២០១៨
ស្ថាបនា​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ
August 2018


រូបភាព
Ministering

គោល​ការណ៍​នៃ​ការ​ងារ​បម្រើ ខែ​សីហា ឆ្នាំ ២០១៨

ស្ថាបនា​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ

សមត្ថភាព​របស់​យើង​ក្នុងការ​យកចិត្ត​ទុក​ដាក់លើ​អ្នក​ដទៃ​នឹង​កើន​ឡើង នៅ​ពេល​យើង​ស្ថាបនា​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹងពួកគេ ។

ការអញ្ជើញ​ឲ្យផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​គឺជា​ឱកាស ដើម្បី​ស្ថាបនា ទំនាក់​ទំនង​ដោយ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួកគេ—គឺជា​ប្រភេទ​ទំនាក់​ទំនង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ទើស​ទាល់​ក្នុង​ការ​ស្នើ​សុំ ឬ​ទទួល​យក​ជំនួយ​របស់​យើង ។ នៅ​ពេល​យើង​ខិតខំ​អភិវឌ្ឍ​ទំនាក់​ទំនង​បែប​នេះ នោះ​ព្រះ​អាច​ផ្លាស់ប្តូរ​ជីវិត​អ្នក​ទាំង​សង្ខាង​ក្នុង​ទំនាក់​ទំនង​នោះ ។

ស៊ិស្ទើរ ស្សារ៉ូន អ៊ឺប៊ែង ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគមសង្គ្រោះ​ទូទៅបាន​មានប្រសាសន៍ថា « ខ្ញុំពិត​ជាជឿ​ថា​នឹង​គ្មាន​ការផ្លាស់ប្តូរ​ជា​ពិសេស​ណា​មួយ​អាច​កើត​ឡើង​ ដោយ​គ្មាន​ទំនាក់​ទំនង​ពិសេស​នោះ​ទេ » ។ គាត់​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​បម្រើ​របស់​យើង​អាច​ជួយ​ជីវិត​អ្នក​ដទៃ សកម្មភាព​នោះ​ត្រូវ​តែ « ចាក់​ឫស​ចេញ​ពី​បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់​ដើម្បី​ទទួល​យក​ការ​ព្យាបាល ការស្តាប់ ការសហប្រតិបត្តិការណ៍ និង​ការគោរព » ។

ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ពុំ​មែន​ជា​យុទ្ធសាស្រ្ត​ទេ ។ ទំនាក់​ទំនង​នោះ​ស្ថាបនា​ពី​លើ​សេចក្តី​មេត្តា សេចក្តី​ស្មោះ​ត្រង់ និង « ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ » ( គ. និង ស. ១២១:៤១ ) ។

របៀប​ដើម្បី​ស្ថាបនា​ និង​ពង្រឹង​ទំនាក់​ទំនង

​អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មា​ន​ប្រសាសន៍ថា « យើង​ស្ថាបនា [ ទំនាក់​ទំនង ] ជាមួយ​មនុស្ស​ម្តងៗ​ម្នាក់ » ។ ពេល​យើង​ព្យាយាម​ស្ថាបនា​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ ជាមួយ​មនុស្ស​ដែល​យើង​ផ្តល់​ការងារ​បម្រើ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​យើង ។ យោបល់​ខាង​ក្រោម គឺ​ផ្អែក​លើ​លំនាំ​មួយ​របស់​អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បាន​ផ្តល់​ឲ្យ ។

  • សូម​រៀន​ពី​ពួក​លោក ។

    ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បាន​បង្រៀន​ថា « អ្នក​មិន​អាច​បម្រើ​បាន​យ៉ាង​ល្អ​ដល់​មនុស្ស​ដែល​អ្នក​ស្គាល់​មិន​ច្បាស់​នោះទេ » ។ លោក​បាន​ផ្តល់​យោបល់​ឲ្យ​រៀន​ស្គាល់​ឈ្មោះ​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​ដឹង​អំពី​ព្រឹត្តិ​ការណ៍​សំខាន់​ៗ​ដូច​ជា ថ្ងៃ​ខួប​កំណើត ពិធី​ប្រសិទ្ធ​ពរ ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​រៀប​អាពាហ៍​ពិពាហ៍ ។ ការ​ដឹង​ទាំង​នេះ​វាផ្តល់​ឱកាស​មួយ​សម្រាប់​ការ​សរសេរ លិខិត​ជូនពរ ឬទូរសព្ទ ការ​សម្តែង​ការ​អបអរ ចំពោះ​សមាជិក​គ្រួសារ​ក្នុង​ការ​សម្រេច​បាន និង​ជោគ​ជ័យ​ដ៏ពិសេស​ណាមួ​យ ។

  • ចំណាយ​ពេល​ជាមួយ​គ្នា ។

    ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ត្រូវការ​ពេល​វេលា ។ ការ​ស្វែង​រក​ឱកាស​ដើម្បី​រក្សា​ការ​ទាក់​ទង ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ឲ្យ​នរណា​ម្នាក់​ដឹង​ថា អ្នក​ខ្វាយ​ខ្វល់​ចំពោះ​គេ គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ដ៏​រឹង​មាំ ។ សូម​ទៅ​សួរ​សុខ​ទុក្ខ​ជា​ញឹក​ញាប់​ដល់​អ្នកទាំង​នោះ​ ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ សូម​និយាយ​ជាមួយ​ពួក​គេ​នៅ​ព្រះវិហារ ។ សូម​ប្រើ​មធ្យោ​បាយ​ដែល​សម​គួរ​ផ្សេងៗ​បន្ថែម​ទៀត​—​ដូច​ជា សរសេរ​អ៊ីម៉ែល Facebook, Instagram, Twitter, Skype ទូរសព្ទ​ទៅ​រក ឬ​ផ្ញើរ​កាត​មួយ ។ អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍​អំពី​អំណាច​នៃ​ការ​បង្ហាញ​អំពី​សេច​ក្តី​ស្រឡាញ់ និង​គាំទ្រ​ដ៏សាមញ្ញា និង ដ៏​ឆ្នៃ​ប្រឌិត​ថា ៖ « ជា​រឿយៗ​ពេល​ខ្ញុំ​បើក​ព្រះ​គម្ពីរ​របស់​ខ្ញុំ​…​​ខ្ញុំ​តែង​ឃើញ​កំណត់​ចំណាំ ដែល​ជា​ទីពេញ​ចិត្ត និង​ការគាំទ្រ ដែល [ ភរិយា​របស់ខ្ញុំ ] ជេននី បាន​សៀត​នៅ​លើ​ទំព័រ​ទាំងនោះ ។ … កំណត់​ចំណាំ​ដ៏មាន​តម្លៃ​ទាំងនោះ…បន្តក្លាយ​ជារតនៈ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន នៃការ​លួង​លោម និង​ការបំផុស​គំនិត ។ »

    ក៏​ត្រូវ​ចងចាំ​ផង​ដែរ​ថា ទំនាក់​ទំនង​ត្រូវតែ​កើត​ឡើង​ទាំង​សង្ខាង ។ អ្នក​អាច​ផ្តល់​សេចក្តី​ស្រឡាញ់ និង​មិត្តភាព ប៉ុន្តែ​ទំនាក់​ទំនង​អាច​រីកចម្រើន​លុះ​ត្រាណា ការផ្តល់​ឲ្យ​នោះ​ត្រូវបាន​ទទួលយក ហើយ​ផ្តល់​ត្រឡប់​មក​វិញ​ផងដែរ ។ ប្រសិន​បើ​បុគ្គល​ម្នាក់​ទំនង​ជា​មិន​ចង់​ទទួល​យក សូម​កុំ​បង្ខិត​បង្ខំ​មិត្តភាព​នោះ ។ សូម​ទុក​ពេល​ឲ្យ​គាត់​មើល​ឃើញ​កិច្ច​ខិត​ខំ​ដ៏ស្មោះ​ត្រង់​របស់​អ្នក ហើយ​បើ​ចាំបាច់ សូម​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​អ្នក​ថា តើ​ទំនាក់​ទំនង​ដ៏មាន​អត្ថន័យ​នោះ​នៅ​តែ​អាច​ទៅ​រួច​ឬទេ ។

  • ប្រាស្រ័យ​ទាក់​ទង​ដោយ​យក​ចិត្តទុក​ដាក់ ។

    ការ​ស្ថាបនា​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​តម្រូវ​ឲ្យ​យើង​ធ្វើ​លើស​ពី​រឿង​សាមញ្ញ​សើរៗ ។ ការ​ប្រាស្រ័យ​ទាក់​ទង​សើរៗ​គឺ​ជា​ការ​និយាយពី​នេះពីនោះ​ដូច​ជា អំពី​កាល​វិភាគ អាកាស​ធាតុ និង​រឿង​តូច​តាច​ផ្សេងៗ ប៉ុន្តែ​វាមិន​រួម​បញ្ចូល​ការចែក​ចាយអំពី​អារម្មណ៍ ជំនឿ គោល​ដៅ និង​កង្វល់​នានា​ដែល​ចាំបាច់​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​មាន​អត្ថន័យ​នោះទេ ។ ព្រះ​វរបិតា​សួគ៌​បាន​បង្ហាញ​គំរូ​អំពី​ទំនាក់ទំនង​ដ៏មាន​អត្ថន័យ​ប្រភេទនេះ​តាម​រយៈ​ការ​ចែកចាយ​អារម្មណ៍​របស់​ទ្រង់ និង​ផែន​ការ​របស់​ទ្រង់ ជាមួយ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ( សូម​មើល យ៉ូហាន ៥:២០ ) ហើយ​ទ្រង់​បាន​ចែកចាយ​ជាមួយ​យើង​តាមរយៈ ព្យាការី​របស់​ទ្រង់ ( សូម​មើល អេម៉ុស ៣:៧  ) ។ តាម​រយៈ​ការ​ចែកចាយ​ព្រឹត្តការណ៍​នានា និង​បញ្ហា​ជីវិត ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ នោះ​យើង​នឹង​កាន់​តែ​មាន​អំណរគុណ​ចំពោះ​គ្នា ខណៈពេល​ដែល​យើង​ស្វែង​យល់​អំពី​ចំណាប់​អារម្មណ៍​ទូទៅ​ដូចគ្នា ព្រម​ទាំង​ចែកចាយ​នូវ​បទពិសោធន៍ ។

    ការ​ស្តាប់​គឺ​ជាផ្នែក​មួយ​ដ៏សំខាន់​ចំពោះ​ការ​ប្រាស្រ័យ​ទាក់​ទង​ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ។ នៅ​ពេល​អ្នក​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​ឱកាស​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​នឹង​កើន​ឡើង​ នៅ​ពេល​​ដែល​អ្នក​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំពី​សេចក្តី​ត្រូវការ​របស់​ពួកគេ ហើយ​ខណៈ​នោះ​ពួកគេ មាន​អារម្មណ៍​ថា​បាន​ទទួល​សេចក្តី​ស្រឡាញ់​ ការ​យល់​ចិត្ត និង​សុវត្ថិភាព ។

  • អំណរគុណ​ដោយ​ក្ដីស្រឡាញ់​មាន​ភាព​ខុស​គ្នា​ពី​អារម្មណ៍​ដូច​គ្នា​ផងដែរ ។

    អែលឌើរ អុជដូហ្វ បានមាន​ប្រសាសន៍ថា « មនុស្ស​មួយ​ចំនួន…ជឿថា​សាសនាចក្រ​ចង់​ធ្វើ​ឲ្យ​សមាជិក​គ្រប់​រូប​ដូចគ្នា​ទាំងស្រុង—ថា​មនុស្ស​ម្នាក់ៗ​គួរ​តែ​មាន​អារម្មណ៍ គិត និង​ជឿ​ដូចគ្មា​ទាំងអស់ » ។ « ការណ៍​នេះ​វាផ្ទុយ​ពី​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ ដែល​បង្កើត​បុរស​គ្រប់​រូប​ខុស​ពី​បង​ប្អូន​ប្រុស​របស់​គាត់ ។… ​

    « សាសនាចក្រ​ចម្រើន​ឡើង នៅ​ពេល​យើង​ទាញ​យក​អត្ថ​ប្រយោជន៍​ពីភាព​ខុស​គ្នា​នេះ ហើយ​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ និង​ប្រើ​ប្រាស់​ទេពកោសល្យ​របស់​យើង​ដើម្បី​ស្អាង និង​ពង្រឹង​ដល់​ពួក​សិស្ស​ដែល​ជា​បងប្អូន​ទាំង​ឡាយ​របស់​យើង ។ »

