« សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ។
សារលិខិត លីអាហូណា ប្រចាំខែ តុលា ឆ្នាំ ២០២២
សេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច
អស់អ្នកទាំងឡាយណាដែលបានចុះសេចក្តីសញ្ញាជាមួយព្រះ អាចទទួលបានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ពិសេស ។
នៅក្នុងពិភពលោកនេះដែលហែកហួរដោយសង្គ្រាម និងពាក្យចចាមអារ៉ាមពីសង្រ្គាម នោះតម្រូវការដើម្បីទទួលសេចក្តីពិត ពន្លឺ និងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ គឺកាន់តែមានច្រើនជាងពេលណាៗទាំងអស់ ។ ដំណឹងល្អរបស់ព្រះគ្រីស្ទគឺរុងរឿង ហើយយើងមានពរដែលបានសិក្សា ហើយរស់នៅតាមសិក្ខាបទនៃដំណឹងល្អនេះ ។ យើងរីករាយដែលមានឱកាសក្នុងការចែកចាយដំណឹងល្អនេះ—ដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អនេះនៅគ្រប់ទីកន្លែងដែលយើងទៅ ។
ខ្ញុំបាននិយាយជាញឹកញាប់អំពីសារៈសំខាន់នៃសេចក្ដីសញ្ញាអ័ប្រាហាំ និងការប្រមូលផ្ដុំអ៊ីស្រាអែល ។ នៅពេលយើងឱបក្រសោបដំណឹងល្អនេះ ហើយបានទទួលបុណ្យជ្រមុជទឹក នោះយើងលើកដាក់លើខ្លួនយើងនូវព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ពិធីបុណ្យជ្រមុជទឹកគឺជាទ្វារដែលនាំទៅរក ការក្លាយជាអ្នកស្នងមរតករួមគ្នាចំពោះសេចក្តីសន្យាទាំងអស់ ដែលព្រះអម្ចាស់បានប្រទានពីបុរាណដល់អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងកូនចៅរបស់ពួកលោក ។១
« សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច »២ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:៦ ) និងសេចក្តីសញ្ញាអ័ប្រាហាំគឺចាំបាច់ដូចគ្នា—របៀបពីរយ៉ាងនៃការនិយាយអំពីសេចក្ដីសញ្ញាដែលព្រះបានធ្វើជាមួយនឹងបុរស ហើយនិងស្ត្រីក្នុងជីវិតរមែងស្លាប់នៅពេលផ្សេងគ្នា ។
និតិវិធីនៃ អស់កល្បអស់កាលជានិច្ច បង្ហាញថា សេចក្តីសញ្ញានេះមានតាំងពីមុនមានពិភពលោកនេះមកម្ល៉េះ ! ផែនការនេះបានដាក់ចេញ នៅក្នុងក្រុមប្រឹក្សាដ៏ធំនៅឯស្ថានសួគ៌ដែលបានរួមបញ្ចូលទាំងការដឹងច្បាស់ថា យើងទាំងអស់គ្នានឹងត្រូវកាត់ចេញពីវត្តមានរបស់ព្រះ ។ ទោះជាយ៉ាងណា ព្រះបានសន្យាថា ទ្រង់នឹងប្រទានព្រះអង្គសង្រ្គោះដែលទ្រង់នឹងយកឈ្នះលើផលនៃការធ្លាក់ ។ ព្រះបានមានបន្ទូលប្រាប់ អ័ដាមបន្ទាប់ពីពិធីជ្រមុជទឹករបស់លោកថា ៖
« ហើយអ្នកនៅតាមរបៀបនៃទ្រង់ដែលគ្មានថ្ងៃចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ គឺពីអស់ទាំងភាពអស់កល្បទៅអស់ទាំងភាពអស់កល្បជានិច្ច ។
មើលចុះ អ្នកក្លាយទៅតែមួយក្នុងយើងគឺជាកូននៃព្រះ ហើយដូច្នេះ ទើបមនុស្សទាំងអស់អាចក្លាយទៅជាកូនរបស់យើងបាន » ( ម៉ូសេ ៦:៦៧–៦៨ ) ។
លោកអ័ដាម និងអេវ៉ាបានទទួលយកពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ហើយបានចាប់ផ្តើមដំណើរការនៃការរួបរួមជាមួយព្រះ ។ ពួកលោកបានចូលលើផ្លូវនៃសេចក្តីសញ្ញា ។
នៅពេលបងប្អូន និងខ្ញុំចូលនៅលើផ្លូវនោះ យើងក៏មានគន្លងនៃជីវិតថ្មី ។ ដោយហេតុនេះ យើងបង្កើតទំនាក់ទំនងជាមួយព្រះ ដែលទុកឲ្យទ្រង់ប្រទានពរ និងផ្លាស់ប្តូរយើង ។ ផ្លូវនៃសេចក្តីសញ្ញានេះនាំយើងទៅរកទ្រង់វិញ ។ ប្រសិនបើយើងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង សេចក្តីសញ្ញានោះនឹងដឹកនាំយើងឲ្យទៅកាន់តែជិតទ្រង់ ។ សេចក្តីសញ្ញាទាំងអស់គឺក្នុងគោលបំណងចងភ្ជាប់ ។ សេចក្តីសញ្ញាទាំងនោះបង្កើតទំនាក់ទំនងមួយដែលចងភ្ជាប់ដល់អស់កល្បអស់កាលជានិច្ច ។
សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ពិសេសមួយ
ពេលយើងចុះសេចក្តីសញ្ញាជាមួយព្រះ នោះយើងពុំនៅលើដីអព្យាក្រឹតទៀតឡើយ ។ ព្រះនឹងមិនបោះបង់ចោលទំនាក់ទំនងរបស់ទ្រង់ជាមួយអស់អ្នកដែលបានបង្កើតចំណងមិត្តភាពបែបនោះជាមួយទ្រង់ឡើយ ។ តាមពិត អស់អ្នកទាំងឡាយណាដែលបានចុះសេចក្តីសញ្ញាជាមួយព្រះ អាចទទួលបានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ពិសេសមួយ ។ នៅក្នុងភាសាហេព្រើរ សេចក្តីសញ្ញានៃសេចក្តីស្រឡាញ់នោះគឺត្រូវបានហៅថា hesed ( חֶסֶד ) ។៣
គ្មានពាក្យណាជាភាសាអង់គ្លេសណាដែលមានន័យស្មើនឹងពាក្យ Hesed នេះទេ ។ ពួកអ្នកបកប្រែកំណែព្រះគម្ពីរប៊ីបរបស់ស្តេច ជេមស៍ ប្រាកដជាជួបការលំបាកក្នុងការផ្តល់អត្ថន័យនៃពាក្យ hesed នេះជាភាសាអង់គ្លេស ។ ជាញឹកញាប់ពួកគេជ្រើសរើសយកពាក្យ « សេចក្តីសប្បុរស » ។ ការបកប្រែនេះពន្យល់ន័យពាក្យ hesed បានច្រើន ប៉ុន្តែមិនទាន់អស់ន័យទេ ។ ការបកប្រែផ្សេងទៀតក៏បានផ្តល់អត្ថន័យដូចជា « សេចក្តីមេត្តាករុណា » និង « សេចក្តីល្អ » ។ Hesed គឺជាពាក្យពិសេសមួយដែលពិពណ៌នាអំពីទំនាក់ទំនងនៃសេចក្តីសញ្ញា ដែលភាគីទាំងពីរត្រូវភ្ជាប់គ្នាដើម្បីមានភក្តីភាព និងភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ។
អាពាហ៍ពិពាហ៍សេឡេស្ទាលគឺជាចំណងទាក់ទងនៃសេចក្តីសញ្ញាបែបនេះ ។ ស្វាមី និងភរិយាបានធ្វើសេចក្តីសញ្ញាជាមួយព្រះ និងជាមួយគ្នាដើម្បីមានភក្តីភាព និងភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ។
Hesed គឺជាសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដ៏ពិសេសមួយដែលព្រះមានព្រះទ័យ និងសព្វព្រះទ័យប្រទានដល់អស់អ្នកដែលបានចុះសេចក្ដីសញ្ញាជាមួយទ្រង់ ។ ហើយយើងក៏ឆ្លើយតបដោយ hesed វិញចំពោះទ្រង់ ។
កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ ប្រែកាន់តែជិតស្និទ្ធជាងពីមុនសេចក្ដីសញ្ញារបស់យើងទៅទៀត ។ ឥឡូវយើងបានចងភ្ជាប់ជាមួយគ្នា ។
ថតរូបដោយ ជេរី អិល ហ្គេន
ដោយសារព្រះមាន hesed ចំពោះអ្នកដែលបានចុះសេចក្តីសញ្ញាជាមួយទ្រង់ នោះទ្រង់នឹងស្រឡាញ់ពួកគេ ។ ទ្រង់នឹងបន្តធ្វើការជាមួយពួកគេ ហើយប្រទានឱកាសឲ្យពួកគេផ្លាស់ប្តូរ ។ ទ្រង់នឹងអភ័យទោសដល់ពួកគេ នៅពេលពួកគេប្រែចិត្ត ។ ហើយនៅពេលពួកគេវង្វេងផ្លូវ ទ្រង់នឹងជួយពួកគេរកផ្លូវត្រឡប់ទៅកាន់ទ្រង់វិញ ។
កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ ប្រែកាន់តែជិតស្និទ្ធជាងពីមុនសេចក្ដីសញ្ញារបស់យើងទៅទៀត ។ ឥឡូវយើងបានចងភ្ជាប់ជាមួយគ្នា ។ ដោយសារតែសេចក្តីសញ្ញារបស់យើងជាមួយព្រះ ទ្រង់ពុំដែលនឿយហត់ក្នុងកិច្ចខិតខំរបស់ទ្រង់ដើម្បីជួយយើងឡើយ ហើយយើងនឹងមិនដែលប្រើអស់ការអត់ធ្មត់ដ៏មេត្តារបស់ទ្រង់ជាមួយយើងដែរ ។ យើងម្នាក់ៗមានកន្លែងពិសេសនៅក្នុងព្រះទ័យរបស់ព្រះ ។ ទ្រង់មានក្តីសង្ឃឹមដ៏ធំសម្រាប់យើង ។
បងប្អូនដឹងពីការប្រកាសជាប្រវត្តិសាស្ត្រដែលព្រះអម្ចាស់បានប្រទានដល់ព្យាការី យ៉ូសែប ស្ម៊ីធ ។ វាទទួលបានតាមរយៈវិវរណៈ ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់យ៉ូសែបថា « សេចក្ដីសន្យានេះក៏ជាសេចក្ដីសន្យាដល់អ្នកដែរ ពីព្រោះអ្នករាល់គ្នាជាពូជពីលោកអ័ប្រាហាំ ហើយសេចក្ដីសន្យាបានធ្វើដល់លោកអ័ប្រាហាំ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:៣១ ) ។
ដោយហេតុនេះ សេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ចនេះត្រូវបានស្ដារឡើងវិញ ជាផ្នែកមួយនៃការស្ដារឡើងវិញដ៏អស្ចារ្យនៃដំណឹងល្អនៅក្នុងភាពពេញលេញរបស់វា ។ ចូរគិតពីចំណុចនេះ ! សេចក្តីសញ្ញានៃអាពាហ៍ពិពាហ៍ដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធត្រូវបានចងភ្ជាប់ដោយផ្ទាល់ទៅនឹងសេចក្តីសញ្ញារបស់អ័ប្រាហាំនោះ ។ នៅក្នុងព្រះវិហារបរិសុទ្ធគូស្វាមីភរិយាត្រូវបានណែនាំឲ្យស្គាល់ពីពរជ័យ ទាំងអស់ ដែលបានរក្សាទុកសម្រាប់កូនចៅរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែលស្មោះត្រង់ ។
ដូចលោកអ័ដាមបានធ្វើដែរ នោះបងប្អូន និងខ្ញុំបានចូលទៅក្នុងផ្លូវនៃសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដោយផ្ទាល់ ។ បន្ទាប់មកយើងចូលទៅផ្លូវនេះកាន់តែពេញលេញនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យនៃសេចក្ដីសញ្ញាអ័ប្រាហាំ ត្រូវបានផ្ដល់ឲ្យនៅក្នុងព្រះវិហារដ៏បរិសុទ្ធ ។ ក្រោយពីបានរស់ឡើងវិញ ពរជ័យទាំងនេះអនុញ្ញាតឲ្យយើងបាន « គ្រងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និងអំណាចទាំងឡាយ អំណាចគ្រប់គ្រងទាំងឡាយដើម្បីទៅរក ‹ ភាពតម្កើងឡើង និងសិរីល្អក្នុងអ្វីៗគ្រប់ទាំងអស់ › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩ ] » ។៤
នៅក្នុងអត្ថបទបញ្ចប់នៃព្រះគម្ពីរសញ្ញាចាស់ យើងអានអំពីការសន្យារបស់ម៉ាឡាគីដែលថា អេលីយ៉ានឹង « បង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ( ម៉ាឡាគី ៤:៦ ) ។ អ៊ីស្រាអែលសម័យបុរាណ ការនិយាយពីពួកឪពុក នោះក៏នឹងរាប់បញ្ចូលទាំង អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ផងដែរ ។ ការសន្យានេះត្រូវបានបញ្ជាក់ នៅពេលយើងអានកំណែផ្សេងគ្នានៃខគម្ពីរនេះដែល មរ៉ូណៃ បានដកស្រង់ទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « លោក [ អេលីយ៉ា ] នឹងដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៩ ) ។ ពួកឪពុកទាំងនោះប្រាកដជារាប់បញ្ចូលទាំង អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែរ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៩–១០ ) ។
អស់អ្នកដែលចុះសេចក្ដីសញ្ញាពិសិដ្ឋ ហើយរក្សាវាត្រូវបានសន្យានូវជីវិតដ៏នៅអស់កល្បជានិច្ច និងភាពតម្កើងឡើង ។ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដែលធានានូវសេចក្តីសញ្ញាទាំងនោះ ។
សេចក្ដីលម្អិតមកពី ព្រះគ្រីស្ទ និងកម្លោះអ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់
ព្រះយេស៊ូវគ្រីស្ទ ៖ ជាស្នូលនៃសេចក្តីសញ្ញានេះ
ការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះបានធ្វើឲ្យព្រះវរបិតាបំពេញការសន្យារបស់ទ្រង់ដែលបានធ្វើចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ ដោយសារព្រះយេស៊ូវគ្រីស្ទគឺជា « ផ្លូវជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាម [ ទ្រង់ ] នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន ១៤:៦ ) ។ ការបំពេញនៃសេចក្តីសញ្ញារបស់អ័ប្រាហាំអាចធ្វើទៅបាន ដោយសារដង្វាយធួន និង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទជាស្នូលនៃសេចក្តីសញ្ញានេះ ។
ព្រះគម្ពីរសញ្ញាចាស់មិនមែនគ្រាន់តែជាព្រះគម្ពីរនោះទេ វាក៏ជាព្រះគម្ពីរនៃប្រវត្តិសាស្រ្តផងដែរ ។ បងប្អូននៅចាំពីការអានអំពីអាពាហ៍ពិពាហ៍របស់ សារ៉ាយ និង អាប់រ៉ាម ។ ដោយសារពួកគាត់គ្មានកូន នោះ សារ៉ាយ បានឲ្យ ហាការ ជាបាវបម្រើរបស់គាត់ធ្វើជាប្រពន្ធរបស់ អ័ប្រាហាំ ផងដែរ ដោយស្របតាមការណែនាំរបស់ព្រះអម្ចាស់ ។ ហាការ បានបង្កើតបាន អ៊ីសម៉ាអែល ។៥ អាប់រ៉ាម ស្រឡាញ់ អ៊ីសម៉ាអែល ប៉ុន្តែគាត់មិនមែនជាកូនដែលស្នងសេចក្តីសញ្ញានេះទេ ។ ( សូមមើល លោកុប្បត្តិ ១១:២៩–៣០; ១៦:១ , ៣, ១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤ ) ។
ជាពរជ័យមកពីព្រះ និងជាការឆ្លើយតបនឹងសេចក្ដីជំនឿរបស់សារ៉ាយ ៦ នោះគាត់បានមានគភ៌នៅវ័យចំណាស់ ដើម្បីឲ្យបន្តសេចក្តីសញ្ញាទៅកូនប្រុសរបស់គាត់គឺ អ៊ីសាក ( សូមមើល លោកុប្បត្តិ ១៧:១៩ ) ។ គាត់បានកើតមកក្នុងសេចក្ដីសញ្ញា ។
ព្រះបានប្រទាន សារ៉ាយ និង អាប់រ៉ាម នូវឈ្មោះថ្មី—សារ៉ា និង អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ១៧:៥, ១៥ ) ។ ការប្រទានឈ្មោះថ្មីទាំងនោះបានសម្គាល់ការចាប់ផ្តើមជីវិតថ្មី និងជោគវាសនាថ្មីសម្រាប់គ្រួសារនេះ ។
អ័ប្រាហាំ ស្រឡាញ់ទាំង អ៊ីសម៉ាអែល និង អ៊ីសាក ។ ព្រះបានមានព្រះបន្ទូលប្រាប់ អ័ប្រាហាំ ថា អ៊ីសម៉ាអែល នឹងត្រូវបានចម្រើនឡើង ហើយក្លាយជាប្រជាជនដ៏អស្ចារ្យ ( សូមមើល លោកុប្បត្តិ ១៧:២០ ) ។ ក្នុងពេលដូចគ្នានោះ ព្រះបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ចនឹងបង្កើតឡើងតាមរយៈ អ៊ីសាក ( សូមមើល លោក្បុបត្តិ ១៧:១៩ ) ។
អស់អ្នកដែលទទួលយកដំណឹងល្អក្លាយជាផ្នែកនៃពូជពង្សរបស់ អ័ប្រាហាំ ។ នៅក្នុងកាឡាទី យើងអានថា ៖
« ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថា បានប្រដាប់កាយដោយព្រះគ្រីស្ទហើយ ។
… អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ។
ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំ ហើយក៏ជាអ្នកគ្រងមរតកតាមសេចក្តីសន្យាផង » ( កាឡាទី ៣:២៧–២៩ ) ។
ដូច្នេះហើយ យើងអាចក្លាយជាអ្នកទទួលមរតកនៃសេចក្តីសញ្ញានេះពីកំណើត ឬការសូមមកចិញ្ចឹម ។
ពេលយើងចុះសេចក្តីសញ្ញាជាមួយព្រះ នោះយើងពុំនៅលើដីអព្យាក្រឹតទៀតឡើយ ។ ព្រះនឹងមិនបោះបង់ចោលទំនាក់ទំនងរបស់ទ្រង់ជាមួយអស់អ្នកដែលបានបង្កើតចំណងមិត្តភាពបែបនោះជាមួយទ្រង់ឡើយ ។
អ៊ីសាក ជាកូនប្រុសរបស់ រេបិកា និង យ៉ាកុប បានកើតនៅក្នុងសេចក្ដីសញ្ញា ។ បន្ថែមពីលើនោះ គាត់បានជ្រើសរើសចូលក្នុងសេចក្តីសញ្ញារបស់គាត់ ។ ដូចដែលបងប្អូនបានដឹង ឈ្មោះរបស់ យ៉ាកុប បានត្រូវប្តូរទៅជា អ៊ីស្រាអែល ( សូមមើល លោកុប្បត្តិ ៣២:២៨ ) មានន័យថា « ទុកឲ្យព្រះឈ្នះ » ឬ « អ្នកដែលឈ្នះជាមួយព្រះ » ។៧
