2025
ជំនួយ​មកពី​ព្រះយេស៊ូវគ្រីស្ទ ៖ មូលហេតុ និង​របៀប
ដើម្បី​កម្លាំង​នៃ​យុវជន ខែ​មេសា ឆ្នាំ​២០២៥


សារលិខិត​ប្រចាំខែ ដើម្បី​កម្លាំង​នៃ​យុវជន ខែ​មេសា ឆ្នាំ​២០២៥

ជំនួយ​មកពី ព្រះយេស៊ូវគ្រីស្ទ ៖ មូលហេតុ និង របៀប

យល់​ពីមូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ចម្លើយ និង​របៀប​ដែល​ទ្រង់​ជួយ​ដល់​ប្អូន ។

ព្រះយេស៊ូវគ្រីស្ទ

រចនា​រូបភាព​ដោយ ដែន វីលសុន

« ខ្ញុំ​មាន​អារម្មណ៍ថា​ខ្ញុំ​ចេះតែ​ធ្វើខុស​រហូត ។ វា​ពិបាក​ណាស់​ក្នុង​ការបន្ត​ព្យាយាម​ធ្វើ » ។

« ស្ថានភាព​របស់ខ្ញុំ​គឺ​លំបាក​ណាស់ ។ ខ្ញុំ​មិន​ប្រាកដថា​ត្រូវ​ឆ្ពោះទៅមុខ​ដោយ​របៀបណា​នោះទេ » ។

« ខ្ញុំ​ព្រួយបារម្ភ​អំពី​អនាគត ។ ខ្ញុំ​មិន​ដឹងថា​តើ​ខ្ញុំ​មាន​អ្វី​ដែល​ត្រូវការ​ដើម្បី​ទទួល​បាន​ជោគជ័យ​នោះទេ » ។

« ខ្ញុំ​អស់កម្លាំង​ណាស់ ប៉ុន្តែ​នៅតែ​មាន​រឿង​ជាច្រើនទៀត​ដែល​ត្រូវធ្វើ » ។

តើ​អ្នក​អាច​យល់ពី​បញ្ហា​ទាំងនេះ​ទេ ? ប្រធាន រ័សុល អិម ណិលសុន បាន បង្រៀន ថា « មិនថា សំណួរ ឬ​បញ្ហា អ្វីនោះ​ទេ ចម្លើយ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជានិច្ច » ( « ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច » » សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ​២០២៣ [ លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១២៧ ] ) ។

វា​ងាយស្រួល​ក្នុង ការនិយាយ ថា « ព្រះយេស៊ូវគ្រីស្ទ​គឺជា​ចម្លើយ » ។ វា​ត្រូវការ​ការខិតខំ​ប្រឹងប្រែង​បន្តិច​បន្ថែមទៀត ដើម្បី​យល់ពី មូលហេតុ និង របៀប ដែល​ទ្រង់​គឺជា​ចម្លើយ ។

ហេតុអ្វី​បាន​ជា​ព្រះគ្រីស្ទ​គឺជា​ចម្លើយ ?

នៅពេល​ដែល​ទ្រង់​ទ្រាំទ្រនឹង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​រឿង​សំខាន់​បីយ៉ាង ៖

  1. ទ្រង់​បាន​យកឈ្នះ​សេចក្តី​ស្លាប់ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រូវបាន​រស់ឡើងវិញ ។

  2. ទ្រង់​បាន​បង់ថ្លៃ​សម្រាប់​អំពើបាប​ទាំងអស់ ធ្វើ​ឲ្យ​វា​អាច​ទៅរួច​សម្រាប់​យើង​ដើម្បី​ប្រែចិត្ត រីកចម្រើន និង​ត្រឡប់​ទៅរក​ព្រះ​វិញ ។ ការណ៍​នោះ​ក៏ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​អ្នកដទៃ​នៅពេល​ដែល​ពួកគេ​ធ្វើ​អំពើបាប ដោយសារ​ព្រះគ្រីស្ទ​បាន​ទទួលយក​អំពើបាប​របស់​ពួកគេ​មកដាក់​លើ​អង្គទ្រង់​ផ្ទាល់ ។