    ដើម្បី​ស្រឡាញ់​អ្នកដទៃ​ដូច​ព្រះ​ស្រឡាញ់​យើង គឺ​តម្រូវ​ឲ្យ​យើង​ព្យាយាម​មើល​អ្នកដទៃ តាម​របៀប​ដែល​ព្រះ​ទត​មើល​មក​ពួក​គេ​ដែរ ។ ប្រធាន​ថូ​ម៉ាស អេស ម៉នសុន​ ( ១៩២៧​–២០១៨ ) បាន​បង្រៀន​ថា « យើង​ត្រូវតែ​អភិវឌ្ឍ​សមត្ថ​ភាព​ដើម្បី​មើល​ [មនុស្ស​ដទៃ] ​មិនមែន​ត្រឹម​តែ​ថា ពួក​គេ​ជា​នរណា​នា​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​មើល​ពួក​គេ​ថា ពួក​គេ​នឹង​ក្លាយ​ជា​មនុស្ស​យ៉ាងណា​ផងដែរ » ។ ១០ យើង​អាច​អធិស្ឋាន​ទូល​សូម​ជំនួយ​ឲ្យ​មើល​ឃើញ​ទៅ​អ្នក​ដទៃ​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ ។ នៅ​ពេល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​ផ្នែក​លើ​សក្តានុពល​ដើម្បី​រីកចម្រើន នោះ​ពួក​គេ​អាច​ធ្វើ​បាន​លើស​ពី​ក្តី​រំពឹង​ទុក ។​១១

  • សូម​បម្រើ​ពួកគេ ។

    ចូរ​ដឹង​ពី​សេចក្ដី​ត្រូវការ របស់​អស់​អ្នក​ទាំង​នោះ​ ដែល​អ្នក​ផ្តល់​ការងារ​បម្រើ និង​មាន​ឆន្ទៈ​ក្នុង​ការ​លះបង់​ពេល​វេលា និង​ទេព​កោ​សល្យ​របស់​អ្នក មិន​ថា​ក្នុង​ពេល​មាន​តម្រូវ​ការ ឬ​គ្រាន់​តែ​អ្នក​មើល​ថែ​នោះ​ទេ ។ អ្នក​អាច​នៅ​ទីនោះ​ដើម្បី​ផ្ដល់​ការ​លួង​លោម គាំទ្រ និង​ផ្ដល់​ជំនួយ​ដែល​ចាំបាច់​នៅ​ពេល​មាន​គ្រា​អាសន្ន ជម្ងឺ ឬ​ស្ថាន​ភាព​បន្ទាន់​ណា​មួយ ។ ប៉ុន្តែ​ក្នុង​ទំនាក់ទំនង​ជា​ច្រើន​យើង​ផ្តោត​លើ​អ្វី​ដែល​កើត​ឡើង ។ ព្រះ​បាន​ប្រទាន​សេរីភាព​ដល់យើង ដើម្បី​យើង​អាច​ធ្វើសកម្មភាព ជាជាង​ទទួល​រង​សកម្មភាព (សូមមើល នីហ្វៃទី ២ ២:១៤) ។ ដូច​ជាសាវក យ៉ូហាន​បាន​បង្រៀន​ថា​យើង​​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន ( សូមមើល យ៉ូហាន​ទី១ ៤:១៩ ) នៅពេល​អ្នក​ដទៃ​ទទួល​អារម្មណ៍​ថា យើង​ស្រឡាញ់​គេ​ដោយ​ស្មោះ តាមរយៈ​សកម្មភាព​នៃ​ការ​បម្រើ​របស់​យើង នោះវា​នឹង​បន្ទន់​ដួងចិត្ត ហើយ​បង្កើន​សេចក្តីស្រឡាញ់ និង​ការ​ទុកចិត្ត ។ ១២ ចំណុច​នេះ​នឹង​បន្តរ​បង្កើន​ទង្វើ​នៃ​ក្តី​មេត្តា ដែល​អាច​ស្ថាបនា​ទំនាក់​ទំនង ។ ​

ការផ្តល់​ការងារ​បម្រើ​ដូច​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​ធ្វើ

ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ស្ថាបនា​ទំនាក់​ទំនង​ដ៏មាន​អត្ថន័យ​ជាមួយ​សិស្ស​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១១:៥  ) ។ ទ្រង់​ស្គាល់​ពួកគេ ( សូម​មើល យ៉ូហាន ១:៤៧​– ៤៨ ) ។ ទ្រង់​ចំណាយ​ពេល​ជាមួយ​ពួក​គេ ( សូម​មើល យ៉ូហាន ២៤: ១៣– ៣១ ) ។ ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​គេ​លើស​ពី​ការ​សន្ទនា​សើរៗ ( សូមមើល យ៉ូហាន ១៥:១៥ ) ។ ទ្រង់​មាន​អំណរ​ចំពោះ​ភាព​ខុសគ្នា​របស់​ពួក​គេ ( សូម​មើល ម៉ាថាយ ៩:១០  ) ហើយ​ទ្រង់​មើល​ឃើញ​សក្តានុ​ពល​របស់​ពួក​គេ ( សូម​មើល យ៉ូហាន ១៧:២៣ ) ។ ទោះ​បី​ទ្រង់​ជាព្រះ​អម្ចាស់​លើ​អស់​ទាំង​អ្វី​ៗ​ក្តី ក៏​ទ្រង់​យាងមក​ដើម្បីបម្រើ​អ្នក​ដទៃ ពុំ​មែន​មក​ដើម្បី​ឲ្យ​គេ​ផ្តល់​ការងារ​បម្រើ​ដល់​ទ្រង់​នោះ​ទេ ( សូមមើល ម៉ាកុស ១០:៤២–៤៥ ) ។

តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា ដើម្បី​ស្ថាបនា​ទំនាក់​ទំនង​កាន់តែ​រឹងមាំ​ជាមួយ​អ្នក​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នោះ ?

កំណត់​ចំណាំ

  1. សារ៉ុន អ៊ូប៊ែង នៅក្នុង « Humanitarian Acts Must Be Rooted in Relationship, Sharon Eubank Says, » mormonnewsroom.org

  2. សូមមើល « Ministering Principles: Reach Out in Compassion, » Liahona, កក្កដា ឆ្នាំ ២០១៨, ៦–៩ ។

  3. ឌៀថើរ អេស្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២២ ។

  4. សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Of Things That Matter Most » ទំព័រ ២២ ។

  5. សូមមើល​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « To the Home Teachers of the Church » ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៥០ ។

  6. សូម​មើល Charles A. Wilkinson and Lauren H. Grill, « Expressing Affection: A Vocabulary of Loving Messages, » នៅ​ក្នុង​ Making Connections: Readings in Relational Communication,បាន​បោះពុម្ព​ដោយ. Kathleen M. Galvin, បោះ​ពុម្ព​លើក​ទី​ប្រាំ​(2011), 164–73 ។

  7. រីឆាត ជី ស្កត « The Eternal Blessings of Marriage » Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៦ ។

  8. សូម​មើល « គោល​ការណ៍​នៃ​ការ​ងារ​បម្រើ ៖ រឿង​ប្រាំ​យ៉ាង​ដែល​អ្នក​ស្តាប់​ដ៏​ល្អ​ធ្វើ » លីអាហូណា ថ្ងៃ​ទី មិថុនា ឆ្នាំ ២០១៨ ទំព័រ ៦–៩ ) ។

  9. ឌៀថើរ អេហ្វ អុជដូហ្វ « Four Titles, » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៩ ។

  10. ថូម៉ាស អេស ម៉នសុន « See Others as They May Become » Liahona, ខែវិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ៦៩ ។

  11. សូមមើល ធឺរ៉ែន អ័រ មីតឆែល និង ដានីស ដានីញែល « នៅក្នុង​“Motivation, »Handbook of Psychology, វ៉ុលទី ១២ បាន​បោះពុម្ព​ដោយ វលធឺ ស៊ី ប៊ូមែន និងអ្នកផ្សេងទៀត (ឆ្នាំ ២០០៣) ទំព័រ ២២៩ ។

  12. សូមមើល អ៊ែតវួដ ជេ ឡឡឺរ, រេបេកា ហ្វត និង មៃខល ឌី ឡច «Unilateral Initiatives as a Conflict Resolution Strategy» Social Psychology Quarterly, វ៉ុលទី ៦២ ទំព័រទី ៣ ( ខែ កញ្ញា ឆ្នាំ ១៩៩៩​) ទំព័រ ២៤០–២៥៦ ។