្ចការ​នេះ​មាន​នូវ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​ដោយព្រះ​ចំនួន​បួន ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ( សូមមើល ១.២.១ )

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ( សូមមើល ១.២.២ )

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ( សូមមើល ១.២.៣ )

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ( សូមមើល ១.២.៤ )

ដើម្បី​គាំទ្រ​សមាជិក​នៅក្នុង​ការធ្វើ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅឯ​គេហដ្ឋាន នោះ​ថ្នាក់ដឹកនាំ​សាសនាចក្រ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្ថាបនា​គេហដ្ឋាន​មួយ​ដែល​មាន​ព្រះវិញ្ញាណ​គង់នៅ ។ ពួកគាត់​ក៏បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​គោរព​ថ្ងៃឈប់សម្រាក សិក្សា និង​រៀន​ពី​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ហើយ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជារៀង​រាល់​សប្តាហ៍​ផងដែរ ។ ថ្នាក់​ដឹកនាំ​ផ្តល់​ការយក​ចិត្តទុកដាក់​ជាពិសេស​ដល់​ការគាំទ្រ​បុគ្គល​ដែល​អាច​ខ្វះ​ជំនួយ ឬ​ការលើក​ទឹកចិត្ត​ពីសមាជិក​គ្រួសារ ។

២.២.១

គេហដ្ឋាន​ដែល​ព្រះវិញ្ញាណ​គង់​នៅ

សមាជិក​សាសនាចក្រ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ជា​កន្លែង​មួយ​ដែល​មាន​កម្លាំង​ខាង​វិញ្ញាណ និង​សេចក្ដី​អំណរ ។ ពួកគេ​អាច​យាង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឲ្យ​គង់​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​បាន​តាមរយៈ​ការខិតខំ​ដែល​សាមញ្ញៗ ។ គ្រប់​គេហដ្ឋាន​អាច​ធ្វើ​ជា « គេហដ្ឋាន​នៃ​ការអធិស្ឋាន គេហដ្ឋាន​នៃ​ការតមអាហារ គេហដ្ឋាន​នៃ​សេចក្តីជំនឿ គេហដ្ឋាន​នៃ​ការរៀនសូត្រ គេហដ្ឋាន​នៃ​សិរីល្អ គេហដ្ឋាន​នៃ​របៀបរៀបរយ គេហដ្ឋាន​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ ) ។

២.២.២

ការ​គោរព​ប្រតិបត្តិ​ដល់​ថ្ងៃ​ឈប់​សម្រាក

ព្រះ​បាន​បង្គាប់​បុត្រា​បុត្រី​របស់​ទ្រង់​ឲ្យ « នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ » ( និក្ខមនំ ២០:៨ ) ។ សមាជិក​សាសនាចក្រ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ដើម្បី​នឹកចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១២ ) ។ ថ្ងៃ​ឈប់​សម្រាក​គឺជា​ថ្ងៃ​នៃ​ការ​រៀន​សូត្រ​ដំណឹងល្អ និង​ការ​បង្រៀន​នៅ​ឯ​ព្រះវិហារ និង​នៅ​គេហដ្ឋាន ។ សមាជិក​អាច​ត្រូវ​បាន​ពង្រឹង​នៅ​ថ្ងៃ​ឈប់​សម្រាក នៅពេល​ពួកគេ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ដូចជា ៖

  • ការ​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​តាមរយៈ​ការ​អធិស្ឋាន និង​ការ​តម​អាហារ ។

  • ការ​សិក្សា និង​ការ​រៀន​សូត្រ​ដំណឹងល្អ ។

  • ការ​ធ្វើ​ការងារ​បម្រើ និង​ការ​បម្រើ​ដល់​មនុស្ស​ដទៃ ។

  • ពង្សប្រវត្តិ ។

  • ពេលវេលា​សម្រាប់​គ្រួសារ​ដ៏​រីករាយ ។

  • ការ​ជួបជុំ​គ្នា​ដ៏​សមរម្យ​ផ្សេង​ទៀត ។

២.២.៣

ការ​សិក្សា និង​ការ​រៀន​សូត្រ​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន

ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ​គឺ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន ហើយ​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​លើក​ទឹក​ចិត្ត​សមាជិក​គ្រប់​រូប​ឲ្យ​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពេញ​មួយ​សប្ដាហ៍ ។ ការ​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ វា​ពង្រឹង​ដល់​ការប្រែចិត្ត​ជឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការ​សិក្សា​បទគម្ពីរ​ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ ចូរ​មកតាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ គឺជា​វគ្គសិក្សា​ដែល​បាន​ណែនាំ​សម្រាប់​ការ​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ។ សៀវភៅចូរ​មក​តាម​ខ្ញុំ ធ្វើ​ឲ្យ​មេរៀន​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា សាលា​ថ្ងៃ​អាទិត្យ យុវនារី កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​សិក្ខាសាលា​ដំណើរការ​ស្រប​គ្នា​នឹង​ការ​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ។

បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ស្វែង​រក​ការ​បំផុស​គំនិត នៅពេល​ពួកគេ​ជ្រើសរើស​ការ​សិក្សា​ដែល​នឹង​បំពេញសេចក្ដី​ត្រូវការ​របស់​ពួកគេ​បាន​ល្អ​បំផុត ។ បន្ថែម​ពី​លើ​វគ្គ​បទគម្ពីរ​ដែល​បាន​ណែនាំ​នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ នោះ​ពួកគេ​អាច​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​បាន ពេល​កំពុង​សិក្សា ៖

  • ព្រះ​គម្ពីរមរមន និង​ព្រះគម្ពីរ​ផ្សេង​ទៀត ។

  • សារលិខិត​នៃ​សន្និសីទ​ទូទៅ ។

  • ទស្សនាវដ្តី​សាសនាចក្រ និង​មាតិកា​ល្អៗ​ផ្សេង​ទៀត ។

២.២.៤

រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង​សកម្មភាព​ផ្សេង​ទៀត

ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​រៀងរាល់​សប្ដាហ៍ ។ នេះ​គឺជា​ពេលវេលា​ដ៏​ពិសិដ្ឋ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ដើម្បី​រៀន​ដំណឹងល្អ ពង្រឹង​ទីបន្ទាល់ ស្ថាបនា​សាមគ្គីភាព ហើយ​រីករាយ​ជាមួយ​គ្នា ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​មាន​ភាព​បត់​បែន​ស្រប​តាម​ស្ថានភាព​របស់​សមាជិក ។ វា​អាច​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ និង​ពេលវេលា​ផ្សេង​ទៀត ។ វា​អាច​រួម​មាន ៖

  • ការ​សិក្សា និង​ការ​បង្រៀន​ដំណឹងល្អ ( ឯកសារ​មេរៀន ចូរ​មក​តាម​ខ្ញុំ អាច​យក​មក​ប្រើ​បាន ប្រសិន​បើ​ចង់ ) ។

  • ការ​បម្រើ​ដល់​មនុស្ស​ដទៃ ។

  • ការ​ច្រៀង ឬ​ការ​ស្តាប់​ទំនុក​តម្កើង និង​ចម្រៀង​កុមារ ( សូមមើល ជំពូក​ទី ១៩ ) ។

  • ការគាំទ្រ​ដល់​សមាជិក​គ្រួសារ​នៅក្នុង ការអភិវឌ្ឍ​ខ្លួន​របស់​កុមារ និង​យុវវ័យ ។

  • ក្រុម​ប្រឹក្សា​គ្រួសារ​ដាក់​គោលដៅ ដោះ​ស្រាយ​បញ្ហា ហើយ​សម្រប​សម្រួល​កាលវិភាគ ។

  • សកម្មភាព​កម្សាន្ត​នានា ។

សមាជិក​នៅ​លីវ និង​មនុស្ស​ដទៃ​ទៀត​អាច​ជួបជុំ​គ្នា​ជា​ក្រុម​នៅ​ក្រៅ​កម្មវិធី​ថ្វាយ​បង្គំ​ជា​ធម្មតា​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ចូល​រួម​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ហើយ​ពង្រឹង​គ្នា​តាមរយៈ​ការ​សិក្សា​ដំណឹងល្អ ។ សៀវភៅ ចូរ​មក​តាម​ខ្ញុំ អាច​ជា​ធនធាន​មួយ​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​រួម​គ្នា ។

ថ្នាក់​ដឹកនាំ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ដើម្បី​ជួយ​អ្នក​ដែល​ថ្មី​ចំពោះ​ការ​ធ្វើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ និង​ការ​សិក្សា​ដំណឹងល្អ ។

បន្ថែម​ពី​លើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ថ្នាក់​ដឹកនាំ​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​ឲ្យ​ដាក់​អាទិភាព​ដើម្បីមាន​ពេល​វេលា​ជួប​ជុំ​គ្នា​ពេញ​មួយ​សប្ដាហ៍ ។ ការណ៍​នេះ​អាច​រួម​មាន ការ​បរិភោគ​អាហារ​រួម​គ្នា ការ​ធ្វើ​ការ និង​ការ​បម្រើ​រួម​គ្នា និង​សកម្មភាព​កម្សាន្ត​នានា ។

ដើម្បី​ផ្ដល់​ពេលវេលា​ដល់​ក្រុម​គ្រួសារ​ឲ្យជួប​ជុំ​គ្នា នោះ​ថ្នាក់​ដឹកនាំ​គួរតែ​រក្សា​ល្ងាច​ថ្ងៃ​ចន្ទ​ឲ្យ​ទំនេរ​ពី​ការប្រជុំ​សាសនាចក្រ និង​សកម្មភាព​នានា ។

ថ្នាក់​ដឹកនាំ​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ធ្វើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ឲ្យ​បាន​ទៀងទាត់ និង​ចំណាយ​ពេល​វេលា​រួម​គ្នា​ជា​គ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។

២.២.៥

ការ​គាំទ្រ​បុគ្គល​ម្នាក់ៗ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជួយ​សមាជិក​ដែល​ខ្វះ​ការ​គាំទ្រ​ពី​គ្រួសារ ។ សមាជិក​ដែល​អាច​ត្រូវការ​ការ​គាំទ្រ​បន្ថែម​រួម​មាន ៖

  • កុមារ យុវវ័យ និង​មជ្ឈិមវ័យ​ដែល​ក្រុម​គ្រួសារ​របស់​ពួកគេ​ពុំ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ប្រជុំ និង​សកម្មភាព​នានា​របស់​សាសនាចក្រ ។

  • មជ្ឈិម​វ័យ​នៅ​លីវ​គ្រប់​វ័យ រួម​ទាំង​ឪពុក ឬ​ម្ដាយ​ដែល​ចិញ្ចឹម​កូន​តែឯង និង​សមាជិក​មេម៉ាយ ឬ​ពោះម៉ាយ ។

ថ្នាក់​ដឹកនាំ​ជួយ​សមាជិក​ទាំង​នេះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ឲ្យ​មាន​ឱកាស​ទទួល​បាន​ការ​រាប់​អាន បទពិសោធន៍​សង្គម​ល្អៗ និង​ការ​រីកចម្រើន​ខាង​វិញ្ញាណ ។ ថ្នាក់​ដឹកនាំ​លើក​ទឹកចិត្ត និង​ជួយ​ពួកគេ​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ថ្នាក់ដឹកនាំ​ក៏​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​ផង​ដែរ ។

