ការរៀន​ភាសា​អង់គ្លេស
ការណែនាំ​បន្ថែម


« ការណែនាំ​បន្ថែម » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )

« ការណែនាំ​បន្ថែម » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect

ការណែនាំ​បន្ថែម

សេចក្តីជំនឿ ការរាប់អាន និង​ការរីកចម្រើន

បណ្ដុះ​ឲ្យ​មាន​សេចក្តីជំនឿ ការរាប់អាន និង​ការរីកចម្រើន ។ ជួយ​បង្កើត​បរិយាកាស​ដែល​អ្នករៀន​អាច​បង្កើន​សេចក្ដី​ជំនឿ ទទួល​បទពិសោធន៍​នៃ​ការរាប់អាន និង​​ពង្រីក​សមត្ថភាព​របស់​ពួកគេ ។ អ្នក​អាច​ធ្វើ​បែបនេះ​បាន​ដោយ​ហៅ​គ្រូបង្រៀន ផ្តល់​សម្ភារបរិក្ខារ និង​ធានា​ឲ្យ​បាន​ថា​អ្នករៀន និង​គ្រូបង្រៀន​មាន​ធនធាន​ចាំបាច់​នានា ។ អ្នក​ក៏​អាច​សម្រប​សម្រួល​ជាមួយ​អ្នក​ដទៃ​ដែល​អាច​គាំទ្រ​ដល់​អ្នករៀន ដូច​ជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្សេង​ទៀត​ផង​ដែរ ។

ថ្នាក់ដឹកនាំ​បព្វជិតភាព

ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព ។ ត្រូវ​ប្រាកដ​ថា កម្មវិធី​របស់​អ្នក​មាន​ការអនុម័ត និង​ការត្រួត​ពិនិត្យ​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​រួម​មាន​អ្នក​ទាំងឡាយ​ដែល​មើល​ខុសត្រូវ​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ព្រមទាំង​កិច្ចខិតខំ​ខាង​អ្នកផ្សព្វផ្សាយ​សាសនា​ផងដែរ ។ ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​អំពី ៖

សូម​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​បព្វជិតភាព ។ សូម​រាយការណ៍​ត្រឡប់​ទៅ​ថ្នាក់ដឹកនាំ​បព្វជិតភាព​វិញ​អំពី​ជោគជ័យ និង​ឧបសគ្គ​នានា​របស់​ក្រុម EnglishConnect ។

ធានា​ឲ្យ​បាន​នូវ​ការអនុលោម​តាម​ច្បាប់ ។ ធានា​ថា​កម្មវិធី EnglishConnect សមស្រប​នឹង​តម្រូវការ​ស្របច្បាប់​ក្នុង​មូលដ្ឋាន​ដែល​មាន​នៅ​លើ​គេហទំព័រ englishconnect.org/leader/approved-locations ។

ចំណាំ៖ ធនធាន EnglishConnect ត្រូវបាន​ការពារ​ដោយ​ច្បាប់​រក្សាសិទ្ធិ​ថត​ចម្លង និង​មិន​គួរ​ត្រូវ​បាន​កែប្រែ​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ ។

ភាពជា​ដៃគូ​ក្នុង​បេសកកម្ម

ដាក់​ផែនការ​ប្រើ EnglishConnect ដើម្បី​ចែកចាយ​ដំណឹងល្អ ។ EnglishConnect អាច​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​បេសកកម្ម​វួដ ។ ក្រុម EnglishConnect អាច ៖

  • បង្កើន​ឱកាស​ស្វែងរក និង​បង្រៀន​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​ពេញម៉ោង ។

  • ពង្រឹង​ទំនាក់ទំនង​រវាង​សមាជិក មិត្តភក្ដិ​នៃ​សាសនាចក្រ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ជួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្រៀន​សមាជិក ឬ​អ្នក​ដែល​ត្រឡប់​មក​វិញ​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​វួដ​មួយ ។

  • សូម​ជួយ​សមាជិក​អនុវត្ត​គោលការណ៍​នៃ​សេចក្តី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ( សូមមើល ក្បួនខ្នាត​ទូទៅ ២៣.១ ) ។

កិច្ចខិតខំ​ដែល​ដឹកនាំ​ដោយ​សមាជិក គាំទ្រ​ដោយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ជួយ​ឲ្យ​សម្រេច​បាន​លទ្ធផល​ទាំងនេះ​ល្អបំផុត ។ នៅ​ពេល​ដែល​សមាជិក​ដឹកនាំ​ក្រុម EnglishConnect អ្នកចូលរួម​ទំនង​ជា​នឹង​កសាង​មិត្តភាព​ជាមួយ​សមាជិក និង​ចែកចាយ​បទពិសោធន៍​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ថ្នាក់ដឹកនាំ​បេសកកម្ម និង​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​គួរតែ​ប្រឹក្សា​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ក្រុម EnglishConnect ក្លាយ​ជា​កន្លែង​មួយ​ដែល​ការចែកចាយ និង​ការរស់នៅ​តាម​ដំណឹងល្អ​មាន​ភាពសាមញ្ញ និង​តាម​ធម្មជាតិ ។

អញ្ជើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ជួយ ។ នៅ​ក្នុង​តំបន់​ដែល​ស្តេក ឬ​វួដ​កំពុង​ផ្តល់​ជូន​ក្រុម EnglishConnect សូម​អញ្ជើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ជួយ​ដោយ ៖

  • ចូលរួម​ក្រុម និង​អនុវត្ត​ជាមួយ​អ្នករៀន​អំឡុង​ពេល​ធ្វើ​សកម្មភាព ។

  • ការអនុវត្ត​ជាមួយ​អ្នក​រៀន​ក្នុង​ក្រុម​សន្ទនា​នានា ។

  • ការបង្រៀន​មេរៀន​មួយ​ចំនួន​តាម​តម្រូវការ ។

គ្រូបង្រៀន

តួនាទី​របស់​គ្រូបង្រៀន

គ្រូបង្រៀន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអញ្ជើញ​ព្រះវិញ្ញាណ និង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ជំនឿ ការរាប់អាន និង​ការរីកចម្រើន​នៅក្នុង​ក្រុម EnglishConnect ។ ពួកគេ​មិន​ចាំបាច់​ជា​អ្នកជំនាញ​ខាង​ភាសា​អង់គ្លេស ឬ​មាន​បទ​ពិសោធន៍​ក្នុង​ការបង្រៀន​នោះ​ទេ ។ ពួកគេ​មិន​ចាំបាច់​និយាយ​ភាសា​ដូច​គ្នា​នឹង​អ្នករៀន​ទេ ។ មេរៀន EnglishConnect ត្រូវបាន​រចនា​ឡើង​ដោយ​ប្រើ​គោលការណ៍​ដែល​បាន​បញ្ជាក់​អំពី​ការរៀន​ភាសា ហើយ​គ្រូបង្រៀន​នឹង​ទទួល​បាន​ជោគជ័យ​នៅពេល​ដែល​ពួកគេ​ណែនាំ​អ្នករៀន​ដោយ​ក្ដី​ស្រឡាញ់​តាម​រយៈ​មេរៀន​ទាំងនោះ ។ គ្រូបង្រៀន​ជួយ​អ្នករៀន​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​តាមរយៈ​ការរៀន​ភាសា​អង់គ្លេស ។

គុណសម្បត្តិ​គ្រូបង្រៀន

គ្រូបង្រៀន​ល្អ​មាន ៖

  • ចិត្ត​សាទរ រំភើប និង​មាន​ចំណង់​ក្នុង​ការបង្រៀន​ភាសា​អង់គ្លេស ។

  • សេចក្ដី​ស្រឡាញ់ និង​ការអត់ធ្មត់​ចំពោះ​អ្នករៀន និង​មាន​បំណង​ចង់​ឃើញ​ពួកគេ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង ។

