ឆ្នាំ ២០១០-២០១៩
បំណង​ប្រាថ្នា
ខែ មេសា ឆ្នាំ ២០១១


បំណង​ប្រាថ្នា

ដើម្បី​សម្រេច​បាន​ជោគវាសនា​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​នឹង​មាន​បំណងប្រាថ្នា ហើយ​ធ្វើ​កិច្ចការ​ដើម្បី​មាន​ភាពស័ក្តិសម​ដែល​តម្រូវ​ឲ្យមាន ដើម្បី​ក្លាយជា​អង្គ​នៅ​អស់កល្ប​ជានិច្ច ។

ខ្ញុំ​បាន​ជ្រើសរើស​ដើម្បី​ថ្លែង​អំពី​សារៈសំខាន់​នៃ បំណង​ប្រាថ្នា ។ ខ្ញុំ​សង្ឃឹម​ថា ពួកយើង​ម្នាក់ៗ​នឹង​ស្វែងយល់​ពី​ចិត្ត​របស់​យើង ដើម្បី​កំណត់​ថា​យើង​ប្រាថ្នា​ចង់​បាន​អ្វី​ឲ្យពិត​ប្រាកដ និង​របៀប​ដែល​យើង​រៀប​លំដាប់​បំណង​ប្រាថ្នា​ដ៏សំខាន់​បំផុត​របស់​យើង ។

បំណងប្រាថ្នា​ដឹកនាំ​អាទិភាព​របស់​យើង អាទិភាព​បណ្ដុះ​ជម្រើស​របស់​យើង ហើយ​ជម្រើស​កំណត់​នូវ​សកម្មភាព​របស់​យើង ។ បំណង​ប្រាថ្នា​នានា​ដែល​យើង​ធ្វើ​សកម្មភាព កំណត់​ពី​ការផ្លាស់ប្តូរ​របស់​យើង ជោគជ័យ​របស់​យើង និង​ការប្រែក្លាយ​របស់​យើង ។

ជា​បឋម ខ្ញុំ​សូម​ថ្លែង​ពី​បំណង​ប្រាថ្នា​ទូទៅ​មួយ​ចំនួន ។ ក្នុងនាម​ជា​មនុស្ស​មាន​ជីវិត​រមែង​ស្លាប់ យើង​មាន​តម្រូវការ​ខាង​រូបកាយ​មូលដ្ឋាន​មួយ​ចំនួន ។ បំណងប្រាថ្នា​ដើម្បី​បំពេញតាម​តម្រូវការ​ទាំងនេះ ជម្រុញ​ឲ្យយើង​ធ្វើការ​ជ្រើសរើស ហើយ​កំណត់​នូវ​សកម្មភាព​របស់​យើង ។ ឧទាហរណ៍​ចំនួន​បី​នឹង​បង្ហាញពី​របៀប ដែល​ពេលខ្លះ​យើង​យកឈ្នះ​លើ​បំណង​ប្រាថ្នា​ទាំងនេះ​បាន ដោយ​បំណង​ប្រាថ្នា​ផ្សេងទៀត​ដែល​យើង​គិតថា​សំខាន់​ជាង ។

ទីមួយ អាហារ ។ យើង​ត្រូវការ​អាហារ​ជា​មូលដ្ឋាន ប៉ុន្ដែ​ក្នុង​ពេល​មួយ​រយៈ បំណង​ប្រាថ្នា​នោះ​ត្រូវបាន​យកឈ្នះ​ដោយ​បំណង​ប្រាថ្នា​ដ៏ខ្លាំង​ជាង​មួយ​ដើម្បី​តម​អាហារ ។

ទីពីរ ជម្រក ។ កាល​អាយុ ១២ ឆ្នាំ ខ្ញុំ​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​ដើម្បី​មាន​ជម្រក ដោយសារតែ​បំណង​ប្រាថ្នា​ដ៏ធំ​ជាង​នេះ​របស់​ខ្ញុំ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ក្រុម​កាយរិទ្ធិ​ឲ្យ​គេង​ពេល​យប់​នៅក្នុង​ព្រៃ ។ ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់​ក្នុង​ចំណោម​នោះ ដែល​បាន​ចេញពី​តង់​ដ៏សុខស្រួល ហើយ​រកឃើញ​របៀប​សង់​កន្លែង​ជ្រក​មួយ និង​ធ្វើ​គ្រែ​តាម​របៀប​មនុស្ស​ជំនាន់​ដើម​ចេញពី​សម្ភារ​ធម្មជាតិ ដែល​យើង​អាច​រកឃើញ ។