២.៣

ទំនាក់​ទំនង​រវាង​គេហដ្ឋាន និង​សាសនាចក្រ

កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​គឺ​ផ្ដោត​លើ​គេហដ្ឋាន ហើយ​បាន​គាំទ្រ​ដោយ​សាសនាចក្រ ។ គោលការណ៍​ដូច​តទៅ​នេះ​អនុវត្ត​ចំពោះ​ទំនាក់​ទំនង​រវាង​គេហដ្ឋាន និង​សាសនាចក្រ ។

  • ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​គោរព​តួនាទី​របស់​ឪពុក​ម្ដាយ ហើយ​ជួយ​ដល់​ពួកគេ ។ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ស្ថាបនា ហើយ​ថែទាំ​ការប្រាស្រ័យ​ទាក់ទង​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​ឪពុក​ម្ដាយ ។

  • ថ្នាក់​ដឹកនាំ​ខិត​ខំ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ប្រជុំ សកម្មភាព និង​កម្មវិធី​នានា​របស់​សាសនាចក្រ​គាំទ្រ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ។

  • ការ​ប្រជុំ​មួយ​ចំនួន​របស់​សាសនាចក្រ​គឺ​ចាំបាច់​នៅ​ក្នុង​វួដ ឬ​សាខា​នីមួយៗ ។ ការ​ប្រជុំ​ទាំង​នេះ​រួម​មាន​ការ​ប្រជុំ​សាក្រាម៉ង់ ការប្រជុំ​ថ្នាក់ និង​ការប្រជុំ​កូរ៉ុម​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ការ​ប្រជុំ សកម្មភាព និង​កម្មវិធី​ផ្សេង​ទៀត​ជា​ច្រើនគឺ​ពុំ​ចាំ​បាច់​ទេ ។ ថ្នាក់​ដឹកនាំ​រៀបចំ​សកម្មភាព​ទាំង​នោះ​តាម​តម្រូវការ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ ថ្នាក់​ដឹកនាំ​ពិចារណា​ពី​ស្ថានភាព និង​ធនធាន​ក្នុង​មូលដ្ឋាន ។

  • បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ពិចារណា​ពី​ស្ថានភាព​របស់​ពួកគេ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សាសនាចក្រ​ដែល​ពុំ​ចាំបាច់ ។

  • កម្មវិធី​សាសនាចក្រ និង​ការ​ចូល​រួម​តម្រូវ​ឲ្យ​មាន​នូវ​ការ​លះបង់ ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​សមាជិក​ទាំងឡាយ នៅពេល​ពួកគេ​បម្រើ ហើយ​លះបង់​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទោះ​ជា​យ៉ាង​ណា ចំនួន​ពេលវេលា​ដែល​បាន​ផ្ដល់​ឲ្យ​ទៅ​កម្មវិធី​សាសនាចក្រ​ពុំ​គួរ​កាត់​បន្ថយ​លទ្ធភាព​របស់​សមាជិក ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​នៅ​ក្នុង​គេហដ្ឋាន កន្លែង​ការងារ និង​កន្លែង​ផ្សេង​ទៀត​នោះ​ទេ ។ ថ្នាក់ដឹកនាំ និង​សមាជិក​ពុំ​គួរមាន​ការថប់​បារម្ភ​ជាមួយ​នឹង​ការទទួល​ខុសត្រូវ​ច្រើន​ពេក​ក្នុង​សាសនាចក្រ​នោះ​ទេ ។ ហើយ​ក៏​ពុំ​គួរ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ការ​លះបង់​យ៉ាង​ច្រើន​ដើម្បី​គាំទ្រ​ដល់​កម្មវិធី ឬ​សកម្មភាព​របស់​សាសនាចក្រ​ដែរ ។

នៅពេល​សមាជិក​ធ្វើ​តាម​គោលការណ៍​ទាំង​នេះ និង​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ នោះ​ព្រះវរបិតា​សួគ៌​នឹង​ប្រទានពរ​ដល់​ការខិតខំ​របស់​ពួកគេ ។

រូបភាព
គូស្វាមីភរិយា​សើច