  • អាកប្បកិរិយា​វិជ្ជមាន និង​សុទិដ្ឋិនិយម ។

  • ភាពអាច​ពឹងផ្អែក​បាន និង​មាន​ពេល​ដើម្បី​ដឹកនាំ​ក្រុម ។

ហៅ​គ្រូបង្រៀន ។ ដោយសារ​តែ​អ្នករៀន EnglishConnect អាច​រួមមាន​ទាំង​អនីតិជន នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​គួរតែ​សម្ភាស​គ្រូបង្រៀន​ដែល​មាន​សក្តានុពល​ម្នាក់ៗ និង​ពិនិត្យ​មើល​កំណត់ត្រា​សមាជិកភាព​របស់​ពួកគេ​ថា​មាន​ចំណារចារ​អ្វី​ឬ​អត់ មុន​នឹង​ផ្ដល់​ការហៅ ។ ក្រុម​ដែល​មាន​អនីតិជន​ត្រូវតែ​មាន​វត្តមាន​មជ្ឈិមវ័យ​ពីរ​នាក់ និង​ធ្វើ​តាម គោលនយោបាយ​សាសនាចក្រ​សម្រាប់​ការការពារ​យុវវ័យ ។ មាន​អនុសាសន៍​ថា ក្រុម​ដែល​មិនមែន​ជា​ក្រុម​យុវវ័យ​ក៏​ត្រូវ​មាន​គ្រូបង្រៀន​ពីរ​នាក់​ផងដែរ ដើម្បី​ពួកគេ​អាច​បង្រៀន​ជាមួយ​គ្នា ឬ​បង្រៀន​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​គ្រូបង្រៀន​ម្នាក់​នៅ​ឆ្ងាយ ឬ​ឈឺ ។

បំពាក់បំប៉ន​គ្រូបង្រៀន ។ អ្នក​អាច​បំពាក់បំប៉ន​គ្រូបង្រៀន​ដោយ​ប្រើ EnglishConnect សម្រាប់​គ្រូបង្រៀន និង​ធនធាន​នានា​នៅលើ​គេហទំព័រ englishconnect.org/teacher ។ អ្នក​ក៏​គួរ​តែ​ឲ្យ​គ្រូបង្រៀន​ថត​ចម្លង​សៀវភៅ​សិក្សា និង​សៀវភៅ​លំហាត់​របស់​អ្នករៀន​ផង​ដែរ ( សូមមើល « សម្ភារ » ) ។ គ្រូបង្រៀន​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ជួប​គ្នា​ជា​ទៀងទាត់ ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​គ្នា ចែកចាយ​ការអនុវត្ត​ដ៏​ល្អ​បំផុត ឆ្លើយ​សំណួរ​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​ពិនិត្យ​មើល​សម្ភារ​សម្រាប់​បំពាក់បំប៉ន ។

ជួយ​អ្នករៀន​ឲ្យ​រីកចម្រើន​ដើម្បី​ធ្វើជា​គ្រូបង្រៀន ។ គ្រូបង្រៀន​អាច​រក​អ្នករៀន​នៅ​ក្នុង​ក្រុម​ដែល​អាច​ត្រៀម​ខ្លួន​បង្រៀន​ក្រុម​មួយ​នៅ​ពេល​អនាគត ។ ការបង្រៀន​ជួយ​អ្នករៀន​បន្ត​រីកចម្រើន និង​ពង្រីក​ការចូល​ទៅ​កាន់​កម្មវិធី​នេះ ។

សម្ភារ

ផ្តល់​សម្ភារ​ឲ្យ​អ្នករៀន ។ អ្នករៀន​នឹង​ត្រូវ​ចូល​ទៅកាន់ EnglishConnect ១ សម្រាប់​អ្នករៀនEnglishConnect ២ សម្រាប់​អ្នករៀន ទាំង​ឌីជីថល​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​សៀវភៅ​បោះពុម្ព​តាមរយៈ​ហាង​អនឡាញ​របស់​សាសនាចក្រ​នៅ​គេហទំព័រ store.ChurchofJesusChrist.org ។ ក៏​មាន​ធនធាន​បន្ថែម​ដើម្បី​បង្កើន​ការរៀនសូត្រ​របស់​ពួកគេ ដែល​រួមមាន​សៀវភៅ​លំហាត់ និង​សកម្មភាព​អនឡាញ​ផងដែរ ។ សម្រាប់​ការពិពណ៌នា​អំពី​ធនធាន​ទាំងអស់​ដែល​មាន​សម្រាប់​អ្នករៀន សូមមើល « តើ​សម្ភារ​សិក្សា​សម្រាប់​អ្នករៀន និង​គ្រូបង្រៀន​សម្រាប់ EnglishConnect មាន​អ្វី​ខ្លះ ? » ក្នុង​ផ្នែក « សំណួរ​ដែល​ចោទសួរ​ញឹកញាប់ » ។