  3. ទ្រង់​បាន​ទទួលរង​ការឈឺចាប់ ការរងទុក្ខ ការល្បួង ជំងឺ និង​ជំងឺឈឺចាប់​ទាំងអស់ ( សូម មើល អាលម៉ា ៧:១១–១៣ ) ។ នោះ​មាន​ន័យ​ថា ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​ពី​របៀប​ជួយ និង​ព្យាបាល​ប្អូន ហើយ​អាច​ពង្រឹង​ប្អូន​ឲ្យ​ស៊ូទ្រាំ​នឹង​ការសាកល្បង ហើយ​ខិតខំ​ដើម្បី​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ។

ជ្រើសរើស​បញ្ហា​ណាមួយ ហើយ​ប្អូន​អាច​ភ្ជាប់​ដំណោះស្រាយ​ទៅនឹង​សេចក្តីពិត​មួយ ឬ​ច្រើន​នៅក្នុង​ចំណោម​សេចក្តីពិត​ទាំងបី​នោះ ។

ភាពក្រីក្រ​ឬ ? ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដក​ពិសោធន៍​អ្វីៗ​ទាំងអស់ នោះ​ទ្រង់​ជ្រាប​ដឹង​យ៉ាង​ច្បាស់ថា​វា​យ៉ាង​ម៉េច ។ ទ្រង់​មិន​តែងតែ​យក​ឧបសគ្គ​នោះ​ចេញទេ ប៉ុន្តែ​ទ្រង់​អាច​ពង្រឹង​មនុស្ស​ដែល​កំពុង​មាន​បន្ទុក​នោះបាន ( សូមមើល ម៉ូសាយ ២៤:១៥ ) ។

ការបរាជ័យ​ឬ ? ដោយសារ​ព្រះគ្រីស្ទ​បាន​យកឈ្នះ​លើ​អំពើបាប នោះ​ភាព​បរាជ័យ​របស់​យើង​មិន​ជា​អចិន្ត្រៃយ៍​នោះទេ ។ ការប្រែចិត្ត​រួមមាន​ការធ្វើ​ឲ្យ​ប្រសើរឡើង និង​ការក្លាយ​ជា​មនុស្ស​ដែល​ទ្រង់​ជ្រាប​ដឹងថា​យើង​អាច​ក្លាយជា​កាន់តែច្រើន ។

ជំងឺ​ឬ ? ដោយសារ​ទ្រង់​បាន​យកឈ្នះ​លើ​សេចក្តីស្លាប់ នោះ​យើង​នឹង​បាន​រស់ឡើងវិញ​ជាមួយនឹង​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ដោយ​ពុំ​មាន​ជំងឺ និង​ការឈឺចាប់​ឡើយ ។ ព្រះគ្រីស្ទ​ក៏បាន « [ លើក​ដាក់ ] លើ​ខ្លួនទ្រង់ … ជំងឺ​ទាំងឡាយ » ( អាលម៉ា ៧:១១ ) ធ្វើឲ្យ​ទ្រង់ជា​មនុស្ស​ល្អឥតខ្ចោះ​ដើម្បី​ផ្តល់​ការលួងលោម និង​ការគាំទ្រ​ផងដែរ ។

តើ​ព្រះគ្រីស្ទ​អាច​ជួយ​ដោយ​របៀបណា ?

ប៉ុន្តែ​សូម្បីតែ​នៅពេល​ដែល​យើង​ដឹងពី មូលហេតុ ដែល​ព្រះអង្គសង្គ្រោះ​គឺជា​ចម្លើយ​ក្តី ( ដោយសារតែ​ទ្រង់​ជានរណា និង​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ) យើង​នៅតែ​ត្រូវការ​ដឹងពី របៀប ដែល​យើង​ទទួល​បាន​ជំនួយ និង​កម្លាំង​មកពី​ទ្រង់ ។ ទាំងនេះ​គឺ​ជា​វិធី​មួយ​ចំនួន ៖

ការអធិស្ឋាន ។ តាមរយៈ​ការអធិស្ឋាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ដែល​មិនល្អ​ឥតខ្ចោះ​ដូចជា​យើង​អាច​និយាយ​ជាមួយ​ព្រះ​ដែល​ល្អឥតខ្ចោះ​បាន ។ យើង​អាច​អធិស្ឋាន​ទូលសុំ​កម្លាំង​ដែល​យើង​ត្រូវការ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ព្រះ​នឹង​ឆ្លើយតប—មិនមែន​តាម​របៀប​ដែល​យើង​ចង់​បាន ឬ​រំពឹង​ទុក​នោះ​ទេ ប៉ុន្តែ​តាម​របៀប​ដែល​នឹង​ប្រទានពរ​ដល់​យើង​ជានិច្ច ។ ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ពិតប្រាកដ ៖ « ចូរ​សូម ហើយ​អ្នក​នឹង​បាន​ទទួល » ( យ៉ូហាន ១៦:២៤; នីហ្វៃទី ៣ ២៧:២៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៧ ) ។

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​រួបរួមគ្នា​ក្នុង​គោលបំណង​តែមួយ ។ ពួកទ្រង់​ធ្វើការ​ជាមួយគ្នា ! គ្រប់ពេល​ដែល​ប្អូន​ទទួល​អារម្មណ៍​នៃ ការណែនាំ ឬ​ការលួងលោម​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ប្អូន​អាច​ដឹងបាន​ថា​ដូចជា​ព្រះគ្រីស្ទ​កំពុង​ជួយ​ប្អូន​ផងដែរ ។

ការរក្សា​សេចក្តីសញ្ញា ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​បង្រៀន​ថា « ពាក្យ ផ្លូវ​នៃ​សេចក្តីសញ្ញា សំដៅ​ទៅ​លើ​សេចក្ដី​សញ្ញា​ជា​បន្ត​បន្ទាប់ ពេល​យើង​មក​ចំពោះ​ព្រះ​គ្រីស្ទ ហើយ​ភ្ជាប់​ទៅ​នឹង​ទ្រង់ ។ តាមរយៈ​ចំណង​នៃ​សេចក្ដីសញ្ញា​នេះ យើង​មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​ដ៏អស់កល្ប​ជានិច្ច​របស់ទ្រង់ » ( សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ​២០២៣លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ៣៦ ] ) ។

ព្រះគុណ ។ នៅពេល​ដែល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត នោះ​យើង​អាច​ទទួល​បាន​ជំនួយ និង​កម្លាំង​បន្ថែម ( ហៅ​ផងដែរថា​ជា​ព្រះគុណ ) ដើម្បី​សម្រេច​អ្វីដែល​យើង​នឹង​មិនអាច​ធ្វើបាន​ដោយ​ខ្លួនឯង ( សូមមើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » ) ។ កម្លាំង ឬ​ព្រះគុណ​នេះ​អាច​មក​តាម​របៀប​ជាច្រើន ៖ ជា​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ មិត្តភ័ក្តិ ជនចម្លែក ។ ជាទូទៅ អ្វីក៏​ដោយ​ដែល​ល្អ​គឺ​មកពី​ព្រះគ្រីស្ទ ( សូមមើល ម៉ូរ៉ូណៃ ៧:២២ ) ។ នៅពេល​ប្អូន​ឃើញ​ថា​ប្អូន​មាន​ការអត់ធ្មត់ មាន​ថាមពល មាន​កម្លាំង​បន្ថែម​បន្តិច​ទៀត​ដើម្បី​ស៊ូទ្រាំ ចូរ​ទទួល​ស្គាល់​ថា​នោះ​ជា​ព្រះគ្រីស្ទ​កំពុង​ជួយ​ប្អូន​ហើយ ។

ចងចាំ​ពី​មូលហេតុ និង​របៀប

ដូច្នេះ​នៅពេល​ក្រោយ​ប្អូន​ត្រូវការ​ចម្លើយ​ចំពោះ​សំណួរ ឬ​បញ្ហា​មួយ ចូរ​មើល​ទៅឯ​ព្រះគ្រីស្ទ ។ សូម​ចងចាំថា​ដោយសារតែ​ជ័យជម្នះ​របស់ទ្រង់​លើ​អំពើបាប ការស្លាប់ និង​បញ្ហា​នៃ​ជីវិត​រមែងស្លាប់​ទាំងអស់ នោះ​គ្មាន​អ្វី​ដែល​ពុំ​អាច​ទៅរួច​នោះទេ ។ រកមើល​ពីរបៀប​ដែល​ទ្រង់​អាច​ប្រទានពរ​ដល់ប្អូន ហើយ​ប្អូន​នឹង​មើលឃើញ​ឥទ្ធិពល​របស់ទ្រង់​នៅក្នុង​ជីវិត​របស់ប្អូន ។ ទ្រង់​ស្រឡាញ់​ប្អូន​យ៉ាង​ខ្លាំង !