« មេរៀនទី ១៥៦—សេចក្ដីប្រកាសជាផ្លូវការ ទី២ ៖ វិវរណៈអំពីបព្វជិតភាព » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សេចក្ដីប្រកាសជាផ្លូវការ ទី២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥៦ ៖ មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២
សេចក្ដីប្រកាសជាផ្លូវការ ទី២
វិវរណៈអំពីបព្វជិតភាព
នៅពេលដំណឹងល្អបានរីកសាយពាសពេញពិភពលោកក្នុងអំឡុងសតវត្សទីម្ភៃ ថ្នាក់ដឹកនាំសាសនាចក្របានអធិស្ឋានទូលសុំការណែនាំទាក់ទងនឹងគោលនយោបាយរឹតបន្តឹងសមាជិកសាសនាចក្រដែលមានដើមកំណើតអាហ្វ្រិកពីការទទួលបព្វជិតភាព ។ ពួកបរិសុទ្ធជាច្រើនបានជ្រើសរើសអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេប្រឈមនឹងចម្ងល់អំពីគោលនយោបាយនេះ ។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៧៨ គណៈប្រធានទីមួយបានប្រកាសវិវរណៈមួយ ដែលបានដកការរឹតបន្តឹងទាំងនេះ ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿ នៅពេលពួកគេប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ឬចម្ងល់ខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គំរូនៃសេចក្ដីជំនឿ
សូមពិចារណាចាប់ផ្តើមមេរៀនដោយអញ្ជើញសិស្សឲ្យគិតអំពីបុគ្គលដែលពួកគេស្គាល់ ដែលបានអនុវត្តសេចក្តីជំនឿដ៏អស្ចារ្យលើព្រះយេស៊ូវគ្រីស្ទក្នុងស្ថានភាពដ៏លំបាកមួយ ។ បន្ទាប់មក សូមពន្យល់ថា អែលឌើរ ហេលវេស៊ីអូ ម៉ាទិន ( ឆ្នាំ១៩៣០–២០០៥ ) នៃពួកចិតសិបនាក់ និងភរិយារបស់លោក រូដា ធ្លាប់ប្រឈមនឹងស្ថានភាពមួយដែលតម្រូវឲ្យមានសេចក្ដីជំនឿដ៏អស្ចារ្យ ។ អ្នក ឬសិស្សម្នាក់អាចអានកថាខណ្ឌដូចខាងក្រោមនេះដល់សិស្សក្នុងថ្នាក់ ។
នៅខែមេសា ឆ្នាំ១៩៧២ ពួកអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានទៅលេងបន្ទប់ជួលរបស់ ហេលវេស៊ីអូ និង រូដា ម៉ាទិន នៃទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល ។ ម៉ាទិន បានទទួលទីបន្ទាល់ភ្លាមៗអំពីសេចក្តីពិតពេញលេញនៃសារលិខិតរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេក៏បានរៀនអំពីគោលនយោបាយសាសនាចក្រមួយដែលរឹតបន្តឹងបុរសស្បែកខ្មៅដើមកំណើតអាហ្វ្រិកពីការតែងតាំងទទួលបព្វជិតភាព ។ ហេលវេស៊ីអូ និង រូដា ដែលមានដើមកំណើតអាហ្រ្វិក មានចម្ងល់សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនារបស់ពួកគេ ( សូមមើល « Elder Helvécio Martins of the Seventy » Ensign ខែឧសភា ឆ្នាំ១៩៩០ ទំព័រ ១០៦ Mark Grover The Autobiography of Elder Helvécio Martins [ ឆ្នាំ ១៩៩៤ ] ទំព័រ ៤៣ ) ។
-
តើសំណួរអ្វីខ្លះដែលអ្នកអាចនឹងសួរពួកអ្នកផ្សព្វផ្សាយសាសនា ប្រសិនបើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពនេះ ?
