ក្បួនខ្នាត និង​ការហៅ
០. ទិដ្ឋភាព​ទូទៅ​នៃ​សេចក្ដីផ្ដើម


« ០. ទិដ្ឋភាព​ទូទៅ​នៃ​សេចក្ដីផ្ដើម » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ០. ទិដ្ឋភាព​ទូទៅ​នៃ​សេចក្ដីផ្ដើម » ក្បួនខ្នាត​ទូទៅ ។

០.

ទិដ្ឋភាព​ទូទៅ​នៃ​សេចក្ដីផ្ដើម

០.០

សេចក្តីផ្ដើម

ព្រះអម្ចាស់​បាន​បង្រៀន​ថា « ចូរ​ឲ្យ​មនុស្ស​គ្រប់រូប​រៀនពី​ភារកិច្ច​របស់​ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវបាន​តាំង​ឡើង ដោយ​សេចក្តី​ឧស្សាហ៍​គ្រប់ជំពូក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩ ) ។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អ្នក​គួរតែ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន ហើយ​បំពេញ​កាតព្វកិច្ច​ចំពោះ​ការហៅ​បម្រើ​របស់​អ្នក ។

ការសិក្សា​ព្រះគម្ពីរ និង​ការ​បង្រៀន​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ​នឹង​ជួយ​ឲ្យ​អ្នក​យល់ ហើយ​បំពេញភារកិច្ច​របស់​អ្នក ។ នៅពេល​អ្នកសិក្សា​ព្រះបន្ទូល​របស់ព្រះ នោះ​អ្នក​នឹង​កាន់តែ​ងាយ​ទទួលបាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៥ ) ។

អ្នក​ក៏រៀន​ពី​កាតព្វកិច្ច​របស់​ខ្លួន តាមរយៈ​ការសិក្សា​សេចក្តីណែនាំ​ទាំងឡាយ​នៅក្នុង​ក្បួនខ្នាត​នេះ​ផងដែរ ។ សេចក្តីណែនាំ​ទាំងនេះ​អាច​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ប្រសិនបើ​វា​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​នូវ​ការយល់​ដឹង​មួយ​អំពី​គោលការណ៍ គោលនយោបាយ និង​នីតិវិធី​ទាំងឡាយ​ដើម្បីអនុវត្ត ខណៈ​ដែល​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ។

០.១

ក្បួនខ្នាត​នេះ

ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ផ្តល់​នូវ​ការណែនាំ​សម្រាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទូទៅ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ។ វា​ចែកជា​បួន​ផ្នែក ៖

  • គោលលទ្ធិ​គ្រឹះ ៖ ជំពូក​ទាំងនេះ​បង្ហាញ​ពី​គោលលទ្ធិ និង​គោលការណ៍​គ្រឹះ​ទាំងឡាយ​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ។ ជំពូក​ទាំងនេះ​ពន្យល់​ពី ៖

    • ផែនការ​នៃ​សុភមង្គល​របស់ព្រះ កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ព្រមទាំង​គោលបំណង​នៃ​សាសនាចក្រ​ផងដែរ ។

    • តួនាទី​នៃ​ក្រុមគ្រួសារ​នៅក្នុង​ផែនការ​របស់ព្រះ កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និងភាពតម្កើងឡើង​នៅក្នុង​គេហដ្ឋាន ក៏​ដូចជា​ទំនាក់ទំនង​រវាង​គេហដ្ឋាន និង​សាសនាចក្រ ។

    • គោលការណ៍​បព្វជិតភាព ។

    • គោលការណ៍​សម្រាប់​ដឹកនាំ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ ។

  • អង្គការ​ក្នុង​សាសនាចក្រ ៖ ជំពូក​ទាំងនេះ​ផ្តល់​នូវ​សេចក្តី​ណែនាំ​សម្រាប់​គណៈប្រធាន​ស្តេក និង​គណៈប៊ីស្សព ថ្នាក់ដឹកនាំ​កូរ៉ុម​បព្វជិតភាព ថ្នាក់ដឹកនាំ​អង្គការ​ស្ដេក និង​វួដ ព្រម​ទាំង​អ្នកដទៃទៀត​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ ។

  • កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ៖ ជំពូក​ទាំងនេះ​ណែនាំ​អំពី​កិច្ចការ​ស្នូល​នៃ​សាសនាចក្រ ៖

    • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

    • ការ​មើល​ថែដល់អ្នក​ខ្វះខាត

    • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

    • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

  • ការគ្រប់គ្រង​សាសនាចក្រ ៖ ជំពូកទាំងនេះ​បង្ហាញ​គោលការណ៍​ណែនាំ​បន្ថែម​សម្រាប់​ការគ្រប់គ្រង​សាសនាចក្រ ។ ប្រធានបទ​រួមមាន​ការប្រជុំ ការហៅបម្រើ កំណត់ត្រា ហិរញ្ញវត្ថុ និង​គោលនយោបាយ​ទាំងឡាយ ។

នៅក្នុង​ក្បួនខ្នាត​នេះ ចំណង​ជើង និង​ចំណងជើង​រង ត្រូវបាន​ដាក់​ជា​លេខ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ប្រធានបទ និង​សេចក្តីយោង ។ ឧទាហរណ៍ សេចក្ដីណែនាំ​អំពី​អ្នក​ដែល​អាច​ផ្សារភ្ជាប់​បាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ត្រូវបាន​ផ្តល់​នៅក្នុង ២៧.៣.១ ។ លេខ ២៧ សំដៅ​ទៅលើ​ជំពូក លេខ  សំដៅ​ទៅលើ​វគ្គ​នៃ​ជំពូក​នោះ ហើយ​លេខ  សំដៅ​ទៅលើ​អនុ​វគ្គ ។

០.២

ធនធាន​ដែល​អាច​សម្រប​សម្រួល​បាន និង​អាច​ជ្រើសរើស​បាន

ពុំមែន​ស្តេក និង​វួដ​ទាំងអស់​មានតម្រូវការ​ដូចគ្នា​នោះទេ ។ ក្បួនខ្នាត​នេះ​មាន​នូវ​គោលការណ៍​ណែនាំ​សម្រាប់​ធនធាន​ដែល​អាច​សម្រប​សម្រួល​បាន និង​អាច​ជ្រើសរើស​បាន ៖

  • គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល ( ) ផ្តល់នូវ​ការណែនាំ​អំពី​របៀប​ដើម្បី​សម្រប​សម្រួល​អង្គការនានា និង​កម្មវិធី​ទាំងឡាយ​របស់​សាសនាចក្រ សម្រាប់​អង្គភាព​ដែល​មាន​សេចក្តី​ត្រូវការ និង​ធនធាន​ខុសៗគ្នា ។

  • ធនធាន​ដែល​អាចជ្រើសរើស​បាន ( ) មាន​នូវ​ព័ត៌មាន និង​ការណែនាំ​ទិសដៅ​បន្ថែម​ដែល​អាច​ជួយ​ដល់​ថ្នាក់ដឹកនាំ​ស្តេក និង​វួដ ។

ថ្នាក់ដឹកនាំ​ស្វែងរក​ការបំផុស​គំនិត​ថា​ត្រូវ​ប្រើ​គោលការណ៍​ណែនាំ និង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន​មួយ​ណា ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សមាជិក​ទាំងឡាយ ។

០.៣

បច្ចុប្បន្នភាព

ក្បួនខ្នាត​នេះ​នឹង​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ។ បញ្ជី​រាយនាម​ការផ្លាស់ប្តូរ​ថ្មីៗនេះ​គឺមាន​នៅក្នុង « សេចក្តីសង្ខេប​នៃ​ការធ្វើបច្ចុប្បន្នភាព​ថ្មីៗ » ។

០.៤

សំណួរ​អំពី​សេចក្តីណែនាំ​ទាំងឡាយ

នៅពេល​មាន​សំណួរ​ដែល​មិនបាន​បកស្រាយ​នៅក្នុង​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ឬ​ក្បួនខ្នាតនេះ នោះ​សមាជិក​សាសនាចក្រ​គួរតែ​ពឹងផ្អែក​ទៅលើ​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយព្រះ ការប្រឹក្សា​ពី​ថ្នាក់ដឹកនាំ​ក្នុងមូលដ្ឋាន​របស់ពួកគេ ហើយ​និង​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​សម្រាប់​ការដឹកនាំ ។

