« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥–១៨ ៖ ‹ យកគ្រប់គ្រឿងសឹករបស់យើងមកពាក់ចុះ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥–១៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤២ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧–២៨
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥–១៨
« យកគ្រប់គ្រឿងសឹករបស់យើងមកពាក់ចុះ »
ជាផ្នែកមួយនៃសារលិខិតដែល យ៉ូសែប បានទទួលមកពីទេវតានៃព្រះ យ៉ូសែបបានទទួលការបង្រៀនអំពីរបៀបដែលពួកបរិសុទ្ធអាចអញ្ជើញឲ្យមានការការពារកាន់តែខ្លាំងឡើងមកពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណង ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចការពារយើងពីមធ្យោបាយដែលសាតាំងព្យាយាមល្បួង និងបំបាក់ទឹកចិត្តយើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការវាយប្រហាររបស់សត្រូវ
សូមចែកក្រដាសមួយសន្លឹកតូចដល់សិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្រដាសនោះនូវរបៀបមួយដែលមារសត្រូវល្បួង ឬព្យាយាមបង្អាក់ទឹកចិត្តដល់យុវវ័យ ។ បន្ទាប់មក សូមឲ្យពួកគេច្របាច់ក្រដាសនោះទៅជាបាល់មួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យទៅខាងមុខបន្ទប់ ហើយឲ្យគាត់ព្យាយាមគេច ឬវាយផ្លាតទៅវិញ នៅពេលសិស្សផ្សេងទៀតបោះបាល់ក្រដាសនោះទៅគាត់ ។
សូមអញ្ជើញសិស្សទាំងឡាយឲ្យមកខាងមុខបន្ទប់ លាក្រដាសនោះវិញ ហើយចែកចាយនូវអ្វីដែលបានសរសេរនៅលើក្រដាសទាំងនោះ ។ សូមឲ្យសិស្សក្នុងថ្នាក់ប្រាប់ពីរបៀបដែលពួកគេឃើញការល្បួង ឬការវាយប្រហារទាំងនេះនៅសព្វថ្ងៃនេះ ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនអ្នកពីការវាយប្រហារទាំងនេះ ?
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកជញ្ជឹងគិតពីការល្បួង និងការបាក់ទឹកចិត្តទាំងឡាយដែលអ្នកជួបប្រទះ ។ សូមពិចារណាអំពីរបៀបដែលព្រះអម្ចាស់បានជួយអ្នកឲ្យយកឈ្នះលើរឿងអស់ទាំងនេះ ។ តើអ្នកនៅតែមានការលំបាក និងត្រូវការជំនួយពីព្រះអង្គសង្គ្រោះតាមរបៀបណា ? នៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧ សូមស្វែងរកសេចក្ដីពិត និងការបំផុសគំនិតដែលអាចជួយអ្នកបាន ។
គ្រប់គ្រឿងសឹករបស់ព្រះ
បន្ទាប់ពីព្រះបន្ទូលរបស់ទ្រង់ទៅកាន់ យ៉ូសែប ស្ម៊ីធ អំពីពិធីសាក្រាម៉ង់ហើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១–៤ ) ព្រះអង្គសង្គ្រោះបានសន្យាថា ទ្រង់នឹងត្រឡប់ទៅកាន់ផែនដីវិញ ហើយបានទទួលទានសាក្រាម៉ង់ជាមួយអ្នកដើរតាមរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៥–១៤ ) ។ បន្ទាប់មក ព្រះអង្គសង្រ្គោះបានបង្រៀនពីរបៀបដែលពួកបរិសុទ្ធអាចទទួលបានការការពារខាងវិញ្ញាណឲ្យផុតពីអំណាចរបស់សាតាំង « រហូតដល់យើងត្រឡប់មកវិញចុះ នោះអ្នករាល់គ្នានឹងបានលើកឡើង ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលយើងនៅនោះដែរ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៨ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៥–១៨ ដោយស្វែងរករបៀបដែលអ្នកអាចទទួលបានការការពារពីព្រះអង្គសង្គ្រោះប្រឆាំងនឹងមារសត្រូវ ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើចាំបាច់ សូមជួយពួកគេឲ្យរកឃើញថា ប្រសិនបើយើងលើកដាក់មកលើខ្លួនយើងនូវគ្រប់គ្រឿងសឹករបស់ព្រះអង្គសង្គ្រោះ នោះយើងនឹងត្រូវបានពង្រឹងឲ្យអាចទប់ទល់នឹងអំពើអាក្រក់បាន ។ សូមជួយសិស្សឲ្យវិភាគសេចក្ដីពិតនេះ ។ អ្នកអាចធ្វើដូច្នេះបាន ដោយការសួរសិស្សនូវសំណួរមួយចំនួនខាងក្រោមនេះ ៖
-
ហេតុអ្វីអ្នកគិតថា ព្រះអង្គសង្គ្រោះប្រៀបធៀបជំនួយ និងការការពាររបស់ទ្រង់ទៅនឹងគ្រឿងសឹក ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ឈរ » ? ( សូមមើល ខទី ១៥–១៦ )
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់សង្កត់ធ្ងន់លើ « គ្រប់ » គ្រឿងសឹករបស់ទ្រង់ ?
សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំឃ្លា « គ្រប់គ្រឿងសឹករបស់យើង » នៅក្នុង ខទី ១៥ ។ សិស្សអាចស្រមៃថា ពួកគេត្រូវទៅប្រយុទ្ធក្នុងសង្គ្រាមមួយ ប៉ុន្តែគ្មានអាវុធទេ ។ បន្ទាប់មក មានមនុស្សម្នាក់ដែលធ្លាប់បានប្រយុទ្ធ និងទទួលបានជោគជ័យក្នុងសង្គ្រាមជាច្រើន បានផ្តល់គ្រឿងសឹកដល់ពួកគេ ដើម្បីការពារខ្លួនពួកគេ និងមានឆន្ទៈដើម្បីប្រយុទ្ធជាមួយពួកគេ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីបុគ្គលនេះ ?
-
តើស្ថានភាពនេះអាចស្រដៀងគ្នានឹងអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងយ៉ាងដូចម្តេច ?
ការការពារ និងជំនួយរបស់ព្រះអង្គសង្គ្រោះ
សាវកប៉ុលបានសរសេរថា « គឺត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ » ( រ៉ូម ១៣:១៤ ) ។ បំណែកផ្សេងៗនៃគ្រឿងសឹកដែលបានលើកឡើងនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧ ( សូមមើលផងដែរ អេភេសូរ ៦:១១–១៨ ) អាចតំណាងឲ្យរបៀបនានាដែលព្រះអង្គសង្គ្រោះអាចការពារយើងបានពីការបោកបញ្ឆោត អំពើទុច្ចរិត ភាពចលាចល និងការសង្ស័យដែលនៅជុំវិញយើង ។ ទ្រង់ប្រទានការការពារនេះដល់យើង នៅពេលយើងមករកទ្រង់ ។
សូមចែកឲ្យសិស្សនូវសំណៅចែកដែលភ្ជាប់មកជាមួយនេះ ។ ពួកគេអាចធ្វើវាដោយខ្លួនឯង ឬនៅក្នុងក្រុមតូចៗ ។ សមាជិកក្រុមម្នាក់ៗអាចជ្រើសរើសគ្រឿងសឹកពីរបីដើម្បីផ្តោតលើ ។ ប្រសិនបើសិស្សចង់ ពួកគេអាចគូរអ្វីមួយដែលតំណាងឲ្យគ្រឿងសឹក ឬការការពារ ដូចជាមួកសុវត្ថិភាព ប្រដាប់បាំងដើមទ្រូង ឬខែលការពារជាដើម ហើយដាក់ស្លាកវាថា « ការការពារ និងជំនួយរបស់ព្រះយេស៊ូវគ្រីស្ទ » ។ បន្ទាប់មក ពួកគេអាចសរសេរចម្លើយរបស់ពួកគេនៅជុំវិញរូបនោះបាន ។
« យកគ្រប់គ្រឿងសឹករបស់យើងមកពាក់ចុះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៥ )
សម្រាប់បំណែកគ្រឿងសឹកនីមួយៗនៅខាងក្រោម សូមអានវគ្គបទគម្ពីរនេះ ហើយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះប្រៀបដូចជាគ្រឿងសឹកនេះ ។ បន្ទាប់មក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ តាមរយៈការធ្វើការប្រៀបធៀបនេះ ?
-
ហេតុអ្វីបានជាការណ៍នេះអាចធ្វើឲ្យអ្នកចង់មករកទ្រង់ ដើម្បីទទួលបានការការពារនៅពេលនេះក្នុងជីវិតរបស់អ្នក ?
« ក្រវាត់សេចក្ដីពិតនៅចង្កេះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៦ )
យ៉ូហាន ១៤:៦
« ពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៦ )
អេសាយ ៥៩:១៦–១៧ ( អ្នកដែលជួយអង្វរជំនួសគេ សំដៅទៅលើនរណាម្នាក់ធ្វើអ្វីមួយ ដែលអ្នកដទៃមិនអាចធ្វើសម្រាប់ខ្លួនគេបាន )
ភីលីព ៣:៩
« ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្តទុកជាស្បែកជើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៦ )
អេសាយ ៩:៦
« យកសេចក្ដីជំនឿទុកជាខែល » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៧ )
ទំនុកដំកើង ២៨:៧
« យកសេចក្ដីសង្គ្រោះទុកជាមួកសឹក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៨ )
ហេព្រើរ ៥:៩
« ដាវរបស់ព្រះវិញ្ញាណ [ ទ្រង់ ] » ដែលជាព្រះបន្ទូលនៃព្រះ ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៨ )
© 2023 by Intellectual Reserve, Inc. All rights reserved.
នៅពេលសិស្សបញ្ចប់ហើយ សូមឲ្យពួកគេចែកចាយគំនិត និងបទពិសោធន៍របស់ពួកគេជាមួយនឹងរបៀបផ្សេងៗ ដែលព្រះអង្គសង្គ្រោះអាចជួយ និងការពារពួកគេបាន ។ សូមពិចារណាចែកចាយគំនិត និងទីបន្ទាល់របស់អ្នកផ្ទាល់ផងដែរ ។
ការពាក់គ្រប់គ្រឿងសឹករបស់ទ្រង់
សូមពិចារណារំឭកសិស្សថា វិវរណៈនេះបានចាប់ផ្តើមដោយសារទូតសួគ៌ា ដែលភ្ជាប់ការបង្រៀនរបស់ព្រះអង្គសង្រ្គោះអំពីសាក្រាម៉ង់ និងការសន្យារបស់ព្រះអង្គសង្រ្គោះ ទៅនឹងការត្រឡប់មកកាន់ផែនដីវិញ និងការទទួលទានសាក្រាម៉ង់ជាមួយអ្នកដើរតាមរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១–១៤ ) ។ ការណ៍នេះផ្ដល់យោបល់ថា ការចងចាំដល់ព្រះអង្គសង្គ្រោះ និងការធ្វើសេចក្តីសញ្ញាជាមួយទ្រង់តាមរយៈសាក្រាម៉ង់ អាចជារបៀបដ៏មានអានុភាពមួយ ដែលព្រះអម្ចាស់បានរៀបចំយើងឲ្យពាក់គ្រប់គ្រឿងសឹករបស់ទ្រង់ ហើយ « មានចិត្តស្មោះត្រង់ រហូតដល់ [ ទ្រង់ត្រឡប់មកវិញ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៨ ) ។
-
តើពិធីសាក្រាម៉ង់អាចជារបៀបដ៏មានអានុភាពមួយ ដើម្បីយាងអញ្ជើញឲ្យមានជំនួយ និងការការពាររបស់ព្រះអង្គសង្គ្រោះ ( គ្រប់គ្រឿងសឹករបស់ទ្រង់ ) នៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
សូមបកទៅក្រដាសដែលបានច្របាច់ចូលគ្នា ហើយបោះចោលនៅដើមមេរៀននេះ ។ សូមអានក្រដាសទាំងនោះមួយចំនួន ហើយអញ្ជើញសិស្សឲ្យចែកចាយ ដោយផ្អែកលើអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ របៀបដែលព្រះអង្គសង្គ្រោះអាចជួយនរណាម្នាក់ឲ្យប្រឈមមុខនឹងការល្បួង ឬការបាក់ទឹកចិត្តបាន ។ ពួកគេក៏អាចចែកចាយពីរបៀបដែលនរណាម្នាក់អាចងាកទៅរកព្រះអម្ចាស់បានផងដែរ ដើម្បីអញ្ជើញឲ្យមានជំនួយរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ។