ការទុកចិត្តលើ ការអះអាងទាំងឡាយ របស់ព្រះអម្ចាស់
យើងអាចនឹងមិនតែងតែត្រូវបានដោះលែងចេញពីការសាកល្បងរបស់យើងនោះទេ ប៉ុន្តែពេលយើងស្វែងរកការអះអាងទាំងឡាយរបស់ព្រះអម្ចាស់ នោះយើងអាចដឹងថា អ្វីៗទាំងអស់នឹងបានស្រួល សូម្បីតែនៅក្នុងគ្រាសាកល្បងទាំងឡាយ ។
ខ្ញុំបានអង្គុយនៅក្នុងបន្ទប់សេឡេស្ទាលនៃព្រះវិហារបរិសុទ្ធ សញ្ជឹងគិតពីទិសដៅនៃជីវិតខ្ញុំ — គឺពិតជាចេញពីផ្លូវដែលខ្ញុំបានដាក់ផែនការ ។ ដូចជាមជ្ឈិមវ័យវ័យក្មេងជាច្រើនទៀតដែរ អ្វីដែលខ្ញុំឮក្នុងគំនិតខ្ញុំគឺការព្រួយបារម្ភរបស់ខ្ញុំ ៖ តើខ្ញុំអាចធ្វើឲ្យមានតុល្យភាពរវាងពិន្ទុល្អក្នុងថ្នាក់ និង មានជីវិតមួយល្អខាងសង្គមយ៉ាងដូចម្ដេចទៅ ? តើខ្ញុំគួរតែឈប់ពីការងាររបស់ខ្ញុំ ? ស្វែងរកការងាមួយផ្សេងទៀត ? តើខ្ញុំអាចសន្សំលុយយ៉ាងណាទៅ បើខ្ញុំអត់មានលុយផង ? ហេតុអ្វីខ្ញុំមិនទាន់រៀបការ ? បញ្ជីនៃការគិតនោះចេះតែបន្តដោយការព្រួយបារម្ភ ។ ខ្ញុំបានទៅព្រះវិហារបរិសុទ្ធដើម្បីស្វែងរកការលួងលោម ដោយអធិស្ឋានដើម្បីបានការអះអាងថា ជីវិតរបស់ខ្ញុំគឺស្ថិតក្នុងព្រះហស្តព្រះវរបិតាសួគ៌ ។ « តើអ្វីៗគ្រប់យ៉ាងនឹងបានរៀបរយនៅក្នុងជីវិតខ្ញុំឬទេ ? » ខ្ញុំបានសួរ ។ ចម្លើយបានចូលមកក្នុងគំនិតខ្ញុំយ៉ាងរហ័ស និង ប្រាកដប្រជាថា ៖ « អ្វីៗទាំងអស់ នឹងបាន ស្រួល » ។
ក្នុងគ្រានោះ ខ្ញុំបានយល់ថា ទោះបីជាជីវិតរបស់ខ្ញុំពុំបានដូចជាអ្វីដែលខ្ញុំបានដាក់ផែនការ ក៏វាកំពុងតែស្របទៅតាមផែនការ របស់ទ្រង់ ហើយទ្រង់ជាអ្នកគ្រប់គ្រង ។ ការអះអាងដ៏ផ្អែមល្ហែមនោះ ដែលថា ទ្រង់ស្គាល់ និង ថែរក្សាខ្ញុំ សូម្បីបើទ្រង់មិនតែងតែដកយកចេញនូវការសាកល្បងរបស់ខ្ញុំក៏ដោយ ក៏ទ្រង់បានបីត្រកងខ្ញុំឆ្លងកាត់ការលំបាកទាំងឡាយដែរ ។ ពេលយើងបានយល់ ស្វែងរក និង រង់ចាំដើម្បីបានការអះអាងទាំងនេះ នោះយើងអាចដឹងថា ព្រះអម្ចាស់គាំទ្រយើងឆ្លងកាត់បន្ទុកដែលត្រូវបានដាក់លើយើង ។
ការអះអាងជាជាងការដោះលែង
ច្បាស់ណាស់ ការដោះលែងភ្លាមៗចេញពីការសាកល្បងរបស់យើងមិនមែនតែងតែជាចម្លើយរបស់ព្រះអម្ចាស់ចំពោះការអង្វររបស់យើងនោះទេ ។ ផ្ទុយពីនោះ ទ្រង់អាចនឹងប្រទានពរយើងជាមួយនឹងការអះអាងទាំងឡាយដែលមានតម្លៃឥតគណនា តាមរយៈវិវរណៈផ្ទាល់ខ្លួន — ជាការអះអាងដែលថាទ្រង់ដឹកនាំជីវិតយើង ហើយទ្រង់នឹងដោះលែងយើងចេញពីការសាកល្បងរបស់យើង ។ ការអះអាងទាំងនេះអាចនឹងមិនដោះលែងយើងចេញពីការសាកល្បងរបស់យើងនោះទេ ប៉ុន្តែប្រហែលនឹងផ្ដល់ដល់យើងនូវកម្លាំងដែលយើងត្រូវការដើម្បីដោះលែងខ្លួនយើង សូម្បីបើការដោះលែងនោះគ្រាន់តែជាការលួងលោមពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ។ ជាញឹកញាប់ ខ្ញុំបានកត់សម្គាល់គំរូជាច្រើននៅក្នុងព្រះគម្ពីរ ពីរបៀបដែលព្រះអម្ចាស់បានបញ្ជូនការអះអាងមកមុនការដោះលែង ។
ខណៈដែលហេលេមិនកំពុងដឹកនាំកងពលកំលោះទាំង ២០៦០ នាក់ និង កងទ័ពសាសន៍នីហ្វៃផ្សេងទៀតរបស់លោក ពួកគេបានទទួលការអះអាងពីព្រះអម្ចាស់ ។ បន្ទាប់ពីការរង់ចាំអស់ជាច្រើនខែដើម្បីទទួលបានស្បៀង និង កងទ័ពជំនួយបន្ថែម នោះពួកគេស្ថិតក្នុងដំណាក់កាលនៃការអត់ឃ្លានយ៉ាងខ្លាំង ពេលដែលស្បៀងអាហារមកដល់ជាមួយនឹងពលទ័ពមួយក្រុមតូច ។ ដោយខ្លាចថាពលទ័ពបន្ថែមដ៏តិចតួចនេះមិនគ្រប់គ្រាន់ នោះនៅទីបំផុតពួកគេបានបែរទៅរកព្រះអម្ចាស់ ហើយ « បានខិតខំអស់ពីដួងចិត្តនៅក្នុងការអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់ចម្រើនកម្លាំងដល់ [ ពួកគេ ] » ។ បន្ទាប់ពីពួកគេអធិស្ឋានហើយ ហេលេមិនបានរៀបរាប់ថា « ព្រះអម្ចាស់ជាព្រះរបស់យើង ទ្រង់បានយាងមកជួបយើង ដោយនូវការអះអាងទាំងឡាយថា ទ្រង់នឹងដោះលែងពួកយើងឲ្យរួច មែនហើយ ដរាបដល់ទ្រង់មានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់ព្រលឹងពួកយើង ហើយបានប្រទានដល់យើងនូវសេចក្ដីជំនឿដ៏ធំ ហើយបានធ្វើឲ្យយើងមានសេចក្ដីសង្ឃឹមដល់ការដោះលែងពួកយើងក្នុងទ្រង់ » ( អាលម៉ា ៥៨:១០–១១ ) ។ ការអះអាងទាំងនេះបានផ្ដល់ដល់ហេលេមិន និង កងពលរបស់លោកនូវកម្លាំងដើម្បីមានសេចក្ដីខ្ជាប់ខ្ជួន និង យកជ័យជំនះលើសត្រូវរបស់ពួកគេ ។
យ៉ូសែប ស្ម៊ីធ ក៏បានទទួលការអះអាងមួយផងដែរពីព្រះអម្ចាស់ ពេលជាប់នៅក្នុងគុគលីប៊ើធី ។ កាលដែលលោកបានអធិស្ឋានដោយក្លៀវក្លា នោះលោកត្រូវបានប្រាប់ថា ៖
« បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីលំបាករបស់អ្នកនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
« ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ( គ. និង ស. ១២១:៧–៨ ) ។
ការអះអាងនេះបានផ្ដល់ដល់យ៉ូសែបនូវសេចក្ដីក្លាហាន និង កម្លាំងចិត្តដើម្បីបន្តស៊ូទ្រាំចំពោះការលំបាកទាំងឡាយដែលស្ទើរតែយកឈ្នះលើលោកនោះ ។
ក្នុងគំរូទាំងនេះ និង ជាច្រើនផ្សេងទៀត ( ជាឧទាហរណ៍៍ សូមមើល ម៉ូសាយ ២៤:៨–១៦ ) ព្រះអម្ចាស់ពុំគ្រាន់តែដោះលែងពួកអ្នកស្មោះត្រង់ចេញពីការសាកល្បងរបស់ពួកគេភ្លាមនោះទេ ។ ប៉ុន្តែ ទ្រង់បានយាងមកជួបពួកគេជាមួយនឹង ការអះអាង ថា ទ្រង់ នឹង ដោះលែងពួកគេនៅក្នុងពេលវេលារបស់ទ្រង់ ។ ដោយខ្ចីពាក្យសម្ដីពីអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នោះការអះអាងទាំងនេះគឺដូចជា « សំណុំនៃពន្លឺព្រះអាទិត្យខាងវិញ្ញាណ » ដែលព្រះវរបិតាសួគ៌ដាក់នៅតាមផ្លូវរបស់យើង « ដើម្បីបំភ្លឺផ្លូវ [ របស់យើង ] » ។១ ជួនកាលការអះអាងនោះគឺជាអ្វីៗទាំងអស់ដែលយើងត្រូវការ ដើម្បីខំព្យាយាមឆ្លងកាត់ការសាកល្បងរបស់យើង ដោយដឹងថា នឹងមានការដោះលែងនៅទីបំផុត ។
ស្វែងរកការអះអាង
ជីវិតគឺលំបាក ។ មានពេលវេលាទាំងឡាយ ពេលដែលយើងសង្ស័យ ពេលដែលយើងខ្វះទំនុកចិត្តលើខ្លួនយើង និង លើសមត្ថិភាពរបស់យើងក្នុងការយកជ័យជំនះលើមាសត្រូវ ពេលយើងបាត់បង់សេចក្ដីសង្ឃឹម ។ ជាញឹកញាប់ វាអាចមានអារម្មណ៍ដូចជាការសាកល្បងរបស់យើងមិនចេះចប់សោះ ។ ហើយទោះបីការអះអាងមួយចំនួនបានមកដោយពុំមានការខិតខំលើផ្នែករបស់អ្នកក្ដី ក៏ភាគច្រើនយើងត្រូវការស្វែងរកការអះអាងទាំងនោះ ដែលប្រាប់យើងថា នឹងមានការលើកលែងចេញពីការសាកល្បងរបស់យើង ។
ជាញឹកញាប់ ការអះអាងទាំងឡាយរបស់ព្រះអម្ចាស់បានមកតាមរយៈសំឡេងនៃពួកអ្នកបម្រើរបស់ទ្រង់ ៖ អ្នកដឹកនាំតាមតំបន់ គ្រូថ្នាក់សិក្ខាសាលា និង គ្រូសាលាថ្ងៃអាទិត្យ និង ជាពិសេសគឺពួកព្យាការី និង សាវករបស់ទ្រង់ ។ ខារ៉ូល អេហ្វ ម៉ាក់ខន់ឃី ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ បានរំឭកយើងថា « នៅក្នុងពាក្យសម្ដីរបស់ពួកអ្នកដឹកនាំ យើងឮសំឡេងនៃព្រះអម្ចាស់ ហើយយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់នៃព្រះអង្គសង្គ្រោះ » ។២
ការអះអាងទាំងនេះក៏មកតាមសំឡេងនៃព្រះវិញ្ញាណបរិសុទ្ធផងដែរ ពេលដែលយើងទូលទៅព្រះវរបិតាដោយស្មោះអស់ពីចិត្តតាមរយៈការអធិស្ឋានដ៏ក្លៀវក្លា ពេលយើងអាន និង ពិចារណាព្រះគម្ពីរ ពេលយើងចូលរួមក្នុងព្រះវិហារបរិសុទ្ធ ពេលយើងបម្រើអ្នកដទៃ និង ព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ។ និយាយឲ្យខ្លីទៅ ការអះអាងរបស់ព្រះអម្ចាស់មក នៅពេលយើង « រកទ្រង់អស់ពីចិត្ត [ របស់យើង ] ហើយអស់ពីព្រលឹង [ របស់យើង ] » ( ចោទិយកថា ៤:២៩ ) និង គោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ហេលេមិន និង ពលទ័ពរបស់លោកបានទទួលការអះអាងមួយ បន្ទាប់ពីមានការអធិស្ឋានដោយស្មោះអស់ពីចិត្តជាច្រើន យ៉ូសែប ស្ម៊ីធ បានទទួលការអះអាងមួយបន្ទាប់ពីបានអធិស្ឋាន និង សញ្ជឹងគិត ។ ក្នុងស្ថានភាពទាំងពីរ ព្រះអម្ចាស់បានសាកល្បងការអត់ធ្មត់ និង សេចក្ដីជំនឿរបស់ពួកគេ ពីមុនផ្ដល់ការអះអាងមួយ — ជាការរំឭកដ៏ល្អមួយថា អំឡុងពេលនៃការសាកល្បងទាំងឡាយ យើងគប្បីតោងជាប់នឹងសេចក្ដីជំនឿរបស់យើង ហើយអនុវត្តការអត់ធ្មត់ ។
ការរង់ចាំការអះអាង
ដូចនឹងការសាកល្បងនៃការអត់ធ្មត់ផ្សេងទៀតដែរ ការអះអាងរបស់ព្រះអម្ចាស់អាចនឹងមិនបានមកតាមរបៀប និង ពេលដែលយើងរំពឹងចង់បាននោះទេ ។ យើងអាចត្រូវការអធិស្ឋានដើម្បីមាន « ភ្នែកសម្រាប់មើល » ( អេសេគាល ១២:២ ) ព្រះហស្តនៃព្រះអម្ចាស់ និង ការអះអាងរបស់ទ្រង់នៅក្នុងជីវិតយើង ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីរបៀបដែលសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់អាចរួមបញ្ចូលទាំងការអះអាងទាំងនេះ ហើយលោកបានមានប្រសាសន៍ទៀតថា ការអះអាងទាំងនេះ « ពុំកើតឡើងព្រៀវៗ ឬ គ្រាន់តែដោយចៃដន្យនោះទេ ។ ភាពស្មោះត្រង់ និង ការគោរពប្រតិបត្តិ ជួយយើងឲ្យទទួលបាននូវអំណោយទានដ៏សំខាន់ទាំងនេះ ហើយជាញឹកញាប់ ពេលវេលារបស់ព្រះអម្ចាស់នឹងជួយយើងឲ្យស្គាល់អំណោយទានទាំងនោះ » ។៣
ជាញឹកញាប់ ការរង់ចាំដើម្បីបានការដោះលែង ឬ ការអះអាងមួយអំពីការដោះលែង ត្រូវការនូវភាពអត់ធ្មត់ច្រើនជាងដែលយើងគិតថាយើងមាន ។ យើងអាចនឹងត្រូវតែប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរ ពីមុនទទួលបានការធានាណាមួយនោះ ។ ដូចដែល អែលឌើរ ស្កត បានពន្យល់ថា « សំណុំនៃពន្លឺព្រះអាទិត្យខាងវិញ្ញាណ » ដែលព្រះអម្ចាស់ប្រទាន « ជាញឹកញាប់បានមក បន្ទាប់ពីការសាកល្បងបានក្លាយជាការសាកល្បងដ៏ធំមហិមាបំផុត ជាភស្ដុតាងនៃសេចក្ដីអាណិតស្រឡាញ់របស់ព្រះវរបិតាដែលត្រាស់ដឹងពីអ្វីៗគ្រប់យ៉ាង ។ ការសាកល្បងទាំងនោះតម្រង់ផ្លូវទៅកាន់សុភមង្គលដែលកាន់តែមហិមា ទៅកាន់ការយល់ដឹងកាន់តែច្រើន និង ពង្រឹងការប្ដេជ្ញាចិត្ត [ របស់យើង ] ឲ្យទទួលយក និង គោរពប្រតិបត្តិដល់ព្រះឆន្ទៈរបស់ទ្រង់ » ។៤ ពេលយើងបន្តស្មោះត្រង់ និង គោរពប្រតិបត្តិឆ្លងកាត់ការសាកល្បងរបស់យើង នោះការអះអាងរបស់ព្រះអម្ចាស់នឹងមកដើម្បីជួយយើងឲ្យបន្តធ្វើដូច្នោះ ។
ការអះអាងដ៏ធំបំផុតរបស់យើង
នៅទីបំផុត មិនថាយើងបានទទួលការអះអាងច្រើនប៉ុណ្ណាដែលថា ព្រះវរបិតាសួគ៌ទ្រង់ត្រាស់ដឹងពីយើង និង ស្ថានភាពរបស់យើងនោះទេ វានឹងមិនគ្រប់គ្រាន់ដើម្បីជួយយើងឲ្យស៊ូទ្រាំដល់ទីបំផុតឡើយ បើយើងមិនមានសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមក្នុងព្រះយេស៊ូវគ្រីស្ទនោះ ។ តាមរយៈដង្វាយធួនរបស់ទ្រង់ យើងអាចមានសេចក្ដីសង្ឃឹមទាំងស្រុងថា យើងនឹងត្រូវបានដោះលែងឲ្យរួចពីការសាកល្បងទាំងអស់របស់យើងនៅថ្ងៃមួយ ។ យើងក៏អាចដឹងផងដែរថា ព្រះអង្គសង្គ្រោះរបស់យើងទ្រង់គង់នៅទីនោះ យល់ចិត្តយើងឥតចន្លោះ ដ្បិតទ្រង់ « បានយាងចុះក្រោមគ្រប់ទាំងអស់ ដោយហេតុនោះទើបទ្រង់យល់គ្រប់ទាំងអស់ » ( គ. និង ស. ៨៨:៦ ) ។ ទ្រង់យល់ពីការសាកល្បង និង ទុក្ខព្រួយរបស់យើង ព្រោះទ្រង់ « រងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង … ដើម្បីទ្រង់អាចដឹង … តើត្រូវជួយរាស្ត្រទ្រង់បែបណា តាមជំងឺរបស់គេ » ( អាលម៉ា ៧:១១–១២ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ៖ « អ្វីដែលជាការអះអាងដ៏មហិមាបំផុតនៅក្នុងផែនការរបស់ព្រះគឺថា ព្រះបានសន្យាថានឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គ ជាព្រះអង្គប្រោសលោះ ដែលតាមរយៈសេចក្ដីជំនឿរបស់យើងនៅក្នុងទ្រង់ នោះទ្រង់នឹងលើកយើងឡើងដោយជោគជ័យ ឈ្នះទៅលើការសាកល្បង និង ការលំបាកទាំងនោះ ។ … វាជាការដឹងគុណចំពោះក្ដីស្រឡាញ់ដ៏ទេវភាពនេះតែមួយគត់ ដែលនឹងធ្វើឲ្យការរងទុក្ខតិចតួចរបស់យើង ដំបូង អាចទ្រាំទ្របាន រួចហើយអាចយល់ និង ចុងក្រោយអាចសង្គ្រោះបាន » ។៥ ការរៀនអំពីទ្រង់ និង ដង្វាយធួនរបស់ទ្រង់ គឺជាការអះអាងមួយអំពីវាផ្ទាល់ ។
អ្វីៗទាំងអស់នឹងបានស្រួល
ពេលយើងយល់ តាមស្វែងរក និង រង់ចាំដើម្បីបានការអះអាងពីព្រះអម្ចាស់ នោះការអះអាងទាំងនោះនឹងមកពិតមែន ។ យើងគប្បីចងចាំគ្រាដែលមិនអាចកាត់ថ្លៃបានទាំងនោះ សរសេរវាទុក និង គិតអំពីវាជាញឹកញាប់ ។ សំខាន់បំផុត យើងត្រូវទុកចិត្តលើការអះអាងទាំងនោះ ហើយជឿ ដូចជាហេលេមិន និង ពួកពលទ័ពរបស់លោក និង ព្យាការី យ៉ូសែប ជឿដែរ ថាព្រះអម្ចាស់នឹងបំពេញការសន្យាដែលទ្រង់បានសន្យាដល់យើង ។ ទ្រង់រំឭកយើងអំពីការសន្យាទាំងនោះតាមរយៈការអះអាងទាំងឡាយរបស់ទ្រង់ ហើយទោះបីជាការអះអាងទាំងនោះអាចនឹងពុំធ្វើឲ្យការសាកល្បងរបស់យើងចប់ទៅមែន ក៏យើងអាចដឹងថា ព្រះវរបិតាសួគ៌ទ្រង់គង់នៅទីនោះជាមួយយើង ដើម្បីគាំទ្រ និង ទ្រទ្រង់យើងឲ្យឆ្លងកាត់អ្វីៗគ្រប់យ៉ាង ។
បន្ទាប់ពីបទពិសោធន៍របស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃនោះ ការសាកល្បងរបស់ខ្ញុំមិនបានមានតិចជាងមុនទេ ។ ខ្ញុំពុំបានពិន្ទុល្អភ្លាមៗ ឬ មានលុយច្រើនជាងមុន ឬ មានការណាត់ជួបជាគូច្រើននោះទេ ។ ប៉ុន្តែ អ្វីដែលខ្ញុំមាន គឺការអះអាងដ៏ស្រទន់ថា ទោះខ្ញុំមានការសាកល្បងក្ដី ក៏ខ្ញុំមិនអីដែរ ពីព្រោះព្រះអម្ចាស់នៅតែមានព្រះបំណងរក្សាការសន្យារបស់ទ្រង់ដែលថានឹងដោះលែងខ្ញុំ ។ ជាមួយនឹងការអះអាងនោះ ខ្ញុំដឹងថា អ្វីៗទាំងអស់ នឹងបាន ស្រួល ។