ទីបី ដំណេក ។ សូម្បីតែ​បំណង​ប្រាថ្នា​មូលដ្ឋាន​នេះ​ក្ដី​ក៏អាច​យកឈ្នះ​ក្នុងពេល​បណ្ដោះ​អាសន្ន​បាន​ដែរ គឺ​ដោយសារ​បំណង​ប្រាថ្នា​ដ៏សំខាន់​ជាង​មួយ ។ ក្នុងនាម​ជា​ទាហាន​វ័យក្មេង​ម្នាក់​នៅ​អង្គភាព​យាមល្បាត​ថ្នាក់​ជាតិ​រដ្ឋ​យូថាហ៍ ខ្ញុំ​បាន​រៀនពី​គំរូ​នេះ​មកពី​មន្ដ្រី​ដែលមាន​បទពិសោធន៏​ម្នាក់ ។

នៅ​ប៉ុន្មាន​ខែ​ដំបូង​នៃ​សង្គ្រាម​កូរ៉េ កងពល​កាំភ្លើង​ធំ​នៅ​តំបន់​រិចហ្វៀល នៃ​អង្គភាព​យាមល្បាត​ថ្នាក់​ជាតិ​រដ្ឋ​យូថាហ៍ ត្រូវបាន​ហៅឲ្យ​ទៅធ្វើ​សកម្មភាព​ល្បាត ។ កងពល​នេះ ដែល​នៅក្រោម​បញ្ជា​របស់​មេបញ្ជាការ រ៉េយ ខក់ មាន​បុរស​មរមន​ចំនួន​ប្រហែល ៤០ នាក់ ។ បន្ទាប់ពី​មាន​ការហ្វឹកហ្វឺន និង​ការពង្រឹង​បន្ថែម​ពី​សំណាក់​ពួកអភិរក្ស​មកពី​កន្លែង​ផ្សេងទៀត នោះ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​កូរ៉េ ជា​កន្លែង​ដែល​ពួកគេ​បាន​ជួប​នឹង​ការប្រយុទ្ធ​ដ៏ព្រៃផ្សៃ​មួយ​ចំនួន​នៅក្នុង​សង្គ្រាម​នោះ ។ នៅក្នុង​ការប្រយុទ្ធ​មួយ ពួកគេ​ត្រូវ​វាយបក​ការវាយលុក​ដោយ​ផ្ទាល់​ពី​សំណាក់​កងទ័ព​ជើងគោក​សត្រូវ​ជាច្រើន​រយនាក់ ជា​ប្រភេទ​ការវាយលុក​មួយ​ដែល​ចូល​លុកលុយ និង​បំផ្លាញ​កងពល​តំបន់​កាំភ្លើង​ធំ​ផ្សេងទៀត ។

តើ​រឿង​នេះ​មាន​អ្វី​ទាក់ទង​នឹង​ការយកឈ្នះ​លើ​បំណង​ប្រាថ្នា​ចង់​គេង​នោះ ? អំឡុង​យប់​ដ៏តឹងតែង​មួយ នៅពេល​កងទ័ព​ជើងគោក​សត្រូវ​បាន​លុកលុយ​ចូលដល់​តំបន់​ជួរ​មុខ និង​ជួរ​ក្រោយ​ដែល​កាន់កាប់​ដោយ​ក្រុម​កាន់​កាំភ្លើង​ធំ នោះ​មេបញ្ជាការ​បាន​ពង្រាយ​ខ្សែ​ទូរសព្ទ​ក្នុង​តំបន់​នោះ​ទៅដល់​តង់​របស់​គាត់ ហើយ​បាន​បញ្ជា​អ្នកយាម​បរិវេណ​ជាច្រើន​របស់​គាត់ ឲ្យ​ទូរសព្ទ​ទៅគាត់​មួយ​ម៉ោង​ម្ដងៗ នៅ​ម៉ោង​គត់​ពេញ​មួយ​យប់​នោះ ។ ការណ៍​នេះ​ធ្វើឲ្យ​អ្នកយាម​ភ្ញាក់ ប៉ុន្ដែ​វាក៏​មាន​ន័យ​ថា មេបញ្ជាការ ខក់ ត្រូវ​ដាច់​ដំណេក​របស់​គាត់​ច្រើន​ដង​ផងដែរ ។ ខ្ញុំ​បាន​សួរ​គាត់​ថា « តើ​លោក​អាច​ធ្វើ​វា​បាន​ដោយ​របៀប​ណា ? » ចម្លើយ​របស់​គាត់​បង្ហាញពី​អំណាច​នៃ​បំណង​ប្រាថ្នា​ដែល​អាច​យក​ជំនះ​បាន ។

« ខ្ញុំ​ដឹង​ថា ប្រសិនបើ​យើង​បាន​ទៅ​ផ្ទះ​វិញ ខ្ញុំ​នឹង​ជួប​ឪពុក​ម្ដាយ​របស់ យុវជន​ទាំងនោះ​នៅតាម​ផ្លូវ​ក្នុង​ភូមិ​ដ៏តូច​របស់​យើង ហើយ​ខ្ញុំ​មិន​ចង់​ប្រឈម​មុខ​នឹង​ពួកគាត់​ណាម្នាក់ បើ​កូនប្រុស​របស់​ពួកគាត់​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​ខ្ញុំ​បរាជ័យ​មិន​បាន​បំពេញ​តាម​ភារកិច្ច​ក្នុងនាម​ជា​មេបញ្ជាការ​របស់​ពួកគេ​នោះទេ » ។

ឱ នោះ​គឺជា​គំរូ​នៃ​អំណាច​នៃ​បំណង​ប្រាថ្នា​ដែល​អាច​យកឈ្នះ​បាន​ស្ដីពី​ការដាក់​អាទិភាព និង​សកម្មភាព ! ឱ នោះ​គឺជា​គំរូ​ដ៏មាន​អានុភាព​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ដែល​ទទួល​ខុសត្រូវ​លើ​សុខុមាលភាព​របស់​មនុស្ស​ដទៃទៀត—ក្នុងនាម​ជា​ឪពុក​ម្ដាយ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​គ្រូបង្រៀន​ទាំងឡាយ !

ជា​ការបញ្ចប់​នៃ​ការបង្ហាញ​នេះ នៅ​ព្រឹក​ព្រលឹម​បន្ទាប់ពី​គាត់​សឹង​មិន​បាន​សម្រាន្ដ​ពេញ​មួយ​យប់​នោះ មេបញ្ជាការ ខក់ បាន​ដឹកនាំ​កងពល​របស់​គាត់​ទៅ​ប្រយុទ្ធ​នឹង​កងទ័ព​ជើងគោក​របស់​សត្រូវ ។ ពួកគេ​ចាប់បាន​អ្នកទោស​ជាង ៨០០ នាក់ ហើយ​បាន​រង​របួស​តែ​ពីរ​នាក់​ប៉ុណ្ណោះ ។ ខក់ ទទួល​បាន​ឥស្សរយស​ចំពោះ​ភាពអង់អាច​ក្លាហាន​នេះ ហើយ​កងពល​របស់​គាត់​បាន​ទទួល​មេដៃ​សរសើរ​ពី​អង្គភាព​ប្រធានាធិបតី​សម្រាប់​វីរភាព​ដ៏ពិសេស ។ ហើយ​ដូចជា​កងទ័ព​កំលោះ​របស់​ហេលេមិន​ដែរ ( សូមមើល អាលម៉ា ៥៧:២៥–២៦ ) ពួកគេ​ទាំងអស់​គ្នា​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។

ព្រះគម្ពីរ​មរមន​មាន​នូវ​ការបង្រៀន​ជាច្រើន​ស្ដីពី​សារៈសំខាន់​នៃ​បំណង​ប្រាថ្នា ។

បន្ទាប់ពី​ទូល​អង្វរករ​ដល់​ព្រះអម្ចាស់​អស់​ជាច្រើន​ម៉ោង​មក ទ្រង់​មាន​បន្ទូល​ទៅ​អេណុស​ថា អំពើបាប​របស់​លោក​ត្រូវបាន​អភ័យទោស​ហើយ ។ បន្ទាប់​មក លោក « ចាប់ផ្ដើម​មាន​អារម្មណ៍​ប្រាថ្នា​ចង់​បាន​សុខុមាលភាព​ដល់​បងប្អូន [ របស់​លោក ] » ( អេណុស ១:៩ ) ។ លោក​បាន​សរសេរ​ថា « ហើយ … បន្ទាប់ពី​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ធ្វើការ​ដោយ​អស់ពី​ចិត្ត នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ៖ យើង​នឹង​ប្រទាន​ដល់​អ្នក ស្របតាម​សេចក្ដី​ប៉ងប្រាថ្នា​ទាំងឡាយ​របស់​អ្នក ដោយសារ​សេចក្ដី​ជំនឿ​របស់​អ្នក » ( ខទី ១២ ) ។ សូម​កត់​ចំណាំ​ចំណុច​សំខាន់​បី ដែល​បាន​កើតឡើង​មុនពេល​មាន​ពរជ័យ​ដែល​បាន​សន្យា​នេះ ៖ សេចក្ដី​ប៉ង​ប្រាថ្នា ការធ្វើ​សកម្មភាព និង​សេចក្ដី​ជំនឿ ។

នៅក្នុង​ទេសនកថា​របស់​លោក​អំពី​សេចក្ដី​ជំនឿ អាលម៉ា​បង្រៀន​ថា សេចក្ដី​ជំនឿ​អាច​ចាប់ផ្ដើម​ដោយ « [ ការគ្រាន់តែ ] ចង់​ជឿ » ប្រសិនបើ​យើង​នឹង « ឲ្យ​ចំណង់​នេះ​មាន​នៅក្នុង​ខ្លួន [ យើង ] » ( អាលម៉ា ៣២:២៧ ) ។

ការបង្រៀន​ដ៏អស្ចា្យ​មួយទៀត​អំពី​បំណង​ប្រាថ្នា ជាពិសេស​អំពី​អ្វី​ដែល​គួរតែ​ជា​បំណង​ប្រាថ្នា​ដ៏ធំ​បំផុត​របស់​យើង កើតឡើង​ក្នុង​បទពិសោធន៍​របស់​ស្ដេច​សាសន៍​លេមិន ដែល​ត្រូវបាន​បង្រៀន​ដោយ​អ្នកផ្សព្វផ្សាយ​សាសនា អើរ៉ុន ។ នៅពេល​ការបង្រៀន​របស់​អើរ៉ុន​បាន​ចាប់​ព្រះទ័យ​របស់​ទ្រង់ នោះ​ស្ដេច​មាន​បន្ទូល​សួរ​ថា « តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​កើតពី​ព្រះ » និង « ឲ្យ​យើង​អាច​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » ? ( អាលម៉ា ២២:១៥ ) ។ អើរ៉ុន បាន​ទូល​តប​ថា « បើសិនជា​ទ្រង់​មាន​បំណង​ចង់​បាន​ការណ៍​នេះ … បើសិនជា​ទ្រង់​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងអស់​របស់​ទ្រង់ ហើយ​ក្រាប​ចំពោះ​ព្រះ ហើយ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា ទ្រង់​នឹង​ទទួល ពេល​នោះ​ទ្រង់​នឹង​ទទួល​នូវ​សេចក្ដី​សង្ឃឹម​ដែល​ទ្រង់​ប៉ងប្រាថ្នា » ( ខទី ១៦ ) ។

ស្ដេច​បាន​ធ្វើ​យ៉ាងដូច្នេះ ហើយ​នៅក្នុង​ការអធិស្ឋាន​ដ៏មាន​អានុភាព ទ្រង់​បាន​ប្រកាស​ថា « ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ … ហើយ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ( ខទី ១៨ ) ។ ដោយ​មាន​ការតាំង​ព្រះទ័យ​បែបនោះ និង​ការស្គាល់​បំណង​ប្រាថ្នា​ដ៏ធំ​របស់​ទ្រង់ នោះ​ការអធិស្ឋាន​របស់​ទ្រង់​បាន​ទទួល​ចម្លើយ​ប្រកប​ដោយ​អព្ភូតហេតុ ។

ព្យាការី​អាលម៉ា​បាន​មាន​បំណង​ប្រាថ្នា​ដ៏ធំ​មួយ ដើម្បី​អំពាវនាវ​ឲ្យប្រជាជន​ទាំងអស់​មាន​ការប្រែចិត្ត ប៉ុន្ដែ​លោក​បាន​យល់​ថា លោក​មិន​គួរ​ប៉ងប្រាថ្នា​ឲ្យមាន​អំណាច​បង្ខំ ដែល​ការណ៍​នោះ​តម្រូវ​ឲ្យមាន​នោះទេ ដោយសារ ដូច​លោក​បាន​ពោល​បញ្ចប់​ថា « ព្រះ​ដ៏​យុត្តិធម៌ … ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​តាម​បំណង​របស់​គេ ទោះ​ជា​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​រស់​ក្ដី » ( អាលម៉ា ២៩:៤ ) ។ ដូចគ្នា​នេះ​ដែរ នៅក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះអម្ចាស់​ប្រកាស​ថា ទ្រង់ « នឹង​ជំនុំ​ជម្រះ​មនុស្ស​លោក​ទាំងអស់ ស្របតាម​កិច្ចការ​របស់​ពួកគេ គឺ​ស្របតាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ » ( គ.&ស. ១៣៧:៩ ) ។

តើ​យើង​ពិតជា​បាន​រៀបចំ​ខ្លួន​ដើម្បី​ឲ្យ​ចៅក្រម​ដ៏អស់កល្ប របស់​យើង​ភ្ជាប់​សារៈសំខាន់​ដ៏ធំសម្បើម​នេះ ទៅនឹង​អ្វី​ដែល​យើង​ពិតជា​ប្រាថ្នា​ចង់បាន​ហើយ​ឬនៅ ?

បទគម្ពីរ​ជាច្រើន​បាន​ថ្លែង​អំពី​អ្វី​ដែល​យើង​ប៉ងប្រាថ្នា ទាក់ទង​ទៅនឹង​អ្វី​ដែល​យើង​ស្វែងរក ។ « អ្នកណា​ដែល​ឆាប់​ស្វែងរក​យើង នោះ​នឹង​បាន​ជួប​យើង ហើយ​នឹង​មិន​ត្រូវ​បោះបង់​ចោល​ឡើយ » ( គ.&ស. ៨៨:៨៣ ) ។ « នោះ​អ្នករាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ » ( គ.&ស. ៤៦:៨ ) ។ « អ្នកណា​ដែល​ព្យាយាម​រក​នឹង​ឃើញ » ( នីហ្វៃ​ទី​១ ១០:១៩ ) ។ « ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នករាល់គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នករាល់គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ( គ.&ស. ៨៨:៦៣ ) ។