ប្រសិនបើ​ថ្នាក់ដឹកនាំ​មាន​សំណួរ​អំពី​ព័ត៌មាន​នៅ​ក្នុង​ក្បួនខ្នាត​នេះ ឬ​អំពី​បញ្ហា​ទាំងឡាយ​ដែល​មិន​បាន​ចែង​នៅក្នុង​ក្បួនខ្នាត​នេះ នោះ​ពួកគាត់​គួរតែ​យក​សំណួរ​នោះ​ទៅប្រឹក្សា​ជាមួយ​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី​ផ្ទាល់​របស់​ពួកគាត់ ។

០.៥

វាក្យសព្ទ

លើកលែង​តែ​ពាក្យណា​ដែលត្រូវបាន​បញ្ជាក់ បើពុំដូច្នោះទេ ៖

  • ពាក្យ ប៊ីស្សព និង គណៈប៊ីស្សព នៅ​ក្នុង​ក្បួនខ្នាត​នេះ ក៏​សំដៅ​ទៅលើ​ប្រធាន​សាខា និង​គណៈប្រធាន​សាខា​ផងដែរ ។ ពាក្យ ប្រធានស្តេក និង គណៈ​ប្រធាន​ស្តេក ក៏សំដៅ​ទៅលើ​ប្រធាន​មណ្ឌល និង​គណៈ​ប្រធាន​មណ្ឌល​ផងដែរ ។ សម្រាប់​សេចក្ដី​សង្ខេប​អំពី​របៀប​ដែល​សិទ្ធិអំណាច​របស់​ប្រធាន​មណ្ឌល​ខុស​ពី​សិទ្ធិអំណាច​របស់​ប្រធាន​ស្ដេក សូមមើល ៦.៣ ។

  • សេចក្តី​យោង​ទៅលើ​ពាក្យ​វួដ និង​ស្តេក​ក៏​ប្រើ​សម្រាប់​សាខា មណ្ឌល និង​បេសកកម្ម​ផងដែរ ។

  • សេចក្តីយោង​ទៅលើ​ពាក្យ​ថ្ងៃអាទិត្យ​អនុវត្ត​ចំពោះ​ថ្ងៃណា​ក៏ដោយ​ដែល​ជា​ថ្ងៃ​បរិសុទ្ធ ដែល​គេគោរព​នៅក្នុង​មូលដ្ឋាន ។

  • ពាក្យ អង្គភាព សំដៅ​ទៅលើ​វួដ និង​សាខា​ទាំងឡាយ ។

  • សេចក្តីយោង​ទៅ​ពាក្យ​ឪពុកម្តាយ ជាទូទៅ​ក៏​អនុវត្ត​ចំពោះ​អាណាព្យាបាល​ស្របច្បាប់​ផងដែរ ។

ការហៅបម្រើ​របស់​ប៊ីស្សព និង​ប្រធានសាខាមាន​សិទ្ធិអំណាច និង​ការទទួលខុសត្រូវខុសគ្នា ហើយ​ការហៅបម្រើ​ជា​ប្រធានស្តេក និង​ប្រធាន​មណ្ឌល​ក៏មិន​ដូចគ្នា​ដែរ ។ ប៊ីស្សព​គឺ​ជា​តំណែង​មួយ​នៅក្នុង​បព្វជិតភាព ហើយ​ការតែងតាំង​ត្រូវបាន​អនុញ្ញាត​មកពី​គណៈប្រធាន​ទីមួយ​តែ​ប៉ុណ្ណោះ ។ ប្រធាន​ស្តេក​ត្រូវបាន​ហៅ​ដោយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ។

០.៦

ការទាក់ទង​ទៅកាន់​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់

ជំពូក​ខ្លះ​នៅក្នុង​ក្បួនខ្នាត​នេះ​មាន​នូវ​ការណែនាំ ដើម្បី​ទាក់ទង​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។ សេចក្ដីណែនាំ​ដើម្បី​ទាក់ទង​ទៅកាន់​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ​អនុវត្ត​ចំពោះ​អ្នក​នៅ​ក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា ។ សេចក្ដីណែនាំ​ដើម្បី​ទាក់ទង​ទៅកាន់​ការិយាល័យ​ប្រចាំ​តំបន់​អនុវត្ត​ចំពោះ​អ្នកនៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា ។