« ត្រៀមដីខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
ត្រៀម ដីខាងវិញ្ញាណ របស់បងប្អូន
រឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះអាចជួយយើងឲ្យត្រៀមខ្លួនសម្រាប់ការសិក្សា ចូរមកតាមខ្ញុំ ពីព្រះគម្ពីរសញ្ញាថ្មីឆ្នាំនេះបាន ។
រឿងប្រៀបប្រដូចមួយដែលខ្ញុំចូលចិត្តនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺរឿងអ្នកសាបព្រោះ ដូចដែលមាននៅក្នុង ម៉ាថាយ ១៣:៣–២៣ ( សូមមើលផងដែរ ម៉ាកុស ៤:៣–២០; លូកា ៨:៥–១៥ ) ។ ក្នុងរឿងប្រៀបប្រដូចនេះ របៀបដែលមនុស្សទទួលព្រះបន្ទូល ( គ្រាប់ពូជ ) ត្រូវបានប្រៀបធៀបទៅនឹងប្រភេទដីផ្សេងៗគ្នា ។ យើងរៀនថាដីនីមួយៗមានលក្ខណៈសម្បត្តិសំខាន់មួយ មិនថាល្អ ឬអាក្រក់ទេ ។
ជាញឹកញាប់ យើងអានរឿងប្រៀបប្រដូចនេះ ហើយគិតថា វាពិពណ៌នាអំពីឆន្ទៈរបស់មនុស្សដើម្បីទទួលយក និងរស់នៅតាមដំណឹងល្អ ។ ខណៈដែលនេះជាការពិត ខ្ញុំគិតថារឿងប្រៀបប្រដូចនេះក៏អាចពិពណ៌នាពី ការរីកចម្រើនផ្ទាល់ខ្លួនរបស់យើង កាលសេចក្តីជំនឿ និងចំណេះដឹងខាងដំណឹងល្អរបស់យើងរីកលូតលាស់ផងដែរ ។ ម្យ៉ាងវិញទៀត យើងមិនបានជាប់គាំងក្នុងប្រភេទ ឬកម្រិតនៃសេចក្តីជំនឿណាមួយជារៀងរហូតនោះទេ ។ យើងអាចកែលម្អដីខាងវិញ្ញាណរបស់យើងបានដោយមានសេចក្តីជំនឿ និងការខិតខំ ដើម្បីវានឹងផ្តល់ផលផ្លែបានល្អ ។
ខ្ញុំចង់បង្ហាញគំនិតនេះដល់បងប្អូន ព្រោះវាបានជួយខ្ញុំឲ្យយល់ពីរឿងប្រៀបប្រដូចនេះកាន់តែច្បាស់ ។ ខ្ញុំជឿថា កាលដែលយើងរៀបចំខ្លួនដើម្បីសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់យើងនៅក្នុង ចូរមកតាមខ្ញុំ នៅឆ្នាំក្រោយ ការរំឭករឿងប្រៀបប្រដូចពីអ្នកសាបព្រោះនេះ អាចជួយយើងឲ្យរៀបចំដួងចិត្តរបស់យើងដើម្បីទទួលសេចក្តីពិតនៃដំណឹងល្អបាន ។
ការទទួលគ្រាប់ពូជនៃដំណឹងល្អ
នៅក្នុងរឿងប្រៀបប្រដូចនេះ យើងរៀនថា កាលដែលអ្នកសាបព្រោះបានព្រោះ ៖
-
គ្រាប់ពូជខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបស៊ីវា ។
-
ខ្លះធ្លាក់ទៅក្នុងកន្លែងថ្ម ។ វាដុះពន្លក ប៉ុន្តែឆេះរោលៗដោយកម្តៅថ្ងៃ ។
-
ខ្លះទៀតធ្លាក់នៅគុម្ពបន្លា ហើយបន្លាក៏មិនឲ្យវាដុះ ។
-
ខ្លះទៀតបានធ្លាក់ទៅលើដីល្អ ហើយបានបង្កើតជាផលផ្លែ ។
ព្រះអម្ចាស់ពន្យល់ថា ៖
« កាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្តី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ ។ នេះគឺជាអ្នកដែល បានទទួលពូជតាមផ្លូវ ។
« ហើយអ្នកដែល បានទទួលពូជក្នុងកន្លែងថ្មនោះ គឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ ។
តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម ។
ហើយអ្នកដែល បានទទួលពូជនៅក្នុងបន្លានោះ គឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ ។
តែអ្នកដែលទទួលពូជក្នុងដីល្អវិញនោះ គឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែមួយជា ១ រយមួយជា ៦០ ហើយមួយទៀតជា ៣០ » ( ម៉ាថាយ ១៣:១៩–២៣; បានបន្ថែមការគូសបញ្ជាក់ ) ។
សូមក្រឡេកមើលប្រភេទដីនីមួយៗ ហើយមើលថាតើយើងអាចធ្វើអ្វីខ្លះដើម្បីកែលម្អវា ។
រចនារូបភាពដោយ ដេវីឌ ហ្គ្រីន
ដីតាមផ្លូវ
ប្រធាន ដាល្លិន អេក អូក ដែលជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ ៖ « គ្រាប់ពូជដែល ‹ ធ្លាក់ចុះតាមផ្លូវ › ( ម៉ាកុស ៤:៤ ) ពុំបានធ្លាក់ទៅដល់ដីនៃជីវិតរមែងស្លាប់ទេ ជាកន្លែងដែលវាប្រហែលជាអាចដុះចេញមក ។ ពួកគេគឺដូចជាការបង្រៀននានា ដែលបានធ្លាក់ចំដួងចិត្ត ដែលរឹងរូស ឬមិនបានរៀបចំជាស្រេច » ។១
បន្ថែមពីលើនេះ ជួនកាលយើងមិនយល់ពីអ្វីដែលយើងឮ ឬអាននៅក្នុងបទគម្ពីរទេ ដោយសារដួងចិត្តយើងមិនទាន់បានរៀបចំ ។ បើនោះជាការពិត តើយើងគួរធ្វើអ្វី ?
យើងអាចស្វែងរកការពន្យល់ពីអ្នកដែលយល់ ។ យើងអាចសួរអ្នកផ្សព្វផ្សាយសាសនា គ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់យើង អ្នកដឹកនាំបព្វជិតភាព ឬអង្គការរបស់យើង គ្រូបង្រៀនថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថានរបស់យើង អ្នកដែលផ្ដល់ការងារបម្រើដល់យើង ឬឪពុកម្តាយ និងសមាជិកគ្រួសារដ៏ស្មោះត្រង់របស់យើង ។ យើងអាចសិក្សាសុន្ទរកថានៅក្នុងសន្និសីទទូទៅ ។ កម្មវិធីបណ្ណាល័យដំណឹងល្អផ្តល់នូវធនធានជាច្រើន ដែលអាចជួយយើងឲ្យស្វែងរកការយល់ដឹងបន្ថែម ។
យើងអាចអធិស្ឋាន ហើយទូលសូមព្រះដើម្បីទទួលបានពន្លឺថែមទៀត ។ ប្រសិនបើចិត្តរបស់យើងស្មោះត្រង់ បំណងរបស់យើងគឺពិតប្រាកដ ហើយយើងមានសេចក្ដីជំនឿលើព្រះគ្រីស្ទ នោះយើងនឹងទទួលបានចំណេះដឹងអំពីសេចក្តីពិតនៃដំណឹងល្អ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។ ព្រះអម្ចាស់បានមានព្រះបន្ទូលដូចនេះ ៖
« ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ។
« ដ្បិតអស់អ្នកដែលសូមនោះរមែងបាន អ្នកណាដែលរកនោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ » ( នីហ្វៃទី៣ ១៤:៧–៨ ) ។
ដីនៅកន្លែងថ្ម
មនុស្សមួយចំនួនបានឮដំណឹងល្អដែលបានស្ដារឡើងវិញតាមរយៈពួកអ្នកផ្សព្វផ្សាយសាសនា ទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ហើយចូលរួម និងរីករាយនឹងការប្រជុំសាសនាចក្រ ។ ទោះជាយ៉ាងណាក្តី ពេលខ្លះភាពលំបាកក្នុងជីវិតបន្ត ។ ពួកគេឃើញថា ជីវិតនេះមិនបានប្រែទៅជាជីវិតមួយ ដែលជួបតែពរជ័យមិនចេះចប់មិនចេះហើយនោះទេ ។ សេចក្ដីជំនឿរបស់ពួកគេថយចុះ ហើយរសាត់ឆ្ងាយទៅៗ ។
អ្នកខ្លះក៏ឃើញ « កន្លែងថ្មនោះ» នៅពេលពួកគេចូលរួមការប្រជុំ ឬសន្និសីទ ហើយមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីៗគ្រប់យ៉ាងចាប់ពីពេលនោះតទៅ ។ ប៉ុន្តែបន្ទាប់មកនៅថ្ងៃចន្ទ ពួកគេត្រឡប់ទៅធ្វើការងារធម្មតាវិញ ។ ឧបសគ្គនៅកន្លែងការងារនៅតែលំបាក ។ ហាក់ដូចជាមានការល្បួងលើសលប់ ។ ដូច្នេះហើយ បំណងប្រាថ្នារបស់ពួកគេដើម្បីកែលម្អខាងវិញ្ញាណថយចុះ ឬបាត់ទៅវិញ ។
ពួកគេរៀនតាមវិធីលំបាកដែលថា បើគ្មានឫសខាងវិញ្ញាណចាក់ឲ្យជ្រៅដើម្បីទប់យើងពេលខ្យល់បោកបក់ ឲ្យចំណីយើងពេលយើងស្រេកឃ្លាន ឬធ្វើឲ្យយើងត្រជាក់ពេលព្រះអាទិត្យក្តៅទេ នោះយើងអាចនឹងវិនាសខាងវិញ្ញាណ ។
តើយើងអាចកែលម្អកន្លែងថ្មដោយរបៀបណា ? សូមដកយកថ្មចេញ ហើយពង្រឹងឫសខាងវិញ្ញាណរបស់យើង ។
ការដកយកថ្មចេញប្រហែលជាមានការលំបាក ។ វាអាចនឹងតម្រូវឲ្យមានការបង្កើតបរិយាកាសមួយដែលសេចក្ដីជំនឿត្រូវបានលើកកម្ពស់ ។ វាអាចនឹងតម្រូវឲ្យមានការបង្កើតមិត្តភាពថ្មី និងការជៀសចេញពីសេចក្តីអាក្រក់គ្រប់យ៉ាង ( សូមមើល ថែស្សាឡូនីច ទី១ ៥:២២ ) ។
ដើម្បីមានកម្លាំងដកយកថ្មចេញ យើងត្រូវការជំនួយពីព្រះអង្គសង្គ្រោះ ។ វាកើតឡើង នៅពេលយើងទទួលយកសេចក្ដីសញ្ញាដែលទ្រង់ប្រទានឲ្យ ។ ការណ៍នេះចាប់ផ្ដើមដោយការទទួលយកការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក ។ វាមានន័យថា ការត្រូវបានបញ្ជាក់ និងការទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ វាមានន័យថា ការទទួលយកសេចក្ដីសញ្ញាណាមួយដែលយើងនៅខ្វះ ដូចជាការទទួលបព្វជិតភាព ឬការទៅព្រះវិហារបរិសុទ្ធ ។ វាមានន័យថា ការចូលព្រះវិហារបរិសុទ្ធ និងការបន្តសេចក្ដីសញ្ញាដោយទទួលទានសាក្រាម៉ង់រៀងរាល់សប្ដាហ៍ ។
នៅពេលការសាកល្បង និងការល្បួងកើតឡើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយនឹងព្រះអម្ចាស់ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « យើងត្រូវបានចងភ្ជាប់ទៅ និងជាមួយព្រះអង្គសង្គ្រោះដោយសុវត្ថិភាព នៅពេលយើងចងចាំ ហើយរស់នៅដោយស្មោះត្រង់ស្របតាមកាតព្វកិច្ចនានា ដែលយើងបានទទួលឲ្យអស់ពីសមត្ថភាពរបស់យើង » ។ « ហើយចំណងជាមួយនឹងទ្រង់នោះ គឺជាប្រភពនៃកម្លាំងខាងវិញ្ញាណនៅក្នុងគ្រប់រដូវកាលនៃជីវិតរបស់យើង » ។២
ដីមានបន្លា
ដីប្រភេទនេះអនុញ្ញាតឲ្យរុក្ខជាតិលូតលាស់ រួមទាំងបន្លាដែរ ។ បន្លាគឺជា « សេចក្តីខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ » ដែលអាចបណ្ដាលឲ្យយើង « មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ » ( លូកា ៨:១៤ ) ។
តើមានអ្វីកើតឡើងពេលយើងទទួលយកសេចក្ដីសញ្ញា ប៉ុន្តែលែងដើរតាមផ្លូវនៃសេចក្ដីសញ្ញា ? ឬយើងទទួលទានសាក្រាម៉ង់ ប៉ុន្តែមិនសូមការអភ័យទោសទេ ព្រោះយើងលែងគិតអំពីកំហុសរបស់យើងទៀតហើយ ។ ឬយើងអាចនឹងសូមការអភ័យទោស ប៉ុន្តែបដិសេធមិនព្រមអភ័យទោសឲ្យមនុស្សដទៃ ។ យើងទទួលយកសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ប៉ុន្តែមិនបានផ្ដល់ការបម្រើដល់អ្នកដែលខ្វះខាត ។ យើងទុកចោលឱកាសចែកចាយដំណឹងល្អមួយអន្លើ ដោយសារយើងខ្លាចថាវាហាក់ដូចជាមិនសមរម្យ ឬអាម៉ាស់ ឬដោយសារយើងលែងដឹងថាត្រូវនិយាយអ្វីទៀតហើយ ។
ដំណោះស្រាយគឺត្រូវរស់នៅតាមសេចក្ដីសញ្ញាដែលយើងបានធ្វើ នៅពេលយើងបានទទួលពិធីបុណ្យជ្រមុជទឹក ដើម្បី « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … [ ដើម្បី ] កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែងដែល [ យើង ] បាននៅរហូតដល់ពេលស្លាប់ » ( ម៉ូសាយ ១៨:៩ ) ។
យើងដកស្មៅចេញ នៅពេលយើងប្រែចិត្តរាល់ថ្ងៃ ដោយធ្វើការកែសម្រួលតូច ឬធំ ហើយត្រឡប់ទៅផ្លូវត្រង់ ហើយតូចចង្អៀតនៃសេចក្ដីសញ្ញា ។
យើងបដិសេធមិនអនុញ្ញាតឲ្យស្មៅនៃជីវិតដុះបិទបាំងយើងឡើយ ។ យើងធ្វើដូច្នេះដោយការប្រែក្លាយផ្ទះរបស់យើងឲ្យទៅជាជម្រកនៃសេចក្តីជំនឿ ។ យើងស្វែងរកអ្វីដែលយាងអញ្ជើញព្រះចេស្ដានៃព្រះវិញ្ញាណ ។ យើងបដិសេធអ្វីៗដែលធ្វើឲ្យព្រះចេស្ដានោះឃ្លាតចេញ ។ ហើយយើងបម្រើក្នុងនគរព្រះ—ក្នុងការហៅបម្រើរបស់យើង ក្នុងព្រះវិហារបរិសុទ្ធ ក្នុងកិច្ចការផ្សព្វផ្សាយសាសនា ក្នុងក្រុមគ្រួសាររបស់យើង ។
ដីល្អ
មានមនុស្សជាច្រើនដែលស្ដាប់ឮព្រះបន្ទូល យល់ពីព្រះបន្ទូល ហើយអនុញ្ញាតឲ្យព្រះបន្ទូលលូតលាស់នៅក្នុងដួងចិត្តរបស់ពួកគេ ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកគេថា « គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលអ្នករាល់គ្នាបាននៅជាប់ផង » ( យ៉ូហាន ១៥:១៦ ) ។ សម្រាប់មនុស្សបែបនេះ ចម្លើយគឺត្រូវដើរទៅមុខដោយសេចក្ដីជំនឿ ហើយស៊ូទ្រាំក្នុងកិច្ចការល្អ ។
ប្រធាន អូក បានសួរថា « តើយើងធ្វើដូចម្តេច ចំពោះការបង្រៀនរបស់ព្រះអង្គសង្រ្គោះ ខណៈដែលយើងរស់នៅក្នុងជីវិតរបសយើង ? »៣ នៅឆ្នាំនេះ នៅពេលយើងរៀបចំខ្លួនសិក្សាព្រះគម្ពីរសញ្ញាថ្មី សូមឲ្យយើងចូលទៅជិតព្រះអង្គសង្គ្រោះ ហើយកែលម្អដីខាងវិញ្ញាណរបស់យើង ដើម្បីយើងអាចទទួលបានព្រះបន្ទូល ។ បន្ទាប់មក យើងអាចបង្កើតផលផ្លែដែលទ្រង់សុំឲ្យយើងនាំមកដោយការទទួលយក និងការរំឭកសេចក្ដីសញ្ញាដែលចងយើងទៅនឹងទ្រង់ ដោយការបម្រើព្រះ និងការស្រឡាញ់អ្នកជិតខាងយើង ហើយដោយការរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលនឹងនាំយើងត្រឡប់ទៅគេហដ្ឋានសួគ៌ារបស់យើងវិញនៅថ្ងៃណាមួយ ។