២០១០
ផ្លូវរបស់​អ្នក​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ
ខែ តុលា ឆ្នាំ ២០១០


« ផ្លូវ​របស់​អ្នក​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ » លីអាហូណា ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៧២–៧៥

សម្រាប់​កុមារ

ផ្លូវរបស់​អ្នក​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ

តើ​អ្នក​ដឹង​ថា​ព្រះវិហារបរិសុទ្ធ​មួយ​ណា​ដែល​នៅ​ជិត​អ្នក​បំផុត​ទេ ? សូម​គូរ​រូបភាព​នៃ​ព្រះវិហារបរិសុទ្ធ​នោះ ហើយ​ព្យួរ​វា​នៅ​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​ជា​រៀង​រាល់​ថ្ងៃ ។

ព្រះវិហារបរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​គឺ​ជា​ទីកន្លែង​មួយ​ដែល​យើង​អាច​រៀនសូត្រ​អំពី​ព្រះវរបិតាសួគ៌ ចុះ​សេចក្ដីសញ្ញា ( ឬ​ការសន្យា ) ជា​មួយ​ទ្រង់ ហើយ​ទទួល​ពរជ័យ​ដ៏​មហិមា ។ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ យើង​ធ្វើ​កិច្ចការ​សំខាន់ៗ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​សមាជិក​គ្រួសារ​របស់​យើង​ដែល​បាន​ទទួល​មរណភាព​ទៅ ។ កិច្ចការ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ រួម​មាន ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន អំណោយទាន​ពិសិដ្ឋ និង​ពិធីផ្សារភ្ជាប់ ។ ពិធី​ទាំង​នេះ​ត្រូវ​បាន​ហៅ​ថា ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ

ពិធី​បុណ្យជ្រ​មុជទឹក​សម្រាប់​មរណជន

នៅ​ពេល​អ្នក​មាន​អាយុ​ប្រាំបី​ឆ្នាំ នោះ​អ្នក​អាច​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដូនតា​របស់​អ្នក​ជា​ច្រើន​បាន​ទទួល​មរណភាព​ដោយ​មិន​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ឡើយ ។ ទោះ​ជា រូបកាយ​របស់​ពួកគាត់​បាន​ស្លាប់​ទៅ​ហើយ​ក៏​ពិតមែន ប៉ុន្តែ​វិញ្ញាណ​របស់​គាត់​នៅ​រស់​ក្នុង​ពិភពវិញ្ញាណ ជា​ទីកន្លែង​ដែល​ពួកគាត់​អាច​ទទួល​ការបង្រៀន​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ពេល​អ្នក​មាន​អាយុ ១២ ឆ្នាំ អ្នក​អាច​ទៅ​ព្រះវិហារបរិសុទ្ធ ហើយ​ជួយ​ដល់ពួកគាត់​ទាំង​នេះ​ដោយ​ការទទួល​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស​ពួកគាត់ ។ បន្ទាប់​មក ពួក​គាត់​អាច​ជ្រើសរើស​ទទួល​យក ឬ​បដិសេធ​ចំពោះ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​នោះបាន ។ អ្នក​នឹង​ស្លៀកពាក់​ពណ៌​ស ទាំងអស់ នៅ​ពេល​អ្នក​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ដូច​ពេល​ដែល​អ្នក​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ខ្លួន​ឯង​ដែរ ។

សូម​ឲ្យ​ឪពុកម្ដាយ​របស់​អ្នក​ជួយ​អ្នក​ធ្វើ​បញ្ជី​ឈ្មោះ​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​មរណភាព​ទៅ​ដោយ​ពុំ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ស្វែងរក​ថា​តើ​មាន​នរណា​ម្នាក់​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ជូន​ពួក​គាត់​ហើយ​ឬ​នៅ ។

អំណោយទាន​ពិសិដ្ឋ

ពរជ័យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​អំណោយទាន​ពិសិដ្ឋ ។ អំណោយទាន​ពិសិដ្ឋ មាន​ន័យ​ថា​ជា « អំណោយ » ។ នៅ​ពេល​អ្នក​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក នោះ​អ្នក​នឹង​រៀនសូត្រ​បន្ថែម​ទៀត​ពី​ផែនការ​សង្រ្គោះ ហើយ​ចុះ​សេចក្ដីសញ្ញា​នឹង​ព្រះវរបិតាសួគ៌ ។ សេចក្ដី​សញ្ញា​ទាំងឡាយ​គឺ​ជា​សេចក្តីសន្យា ដែល​យើង​នឹង​ធ្វើ​ជា​មួយ​ព្រះវរបិតាសួគ៌ ។ នៅ​ពេល​អ្នក​រក្សា​សេចក្ដីសញ្ញា​ទាំង​នោះ នោះ​អ្នក​បាន​រៀបចំ​ខ្លួន​ទៅ​រស់នៅ​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ណា​មួយ ។

នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ គឺ​មាន​បន្ទប់​ដ៏​ស្រស់ស្អាត​មួយ ហើយ​ពោរពេញ​ដោយ​សេចក្ដីសុខសាន្ត មាន​ឈ្មោះ​ថា បន្ទប់​សេឡេស្ទាល ។ នៅ​ក្នុង​បន្ទប់​សេឡេស្ទាល​នោះ យើង​នឹង​ទទួល​អារម្មណ៍​ថា នៅ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ហើយ​យើង​នឹង​ទទួល​បាន​នូវអារម្មណ៍​នៃ​ផ្នែក​ដ៏​តូច​មួយ​នៃ​ទិដ្ឋភាព​រស់នៅ​ជាមួយ​នឹង​ទ្រង់​ទាំង​ទ្វេរ នៅ​ក្នុង​នគរសេឡេស្ទាល​ ។

ពិធីផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង​ដ៏​នៅ​អស់កល្បជានិច្ច

នៅ​ពេល​បុរស និង​ស្ត្រី​ម្នាក់​រៀបអាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​បាន​លុត​ជង្គង់​ចុះ​នៅ​មុខ​អាសនា​មួយ ហើយ​ត្រូវ​បាន​ផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង​ដ៏​នៅ​អស់កល្ប​អស់​កាល​ជា​និច្ច ។ នេះ​មាន​ន័យ​ថា​ពួកគេ និង​កូនចៅ​របស់​ពួកគេ​អាច​រួម​រស់​ជា​មួយ​គ្នា ជា​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច​មួយ ។ សូម​រៀបចំ​ផែនការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នា​ថ្ងៃ​ណា​មួយ ។ នេះ​គឺ​ជា​ពរជ័យ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ

ព្រះវិហារបរិសុទ្ធ គឺ​ជា​ទីកន្លែង​មួយ​ដ៏​បរិសុទ្ធ ។ ប៊ីស្សព និង​ប្រធាន​សាខា​ទាំងឡាយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ទាំងឡាយ​ណា​ដែល​ចូល​ទៅ​ព្រះវិហារបរិសុទ្ធ​បាន​រៀបចំ​ខ្លួន និង​មាន​ភាពស័ក្ដិសម ។ ពី​មុន​អ្នក​ទៅ​ព្រះវិហារបរិសុទ្ធ អ្នក​នឹង​មាន​ការសម្ភាសន៍​ពិសេស​មួយ​ជា​មួយ​នឹង​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ។ គាត់​នឹង​សួរ​ថា​តើ​អ្នក​មាន​ទីបន្ទាល់​ពី​សាសនាចក្រ, រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ, គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ, គោរព​ច្បាប់​គតិបណ្ឌិត, បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​មាន​ភាពស្មោះត្រង់​នៅ​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ និង​និយាយ​ដែល​ឬ​ទេ ។ គាត់​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​មាន​ភាពស័ក្ដិសម​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

សូម​រៀបចំ​ខ្លួន​ឥឡូវនេះ ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរជ័យ​ជា​ច្រើន​ដល់​អស់​អ្នក​ណា​ដែល​រស់នៅ​ដោយ​សុចរិត ហើយ​ទៅ​ព្រះវិហារបរិសុទ្ធ ។ វា​គឺ​ជា​ការសំខាន់​ដើម្បី​រៀបចំ​ខ្លួន​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ខណៈ​ដែល​អ្នក​នៅ​ក្មេង ។

ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​នឹង​អ្នក ហើយ​សព្វព្រះទ័យ​​ឲ្យ​អ្នក​ទទួល​បាន​នូវ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។ ទ្រង់​នឹង​ប្រទានពរដល់​អ្នក​ចំពោះ​ការធ្វើ​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​ខ្លួន​ឯង និង​អ្នកដទៃ ។ ទោះបី​ជា អ្នក​មិន​ទាន់​មាន​លទ្ធភាព​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ពេល​នេះ​ក្ដី អ្នកក៏​អាច​ទៅ​លេង​នៅ​បរិវេណ​ព្រះវិហារបរិសុទ្ធ ហើយ​ទទួល​អារម្មណ៍​នូវ​ព្រះវិញ្ញាណ​ដែល​មាន​នៅ​ទីនោះ​ដែរ ប្រសិន​បើ​មាន​ព្រះវិហារបរិសុទ្ធ​មួយ​នៅ​ជិត​ទីនោះ ។ អ្នក​ក៏​អាច​តាំង​រូបភាព​ព្រះវិហារបរិសុទ្ធ​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក ដើម្បី​រំឭក​អ្នក​ពី​សារៈសំខាន់​នៃ​ព្រះវិហារបរិសុទ្ធ​ផង​ដែរ ។ សូម​រស់នៅ​ដោយ​សុចរិត ដើម្បី​អ្នក​មាន​ភាពស័ក្ដិសម​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។

ក្រលេក​មើល​កញ្ចក់​នៅក្នុង​រូបភាពនេះ ។ បន្ទប់ផ្សារភ្ជាប់​មួយ​ចំនួន​មាន​កញ្ចក់​ដូចជា​កញ្ចក់​ក្នុង​រូបភាព​នេះ។ ដោយសារ​តែ​ការផ្សាភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នេះ នោះ​ក្រុមគ្រួសារ​របស់​យើង គឺ​ដូច​ជា​រូប​ឆ្លុះបញ្ជាំង​នៅ​ក្នុង​កញ្ចក់​នេះ គឺ​អាច​បន្ត​ជា​រៀងរហូត ។

មើល​បន្ទប់​សេឡេស្ទាល​នៅ​ក្នុង​រូបភាព​នេះ និង​រូបភាព​នៅ​ទំព័រ ៦៤ ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច នៅ​ពេល​អ្នក​ឃើញ​បន្ទប់​សេឡេស្ទាល ?

ព្រះវិហារបរិសុទ្ធ បូស្តុន ម៉ាស្សាឈុសេត ។ បាន​ឧទ្ទិសឆ្លង​នៅ​ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ២០០០ ។

បន្ទប់​ផ្សារភ្ជាប់​ព្រះវិហារបរិសុទ្ធ ​អាបា នីហ្សេរីយ៉ា ។

បន្ទប់​សេឡេស្ទាល ព្រះវិហារបរិសុទ្ធ​ នូគូ​អាឡូហ្វា តុងហ្គា ។