បើអ្នកនឹងចេះទទួលខុសត្រូវ
ចូរយើងបន្ដបោះជំហានទៅមុខ ដោយការរៀនអំពីកាតព្វកិច្ចរបស់យើង ធ្វើការសម្រេចចិត្តត្រឹមត្រូវ ធ្វើសកម្មភាពស្របតាមការសម្រេចចិត្តទាំងនោះ ហើយទទួលយកព្រះឆន្ទៈរបស់ព្រះបិតាយើង ។
ខ្ញុំមានអាយុ ១២ ឆ្នាំ ពេលអ្នកផ្សព្វផ្សាយសាសនា បានមកដល់ជាលើកដំបូង ដើម្បីផ្សាយនៅក្នុងទីក្រុង ដែលខ្ញុំកើត នៅ ប្រទេសឈីលី ភាគខាងជើង។ នៅថ្ងៃអាទិត្យមួយ បន្ទាប់ពីខ្ញុំបានចូលរួមក្នុងសាខាតូចមួយអស់រយៈពេលប្រាំមួយខែក្រោយមក អ្នកផ្សព្វផ្សាយសាសនាម្នាក់បានផ្ដល់នំប៉័ងដល់ខ្ញុំ នៅពេលដែលគាត់ចែកសាក្រាម៉ង់ ។ ខ្ញុំបានមើលទៅគាត់ ហើយនិយាយតិចៗថា « ខ្ញុំពុំអាចទទួលទេ » ។
គាត់តបថា « ហេតុអ្វីមិនបាន ? »
ខ្ញុំប្រាប់គាត់ថា « ដោយសារខ្ញុំពុំមែនជាសមាជិកក្នុងសាសនាចក្រទេ » ។១
អ្នកផ្សព្វផ្សាយសាសនាពុំជឿទេ ។ ភ្នែករបស់គាត់បានភ្លឺចិញ្ចែង ។ ខ្ញុំស្មានថា គាត់គិតថា « ប៉ុន្តែយុវជនម្នាក់នេះបានមកការប្រជុំរៀងរាល់ពេលហ្នឹង ! តើគាត់ពុំមែនជាសមាជិកសាសនាចក្រយ៉ាងម៉េចបាន ?
នៅថ្ងៃបន្ទាប់ អ្នកផ្សព្វផ្សាយសាសនា បានមកដល់ផ្ទះខ្ញុំ ហើយពួកគេបានធ្វើអ្វីៗគ្រប់យ៉ាង ដែលពួកគេអាច ដើម្បីបង្រៀនគ្រួសារខ្ញុំទាំងមូល ។ ប៉ុន្តែដោយសារគ្រួសារខ្ញុំពុំចាប់អារម្មណ៍ នោះខ្ញុំចូលរួមរាល់សប្ដាហ៍អស់រយៈពេលជាងប្រាំមួយខែ ដែលធ្វើឲ្យអ្នកផ្សព្វផ្សាយសាសនាមានទំនុកចិត្តល្មមគ្រប់គ្រាន់ដើម្បីបន្ដបង្រៀន ។ ទីបំផុត គ្រាដ៏អស្ចារ្យដែលខ្ញុំទន្ទឹងរង់ចាំបានមកដល់ ពេលពួកគាត់បានអញ្ជើញខ្ញុំឲ្យក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកផ្សព្វផ្សាយសាសនា បានពន្យល់ប្រាប់ខ្ញុំថា ដោយសារខ្ញុំនៅតូច ដូច្នេះខ្ញុំចាំបាច់ត្រូវសុំការអនុញ្ញាតពីឪពុកម្ដាយ ។ ខ្ញុំបានទៅជួបនឹងឪពុកខ្ញុំជាមួយអ្នកផ្សព្វផ្សាយសាសនា ដោយគិតថា គាត់នឹងឆ្លើយដោយក្ដីស្រឡាញ់ថា « កូនប្រុស ពេលកូនមានអាយុពេញច្បាប់ហើយ នោះកូននឹងអាចធ្វើការសម្រេចចិត្តខ្លួនឯង » ។
ខណៈដែលអ្នកផ្សព្វផ្សាយសាសនានិយាយនឹងគាត់ ខ្ញុំបានអធិស្ឋានដោយក្លៀវក្លាដើម្បីឲ្យគាត់ត្រូវបានបន្ទន់ដួងចិត្ត ដើម្បីគាត់នឹងផ្ដល់ការអនុញ្ញាតតាមការដែលខ្ញុំចង់បាន ។ ចម្លើយរបស់គាត់ចំពោះអ្នកផ្សព្វផ្សាយសាសនាមានដូចខាងក្រោម ៖ « អែលឌើរ កាលពីប្រាំមួយខែកន្លងទៅនេះ ខ្ញុំបានឃើញកូនប្រុសខ្ញុំ ចច បានក្រោកឡើងពីព្រលឹមរាល់ថ្ងៃអាទិត្យ ស្លៀកពាក់យ៉ាងស្អាត ហើយដើរទៅព្រះវិហារ ។ ខ្ញុំបានឃើញតែឥទ្ធិពលល្អដែលសាសនាចក្រមាននៅក្នុងជីវិតគាត់ » ។ រួចគាត់ថ្លែងមកខ្ញុំ ដោយបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនិយាយថា « កូនប្រុស បើកូននឹងចេះទទួលខុសត្រូវចំពោះការសម្រេចចិត្តនេះ នោះកូនទទួលបានការអនុញ្ញាតពីឪពុកដើម្បីទទួលបុណ្យជ្រមុជទឹកហើយ » ។ ខ្ញុំបានឱឪពុកខ្ញុំ ថើបគាត់ ហើយអរគុណចំពោះអ្វីដែលគាត់កំពុងតែធ្វើ ។ ថ្ងៃស្អែកឡើងខ្ញុំបានជ្រមុជទឹក ។ សប្ដាហ៍ក្រោយ គឺជាខួបទី ៤៧ ឆ្នាំ នៃគ្រាដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ ។
តើទំនួលខុសត្រូវអ្វីខ្លះ ដែលយើងមាន ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្ហាញដូចខាងក្រោម ៖ « យើងមានទំនួលខុសត្រូវដ៏ធំពីរ ។ … ទីមួយ ស្វែងរកសេចក្ដីសង្គ្រោះផ្ទាល់ខ្លួនរបស់យើង និងទីពីរ កាតព្វកិច្ចរបស់យើងចំពោះ បងប្អូនយើង » ។2
ទាំងនេះ គឺជាទំនួលខុសត្រូវចម្បង ដែលបិតាយើងបានចាត់ឲ្យយើង ៖ ស្វែងរកសេចក្ដីសង្គ្រោះសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដទៃ ដោយការយល់ដឹងថា នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ពាក្យសេចក្ដីសង្គ្រោះ មានន័យថា ការឈោងទៅដល់កម្រិតខ្ពស់បំផុតនៃសិរីល្អ ដែលព្រះបិតាយើង បានប្រទានដល់កូនចៅគោរពប្រតិបត្តិរបស់ទ្រង់ ។3 ទំនួលខុសត្រូវទាំងនេះ ដែលបានផ្ដល់ឲ្យយើង— ហើយដែលយើងបានទទួលដោយសេរី— នោះត្រូវតែកំណត់ន័យអំពីអាទិភាព បំណងប្រាថ្នា ការសម្រេចចិត្ត និងទង្វើប្រចាំថ្ងៃរបស់យើង ។
សម្រាប់មនុស្សដែលបានយល់គឺដឹងថា ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះភាពលើកតម្កើង គឺពិតជាអាចចាប់យកបាន តែបើពុំចាប់យកវាបានវិញនោះគឺស្មើនឹងការមានទោស ។ ដូច្នេះ ភាពផ្ទុយនឹងសេចក្ដីសង្គ្រោះ គឺការមានទោស ដូចជាពាក្យផ្ទុយនឹងជោគជ័យ គឺបរាជ័យដូច្នោះដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនយើងថា « មនុស្សពិតជាពុំអាចនឹងពេញចិត្តបានយូរ ជាមួយនឹងគុណភាពបង្គួរ កាលណាពួកគេមើលឃើញនូវភាពល្អឥតខ្ចោះ ស្ថិតនៅក្នុង ការឈោងចាប់បានរបស់ពួកគេនោះ » ៤ តើយើងអាចស្កប់ស្កល់នឹងអ្វីដែលខ្វះនូវការលើកតម្កើងរយៈពេលខ្លះយ៉ាងដូចម្ដេច បើយើងដឹងថាការលើកតម្កើងនោះគឺអាចទទួលបាននោះ ?
ខ្ញុំសូមចែកចាយគោលការណ៍គន្លឹះចំនួនបួន ដែលនឹងជួយយើងបំពេញបំណងប្រាថ្នារបស់យើង ដើម្បីឲ្យចេះទទួលខុសត្រូវចំពោះព្រះវរបិតាសួគ៌យើងនៅស្ថានសួគ៌ ក៏ដូចជាការឆ្លើយតបទៅនឹងការរំពឹងទុករបស់ទ្រង់ ដើម្បីឲ្យយើងប្រែក្លាយដូចជាទ្រង់នោះ ។
១. ការរៀនអំពីកាតព្វកិច្ចរបស់យើង
បើយើងត្រូវធ្វើតាមព្រះឆន្ទៈរបស់ព្រះ បើយើងត្រូវទទួលខុសត្រូវចំពោះទ្រង់ នោះយើងត្រូវចាប់ផ្ដើមដោយការរៀន ការយល់ ការទទួលយក និងការរស់នៅតាមព្រះទ័យរបស់ទ្រង់សម្រាប់យើង ។ ព្រះអម្ចាស់ បានមានបន្ទូលថា « ហេតុដូច្នេះហើយ នៅពេលឥឡូវនេះ ចូរឲ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឲ្យប្រតិបត្តិក្នុងតំណែងដែលខ្លួនត្រូវបានតាំងឡើង ដោយសេចក្ដីឧស្សាហ៍គ្រប់ជំពូក » ។៥ ការមានបំណងចង់ធ្វើនូវអ្វីដែលត្រឹមត្រូវ គឺពុំគ្រប់គ្រាន់ទេ បើយើងពុំប្រាកដថា យើងយល់នូវអ្វីដែលព្រះបិតាយើងរំពឹងចង់បានពីយើង ហើយចង់ឲ្យយើងធ្វើនោះ ។
នៅក្នុងរឿងរបស់ Alice in Wonderland អាលីស ពុំដឹងថាត្រូវទៅផ្លូវមួយណាទេ ដូច្នេះនាងបានសួរដល់ឆ្មា ឈ្មោះ ឆីសាយ « តើអ្នកប្រាប់ខ្ញុំបានទេថា តើខ្ញុំគួរទៅផ្លូវមួយណា ? »
ឆ្មាបានតបថា « នោះអាស្រ័យទៅលើកន្លែងដែលអ្នកចង់ទៅទេតើ » ។
អាលីស បាននិយាយថា « ខ្ញុំមិនខ្វល់ថាកន្លែងណាទេ » ។
រួចឆ្មាតបថា « ដូច្នោះវាមិនសំខាន់ថា អ្នកទៅផ្លូវមួយណាទេ » ។ ៧
ទោះជាយ៉ាងណាក៏ដោយ យើងដឹងផ្លូវដែលនាំទៅ « ដើមឈើ ដែលមានផ្លែ [ ដ៏គួរ ] ធ្វើឲ្យមនុស្សសប្បាយរីករាយ »៧—« ទ្វារដែលនាំទៅឯជីវិត »—គឺតូចចង្អៀត ។ វាតម្រូវឲ្យខិតខំដើរលើផ្លូវ ហើយ « ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះវិញ » ។៨
នីហ្វៃបានបង្រៀនយើងថា « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីៗទាំងអស់ ដែលអ្នកត្រូវធ្វើ » ។៩ បន្ទាប់មកលោកបានបន្ថែមថា « …ព្រះវិញ្ញាណបរិសុទ្ធ នឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។១០ ដូច្នេះ ប្រភពដែលអនុញ្ញាតឲ្យយើងរៀនពីកាតព្វកិច្ចរបស់យើង គឺព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលយើងទទួលតាមរយៈពួកព្យាការីពីបុរាណ និងពួកព្យាការីបច្ចុប្បន្ន និងវិវរណៈផ្ទាល់ខ្លួន ដែលយើងទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
២. ការធ្វើការសម្រេចចិត្ត
មិនថាយើងបានរៀនអំពីការស្ដារឡើងវិញនៃដំណឹងល្អឬអត់នោះទេ ក៏មានបទបញ្ញតិ្តជាក់លាក់មួយ ដែលមានជាប់នូវកាតព្វកិច្ចជាមួយនឹងការបម្រើក្នុងការហៅបម្រើមួយ ឬសេចក្ដីសញ្ញាដែលយើងបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ដែលយើងត្រូវជ្រើសរើសផងដែរ ថាតើត្រូវធ្វើ ឬមិនត្រូវធ្វើ ស្របតាមចំណេះដឹងថ្មីនោះក្ដី ។ មនុស្សម្នាក់ៗជ្រើសរើសដោយសេរីសម្រាប់ខ្លួនគាត់ ដើម្បីចូលទៅក្នុងសេចក្ដីសញ្ញាពិសិដ្ឋមួយ ដូចជាពិធីបុណ្យជ្រមុជទឹក ឬពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ ដោយសារតែការធ្វើសម្បថគឺជាផ្នែកធម្មតានៅក្នុងជីវិតសាសនានៃទំនៀមទំលាប់បុរាណ នោះច្បាប់ចាស់បានចែងថា « អ្នកមិនត្រូវស្បថបំពានដោយនូវឈ្មោះយើងទេ » ។11 ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលដ៏ត្រឹមត្រូវ ព្រះអង្គសង្គ្រោះបានបង្រៀនអំពីរបៀបកាន់តែខ្ពស់ជាង ក្នុងការរក្សាការតាំងចិត្តរបស់យើង ពេលទ្រង់មានបន្ទូលថា មែន មានន័យថា មែន ហើយ ទេ មានន័យថា ទេ ។12 ពាក្យសម្ដីរបស់មនុស្សម្នាក់ គួរតែគ្រប់គ្រាន់ដើម្បីស្ថាបនាភាពពិតយ៉ាងពេញលេញរបស់គាត់ ឬនាង និងការតាំងចិត្តចំពោះនរណាម្នាក់ទៀត --និងជាច្រើនទៀត នៅពេលមនុស្សម្នាក់ទៀតនោះ គឺជាព្រះវរបិតាសួគ៌របស់យើង ។ ការគោរពដល់ការតាំងចិត្តមួយ ក្លាយជាការបង្ហាញឲ្យឃើញពីភាពពិតពោរពេញ និងភាពស្មោះត្រង់នៃពាក្យសម្ដីរបស់យើង ។
៣. ការធ្វើតាមដូច្នោះ
បន្ទាប់ពីយើងរៀននូវកាតព្វកិច្ចរបស់យើង ហើយធ្វើការសម្រេចចិត្ត ដែលទាក់ទងនឹងការរៀនសូត្រ និងការយល់ដឹងនោះ នោះយើងត្រូវធ្វើតាមដូច្នោះ ។
គំរូដ៏មានអានុភាពមួយនៃការតាំងចិត្តដ៏មុតមាំ ដើម្បីបំពេញតាមការតាំងចិត្តរបស់ទ្រង់ជាមួយព្រះបិតាទ្រង់ កើតចេញមកពីបទពិសោធន៍របស់ព្រះអង្គសង្គ្រោះ ពេលមានបុរសម្នាក់ដែលមានជម្ងឺស្លាប់ដៃជើង ត្រូវបាននាំមកទ្រង់ ដើម្បីបានជាសះស្បើយ ។ « ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ » ។13 យើងដឹងថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺសំខាន់ចំពោះការទទួលការអភ័យទោសចំពោះ អំពើបាបរបស់យើង ប៉ុន្តែអំឡុងពេលដែលការព្យាបាលបុរសស្លាប់ដៃជើង ថាព្រឹត្តការណ៍ដ៏សំខាន់នោះ មិនទាន់បានកើតឡើងនៅឡើយទេ ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគេតសេម៉ានី និងការឆ្កាងពុំទាន់បានកើតឡើងនៅឡើយទេ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវ ពុំគ្រាន់តែប្រទានពរដល់បុរសដែលស្លាប់ដៃជើង អាចមានសមត្ថភាពនឹងក្រោកឈ និងដើរបានប៉ុណ្ណោះទេ តែទ្រង់ក៏បានប្រទានការអភ័យទោសដល់អំពើបាបរបស់គាត់នោះផងដែរ ដូច្នេះបានផ្ដល់នូវទីសម្គាល់ដែលពុំអាចបដិសេធបានថា ទ្រង់ពុំបានបរាជ័យទេ ទ្រង់នឹងបំពេញនូវការតាំងចិត្ត ដែលបានធ្វើជាមួយនឹងព្រះវរបិតាទ្រង់ ដែលនៅក្នុងសួនច្បារគេតសេម៉ានី និងនៅលើឈើឆ្កាង ទ្រង់នឹងធ្វើនូវអ្វីដែលទ្រង់បានសន្យាថានឹងធ្វើ ។
ផ្លូវដែលយើងជ្រើសរើសដើរ គឺតូចចង្អៀត ។ នៅតាមផ្លូវ គឺមានឧបសគ្គ ដែលនឹងតម្រូវឲ្យយើងមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយខំប្រឹងប្រែងខ្លាំងបំផុត ដើម្បីស្ថិតនៅលើផ្លូវរបស់យើង និងដើរឆ្ពោះទៅមុខ ។ យើងត្រូវតែប្រែចិត្ត ហើយគោរពប្រតិបត្តិ និងអត់ធ្មត់ ទោះជាយើងពុំយល់នូវរាល់ស្ថានភាព ដែលកើតមានជុំវិញយើងក្ដី ។ យើងត្រូវអភ័យទោសដល់អ្នកដទៃ ហើយរស់នៅស្របតាមអ្វីដែលយើងបានរៀន និងស្របតាមការជ្រើសរើស ដែលយើងបានធ្វើ ។
៤. មានឆន្ទៈទទួលយកព្រះហឬទ័យរបស់ព្រះបិតា
ភាពជាសិស្ស តម្រូវឲ្យយើងពុំគ្រាន់តែរៀនអំពីកាតព្វកិច្ចរបស់យើង ធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយធ្វើសកម្មភាពស្របតាមអ្វីទាំងអស់នោះប៉ុណ្ណោះទេ ប៉ុន្តែវាសំខាន់ផងដែរ ក្នុងការអភិវឌ្ឍន៍នូវឆន្ទៈរបស់យើង និងលទ្ធភាពដើម្បីទទួលយកព្រះឆន្ទៈរបស់ព្រះ ទោះបីជាវាពុំត្រូវតាមបំណងប្រាថ្នា ឬចំណូលចិត្តសុចរិតរបស់យើងក្ដី ។
ខ្ញុំស្ងើច និងសរសើរចំពោះអាកប្បកិរិយារបស់បុរសឃ្លង់ដែលមករកព្រះអម្ចាស់ « មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន » ។14 មនុស្សឃ្លង់ ពុំចង់បានអ្វីទេ ទោះជាបំណងរបស់គាត់អាចជាបំណងសុចរិតក្ដី ក៏គាត់យល់ព្រមទទួលយកព្រះឆន្ទៈរបស់ព្រះអម្ចាស់ដោយសាមញ្ញផងដែរ ។
កាលពីជាច្រើនឆ្នាំកន្លងទៅ មានគូស្វាមីភរិយាស្មោះត្រង់មួយគូ ដែលជាមិត្តរបស់ខ្ញុំ បានមានកូនប្រុសម្នាក់ ដែលពួកគាត់បានអធិស្ឋានសុំអស់ពេលជាយូរមក ។ គេហដ្ឋាននោះពោរពេញដោយក្ដីអំណរ ខណៈដែលមិត្តយើង និងកូនស្រីរបស់ពួកគេ ដែលជាកូនតែម្នាក់ផ្សេងនាពេលនោះ បានរីករាយនឹងការមកដល់នៃកូនប្រុសតូចថ្មីនេះ ។ ទោះជាយ៉ាងណាក៏ដោយ មានថ្ងៃមួយ មានអ្វីមួយដែលពុំរំពឹងទុកជាមុនបានកើតឡើង កូនប្រុសតូចនោះ ដែលមានអាយុប្រហែលជាបីឆ្នាំ ត្រូវភ្លឹកស្មារតីមួយរំពេច ។ ពេលដែលខ្ញុំដឹងពីស្ថានភាពនោះ ខ្ញុំបានទូរសព្ទទៅមិត្តខ្ញុំដើម្បីសម្ដែងនូវការគាំទ្ររបស់យើងក្នុងគ្រាលំបាកនោះ ។ ប៉ុន្តែការឆ្លើយតបរបស់គាត់ គឺជាមេរៀនមួយសម្រាប់ខ្ញុំ ។ គាត់មានប្រសាសន៍ថា « បើវាជាព្រះឆន្ទៈរបស់ព្រះបិតា ថានឹងយកកូនតូចនេះទៅទ្រង់វិញ នោះវាមិនអីទេចំពោះយើង » ។ ពាក្យពេចន៍របស់មិត្តខ្ញុំ ពុំមាននូវការរអូរទាំ ការបះបោរ ឬការមិនចេះសូម្បីតែបន្ដិចឡើយ ។ ផ្ទុយទៅវិញ ខ្ញុំអាចដឹងតាមពាក្យសម្ដីរបស់គាត់ នូវការដឹងគុណចំពោះព្រះក្នុង ការអនុញ្ញាតឲ្យពួកគេរីករាយនឹងកូនតូចនោះ សម្រាប់មួយរយៈពេលខ្លី ខ្ញុំក៏ដឹងពីឆន្ទៈរបស់គាត់ក្នុងការទទួលយកព្រះឆន្ទៈរបស់ព្រះបិតាចំពោះពួកគេទាំងស្រុងផងដែរ ។ ប៉ុន្មានថ្ងៃក្រោយមក កូនតូចនោះត្រូវបាននាំទៅវិមានសេឡេស្ទាលវិញ ។
ចូរយើងបន្ដបោះជំហានទៅមុខ ដោយការរៀនអំពីកាតព្វកិច្ចរបស់យើង ធ្វើការសម្រេចចិត្តត្រឹមត្រូវ ធ្វើសកម្មភាពស្របតាមការសម្រេចចិត្តទាំងនោះ ហើយទទួលយកព្រះឆន្ទៈរបស់ព្រះបិតាយើង ។
ខ្ញុំមានការដឹងគុណ និងរីករាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដែលព្រះបិតាខ្ញុំ បានទុកឲ្យខ្ញុំធ្វើអស់រយៈពេល ៤៧ ឆ្នាំកន្លងទៅ ។ ទីបំផុត ខ្ញុំបានយល់ថា ស្ថានភាពដែលទ្រង់ប្រទានដល់ខ្ញុំ--ទទួលខុសត្រូវចំពោះការសម្រេចចិត្តនោះ-- មានន័យថា មានទំនួលខុសត្រូវចំពោះព្រះបិតាសួគ៌របស់ខ្ញុំ ហើយស្វែងរកសេចក្ដីសង្គ្រោះផ្ទាល់ខ្លួនខ្ញុំ និងបងប្អូនខ្ញុំ ដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះបិតាខ្ញុំ រំពឹង និងចង់ឲ្យខ្ញុំប្រែក្លាយ ។ នៅថ្ងៃពិសេសនេះ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជាព្រះវរបិតារបស់យើង និងព្រះរាជបុត្រាសំណប់របស់ទ្រង់ មានព្រះជន្មរស់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។