-
តើមានវិធីអ្វីខ្លះដែលមនុស្សម្នាក់អាចមានការឆ្លើយតបចំពោះស្ថានភាពបែបនេះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពមិនប្រាកដប្រជាដែលពួកគេកំពុងប្រឈមមុខ ឬបានប្រឈមមុខក្នុងជីវិតរបស់ពួកគេ ។ ការណ៍នេះអាចរួមបញ្ចូលសំណួរគ្មានចម្លើយខាងវិញ្ញាណដែលពួកគេមាននាពេលបច្ចុប្បន្ននេះ ។ ពួកគេអាចសរសេរអំពីស្ថានភាព ឬសំណួររបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់លើការបង្រៀន ឬការបំផុសគំនិតនៃព្រះវិញ្ញាណ ដែលអាចជួយពួកគេក្នុងស្ថានភាពរបស់ពួកគេ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
ដើម្បីជួយសិស្សមើលឃើញពីរបៀបដែលគ្រួសារ ម៉ាទិន បានឆ្លើយតបចំពោះស្ថានភាពនេះ សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌខាងក្រោមឲ្យឮៗទៅកាន់សិស្សក្នុងថ្នាក់ ៖
បន្ទាប់ពីបានរៀនអំពីការរឹតបន្តឹងបព្វជិតភាព គ្រួសារ ម៉ាទិន បានជ្រើសរើសធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ មិនយូរប៉ុន្មាន ពួកគេបានទទួលបុណ្យជ្រមុជទឹក ហើយបានបម្រើដោយស្មោះត្រង់ក្នុងសាសនាចក្រអស់ជាច្រើនឆ្នាំ ។ អែលឌើរ ម៉ាទិន ក្រោយមកបានរំឭកថា « យើងបានរកឃើញសេចក្ដីពិត ហើយគ្មានអ្វីនឹងបញ្ឈប់យើងពីការរស់នៅតាមសេចក្ដីពិតនោះទេ » ។
នៅឆ្នាំ១៩៧៥ សាសនាចក្របានប្រកាសថា ព្រះវិហារបរិសុទ្ធនឹងត្រូវសាងសង់នៅក្នុងទីក្រុង សៅ ផាឡូ ប្រទេសប្រេស៊ីល ។ អែលឌើរ ម៉ាទិន ចងចាំថា « ‹ ទោះបីជាយើងមិនរំពឹងថានឹងបានចូលទៅក្នុងព្រះវិហារនោះក៏ដោយ យើងបានធ្វើការសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធដូចសមាជិកដទៃទៀតដែរ › ។ ‹ បន្ទាប់ពីអ្វីៗទាំងអស់ វាជាដំណាក់របស់ព្រះអម្ចាស់ › ។ ស៊ីស្ទើរ ម៉ាទិន បានលក់គ្រឿងអលង្ការរបស់គាត់ ដើម្បីជួយក្នុងការរៃអង្គាសថវិកា ហើយបងប្រុស ម៉ាទិន បានបម្រើការនៅក្នុងគណៈកម្មការផ្សព្វផ្សាយ » ( នៅក្នុង « Elder Helvécio Martins of the Seventy » Ensign ខែឧសភា ឆ្នាំ១៩៩០ ទំព័រ ១០៦ ) ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីចម្លើយតបរបស់គ្រួសារម៉ាទិន ?
-
អ្នកគិតថា ហេតុអ្វីបានជាពួកគាត់ជ្រើសរើសធ្វើសកម្មភាពដោយសេចក្តីជំនឿនៅក្នុងស្ថានភាពនេះ ?
ប្រសិនបើចាំបាច់ សូមចង្អុលបង្ហាញថា ជាជាងផ្តោតលើអ្វីដែលពួកគាត់មិនបានដឹង គ្រួសារ ម៉ាទិន បានផ្តោតលើសេចក្តីពិតដែលព្រះបានបើកសម្ដែងដល់ពួកគាត់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើបញ្ជីពីសេចក្ដីពិតដែលពួកគេដឹងអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អ ដែលអាចជួយពួកគេឆ្ពោះទៅមុខដោយសេចក្ដីជំនឿ នៅពេលពួកគេប្រឈមមុខនឹងសំណួរ ឬស្ថានភាពមិនច្បាស់លាស់ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ហើយពន្យល់ពីរបៀបដែលសេចក្ដីពិតទាំងនោះអាចជួយពួកគេឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ។
សេចក្ដីប្រកាសជាផ្លូវការ ទី២
ដើម្បីជួយសិស្សឲ្យយល់អំពីកាលៈទេសៈដែលទាក់ទងនឹងការរឹតបន្តឹងបព្វជិតភាព និងវិវរណៈដែលបានដកការរឹតបន្តឹងនេះ សូមអញ្ជើញពួកគេឲ្យស្វែងរកការណែនាំអំពី សេចក្តីប្រកាសជាផ្លូវការ ទី២ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។ បើចាំបាច់ សូមផ្តល់ច្បាប់ចម្លងនៃសេចក្តីណែនាំដល់សិស្សដែលមានព្រះគម្ពីរច្បាប់ចាស់ ។
សូមអានសេចក្តីផ្ដើមនៃ សេចក្ដីប្រកាសជាផ្លូវការ ទី២ ដោយរកមើលជីវប្រវត្តិទាក់ទងនឹងសេចក្តីប្រកាសនេះ ។
-
តើអ្វីមកពីកថាខណ្ឌនេះដែលអ្នកគិតថាសំខាន់ដែលត្រូវយល់ ?
