២០០០–២០០៩
គោលការណ៍​ពីរ​សម្រាប់​សេដ្ឋកិច្ច​បែប​ណាមួយ​ក៏​បាន
ខែ​តុលា ឆ្នាំ​២០០៩


គោលការណ៍​ពីរ​សម្រាប់​សេដ្ឋកិច្ច​បែប​ណាមួយ​ក៏​បាន

ជាញឹកញាប់ ការស្ថិត​នៅក្នុង​ការសាកល្បង​នៃ​ទុក្ខវេទនា បានធ្វើ​ឲ្យ​យើងរៀន​នូវ​មេរៀន​ដ៏សំខាន់​ជាច្រើន ដែល​ជួយ​រៀបចំ​អាកប្បកិរិយា និងជោគ​វាសនា​របស់​យើង ។

នៅក្នុង​ទស្សនកិច្ច​របស់​យើង​ជុំវិញ​ពិភពលោក​ក្នុងការសួរសុខទុក្ខ​សមាជិក និង​បណ្តាញ​បព្វជិតភាព​យើង​ទទួលដំណឹងផ្ទាល់​អំពី​ស្ថានភាព ហើយនឹង​ឧបសគ្គ​របស់​សមាជិក​យើង ។ អស់ជាច្រើនឆ្នាំ​ហើយ​សមាជិក​របស់​យើង​ត្រូវបាន​ប៉ះទង្គិច​នឹងវិបត្តិ​ជុំវិញ​ពិភពលោក​ទាំង​វិបត្តិធម្មជាតិ និង​វិបត្តិ​បង្កើត​ដោយមនុស្ស​ដែរ ។ យើងក៏យល់ថា គ្រួសារ​នានា​ត្រូវតែ​បន្ថយ​ចាយវាយ​របស់​គេហើយ​កំពុងតែ​ព្រួយបារម្ភ​អំពី​គ្រា​ដ៏​លំបាក​នេះ ។

បងប្អូន​អើយ យើង​មានអារម្មណ៍​ជិតស្និទ្ធ​នឹងបងប្អូន​ណាស់ ។ យើង​ស្រឡាញ់​បងប្អូន ហើយ​យើង​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច ។ ខ្ញុំធ្លាប់ជួបប្រទះ​នឹងគ្រា​ល្អ និង​គ្រាអាក្រក់​ជាច្រើន​គ្រប់គ្រាន់​នៅក្នុង​ជីវិត​របស់ខ្ញុំ ទើបខ្ញុំ​ដឹងថា​ក្រោយពីភ្លៀង មេឃ​នឹងស្រឡះ ។ ខ្ញុំ​មានសុទិដ្ឋិនិយម​ចំពោះ​អនាគតកាល ។ បងប្អូនអើយ នៅ​ចំណែក​របស់យើង យើងត្រូវតែ​បន្ត​រឹងមាំ​នៅក្នុង​សេចក្តី​សង្ឃឹម ធ្វើការ​ដោយអស់ពី​កម្លាំង ហើយទុកចិត្ត​ទៅលើ​ព្រះ ។

ពេលថ្មីៗនេះ ខ្ញុំតែងតែ​គិតអំពី​គ្រាមួយ​នៅក្នុង​ជីវិត​របស់ខ្ញុំ គឺជា​ពេលដែល​ទម្ងន់​នៃ​ការព្រួយបារម្ភ និង​សេចក្តីខ្វល់ខ្វាយ អំពីអនាគត​ភាព​ស្រពិចស្រពិល​ហាក់ដូចជា​នៅជាប់នឹង​ខ្ញុំជានិច្ច ។ កាលខ្ញុំ​មានអាយុ ១១ ឆ្នាំ រស់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​នៅក្នុង​បន្ទប់​ជាប់នឹងដំបូល​ផ្ទះ​មួយខ្នង​នៅឯ​កសិដ្ឋាន​មួយ​ក្បែរ​ទីក្រុង ហ្វ្រែងហ្វើត ប្រទេស​អាល្លឺម៉ង់ ។ យើងជាជន​ភៀសខ្លួន​ជាលើកទីពីរ​នៅក្នុង​រយៈពេល​តែពីរបីឆ្នាំ​ប៉ុណ្ណោះ ហើយយើង​មានការ​លំបាក​ក្នុងការ​កសាង​ជីវិត​នៅលើ​ទឹកដីថ្មី​ដែល​នៅ​យ៉ាងឆ្ងាយ​ពីលំនៅដ្ឋាន​មុន​របស់​យើង ។ ខ្ញុំ​អាចនិយាយ​បានថា​យើង​ក្រ ប៉ុន្តែ​ពាក្យ​នោះ​ដូចជា​ខ្សោយពេក ។ យើងទាំងអស់​គ្នា​ដេក​នៅក្នុង​បន្ទប់​មួយ​ដ៏​តូច ស្ទើរ​តែ​គ្មាន​កន្លែង​ដើរ​ជុំវិញ​គ្រែ ។ នៅ​ក្នុង​បន្ទប់​តូច​មួយ​ទៀត​យើង​មាន​តុ​ទូ​ពីរ​បី​ដែល​មិន​សូវ​ល្អ ហើយ​នឹង​ចង្ក្រាន​មួយ​ដែល​ម្ដាយ​ប្រើចំហិន​អាហារ ។ ដើម្បី​ដើរ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត យើង​ត្រូវ​តែ​ដើរ​កាត់​កន្លែង​ដាក់​ឥវ៉ាន់​មួយ​ជា​កន្លែង​ដែល​លោក​កសិករ​ម្នាក់ទុក​របស់​របរ និង​ប្រដាប់​ប្រដា​របស់​គាត់ ព្រមទាំង​សាច់ និង​សាច់​ក្រក​ផ្សេងៗ​ដែល​ព្យួរ​ពី​លើ​ដំបូល ។ ក្លិន​សាច់​នោះ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឃ្លាន​ណាស់ ។ យើង​គ្មាន​បន្ទប់​ទឹក​ទេ មាន​តែ​បង្គន់​មួយ​នៅ​ក្រៅ​ផ្ទះ—គឺ​ត្រូវ​ចុះ​ជណ្ដើរ​ដើរ​ចម្ងាយ​ដល់​ទៅ ៥០ ហ្វីត ( ១៥ ម៉ែត្រ ) ប៉ុន្តែ​នៅ​រដូវ​រងារ​វា​ហាក់​ដូច​ជា​ឆ្ងាយ​ជាង​នោះ​ទៅ​ទៀត ។

