ជំពូកទី ៥៤
ព្រះ និងពួកទេវតា
ខែ កុម្ភៈ–ខែ មេសា ឆ្នាំ ១៨៤៣
ថ្ងៃមួយមានបុរសម្នាក់បាននិយាយថា គាត់បានឃើញទេវតាមួយអង្គយាងមកជួបយ៉ូសែប ស៊្មីធ ។ បុរសនោះបានប្រាប់យ៉ូសែបអំពីសភាពនៃការស្លៀកពាក់របស់ទេវតានោះ ។ យ៉ូសែបបាននិយាយថា បុរសនោះពិតជាពុំបានឃើញទេវតាឡើយ ដោយសារពួកទេវតាពុំស្លៀកពាក់តាមរបៀបដែលបុរសនោះបានពិពណ៌នាឡើយ ។
បុរសនោះបានខឹងសម្បារជាខ្លាំង ។ គាត់បានបង្គាប់ឲ្យមានភ្លើងធ្លាក់ចុះមកពីស្ថានសួគ៌ដើម្បីបញ្ឆេះព្យាការី និងផ្ទះរបស់លោក ។ ប៉ុន្តែបុរសនោះគ្មានព្រះចេស្តាពីព្រះទេ ហើយក៏គ្មានភ្លើងធ្លាក់ចុះមកពីស្ថានសួគ៌មកដែរ ។
ព្រះយេស៊ូវបានប្រទានវិវរណៈដល់យ៉ូសែប ស្ម៊ីធ អំពីពួកទេវតា ។ ព្រះយេស៊ូវមានបន្ទូលថា ពួកទេវតាគឺជាពួកមនុស្សដែលធ្លាប់រស់នៅលើផែនដីដែលបានស្លាប់ ហើយបានរស់ឡើងវិញ ។ ពួកគេមានរូបកាយជាសាច់ និងឆ្អឹង ។
ព្រះយេស៊ូវបានមានបន្ទូលថា សាតាំងព្យាយាមបោកបញ្ឆោតមនុស្ស ។ ជួនកាលវាធ្វើឲ្យមនុស្សគិតថា វាគឺជាទេវតាមួយអង្គ ។ វាព្យាយាមឲ្យមនុស្សធ្វើរឿងអាក្រក់ៗ ។ ប៉ុន្តែមនុស្សសុចរិតអាចដឹងថា ពេលណាដែលសាតាំងកំពុងព្យាយាមបោកបញ្ឆោតពួកគេ ។
ក្រោយមកទៀត យ៉ូសែប ស្ម៊ីធ បានប្រាប់ពួកបរិសុទ្ធអំពីសេចក្តីពិតផ្សេងទៀតស្តីពីស្ថានសួគ៌ ។ លោកបានថ្លែងថា ពួកទេវតាពុំរស់នៅលើភពណាមួយដូចជាភពផែនដីនេះឡើយ ។ ផ្ទុយទៅវិញ ពួកទេវតាគង់នៅជាមួយព្រះ ។ យ៉ូសែបក៏បានថ្លែងផងដែរថា មនុស្សនៅស្ថានសួគ៌នឹងដឹងរឿងគ្រប់យ៉ាងដែលពួកគេបានរៀននៅលើផែនដី ។
យ៉ូសែប ស៊្មីធ បានថ្លែងថា ក្រឹត្យវិន័យទាំងអស់របស់ព្រះត្រូវបានបង្កើតឡើងនៅក្នុងស្ថានសួគ៌ពីមុនយើងមកកាន់ផែនដី ។ មានពរជ័យមួយសម្រាប់ក្រឹត្យវិន័យនីមួយៗ ។ យើងត្រូវតែគោរពតាមក្រឹត្យវិន័យនោះដើម្បីទទួលបានពរជ័យនោះ ។
យ៉ូសែប ស៊្មីធ បានប្រាប់ពួកបរិសុទ្ធអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវមានព្រះកាយដូចជាមនុស្ស ហើយមានសាច់ និងឆ្អឹង ។
ព្រះវរបិតាសួគ៌ក៏មានព្រះកាយជាសាច់ និងឆ្អឹងផងដែរ ។ ទ្រង់គង់នៅកន្លែងដ៏ស្រស់ស្អាត និងមានពន្លឺចែងចាំងមួយ ។
យ៉ូសែប ស៊្មីធ ក៏បានថ្លែងអំពីព្រះវិញ្ញាណបរិសុទ្ធថាជាវិញ្ញាណមួយផងដែរ ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានព្រះកាយជាសាច់ និងឆ្អឹងទេ ។