សូមពន្យល់ថា ឃ្លាដែលចែងថា « កំណត់ត្រារបស់សាសនាចក្រមិនបានផ្តល់ការយល់ដឹងច្បាស់លាស់អំពីប្រភពដើមនៃការអនុវត្តនេះទេ » តំណាងឲ្យជំហរជាផ្លូវការរបស់សាសនាចក្រលើការរឹតបន្តឹងបព្វជិតភាព ។ វាជារឿងសំខាន់ដែលយើងមិនប៉ាន់ស្មានអំពីមូលហេតុដែលការរឹតបន្តឹងនេះកើតឡើង ។
អ្នកក៏អាចពិចារណាចង្អុលបង្ហាញសេចក្តីយោងទៅកាន់ នីហ្វៃទី២ ២៦:៣៣ នៅប្រយោគទីមួយនៃសេចក្តីណែនាំ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអានខគម្ពីរនេះ ហើយចែកចាយសេចក្ដីពិត ដែលជារឿងសំខាន់ដើម្បីចងចាំនៅពេលគិតអំពីគោលនយោបាយនេះ ។
សេចក្ដីប្រកាសជាផ្លូវការ ទី២ មាននូវការប្រកាសជាផ្លូវការអំពីវិវរណៈ ដែលគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានទទួលនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៨ ។
ជំនួសឲ្យការសិក្សា សេចក្តីប្រកាសជាផ្លូវការ ទី២ ជាថ្នាក់ទាំងមូល សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាវាជាក្រុមតូចៗ ។ ប្រសិនបើមាន ពួកគេអាចប្រើធនធានចេញពី « The Long-Promised Day » ( Liahona ខែមិថុនា ឆ្នាំ២០១៨ ទំព័រ ៣៤–៣៧ ) ដើម្បីជួយពួកគេយល់កាន់តែច្បាស់នូវសេចក្តីថ្លែងការណ៍មួយចំនួនដែលបានធ្វើឡើងនៅក្នុង សេចក្តីប្រកាសជាផ្លូវការ ទី២ ។
សូមអានកថាខណ្ឌទាំងបួននៅក្រោមឃ្លា « ជូនចំពោះបងប្អូនប្រុសទាំងឡាយ » នៅក្នុង សេចក្តីប្រកាសជាផ្លូវការ ទី២ ។ សូមពិចារណាគូសចំណាំពាក្យ ឬឃ្លានានាដែលអ្នកមានអារម្មណ៍ថាសំខាន់ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ចេញពីអ្វីដែលអ្នកបានអាន ?
-
តើបទពិសោធន៍នេះជួយអ្នកឲ្យយល់ ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ឥទ្ធិពលនៃវិវរណៈ
វិវរណៈនេះមានឥទ្ធិពលយ៉ាងខ្លាំងលើបុរស និងស្រ្តីនៅទូទាំងពិភពលោក ។ មិនយូរប៉ុន្មានបន្ទាប់ពីបានទទួលវិវរណៈនេះហើយ ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានបញ្ជូនទៅកាន់ទ្វីបអាហ្វ្រិក ។ ព្រះវិហារបរិសុទ្ធជាច្រើនត្រូវបានសាងសង់ឡើងនៅលើទ្វីបនោះ ហើយមនុស្សរាប់រយរាប់ពាន់នាក់ជាជនជាតិអាហ្វ្រិកបានទទួលពិធីបរិសុទ្ធនៃដំណឹងល្អសម្រាប់ខ្លួនពួកគេ និងសម្រាប់បុព្វការីជនដែលបានស្លាប់ទៅរបស់ពួកគេ ។
សូមពន្យល់ថា ក្នុងចំណោមអ្នកដែលទទួលឥទ្ធិពលពីវិវរណៈនេះគឺ ហេលវេស៊ីអូ និង រូដា ម៉ាទិន ។ សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌនេះឲ្យឮៗឲ្យសិស្សដទៃទៀតស្តាប់ ៖
បន្ទាប់ពីបានរៀនអំពីវិវរណៈដែលបានផ្ដល់បព្វជិតភាពដល់បុរសដែលមានភាពស័ក្ដិសមទាំងអស់ ហេលវេស៊ីអូ បានរំឭក ៖
« ខ្ញុំពុំអាចទប់អារម្មណ៍បានទេ ។ រូដា និងខ្ញុំបានចូលទៅបន្ទប់ដេករបស់យើង លុតជង្គង់ចុះ ហើយបានអធិស្ឋាន ។ យើងបានយំ ខណៈដែលយើងអរគុណដល់ព្រះវរបិតាសួគ៌ ចំពោះព្រឹត្តិការណ៍មួយ ដែលយើងបានគ្រាន់តែសុបិនចង់បានប៉ុណ្ណោះ ។ ថ្ងៃនោះបានមកដល់ជាការពិតនៅក្នុងជីវិតរមែងស្លាប់ របស់យើង » ( The Autobiography of Elder Helvécio Martins [ ឆ្នាំ១៩៩៤ ] ទំព័រ ៦៩–៧០ ) ។
មិនយូរប៉ុន្មានបន្ទាប់ពីវិវរណៈនៅឆ្នាំ១៩៧៨ គ្រួសារ ម៉ាទិន បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ហេលវេស៊ីអូ បានក្លាយជាអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ហើយទីបំផុត ត្រូវបានហៅឲ្យបម្រើជាសមាជិកនៃពួកចិតសិបនាក់ ( សូមមើល « Elder Helvécio Martins of the Seventy » ទំព័រ ១០៦ ) ។
-
តើអ្វីៗអាចមានភាពខុសគ្នាយ៉ាងណាសម្រាប់គ្រួសារ ម៉ាទិន ប្រសិនបើពួកគាត់មិនបានជ្រើសរើសអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទទេនោះ ?
-
តើអ្នកបានរៀនអ្វីខ្លះពីគំរូនៃគ្រួសារ ម៉ាទិន ដែលអាចជួយអ្នកពីស្ថានភាពមិនច្បាស់លាស់ ឬសំណួរដែលគ្មានចម្លើយ ?
ដោយជាផ្នែកនៃការពិភាក្សារបស់អ្នក សូមពិចារណាសរសេរសេចក្តីពិតដូចខាងក្រោមនេះនៅលើក្ដារខៀន ៖ នៅពេលយើងធ្វើសកម្មភាពដោយសេចក្តីជំនឿនៅអំឡុងពេលស្ថានភាពមិនច្បាស់លាស់នោះ យើងរៀបចំខ្លួនយើងឲ្យទទួលពរជ័យរបស់ព្រះអម្ចាស់ ។
-
តើរបៀបអ្វីខ្លះដែលអ្នកអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿ នៅពេលអ្នកប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ឬចម្ងល់ខាងវិញ្ញាណ ?
ប្រសិនបើចាំបាច់ សិស្សអាចរំឭក កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។
-
តើព្រះអម្ចាស់បានប្រទានពរដល់អ្នក ឬមនុស្សដែលអ្នកស្គាល់ដោយសារការធ្វើសកម្មភាពដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
សូមពិចារណាចែកចាយគំរូមួយចេញពីជីវិតរបស់អ្នក ។ អ្នកក៏អាចបង្ហាញវីដេអូ « Struggling with the History of Race and the Priesthood » ( ៤:០៤ ) ផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
លើសពីនេះ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកឧទាហរណ៍ពីព្រះគម្ពីរដែលបង្ហាញពីព្រះអម្ចាស់ប្រទានពរដល់មនុស្សដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ឧទាហរណ៍រួមទាំងស្រ្តីមេម៉ាយនៅសារិបតា ( ពង្សាវតាក្សត្រ ទី១ ១៧:៨–២៤ ) គ្រួសាររបស់លីហៃ ( នីហ្វៃទី១ ២:២–៥; ១៧:១–៣ ) និងព្យាការី យ៉ូសែប ស្ម៊ីធ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១៧ ) ។
ដាក់ផែនការ
សូមរំឭកសិស្សអំពីស្ថានភាព ឬសំណួរពីជីវិតរបស់ពួកគេដែលពួកគេបានគិតនៅដើមមេរៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយអ្នកពីស្ថានភាពមិនច្បាស់លាស់ ឬចម្ងល់ខាងវិញ្ញាណ ?
-
តើមានអ្វីជាក់លាក់ដែលអ្នកនឹងធ្វើដើម្បីអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងស្ថានភាពទាំងនេះ ?