ដោយ​សារ​ខ្ញុំ​ជា​ជន​ភៀស​ខ្លួន​ម្នាក់ និង​ដោយសារ​តែ​ភាសា​អាល្លឺម៉ង់​ខាង​កើត​របស់​ខ្ញុំ នោះ​ក្មេង​ផ្សេង​ទៀត ជា​រឿយៗ​បាន​សើច​ចំអក​ឲ្យ​ខ្ញុំ ហើយ​ប្រើពាក្យ​ត្រគោះបោក​មកខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់ ។ នៅ​គ្រា​យុវវ័យ​របស់​ខ្ញុំ​ទាំងអស់ ខ្ញុំ​ជឿ​ថា នេះ​គឺជា​គ្រា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត​បំផុត ។

ឥឡូវនេះ ខ្ញុំ​អាច​ក្រឡេក​មើល​ទៅ​គ្រា​ទាំង​នោះ​វិញ​ដោយ​មាន​ការ​យល់​ដឹង​ដែល​កើត​ចេញពី​បទពិសោធន៍​កាល​ពី​ច្រើន​ឆ្នាំ​មុននោះ ។ ទោះ​ជា​ខ្ញុំ​នៅ​ចាំ​ពី​ការ​ឈឺចាប់ និង​ការ​អស់​សង្ឃឹម​នោះ​ក្ដី ក៏​ឥឡូវ​នេះ​ខ្ញុំ​អាច​មើល​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ​មិន​អាច​មើល​ឃើញ​នៅ​ពេល​នោះ​ដែរ នេះ​គឺជា​គ្រា​នៃ​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន​ដ៏​ធំ​មួយ ។ នៅ​គ្រានោះ គ្រួសារ​របស់​យើង​បាន​សាមគ្គីគ្នា ។ ខ្ញុំ​បានមើល ហើយ​រៀន​ពី​ឪពុក​ម្ដាយ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ស្ងើច​សរសើរ​ចំពោះ​ការតាំងចិត្ត និង​ភាពសុទិដ្ឋិនិយម ។ ខ្ញុំ​បានរៀន​ពី​ពួកគាត់ថា ការយកឈ្នះលើ​ទុក្ខវេទនា​អាច​កើត​ឡើង​បាន នៅពេល​ប្រឈមមុខ​ដោយមាន​សេចក្តីជំនឿ សេចក្តីក្លាហាន និង​សេចក្តីតស៊ូ ព្យាយាមយកឈ្នះ ។

ដោយដឹងថា បងប្អូន​មួយចំនួន​កំពុងជួបប្រទះ​នូវគ្រា​នៃ​ការព្រួយ​បារម្ភ និង​អស់សង្ឃឹម នៅថ្ងៃនេះ ខ្ញុំ​ចង់លើកឡើង​ពីគោលការណ៍​សំខាន់ពីរ​ដែល​បានជួយជម្រុញ​ខ្ញុំរហូត​មកដល់គ្រា​ដ៏ជោគជ័យ​នេះ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ ។

គោលការណ៍​ទីមួយ ៖

រហូតមកទល់​សព្វថ្ងៃនេះ ខ្ញុំ​មានការ​ស្ងើចសរសើរ​ខ្លាំង​ពី​របៀប​ដែល​គ្រួសារ​របស់ខ្ញុំ​បានខិតខំ​ធ្វើការ បន្ទាប់ពី​បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ក្រោយពី​សង្រ្គាម​លោកលើក​ទីពីរ ! ខ្ញុំចាំបានថា ឪពុករបស់​ខ្ញុំ—ជាពលរដ្ឋ​សាមញ្ញ​ម្នាក់​ដែល​ទទួល​ការអប់រំ និង​បទពិសោធន៍​—បានប្រឡូក​ក្នុងការងារ​ដ៏លំបាក​ៗ​មួយចំនួន ដូចជាធ្វើជា​កម្មករ​រ៉ែធ្យូង កម្មករ​អណ្តូង​រ៉ែ​អ៊ុយរ៉ានីញ៉ូម ជាង​ម៉ាស៊ីន និងអ្នក​បើករថយន្ត​ដឹកឥវ៉ាន់ ។ គាត់បាន​ចេញពីផ្ទះ​តាំងពី​ព្រលឹម​ស្រាងៗ ហើយ​ជាញឹកញាប់​ត្រឡប់​មកផ្ទះវិញ​យប់ជ្រៅ ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ ។ អ្នកម្តាយ​របស់ខ្ញុំ​បាន​ចាប់ផ្តើម​មុខរបរ​បោក​សម្លៀកបំពាក់ ហើយ​ត្រូវធ្វើការ​ច្រើន​ម៉ោង​ពី​ការងារ​ដែល​ធ្វើ​ច្រំដែលៗ ។ គាត់​បានឲ្យ​បងស្រី​របស់ខ្ញុំ ហើយនឹង​រូបខ្ញុំ​ធ្វើការ​ជាមួយគាត់ ។ ខ្ញុំបាន​ក្លាយ​ជា​អ្នក​ដឹកជញ្ជូន​សម្លៀកបំពាក់​ដោយ​ប្រើ​កង់​របស់​ខ្ញុំ ។ ខ្ញុំមាន​អារម្មណ៍ល្អ​ដែលអាច​ជួយ​បន្តិចបន្តួច​ដល់គ្រួសារ​របស់ខ្ញុំ ហើយ​ការងារ​ដោយប្រើ​កម្លាំងនេះ​ក៏បាន​ក្លាយ​ជា​ពរជ័យ​មួយ​ចំពោះ​សុខភាព​របស់ខ្ញុំ​ដែរ តែ​នៅពេល​នោះ​ខ្ញុំ​មិនបានដឹង​ឡើយ ។

វា​ពុំ​មែន​ជាការងារ​ស្រួល​នោះឡើយ ប៉ុន្តែ​ការងារ​ជួយ​យើង​កុំឲ្យ​គិត​ច្រើន​ពី​ការលំបាក​នៃ​ស្ថានភាព​របស់​យើង ។ ទោះជា​ស្ថានភាព​របស់​យើង​មិន​ផ្លាស់ប្តូរភ្លាមៗ​ក៏ដោយ តែ​វា​នឹង​ការផ្លាស់ប្តូរ​ពិតប្រាកដ ។ នោះជារឿង​ដែលទាក់ទង​នឹងការងារ ។ បើយើង​គ្រាន់តែ​ធ្វើវា—ដោយ​ថ្លៃថ្នូរ និង​ខ្ជាប់ខ្ជួន—នោះរឿង​ទាំងឡាយ​នឹង​មានភាព​ប្រសើរឡើង​ជាប្រាកដ ។

ឱ ខ្ញុំ​កោតសរសើរ​ណាស់​ដល់​បុរស ស្រ្តី និង​កុមារ​ទាំងឡាយ​ដែល​ស្គាល់​ពីរបៀប​ធ្វើការងារ ! ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ពួកអ្នក​ដែល​ធ្វើការ​ណាស់ ! ទ្រង់​មាន​បន្ទូលថា « ឯង​នឹង​បាន​អាហារ​ស៊ី​ដោយការបែក​ញើស » ហើយ « អ្នកដែល​ធ្វើការ​នោះ​គួរនឹង​បាន​ឈ្នូល​​របស់ខ្លួន​ហើយ » ។ ទ្រង់​ក៏ប្រទាន​ការសន្យា​មួយ​ផងដែរថា « ចូរលូក​កណ្តៀវ​របស់អ្នក ដោយ​អស់ពី​ព្រលឹង​របស់​អ្នក ហើយបាប​ទាំងឡាយ​របស់​អ្នក​ត្រូវបាន​អត់ទោស​ឲ្យ​ហើយ » ។ អស់អ្នក​ណា​ដែល​ពុំភ័យ​ខ្លាច​មូរដៃអាវ និងជើងខោឡើង ហើយចូលប្រឡូក​ដោយព្យាយាម​តោងចាប់គោលដៅ​សំខាន់​នោះ គឺជា​ពរជ័យ​មួយ​ចំពោះ​ក្រុមគ្រួសារ សហគមន៍ ប្រទេសជាតិ និង​សាសនាចក្រ​របស់​ពួកគេ​ហើយ ។

ព្រះអម្ចាស់​មិនរំពឹង​ឲ្យ​យើង​ធ្វើការងារ​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​នោះទេ ។ ទ្រង់​មិនបាន ( ហើយ​យើង​ក៏​មិនត្រូវ ) ប្រៀបធៀប​កិច្ចការ​របស់​យើង​ទៅនឹង​កិច្ចការ​របស់​អ្នកដទៃ​នោះទេ ។ ព្រះវរបិតា​របស់​យើង​បាន​សុំ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​គឺថា ឲ្យ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព—ឲ្យ​យើង​ធ្វើការស្រប​ទៅតាម​សមត្ថភាព​ដ៏ពេញលេញ​របស់​យើង ទោះជា​កិច្ចការ​នោះធំ ឬ តូចក្តី ។

ការងារ គឺជា​ថ្នាំ​បន្សាប​ដល់​ការព្រួយបារម្ភ ជាឥទ្ធិពល​នៃការ​ព្យាបាល​ទុក្ខសោក និង​ជា​ច្រកទ្វារ​ឆ្ពោះ​ទៅរក​ឱកាសល្អៗ ។ បងប្អូន​ប្រុស​ជាទីស្រឡាញ់​របស់ខ្ញុំ ទោះជា​ស្ថានភាព​ជីវិត​របស់​យើង​បែបណា​ក្តី ចូរ​យើង​ធ្វើ​ឲ្យអស់​ពី​លទ្ធភាព ហើយ​អភិវឌ្ឍ​កេរ្តិ៍ឈ្មោះ​ដ៏ល្អ​បំផុត​មួយ​នៅរាល់​កិច្ចការ​ដែល​យើងធ្វើ ។ ចូរ​យើង​ផ្គុំគំនិត និង​រូបកាយ​របស់​យើង​ចំពោះ​ឱកាស​ដ៏រុងរឿង ដើម្បី​ការងារ​ដែល​កើតមាន​ជារៀងរាល់​ថ្ងៃ ។

នៅពេល​រទេះ​យើង​ជាប់​ផុង​នៅក្នុង​ភក់ នោះ​ព្រះមាន​ព្រះទ័យ​ចាំ​ជួយ​ជំរុញដល់​អ្នក​ដែល​ចេញ​មក​ខាងក្រៅ​ដើម្បី​រុញ​រទេះ​នោះ​ជាជាង​អ្នក​ដែល​គ្រាន់តែ​ធ្វើការ​អធិស្ឋាន​របស់ខ្លួន—ទោះជា​ប្រសប់​និយាយ​យ៉ាងណា​ក៏ដោយ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានលើកឡើង​ពីការងារ​តាមរបៀប​នេះថា « ការចង់​ធ្វើការ និងការ និយាយថា យើង​នឹង​ខិតខំ​ធ្វើការ គឺវា​ពុំ​គ្រប់គ្រាន់​នោះទេ ។ … ដើម្បី​សម្រេច​គោលដៅ​របស់​យើងបាន វាទាមទារ​ឲ្យមាន ការអនុវត្ត ពុំមែន ការគិត តែម្យ៉ាងនោះទេ ។ ជាញឹកញាប់ បើយើង​ផ្អាក​ធ្វើការងារ ដើម្បីឆ្ពោះ​ទៅរក​គោលដៅ​របស់​យើង នោះ​យើង​នឹង​មិនបានឃើញ​ពីការសម្រេច​គោលដៅ​ទាំងនោះ​ឡើយ » ។

ការងារ​អាចក្លាយ​ទៅជា​ភារកិច្ចដ៏ខ្ពង់ខ្ពស់ និង​ជោគជ័យ ប៉ុន្តែ សូមចងចាំ​ពីការព្រមាន​របស់​យ៉ាកុបថា កុំ « ចំណាយពេល…ធ្វើការ​សម្រាប់​អ្វី​ដែល​ពុំ​អាច​ធ្វើ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ » ។ បើយើង​លះបង់​ខ្លួនឯង​ដើម្បី​ទទួលបាន​ទ្រព្យសម្បត្តិ​ខាងលោកិយ និង​ភាពល្បីល្បាញ​នៃការ​ទទួល​ស្គាល់​ជា​សាធារណៈ ដោយបោះបង់​គ្រួសារ​របស់យើង និងការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង នោះមិនយូរ​ប៉ុន្មាន យើង​នឹងរកឃើញថា យើងបាន​ធ្វើការលះបង់​ដោយ​ឥតប្រយោជន៍ ។ ការងារ​សុចរិត​ដែលយើង​ធ្វើនៅ​ក្នុង​រង្វង់​គ្រួសារ គឺជា​រឿង​ដ៏​ពិសិដ្ឋ​បំផុត អត្ថប្រយោជន៍​របស់វា គឺមាន​ដ៏នៅ​អស់កល្បជានិច្ច ។ វាមិនអាច​ធ្វើការ​ចែករំលែក​បាន​ឡើយ ។ វាគឺជា​គ្រឹះ​នៃការងារ​របស់​យើង​ក្នុង​នាមជា​ពួកអ្នក​កាន់​បព្វជិតភាព ។

សូមចងចាំថា នៅក្នុងពិភពលោក​នេះ យើងគ្រាន់តែ​ជា​អ្នកដំណើរ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ។ ចូរយើង​កុំលះបង់​ទេពកោសល្យ និងកម្លាំង​ដែល​ព្រះប្រទាន​ឲ្យ ដើម្បី​ប្រមូល​យក​តែ​ទ្រព្យសម្បត្តិ ដែល​ចាក់គ្រឹះ​នៅលើ​តែ​ផែនដី​នេះឡើយ តែផ្ទុយទៅវិញ ចូរយើង​ចំណាយ​ពេលវេលា​របស់យើង​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ខាង​វិញ្ញាណ​របស់​យើង​មានការរីកចម្រើន ។ ដ្បិត ក្នុងនាម​ជាបុត្រានៃ​ព្រះដ៏ខ្ពស់​បំផុត នោះយើង​ត្រូវបាន​បង្កើតឡើង ដើម្បី​ស្វែងរក​បទពិសោធន៍​ដ៏មហិមា ។

ឥឡូវនេះ បងប្អូន​ប្រុស​ដែល​មានវ័យចំណាស់ មានពាក្យសម្តី​សម្រាប់​យើង​ទាំងអស់គ្នាថា ៖ ការចូល​និវត្តន៍​ពុំមែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​សុភមង្គល​របស់​ព្រះអម្ចាស់​ឡើយ ។ នៅក្នុង​ការទទួល​ខុសត្រូវ​បព្វជិតភាព​គឺគ្មានថ្ងៃ​សម្រាក ឬ​កម្មវិធី​ចូល​និវត្តន៍​នោះទេ—ដោយមិនគិត​ពីអាយុ ឬ​សមត្ថភាព​កាយសម្បទា​ឡើយ ។ ខណៈដែល​ការពោលពាក្យថា « ខ្ញុំធ្លាប់​ធ្វើកិច្ចការ​នេះ​រួចហើយ » អាច​ជា​ការដោះសារ​មួយ​ដ៏ល្អ ដើម្បីជៀសវាង​ពីការលេង​ជិះស្គីលើទឹកកក បដិសេធន៍​ពីការ​បបូលគ្នា​ជិះម៉ូតូ ឬ ជៀសវាង​ពី​សម្លការី​ហិល​នៅពេល​បរិភោគ​អាហារ​ប៊ូហ្វេ​បាន ប៉ុន្តែ​វា​ពុំមែន​ជាការ​ដោះ​សារ​មួយដែល​អាច​ទទួលយកបាន ដើម្បី​ជៀសវាង​ពីការ​ទទួលខុសត្រូវ​ដែល​បាន​ចុះសេចក្តី​សញ្ញា​ថា​នឹង​ញែកពេលវេលា ទេពកោសល្យ និង​ធនធាន​ការងារ​របស់​យើង​ឲ្យ​បរិសុទ្ធ​ក្នុងកិច្ចការ​នៃនគរ​ព្រះ​ឡើយ ។

បន្ទាប់​ពីបាន​បម្រើ​នៅក្នុង​សាសនាចក្រ​អស់​រយៈពេល​ជាច្រើនឆ្នាំ ប្រហែល​មាន​មនុស្ស​មួយចំនួន​ជឿថា ពួកគេ​អាច​សម្រាក​បានហើយ ហើយ​ទុកឲ្យ​អ្នកដទៃទៀត​ធ្វើវិញម្តង ។ បងប្អូន​ទាំងឡាយ បើនិយាយ​ឲ្យចំទៅ ការគិតបែប​នេះ គឺមិន​ស័ក្តិសម​ជា​សិស្ស​របស់​ព្រះគ្រីស្ទឡើយ ។ ផ្នែក​ដ៏សំខាន់​មួយ​នៃ​កិច្ចការ​របស់​យើង​នៅលើ​ផែនដី​នេះ គឺ​ដើម្បី​ស៊ូទ្រាំ—នៅក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង ។

ឥឡូវនេះ ក៏មានពាក្យ​មួយឃ្លា​ទៀតសម្រាប់​បងប្អូន​ប្រុស​ដែល​មានវ័យក្មេង​នៅក្នុង​បព្វជិតភាព​មិលគីស្សាដែក​របស់​យើង​ផងដែរ ដែល​កំពុង​ព្យាយាម​សម្រេច​គោលដៅ​ដ៏ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការអប់រំ និង​ស្វែងរក​ភរិយា​ដ៏នៅ​អស់កល្ប​ជានិច្ច​ម្នាក់ ។ បងប្អូន​ប្រុស​របស់​ខ្ញុំ គោលដៅ​ទាំងនេះ គឺជា​រឿងត្រឹមត្រូវ​ណាស់ តែ​សូមចងចាំថា ៖ ការធ្វើការ​ដោយ​ឧស្សាហ៍ព្យាយាម នៅក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​ព្រះអម្ចាស់​នឹងជួយ​បង្កើន​ឱកាស​ទទួលបាន​ជោគជ័យ នៅក្នុង​គោលដៅ​ដ៏​ស័ក្តិសម​ទាំងពីរ​នេះ ។

មិនថា​អ្នករាល់គ្នា​ជា​យុវជន​ថ្នាក់​ឌីកុន ឬ​ជាបុរស​ចំណាស់​ក្នុង​ថ្នាក់​សង្ឃជាន់ខ្ពស់នោះទេ គឺមាន​កិច្ចការដែល​ត្រូវធ្វើ​ដូចគ្នា !

គោលការណ៍​ទីពីរ ៖ រៀនសូត្រ

នៅគ្រា​នៃ​វិបត្តិ​សេដ្ឋកិច្ច​ក្រោយសង្រ្គាម​របស់​អាល្លឺម៉ង់ នោះ​ឱកាស​ទទួល​ការអប់រំ​ពុំមាន​ច្រើន​ដូច​យើង​សព្វថ្ងៃ​នេះឡើយ ។ ប៉ុន្តែ ទោះជា​មាន​ជម្រើស​ពុំច្រើនក្តី ក៏ខ្ញុំ​តែងតែ​មាន អារម្មណ៍​ស្រេកឃ្លាន​ចំពោះការរៀន​សូត្រ​ជានិច្ច ។ ខ្ញុំ​នៅចាំថា មានថ្ងៃមួយ​ពេល​ដែល​ខ្ញុំ​បាន​យកកង់​ចេញ​ដើម្បី​ដឹកជញ្ជូន​សម្លៀកបំពាក់ នោះខ្ញុំ​បាន​ចូលទៅ ផ្ទះ​របស់មិត្ត​រួមថ្នាក់​ខ្ញុំម្នាក់ ។ នៅក្នុង​បន្ទប់​មួយ មាន​ដាក់តុ​តូច​ចំនួនពីរ​ទល់នឹង​ជញ្ជាំង ។ នេះគឺជាទិដ្ឋភាព​ដ៏អស្ចារ្យ​ខ្លាំងណាស់ ! ក្មេង​ទាំងនោះ​មាន​សំណាង​អ្វីម្ល៉េះទេ ដោយមាន​តុរៀន​ផ្ទាល់ខ្លួន​នោះ ! ខ្ញុំ​អាច​ស្រមើស្រមៃ​ឃើញថា ពួកគេ​កំពុង​អង្គុយ​នៅទីនេះ​ដោយបើក​សៀវភៅ​សិក្សាមេរៀន និងធ្វើកិច្ចការ​សាលា​របស់​ពួកគេ ។ ខ្ញុំ​បានមានអារម្មណ៍ថា ការមាន​តុផ្ទាល់​ខ្លួន​គឺជា​រឿង​ដ៏អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ពិភពលោក​នេះ ។

ខ្ញុំ​ត្រូវរង់ចាំ​យ៉ាងយូរ ពីមុន​បំណងប្រាថ្នា​នោះ​បាន​សម្រេច ។ ជាច្រើនឆ្នាំ​ក្រោយមក ខ្ញុំ​បាន​មាន​ការងារ​មួយ​ក្នុង​ស្ថាប័ន​ស្រាវជ្រាវ​ដែលមាន​បណ្ណាល័យ​ដ៏ធំ ។ ខ្ញុំ​នៅចាំ​បាន​ពីការចំណាយពេល​ទំនេរ​របស់​ខ្ញុំជាច្រើន នៅក្នុង​បណ្ណាល័យ​នោះ ។ នៅទីបំផុត ខ្ញុំ​អាច​មាន​តុអង្គុយ—តែម្នាក់ឯង—ហើយ​អាន​ពីព័ត៌មាន និងចំណេះដឹង​ដែល​សៀវភៅ​ទាំងឡាយ​បានផ្តល់ឲ្យ ។ ខ្ញុំចូលចិត្ត​អានសៀវភៅ និងការរៀនសូត្រ​ខ្លាំងណាស់ ! នៅពេលនោះ ខ្ញុំបាន​ចាប់ផ្តើម​យល់ពីពាក្យ​ចាស់លោកពោលថា ៖ ការអប់រំ​ពុំមែន​គ្រាន់តែ​ជាការចាក់​បំពេញធុង​ឲ្យច្រើននោះទេ ប៉ុន្តែ​វាគឺជា​ការដុតបំភ្លឺ​ភ្លើងវិញ ។

ចំពោះ​សមាជិក​សាសនាចក្រ ការអប់រំពុំមែន​គ្រាន់តែ​ជាគំនិត​ដ៏ល្អ​ប៉ុណ្ណោះទេ—វាគឺជា​ព្រះបញ្ញត្តិ ។ យើងត្រូវតែ​រៀន « អំពី​របស់​ទាំង​ឡាយ​នៅ​លើ​ទាំង​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី និង​នៅ​ក្រោម​ផែនដី​ផង របស់​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​មក របស់​ទាំង​ឡាយ​ដែល​មាន​ពេល​នេះ របស់​ទាំង​ឡាយ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ របស់​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ផ្ទះ របស់​ទាំង​ឡាយ​នៅ​ស្រុក​ផ្សេង » ។

យ៉ូសែប ស្ម៊ីធ លោក​ចូលចិត្ត​ការរៀនសូត្រ​ណាស់ ទោះជា​លោកមាន​ឱកាសតិចតួច​សម្រាប់​ការអប់រំ​ត្រឹមត្រូវ​ក៏ដោយ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់លោក នោះ​លោកបាន​មាន​ប្រសាសន៍​យ៉ាងរីករាយ​អំពី​ពេលវេលា​ដែល​បាន​ចំណាយ​នៅក្នុង​ការសិក្សា ហើយ​ជាញឹកញាប់​លោកបាន​សម្តែង​ចេញ​នូវ​សេចក្តីស្រឡាញ់​ចំពោះ​ការរៀន​សូត្រ​របស់លោក ។

យ៉ូសែប បានបង្រៀន​ពួកបរិសុទ្ធថា ចំណេះដឹង​គឺជា​ផ្នែក​ដ៏ចាំបាច់​មួយ​នៃជីវិត​រមែងស្លាប់​របស់​យើង ដ្បិត « មនុស្ស​ម្នាក់​នឹង​ត្រូវបាន​សង្រ្គោះ ដរាបណា​គាត់បាន​ [ ទទួល ] ចំណេះដឹង ហើយថា « គោលការណ៍​ផ្នែក​បញ្ញា​ណាក៏ដោយ ដែល​យើង​បាន​នៅក្នុង​ជីវិត​នេះ នោះ​នឹងនៅជាប់​នឹង​យើង​ក្នុង​ដំណើររស់​ឡើងវិញ » ។ នៅក្នុងគ្រា​ដ៏លំបាក ការរៀនសូត្រ​គឺមាន​សារៈសំខាន់​កាន់តែ​ខ្លាំងថែមទៀត ។ ព្យាការី យ៉ូសែប បានបង្រៀនថា « ចំណេះដឹង​អាចលុប​បំបាត់​សេចក្តី​ងងឹត [ ការព្រួយ​បារម្ភ ] នឹងការ​សង្ស័យបាន ដ្បិត​ការណ៍​ទាំងនេះ​មិនអាច​កើតឡើង​នៅទីកន្លែង​ដែល​មាន​ចំណេះដឹង​បានឡើយ » ។១០

បងប្អូន​ប្រុសទាំងឡាយ អ្នករាល់គ្នា​មាន​កាតព្វកិច្ច​មួយ ត្រូវ​រៀនសូត្រ​ឲ្យ​បានច្រើន​ទៅតាម​លទ្ធភាព​របស់​អ្នក ។ សូម​លើកទឹកចិត្ត​ក្រុមគ្រួសារ​របស់អ្នក សមាជិក​កូរ៉ុម​របស់អ្នក និង​មនុស្ស​គ្រប់គ្នា​ឲ្យ​រៀនសូត្រ ហើយក្លាយ​ជាមនុស្ស​ដែល​មាន​ការអប់រំ​ដ៏​ប្រសើរ ។ បើជម្រើស​ទទួល​ការអប់រំ​ត្រឹមត្រូវ​ពុំមានទេ សូម​កុំបណ្តោយ​ឲ្យ​ការណ៍​នោះ​រារាំង​បងប្អូន​ពីការ​ទទួល​បាន​នូវ​រាល់ចំណេះ​ដឹង​ដែល​អ្នក​រាល់គ្នា​អាច​ទទួលបានឡើយ ។ ជាទូទៅ នៅក្នុង​ស្ថានភាព​បែបនេះ នោះសៀវភៅ​ល្អៗ​ជាច្រើន​អាចក្លាយ​ជា « សាកលវិទ្យាល័យ » របស់​បងប្អូនបាន​ដែរ—សៀវភៅ​គឺជា​ថ្នាក់រៀន​មួយ​ដែល​តែងតែ​ត្រៀមខ្លួន​បើក ហើយ​វាព្រម​ទទួលយក​អស់អ្នក​ដែល​អនុវត្ត​តាម ។ ចូរ​ព្យាយាម​បង្កើន​ចំណេះដឹង​របស់​បងប្អូន​អំពី​អ្វីគ្រប់យ៉ាង​ដែលមាន « គុណធម៌ គួរ​ឲ្យស្រឡាញ់ ឬ​ឈ្មោះល្អ ឬក៏ គួរឲ្យ​សរសើរ » ។១១ ចូរ​ស្វែងរក​ការរៀនសូត្រ « ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តី​ជំនឿ​ផង » ។១២ សូម​ស្វែងរក​ដោយវិញ្ញាណ​រាបសា និង​ចិត្តទន់ទាប ។១៣ នៅពេល​បងប្អូន​រាល់គ្នា​អនុវត្ត​ទិដ្ឋភាព​នៃ​សេចក្តីជំនឿ​ខាងវិញ្ញាណ​ទៅនឹង​ការសិក្សា​របស់បងប្អូន—ព្រម​ទាំង​ជាមួយ​នឹងការសិក្សា​រឿង​ខាងសាច់​ឈាម​របស់​បងប្អូន​ក្តី—នោះ​បងប្អូន​រាល់គ្នា​អាច​បង្កើត​សមត្ថភាព​ផ្នែក​ប្រាជ្ញា​របស់​បងប្អូនបាន ដ្បិត « បើសិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំងស្រុង​ទៅចំពោះ​សិរីល្អ​[ របស់​ព្រះ ] នោះ​[ រូបកាយ ]​របស់​អ្នក​ទាំងមូល​នឹង​បាន​ពោរពេញ​ទៅ​ដោយ​ពន្លឺ ហើយនឹង … [ យល់ ] គ្រប់​ទាំងអស់ » ។១៤

នៅក្នុង​ការរៀនសូត្រ​របស់​យើង ចូរ​យើង​កុំបដិសេធ​នឹង​ប្រភព​ទឹក​នៃ​វិវរណៈ​ឡើយ ។ ព្រះគម្ពីរ និង​ប្រសាសន៍​របស់​សាវក និង​ព្យាការី​សម័យ​បច្ចុប្បន្ន គឺជា​ប្រភព​នៃ​ប្រាជ្ញា ចំណេះដឹង​ដ៏ទេវភាព និង​វិវរណៈ​ផ្ទាល់ខ្លួន ដើម្បី​ជួយ​យើង​ស្វែងរក​ចម្លើយ​ដោះស្រាយ​រាល់​ឧបសគ្គ​នៅក្នុង​ជីវិត ។ ចូរ​យើងរៀន​ពី​ព្រះគ្រីស្ទ ចូរ​យើង​ស្វែង​រកចំណេះដឹង​ដែល​ដឹកនាំ ទៅរក​សេចក្តី​សុខសាន្ត សេចក្តីពិត និង​អាថ៌កំបាំង​ដ៏វិសេសវិសាល​នៃភាព​ដ៏​នៅអស់កល្ប​ជានិច្ច ។

សេចក្តីសន្និដ្ឋាន

បងប្អូន​ប្រុស​ទាំងឡាយ ពេល​ខ្ញុំ​គិត​ត្រឡប់​ទៅវិញ កាល​ពី​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ រស់នៅក្នុង​ទីក្រុង ហ្វ្រែងហ្វើត ប្រទេស អាល្លឺម៉ង់ ជាមនុស្ស​មាន​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​របស់​ខ្លួន ហើយ​បាន​ទទួល​អារម្មណ៍​ឈឺចាប់​ដ៏នៅ​យូរអង្វែង ដោយសារ​តែពាក្យ​សម្តី មិនសមរម្យ ។ នៅពេល​នេះ ខ្ញុំ​បាន​ចងចាំ​ដោយ​ដិតជាប់​នូវ​អារម្មណ៍​សោកសៅ ។ នៅខណៈនោះ បើ​ខ្ញុំ​មិន​ព្រម​ទទួល​យក​ការសាកល្បង និង​ឧបសគ្គ​ទាំងនោះទេ នោះ​ខ្ញុំ​នឹង​មិនដឹងថា មេរៀន​ទាំងឡាយ​ដែល​ខ្ញុំ​បានរៀន គឺជា​រឿង​ដ៏ចាំបាច់​ដើម្បី រៀបចំ​ខ្លួន​សម្រាប់​ឱកាស​នាពេល​អនាគត​នោះឡើយ ។ តែឥឡូវនេះ ជាច្រើនឆ្នាំ ក្រោយមក ខ្ញុំបានដឹងយ៉ាងច្បាស់ថា ៖ ជាញឹក​ញាប់ ការស្ថិត​នៅក្នុង​ការសាកល្បង​នៃ​ទុក្ខវេទនា បាន​ធ្វើឲ្យ​យើង​រៀនសូត្រ​មេរៀន​ដ៏​សំខាន់​ជាច្រើន ដែល​ជួយ​រៀបចំ​អាកប្បកិរិយា និង​ជោគវាសនា​របស់​យើង ។

ខ្ញុំ​សូម​អធិស្ឋានថា នៅក្នុង​ខែ និង​ឆ្នាំថ្មី​នេះ សូម​ឲ្យ​យើង​អាច​បំពេញ​ពេលវេលា​របស់យើង​ជាមួយ​នឹង​កិច្ចការ​សុចរិត ។ ខ្ញុំ​សូម​អធិស្ឋានថា យើង​នឹងព្យាយាមរៀនសូត្រ និងកែលម្អ​គំនិត និង​ដួងចិត្ត​របស់​យើង តាមរយៈ​ការ​ទទួលទាន​ចេញ​ពី​ប្រភពទឹក​នៃ​សេចក្តីពិត ។ ខ្ញុំ​សូម​បន្សល់​ទុក​ជាមួយ​នឹង​បងប្អូន​នូវ​សេចក្តីស្រឡាញ់​របស់​ខ្ញុំ និង​ពរជ័យ​ទាំងឡាយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ។