ការបង្រៀនកូនចៅរបស់យើងឲ្យយល់
ការបង្រៀនកូនរបស់យើងឲ្យយល់គឺមានន័យច្រើនជាងគ្រាន់តែចែកចាយព័ត៌មាន ។ វាកំពុងជួយដល់កូនរបស់យើងឲ្យទទួលគោលលទ្ធិដាក់ក្នុងចិត្តពួកគ ។
ច្រើនឆ្នាំបានកន្លងផុតទៅ រឿងលម្អិតជាច្រើនក្នុងជីវិតខ្ញុំកាន់តែព្រិលទៅៗ ប៉ុន្តែការចងចាំមួយចំនួនដែលនៅតែចាំយ៉ាងច្បាស់ គឺជាពេលកូនម្នាក់ៗរបស់យើងចាប់កំណើត ។ ស្ថានសួគ៌ហាក់ដូចជានៅជិត ហើយបើខ្ញុំព្យាយាម ខ្ញុំអាចមានអារម្មណ៍នោះស្ទើរតែដូចគ្នា ជាអារម្មណ៍នៃគារវភាព និងអស្ចារ្យ ដែលខ្ញុំបានមាន រាល់ពេលដែលកូន ដ៏មានតម្លៃម្នាក់ៗត្រូវបានដាក់នៅក្នុងដៃខ្ញុំ ។
«កូនចៅជាមរតកមកពីព្រះអម្ចាស់» (ទំនុកតម្កើង 127:3)។ ទ្រង់ស្គាល់ និងស្រឡាញ់កូនម្នាក់ៗ ដោយក្ដីស្រឡាញ់ដ៏ឥតខ្ចោះ (សូមមើល មរ៉ូណៃ 8:17) ។ ឱ នេះជាភារៈដ៏ពិសិដ្ឋមួយ ដែលព្រះវរបិតាសួគ៌ប្រគល់មកឲ្យយើងក្នុងនាមជាបិតាមាតាដើម្បីធ្វើជាដៃគូនឹងទ្រង់ក្នុងការជួយវិញ្ញាណដ៏ជម្រើសទាំងឡាយរបស់ទ្រង់ឲ្យប្រែក្លាយជាអ្វីដែលទ្រង់ដឹងថាពួកគេអាចប្រែក្លាយ ។
ឯកសិទ្ធិដ៏ទេវភាពដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់យើងនេះ គឺជាការទទួលខុសត្រូវដ៏ធំហួសពីយើងអាចធ្វើតែម្នាក់ឯងដោយគ្មានជំនួយពីព្រះអម្ចាស់ ។ ទ្រង់ស្គាល់យ៉ាងច្បាស់នូវអ្វីដែលកូនៗយើងចាំបាច់ត្រូវស្គាល់, អ្វីដែលពួកគេចាំបាច់ត្រូវធ្វើ និងអ្វីដែលពួកគេចាំបាច់ត្រូវប្រែក្លាយ ដើម្បីត្រឡប់មកទីវត្តមានរបស់ទ្រង់វិញ ។ ទ្រង់ប្រទានដល់ម្ដាយ និងឪពុកទំាងឡាយនូវការណែនាំ និងការដឹកនាំជាក់លាក់ តាមរយៈព្រះគម្ពីរ, ព្យាការីរបស់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ ។
នៅក្នុងវិវរណៈថ្ងៃចុងក្រោយតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បង្រៀនឪពុកម្ដាយឲ្យបង្រៀនកូនៗរបស់ពួកគេឲ្យ យល់ គោលលទ្ធិអំពីការប្រែចិត្ត, សេចក្តីជំនឿជឿព្រះគ្រីស្ទ, បុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមកត់សម្គាល់ថា ព្រះអម្ចាស់ពុំគ្រាន់តែមានបន្ទូលថាយើងត្រូវ «បង្រៀនគោលលទ្ធិ» នោះទេ ការបង្រៀនរបស់ទ្រង់ គឺត្រូវបង្រៀនដល់កូនៗយើងឲ្យ «យល់ គោលលទ្ធិ» (សូមមើល គ. និងស. 68:25, 28 គូសបញ្ជាក់បន្ថែម) ។
នៅក្នុងទំនុកតម្កើង យើងអានថា «សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ ហើយទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង» (ទំនុកតម្កើង 119:34) ។
ការបង្រៀនកូនរបស់យើងឲ្យយល់គឺមានន័យច្រើនជាងគ្រាន់តែចែកចាយព័ត៌មាន ។ វាកំពុងជួយដល់កូនរបស់យើងឲ្យទទួលគោលលទ្ធិដាក់ក្នុងចិត្តពួកគេក្នុងរបៀបមួយដែលវាក្លាយទៅជាចំណែកមួយនៃខ្លួនពួកគេ ហើយវាបង្ហាញនៅក្នុងអាកប្បកិរិយា និងអត្តចរិតរបស់ពួកគេពេញមួយជីវិត ។
នីហ្វៃបានបង្រៀនថាតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីនាំសេចក្ដីពិត «ចូលទៅក្នុងចិត្តនៃកូនចៅមនុស្ស» (នីហ្វៃទី 2 33:1) ។ តួនាទីយើងជាឪពុកម្ដាយគឺធ្វើនូវអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ដើម្បីបង្កើតបរិយាកាសមួយ ដែលកូនៗយើងអាចទទួលអារម្មណ៍នៃឥទ្ធិពលពីព្រះវិញ្ញាណ រួចហើយជួយពួកគេឲ្យស្គាល់អារម្មណ៍ដែលពួកគេមាន ។
ខ្ញុំនឹកចាំការទូរស័ព្ទ ដែលខ្ញុំបានទទួលកាលពីជាច្រើនឆ្នាំមុន មកពីកូនស្រីរបស់ខ្ញុំ ម៉ៃឃល ។ ដោយអារម្មណ៍ទន់ភ្លន់នាងបាននិយាយថា «ម៉ាក់ ខ្ញុំទើបមានបទពិសោធន៍ដ៏អស្ចារ្យបំផុតមួយជាមួយ អាស្លី» ។ អាស្លី ជាកូនស្រីរបស់នាង ពេលនោះមានអាយុ ប្រាំឆ្នាំ ។ ម៉ៃឃល បានរៀបរាប់ពីព្រឹក ដែលកើតមានជម្លោះរវាង អាស្លី និងប្អូនប្រុសនាង អាន់ទ្រូ អាយុបីឆ្នាំ ដូចសព្វដងថា-- ម្នាក់មិនចង់ចែករំលែក ហើយម្នាក់ទៀតនឹងត្រូវវាយ ។ បន្ទាប់ពីជួយពួកគេដោះស្រាយបញ្ហា ម៉ៃឃល បានចេញទៅមើលកូនតូច ។
មិនយូរប៉ុន្មាន អាស្លី បានរត់ចូលមក ដោយខឹងថា អាន់ទ្រូ ពុំចេះចែករំលែក ។ ម៉ៃឃល បានរំឭក អាស្លី អំពីការតាំងចិត្តដែលពួកគេបានធ្វើនៅរាត្រីជួបជុំក្រុមគ្រួសារថាត្រូវមានចិត្តល្អចំពោះគ្នាឲ្យបានច្រើន ។
គាត់បានសួរ អាស្លី បើនាងចង់អធិស្ឋាន ហើយសុំជំនួយពីព្រះវរបិតាសួគ៌ ប៉ុន្តែ អាស្លី នៅខឹងខ្លាំងណាស់ បានឆ្លើយថា «ទេ» ។ ហើយនៅពេលសួរនាងថាតើនាងជឿថាព្រះវរបិតាសួគ៌នឹងឆ្លើយការអធិស្ឋានរបស់នាងឬទេ អាស្លី បាននិយាយថានាងមិនដឹងទេ ។ ម្ដាយនាងបានសុំនាងឲ្យសាកល្បងម ហើយបានដឹកនាំនាងដោយទន់ភ្លន់រួចលុតជង្គង់ចុះជាមួយនាង ។
ម៉ៃឃល ឲ្យយោបល់ថា អាស្លី អាចសុំឲ្យព្រះវរបិតាសួគ៌ជួយដល់ អាន់ទ្រូ ឲ្យចេះចែករំលែក-- ហើយជួយឲ្យនាងមានចិត្តល្អ ។ គំនិតអំពីការសុំឲ្យព្រះវរបិតាសួគ៌ជួយដល់ប្អូនតូចរបស់នាង បានធ្វើឲ្យ អាស្លី ចាប់អារម្មណ៍ ហើយនាងបានចាប់ផ្ដើមអធិស្ឋាន ដំបូងឡើយសុំឲ្យព្រះវរបិតាសួគ៌ជួយដល់ អាន់ទ្រូ ចេះចែករំលែក ។ នៅពេលនាងសុំឲ្យទ្រង់ជួយនាងមានចិត្តល្អនាងចាប់ផ្ដើមយំ ។ អាស្លី បានបញ្ចប់ការអធិស្ឋានហើយបានឱនក្បាលមកផ្ទប់នឹងស្មារបស់ម្ដាយនាង ។ ម៉ៃឃល បានឱបនាង ហើយសួរថាហេតុអ្វីបានជានាងយំ ។ អាស្លី បាននិយាយថានាងមិនដឹងទេ ។
ម្ដាយនាងបាននិយាយថា «ម៉ាក់គិតថា ម៉ាក់ដឹងថា ហេតុអ្វីបានជាកូនយំហើយ ។ តើកូនមានអារម្មណ៍ល្អនៅក្នុងចិត្តទេ?» អាស្លី បានងក់ក្បាល ហើយម្ដាយនាងបន្តទៀតថា «នេះគឺជាព្រះវិញ្ញាណដែលកំពុងជួយកូនឲ្យមានអារម្មណ៍របៀបនេះ ។ វាគឺជារបៀបរបស់ព្រះវរបិតាសួគ៌ ប្រាប់ដល់កូនថា ទ្រង់ស្រឡាញ់កូន ហើយនឹងជួយដល់កូន» ។
នាងបានសួរ អាស្លី ថាតើកូនជឿរឿងនេះទេ តើកូនជឿថាព្រះវរបិតាសួគ៌អាចជួយកូនទេ ។ អាស្លី បាននិយាយទាំងទឹកភ្នែកក្នុងរង្វង់កែវភ្នែកតូចៗរបស់នាងថា នាងជឿ ។
ពេលខ្លះរបៀបដ៏មានអនុភាពបំផុតដើម្បីបង្រៀនកូនៗរបស់យើងឲ្យយល់គោលលទ្ធិមួយ គឺត្រូវបង្រៀនអំពីស្ថានភាពដែលពួកគេកំពុងជួបប្រទះក្នុងពេលនោះភ្លាមៗ ។ គ្រាទាំងនោះ កើតឡើងឯកឯង និងពុំបានរៀបចំទុក ហើយកើតឡើងក្នុងសកម្មភាពធម្មតាក្នុងជីវិតគ្រួសារ ។ វាកើតឡើង និងបាត់ទៅវិញភ្លាមៗ ដូច្នេះយើងចាំបាច់ត្រូវរវាសរវៃ ហើយស្គាល់ពេលបង្រៀន, នៅពេលកូនៗយើងមករកយើងដោយមានសំណួរ ឬការបារម្ភ, នៅពេលពួកគេមានបញ្ហាមិនត្រូវគ្នាជាមួយនឹងបងប្អូន ឬមិត្តភក្តិ,ពេលពួកគេត្រូវការទប់កំហឹង, ពេលពួកគេមានកំហុស ឬនៅពេលពួកគេត្រូវការធ្វើការសម្រេចចិត្តអ្វីមួយ ។ (សូមមើល Teaching, No Greater Call: A Resource Guide for Gospel Teaching [ ឆ្នាំ 1999], 140; Marriage and Family Relations Instructor’s Manual [ឆ្នាំ 2000], 61) ។
បើសិនជាយើងត្រៀមខ្លួន ហើយទុកឲ្យព្រះវិញ្ញាណដឹកនាំនៅក្នុងស្ថានភាពទាំងនេះ នោះកូនៗរបស់យើង នឹងទទួលការបង្រៀនដោយឥទ្ធិពល និងការយល់ដឹងកាន់តែខ្លាំង ។
នៅពេលយើងរៀបផែនការដោយចេះគិតគូរក្នុងឱកាសទៀងទាត់ ដូចជាការអធិស្ឋានជាគ្រួសារ, ការសិក្សាព្រះគម្ពីរជាគ្រួសារ, រាត្រីជួបជុំក្រុមគ្រួសារ និងសកម្មភាពគ្រួសារដទៃទៀត គឺវាមានសារៈសំខាន់ដូចជាឱកាសនៃការបង្រៀនផងដែរ ។
ក្នុងគ្រប់ស្ថានភាពនៃការបង្រៀនទាំងអស់ ការរៀនសូត្រ និងការយល់ដឹងទាំងអស់ ត្រូវបានចិញ្ចឹមបីបាច់ដ៏ល្អបំផុតនៅក្នុងបរិយាកាសនៃភាពកក់ក្ដៅ និងក្ដីស្រឡាញ់ ដែលព្រះវិញ្ញាណមានវត្តមាន ។
ប្រហែលជាពីរខែមុនពេលកូនៗរបស់គាត់មានអាយុ 8 ឆ្នាំ ឪពុកម្នាក់នឹងញែកពេលរាល់សប្តាហ៍ដើម្បីរៀបចំកូនៗសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ កូនស្រីរបស់គាត់ បាននិយាយថា នៅពេលដល់វេណរបស់នាង គាត់បានឲ្យសៀវភៅកំណត់ហេតុមួយដល់នាង ហើយពួកគាត់បានអង្គុយចុះជាមួយគ្នា តែពីរនាក់ ពិភាក្សា និងចែកចាយអារម្មណ៍អំពីគោលការណ៍ដំណឹងល្អ ។ នាងបានគូររូបភាពមួយ នៅពេលពួកគេពិភាក្សា ។ វាបង្ហាញអំពីជីវិតមុនឆាកជីវិតនេះ, ជីវិតលើផែនដីនេះ និងជំហាននីមួយៗ ដែលនាងត្រូវដើរដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌វិញ ។ គាត់បានថ្លែងទីបន្ទាល់របស់គាត់ អំពីជំហាននីមួយៗក្នុងផែនការនៃសេចក្ដីសង្គ្រោះ នៅពេលគាត់បង្រៀនដល់នាង ។
ពេលកូនស្រីរបស់គាត់រំឭកអំពីបទពិសោធន៍នេះពេលនាងធំឡើង នាងបាននិយាយថា «ខ្ញុំនឹងមិនភ្លេចនូវក្ដីស្រឡាញ់ ដែលខ្ញុំបានទទួលមកពីឪពុកខ្ញុំ នៅពេលគាត់បានចំណាយពេលនោះជាមួយខ្ញុំទេ … ។ ខ្ញុំជឿថា បទពិសោធន៍នេះជាមូលហេតុដ៏ធំមួយ ដែលខ្ញុំមានទីបន្ទាល់អំពីដំណឹងល្អ នៅពេលខ្ញុំបានទទួលបុណ្យជ្រមុជទឹក» (សូមមើល Teaching, No Greater Call, 129) ។
ការបង្រៀនដើម្បីឲ្យបានយល់ ត្រូវការនូវការតាំងចិត្ត និង ការខិតខំឲ្យខ្ជាប់ខ្ជួន ។ វាតម្រូវឲ្យមាននូវការបង្រៀនដោយសិក្ខាបទ និងដោយគំរូ ហើយជាពិសេស ដោយការជួយឲ្យកូនៗរស់នៅតាមអ្វីដែលពួកគេរៀន ។
ប្រធាន ហារ៉ូល ប៊ី លី បានបង្រៀនថា « ការពុំធ្លាប់មានបទពិសោធន៍អនុវត្តគោលការណ៍ដំណឹងល្អ វា… កាន់តែមានការលំបាកក្នុងការជឿទៅលើគោលការណ៍នោះ» (Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ 2000], 121) ។
ពីដំបូង ខ្ញុំបានរៀនអធិស្ឋានដោយការលុតជង្គង់ចុះជាមួយគ្រួសាររបស់ខ្ញុំនៅក្នុងការអធិស្ឋានជាគ្រួសារ ។ ខ្ញុំត្រូវបានបង្រៀនភាសានៃការអធិស្ឋាន នៅពេលខ្ញុំស្ដាប់ឪពុកម្ដាយរបស់ខ្ញុំអធិស្ឋាន និងនៅពេលពួកគេបានជួយខ្ញុំនិយាយការអធិស្ឋានដំបូងរបស់ខ្ញុំ ។ ខ្ញុំដឹងថាខ្ញុំអាចនិយាយទៅកាន់ព្រះវរបិតាសួគ៌ ហើយសុំនូវការដឹកនាំ ។
ម្ដាយ និងឪពុករបស់ខ្ញុំ បានប្រមូលយើងមកជុំគ្នានៅតុអាហារកន្លែងចង្ក្រានបាយ មុនពេលអាហារពេលព្រឹក ហើយយើងបានលុតជង្គង់អធិស្ឋានជាគ្រួសារ ជារៀងរាល់ព្រឹក ពុំដែលអាក់ខានឡើយ។ យើងបានអធិស្ឋានរាល់ពេលបរិភោគអាហារ ។ នៅពេលល្ងាចមុនពេលចូលគេង យើងបានលុតជង្គង់ជាមួយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយបញ្ចប់ថ្ងៃនោះដោយការអធិស្ឋានជាគ្រួសារ ។
ទោះជាកាលពីក្មេង ខ្ញុំពុំបានយល់ច្រើនអំពីការអធិស្ឋានក្ដី វាបានក្លាយជាចំណែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាស្ថិតនៅជាប់នឹងខ្ញុំ ។ ខ្ញុំនៅតែបន្ដរៀន ហើយការយល់ដឹងរបស់ខ្ញុំអំពីអំណាចនៃការអធិស្ឋាន នៅតែបន្ដរីកចម្រើន ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានមានប្រសាសន៍ថា «យើងទាំងអស់គ្នាយល់ថា ជោគជ័យនៃសារលិខិតដំណឹងល្អ អាស្រ័យទៅលើការបង្រៀន និងការយល់ បន្ទាប់មករស់នៅតាមរបៀបមួយ ដែលការសន្យាដំណឹងល្អ អំពីសុភមង្គល និងសេចក្ដីសង្គ្រោះ អាចបានជោគជ័យ» ។ («Teaching and Learning in the Church» [ការប្រជុំបំពាក់បំប៉នថ្នាក់ដឹកនាំទូទាំងពិភពលោក, ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ 2007], Liahona, ខែ មិថុនា ឆ្នាំ 2007, 57; Ensign, ខែ មិថុនា ឆ្នាំ 2007, 89) ។
ការរៀនយល់ឲ្យបានពេញលេញអំពីគោលលទ្ធិ នៃដំណឹងល្អ គឺជាដំណើរការមួយពេញមួយជីវិត ហើយវាកើតមាន «មួយបន្ទាត់ម្ដងៗ, មួយសិក្ខាបទម្ដងៗ ឯណេះបន្ដិច ឯណោះបន្ដិច» (នីហ្វៃទី 2 28:30) ។ នៅពេលកូនៗរៀន និងអនុវត្តអ្វីៗដែលពួកគេបានរៀន ការយល់ដឹងរបស់គេត្រូវបានពង្រីកដែលដឹកនាំទៅរកការរៀនបន្ថែម អនុវត្តបន្ថែម ហើយគឺជាការយល់ដឹងដ៏អស្ចារ្យ និងថិតថេរជាង ។
យើងអាចដឹងថា កូនៗរបស់យើងចាប់ផ្ដើមយល់ពីគោលលទ្ធិ នៅពេលយើងមើលឃើញវាបង្ហាញនៅក្នុងអាកប្បកិរិយា និងសកម្មភាពរបស់ពួកគេ ដោយគ្មានការគំរាមគំហែង ឬរង្វាន់ពីខាងក្រៅ ។ នៅពេលកូនៗយើងរៀនយល់ពីគោលលទ្ធិដំណឹងល្អ នោះពួកគេនឹងកាន់តែមានភាពខ្លួនទីពឹងខ្លួន និងមានការទទួលខុសត្រូវកាន់តែច្រើន ។ ពួកគេក្លាយជាចំណែកនៃដំណោះស្រាយចំពោះឧបសគ្គគ្រួសាររបស់យើង ហើយផ្ដល់បរិយាកាសវិជ្ជមានក្នុងគេហដ្ឋានយើង និងភាពជោគជ័យក្នុងគ្រួសារយើង ។
យើងនឹងបង្រៀនកូនៗរបស់យើងឲ្យយល់ យើងឆ្លៀតឱកាសបង្រៀនគ្រប់ពេល, អញ្ជើញព្រះវិញ្ញាណ, ធ្វើជាគំរូ, និងជួយពួកគេរស់នៅតាមអ្វីដែលពួកគេបានរៀន ។
នៅពេលយើងមើលទៅកែវភ្នែកទារកតូច យើងនឹកចាំពីបទចម្រៀង៖
ខ្ញុំជាកូនរបស់ព្រះ
ក្ដីត្រូវការខ្ញុំច្រើនណាស់
សូមជួយខ្ញុំឲ្យ យល់ ព្រះបន្ទូល
មុនពេលកន្លងហួសទៅ
នាំខ្ញុំ ដឹកខ្ញុំ ដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ
ដើម្បីរស់នៅនឹងទ្រង់ ។
(«ខ្ញុំជាកូនរបស់ព្រះ» ទំនុកតម្កើង ទំព័រ 58 គូសបញ្ជាក់បន្ថែម)
សូមឲ្យយើងធ្វើដូច្នោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។