សេចក្ដីសុខសាន្តនៅក្នុងសេចក្ដីបៀតបៀន
បេកា អេហ្វ រដ្ឋ ម៉ុនតាណា ស.រ.អា
ខ្ញុំតម្រង់ខ្លួនឡើងនៅលើកៅអីខ្ញុំ ពេលខ្ញុំបានឮប្រធានបទរបស់អ្នកឡើងនិយាយបន្ទាប់ ៖ មូលហេតុដែលសាសនាចក្រមរមនគឺជាសាសនាចក្រខុសឆ្គង និង មូលហេតុដែលពួកមរមនជាអ្នកស្អប់ខ្ពើមដ៏លាក់ពុត ។ ក្នុងអំឡុងនៃសន្ទុរកថានោះ ខ្ញុំបានមានអារម្មណ៍ថា ថ្ពាល់ខ្ញុំឡើងក្រហម ហើយតក់ស្លុត និង ការក្បត់ ធ្វើឲ្យដួងចិត្តខ្ញុំឈឺចាប់ ។ តើមិត្តភក្ដិរបស់ខ្ញុំ ដែលដឹងថាខ្ញុំជាពួកបរិសុទ្ធថ្ងៃចុងក្រោយហើយនោះ បែរជាជ្រើសរើសនិយាយមួលបង្កាច់នៅនឹងមុខសិស្សក្នុងថ្នាក់អង់គ្លេសទាំងមូលរបស់ខ្ញុំបានដោយរបៀបណា ?
បន្ទាប់ពីកណ្ដឹងបានរោទ៍បញ្ចប់ថ្នាក់ អ្នកនិយាយ និង មិត្តភក្ដិមួយចំនួនផ្សេងទៀតបានមករកខ្ញុំ ។ ដោយវិញ្ញាណកំពុងឆេះសន្ធោរសន្ធៅនៅក្នុងខ្លួនខ្ញុំ ខ្ញុំបានប្រាប់ពួកគេថា អ្វីដែលពួកគេបាននិយាយគឺមិនពិត ហើយថាសមាជិកសាសនាចក្រពុំស្អប់មនុស្សដែលពុំរស់នៅតាមជំនឿរបស់យើងនោះទេ ។ តបតត្រឡប់មកវិញ ពួកគេបានបាញ់មកវិញជាមួយនឹងសេចក្ដីថ្លែង និង ការចោទប្រកាន់ខុសឆ្គងទាំងឡាយ ។ ខ្ញុំបានមានអារម្មណ៍ឯកោ ។ ខ្ញុំបានគិតថា « តើវាយុត្តិធម៌យ៉ាងដូចម្ដេចទៅ នៅពេលដែលខ្ញុំរស់នៅតាមអ្វីដែលខ្ញុំដឹងថាពិត តែខ្ញុំបែរជាត្រូវបៀតបៀនទៅវិញ ? »
ពេលខ្ញុំត្រឡប់ពីសាលាមកដល់ផ្ទះវិញនៅថ្ងៃនោះ ខ្ញុំបានឃើញអ៊ីមែលមួយពីលោកយាយខ្ញុំ ។ ក្នុងអ៊ីមែលនោះ គាត់បានប្រាប់ខ្ញុំឲ្យមើល ម៉ាថាយ ៥:១១–១៤ ។ ខ្ញុំបានអានវាទាំងទឹកភ្នែក ៖ « អ្នករាល់គ្នាមានពរក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ។ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នេះដែរ ។ … អ្នករាល់គ្នាជាពន្លឺនៃលោកិយ ។ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ » ។
ព្រះវិញ្ញាណបរិសុទ្ធបានបំពេញក្នុងដួងចិត្តខ្ញុំ ពេលខ្ញុំអានពាក្យទាំងនោះ ។ ខ្ញុំដឹងថា ការបៀតបៀននឹងពង្រឹងសក្ខីភាពរបស់យើង ហើយខ្ញុំដឹងថា ពរជ័យទាំងឡាយនៅក្នុងស្ថានសួគ៌នឹងសក្ដិសមនឹងតម្លៃនៃការឈឺចាប់ដែលយើងឆ្លងកាត់នៅលើផែនដីនេះ ។ ព្រះអង្គសង្គ្រោះបានធ្វើឲ្យមានឡើងចំពោះយើង ដើម្បីស្វែងរកសេចក្ដីសុខសាន្ត នៅពេលយើងកំពុងត្រូវគេបៀតបៀន ដោយសាររស់នៅតាមដំណឹងល្អរបស់ទ្រង់ ហើយខ្ញុំពិតជាមានសេចក្ដីអំណរគុណចំពោះការណ៍នោះ ។