ធនធាន​បោះពុម្ព

ប្រសិន​បើ​អ្នក​ផ្តល់​ធនធាន​បោះពុម្ព នោះ​អង្គភាព​ក្នុង​មូលដ្ឋាន​គាំទ្រ​កិច្ចខិតខំ​នេះ​ជាមួយ​នឹង​ថវិកា​ដែល​មាន​ស្រាប់​របស់​ពួកគេ ។ ប្រសិន​បើ​អ្នក​ត្រូវការ​មូលនិធិ ប្រធាន​ស្តេក​គួរ​តែ​ធ្វើ​តាម​ដំណើរការ​ដែល​បាន​អនុម័ត​ដើម្បី​ស្នើ​សុំ​មូលនិធិ ។ កុំ​គិត​ថ្លៃ​ចូលរួម​ណា​មួយ​ពី​អ្នករៀន​ឡើយ ។ ប្រសិន​បើ​អ្នករៀន​ត្រូវ​បាន​រំពឹង​ឲ្យ​ទិញ​ធនធាន​បោះពុម្ព​ដោយ​ខ្លួន​ឯង នោះ​ពួកគេ​អាច​ធ្វើ​ដូចនោះ​បាន​តាមរយៈ​មជ្ឈមណ្ឌល​ចែកចាយ​ក្នុង​មូលដ្ឋាន ឬ​ហាង​អនឡាញ​របស់​សាសនាចក្រ ។

ចំណាំ ៖ សៀវភៅ​សិក្សា​អាច​ត្រូវការ​ពេល​ដល់​ទៅ​ប្រាំមួយ​សប្តាហ៍​បាន​មក​ដល់ ។

ផ្តល់​សម្ភារ​ឲ្យ​គ្រូបង្រៀន ។ គ្រូបង្រៀន​គួរ​សិក្សា EnglishConnect សម្រាប់​គ្រូបង្រៀន ក្នុង​បណ្ណាល័យ​ដំណឹងល្អ ព្រម​ទាំង​ធនធាន​បំពាក់បំប៉ន​ផ្សេង​ទៀត​នៅលើ​គេហទំព័រ englishconnect.org/teacher ។

បទបង្ហាញ​មេរៀន​អនឡាញ

គ្រូបង្រៀន​អាច​ប្រើ​ធនធាន​បទបង្ហាញ EnglishConnect ដើម្បី​ជួយ​ណែនាំ​ក្រុម​សន្ទនា​តាម​អនឡាន ។ បទបង្ហាញ​មេរៀន​គឺ​អាច​រក​បាន​នៅ​គេហទំព័រ englishconnect.org/resources/teaching-materials ។

ទីតាំង និង​ភាពញឹកញាប់

សម្រេច​ចិត្ត​ថា​តើ​អ្នក​នឹង​បង្រៀន​ក្រុម​ដោយ​ជួប​ផ្ទាល់ ឬ​តាម​អ៊ិនធឺណេត ។ ក្រុម​ជួបផ្ទាល់​នៅ​ក្នុង​អគារ​សាសនាចក្រ​ត្រូវបាន​ផ្តល់​អនុសាសន៍​ឲ្យ​ផ្ដល់​ឱកាស​នៃ​ការរាប់អាន ។ ប្រសិន​បើ​ការទៅ​កាន់​អគារ​សាសនាចក្រ​ជា​ឧបសគ្គ​មួយ​សម្រាប់​អ្នកចូលរួម សូម​ពិចារណា​ផ្តល់​ក្រុម​អនឡាញ ។ « ការណែនាំ​ដើម្បី​ដឹកនាំ​ក្រុម​អនឡាញ » និង « ការណែនាំ​សម្រាប់​អ្នកចូលរួម​ក្រុម​អនឡាញ » អាច​ជួយ​ថ្នាក់ដឹកនាំ គ្រូបង្រៀន និង​អ្នករៀន​បង្កើត​បរិយាកាស​រៀនសូត្រ​ដែល​បំផុសគំនិត​តាម​អនឡាញ ។ បទបង្ហាញ​មេរៀន​អនឡាញ​អាច​រក​បាន​នៅ​គេហទំព័រ englishconnect.org/resources/teaching-materials ។