នៅក្នុងនិក្ខមនំយើងអានថា « ព្រះក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប » ( និក្ខមនំ ២:២៤ ) ។ ព្រះបានប្រាប់ដល់កូនចៅនៃអ៊ីស្រាអែលថា « បើឯងរាល់គ្នានឹងស្តាប់តាមយើងឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងយើង » ( និក្ខមនំ ១៩:៥ ) ។
ឃ្លាដែលថា « បានដាច់ជារបស់ផងយើង » បានបកប្រែមកពីពាក្យ segullah ភាសាហេព្រើរ ដែលមានន័យថា ទ្រព្យសម្បត្តិមានតម្លៃយ៉ាងខ្លាំង « រតនៈសម្បត្តិ » ។៨
សៀវភៅចោទិយកថារៀបរាប់ពីសារៈសំខាន់នៃសេចក្តីសញ្ញានេះ ។ ពួកសាវកនៃគម្ពីរសញ្ញាថ្មីបានដឹងពីសេចក្ដីសញ្ញានេះ ។ បន្ទាប់ពី ពេត្រុស បានព្យាបាលបុរសខ្វិនម្នាក់នៅលើជណ្តើរនៃព្រះវិហារបរិសុទ្ធមក លោកបានបង្រៀនអ្នកចាំមើលអំពីព្រះយេស៊ូវ ។ ពេត្រុស បានពោលថា « ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នាទ្រង់បានដំកើងអ្នកបម្រើទ្រង់នោះគឺព្រះយេស៊ូវ » ( កិច្ចការ ៣:១៣ ) ។
ពេត្រុស បានបិទសារលិខិតរបស់លោកដោយការប្រាប់អ្នកស្តាប់របស់លោកថា « អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា « អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង » ( កិច្ចការ ៣:២៥ ) ។ ពេត្រុស បានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ផ្នែកនៃបេសកកម្មរបស់ព្រះគ្រីស្ទ គឺដើម្បីបំពេញសេចក្តីសញ្ញារបស់ព្រះ ។
ព្រះអម្ចាស់បានប្រទានទេសនកថាស្រដៀងគ្នានេះដល់ប្រជាជនអាមេរិកពីបុរាណ ។ នៅទីនោះ ព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ បានប្រាប់ប្រជាជនអំពីភាពពិតប្រាកដនៃខ្លួនរបស់ពួកគេ ។ ទ្រង់បានមានព្រះបន្ទូល ៖
« ហើយមើលចុះ អ្នករាល់គ្នាគឺជាកូនចៅនៃពួកព្យាការី ហើយអ្នករាល់គ្នាគឺជាវង្សអ៊ីស្រាអែល ហើយអ្នករាល់គ្នានៅក្នុងសេចក្ដីសញ្ញា ដែលព្រះវរបិតាទ្រង់បានធ្វើជាមួយនឹងពួកអយ្យកោអ្នក ដោយព្រះបន្ទូលទៅលោកអ័ប្រាហាំថា ៖ ដោយសារពូជអ្នក នោះគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងបានពរ ។
ព្រះវរបិតាដោយបានប្រោសយើងឲ្យរស់ឡើងវិញដល់អ្នករាល់គ្នាមុនគេបង្អស់ ហើយបានចាត់ឲ្យយើងមកប្រទានពរដល់អ្នករាល់គ្នា ក្នុងការនាំអ្នករាល់គ្នាគ្រប់រូបចេញពីអំពើទុច្ចរិត [ របស់អ្នក ] នេះ គឺមកពីអ្នករាល់គ្នាជាកូនចៅក្នុងសេចក្ដីសញ្ញា » ( នីហ្វៃទី ៣ ២០:២៥–២៦ ) ។
តើបងប្អូនមើលឃើញពីសារៈសំខាន់នេះដែរឬទេ ? អស់អ្នកដែលរក្សាសេចក្ដីសញ្ញារបស់ខ្លួនជាមួយនឹងព្រះ នឹងក្លាយជាព្រលឹងដែលធន់នឹងអំពើបាប ! អស់អ្នកដែលរក្សាសេចក្តីសញ្ញារបស់ពួកគេ នឹងមានកម្លាំងដើម្បីតទល់នឹងឥទ្ធិពលឥតឈប់ឈរនៃពិភពលោកនេះ ។
អស់អ្នកដែលរក្សាសេចក្ដីសញ្ញារបស់ខ្លួនជាមួយនឹងព្រះ នឹងក្លាយជាព្រលឹងដែលធន់នឹងអំពើបាប ! អស់អ្នកដែលរក្សាសេចក្តីសញ្ញារបស់ពួកគេ នឹងមានកម្លាំងដើម្បីតទល់នឹងឥទ្ធិពលឥតឈប់ឈរនៃពិភពលោកនេះ ។
កិច្ចការផ្សព្វផ្សាយសាសនា ៖ ការចែកចាយសេចក្តីសញ្ញា
ព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យ យើងផ្សព្វផ្សាយ និងចែកចាយសេចក្តីសញ្ញានេះ ។ នោះហើយជាមូលហេតុដែលយើងមានអ្នកផ្សព្វផ្សាយសាសនា ។ ទ្រង់មានព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់គ្រប់រូប មានឱកាសជ្រើសរើសដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ហើយដើរលើផ្លូវនៃសេចក្ដីសញ្ញា ។ ព្រះសព្វព្រះទ័យភ្ជាប់មនុស្សទាំអអស់ទៅនឹងសេចក្តីសញ្ញាដែលទ្រង់បានធ្វើជាមួយអ័ប្រាហាំពីបុរាណ ។
ហេតុដូច្នោះហើយ កិច្ចការផ្សព្វផ្សាយសាសនាគឺជាផ្នែកដ៏ចាំបាច់មួយនៃការប្រមូលផ្តុំអ៊ីស្រាអែលដ៏មហិមា ។ ការប្រមូលផ្ដុំនោះគឺជាកិច្ចការដ៏សំខាន់បំផុតដែលកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ ។ គ្មានកិច្ចការណាអាចប្រៀបនឹងកិច្ចការនេះបានទេ គ្មានកិច្ចការណាសំខាន់ជាងកិច្ចការនេះទេ ។ អ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់—ពួកសិស្សរបស់ទ្រង់—បានចូលរួមក្នុងការប្រឈមដ៏ធំបំផុត បុព្វហេតុដ៏អស្ចារ្យបំផុត កិច្ចការដ៏អស្ចារ្យបំផុតនៅលើផែនដីសព្វថ្ងៃនេះ ។
ប៉ុន្តែកិច្ចការនេះគឺកាន់តែច្រើនឡើង—កាន់តែធំឡើង ។ប៉ុន្តែកិច្ចការនេះគឺកាន់តែច្រើនឡើង—កាន់តែធំឡើង ។ មានតម្រូវការដ៏ធំមួយដើម្បីផ្សព្វផ្សាយដំណឹងល្អដល់មនុស្សនៅផ្នែកម្ខាងទៀតនៃវាំងនន ។ ព្រះសព្វព្រះទ័យឲ្យមនុស្សគ្រប់រូប ដែលនៅទាំងសងខាងវាំងននបានរីករាយនឹងពរជ័យនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ ផ្លូវនៃសេចក្ដីសញ្ញាគឺបើកចំពោះមនុស្សគ្រប់គ្នា ។ យើងអង្វរមនុស្សគ្រប់គ្នាឲ្យដើរលើផ្លូវនោះជាមួយយើង ។ គ្មានកិច្ចការណាផ្សេងទៀតដែលមានលក្ខណៈរួមគ្នាជាសកលបែបនេះទេ ។ ដ្បិត « ព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្តីមេត្តាករុណាដល់អស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ » ( ហេលេមិន ៣:២៧ ) ។
ដោយសារតែបព្វជិតភាពម៉ិលគីស្សាដែក ត្រូវបានស្ដារឡើងវិញ ទាំងស្ត្រី និងបុរសដែលរក្សាសេចក្ដីសញ្ញា អាចទទួលបាន « អស់ទាំងព្រះពរខាងវិញ្ញាណ » នៃដំណឹងល្អ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:១៨ បានបន្ថែមការបញ្ជាក់ ) ។
ការឧទិស្ទឆ្លងនៃព្រះវិហារបរិសុទ្ធខឺតឡង់ នៅឆ្នាំ ១៨៣៦ ក្រោមការណែនាំរបស់ព្រះអម្ចាស់ អេលីយ៉ាបានលេចមក ។ គោលបំណងរបស់លោកជាអ្វី ? « ដើម្បីបង្វែរ … ចិត្តកូនមកឯឪពុក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៥ ) ។ អេលីយ៉ាសក៏បានលេចមក ។ គោលបំណងរបស់លោកជាអ្វី ? ដើម្បីតាំងចិត្តជាមួយ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នូវ « គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់លោកអ័ប្រាហាំដោយប្រាប់ថា នៅក្នុងយើង និងពូជរបស់យើង នោះអស់ទាំងតំណមនុស្សបន្ទាប់ពីយើងមកនឹងបានពរ » ( គោលលទ្ធិ និងសេចក្តីសញ្ញា.១១០:១២ ) ។ ហេតុដូច្នេះហើយ លោកចៅហ្វាយបានប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី និងសិទ្ធិដើម្បីបញ្ជូនពរជ័យពិសេសនៃសេចក្ដីសញ្ញារបស់អ័ប្រាហាំទៅអ្នកដទៃ ។៩
នៅក្នុងសាសនាចក្រ យើងធ្វើដំណើរតាមផ្លូវនៃសេចក្ដីសញ្ញាទាំងជាលក្ខណៈបុគ្គល និងសមូហភាព ។ គឺដូចជាអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារមានចំណងរួមគ្នាទាំងសងខាងដែលបង្កើតសេចក្តីស្រឡាញ់ដ៏ពិសេសមួយ ក៏ដូចជាទំនាក់ទំនងថ្មីដែលបានបង្កើតឡើង ពេលយើងចងខ្លួនយើងដោយសេចក្ដីសញ្ញាគ្រប់ស្ថានភាពចំពោះព្រះរបស់យើងផងដែរ !
ការណ៍នេះប្រហែលជាអ្វីដែលនីហ្វៃចង់មានន័យដល់ នៅពេលលោកបានមានប្រសាសន៍ថា ព្រះ « ស្រឡាញ់អស់អ្នកណា ដែលទទួលទ្រង់ជាព្រះរបស់គេ » ( នីហ្វៃទី ១ ១៧:៤០ ) ។ នេះគឺជាមូលហេតុពិតប្រាកដដែលជាផ្នែកនៃសេចក្ដីសញ្ញា ដែលជាសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ពិសេស—ឬ hesed—គឺមានសម្រាប់មនុស្សទាំងអស់ដែលចូលទៅក្នុងទំនាក់ទំនងដ៏ស្អិតរមួត និងស្និទ្ធស្នាលជាមួយព្រះ រហូតដល់ « ទាំងពាន់តំណ » ( ចោទិយកថា ៧:៩ ) ។
ការចុះសេចក្តីសញ្ញាជាមួយព្រះផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយទ្រង់ជារៀងរហូត ។ វាផ្តល់ពរដល់យើងនូវសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ។១០ វាជះឥទ្ធិពលលើយើង និងរបៀបដែលព្រះនឹងជួយយើងឲ្យប្រែក្លាយជាបុគ្គលដែលយើងអាចប្រែក្លាយ ។ យើងត្រូវបានសន្យាថា យើងក៏អាច « បានដាច់ជារបស់ផង » ចំពោះទ្រង់ផងដែរ ( ទំនុកដំកើង ១៣៥:៤ ) ។
សេចក្តីសន្យា និងអភ័យឯកសិទ្ធិ
អស់អ្នកដែលចុះសេចក្ដីសញ្ញាពិសិដ្ឋ ហើយរក្សាវាត្រូវបានសន្យានូវជីវិតដ៏នៅអស់កល្បជានិច្ច និងភាពតម្កើងឡើង « គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៤:៧ ) ។ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដែលធានានូវសេចក្តីសញ្ញាទាំងនោះ ( សូមមើល ហេព្រើរ ៧:២២; ៨:៦ ) ។ អ្នករក្សាសេចក្ដីសញ្ញាដែលស្រឡាញ់ព្រះ ហើយទុកឲ្យទ្រង់ឈ្នះលើអ្វីៗផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេ ធ្វើឲ្យទ្រង់មានឥទ្ធិពលខ្លាំងបំផុតក្នុងជីវិតរបស់ពួកគេ ។
នៅសម័យរបស់យើង យើងមានអភ័យឯកសិទ្ធិដើម្បីទទួលពររបស់លោកអយ្យកោ ហើយរៀនពីទំនាក់ទំនងរបស់យើងនឹងពួកអយ្យកោពីបុរាណ ។ ពរជ័យទាំងនោះក៏ផ្តល់នូវការមើលឃើញនូវអ្វីដែលនៅខាងមុខផងដែរ ។
ដោយសារតែសេចក្តីសញ្ញារបស់យើងជាមួយព្រះ ទ្រង់ពុំដែលនឿយហត់ក្នុងកិច្ចខិតខំរបស់ទ្រង់ដើម្បីជួយយើងឡើយ ហើយយើងនឹងមិនដែលប្រើអស់ការអត់ធ្មត់ដ៏មេត្តារបស់ទ្រង់ជាមួយយើងដែរ ។
តើអ្នកស្រឡាញ់ខ្ញុំជាងអ្វីទាំងនេះទេ ? ដោយ ដាវីឌ លីនស្លេ
ការហៅរបស់យើងជាអ៊ីស្រាអែលនៃសេចក្ដីសញ្ញាគឺដើម្បីធានាឲ្យបានថា សមាជិកទាំងអស់នៃសាសនាចក្រដឹងពីអំណរ និងអភ័យឯកសិទ្ធិទាំងឡាយដែលទាក់ទងនឹងការចុះសេចក្ដីសញ្ញាជាមួយព្រះ ។ វាគឺជាការហៅដើម្បីលើកទឹកចិត្តដល់បុរស និងស្ត្រីគ្រប់រូបដែលរក្សាសេចក្ដីសញ្ញាទាំងក្មេងប្រុស និងក្មេងស្រី ឲ្យចែកចាយដំណឹងល្អជាមួយអ្នកដែលចូលមកក្នុងវិសាលភាពនៃឥទ្ធិពលរបស់ពួកគេ ។ វាក៏ជាការហៅឲ្យគាំទ្រ និងលើកទឹកចិត្តដល់ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង ដែលត្រូវបានបញ្ជូនមកដោយមានការណែនាំឲ្យធ្វើការជ្រមុជទឹក និងជួយប្រមូលអ៊ីស្រាអែល ដើម្បីឲ្យយើងទាំងអស់គ្នាអាចក្លាយជារាស្ដ្ររបស់ព្រះ ហើយទ្រង់នឹងជាព្រះរបស់យើងផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៩ ) ។
បុរស និងស្ដ្រីគ្រប់រូបដែលចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាពដោយភាពស័ក្ដិសម ហើយបានចុះសេចក្ដីសញ្ញាជាមួយព្រះ មានសិទ្ធិទទួលបានព្រះចេស្ដារបស់ព្រះដោយផ្ទាល់ ។ យើងលើកដាក់ព្រះនាមរបស់ព្រះអម្ចាស់លើយើងរៀងៗខ្លួន ។ យើងក៏លើកដាក់ព្រះនាមរបស់ទ្រង់មកលើខ្លួនយើងក្នុងនាមជាក្រុមមនុស្សផងដែរ ។ ការមានគោលបំណងប្រើឈ្មោះត្រឹមត្រូវ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជារបៀបដ៏សំខាន់មួយដែលយើងជាក្រុមមនុស្សយកព្រះនាមទ្រង់ដាក់មកលើខ្លួនយើង ។ ជាការពិតណាស់ គ្រប់ទង្វើនៃសេចក្តីសប្បុរសរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកនៃសាសនាចក្រនេះ គឺជាការបង្ហាញអំពី hesed របស់ព្រះ ។
ហេតុអ្វីវង្សអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយ ? ដោយសារតែមនស្សធ្វើខុសបទបញ្ញត្តិ និងបានចោលដុំថ្មលើព្យាការីទាំងឡាយ ។ ព្រះបិតាដែលមានសេចក្តីស្រឡាញ់ ប៉ុន្តែមានព្រះទ័យសោកសៅ បានឆ្លើយតបដោយធ្វើឲ្យអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅគ្រប់ទីកន្លែង ។១១
ទោះជាយ៉ាងណា ទ្រង់បានធ្វើឲ្យពួកគេខ្ចាត់ខ្ចាយដោយការសន្យាថា ថ្ងៃណាមួយនឹងពួកអ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្ដុំគ្នាជាថ្មីក្នុងក្រោលរបស់ទ្រង់ ។
កុលសម្ព័ន្ធយូដាត្រូវបានប្រគល់ភារកិច្ចឲ្យរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកដំបូងរបស់ព្រះអម្ចាស់ ។ នៅក្នុងកុលសម្ព័ន្ធនោះ ម៉ារាត្រូវបានហៅឲ្យធ្វើជាមាតារបស់ព្រះរាជបុត្រានៃព្រះ ។
កុលសម្ព័ន្ធយ៉ូសែប តាមរយៈលោក និងកូនប្រុសរបស់លោកជាមួយនាង អាសន៉ាត់ គឺអេប្រាអិម និងម៉ាន៉ាសេ ( សូមមើល លោកុប្បត្តិ ៤១:៥០–៥២; ៤៦:២០ ) ត្រូវបានផ្ដល់ឲ្យនូវទំនួលខុសត្រូវក្នុងការដឹកនាំការប្រមូលផ្តុំនៃអ៊ីស្រាអែល ដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
ក្នុងទំនាក់ទំនង hesed ដែលមិនចេះចប់សព្វគ្រប់បែបនេះ នោះវាជារឿងធម្មតាទេដែលព្រះចង់ប្រមូលអ៊ីស្រាអែល ។ ទ្រង់ជាព្រះវរបិតាសួគ៌របស់យើង ! ទ្រង់ចង់ឲ្យបុត្ររបស់ទ្រង់ម្នាក់ៗ—នៅទាំងសងខាងនៃវាំងនន—បានស្តាប់ឮសារលិខិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។
ផ្លូវនៃសេចក្តីស្រឡាញ់
ផ្លូវនៃសេចក្តីសញ្ញាគឺជាផ្លូវនៃសេចក្តីស្រឡាញ់—ពោលគឺ hesed ដ៏អស្ចារ្យនោះ ដែលមានចិត្តអាណិតអាសូរក្នុងការមើលថែ និងឈោងទៅជួយគ្នាទៅវិញទៅមក ។ ការមានអារម្មណ៍ថា សេចក្តីស្រឡាញ់គឺជាសេរីភាព និងការលើកស្ទួយ ។ អំណរដ៏ធំបំផុតដែលបងប្អូននឹងដកពិសោធ គឺនៅពេលដែលបងប្អូននឹងទទួលបានអារម្មណ៍នូវសេចក្ដីស្រឡាញ់ចំពោះព្រះ និងចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
ការស្រឡាញ់ព្រះច្រើនជាងនរណាម្នាក់ ឬអ្វីផ្សេងទៀតទាំងអស់គឺជាលក្ខខណ្ឌដែលនាំមកនូវសេចក្តីសុខសាន្ត ការលួងលោម ទំនុកចិត្ត និងអំណរពិត ។
ផ្លូវនៃសេចក្តីសញ្ញាគឺអំពីទំនាក់ទំនងរបស់យើងជាមួយព្រះ—ពោលជាទំនាក់ទំនង hesed របស់យើងជាមួយទ្រង់ ។ ពេលយើងចុះសេចក្ដីសញ្ញាជាមួយព្រះ នោះយើងបានចុះសេចក្ដីសញ្ញាជាមួយទ្រង់ ជាអង្គដែលនឹងរក្សាព្រះបន្ទូលរបស់ទ្រង់ជានិច្ច ។ ទ្រង់នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលទ្រង់អាចធ្វើបាន ដើម្បីជួយយើងឲ្យរក្សាសេចក្តីសញ្ញារបស់យើង ដោយមិនបំពានលើសិទ្ធិជ្រើសរើសរបស់យើងឡើយ ។
ព្រះគម្ពីរមរមនចាប់ផ្តើម និងបញ្ចប់ដោយមានសេចក្តីយោងនេះទៅនឹងសេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច ។ ចាប់តាំងពីទំព័រចំណងជើងរបស់ព្រះគម្ពីរនេះ រហូតដល់ទីបន្ទាល់បញ្ចប់របស់មរមន និងមរ៉ូណៃ ព្រះគម្ពីរមរមនធ្វើសេចក្តីយោងដល់សេចក្តីសញ្ញានេះ ( សូមមើល មរមន ៥:២០; ៩:៣៧ ) ។ « ការលេចចេញមកនៃព្រះគម្ពីរមរមនគឺជាទីសម្គាល់មួយដល់ពិភពលោកថា ព្រះអម្ចាស់បានចាប់ផ្ដើមប្រមូលអ៊ីស្រាអែល ហើយបំពេញសេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប » ។១២
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងត្រូវបានហៅនៅក្នុងពេលដ៏សំខាន់នេះក្នុងប្រវត្តិសាស្រ្តនៃផែនដី ដើម្បីបង្រៀនពិភពលោកអំពីភាពឧត្តុងឧត្តម និងអានុភាពនៃសេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច ។ ព្រះវរបិតាសួគ៌របស់យើងទុកព្រះទ័យលើយើងដោយផ្ទាល់ដើម្បីធ្វើកិច្ចការដ៏អស្ចារ្យនេះ ។
សារលិខិតនេះក៏ត្រូវបានថ្លែងក្នុងការប្រជុំថ្នាក់ដឹកនាំសន្និសីទទូទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដែរ ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, October 2022. Cambodian. 18317 258