ការកែសម្រួល​បំណង​ប្រាថ្នា​របស់​យើង​ឡើងវិញ ដើម្បី​ដាក់​អាទិភាព​ខ្ពស់​បំផុត​ទៅលើ​រឿង​ដ៏អស់កល្ប​ជានិច្ច គឺ​មិន​ងាយស្រួល​នោះទេ ។ យើង​ទាំងអស់​គ្នា​ត្រូវបាន​ល្បួងឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​បាន​ចំណុច​ទាំងបួន​ខាង​លោកិយ​នេះ គឺ​ទ្រព្យសម្បត្តិ ភាពលេចធ្លោ មោទនភាព និង​អំណាច ។ យើង​អាច​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វីទាំងនេះ ប៉ុន្ដែ​យើង​មិនគួរ​ដាក់វា​ជា​អាទិភាព​ដ៏ខ្ពស់​បំផុត​របស់​យើង​នោះទេ ។

អស់អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ខ្ពស់​បំផុត​ដើម្បី​ទទួលបាន​កម្មសិទ្ធិ​ទាំងនេះ នឹង​ធ្លាក់​ទៅក្នុង​អន្ទាក់​នៃ​សម្ភារនិយម ។ ពួកគេ​ខកខាន​មិនបាន​ស្ដាប់​តាម​ការព្រមាន « កុំឲ្យ​ស្វែងរក​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ទាំងឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​នេះ​ឡើយ » ( អាលម៉ា ៣៩:១៤; សូមមើល​ផងដែរ យ៉ាកុប ២:១៨ ) ។

អស់អ្នក​ដែល​ប្រាថ្នា​ចង់បាន​ភាពលេចធ្លោ ឬ​អំណាច គួរតែ​ធ្វើតាម​គំរូ​របស់​មេទ័ព​មរ៉ូណៃ​ដ៏ក្លាហាន ដែល​ធ្វើការ​បម្រើ​មិនមែន​ដើម្បី « អំណាច » ឬ ដើម្បី « កិត្តិយស​នៃ​លោកិយ » នោះទេ ( អាលម៉ា ៦០:៣៦ ) ។

តើ​យើង​អភិវឌ្ឍ​បំណង​ប្រាថ្នា​តាម​របៀប​ណា ? មនុស្ស​មួយ​ចំនួន​តូច​នឹង​មាន​វិបត្តិ​មួយ​ប្រភេទ ដែល​បាន​ជំរុញ​ទឹកចិត្ត​ដល់ អារ៉ុន រ៉ាលស្ដុន ប៉ុន្ដែ​បទពិសោធន៍​របស់​លោក​ផ្ដល់ជា​មេរៀន​ដ៏មាន​តម្លៃ​មួយ អំពី​ការអភិវឌ្ឍ​បំណង​ប្រាថ្នា ។ ខណៈ រ៉ាលស្ដុន កំពុង​ដើរឡើង​ភ្នំ​នៅតាម​ជ្រលង​ភ្នំ​ដែល​ដាច់​ស្រយាល​មួយ នៅ​រដ្ឋ​យូថាហ៍​ភាគ​ខាង​ត្បូង នោះ​ស្រាប់តែ​មាន​ថ្ម​មួយ​ទម្ងន់ ៣៦០ គីឡូក្រាម ( ៨០០ ផោន ) បាន​ធ្លាក់ និង​សង្កត់​លើ​ដៃស្ដាំ​របស់​លោក​ភ្លាមៗ ។ គាត់​បាន​ខំ​រំដោះ​ខ្លួនឯង​អស់​រយៈពេល​ប្រាំ​ថ្ងៃ​យ៉ាង​កណ្ដោច​កណ្ដែង ។ នៅពេល​ដែល​គាត់​ហៀប​នឹង​បោះបង់​ការខិតខំ​របស់​គាត់ ហើយ​ទទួល​យក​សេចក្ដី​ស្លាប់​នោះ គាត់​បាន​មាន​ការនិមិត្ត​មួយ​ថា មាន​ក្មេងប្រុស​អាយុ​បី​ឆ្នាំ​ម្នាក់​រត់​មករក​គាត់ ហើយ​គាត់​បាន​លើក​ក្មេងប្រុស​នោះ​ឡើង​ដោយ​ដៃឆ្វេង​របស់​គាត់ ។ ដោយ​យល់​ថា នេះ​គឺជា​ការនិមិត្ត​មួយ​អំពី​អនាគត​កូនប្រុស​របស់​គាត់ និង​ជា​ការអះអាង​ថា គាត់​នៅតែ​អាច​រស់នៅ​បាន នោះ​រ៉ាលស្ដុន បាន​ខិតខំ​ប្រមូល​កម្លាំង​ចិត្ត និង​ធ្វើសកម្មភាព​យ៉ាង​គំហុក​មួយ ដើម្បី​សង្គ្រោះ​ជីវិត​របស់​គាត់ មុន​ពេល​គាត់​អស់​កម្លាំង​ទាំងស្រុង ។ គាត់​បាន​បំបាក់​ឆ្អឹង​ពីរ​នៅ​ដៃ​ស្ដាំ​របស់​គាត់ ដែល​ត្រូវ​ថ្ម​សង្កត់​លើ​នោះ រួចហើយ​ប្រើ​កាំបិត​ពហុ​មុខងារ​របស់​គាត់ ដើម្បី​កាត់​ដៃ​នោះ​ចេញ ។ បន្ទាប់មក គាត់​បាន​ប្រមែប្រមូល​កម្លាំង​ដើម្បី​ដើរ​ឡើង​ភ្នំ​ចំនួន​ប្រាំបី​គីឡូម៉ែត្រ​ទៀត ( ៥ ម៉ែលស៍ ) ដើម្បី​ទៅរក​ជំនួយ ។ ឱ នោះ​គឺជា​គំរូ​នៃ​អំណាច​នៃ​បំណង​ប្រាថ្នា​ដ៏លើសលប់​មួយ ! នៅពេល​យើង​មាន​ចក្ខុវិស័យ​មួយ អំពី​អ្វី​ដែល​យើង​អាច​ប្រែក្លាយ នោះ​បំណង​ប្រាថ្នា​របស់​យើង និង​អំណាច​របស់​យើង​ដើម្បី​ធ្វើ​សកម្មភាព នឹង​កើនឡើង​យ៉ាង​ខ្លាំង​ផងដែរ ។

ពួកយើង​ភាគច្រើន​នឹង​មិនដែល​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏ពិបាក​ខ្លាំង​នេះ​ទេ ប៉ុន្ដែ​ពួកយើង​ទាំងអស់​គ្នា​ប្រឈមមុខ​នឹង​អន្ទាក់​ដែល​អាច​កើតឡើង​មួយ ដែល​នឹង​រារាំង​យើង​មិនឲ្យ​រីកចម្រើន​ទៅកាន់​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច​របស់​យើង​បាន ។ ប្រសិនបើ​បំណង​ប្រាថ្នា​ដ៏សុចរិត​របស់​យើង​មាន​ខ្លាំង​ល្មម​គ្រប់គ្រាន់ នោះ​វា​នឹង​ជំរុញ​យើង​ឲ្យ​កាត់ និង​កាយ​ខ្លួនយើង​ចេញពី​ការញៀន និង​សម្ពាធ​ដែលមាន​បាប​ផ្សេងៗទៀត និង​អាទិភាព​នានា​ដែល​រារាំង​ដល់​ការរីក​ចម្រើន​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ។

យើង​គួរតែ​ចងចាំ​ថា បំណង​ប្រាថ្នា​ដ៏​សុចរិត​មិន​អាច​ធ្វើ​ស្ទាក់ស្ទើរ តាម​តែ​សន្ទុះចិត្ត ឬ​បណ្ដោះ​អាសន្ន​នោះទេ ។ យើង​ត្រូវ​តែ​ធ្វើឲ្យ​អស់ពី​ចិត្ត មិន​រុញរា និង​អចិន្រ្ដៃយ៍​ជានិច្ច ។ ដោយ​មាន​ការជំរុញ​ទឹកចិត្ត​បែបនេះ យើង​នឹង​ស្វែងរក​លក្ខខណ្ឌ​នោះ ដូច​បាន​ពិពណ៌នា​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ថា​យើង​បាន « យកឈ្នះ​លើ​ភាពអាក្រក់​នៃ [ ជីវិត​របស់​យើង ] ហើយ​បាត់បង់​បំណង​ប្រាថ្នា​ទាំងអស់​ដើម្បី​ធ្វើ​អំពើបាប » ។ នោះ​ជា​ការសម្រេច​ចិត្ត​ផ្ទាល់ខ្លួន​ដ៏ខ្លាំង​មួយ ។ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល បានមាន​ប្រសាសន៍ ៖

« នៅពេល​មនុស្ស​ត្រូវបាន​គេ​ពិពណ៌នា​ថា​បាន ‹ បាត់បង់​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើ​អំពើបាប › នោះ​គឺ​ពួកគេ ហើយ​មានតែ​ពួកគេ​តែប៉ុណ្ណោះ ដែល​បាន​សម្រេច​ចិត្ត​ដោយ​មាន​ចេតនា​ថា នឹង​បោះបង់​បំណង​ប្រាថ្នា​ខុសឆ្គង​ទាំងនោះ ដោយ​ការស្ម័គ្រចិត្ត ‹ បោះបង់​ចោល​អស់ទាំង​អំពើបាប [ របស់​ពួកគេ ] › ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ » ។

« ហេតុ​ដូច្នេះ​ហើយ អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​ឥតឈប់ ជាច្រើន​ដង គឺជា​អ្វី​ដែល​យើង​នឹង​ក្លាយជា​នៅ​ទីបំផុត ហើយ​ជា​អ្វី​ដែល​យើង​នឹង​ទទួល​នៅក្នុង​ភាពអស់កល្ប​ជានិច្ច » ។

កាល​ដែល​ការបោះបង់​បំណង​ប្រាថ្នា​ឈប់ធ្វើ​អំពើបាប​មាន​សារៈសំខាន់ នោះ​ការមាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​តម្រូវ​ឲ្យ​មាន​ច្រើន​ជាងនោះ​ទៀត ។ ដើម្បី​សម្រេច​បាន​ជោគវាសនា​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​នឹង​មាន​បំណងប្រាថ្នា ហើយ​ធ្វើ​កិច្ចការ​ដើម្បី​មាន​ភាពស័ក្តិសម​ដែល​តម្រូវ​ឲ្យមាន ដើម្បី​ក្លាយជា​អង្គ​នៅ​អស់កល្ប​ជានិច្ច ។ ឧទាហរណ៍ អង្គ​នៅ​អស់កល្ប​ជានិច្ច​អភ័យទោស​ឲ្យ​មនុស្ស​ទាំងអស់ ដែល​បាន​ធ្វើខុស​ទៅលើ​ពួកគេ ។ ពួកគេ​ដាក់​សុខុមាលភាព​របស់​មនុស្ស​ដទៃទៀត​ពីមុន​សុខុមាលភាព​របស់​ខ្លួន​ពួកគេ ។ ហើយ​ពួកគេ​ស្រឡាញ់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។ ប្រសិនបើ​ការណ៍​នេះ​ហាក់​ដូចជា​ពិបាក—ហើយ​ពិតប្រាកដ​ណាស់ វា​មិនមែន​ងាយស្រួល​សម្រាប់​យើង​ណា​ម្នាក់​នោះ​ទេ—នោះ​យើង​គួរតែ​ចាប់ផ្តើម​ជាមួយ​បំណង​ប្រាថ្នា ដើម្បី​មាន​ភាពស័ក្តិសម​បែប​នោះ ហើយ​អំពាវនាវ​ទូលសុំ​ព្រះវរបិតាសួគ៌ ជាទី​ស្រឡាញ់​របស់​យើង ឲ្យ​ជួយ​ដល់​អារម្មណ៍​របស់​យើង ។ ព្រះគម្ពីរ​មរមន​បង្រៀន​យើង​ថា យើង​គួរតែ « អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ [ យើង ] បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នកណា​ដែល​ជា​អ្នកដើរតាម​ដ៏ពិត នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​លើកពី​ឧទាហរណ៍​ចុង​ក្រោយ​មួយ​អំពី​បំណង​ប្រាថ្នា ដែល​គួរតែ​ខ្ពង់ខ្ពស់​បំផុត​សម្រាប់​បុរស និង​ស្ដ្រី​ទាំងអស់—អ្នក​ដែល​ទើបបាន​រៀបការ​ថ្មីៗ និង​អ្នកដែល​នៅលីវ ។ មនុស្ស​ទាំងអស់​គួរតែ​ប៉ង​ប្រាថ្នា និង​ធ្វើ​កិច្ចការ​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​ឲ្យបាន​អាពាហ៍ពិពាហ៍​សម្រាប់​ភាពអស់កល្ប​ជានិច្ច​មួយ ។ អស់​អ្នក​ដែល​មាន​អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួចហើយ គួរតែ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​អាច ដើម្បី​ថែរក្សា​អាពាហ៍ពិពាហ៍​នោះ ។ អស់​អ្នកណា​ដែល​នៅ​លីវ គួរតែ​មាន​បំណង​ប្រាថ្នា​ចង់​បាន​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​ខំ​ប្រឹង​ដាក់​ការខិតខំ​ជា​អាទិភាព​ដើម្បី​ទទួល​បាន​វា ។ យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ​ទាំងឡាយ គួរតែ​ប្រឆាំង​នឹង​គោលគំនិត​ដែល​ត្រឹមត្រូវ​ខាង​នយោបាយ ប៉ុន្ដែ​ខុសឆ្គង​ដ៏អស់កល្ប ដែល​មិនឲ្យ​តម្លៃ​ទៅលើ​សារៈសំខាន់​នៃ​ការរៀប​អាពាហ៍ពិពាហ៍ និង​ការមាន​កូនចៅ ។

បុរស​នៅលីវ​ទាំងឡាយ សូម​ពិចារណា​ពី​បញ្ហា​នៅក្នុង​លិខិត​នេះ ដែល​បាន​សរសេរ​ដោយ​ស្ដ្រី​នៅលីវ​ម្នាក់ ។ នាង​អង្វរករ​ជំនួសឲ្យ « បុត្រី​ដ៏សុចរិត​ទាំងឡាយ​របស់​ព្រះ ដែល​ខិតខំ​ស្វែងរក​ដៃគូ​ដ៏ស័ក្ដិសម​យ៉ាង​ស្មោះសរ ប៉ុន្ដែ​បុរស​ទាំងនោះ​ហាក់​ដូចជា​ងងឹត​ភ្នែក និង​ភាន់ច្រឡំ​ថា តើ​វា​គឺជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ដែរ​ឬទេ ដើម្បី​ស្វែងរក​បុត្រី​ដ៏អស្ចារ្យ ដ៏ជម្រើស​ទាំងនេះ​របស់​ព្រះវរបិតាសួគ៌​យើង ហើយ​ចូលស្តី​នាង ហើយ​ស្ម័គ្រចិត្ត​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ » ។ នាង​បាន​បញ្ចប់​ថា « មាន​បុរស អិល.ឌី.អេស. នៅលីវ​ជាច្រើន​នៅ​ទីនេះ ដែល​រីករាយ​នឹង​ទៅក្រៅ​ដើរ​លេង​សប្បាយ ហើយ​ណាត់​ជួបគ្នា​ដើរលេង ប៉ុន្ដែ​គ្មាន​បំណង​ប្រាថ្នា​ដើម្បី​តាំងចិត្ត​បែប​ណាមួយ​ជាមួយ​នឹង​ស្ដ្រី​ម្នាក់​ទាល់តែ​សោះ » ។

ខ្ញុំ​ប្រាកដ​ចិត្ត​ថា មាន​យុវជន​ដែល​កំពុង​ស្វែងរក​ដោយ​អន្ទះសា​មួយ​ចំនួន ចង់​ឲ្យខ្ញុំ​បន្ថែម​ថា ក៏​មាន​យុវនារី​មួយ​ចំនួន​ផងដែរ ដែល​មាន​បំណង​ប្រាថ្នា​តិចតួច​ខ្លាំង​ណាស់ ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏ស័ក្ដិសម និង​មាន​កូនចៅ វា​នៅក្រោម​បំណង​ប្រាថ្នា​ដើម្បី​មាន​អាជីព​ការងារ​ល្អ ឬ​លក្ខណៈ​ពិសេស​ខាង​សាច់ឈាម​ផ្សេងទៀត​របស់​ពួកគេ ។ ទាំង​បុរស និង​ស្ដ្រី​ត្រូវមាន​បំណង​ប្រាថ្នា​សុចរិត ដែល​នឹង​ដឹកនាំ​ពួកគេ​ទៅរក​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

ចូរ​យើង​ចងចាំ​ថា បំណង​ប្រាថ្នា​ដឹកនាំ​អាទិភាព​របស់​យើង អាទិភាព​បណ្ដុះ​ជម្រើស​របស់​យើង ហើយ​ជម្រើស​កំណត់​នូវ​សកម្មភាព​របស់​យើង ។ លើសពី​នេះ វា​គឺជា​សកម្មភាព​របស់​យើង និង​បំណង​ប្រាថ្នា​របស់​យើង ដែល​បណ្ដាល​ឲ្យយើង​ក្លាយជា​អ្វីមួយ មិន​ថា​មិត្តភក្ដិ​ដ៏ពិត គ្រូបង្រៀន​ដ៏ឆ្នើម ឬ​អ្នក​ដែល​ស័ក្ដិសម​នឹង​ជីវិត​ដ៏អស់កល្ប​នោះទេ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​សេចក្ដី​ស្រឡាញ់ ការបង្រៀន និង​ដង្វាយធួន​របស់​ទ្រង់ បាន​ធ្វើឲ្យ​រឿង​គ្រប់យ៉ាង​អាច​កើតឡើង​បាន ។ ខ្ញុំ​សូម​អធិស្ឋាន​ថា លើសពី​អ្វីៗ​ទាំងអស់​ផ្សេងទៀត គឺយើង​នឹង​មាន​បំណង​ប្រាថ្នា ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ដើម្បី​នៅ​ថ្ងៃ​ណាមួយ យើង​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​វិញ ដើម្បី​ទទួល​បាន​ភាពពោរពេញ​នៃ​អំណរ​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

  1. Ray Cox ការសម្ភាស​ដោយ​អ្នកនិពន្ធ នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ១៩៨៥ Mount Pleasant, Utah ដោយ​បញ្ជាក់​អ្វី​ដែល​លោក​បាន​ប្រាប់​ខ្ញុំ​នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ប្រហែល​ឆ្នាំ ១៩៥៣ ។

  2. សូមមើល Richard C. Roberts, Legacy: The History of the Utah National Guard ( ឆ្នាំ ២០០៣ ) ទំព័រ ៣០៧–១៤; “Self-Propelled Task Force,” National Guardsman, ខែ ឧសភា ឆ្នាំ ១៩៧១ ក្រប​ក្រោយ; Miracle at Kapyong: The Story of the 213th ( ភាពយន្ដ​ផលិត​ដោយ Southern Utah University ឆ្នាំ ២០០២ ) ។

  3. សូមមើល Aron Ralston, Between a Rock and a Hard Place ( ឆ្នាំ ២០០៤ ) ។

  4. Ralston Between a Rock and a Hard Place ទំព័រ ២៤៨ ។

  5. សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ២១១ ។

  6. នែល អេ ម៉ាក់ស្វែល « According to the Desire of [Our] Hearts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ២២, ២១ ។

  7. សូមមើល ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Liahona ខែ មីនា ឆ្នាំ ២០១១ ទំព័រ ៣២–៣៧; Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១២–១៧ ។

  8. លិខិត ចុះ​ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ២០០៦ ។