សម្រេច​ចិត្ត​ថា​តើ​ក្រុម​ទាំងនោះ​នឹង​ជួបគ្នា​ញឹកញាប់​ប៉ុនណា ។ ក្រុម​ភាគ​ច្រើន​ជួបគ្នា​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​មេរៀន​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ឲ្យ​ក្រុម​អាច​ជួប​គ្នា​កាន់​តែ​ញឹកញាប់​ប្រសិន​បើ​ចង់​បាន ។ សូម​ចងចាំ​ថា អ្នករៀន​ត្រូវការ​ពេលវេលា​ដើម្បី​បំពេញ​សកម្មភាព​សិក្សា​ផ្ទាល់ខ្លួន​មុន​មេរៀន​នីមួយៗ ។

សម្រេច​ចិត្ត​ថា​តើ​ក្រុម​ទាំងនោះ​នឹង​ជួប​គ្នា​ពេលណា និង​រយៈ​ពេល​ប៉ុន្មាន ។ ជ្រើសរើស​ថ្ងៃ និង​ពេលវេលា​ដែល​ល្អបំផុត​សម្រាប់​អ្នករៀន និង​គ្រូបង្រៀន ។ ក្រុម​ភាគ​ច្រើន​ជួប​គ្នា​រយៈ​ពេល ៩០ នាទី ប៉ុន្តែ​ក្រុម​អាច​ជួប​គ្នា​ក្នុង​រយៈពេល​ផ្សេង​ពី​នេះ​ប្រសិន​បើ​ចង់​បាន ។

សម្រេច​រយៈពេល​របស់​ក្រុម និង​ជំពូក​ណា​ខ្លះ​ដែល​ពួកគេ​នឹង​រៀន ។ ក្រុម​ជា​ច្រើន​កំពុង​បន្ត មាន​ន័យ​ថា ពួកគេ​ចាប់ផ្តើម​មេរៀន​ទី១​ម្ដងទៀត នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​សៀវភៅ​សិក្សា​នោះ ។ ក្រុម​ផ្សេង​ទៀត​រៀន​តាម​សៀវភៅ​សិក្សា​ម្តង ឬ​រៀន​តែ​ផ្នែក​មួយ​នៃ​ជំពូក​នានា​នៅ​ក្នុង​សៀវភៅ​សិក្សា ។

សូមមើល​ផ្នែក « ឧទាហរណ៍ » សម្រាប់​របៀប​ដែល​ថ្នាក់ដឹកនាំ​បានរៀបចំ​ក្រុម​ទាំងឡាយ ។

ការចុះឈ្មោះ និង​វិញ្ញាបនបត្រ ( QuickReg )

បង្កើត និង​គ្រប់គ្រង​ក្រុម​នៅក្នុង QuickReg ។ QuickReg គឺជា​ឧបករណ៍​ដែល​សាសនាចក្រ​បាន​អនុម័ត​ដើម្បី​គ្រប់គ្រង​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន​ទាំងឡាយ ។ បង្កើត​ក្រុម​ក្នុង QuickReg ដោយ​ចូលទៅកាន់​គេហទំព័រ quickreg.englishconnect.org ។ បន្ទាប់មក សូម​បន្ត​ប្រើប្រាស់ QuickReg ដើម្បី ៖

  • ផ្សព្វផ្សាយ​អំពី​ក្រុម​ទាំងឡាយ ។

  • ផ្លាស់ប្តូរ​កាលបរិច្ឆេទ ពេលវេលា និង​ទីតាំង​របស់​ក្រុម ។

  • បោះពុម្ព​វិញ្ញាបនបត្រ​អ្នកចូលរួម ។

  • ផ្លាស់ប្ដូរ​ស្ថានភាព​របស់​អ្នករៀន ។

  • បញ្ចប់​ក្រុម ។

សូម​មើល​ការបង្រៀន QuickReg នៅលើ​គេហទំព័រ englishconnect.org/leader ដើម្បី​ទទួល​បាន​ការបំពាក់បំប៉ន ។

ចំណាំ ៖ ដើម្បី​ប្រើ QuickReg សមាជិក​ត្រូវ (១) មាន​ការហៅ​មួយ​ក្នុង​សាសនាចក្រ (២) ការហៅ​របស់​ពួកគេ​ត្រូវបាន​កត់ត្រា​នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។

បោះពុម្ព និង​ប្រគល់​វិញ្ញាបនបត្រ​ពី QuickReg ។ គ្រូបង្រៀន និង​អ្នកជំនាញ​ខាង​ភាពខ្លួន​ទីពឹង​ខ្លួន​អាច​បោះពុម្ព និង​ផ្តល់​វិញ្ញាបនបត្រ​ការចូលរួម​ដល់​អ្នករៀន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង QuickReg ។

ការអញ្ជើញ និង​ការយល់ដឹង

ប្រើ​សម្ភារ​សម្រាប់​ផ្សព្វផ្សាយ ។ សម្ភារ​ផ្សព្វផ្សាយ​មាន​នៅ​លើ​ហាង​អនឡាញ​របស់​សាសនាចក្រ​នៅ​គេហទំព័រ store.ChurchofJesusChrist.org និង​នៅ englishconnect.org/resources/leader#publicity ។

អញ្ជើញ​អ្នករៀន ។ អ្នក​អាច​ប្រើ​បណ្ដាញ​ទំនាក់ទំនង​ធម្មតា​ដើម្បី​ផ្សព្វផ្សាយ​ពី​ក្រុម EnglishConnect ដូចជា​បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ក្ដារប្រកាស​ព័ត៌មាន​របស់​វួដ ខិត្តប័ណ្ណ​ជាដើម ។ នៅ​កន្លែង​ដែល​ត្រូវ​បាន​អនុញ្ញាត និង​ផ្តល់​មូលនិធិ​ដោយ​អង្គភាព​ក្នុង​មូលដ្ឋាន ក្រុម​ក៏​អាច​ពិចារណា​អំពី​ការផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ទំព័រ​របស់​ស្តេក ឬ​វួដ​ក្នុង​មូលដ្ឋាន​ផង​ដែរ ។ មុន​នឹង​ផ្តួចផ្តើម​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ណាមួយ​ទាំងនេះ សូម​ពិនិត្យ​ឡើងវិញ​នូវ​គោលការណ៍​ណែនាំ​ច្បាប់​មូលដ្ឋាន​នៅលើ​គេហទំព័រ englishconnect.org/leader/approved-locations ។

ស្វាគមន៍​អ្នករៀន ។ បង្កើត​ផែនការ​មួយ​សម្រាប់​របៀប​ដែល​អ្នក​នឹង​ស្វាគមន៍​អ្នករៀន នៅ​ពេល​ពួកគេ​ចុះ​ឈ្មោះ​សម្រាប់​ក្រុម​នេះ ។

អញ្ជើញ​មិត្ត​ដែល​មាន​ជំនឿ​ផ្សេង​ទៀត ។ អ្នក​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បញ្ចូល​មនុស្ស​មក​ពី​សាវតា​ជំនឿ​ផ្សេង​គ្នា ។ សូម​បង្ហាញ​ការគោរព​ចំពោះ​ជំនឿ​របស់​អ្នក​ដទៃ​ជានិច្ច ខណៈ​ចែកចាយ​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​បើក​ចំហ​ថា ព្រះ​អាច​ជួយ​អ្នកចូលរួម​រៀន​ភាសា​អង់គ្លេស ។

ពិចារណា​ពី​ការអញ្ជើញ​យុវវ័យ ។ អ្នក​អាច​រៀបចំ​ក្រុម​សម្រាប់​តែ​យុវវ័យ ឬ​អ្នក​អាច​អញ្ជើញ​យុវវ័យ​ឲ្យ​ចូលរួម​ជាមួយ​មជ្ឈិមវ័យ ។ នៅ​ក្នុង EnglishConnect ជំនាន់​ដែល​កំពុង​ពេញវ័យ​រៀន​ពី​របៀប​ទទួល​បាន​ជំនួយ​ពី​ព្រះ​ដើម្បី​រៀន​ភាសា​អង់គ្លេស ។ មេរៀន​ទាំង​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​ជំនឿ​ថា ព្រះ​នឹង​ជួយ​ពួកគេ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​ពួកគេ ។

ធ្វើ​តាម គោលនយោបាយ​សាសនាចក្រ​សម្រាប់​ការការពារ​យុវវ័យ។ អនីតិជន ( អាយុ ១៨ ឆ្នាំ ឬ​តិច​ជាង​នេះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ ) ត្រូវ​តែ​មាន​ទម្រង់​បែបបទ​យល់ព្រម​ពី​ឪពុក​ម្ដាយ​ដែល​បាន​ចុះ​ហត្ថលេខា​មុន​នឹង​ចូលរួម​ក្នុង​ក្រុម​នេះ ។ ទម្រង់​បែបបទ​មាន​ជា​ច្រើន​ភាសា​នៅលើ​គេហទំព័រ englishconnect.org/resources/leader ។ លើសពី​នេះ​ទៀត ក្រុម EnglishConnect ត្រូវតែ​ធ្វើ​តាម​គោលនយោបាយ​សាសនាចក្រ​ជានិច្ច​ថា យ៉ាង​ហោច​ណាស់​មជ្ឈិមវ័យ​ដែល​មាន​ការទទួល​ខុសត្រូវ​ពីរ​នាក់​ត្រូវ​មាន​វត្តមាន​គ្រប់​ពេល​ក្នុង​អំឡុង​ពេល​ប្រជុំ​ក្រុម ។ គោលនយោបាយ​ទាំងនេះ​ត្រូវតែ​អនុវត្ត ទោះបី​ជា​ក្រុម​នេះ​កំពុង​ជួប​គ្នា​តាម​អនឡាញ​ក៏​ដោយ ។

ការរីកចម្រើន​ទៅកាន់​កម្រិត​បន្ទាប់

បង្រៀន​អ្នករៀន​អំពី​ EnglishConnect និង BYU–Pathway Worldwide និង អាជីព​វិជ្ជាជិវៈ ។ EnglishConnect និង BYU–Pathway Worldwide ផ្តល់​ផ្លូវ​មួយ​សម្រាប់​អ្នករៀន​ដើម្បី​ទទួល​បាន​ជំនាញ​ថ្មី​នៅក្នុង​បរិយាកាស​នៃ​ការរាប់អាន និង​សេចក្ដី​ជំនឿ ។ អ្នក​អាច​ស្វែងរក​ធនធាន​បាន​នៅ​គេហទំព័រ byupathway.org/englishconnect ។

ជួយ​អ្នករៀន​ឲ្យ​ចុះឈ្មោះ​ចូល​រៀន EnglishConnect ៣ ។ សូមមើល​ផ្នែក « ភ្ជាប់​អ្នករៀន​ទៅ​នឹង​ក្រុម EnglishConnect ៣ » ។

ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម BYU–Pathway Worldwide ក្នុង​មូលដ្ឋាន​របស់​អ្នក ។ ពិភាក្សា​អំពី​វិធី​ដើម្បី​គាំទ្រ​ដល់​អ្នករៀន នៅ​ពេល​ដែល​ពួកគេ​ផ្លាស់ប្តូរ​ពី EnglishConnect ៣ ទៅ BYU–Pathway Worldwide ។

ការភ្ជាប់​ជាមួយ​ធនធាន​សាសនាចក្រ​ដទៃ​ទៀត

ភ្ជាប់​ជាមួយ​ធនធាន​បន្ថែម​របស់​សាសនាចក្រ ។ សូម​ធ្វើ​ផែនការ​ភ្ជាប់​អ្នកចូលរួម​ជាមួយ​នឹង​ធនធាន​សាសនាចក្រ​បន្ថែម​ទៀត ដូចជា​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្សេងៗ​ទៀត សកម្មភាព​យុវវ័យ និង​ឱកាស​ដើម្បី​រៀន​បន្ថែម​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​មើល​ទំព័រ « ធនធាន​ផ្នែក​ផ្លូវចិត្ត អប់រំ និង​ការងារ » នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។